សេះចេះតែលុនឆ្ងាយទៅៗហើយ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨

ថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ហើយថ្ងៃស្អែកជាអនាគតនៃថ្ងៃនេះ ។ ស្របតាមក្របខ័ណ្ឌនៃការសិក្សាអប់រំរបស់ខ្ញុំគឺការ “ពណ៌នា-វិភាគ-ព្យាករ” describe-analyze-forecastនិងទស្សនៈនយោបាយរបស់ខ្ញុំដែលដុះចេញពីគំនិត “យោង ព្យួរ ត ភ្ជាប់” ដែលមាននៅក្នុងអត្ថបទខ្ញុំនៅក្នុងគេហទំព័រ “គំនិតខ្មែរ” តាមអាសយដ្ឋាន www.kumnitkhmer.com ការសន្និដ្ឋានរបស់ខ្ញុំនៅដើមឆ្នាំ២០១៨ដែលប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដា នៅតែជាការសន្និដ្ឋានឥតប្រែប្រួលរបស់ខ្ញុំនៅខែធ្នូដែលបញ្ចប់ឆ្នាំ២០១៨នេះ ។ អនាគតនៅថ្ងៃស្អែកវាមានទំនោរដូចជាអនាគតនៃថ្ងៃម្សិលមិញ គឺថ្ងៃនេះ ។

ឆ្នាំ២០១៨ “អាចជាឆ្នាំដែលផ្តើមដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា (ពាក្យខ្មែរសាមញ្ញហៅថា “ថ្ងៃអន្សា” ) របស់សម្តេចតេជោហ៊ុនសែនដែលជាអតីតមេបញ្ជាការខ្មែរក្រហមបនប៉ុលពត និងជាមេបនអំណាចផ្តាច់ការ” ផង និង “អាចជាឆ្នាំដែលចាប់ផ្តើមកំណត់ការស្លាប់រស់របស់ក្រុមអ្នកប្រឆាំងនឹងរបបផ្តាច់ការ” ផងដែរ ។ អត្ថបទខ្ញុំក្រោមចំណងជើងថា “ដំណើរឆ្ពោះទៅថ្ងៃអង្សា” ចុះថ្ងៃទី១២កុម្ភៈត្រូវបានបន្តដោយអត្ថបទផ្សេងៗទៀតដែលបងប្អូនអាចអាននិងស្តាប់ការផ្សាយតាមវិទ្យុខ្មែរពិភពលោក ចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ខ្ញុំបានលើកជា “សំនួរថា៖ តើនរណានឹងបានទៅដល់ទីដៅមុន” ។

