«O Chameleon»

ឱ កាមីលីយ៉ន់

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩

ព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សជាងពីរពាន់ប្រាំរយឆ្នាំមកហើយថា យើងជាលទ្ធផលនៃគំនិតនិងកម្មដែលយើងបានសាង ។ គំនិត កម្ម និង ផល ដែលយើងសាង បង្កើតចេញជាពិភពមួយដែលយើងចង់បាន ។ ខ្ញុំបានចងក្រងមេរៀននេះជារូបមន្ត “គិត-កម្ម-ផល” ដើម្បីងាយចាំ ។ គេថាគំនិតជាជីតារបស់លទ្ធផល ។ សកម្មភាពជាកូនចៅរបស់គំនិត ។ គឺរបៀបយើងគិតជាជាងចំណេះដឹងដែលកំណត់អនាគតរបស់យើង ។ ការគិតស៊ីជម្រៅច្នៃប្រឌិតជាការចាំបាច់ដើម្បីកសាងអនាគតមួយដ៏ចម្រុងចម្រើន ។

ខ្ញុំសូមផ្តើមអត្ថបទនៅថ្ងៃនេះដោយណែនាំបងប្អូនអ្នកអាននិងអ្នកស្តាប់ឲ្យស្គាល់សត្វល្មូនមួយប្រភេទដែលអាចផ្លាស់ប្តូរពណ៌ស្បែករបស់វា ។ ក្នុងចំណោមពពួកសត្វជីងចក់ តុកកែ ថ្លែន (lizards) និងសត្វល្មូនដទៃ (reptiles) មានប្រភេទសត្វមួយហៅថា Chameleon ( កាមីលីយ៉ន់ ) ដែលមានច្រើននៅអាហ្វ្រិក អាស៊ី និង អឺរ៉ុបខាងត្បូងដែលជាសត្វមានសមត្ថភាពផ្លាស់ប្តូរពណ៌ស្បែករបស់វា ។

មានការយល់ច្រឡំថាសត្វ កាមីលីយ៉ន់ ផ្លាស់ប្តូរពណ៌ស្បែករបស់វាដើម្បីបន្លំខ្លួននៅក្នុង បរិស្ថាន ។ តែការពិតមុខងារនៃការផ្លាស់ប្តូរពណ៌ស្បែករបស់ កាមីលីយ៉ន់ គឺជាល័ក្ខខ័ណ្ឌនៃអត្តភាពសព៌ាង្គកាយរបស់វាក្នុងការឆ្លើយតបទៅនឹងស្ថានភាពបរិស្ថាន ។ កាមីលីយ៉ន់ ផ្លាស់ប្តូរពណ៌ស្បែកបង្ហាញពណ៌ភ្លឺជាសញ្ញាប្រយុទ្ធតតាំង ឬពណ៌ស្រអាប់ជាសញ្ញាចុះចូល នៅពេលវាជួបប្រទះ កាមីលីយ៉ន់ ឯទៀត ។ វាផ្លាស់ប្តូរពណ៌ស្បែកនៅពេលមានការប្រែប្រួលសីហតុណ្ហភាពក្តៅត្រជាក់ ឬនៅក្នុងកាលៈទេសៈមិនធម្មតា ឬនៅពេលវាឃើញមានសត្វគំរាមកំហែងដូចជាឥន្ទ្រីឬពស់ដែលវាយល់ថាបង្កហានិភ័យដល់អាយុជីវិតវា ។ មុខងារនៃការផ្លាស់ប្តូរពណ៌ស្បែកគឺបង្ហាញចេតនាឆ្លើយតបទៅនឹងសភាពការនៅក្នុងបរិស្ថាន ។

ខ្ញុំមិនមែនជាសមាជិកគណបក្សនយោបាយខ្មែរណាមួយនៅក្នុងឬនៅក្រៅប្រទេសកម្ពុជាទេទោះបីខ្ញុំធ្លាប់ជាយុទ្ធជនចលនាតស៊ូអ្នកជាតិនិយមខ្មែររំដោះជាតិនៅលើសមរភូមិពីឆ្នំា១៩៨០ដល់ឆ្នាំ១៩៨៩ និងឥឡូវជាសកម្មជនប្រឆំាងនឹងអំណាចផ្តាច់ការនៅកម្ពុជាក្តី ។ ខ្ញុំមិនដែលបានជួបស្គាល់លោក សម រង្ស៊ី ទេ តែខ្ញុំមានមិត្តភ័ក្តិជាមន្ត្រីនៃគណបក្សសង្គ្រោះជាតិ ។ ខ្ញុំក៏មិនដែលបានជួបលោក ហ៊ុន សែន ដែរទេ តែខ្ញុំធ្លាប់មានមិត្តភ័ក្តិមួយចំនួនដែលឥឡូវជាមន្ត្រីឬសមាជិកគណបក្សប្រជាជន ។ តាំងពីក្មេងមក ខ្ញុំស្អប់អំណាចដែលខ្ញុំឃើញថាសង្កត់សង្កិនគេ ទោះបីនៅក្នុងរង្វង់គ្រួសារ ក្នុងសាលារៀន ឬនៅក្នុងចំណោមមនុស្សខ្ញុំធ្វើការជាមួយ ។ ខ្ញុំជាអ្នកគោរពស្រឡាញ់លទ្ធិតាមបែបបទប្រជាធិបតេយ្យ ។

