«អថិរអន្តរាគមន៍»
«អថិរអន្តរាគមន៍»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩
នៅពីរខែទៀតគឺដល់ថ្ងៃទី៩ខែវិច្ឆិកាដែលជាគម្រោងថ្ងៃលោក សម រង្ស៊ី មេគណបក្សប្រឆំាង និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលរស់នៅនិរទេសឯប្រទេសក្រៅនឹងធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជា ។
នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា “ខ្លាំងជាងតោ” (២៧សីហានៅក្នុងគេហទំព័រ “គំនិតខ្មែរ” )ខ្ញុំបានធ្វើអត្ថាធិប្បាយជូនកាលបរិច្ឆេទនៃប្រវត្តិនយោបាយសង្ខេបកម្ពុជាបង្ហាញ ទិដ្ឋភាពទូទៅនៃសកម្មភាពគាបសង្កត់របស់របបផ្តាច់ការហ៊ុនសែនដើម្បីបន្តអំណាចផ្តាច់ការរបស់ខ្លួនដោយរុកគួនធ្វើទុក្ខបុកម្នេញអ្នកដឹកនាំនិងសកម្មជនគណបក្សប្រឆាំង ។ សកម្មភាពធ្វើទុក្ខបុកម្នេញនេះបានជម្រុញមេដឹកនាំបក្សប្រឆាំងមួយចំនួនឲ្យនិរទេសខ្លួនទៅរកសន្តិសុខមួយរយៈដើម្បីរង់ចាំឱកាសនិងស្វែងរកមធ្យោបាយប្រយុទ្ធតទៅទៀត ។

នៅថ្ងៃទី១៩សីហា លោក សម រង្ស៊ី បានប្រកាសថាលោកនឹងដឹកនាំខ្មែរចំណាកស្រុក ២ លាននាក់ចូលកម្ពុជាវិញដើម្បី “ស្តារលទ្ធិប្រជាធិបតេយ្យ” និង បញ្ចប់អំណាចផ្តាច់ការនៅភ្នំពេញ ។ លោក ហ៊ុន សែន បានប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការនោះថាលោកមានខ្នោះដៃនៅរង់ចាំស្វាគមន៍លោក សម រង្ស៊ី និងមន្ត្រីហែហមអមដំណើរផងទាំងពួង ។
“នយោបាយ” គឺជាសកម្មភាពប្រើឥទ្ធពលតាមរយៈមធ្យោបាយកម្លាំងកាយ physical ឬកម្លាំងចិត្ត psychologicalដើម្បីកែប្រែផ្នត់គំនិតនិងឥរិយាបថរបស់អ្នកដទៃឲ្យសម្របសម្រួលលើអ្វីដែលអ្នកធ្វើសកម្មភាពនោះចង់បាន ។ ខ្ញុំបានប្រើពាក្យ “រាំវង់នយោបាយ” ថាជាកំណត់សកម្មភាពនយោបាយបែបខ្មែរ àla cambodgienne ៖ អ្នក “រាំវង់នយោបាយ” កម្ពុជាបង្វិលដៃចាក់ក្បាច់និងអង្រួនជើងនៅក្នុងក្បួនដង្ហែក្នុងរង្វង់រាំមួយ ដែលនៅទីបញ្ចប់អ្នករាំនៅតែក្នុងវង់កន្លែងដដែល ។ សកម្មភាពរាំវង់នយោបាយរបស់ខ្មែរខ្លះប្រៀបបានទៅនឹងល្បែងជល់ត្រីក្រឹម ។ កាលពីក្មេងខ្ញុំធ្លាប់ទៅមើលល្បែងជល់ត្រីក្រឹម ៖ ត្រីក្រឹមនៅក្នុងដបបញ្ចេញពណ៌ភ្លឺផ្លេកៗ ។ វាហារមាត់ បើកស្រកី ពង្រីកព្រុយ និងបក់កន្ទុយរវិចៗដូចទង់ត្រូវខ្យល់ ។ តែនេះជារបៀបត្រីក្រឹមវាឌឺដាក់គ្នាក្នុងដបមុននឹងចូលខាំគ្នា ។ កម្មផលគឺហាក់ដូចជាត្រីមួយត្រូវតែស្លាប់តៃហោង ។
