អំពីអ្នកអាននិងខ្ញុំ
«អំពីអ្នកអាននិងខ្ញុំ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់សារអេឡិចត្រូណិកពីបងប្អូនអ្នកអាននិងអ្នកស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំតាមវិទ្យុខ្មែរពិភពលោក ដែលជាការរំលឹកមួយនូវពាក្យពេចន៍ព្រះបរមគ្រូ ខុងជឺ ថ្លែងតាំងពីមុនគ្រិស្តសករាជមកម្ល៉េះថា“គ្មាននរណាបេីកសៀវភៅមួយមេីលហេីយមិនបានរៀនអ្វីសោះពីសៀវភៅនោះឡេីយ ”។ ខ្ញុំសូមអភ័យទោសដោយមិនអាចឆ្លេីយតបមកអ្នកអាននិងអ្នកស្តាប់ឲ្យបានគ្រប់គ្នាវិញដូចចិត្តខ្ញុំប្រាថ្នា ។
ខ្ញុំក៏សូមសម្តែងនូវការសោកស្តាយរបស់ខ្ញុំដោយមិនអាចធ្វេីតម្រូវតាមសំណូមពរពីបងប្អូនខ្មែរខ្លះ ឲ្យខ្ញុំបកប្រែអត្ថបទជាភាសាអង់គ្លេសផងដែរ ។ តាំងពីដេីមរៀងមក ខ្ញុំបានសរសេរផ្សាយអត្ថបទជាភាសាអង់គ្លេសតែប៉ុណ្ណោះ រហូតមកដល់ពេលមួយដែលមានអ្នកអាន
អត្ថបទខ្ញុំជាប្រចាំបានសរសេរសារមកពិគ្រោះនឹងខ្ញុំថាអត្ថបទខ្ញុំជាភាសាអង់គ្លសនោះមានប្រយោជន៍ណាស់សម្រាប់អ្នកអាននៅប្រទេសកម្ពុជា តែអកុសល អ្នកអានជាច្រេីននៅស្រុកខ្មែរមិនចេះអានភាសាអង់គ្លេសទេ ។ នៅពេលជាមួយគ្នានោះ មានយុវជនខ្មែរម្នាក់ដែលធ្លាប់បានសិក្សាវិទ្យាសាស្ត្រនយោបាយនៅបរទេសប្រទេសបានសរសេរសារពីស្រុកខ្មែរមកណែនាំខ្ញុំឲ្យប្រមូលអត្ថបទជាភាសាអង់គ្លេសរបស់ខ្ញុំទាំងអស់មកបកប្រែជាភាសាខ្មែរផង ដេីម្បីឲ្យពលរដ្ឋខ្មែរអាចអានបានផង ។ គឺយុវជនខ្មែររូបនោះហេីយដែលបានបំផុសគំនិតខ្ញុំឲ្យបង្កេីតគេហទំព័រឈ្មោះ“គំនិតខ្មែរ”ដែលបានបង្ហោះរហូតដល់សព្វថ្ងៃនេះ ទោះបីមានចារកម្មចិននិងរុស្សីបានខិតខំរុកគួនដេីម្បីលប់បំបាត់កុំឲ្យពលរដ្ឋខ្មែរអាចក្រេបជញ្ជក់នូវគំនិតថ្មីៗបាន– សូមមេត្តាអាន “ចារកម្មចិននិងការបោះឆ្នោតខ្មែរថ្ងៃទី២៩” ចុះថ្ងៃទី២០កក្កដា២០១៨ ។
ឆ្លេីយតបនឹងសំណេីសុំអត្ថបទជាភាសាខ្មែរ ខ្ញុំក៏ចាប់ផ្តេីមសរសេរអត្ថបទជាភាសាខ្មែរ
ព្រមទាំងបកប្រែអត្ថបទដទៃដែលខ្ញុំបានសរសេរជាភាសាអង់គ្លេសមកជាភាសាខ្មែរផងដែរ ។ ប៉ុន្តែអ្វីដែលជាការប្រឈមសម្រាប់ខ្ញុំ គឺការសរសេរភាសាខ្មែរនៅលេីកុំព្យូទ័រ ត្បិតអីម៉ាស៊ីននេះមានក្តាចុចខុសពីម៉ាស៊ីនអង្គុលីលេខខ្មែរដែលខ្ញុំធ្លាប់ប្រេី ។ ដេីម្បីអាចសរសេរភាសាខ្មែរនៅក្នុងកុំព្យូទ័រកេីត ខ្ញុំបានអង្វរករមិត្តភក្តិមួយចំនួនឲ្យជួយបង្រៀនខ្ញុំប្រេីម៉ាស៊ីនកុំព្យូទ័រនិងផ្តេីមវាយតួអក្សរខ្មែរប៉ិកប៉ុកៗដូចមាន់ចឹកស្រូវ ។ ខ្ញុំកំពុងប្រឹងរៀនសរសេរអក្សរខ្មែរនៅលេីកុំព្យូទ័រមិនទាំងទាន់បានថ្នឹកដៃផងស្រាប់តែលេចចេញសំណេីមួយពីនេះ មួយទៀតពីនោះសួររកអត្ថបទជាភាសាអង់គ្លេស ។
