ឥដ្ឋលោហិត
«ឥដ្ឋលោហិត»
រៀបរៀងនិងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

“ឥដ្ឋលោហិត” បង្កើតជាសំនួរថា “តើគេសាងសង់ទីក្រុងសម្រាប់អ្នកណា ហើយតើ នរណាដែលត្រូវបានគេបូជានៅក្រោមស្រមោលអគារធំខ្ពស់ស្កឹមស្កៃលូតចេញពីដីទៅកាន់ផ្ទៃមេឃនោះ?”

ប្រទេសកម្ពុជាត្រូវបានគេកត់សំគាល់ថាជាប្រទេសមួយដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើនលឿនក្រៃលែងនៅក្នុងពិភពលោក ។ នៅឆ្នាំ២០១៨ ធនាគារពិភពលោក World Bank បានកំណត់ ៧.៦ ភាគរយ ជា “កំណើនផលិតផលក្នុងស្រុកសរុប” Gross Domestic Product (GDP) ជាមធ្យម ។ តាំងពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៥ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ជាង៧ ភាគរយ ។ កំណើនសេដ្ឋកិច្ចត្រូវបានជំរុញឡើងដោយការពង្រីកវិស័យសំណង់ វិស័យកាត់ដេរ និងវិស័យសេវាកម្ម ហើយបានអនុញ្ញាតឲ្យកម្ពុជាទទួលទេសចរជាងមួយលាននាក់ក្នុងមួយឆ្នាំ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយមយកកំណើនសេដ្ឋកិច្ចនេះទៅអួតអាងអំពីស្ថានភាពកម្ពុជាជាប្រទេសរីកចំរើនមួយដែលផ្តល់សន្តិសុខនិងសុខុមាលភាពឲ្យពលរដ្ឋខ្មែរហើយរបបគ្រប់គ្រងរបស់លោកពិតជារបបប្រជាប្រិយពេញនិយមដែលពិភពលោកគប្បីទទួលស្គាល់ ។
កាលពីសប្ដាហ៍កន្លងទៅ ខ្ញុំបានជួបបរិភោគអាហារល្ងាចជាមួយយុវជនខ្មែរម្នាក់មកពីភ្នំពេញ រួមនិងអាណិកជនខ្មែរខ្លះដែលរស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវការឆ្លងឆ្លើយអំពីទេសភាពនៃប្រទេសកម្ពុជាក្នុងការរីកចំរើនដែលគេបានអះអាងប្រាប់ខ្ញុំថាខ្ញុំមិនអាចមើលទីក្រុងភ្នំពេញឥឡូវនេះស្គាល់ឡើយ ។ នៅពេលចប់ភោជនាហារ បញ្ញាវន្តក្មេងដែលខ្ញុំបានស្គាល់តាមរយៈអុីម៉ែលតាំងតែពីលោកនៅរៀនសកលវិទ្យាល័យនៅបរទេសជាយូរឆ្នាំមកហើយ បានហុចឲ្យខ្ញុំជាអនុស្សាវរីយ៍នៃរាត្រីដែលយើងបានញាុំបាយជាមួយគ្នានូវកូនសៀវភៅមួយ ។ ខ្ញុំមិនដែលបានដឹងអំពីសៀវភៅនេះទេ ។ ចំណងជើងជាភាសាអង់គ្លេសគេសរសេរថា “BLOOD BRICKS: Untold Stories of Modern Slavery and Climate Change from Cambodia” ។ ដោយចាប់អារម្មណ៍ទៅលើពាក្យ “Modern