អ្វីៗដែលខ្ញុំបានពិនិត្យសិក្សា ខ្ញុំឃើញថាទោះបីគ្មាននរណាចង់ទៅដល់ទីដៅ “ថ្ងៃអង្សា” ក្តី ក៏ខ្ញុំឃើញសេះចេះតែលុនឆ្ងាយទៅៗ រាយបំភ្លៃជើងទាំង៤ញាប់ស្មេ ពឺតតែពីផាយទៅមុខ ផុតវាលចូលព្រៃ ចេញពីព្រៃចូលវាល ឥតឈប់ឈរឡើយ ។ មិត្តរបស់ខ្ញុំម្នាក់មកពីជំរំណងចាន់និងសាយធូ លោក ឆៃ ចិន្តា បានរំលឹកខ្ញុំថា សេះដែលចេះតែលុនទៅមុខនោះមិនវិលបកថយក្រោយទេ ។ តែបើនិយាយអំពីរឿងជ្រុលក្បាលក្រពើវិញអ្នកបររទេះអាចបញ្ឈប់រទេះដើម្បីស្វែងរកមធ្យោបាយរកច្រកត្រឡប់រកផ្លូវដែលចង់ធ្វើដំណើរវិញបាន ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរបបផ្តាច់ការដែលកាន់អំណាចនៅប្រទេសកម្ពុជាបច្ចុប្បន្ន មិនមែនជាមនុស្សឆោតល្ងង់ទេ ។ លោកគ្មានសញ្ញាបត្រ “ដុកទ័រ” “ដុកតាំង” ពាក់មួក “ប៉ាទុងគោ” ម៉ារក៍បរទេសមែន តែកូនខ្មែរដែលជាអតីតក្មេងវត្តរូបនេះធ្លាប់មានបទពិសោធន៍ធំធេងក្នុងឆាកជីវិតល្មមអាចក្រឡុកអ្នកនយោបាយខ្មែរនិងបរទេសឲ្យក្រឡកខួរបាន ។ ទោះជាយ៉ាងណាក៏ដោយក្នុងចំណោមបញ្ហាមួយស្បោងដែលជាសម្ពាយលើខ្នងលោក មានបញ្ហាមួយដែលគ្មានព្រះអង្គណាអាចជួយលោកបានទេ ។ បញ្ហានោះគឺការលោភលន់អំណាចមិនចេះស្កប់ — ការលោភលន់ ដែលបានជម្រុញលោកឲ្យច្រឡំថាកម្លាំងនៃអំណាចរបស់លោកគ្មាននរណាអាចទប់ឈ្នះបានទេ ធ្វើឲ្យលោកក្លាយជាច្រឡោងខាមនិងភ្លេចអស់នូវការស្រេកឃ្លានសេរីភាពនិងភាពថ្លៃថ្នូរដែលជាធម្មជាតិនៃមនុស្ស ។ វាក៏ជាធម្មជាតិរបស់មនុស្សដែរ ទោះបីត្រូវបានគេសម្លុតកំហែង បំភិតបំភ័យ ចាប់ចង និងធ្វើទារុណកម្មយា៉ងណាក្តី ក៏មនុស្សមិនព្រមឈប់ទាមទារសេរីភាពទាំងឡាយនោះឡើយ ។ ខ្ញុំបានសរសេររួចមកហើយថា “ទេវតាមិនដែលបានផ្តន្ទាទោសឲ្យខ្មែរយើងរស់ក្នុងទាសភាពជាអចិន្ត្រៃយទេ . . . ជនផ្តាច់ការក៏មិនដែលបានទេវតាផ្តល់ឥទ្ធិពលឯណាឲ្យកាន់អំណាចរដ្ឋជារៀងរហូតដែរ . . . ឯក្រុមសកម្មជនខ្មែរអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏មិនដែលបានទេវតាដាក់ឲ្យនៅខ្សោយតែរហូតឡើយ ។ ការកែប្រែផ្លាស់ប្តូរជាភាពអចិន្ត្រៃយតែមួយក្នុងជីវិតមនុស្ស ។”

ខ្ញុំយល់ឃើញថា លោកហ៊ុនសែនមានពិសោធន៍ធំធេង ក្លាហាននិងឆ្លាតគួរសមដែរតែនៅខ្វះប្រាជ្ញា ។ បើលោកហ៊ុនសែនមានប្រាជ្ញា លោកត្រូវគិតថាខ្មែរដែលនៅបំរើក្នុងការិយាធិបតេយ្យ bureaucracy ឬក្នុងជួរគណបក្សប្រជាជនឬកងទ័ពនៅក្រោមអំណាចផ្តាច់ការរបស់លោក ដែលមិនមែនសុទ្ធតែជាមនុស្សលក់ខ្លួនដាច់ថ្លៃស្លាប់រស់ជូនលោក គ្រួសារលោក និងគណបក្សលោកឡើយ ។ នេះមិនមែនមានន័យថាប្រទេសកម្ពុជាមិនមាន “ឃាតកស្ម័គ្រចិត្ត” willing executioners ដូចមានជនជាតិអាល្លឺម៉ង់ដែលបម្រើមេណាតស៊ីអាល្លឺម៉ង់ Adolf Hitler នៅក្នុងសង្គ្រាមលោកលើកទី២នោះទេ ។ ក៏ប៉ុន្តែមានខ្មែរស្រឡាញ់សច្ចៈយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមភ្ញាក់រលឹក តម្រៀបសតិស្មារតី ចេះឈឺចាប់ខ្លោចផ្សានៅពេលបានឃើញអំពើអយុត្តិធម៌ ព្រមទាំងមានខ្មែរវិនស្តុន ស្មុីសត៍ Winston Smith ដូចមាននៅក្នុងប្រលោមលោក “ដប់ប្រាំបួន-ប៉ែតសិបបួន” ឬ “Nineteen Eighty-Four” (1984) ដែលកំពុងរវល់ញាប់ដៃនៅក្នុងស្រុកខ្មែរដែរ ។ លើសពីនោះក៏នៅមានខ្មែរម៉ារ៍ទិន នីម៉ុលឡឺរ៍ Martin Niemöller នៅសម័យសង្គ្រាមលោកលេីកទី២ដែលដើមឡើយជាអ្នកគាំទ្ររបបណាតស៊ីអាល្លឺម៉ង់ តែក្រោយមកបានក្លាយទៅជាសត្រូវសាធារណៈរបស់លោកអធិការបតី Chancellor អេដល់ហ្វ៍ ហុីតត្លើរ៍ Adolf Hitler វិញ ។