ជាគោលការណ៍ ខ្ញុំបដិសេធទំនៀមទម្លាប់ដែលបង្រៀនមនុស្សឲ្យគោរព បំរើ កោតខ្លាច ស្មោះត្រង់ និងផ្តូរជីវិតការពារបុគ្គលជាមេដឹកនាំ ។ ប៉ុន្តែខ្ញុំបង្វែរទំនៀមទម្លាប់នេះឆ្ពោះទៅកាន់ការគោរព បំរើ កោតខ្លាច ស្មោះត្រង់ និងការពារគំនិត ឧត្តមគតិ គោលការណ៍នយោបាយ និងរបៀបដឹកនាំត្រឹមត្រូវយុត្តិធម៌វិញ ។ មនុស្សកើត រស់ ហើយស្លាប់ ។ ពេលមេដឹកនាំស្លាប់ទៅ មនុស្សដែលគោរព បំរើ កោតខ្លាច ស្មោះត្រង់ និងផ្តូរជីវិតការពារបុគ្គលជាមេដឹកនាំនោះត្រូវចំបែងស្វែងរកមេដឹកនាំថ្មីម្នាក់ទៀត ។ រីឯគំនិត ឧត្តមគតិ គោលការណ៍ វាមិនស្លាប់ដូចមេដឹកនាំទេ ។ បើយើងយករបៀបរបបដឹកនាំដែលស្របតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធទៅអនុវត្តឲ្យបានក្លាយទៅជាស្ថាប័ន គំនិត ឧត្តមគតិ និងគោលការណ៍អ្វីៗនឹងនៅគង់វង្សជានិរន្ត ។

បងប្អូនអ្នកអានអត្ថបទខ្ញុំជាប្រចាំ ប្រហែលជានៅចាំអំពីពេលដែលខ្មែរប្រឆំាងជនផ្តាច់ការមួយចំនួនបានជេរស្តីលោក សម រង្ស៊ី ថាជាមនុស្សកំសាកមិនគោរពពាក្យសំដីខ្លួនឯងដែលបានថ្លែងសន្យាថាវិលទៅកម្ពុជាវិញទោះបីអាជ្ញាធរហ៊ុនសែនត្រៀមចាប់ខ្លួនលោកក្តី តែលោកបែរជារត់ឡើងយន្តហោះទៅនិរទេសខ្លួនឯទីក្រុងប៉ារីសទៅវិញ ។ នៅពេលនោះ ខ្ញុំបានសរសេរផ្សាយអត្ថបទជាភាសាអង់គ្លេសមួយចំនួនដូចមានចុះក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ គាំទ្រសេចក្តីសម្រេចចិត្តរបស់លោក សម រង្ស៊ី មិនចូលកម្ពុជាឲ្យជនផ្តាច់ការចាប់ខ្លួនលោកទៅធ្វើទារុណ្ឌកម្មឬក៏សម្លាប់ចោលផងក៏មិនដឹង ថាជាសេចក្តីសម្រេចចិត្តឈ្លាសវៃប្រកបដោយប្រាជ្ញា ។ ទៅឲ្យជនផ្តាច់ការចាប់ខ្លួនយកទៅវាយដំច្រំធាក់ក្នុងគុកឲ្យខូចរាងកាយខូចសតិប្រាជ្ញាឬយកទៅសម្លាប់ចោល មិនមែនភាពជាវីរបុរសទេ ។ ខ្ញុំបានបាត់បង់មិត្តភ័ក្តិខ្លះដែលរិះគន់ខ្ញុំថាគាំទ្រ “មនុស្សកំសាកនិយាយបាតដៃជាខ្នងដៃ” ។ តែខ្ញុំមិនបានមើលឃើញថាលោក សម រង្ស៊ី ជាមនុស្សកំសាកទេ ទោះបីមានពេលខ្លះខ្ញុំទប់ដង្ហើមដោយបានសង្កេតឃើញលោក សម រង្ស៊ី មាត់រអិល “មិនណយ” ប៉ុន្មានដែរ ។

នៅក្នុងជួររណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ទោះបីមានការពេបជ្រាយខ្លះពីមជ្ឈដ្ឋានទ័ពក្តី ខ្ញុំហ្វឹកហ្វឺនយុទ្ធជននិងកម្មាភិបាលចលនាតស៊ូឲ្យផ្តល់អាទិភាពលើការការពារជីវិតឲ្យគង់វង្សពីព្រោះ “វីរបុរស”ដែលគេសម្លាប់ចោលគឺជាខ្មោចដែលមិនអាចនៅជួយតស៊ូទេ ។ ខ្ញុំណែនាំឲ្យថែរក្សាជីវិតដើម្បីតស៊ូនៅថ្ងៃស្អែក គឺស្អែកមួយហើយស្អែកមួយទៀត ៖ Live To Fight Another Day!