ខ្ញុំក៏ស្វែងរក“បក្សាបក្សីដែលមានពូជដូចគ្នា”ដេីម្បីជួយធ្វេីការងារនេះ ។ ស្វែងរកចុះឡេីងក៏បានជួបនឹងយុវជនវ័យក្មេងម្នាក់ឈ្មោះ មូលី ធីរិទ្ធ Mouli Thirith ដែលមានទឹកចិត្តដូចខ្ញុំហេីយធ្លាប់បានធ្វេីជាជំនួយការនៅក្នុងគំរោងរួមរបស់ខ្ញុំមួយក្នុងឆ្នាំ២០១៥ ក្នុងការបង្កេីតខ្សែភាពយន្តឯកសារជាភាសាខ្មែរក្រោមចំណងជេីងថា “លទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអុិនធឺណេត៖ កម្ពុជា រាជណាចក្រលោក កាហ្វកា” ឬ Cyber-democracy: Cambodia, Kafka’s Kingdom ជាមួយនឹងអ្នកស្រី អេឡិន ហ្គ្រ័ន Ellen Grant https://vimeo.com/142456919។ ប៉ុន្តែកល្យាណមិត្តរបស់ខ្ញុំនេះតែងតែក្នាន់ក្នាញ់នឹងខ្ញុំព្រោះគាត់ជាអ្នកបង្រៀនខ្ញុំឲ្យចេះប្រេីកំុព្យូទ័រសរសេរខ្មែរតែគាត់រអ៊ូថាខ្ញុំមិនខំឲ្យផ្ចិតផ្ចង់ចេះតែវាយដំតួអក្សរដាក់ស្រះ “ិ”ស្រះ “ ឹ” ស្រះ “ ឺ” មិនដឹងក្បាលដឹងកន្ទុយ ។ ឱ!គាត់ប្រហែលជាគិតថាភ្នែកមនុស្សអាយុជ្រេនៅតែអាចមេីលឃេីញតួស្រះ“ិ ” ស្រះ “ ី”ស្រះ “ឹ”និង ស្រះ“ ឺ” ច្បាស់នៅឡេីយ ។ យ៉ាងណាមុិញ គាត់បានប្រាប់ខ្ញុំថាបេីខ្ញុំសរសេរអត្ថបទជាភាសាអង់គ្លេសគាត់នឹងជួយបកប្រែជាខ្មែរ ដូចជាគាត់ធ្លាប់បានបកប្រែនិងកែសម្រួលអត្ថបទខ្ញុំខ្លះៗពីភាសាអង់គ្លេសទៅជាខ្មែររួចមក ហេីយ ។ រឿងវាគួរតែចប់ តែរឿងព្រះជិនវង្សវាមានអ្វីខ្លី បេីបក្សីក្មេង និង បក្សីអាយុជ្រេ រវល់ជជែកន័យពាក្យអង់គ្លេសដែលសម្តេចស៊ីហនុទ្រង់ធ្លាប់បានហៅថា “ភាសាអាំងឡេសនិយាយដោយខ្មែរពាក់មួកប៉ាទុងគោ” នោះ ។ ខ្ញុំក៏សន្មត់ថា ណ្ហេីយចុះ បងប្អូនខ្មែរអ្នកអានគួរតែអានអត្ថបទខ្ញុំជាភាសាខ្មែរតទៀតទៅ ។ ម្យ៉ាងវិញទៀត ខ្ញុំមានចុះអត្ថបទខ្ញុំជាភាសាអង់គ្លេសមួយចំភ្លុះដែរនៅក្នុងគេហទំព័រ“គំនិតខ្មែរ” ប្រសិនបេីពិតជាចង់អានមែន ។ បក្សាបក្សីពូជដូចគ្នាវាគង់តែចូលហ្វូងជាមួយគ្នាទេ ។