រូបមន្ត “យោង ព្យួរ ត ភ្ជាប់” កត្តា គំនិត ព្រឹត្តិការណ៍ និងចំណុចផ្សេងៗ កើតចេញពីភាពចាំបាច់នៃអន្តរទំនាក់ទំនងក្នុងសង្គម ។ គ្មាននរណាម្នាក់រស់ដូចកោះតែឯកឯងដាច់ស្រឡះពីតំបន់និងមនុស្សឯទៀតបានទេ ។ គ្មានអ្វីដែលកើតមានឡើងនៅទីឆ្ងាយឬជិតដែលមិនយូរមិនឆាប់នឹងជះឥទ្ធិពលមកដល់មនុស្សនិងតំបន់ផ្សេងៗទៀតដែរ ។ ការ “យោង ព្យួរ ត ភ្ជាប់” ជួយយើងឲ្យយល់និងមើលឃើញទិដ្ឋភាពទូទៅដើម្បីរិះរកមធ្យោបាយសាងសង់ភាពចម្រុងចម្រើននៅក្នុងសង្គម ។
ទិដ្ឋភាពទូទៅគឺពលរដ្ឋខ្មែរតាំងតែពីសម័យបុរាណរហូតមកបច្ចុប្បន្នរមែងស្ថិតនៅក្រោម ឥទ្ធិពលនៃវប្បធម៌ទំនៀមទម្លាប់និងប្រពៃណីគោរព កោតខ្លាច ស្មោះត្រង់ និងការពារ “មេដឹកនាំ” ដោយមិនគិតពីអាយុជីវិតខ្លួនឡើយ ។ ទាំងអស់នេះវាផ្ទុយនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធអំពី “គិត-កម្ម-ផល” ដែលបង្រៀនថាគំនិតដែលគិតស៊ីជម្រៅស្រមើស្រមៃឆ្នៃប្រឌិតជារបៀបតែមួយដែលអាចដឹកនាំមនុស្សឆ្ពោះទៅកាន់សេរីភាពនិងវឌ្ឍនភាព ។ របៀបយើងគិតគឺជាកំណត់នៃអនាគតរបស់យើង ដូចដែលព្រះពុទ្ធបានពន្យល់រួចហើយថា គឺយើងជាអ្នកទទួលខុសត្រូវលើអ្វីៗទាំងអស់ដែលបានកើតមានឡើងតាមរយៈ “គិត + កម្ម = ផល” ។
ខ្មែរយើងច្រើនតែជាមនុស្សអភិរក្ស ។ ទំនៀមទម្លាប់ខ្មែរបង្រៀនយើងឲ្យចេះទទួល ។ ការចាំបាច់បង្រៀនយើងឲ្យប្រសប់ឆ្លាតចេះសម្របសម្រួលដើម្បីអាចរស់នៅជាមួយនឹងមេដឹកនាំដែលឈ្នះ ។ គឺការសម្របសម្រួលដែលបង្កើតឲ្យមាន “វប្បធម៌សន្ទនា” “វប្បធម៌ផ្សះផ្សាជាតិ” ។ល។ ដែលជាការល្អ ។ ក៏ប៉ុន្តែវាគ្រាន់តែជារបៀបដោះកុនមួយរយៈប្រៀបដូចជាផាត់ម្សៅកែលំអរូបដូច្នេះដែរ ។ ដើម្បីការគង់វង្សយើងត្រូវចាំបាច់មានស្ថាប័ន ។ ពាក្យថាស្ថាប័នតម្រូវឲ្យមានមនុស្សធ្វើការរួមគ្នានៅក្រោមគោលការណ៍និងច្បាប់ទម្លាប់ដែលគេយល់ព្រមទទួលក្នុងករណីឈោងចាប់គោលដៅរួមរបស់ពួកគេ ។