គំនិតស្វែងរករស់សិនទំរាំដល់ឱកាសតតាំងជាថ្មីជាគំនិតដែលមានចាក់ឫសច្រើនសតវត្សមកហើយ ។ នៅក្នុងអត្ថបទខ្ញុំនៅក្រោមចំណងជើងថា “យុទ្ធសាស្ត្រ សាមសិបប្រាំមួយចិនបុរាណ” ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានលើកប្រវត្តិសាស្ត្រសរសេរនិងប្រវត្តិសាស្ត្រនិទានរឿងតំណាលរបស់ចិនបុរាណនៅក្នុងអម្លុងឆ្នាំ ៧៧១ មគស ដល់ឆ្នាំ ៤៧៦ មគស និងនៅកម្លុងចម្បាំងរវាង “នគរបី” (the Three Kingdoms) ឬ សាមកុក មាន នគរ “វៃ” នគរ “ហ្សូ” Shu និង នគរ “វូ” Wu ពីគស ២២០ ដល់ គស ២៨០ ដែលនិយាយអំពី “យុទ្ធសាស្ត្រសាមសិបប្រាំមួយ” ។ យុទ្ធសាស្ត្រចិនបុរាណមួយគឺ 走为上计 / 走为处计, zǒu wéi shang jì ឬ “ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ រត់យករួចខ្លួនសិន” បានចែងថា៖

ខ្ញុំបានសរសេររួចមកហើយអំពីទិដ្ឋភាពព្រឹត្តិការណ៍នយោបាយខ្មែរដែលតម្រូវឲ្យលោក សម រង្ស៊ី ចាំបាច់និរទេសខ្លួនទៅរស់នៅឯប្រទេសបារាំងជាលើកទីមួយនៅក្នុងឆ្នាំ ២០០៥ ហើយនិងការធ្វើនិរទេសខ្លួនចេញពីកម្ពុជាជាថ្មីទៀតនៅចុងឆ្នាំ២០១៥ (ដើមឆ្នាំ២០១៦) ដើម្បីចៀសវាងការចាប់ចងធ្វើទារណ្ឌកម្ម (សូមអានអត្ថបទ “ខ្លាំងជាងតោ” ចុះថ្ងៃទី២៧សីហា និង “អថិរអន្តរាគមន៍” ចុះថ្ងៃទី៥កញ្ញា នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។

យុទ្ធសាស្ត្រ 走为上计 / 走为处计, zǒu wéi shang jì បង្រៀនថា “រត់គេចខ្លួនមិនមែនជាបរាជ័យទេ ដរាបណាអ្នកនៅមិនទាន់ចាញ់នៅឡើយ អ្នកនៅតែមានឱកាសតតាំងគ្នាទៀត” ។ លោក សម រង្ស៊ី បានលេបថ្មលេបក្រួសជាងបីឆ្នាំជាជននិរទេសរហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ទើបលោកបានថ្លែងជាឧឡារិកប្រាប់សកម្មជននយោបាយខ្មែរនៅឱកាសប្រមូលផ្តុំមួយនៅប្រទេសអូស្ត្រាលីថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃខែដែលព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងកាលពី ៦៦ ឆ្នាំមុន ។ ខ្ញុំធ្លាប់បានលួចទប់ដង្ហើមដែរព្រោះបារម្ភខ្លាចលោក សម រង្ស៊ី មាត់រអិលសន្យាតែពាសទៅទៀត ខណៈពាក្យសំដីពីមាត់លោក ហ៊ុន សែន បានបាញ់ចេញដូចរោគរាក ។ ក៏ប៉ុន្តែលោក សម រង្ស៊ី ហាក់ដូចជាប្រាកដប្រជានឹងពាក្យសំដីរបស់លោក ។ ខ្ញុំស្តាប់លោកថ្លែងជាសាធារណៈតាមរយៈយូធូបថាលោកនិងប្រជាពលរដ្ឋនឹងទៅចាប់លោក ហ៊ុន សែន មកកាត់ក្តី លោកមិនមែនទុកឲ្យលោក ហ៊ុន សែន មកចាប់លោកទេ។តែលោក ហ៊ុន សែន ដែលចង់ឲ្យគេហៅខ្លួនថា “សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន” និងអាមាត្យតូចអាមាត្យធំស្រែកប្រកាសថានឹងចាប់លោក សម រង្ស៊ីឲ្យបានក្នុងរយៈ២៤ម៉ោងក្រោយមកជាន់ដីកម្ពុជា ។