លោកហ៊ុនសែនត្រូវមើលឲ្យឆ្ងាយថា គ្មានរបបផ្តាច់ការណា ទោះបីជាខ្លាំងក្លាសាហាវឃោរឃៅដូចម្តេចក្តី អាចរស់រានមានជីវិតយូរអង្វែងដោយគ្មានការគាំទ្រពីសំណាក់ពលរដ្ឋភាគច្រើននោះទេ ។ ទោះបីមានមនុស្សខ្លះដើរតាមលោក និងមានរដ្ឋាភិបាលចិនគាំទ្រអំណាចលោកមែន តែការពិតប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសនិងសហគមន៍អន្តរជាតិគេឆ្អែតឆ្អន់នឹងរបបត្រួតត្រារបស់លោកណាស់ទៅហើយ ។ ប្រទេសចិនទៀតសោតក៏គេនឹងខាកស្តោះលោកចោលប្រៀបបាននឹងគ្រាប់ពុទ្រាដែលគេស៊ីជញ្ជក់យកសាច់អស់ ដូចដែលគេបានគ្រវាត់ចោលបនខ្មែរក្រហមប៉ុលពតកាលពីអតីតកាលអញ្ចឹងដែរ ។ ការពិតនេះបិទបាំងមិនជិតទេ ដូចជាវត្តមានព្រះអាទិត្យ ព្រះចន្ទ និង សត្យៈ ដែលព្រះពុទ្ធបានបង្រៀនយើងជាង២៥០០ឆ្នាំមកហើយ ។