កត្តាដែលគួរឲ្យសោកស្តាយគឺថាជាទូទៅមនុស្សនៅក្នុងលោកច្រើនតែចៀសវាងអ្វីដែលតម្រូវឲ្យមានការគិតពិចារណា ។ លោក ម៉ារ៍ទិន លូធើរ៍ ឃីង Martin Luther King, Jr. មេដឹកនាំចលនាតស៊ូសិទ្ធិមនុស្សជាតិអាមេរិកាំង កើតនៅឆ្នាំ១៩២៩និងស្លាប់នៅឆ្នាំ១៩៦៨ដោយគេបាញ់សម្លាប់ បានសំដែងនូវការសោកស្តាយថា “យើងកម្រឃើញមានមនុស្សដែលមានឆន្ទៈធ្វើការគិតរឹងមាំ ។ គ្មានអ្វីដែលធ្វើឲ្យមនុស្សខ្លះឈឺចាប់ជាងការតម្រូវឲ្យធ្វើការគិត” ។ “គិត កម្ម ផល” គឺជារូបមន្តនៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។
ទម្រាំដល់ថ្ងៃទី៩វិច្ឆិកា ថ្ងៃគម្រោងមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិនឹងត្រូវជួបប្រទះកត្តាឬធាតុបំផុសវិបរិត ។ មានកត្តាខ្លះយើងអាចមើលឃើញមុន ខ្លះយើងមានការមន្ទិលសង្ស័យ និងខ្លះទៀតដែលយើងមើលមិនឃើញសោះ ។ កត្តាវិបរិតគឺជាធាតុអន្តរាគមន៍អថិរភាពដែលមានឥទ្ធិពលបណ្តុះការកែប្រែផ្លាស់ប្តូរដែលស្របនឹងការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធថាគ្មានអ្វីស្ថិតនៅជាអចិន្ត្រៃយ៍នៅក្នុងលោកនេះឡើយ ។
លោកឧត្តមសេនីយ៍ ខារ៍ល វ៉ុន ខ្លូហ្សឺវិតហ្ស៍ Carl von Clausewitz កើតនៅឆ្នាំ១៧៨០ ស្លាប់ឆ្នាំ១៨៣១ ជាមេទ័ពនិងជាយុទ្ធវិទូយោធានៃប្រទេសព្រុស្ស បានបង្កើតពាក្យ “អ័ព្ទនៃសង្គ្រាម” ដែលជាភាសាអាឡឺម៉ង់ថា Nebel des Kriegesនេបិល ដេស ហ្គី្រហ្គើសស៍ ។ អ័ព្ទ
សង្គ្រាមគឺសំដៅលើភាពមិនច្បាស់លាស់នៃការយល់ដឹងរបស់អ្នកចូលរួមក្នុងប្រតិបត្តិការយោធាអំពីស្ថានការណ៍ដែលអាចជួបប្រទះ ។ លោកប្រើពាក្យអ័ព្ទជាឧទាហរណ៍នៃភាពមិនច្បាស់លាស់នៃសមត្ថភាពរបស់ខ្លួនឯង សមត្ថភាពរបស់សត្រូវ និងចេតនារបស់សត្រូវនៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ឬយុទ្ធនាការ ។ នេះប្រៀបបានទៅរយៈពេលពីថ្ងៃនេះទៅដល់ថ្ងៃគ្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលជាពេល “អ័ព្ទនៃសង្គ្រាម” ឬ នេបិល ដេស ហ្គ្រីហ្គើសស៍ ។ កត្តាវិបរិតនឹងបង្ហាញតួឡើង ។
ដើម្បីវែកញែកមើលឲ្យឃើញនៅកណ្តាលអ័ព្ទនេះ យោធាបស្ចឹមប្រទេសភាគច្រើនគេប្រើយុទ្ធសាស្ត្របំបែកសញ្ញាsignal ចេញអំពីសម្លេងរំខាន noise ដើម្បីអនុញ្ញាតឲ្យមេទ័ពយុទ្ធសាស្ត្រធ្វើសកម្មភាពដោយឯករាជ្យពីផែនការប្រតិបត្តិការដែលបញ្ជាការដ្ឋានដាក់ពីលើមក ។