មានអ្នកអានខ្លះបានសុំឲ្យខ្ញុំសរសេរចែករំលែកឲ្យបានក្បោះក្បាយថាតេីខ្ញុំមានក្បួនតម្រា ទស្សនៈវិស័យ និងដំណោះស្រាយអ្្វីដែរសម្រាប់ខ្មែរស្នេហាលិទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ ក្នុងការតស៊ូប្រឆាំងនឹងរបបផ្តាច់ការសព្វថ្ងៃនេះ ។ កាលពី “មហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ” នៅទីក្រុង ហ្គេធឺស៍ប៊េីគ Gaithersburg នៅខែកក្កដាឆ្នាំ២០១៧ ខ្ញុំបានថ្លែងសុន្ទរកថាមួយជាភាសាអង់គ្លេសក្រោមចំណងជេីងថា“How To Build A Better Future For Cambodia” (“តេីគប្បីកសាងអនាគតភ្លឺស្វាងដូចម្តេចខ្លះជូនប្រទេសកម្ពុជា” — សូមអានអត្ថបទនេះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” July 8, 2017ជាភាសាអង់គ្លេសនិងភាសាខ្មែរ) ដោយប្រកូកហៅបងប្អូនខ្មែរឲ្យឈប់គិតនិងធ្វេីអ្វីៗដដែលៗ ដែលជាទម្លាប់ចាស់គំរិលដូចជាអង្វររដ្ឋាភិបាលបរទេសមួយឆ្នាំហេីយមួយឆ្នាំទៀតឲ្យជួយអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាំងពីឆ្នាំ១៩៩១រហូតមកដល់ពេលឥឡូវនេះជាងម្ភៃឆ្នាំហេីយ ហេីយសុំឲ្យខ្មែរចាប់ផ្តេីម “បង្កេីននិងពង្រីកឋាមពលនិងពង្រឹងអ្វីដែលហៅថា “ស្នូលជាតិ” ឬ national core វិញ ដោយហេតុថា “ស្នូលជាតិ” ជាកំណត់កម្លាំងនិងជាកំណត់ឋាមពលលេខមួយដែលចាំបាច់ណាស់ដេីម្បីបំពេញគោលដៅប្រជាជាតិឲ្យបានជោគជ័យ” ។ “ស្នូលជាតិ” មានប្រជាពលរដ្ឋ ការអប់រំតម្រេះវិជ្ជា សុខភាពនិងសីលធម៌ ។
ខ្ញុំជាមនុស្សស្រឡាញ់គំនិត ។ ខ្ញុំព្យាយាមអនុវត្តទស្សនៈថា យេីងជាសត្វលោកដែលបានក្លាយចេញពីការគិតរបស់យេីង ។ គំនិតទាំងអម្បាលម៉ានយេីងយកទៅអនុវត្តកសាងពិភពមួយដែលយេីងចង់បាន ពោលគឺពិភពនៅជុំវិញខ្លួនយេីងជាលទ្ធផលនៃភាពសកម្មឬភាពអកម្មរបស់យេីងដែលកេីតចេញពីការគិតនោះឯង ។ ខ្ញុំយល់ឃេីញថា “របៀបយេីងគិត” how we thinkជាកំណត់នៃទង្វេីរបស់យេីង determines our actionថាល្អឬមិនសូវល្អ ។“របៀបយេីងគិត” វាកំណត់អនាគតរបស់យេីង ដូច្នេះយេីងត្រូវសេីរេី“របៀបយេីងគិត” ហេីយអប់រំខ្លួនយេីងឲ្យចេះគិតតាមរបៀបបង្កេីតផលិតផលproductive thinking ដែលមានលក្ខណៈវិជ្ជមាន ស៊ីជម្រៅ ច្នៃប្រឌិត និងកំចាត់ចោលរបៀបគិតបន្តពូជធ្វេីតាមទម្លាប់reproductive thinkingព្រមទាំងបំបាត់រោគរំពឹងផ្អែកលេីមនុស្សដទៃ ។ យេីងគឺជាអ្នកទទួលខុសត្រូវលេីអនាគតរបស់យេីង ។