Slavery” ខ្ញុំក៏បើកសៀវភៅមើលត្រួសៗដោយឃើញមានរូបថតកម្មករខ្មែរ ក្មេង ចាស់ ប្រុស ស្រី ធ្វើការនៅក្នុងស្ថានីយ៍ភលិតឥដ្ឋនៅកម្ពុជា ហើយនឹងរូបថតសំណង់អគារធំៗដែលគេសាងសង់នៅរាជធានីភ្នំពេញ បង្ហាញជាទេសភាពដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ។ មែន! ខ្ញុំធ្លាប់តែឃើញផ្ទះនិងអគារទាបៗដែលសាងសង់នៅក្នុងសម័យអាណានិគមបារំាង ។ ខ្ញុំមើលរូបភាពទីក្រុងភ្នំពេញសម័យបច្ចុប្បន្នមិនស្គាល់មែន ។
បន្ទាប់ពីមកដល់ផ្ទះនៅយប់នោះ ខ្ញុំក៏យកសៀវភៅ “BLOOD BRICKS” មកបើកអានសាជាថ្មីហើយមើលរូបភាពផ្សេងៗ ។ តែការអានដោយត្រួសៗមុនចូលដំណេកបានក្លាយទៅជាការអានដោយយកចិត្តទុកដាក់ជាទីបំផុតរហូតដល់រំលងអាធ្រាត ។ ស្អែកឡើង ខ្ញុំបានយកសៀវភៅនេះមកអានម្តងទៀត ។ ខ្ញុំបានដកស្រង់កថាខ័ណ្ឌខ្លះៗមកបកប្រែកែសម្រួលជាភាសាខ្មែរ ។ ជាលទ្ធផល អត្ថបទ “ឥដ្ឋលោហិត” នេះក៏ប្រសូត្រចេញមក ។
សៀវភៅ “ឥដ្ឋលោហិត៖ អាថ៌កំបាំងនៅពីក្រោយទាសភាពសម័យទំនើបនិងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ” ជារបាយការណ៍នៃការស្រាវជ្រាវមួយដែលភ្ជាម់ជាមួយនូវអនុសាសន៍មួយចំនួន បានចេញផ្សាយនៅឆ្នាំ ២០១៨ដោយសកលវិទ្យាល័យ Royal Holloway នៅទីក្រុងឡុងដ៍ រួមគ្នាជាមួយក្រុមប្រឹក្សាស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គម ហើយនិងនាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិនៃចក្រភពអង់គ្លេស ។ សៀវភៅនេះមានបុព្វកថាពីរ ដោយអ្នកស្រី ប៊ូឡា Bhoola អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីទម្រង់ទាសភាពសម័យបច្ចុប្បន្នព្រមទាំងមូលហេតុនិងផលវិបាករបស់វា និង ដោយអ្នកស្រី រ៉េតហ្ស៉យ៍ Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំទីក្រុងភ្នំពេញ ។ សៀវភៅ “ឥដ្ឋលោហិត ” ជាសៀវភៅដែលចាក់ដោតសតិអារម្មណ៍ខ្ញុំដោយសារតែវាជាការស្រាវជ្រាវបង្ហាញអំពីសោកនាដកម្មនៅពីក្រោយការរីកចំរើននៅក្នុងសង្គមកម្ពុជា ។