លោក ស៊ុន ត៍ស៊ូ Sun Tzu (៥៤៤មគស-៤៩៦មគស ជាអ្នកយុទ្ធសាស្ត្រនិងមេទ័ពសម័យចិនបុរាណ) ក៏បានទទួលស្គាល់សារៈសំខាន់នៃការសម្រេចចិត្តដោយឯករាជ្យពីផែនការដែរដូចបានសរសេរនៅក្នុងសៀវភៅ “សិល្បៈនៃសង្គ្រាម” ។ លោក ស៊ុន ត៍ស៊ូ បានសរសេរថា “មានពេលខ្លះគេមិនបាច់គោរពតាមបញ្ជាមកពីលើទេ ។ នៅពេលណាដែលមេបញ្ជាការមើលឃើញថាមានប្រយោជន៍សម្រាប់ការធ្វើប្រតិបត្ដិការ គេមិនចាំបាច់ធ្វើតាមបញ្ជាដាក់ដោយអាជ្ញាធរជាន់ខ្ពស់ឡើយ ។ នៅពេលដែលអ្នកមើលឃើញថាវាជាផ្លូវត្រូវល្អហើយ អ្នកកុំចាំបាច់រង់ចាំបញ្ជា… អ្នកត្រូវពឹងផ្អែកទៅលើសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងស្ថានការណ៍ដើម្បីចម្រាញ់យកគុណប្រយោជន៍ខណៈដែលឱកាសបានហុចឲ្យ ។ អ្នកមិនត្រូវឲ្យនីតិវិធីដែលបានបង្កើតរួចមកហើយចងសកម្មភាពអ្នកឲ្យគំាងស្ទះទេ”។
ចំណេះដឹងដែលបានទទួលក្នុងឋានៈជាអ្នកបើកយន្តហោះចម្បាំងសម័យកូរ៉េទ្រឹស្តី “អ៊ូដា”OODA (Observe-Orient-Decide-Act ឬ “សង្កេត-តម្រង់ទិស-សម្រេច-អនុវត្ត”)របស់លោកវរសេនីយ៍ឯកJohn Boyd ហ្ចន ប៊យដ៍ នៃកងទ័ពអាកាសសហរដ្ឋអាមេរិកបានត្រូវយោធានិងអ្នកជំនួញយុទ្ធសាស្ត្រយកមកអនុវត្តជាប្រចាំ ។ ខណៈដែលលោក ខ្លូហ្សឺវិតហ្ស៍ Clausewitz មើលឃើញអ័ព្ទនៃសង្គ្រាមថាជាឧបសគ្គមួយដែលគេត្រូវកំចាត់ លោក ប៊យដ៍ Boyd យោងតាមបទពិសោធតាមការបើកបរយន្តហោះចម្បាំងយល់ថាគេអាចយកអ័ព្ទនៃសង្គ្រាមមកប្រើដើម្បីទាញយកផលប្រយោជន៍ ។
នៅពេលមានអ្នកទាយថាលោក សម រង្ស៊ី នឹងមិនហ៊ានវិលបកមកជាប់ខ្នោះលោក ហ៊ុន សែន នៅថ្ងៃទី៩វិច្ឆិកាទេនោះ លោក សម រង្ស៊ី ឆ្លៀតប្រឈមលោក ហ៊ុន សែន នាថ្ងៃសុក្រទី ៣០ សីហា ថា ចុះបើលោក សម រង្ស៊ី វិលមកកម្ពុជានៅថ្ងៃទី៩វិច្ឆិកាដូចប្រកាស សូមឲ្យលោក ហ៊ុន សែន ហ៊ានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីផងបានទេ ។ ឮដូច្នេះ លោក ហ៊ុន សែន ក៏ស្រែកប្រាប់វិទ្យុវ៉ីអូអេថាលោក សម រង្ស៊ី នឹងត្រូវចាប់ដាក់ខ្នោះក្នុងរយៈពេលតែ ២៤ ម៉ោងក្រោយពេលមកដល់ ៖ “បើខ្ញុំចាប់លោកមិនបានទេ ខ្ញុំនឹងចុះចេញពីតំណែង ម៉េចលោកនៅហ៊ានថានឹងមកវិញឬ?”។ អីយា! របាំ “រាំវង់នយោបាយ” បានចាប់កុម្មង់សេហើយឬ? ឬក៏នេះជាអាយ៉ៃឆ្លងឆ្លើយទេ ឬក៏ជាល្ខោនចិន?