ដោយសារខ្ញុំជាមនុស្សស្រឡាញ់គំនិត មានអ្នកខ្លះបានដាក់ផ្លាកខ្ញុំថាជា “អ្នកទ្រឹស្តី” theoristពោលគឺពោរពេញទៅដោយ “ទ្រឹស្តី” ឬព្រោកប្រាជ្ញមិនចប់ ដែលគេចង់ថាមិនមែនជា “សកម្មជន” activist លាត់ដៃអាវនោះទេ ។ យ៉ាងណាមុិញ ព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សលោកជាង២៥០០ឆ្នាំមកហេីយថាយេីងជាអ្នកទទួលខុសត្រូវចំពោះអនាគតយេីង ។ ចូលមកដល់សតវត្សទី១៩ លោក រ៉ាល់ហ្វ៍ វ៉ល់ដូ អេមឺុរ៍សុន Ralph Waldo Emerson ទស្សនវិទូអាមេរិកាំងនិងជាមេចលនា “ត្រាន់សិនដិនតាលីសិម ” transcendentalismឬ ឱត្តមនីយកម្មដែលជឿលេីការពឹងផ្អែកលេីខ្លួនឯង self-reliance បានថ្លែងថា៖ “គំនិតគឺជាជីដូនជីតារបស់ទង្វេីទាំងអស់”។ បច្ចុប្បន្ននេះ មនុស្សលោកជឿថាសកម្មភាពផងទាំងឡាយកេីតចេញពីគំនិត ពោលគឺបន្ទាប់ពីមានការគិត សកម្មភាពក៏កេីតមានឡេីង ។
គឺគំនិតដែលហូរចេញពីសង្គមូបនីយកម្មនៅក្នុងដំណេីរជីវិតខ្ញុំដែលធ្វេីឲ្យខ្ញុំក្លាយជាសកម្មជននៅក្នុងចំណោមអ្នកជាតិនិយមប្រាកដប្រជានៅក្នុងជំនាន់សាធារណរដ្ឋ និងនៅក្នុងជួរចលនារំដោះប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងយួនឈ្លានពានទឹកដីខ្មែរ ។ ខ្ញុំបានសរសេររំលឹកជាច្រេីនដងហេីយថាទោះបីការតស៊ូរបស់ខ្ញុំនៅសមរភូមិ៍ជួរមុខប្រឆាំងនឹងរបបរណបយៀកណាមដែលជិះជាន់សិទ្ធិសេរីភាពខ្មែរត្រូវបានបញ្ចប់នៅខែវិច្ឆិកាឆ្នាំ១៩៨៩ នៅពេលដែលខ្ញុំបានដកខ្លួនចេញពីជួរកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរមកកាន់ទឹកដីសហរដ្ឋអាមេរិកវិញក្តី ហេីយទោះបីខ្ញុំមានករណីយថ្មីជាគ្រូបង្រៀននិងជាសមាជិកសភាចារ្យមួយរូបក្តី ខ្ញុំក៏មិនបោះបង់ចោលការតស៊ូប្រឆាំងនឹងរបបគាបសង្កត់សិទ្ធិសេរីភាពខ្មែរឡេីយ ។ តាំងពីខ្ញុំនៅវ័យក្មេងម្ល៉េះខ្ញុំស្អប់ការគាបសង្កត់សិទ្ធិសេរីភាពណាស់ រហូតខ្ញុំពេញវ័យខ្ញុំស្អប់របបផ្តាច់ការជាអនេក ។ ខ្ញុំមិនមែននិងមិនចង់ធ្វេីជាអ្នកនយោបាយ politician ឃោសនារកសន្លឹកឆ្នោតឬដតំណែងដឹកនាំអ្វីមួយទេ តែខ្ញុំក៏មានចំណេះដឹងនិងមានការពិសោធន៍នយោបាយល្មមដែរ ។ ជាអកុសល មានខ្មែរយេីងច្រេីនដែលមិនចូលចិត្តគិត ។