ស្តីអំពីការសន្និដ្ឋាន “ការស្លាប់រស់” របស់ក្រុមខ្មែរប្រឆាំងរបបផ្តាច់ការវិញ អ្វីដែលខ្ញុំបានសរសេរកាលពីដើមឆ្នាំ២០១៨នោះ គ្មានអ្វីកែប្រែនៅចុងឆ្នាំ២០១៨នេះឡើយ ។ ត្បិតអ្វីៗហាក់ដូចជាស្តែងចេញរឹតតែច្បាស់ណាស់ទៅទៀត ។ នៅចំពោះមុខការវាយសម្លាប់ដោយរបបផ្តាច់ការហ៊ុនសែន ក្រុមដែលប្រឆាំងនឹងរបបផ្តាច់ការនៅតែស្វែងរកសាមគ្គីភាពរវាងគ្នាមិនបាន ។ ភាពទន់ខ្សោយនេះ ហាក់ដូចជាផ្តល់អាវុធដ៏ពិសិដ្ឋមួយឲ្យរបបផ្តាច់ការយកទៅប្រើដើម្បីសម្លាប់ស្មារតីស្នេហាជាតិ ។ ក្រុមខ្មែរប្រឆាំងរបបផ្តាច់ការនៅតែច្របូកច្របល់នឹងប្រយោជន៍ផ្ទាល់ខ្លួនរបស់ “អាត្មាអញ” “ក្រុមអញ” “មេអញ” ដែលជាបញ្ហាមិនខុសពីបញ្ហាលោភលន់អំណាចរបស់លោកហ៊ុនសែនដែរ ។ មិនបាច់ទៅស្វែងរកឆ្ងាយទេ បើកតែម៉ាស៊ីនកុំព្យូទ័រទៅក៏នឹងឃើញក្រុមខ្មែរដែលប្រឆាំងរបបផ្តាច់ការបង្ហោះសេចក្តីថ្លែងការណ៍ឈ្លោះដណ្តើមគ្នាស្រឡាញ់ជាតិ វាចេះតែអ្នកនេះអីចេះ អ្នកនោះអីចុះ គឺសុទ្ធតែជាចំណុចដែលយុវជន ប៊ុណ្ណចន្ទ ម៉ុល អាយុ២២ឆ្នាំដែលអាណានិគមបារាំងចាប់ដាក់គុកនៅកោះត្រឡាច បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” អង្វរកខ្មែរឲ្យបោះបង់ចោលនូវចរិតដែលបង្ហិនបង្ហោចប្រជាជាតិខ្មែរ ។ បើមិនឃើញបង្ហោះជម្លោះដណ្តើមស្រឡាញ់ជាតិទេ ក៏ឃើញបង្ហោះសេចក្តីថ្លែងសរសើរខ្លួនឯងព្រោះមានរដ្ឋាភិបាលបរទេសគេថ្លែងការបញ្ជាក់អំពីការចាប់អារម្មណ៍របស់ពួកគេមកលើបញ្ហាខ្មែរ ។ មើលសព្វៗទៅ ក្រុមខ្មែរដែលប្រឆាំងនឹងរបបផ្តាច់ការហាក់ដូចជារវល់ខ្លាំងនឹងអ្វីដែលរំភើបអារម្មណ៍ ដែលរំជួលចិត្ត ហើយមិនសូវរវល់សោះពីការណែនាំបណ្តុះគំនិតត្រិះរិះពិចារណាគោលការណ៍និងឧត្តមគតិខ្ពង់ខ្ពស់ដែលជាពន្លឺបង្ហាញផ្លូវដើម្បីកសាងអនាគតភ្លឺស្វាង ។ គំនិតបន្តពូជស្លាប់រស់បម្រើបុគ្គលជាវប្បធម៌ដែលបង្ហិនបង្ហោចប្រទេសជាតិរាប់រយឆ្នាំមកហើយ ហើយហាក់ដូចជាដិតជដាប់ជាប់លើថ្មរលប់មិនបាន ។ ខ្មែរដែលប្រឆាំងនឹងរបបផ្តាច់ការគួរបោះបង់វិធីផាត់ម្សៅលំអសម្រស់ដែលគ្រាន់តែរំដោះកុនមួយរយៈខ្លី ហើយចំណាយកម្លាំងកាយកម្លាំងប្រាជ្ញាស្វែងរកបណ្តុះបង្កើតស្ថាប័នគំនិតនិងស្ថាប័នវប្បធម៌ដែលអាចការពារប្រយោន៍ជាតិឲ្យនៅគង់វង្សយូរអង្វែងបាន ។

នៅពេលដែលសេះរបស់ក្រុមខ្មែរដែលប្រឆាំងរបបផ្តាច់ការចេះតែលុនឆ្ងាយទៅៗ ខ្ញុំសូមរំលឹកនូវពាក្យពេចន៍ដ៏ខ្លឹមសាររបស់អតីតប្រធានាធិបតីអាមេរិកាំងទី២៦ លោក Theodore Roosevelt ដែលបានទូន្មានថា ៖

“ធនធានទាំងអស់ដែលយើងត្រូវការ វាស្ថិតនៅក្នុងគំនិតយើងជាស្រេចទៅហើយ”“ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយប្រើអ្វីដែលអ្នកមាននៅក្នុងដៃអ្នក នៅគ្រប់ទីកន្លែងដែលអ្នកបំពេញបេសកកម្ម ។”

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com