ឱ! បើសត្វតោពីរប្រឈមមុខប្រយុទ្ធគ្នាដោយមានះរឹងត្អឹងយ៉ាងនេះតើវាមិនបង្កឲ្យមានតោមួយស្លាប់តៃហោងទេឬអ្វី ? ប៉ុន្តែបើនេះជារបាំ “រាំវង់នយោបាយ” ទៅវិញ បន្ទាប់ពីបែកញើសរហាមសំដែងក្បាច់ក្បូរវិលវល់វក់វីដាក់គ្នា តើអ្នករាំវង់មិននៅតែក្នុងរង្វង់ដដែលទេឬអ្វី ? កាលខ្ញុំនៅក្មេង នៅពេលកុនលេងចប់គេបិទវាំងននវ៉ារោង អ្នកមើលកុននាំគ្នាសូត្រព្រមៗគ្នាថា “អេវាំង” ( បារំាងសែសថា et fin) ។ រឿងប្រឈមមុខដាក់គ្នារវាងលោក សម រង្ស៊ី និង លោក ហ៊ុន សែន នាគ្រានេះ ខ្ញុំសង្ស័យថាដល់ពេលគេរូតវាំងននបិទ នៅក្រោយវាំងនននឹងមានជនបរទេសជាន់កខ្មែរឆ្វេងស្តាំឲ្យ “ចរចា” គ្នាដូចធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថ្មីចាស់របស់កម្ពុជា ?

តែមុននឹងទៅដល់ពេលនោះ នៅថ្ងៃទី២៦ខែកញ្ញាសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រាំបួននាក់រួមទាំងលោក សម រង្ស៊ី និង ភរិយាផងថាកំពុង “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” ដោយ “មានចេតនាបំផុសកងទ័ពឲ្យបះបោរតាមផ្លូវអាវុធ” នៅពេលលោក សម រង្ស៊ី វិលមកដល់កម្ពុជាដែលគ្រោងធ្វើនៅថ្ងៃទី៩វិច្ឆិកានោះ ។ តុលាការជនផ្តាច់ការចោទគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថាជា “អំពើឧក្រិដ្ឋ” ហើយមន្ត្រីគណបក្សប្រឆាំងត្រូវជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ រីឯអ្នកគាំទ្រត្រូវជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។ (នៅថ្ងៃទី២០កញ្ញា គេថាអាជ្ញាធរនឹងដាក់គុកអ្នករដ្ឋការដែលគាំទ្រមាតុភូមិនិវត្តន៍ពេញមួយជីវិត ។ ) តុលាការ កាំងហ្គារូ Kangaroo ដែលមានជើងមុខខ្លីនិងជើងក្រោយវែងមាំ បានដង្ហោយដល់អ្នកដែលនឹងចូលរួមក្នុងមាតុភូមិនិវត្តន៍លោក សម រង្ស៊ី ឲ្យ “សារភាព” ទៅ ដើម្បីតុលាការសត្វចតុប្បាទនេះលើកលែងទោសឲ្យ ។ អនិច្ចា! និយាយនេះស្មានថាពួកខ្មែរប្រឆាំងជាទីទុយឬអ្វី ? លោកផ្កាយប្រាំថាលោកមិនភ័យទេ តែលោកខំប្រឹងខ្លាំងណាស់ក្នុងការគាស់កកាយបញ្ចេញច្បាប់ដែលជនផ្តាច់ការបញ្ជាឲ្យធ្វើតាំងពីត្រូវដាក់គុកលោក សម រង្ស៊ី ៥ ឆ្នាំពីបទក្លែងបន្លំធ្វើផែនទីព្រំដែនខ្មែរយួននៅឆ្នាំ ២០១៦ ម្ភៃខែក្នុងគុកពីបទបរិហារកេរ្តិ៍ ប្រាំបីឆ្នាំពីបទ “បង្ខូចទឹកចិត្តកងទ័ពនិងប្រមាថព្រះចេស្តា” ។ល។ និង ។ល។ ចោទមួយ ចោទពីរ ចោទដប់ តែអង្គភាពធ្វើមាតុភូមិនិវត្តន៍របស់គណបក្ស សង្គ្រោះជាតិបានប្រាប់ទៅវិទ្យុអាស៊ីសេរីថាគ្មានអ្វីដែលអាចធ្វើឲ្យគណបក្សដូរគម្រោងមាតុភូមិនិវត្តន៍ឡើយ ។