ខ្ញុំជាសិស្សប្រចាំជីវិតម្នាក់ ។ ខ្ញុំបានរៀននៅក្នុងដំណេីជីវិតខ្ញុំក្នុងសង្គមូបនីយកម្មតាំងពីវ័យក្មេងមក ។ អ្វីដែលខ្ញុំបានរៀនចេះពីប្រភពផ្សេងៗ ខ្ញុំតែងចង់ចែករំលែកជាមួយសិស្សប្រចាំជីវិតរូបណាដែលចង់រៀនពីខ្ញុំដែរ ។ ប្រការនេះបានជម្រុញឲ្យខ្ញុំជ្រេីសយកអាជីពផ្នែកបង្ហាត់បង្រៀន ទាំងនៅក្នុងសាលារៀនមានជញ្ជាំងជុំវិញឬសាលារៀនគ្មានជញ្ជាំងនិងមានមេឃជាដំបូល ។
មានអ្នកនិពន្ធជាតិអាមេរិកាំងម្នាក់ឈ្មោះលោក អេឌវេីត អេវឺរេ៉ត ហេល Edward Everett Hale កេីតឆ្នាំ១៨២២ ស្លាប់ឆ្នាំ១៩០៩ បានតែងកាព្យមួយដែលបានបញ្ឆេះគំនិតនិងទឹកចិត្តមនុស្សជាច្រេីនអំពីតម្លៃនៃការបង្កើតឲ្យមានភាពខុសគ្នាមួយ ថា ៖
“ខ្ញុំជាមនុស្សតែម្នាក់គត់
យ៉ាងណាមុិញ ម្នាក់គត់ក៏ខ្ញុំនៅជាបុគ្គលម្នាក់ដែរ ។
ខ្ញុំមិនអាចធ្វេីអ្វីៗបានគ្រប់បែបយ៉ាងទេ
ប៉ុន្តែទោះខ្ញុំនៅតែជាបុគ្គលម្នាក់ឯងក្តី ក៏ខ្ញុំនៅតែអាចធ្វេីអ្វីមួយបានដែរ ។
ព្រោះតែខ្ញុំមិនអាចធ្វេីអ្វីៗបានគ្រប់បែបយ៉ាងទេនោះខ្ញុំក៏នឹងមិនបដិសេដធ្វេីអ្វីមួយដែលខ្ញុំអាចធ្វេីបាននោះដែរ ។ ” ខ្ញុំ ហ្គាហ្វារ ពាងម៉េត ក៏នៅតែជាបុគ្គលម្នាក់មានខួរក្បាលមួយគីឡូក្រាមដូចមនុស្សលោកផ្សេងៗទាំងអស់ដែរ ទោះបីខ្ញុំមិនអាចធ្វេីអ្វីៗបានគ្រប់បែបយ៉ាងមែន តែខ្ញុំជឿជានិច្ចថាគ្មានបញ្ហាតូចធំណាក្នុងលោកដែលមនុស្សដោះស្រាយមិនបានទេ ហេីយខ្ញុំក៏នឹងមិនបដិសេដធ្វេីអ្វីមួយដែលខ្ញុំអាចធ្វេីបានគឺប្រេីខួរក្បាលខ្ញុំមួយគីឡូនោះអប់រំកូនខ្មែរមិនឲ្យព្រមស្លាប់ដូចពស់រស់ដូចកង្កែបនៅក្រោមរបបផ្តាច់ការឡេីយ ។ មេដឹកនាំគណបក្សហ្វាស៊ីសរួមជាតិអុីតាលី លោក បេនីតូ មូ៉សសូលីនី Benito Mussolini កេីតនៅឆ្នាំ១៨៨៣និងស្លាប់ដោយប្រហារជីវិតនៅឆ្នាំ១៩៤៥ នៅប៉ុន្មានថ្ងៃមុនសង្គ្រាមលោកលេីកទី២ត្រូវបានបញ្ចប់ ជាមេហ្វាស៊ីស ដែលបានប្រកាសថា “យេីងមិនឈ្លោះប្រកែកជាមួយនឹងជនដែលមិនយល់ស្របជាមួយយេីងទេ យេីងបំផ្លាញវាចោលតែម្តង” ។ នៅក្នុងការត្រួតត្រាប្រទេសអុីតាលី លោកបានប្រេីយុទ្ធសាស្ត្រ “ដកស្លាបសត្វ មួយម្តងៗ យ៉ាងនេះប្រជាជនមេីលមិនឃេីញទេ” ។ តែលោកដកស្លាបសត្វឲ្យអស់មិនទាន់ សង្គ្រាមលោកលេីកទីពីរក៏ចប់ លោកក៏ត្រូវយុទ្ធជន ប៉ារទីសង់ ចាប់យកទៅបាញ់ចោលទៅ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com