លោក សម រង្ស៊ី ឆ្លៀតសរសេរលើទំព័រហ្វេសប៊ុកថា លោកនឹងសុខចិត្តឲ្យលោក ហ៊ុន សែន ចាប់ខ្លួនលោកប្រសិនបើចំនួនមនុស្សដែលមកស្វាគមន៍លោកនៅថ្ងៃទី៩វិច្ឆិកាមានចំនួនតិចជាង ១ លាននាក់ តែបើមានចំនួន ១ លាននាក់ឬច្រើនជាងនៅថ្ងៃនោះ លោក ហ៊ុន សែន ត្រូវចុះចេញពីតំណែងភ្លាមដើម្បីបង្ហាញការគោរពដល់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ។ លោក ហ៊ុន សែនឆ្លើយវិញថា អាជ្ញាធរនឹងចាប់លោក សម រង្ស៊ី ដាក់គុកដោយឥតគិតដល់ចំនួនមនុស្សប៉ុន្មាននាក់ដែលមកទទួលលោក សម រង្ស៊ី ឡើយ ។
ខ្ញុំបានដកស្រង់ចុះនៅក្នុងអត្ថបទខ្ញុំលើកមុននូវឃ្លាមួយនៅក្នុងបុព្វកថានៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនៅថ្ងៃ ១០ ធ្នូ ឆ្នាំ១៩៤៨ថា៖ “វាជាការចាំបាច់ណាស់ថាបើមនុស្សមិនត្រូវបានបង្ខំឲ្យប្រើជាមធ្យោបាយចុងក្រោយដើម្បីបះបោរប្រឆាំងនឹងការជិះជាន់និងការគាបសង្កត់ទេ សិទ្ធិមនុស្សត្រូវតែមានការការពារដោយនីតិរដ្ឋ” ។ ព្រោះថាវាជាធម្មជាតិមនុស្សស្រេកឃ្លានសិទ្ធិសេរីភាពនិងនីតិរដ្ឋ សភាពការបច្ចុប្បន្ននៅកម្ពុជានឹងបង្ខំខ្មែរឲ្យប្រើមធ្យោបាយចុងក្រោយគេចមិនផុតទេ ។
តើមិត្តម្នាក់ដែលបានជួបខ្ញុំនៅពេលខ្យល់ព្យុះសង្ឃរាហ្លួររ័នស៍Florenceវាយបោកតំបន់ខ្ញុំរស់កាលពីឆ្នាំ ២០១៨ នៅឯណាដែរសព្វថ្ងៃនេះដែលខ្យល់ព្យុះសង្ឃរាដូរៀន Dorianកំពុងវាយបោកតំបន់ខ្ញុំម្តងទៀតនៅថ្ងៃនេះ?យើងបាននិយាយគ្នាអំពីរលកតូចមួយ ពីរ បី រត់ចូលគ្នាបង្កើតជាចរន្តមួយដែលមិនអាចទប់ជាប់ឡើយ ។
អំពីអ្នកនិពន្ធ៖លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com។