នៅថ្ងៃទី២៥កញ្ញា អ្នកស្រី រ៉ូណា ស្មីស Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុងហ្សឺណែវ សំដែងការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងអំពាវនាវដល់កម្ពុជាឲ្យកែប្រែទិសដៅនិងធានាឲ្យមានសង្គមដែលបង្រួបបង្រួមពលរដ្ឋស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ។

អង្គការ “សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស” ASEAN Parliamentarians for Human Rights (APHR) បានចេញសេចក្តីថ្លែងការណ៍មួយជម្រុញលោក ហ៊ុន សែន ឲ្យអនុញ្ញាតមន្ត្រីគណបក្សសង្គ្រោះជាតិវិលត្រឡប់ទៅកម្ពុជាវិញផង ពីព្រោះការចោទប្រកាន់មកលើគណបក្សសង្គ្រោះជាតិជាការចោទប្រកាន់ឥតមានមូលដ្ឋានទេ ។ ប្រធានអង្គការ APHR បានថ្លែងថាការហាមប្រាមមិនឲ្យមានមាតុភូមិនិវត្តន៍គឺ “ធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាបន្តធ្លាក់ចុះនៅក្រោមភ្នែកសហគមន៍អន្តរជាតិ” ។

ក្នុងខែកញ្ញាឆ្នាំ២០១៩នេះ នៅក្នុងរយៈពេលតែពីរថ្ងៃ លោក សម រង្ស៊ី បានប្រើកលយុទ្ធបែបប្រភេទសត្វ កាមីលីយ៉ន់ Chameleon ដែលផ្លាស់ប្តូរពណ៌ស្បែកបង្ហាញពណ៌ភ្លឺឆ្អៅ ។

នៅក្នុងលិខិតចុះថ្ងៃទី៥កញ្ញា លោក សម រង្ស៊ី បានអំពាវនាវដល់នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក ម៉ាហាត់ហៀរ ប៊ិន ម៉ូហាម៉ាត់ Mahathir bin Mohammad ដែលធ្វើទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី២ សុំឲ្យលោក ម៉ាហាត់ហៀរ ជួយរកមធ្យោបាយ ”ដើម្បីសម្រួលឲ្យមានការសន្ទនា (“helping to facilitate a dialogue” ) រវាងអាជ្ញាធររដ្ឋាភិបាល និងមេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងគោលដៅផ្សះផ្សាជាតិ ស្ថិរភាព និងវិបុលភាព (“aimed at national reconciliation, stability and prosperity” ) ស្របតាមក្របខ័ណ្ឌលទ្ធិប្រជាធិបតេយ្យសេរីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង” ។

លិខិតលោក សម រង្ស៊ី ប្រៀបបានទៅនឹងការឡកឡាយមួយ ។ នៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី៥ ដែរ ខ្ញុំបានសរសេរអំពីសកម្មភាព “រាំវង់នយោបាយ” បែបខ្មែរ និងអំពីទំនៀមទម្លាប់ខ្មែរដែលបង្រៀនឲ្យចេះសម្របសម្រួលជាមួយគូរប្រកួតដែលឈ្នះហើយផ្តួចផ្តើម “វប្បធម៌សន្ទនា” “វប្បធម៌ផ្សះផ្សាជាតិ” និង ។ល។ ខ្ញុំសរសេរថាទាំងនេះវាល្អហើយតែវាជាការរកសុខតែមួយពេលប៉ុណ្ណោះ វាគ្រាន់តែជាវិធីនយោបាយដោះកុនមួយពេលប្រៀបដូចជាផាត់ម្សៅកែលំអសម្រស់ ។ មានតែស្ថាប័នទេដែលអាចថែរក្សាការពារវប្បធម៌ទាំងនេះឲ្យស្ថិតនៅគង់វង្សយឺនយូរបាន ។ តើមិនមែនលោក សម រង្ស៊ី ទេឬដែលបានពិសោធផ្ទាល់ជាច្រើនលើករួចមកហើយជាមួយអតីតមេបញ្ជាការខ្មែរក្រហមនេះ តើចង់ពិសោធ “ច្រៃ” ទៅនិរទេសម្តងទៀតឬយ៉ាងណា ? តែពីរថ្ងៃបន្ទាប់មក ពាក្យសំដីអំពី “ការសន្ទនា” ក៏ជ្រុះបាត់ទៅ ។

