សិល្បៈនៃសង្គ្រាម» ដោយលោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ
«សិល្បៈនៃសង្គ្រាម»ដោយលោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ»
បកប្រែសម្រួលរៀបរៀងនិងនិពន្ធដោយលោក បណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩

ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ ៈ “អ្នកនឹងទទួលជោគជ័យបើអ្នកដឹងថានៅពេលណាអ្នកត្រូវប្រយុទ្ធនិងនៅពេលណាអ្នកមិនត្រូវប្រយុទ្ធ”
ខ្ញុំបានសរសេររួចមកហើយថាគ្មានបញ្ហាណាមួយដែលមិនអាចដោះស្រាយបាននោះទេ ។ យុទ្ធសាស្ត្រដែលនឹងផ្តល់ជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជនផ្តាច់ការដើម្បីសិទ្ធិ សេរីភាព សមភាព និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅលើការប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតនិងស៊ីជម្រៅ ។ លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ Sun Tzu កើតនៅឆ្នាំ ៥៤៤ មគស និង ស្លាប់នៅឆ្នាំ ៤៩៦ មគស ជាអ្នកយុទ្ធសាស្ត្រនិងជាមេទ័ពដ៏ចំណាននៃប្រទេសចិនបុរាណ ។ លោកជាអ្នកប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតនិងស៊ីជម្រៅ ។
លោកស៊ុន ត៍ស៊ូ បានបង្រៀនយើងថា “យុទ្ធសាស្ត្រដ៏ល្អបំផុតនៅក្នុងការធ្វើសឹកសង្គ្រាមគឺ បង្គ្រាបសត្រូវដោយមិនបាច់ប្រយុទ្ធគ្នា”។ សម្រាប់លោក ស៊ុន ត៍ស៊ូ ៖ “ជ័យជំនះដ៏អស្ចារ្យបំផុតគឺជ័យជំនះដែលបានមកដោយមិនបាច់ធ្វើការប្រយុទ្ធ”។ លោកទូន្មានយើងថា “អ្នកត្រូវតែមានការជឿជាក់លើសមត្ថភាពរបស់ខ្លួនអ្នក”ហើយប្រដៅយើងថា “ប្រសិនបើអ្នកមានឆន្ទៈ អ្នកក៏នឹងបន្តការតស៊ូឥតឈប់ឈរដោយមិនចាំបាច់មានអ្វីច្រើនឡើយ ”។ លោករំលឹកយើងថា “ប្រសិនបើសត្រូវប្រឈមមុខនឹងស្ថានភាពស្លាប់រស់ គឺគ្មានអ្វីដែលពួកគេមិនអាចធ្វើកើតនោះទេ ”។ យ៉ាងដូច្នេះ “យោងទៅតាមកាលៈទេសៈដែលអនុគ្រោះ យើងគួរតែកែប្រែផែនការរបស់យើង”។