“ឥដ្ឋលោហិត” បង្ហាញអំពីភាពសោកសៅនៅក្នុងទាសភាពសម័យបច្ចុប្បន្ននិងការប្រែប្រួលអាកាសធាតុដែលជាបច្ច័យនៃការអភិវឌ្ឍន៍នៅក្នុងយុគសម័យនគរូបនីយកម្មរបស់យើង ។ អ្នកស្រី Bhoola បានសរសេរនៅក្នុងបុព្វកថា៖ “នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងប្រទេសឯទៀតដែរ កំណើនសេដ្ឋកិច្ចមិនបាននាំមកនូវការងារដែលមានភាពសមរម្យល្អសម្រាប់ពលរដ្ឋទាំងអស់គ្នាទេ . . . កំណើនសេដ្ឋកិច្ចដែលរីកចំរើនដោយសារឧស្សាហកម្មសំណង់បានបង្កើតជាអន្ទាក់មួយចងអ្នកក្រីក្រនិងអ្នកដែលងាយរងគ្រោះ ។ វាជាវដ្តសាហាវមួយដែលកើតឡើងដោយសារការអភិវឌ្ឍន៍ដែលគ្មាននិរន្តរភាពសម្រាប់បរិស្ថាននិងសម្រាប់ពលរដ្ឋ ។ ដើម្បីកំចាត់វដ្តដ៏គ្រោះថ្នាក់នេះ រដ្ឋាភិបាលកម្ពុជាត្រូវតែមានការយល់ដឹងអំពីទំនាក់ទំនងរវាងទម្រង់ទាសភាពសម័យទំនើបនិងការប្រែប្រួលអាកាសធាតុ . . . ការងារដែលមានភាពសមរម្យល្អជាការគាំពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងទាសភាពសម័យទំនើបដោយកាត់បន្ថយភាពក្រីក្រនិងផ្តល់សន្តិសុខដល់ពលរដ្ឋដើម្បីជួយពួកគេឲ្យអាចបំពេញសេចក្តីត្រូវការចាំបាច់និងផ្សេងៗទៀត . . . ” ។
សៀវភៅ “ឥដ្ឋលោហិត ” បង្ហាញថាកម្ពុជាជាអង្កត់ផ្ចឹតនៃការរីកចំរើនផ្នែកសំណង់ ។ គេសាងសង់អគារការិយាល័យ រោងចក្រ អគារផ្ទះខុនដូ តំបន់លំនៅដ្ឋាន សណ្ឋាគារ ផ្សារទំនើប shopping malls ហើយគេរុញរាជធានីឲ្យលូតខ្ពស់ឆ្ពោះទៅកាន់អាកាសា ។ ខណៈពេលសន្ទុះរីកចំរើនរុញទីក្រុងឲ្យដុះកម្ពស់ឡើងលើ ស្តុកធនធានធម្មជាតិត្រូវបានដាំក្បាលចុះ ។ ខណៈចរន្តជម្រុញទីក្រុងឲ្យមើលឡើងលើ ហើយស្ថានភាពប្រទេសកម្ពុជាបញ្ជាក់អំពីសេដ្ឋកិច្ចលូតលាស់លឿនស្លេវផុតគេនៅទ្វីបអាស៊ី ការប្រែប្រួលរបៀបរបបភ្លៀងធ្លាក់ក្នុងលោកដែលបង្កើតភាពរាំងស្ងួតធ្ងន់ធ្ងរនិងទឹកជំនន់ជាញឹកញាប់ បានធ្វើឲ្យកសិករខ្មែរទូទាំងប្រទេសមិនអាចដាំដំណាំចិញ្ចឹមជីវិតបាន ។ គួរកត់សំគាល់ថា ទោះបីទីក្រុងរីកចំរើនយ៉ាងណាមិុញក៏ប្រជាពលរដ្ឋខ្មែរចំនួន៧៩% នៅតែបន្តការរស់នៅក្នុងតំបន់ជនបទដដែល ហើយប្រជាពលរដ្ឋ៤២ភាគរយនៅពឹងផ្អែកលើវិស័យកសិកម្មដើម្បីចិញ្ចឹមជីវិត ។ ៦០% នៃដីសម្រាប់ធ្វើកសិកម្មមានតិចជាងមួយហិចតា ហើយផ្ទៃដីចំនួន ៦៣% ពឹងផ្អែកទៅលើទឹកភ្លៀង ។ ការដណ្តើមយកដីធ្លីនិងបណ្តេញពលរដ្ឋពីដីធ្លីនិងផ្ទះសម្បែងរបស់ខ្លួនបានបង្កើនចំនួនពលរដ្ឋកាន់តែច្រើនដែលគ្មានដីធ្លីធ្វើស្រែចំការចិញ្ចឹមជីវិត ។