នៅថ្ងៃទី៧កញ្ញា សេចក្តីថ្លែងការណ៍មួយរបស់លោក សម រង្ស៊ី ធ្វើនៅទីក្រុងប៉ារីស នៅក្រោមចំណងជើងថា “ហតុអ្វីបានជាខ្ញុំសម្រេចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ?” និយាយថា លោក “បានសម្រេចវិលត្រឡប់” ទៅកម្ពុជាវិញ “ដើម្បីបញ្ឈប់និងបញ្ចប់របបផ្តាច់ការសព្វថ្ងៃនេះ” ។ អីយ៉ា! ដល់ពេលសត្វ កាមីលីយ៉ន់ ប្រែពណ៌ស្បែកពីស្រអាប់ទៅជាភ្លឺត្រចង់ហើយតើនេះ ។ សេចក្តីថ្លែងការណ៍ជាភាសាខ្មែរបង្ហាញឲ្យខ្ញុំឃើញរូបភាពលោក សម រង្ស៊ី ជាមេដឹកនាំនយោបាយដែលប្រើវោហារសាស្ត្រអង្រួនពលរដ្ឋខ្មែរឲ្យរំជួលចិត្តកុំឲ្យនៅច្រេញច្រុញត្រេះត្រុះនៅពេលដែលអំណាចផ្តាច់ការកំពុងតែពន្លិចនាវាកម្ពុជានៅកណ្តាលព្យុះសង្ឈរា ។ ក្មេងៗជំនាន់ខ្ញុំធ្លាប់ប្រើពាក្យបំបែរមួយដែលយើងយល់ថាជាពាក្យអស្ចារ្យដើម្បីកំណត់សភាពការបែបនេះថា “យ៉េសណេវ” គឺថា “yes, now” ហើយយើងសូត្រព្រមគ្នាថា “អេវាំង” ។

សេចក្តីថ្លែងការណ៍ដដែលជាភាសាអង់គ្លេសដែលត្រូវបានក្រុមប្រឹក្សាសេរីនិយមនិងប្រជាធិបតេយ្យអាស៊ី Council of Asian Liberals and Democrats ចុះផ្សាយនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែកញ្ញា ក្រោមចំណងជើងថា “Why I Have Decided To Return To Cambodia” បង្ហាញឲ្យឃើញថាលោក សម រង្ស៊ី ជាព្រឹទ្ធាចារ្យចេះថ្លឹងថ្លែងពាក្យសំដី ។ វោហារសាស្ត្រថា “បញ្ឈប់និងបញ្ចប់របបផ្តាច់ការ” បានត្រូវសរសេរជាភាសាអង់គ្លេសថា “to halt and reverse this embrace of authoritarianism” ដែលខ្ញុំសូមបកប្រែជាខ្មែរថា “ដើម្បីបញ្ឈប់និងបង្វិលថយក្រោយវិញនូវការកាន់ក្តោបអំណាចផ្តាច់ការបែបនេះ” ។ ចុះហេតុម្តេចក៏មិនសរសេរឲ្យចំថា “to halt and to end” របបផ្តាច់ការដូចបានថ្លែងជាភាសាខ្មែរទៅ ? ទោះម្តេចក្តី មុខងារនៃការផ្លាស់ប្តូរពណ៌សម្បុររបស់ លោក សម រង្ស៊ី គឺឆ្លើយតបឲ្យបានត្រូវនឹងកាលៈទេសៈនិងបរិស្ថាន ៖ សេចក្តីថ្លែងការណ៍ជាអង់គ្លេសសរសេរឲ្យបរទេសអាន ។

ប៉ុន្តែ ទោះបីជាខ្មែរឬជាអង់គ្លេស សេចក្តីថ្លែងការណ៍ប្រើភាសាមានភាពលាំគ្នា nuance ។ វោហារសាស្ត្រប្រើសំដីបាំងស្ទើរដែលពាំត្រណោតនិងមានភាពរលឿគ្នាមែនចំពោះខ្ញុំ តែសេចក្តីថ្លែងការន៍មានកន្លែងដែលមានភាពប្រាកដជាក់លាក់ ដូចសត្វ កាមីលីយ៉ន់ បង្ហាញស្បែកពណ៌ភ្លឺដែលផ្តល់ជាសញ្ញាមិនអាចភាន់ច្រឡំអំពីចេតនាបាន ។

នេះគឺពាក្យសំដីដាច់អហ័ង្ការបស់លោក សម រង្ស៊ី ពេលលោកថ្លែងថា “នៅចំពោះមុខអំណាចផ្តាច់ការមួយដែលកំរោលនិងខ្វាក់ មិនព្រមធ្វើការសន្ទនាជាមួយគណបក្សប្រឆាំងមួយដែលជនផ្តាច់ការបដិសេធវត្តមានគណបក្សនេះទៀតផង ខ្ញុំនៅមានជម្រើសតែមួយគត់គឺអំពាវនាវដោយចំពោះដល់ប្រជាពលរដ្ឋសុំឲ្យរៀបចំប្រើ “អំណាចពលរដ្ឋ” People Power ដូចដែលគេបានធ្វើនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៨៦” ។

លោកបានបញ្ជាក់ថា “ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរដែលបានទទួលការឈឺចាប់និងត្រូវបានគេបំបិទសម្លេងយូរហើយ និងក្រោកឈរជាធ្លុងមួយនិងដោយសន្តិភាពទាមទារឲ្យមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យដែលមិនអាចរំពឹងថាសម្រេចបានតាមរយៈការបោះឆ្នោតពីព្រោះរបបត្រួតត្រាមិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវដោយមានគណបក្សប្រឆាំងចូលរួមផងទេ” ។

សេចក្តីថ្លែងការណ៍បាន “អំពាវនាវដល់មិត្តទាំងអស់របស់កម្ពុជា ជាពិសេសប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស សូមធ្វើអ្វីៗគ្រប់បែបយ៉ាងតាមសមត្ថភាពធ្វើបាន ដើម្បីហាមឃាត់ dissuade របបត្រួតត្រាភ្នំពេញកុំឲ្យប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋដែលគ្នាគ្រាន់តែទាមទារការគោរពដល់សិទ្ធិនិងសេរីភាពរបស់ខ្លួនដែលមានសន្ធិសញ្ញាអន្តរជាតិមួយធានានិងនៅជាធរមាន” ។

ទាំងខ្មែរទាំងបរទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងនីតិរដ្ឋមិនត្រូវមានការពិបាកនឹងលោក សម រង្ស៊ី ដែលបានទាមទារឲ្យដោះលែងលោក កឹម សុខា ឲ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញ និងឲ្យមានការបោះឆ្នោតឡើងវិញដោយត្រឹមត្រូវ ពិតប្រាកដ និងស្របច្បាប់នោះឡើយ ។

អ្វីដែលហួសនិស្ស័យគិតគឺការបណ្តោយឲ្យជនផ្តាច់ការចាប់ពលរដ្ឋដាក់ទ្រុងទាសភាពដែលប្រៀបបាននឹងការចាប់សត្វកង្កែបបោះចូលក្នុងឆ្នាំងទឹក ផ្តល់អាហារបន្តិចបន្តួចឲ្យស៊ី ខណៈដែលគេលួចដុតភ្លើងពីក្រោមបាតឆ្នាំង ។ ទឹកដែលពុះក៏ស្ងោរកង្កែបស្លាប់តៃហោងប្រៀបបានទៅនឹងខ្មែរប្រមាណជាពីរលាននាក់ស្លាប់រង្គាលក្នុងគុកប៉ុលពតអស់៣ឆ្នាំ៨ខែម្ភៃ២០ថ្ងៃអញ្ចឹង ។

អ្វីដែលហួសនិស្ស័យគិតគឺមានខ្មែរដែលកំពុងសប្បាយនឹងមានឡានជិះមានផ្ទះនៅ
ខណៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជា Garment Manufacturers Association in Cambodia (GMAC) បានព្រមានថាការដកសិទ្ធពាណិជ្ជកម្មកម្ពុជាក្នុងគម្រោងអ៊ីប៊ីអេ EBA (Everything But Arms) ដោយសហភាពអឺរ៉ុបនឹងបង្កគ្រោះថ្នាក់ដល់កម្មករកម្ពុជាចំនួន ៧ សែនកន្លះនាក់និងខ្មែរជិត ៤ លានគ្រួសារ ។ តើអ្នកដែលនៅសប្បាយមានឡានជិះមានផ្ទះនៅ (ខណៈជនផ្តាច់ការរឹបអូសដីធ្លីពីពលរដ្ឋខ្សត់ខ្សោយទៅលក់ឬជួលឲ្យចិនធ្វើចិនូបនីយកម្មប្រទេសខ្មែរដូចយើងបានឃើញនឹងភ្នែកសព្វថ្ងៃនេះ ) តើអ្នកអាចគេចផុតពីគ្រោះថ្នាក់ដែលប៉ះពាល់ដល់ខ្មែរជិត ៤ លានគ្រួសារនោះទេ ?

អ្វីដែលហួសនិស្ស័យនឹងគិតគឺខ្មែរដែលសុខចិត្តរស់នៅក្រោមនិងបំរើជនផ្តាច់ការដែលសហគមន៍អន្តរជាតិបានចោទប្រកាន់និងផ្តន្ទទោសអំពីបទឈ្លានពានជាន់ឈ្លីសិទ្ធិសេរីភាពយុត្តិធម៌របស់ពលរដ្ឋខ្មែរ តើខ្មែរទាំងនោះមានមនសិការយល់ដឹងដែរឬទេថាដែលខ្លួនសុខចិត្តនោះគឺខ្លួនបានសម្រេចចិត្តធ្វើជាមនុស្សដែលកាលពីសម័យសង្គ្រាមលោកលើកទី ២ គេហៅថាជា “ពេជ្ឈឃាតស្ម័គ្រចិត្ត” ឬ willing executioners បំរើមេដឹកនាំប្រទេសណាត់ស៊ីអាល្លឺម៉ង់ លោក អេដល់ហ្វ៍ ហ៊ីតត្លើរ៍ Adolph Hitler ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ លាននាក់ និងបានសម្លាប់រង្គាលពលរដ្ឋពូជសាសន៍ យូដា ប្រមាណជា ៦ លាននាក់ ។ នៅកម្ពុជាក្រោមជនផ្តាច់ការ មានឧត្តមសេនីយ៍មា្នក់ឈ្មោះលោក សៅ សុខា ដែលបានថ្លែងការកោតសរសើរមេឃាតក អេដល់ហ្វ៍ ហ៊ីតត្លើរ៍ ហើយបានអួតអាងថាលោកបានរៀនចេះច្រើនណាស់ពីមេណាត់ស៊ីរូបនោះ (សូមអានអត្ថបទ “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ” ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” )។ល។ និង ។ល។

ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយលើកពាក្យស្លោកខ្មែរមួយដែលចែងថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក” ។ កាលពីថ្ងៃទី១៨កញ្ញា លោក សម រង្ស៊ី បានទៅដល់ទីក្រុង វ៉ាស៊ិនតោន ហើយបានជួបមន្ត្រីអាមេរិកាំងនិងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដើម្បីស្នើសុំរដ្ឋាភិបាលអាមេរិកាំងឲ្យជួយការពារសន្តិសុខរបស់លោកនៅពេលលោកវិលចូលកម្ពុជានៅខែវិច្ឆិកានេះ ។ ដូចខ្ញុំបានសរសេរក្នុងអត្ថបទខ្ញុំលើកមុន ទម្រាំដល់ថ្ងៃទី៩វិច្ឆិកាដែលជាថ្ងៃគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នឹងមានកត្តាឬធាតុបំផុសវិបរិតកើតមានឡើង កត្តាខ្លះយើងអាចមើលឃើញមុន ខ្លះយើងមានការមន្ទិលសង្ស័យ និងខ្លះទៀតយើងមើលមិនឃើញសោះ ។ ចំពោះខ្មែរដែលប្រឆំាងនឹងជនផ្តាច់ការ គម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាឱកាសមួយដែលមិនត្រូវឲ្យរបូតផុតដោយមិនបានធ្វើអ្វី ។ ជាពិសេសចូរកុំយកជើងរាទឹកនៅពេលអ្នកតស៊ូយើងខំចូកចែវទូកឆ្លងកាត់ឧបសគ្គនានា ។ ចំពោះខ្មែរម្ខាងទៀត បើអ្នកនៅនឹកស្រឡាញ់ប្រទេសជាតិដែរ ក៏គួរជួយខ្មែរអ្នកតស៊ូផង ។

កាលខ្ញុំនៅធ្វើជានាយរងសេនាធិការបញ្ជាការយោធារួមនៃកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពជាតិសីហនុនិយមនៅជាយដែនខ្មែរថៃឆ្នាំ១៩៨៦ដល់១៩៨៩ ខ្ញុំបានបិទផ្លាកមួយនៅក្យូសខាងមុខផ្ទះខ្ទមខ្ញុំ មានសរសេរអក្សរពុម្ភជាភាសាអង់គ្លេសថា “Lead, Follow, or Get Out of the Way” បកប្រែជាខ្មែរថា “ដឹកនាំ ដើរតាម ឬ កុំឈរពាំងផ្លូវ” ។ យុទ្ធជនតែងសួរខ្ញុំអំពីអត្ថន័យនៃពាក្យស្លោកនិងផ្លាកនោះ ។

គេថាពាក្យស្លោកនេះត្រូវបានបង្កើតឡើងដោយបិតាស្ថាបនិកសហរដ្ឋអាមេរិក លោក ថូម៉ាស់ ផេន Thomas Paine ជាអ្នកបដិវត្តអាមេរិកាំង កើតនៅប្រទេសអង់គ្លេសឆ្នាំ ១៧៣៧ និងស្លាប់នៅរដ្ឋនូវយកឆ្នាំ ១៨០៩ ។ ឧត្តមសេនីយ៍មេបញ្ជាការអាមេរិកាំង លោក ហ្ចរ៍ច្ច ផាត់តុន George Patton កើតឆ្នាំ១៨៨៥ ស្លាប់ឆ្នាំ ១៩៤៥ បានថ្លែងនៅក្នុងសង្គ្រាមលោកលើកទីពីរថា “យើងបានឃ្វាលហ្វូងចៀម យើងបានដឹកជញ្ជូនហ្វូងគោ យើងបានដឹកនាំមនុស្ស ។ សូមអ្នកដឹកនាំខ្ញុំ ឬដើរតាមខ្ញុំ ឬក៍ចៀសឲ្យឆ្ងាយពីផ្លូវ” ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។