ដោយហេតុថា ពលរដ្ឋជាង៧០%រំពឹងលើកសិកម្មជាមូលដ្ឋានចិញ្ចឹមជីវិត ការប្រែប្រួលអាកាសធាតុនិងកង្វះនៃការគាំទ្រពីរដ្ឋាភិបាល បានជម្រុញពលរដ្ឋនៅតាមជនបទឲ្យធ្វើចំណាកស្រុកទៅប្រកបការងារនៅក្នុងវិស័យកាត់ដេរនិងវិស័យសំណង់ដែលកំពុងរីកចំរើននៅតាមទីក្រុង ។
ក៏ប៉ុន្តែការងារនៅតាមទីក្រុងជាង ៨០% ជាការងារដែលមានតែទម្រង់ ស្ថិតនៅក្រៅផ្លូវការ ខ្វះភាពជាក់លាក់ ផ្តល់ប្រាក់កម្រៃតិចតួច តម្រូវឲ្យធ្វើការច្រើនម៉ោង ខ្វះការគាំពារផ្នែកសង្គមកិច្ចដូចជាការថែទាំសុខភាព ប្រាក់សោធន និងសមាជិកភាពសហជីព ។ ការងារមានច្រើនមែន ហើយវាផ្តល់ឱកាសឲ្យកម្មករផ្ញើប្រាក់កាស់ខ្លះទៅជួយគ្រួសារនៅឯជនបទ តែការងារទាំងនោះមានគុណភាពជាការងារទុរគតដូចជាការងារផលិតឥដ្ឋជាដើម ។ ការចាកចេញពីជនបទទៅរកការងារធ្វើនៅតាមទីក្រុងបានធ្វើឲ្យអតីតកសិករដែលគ្មានលទ្ធភាពធ្វើការនៅស្រែចំការធ្លាក់ខ្លួនទៅជាអ្នករងគ្រោះក្រោមរូបភាពបង្ខិតបង្ខំនិងចំណងបំណុល ។ ដើមឡើយពួកគេដែលជាកសិករតូចតាចត្រូវការខ្ចីប្រាក់និងត្រូវការឥណទានបន្ថែមដើម្បីទិញគ្រាប់ពូជ ទិញជីគីមី ។ល។ នៅពេលដំណាំបរាជ័យដោយសារវិបត្តិបរិស្ថានដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ លទ្ធផលគឺបង្កើនបំណុលដែលគេគ្មានមធ្យោបាយកាត់បន្ថយបាន ។ ប្រាក់កម្ចីអាចត្រូវបានសងវិញដោយប្រាក់កម្ចីផ្សេងទៀត ។ សម្រាប់កសិករតូចតាចជាច្រើននាក់ យុទ្ធសាស្ត្រប្រើប្រាក់កម្ចីថ្មីដើម្បីសងប្រាក់កម្ចីចាស់គឺគេចមិនផុតពីធ្លាក់ខ្លួនទៅធ្វើទាសករផលិតដុំឥដ្ឋនៅតាមទីក្រុងឡើយ ។
ស្ថានភាពសេដ្ឋកិច្ចរីកចំរើននិងការរីកចំរើនផ្នែកសំណង់បានបិទបាំងនូវភាពខ្មៅងងឹតមួយនៃការវិវឌ្ឍន៍សេដ្ឋកិច្ច ។ ការសាងសង់ត្រូវការឥដ្ឋច្រើននិងមានឧស្សាហកម្មឥដ្ឋដែលនៅរង់ចាំផ្តល់ដុំឥដ្ឋដើម្បីរកកម្រៃ ។ ឧស្សាហកម្មនេះពឹងផ្អែកទៅលើកម្លាំងពលកម្មមនុស្សពេញវ័យនិងកុមារ ដែលត្រូវការប្រាក់កាស់យកមកសងបំណុលនានា ។ ម្ចាស់ឡដីឥដ្ឋក៏ផ្តល់កម្ចីដល់អតីតកសិករទាំងនោះ ។ ប្រាក់បំណុលទាបបំផុតដែលផ្តល់ឲ្យដោយម្ចាស់ឡឥដ្ឋគឺ ១០០ ដុល្លារអាមេរិក ។ បំណុលខ្ពស់បំផុតគឺ ៤ ពាន់ដុល្លារ និងបំណុលមធ្យមគឺ ៧០០ ដុល្លារ ដែលកសិករនិងគ្រួសារត្រូវសងម្ចាស់ឡឥដ្ឋវិញ ។ ខណៈពេលម្ចាស់ឡឥដ្ឋអះអាងថាប្រាក់បំណុលគ្មាន “ការប្រាក់” ទេ តម្លៃមនុស្ស human cost ដោយសារប្រាក់បំណុលវាថ្លៃហួសហេតុពេក ៖ កសិករត្រូវជីកយកដីឥដ្ឋ រួចដុតដីឥដ្ឋនៅក្នុងឡឥដ្ឋដោយដុតកាកសំណល់សម្លៀកបំពាក់បញ្ចេញបំភាយឧស្ម័នមានជាតិពុលទៅក្នុងបរិស្ថាន ។ ទាំងនេះបង្ហាញឲ្យឃើញនូវទំនាក់ទំនងថាមវន្តរវាងទាសភាពសម័យបច្ចុប្បន្ន វិការភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។
សៀវភៅ “ឥដ្ឋលោហិត ” បាននិទានរឿងរ៉ាវ ១០ រឿងដែលមិនធ្លាប់បាននិទានអំពីទាសភាពសម័យបច្ចុប្បន្ននិងការប្រែប្រួលអាកាសធាតុនៅក្នុងឆ្នាំ២០១៧ដល់២០១៨ ស្តីអំពី កត្តាពាក់ព័ន្ធដែលសម្រួលដល់ការជាប់ជំពាក់បំណុលដោយការប្រែប្រួលអាកាសធាតុ, កង្វះការគាំទ្រពីរដ្ឋាភិបាលដល់វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ, កង្វះកិច្ចគាំពារសង្គមឬសេវាសុខភាព, វិស័យមីក្រូហិរញ្ញវត្ថុ microfinance ដែលខ្វះការគ្រប់គ្រងត្រឹមត្រូវ, អំពើពុករលួយនិងនីតិរដ្ឋទន់ខ្សោយ ហើយនិងប្រតិបត្តិការនិងក្រមសីលធម៌របស់ក្រុមហ៊ុនសាជីវកម្មសកល ។
“ឥដ្ឋលោហិត ” សរសេរអះអាងថា មានគ្រួសាររាប់មុឺនដែលជាប់បំណុលវ័ណ្ឌកហើយបានបង្ខំចិត្តទៅជីកនិងដុតឥដ្ឋនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដើម្បីបំពេញសេចក្តីត្រូវការមិនស្កប់ស្កល់ក្នុងការសាងសង់ទីក្រុងភ្នំពេញ ។ “ឥដ្ឋលោហិត ” ចោទថា “ការកេងប្រវ័ញ្ច ” នេះជាការរំលោភបំពានច្បាប់ជាតិនិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជាប្រទេសហត្ថលេខីមួយ ។
ពាក្យមួយឃ្លានៅក្នុងសៀវភៅដែលខ្ញុំសូមដកស្រង់មកផ្សាយ សរសេរថា៖ “ឥដ្ឋលោហិត” បង្កើតជាសំនួរថា “តើគេសាងសង់ទីក្រុងសម្រាប់អ្នកណា ហើយតើនរណាដែលត្រូវបានគេបូជានៅក្រោមស្រមោលអគារធំខ្ពស់ស្កឺមស្កៃលូតចេញពីដីទៅកាន់ផ្ទៃមេឃនោះ?”
សៀវភៅ “ឥដ្ឋលោហិត ” បានផ្តល់នូវអនុសាសន៍សុំឲ្យលុបបំបាត់ទាសភាពសម័យថ្មីនៅក្នុងវិស័យផលិតឥដ្ឋក្នុងប្រទេសកម្ពុជា ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com