សៀវភៅ “សិល្បៈនៃសង្គ្រាម”The Art of War ដែលលោកនិពន្ធ និងដែលបានជះឥទ្ធិពល ទស្សនៈនិងយុទ្ធសាស្ត្រស្ទើរគ្រប់វិស័យនៅពាសពេញពិភពលោក ទាំងផ្នែកវប្បធម៌ នយោបាយ ជំនួញ កីឡា និងសង្គ្រាមសម័យថ្មី អាចសង្ខេបបានក្នុងពាក្យបីប្រយោគដូតទៅ ៖ ១.អ្នកត្រូវដឹងថាតើនៅពេលណាត្រូវចូលប្រយុទ្ធនិងនៅពេលណាដែលមិនត្រូវចូលប្រយុទ្ធ ដោយចៀសវាងការវាយប្រហារទៅលើសត្រូវដែលមានទីតាំងរឹងមាំហើយវាយប្រហារទៅលើទីតាំងណាដែលមានការការពារទន់ខ្សោយ ។ ២. អ្នកត្រូវចេះបោកបញ្ឆោតបច្ចាមិត្តរបស់អ្នក ដោយបញ្ចេញឲ្យពួកគេមើលឃើញថាអ្នកមានកម្លាំងទន់ខ្សោយ ខណៈដែលអ្នកមានកម្លាំងរឹងមាំ និងមើលឃើញថាអ្នកមានកម្លាំងរឹងមាំ ខណៈដែលអ្នកមានកម្លាំងទន់ខ្សោយ ។ ៣. អ្នកត្រូវស្គាល់កម្លាំងនិងភាពទន់ខ្សោយរបស់អ្នក៖ ប្រសិនបើអ្នកស្គាល់សត្រូវហើយអ្នកស្គាល់ខ្លួនអ្នកទៀត អ្នកមិនចាំបាច់ព្រួយខ្លាចអំពីលទ្ធផលនៃការប្រយុទ្ធនៅលើសមរភូមិចំនួនរាប់រយដងទេ ។
ជាបន្តបន្ទាប់ទៅនេះ ខ្ញុំសូមជូនសម្រង់ពាក្យពេចន៍របស់លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ មួយចំនួយចេញអំពីសៀវភៅ “សិល្បៈនៃសង្គ្រាម”ដើម្បីជាគំនិតសម្រាប់ខ្មែរប្រឆាំងនឹងជនផ្តាច់ការនៅកម្ពុជា ។
- “សង្គ្រាមទាំងអស់តែងពឹងផ្អែកលើការបោកបញ្ឆោត ។ ដូច្នេះ នៅពេលអ្នកធ្វើការវាយប្រហារសត្រូវ អ្នកត្រូវធ្វើហាក់ដូចជាគ្មានសមត្ថភាពវាយប្រហារគេទេ ។ នៅពេលដែលអ្នកធ្វើចលនាទ័ព អ្នកត្រូវធ្វើឲ្យឃើញហាក់ដូចជាកម្លាំងទ័ពរបស់អ្នកនៅនឹងថ្កល់ ។ ខណៈដែលអ្នកបានទៅជិតដល់ទីតាំងសត្រូវហើយ អ្នកគប្បីធ្វើឲ្យសត្រូវជឿថាអ្នកនៅឆ្ងាយនៅឡើយ ។ ក៏ប៉ុន្តែនៅពេលដែលអ្នកនៅឆ្ងាយអំពីសត្រូវអ្នកត្រូវធ្វើឲ្យសត្រូវជឿថាអ្នកបានមកជិតដល់ហើយ”។
- “អ្នកត្រូវធ្វើហាក់ដូចជាអ្នកមានភាពទន់ខ្សោយ ខណៈដែលអ្នកមានកម្លាំងរឹងមាំ ហើយមានកម្លាំងរឹងមាំ ខណៈដែលអ្នកមានកម្លាំងទន់ខ្សោយ ”។ · “ប្រសិនបើសត្រូវមានកម្លាំងខ្លាំងជាងអ្នក អ្នកត្រូវគេចអំពីពួកគេសិន ” ។
- “គប្បីវាយប្រហារសត្រូវនៅទីណាដែលពួកគេមិនបានត្រៀមខ្លួន ។
- “ឧត្តមសេនីយ៍ដែលចាញ់សង្គ្រាមជាមេទ័ពដែលធ្វើការគណនាតិចតួចពេក”។
- “គ្មានប្រទេសណាអាចទទួលផលប្រយោជន៍អំពីសង្គ្រាមយូរអង្វែងឡើយ ” ។
- “ឧត្តមសេនីយ៍ដែលឆ្លាតវៀងវៃគប្បីស្វែងរកស្បៀងនៅក្នុងជំរំសត្រូវ ។ ចំណីអាហារដែលបានពីប្រភពសត្រូវមួយរទេះគឺស្មើនឹងចំណីអាហារចំនួនម្ភៃរទេះរបស់ខ្លួនឯង”។
- “យុទ្ធសាស្ត្រដ៏អន់ខ្សោយបំផុតគឺការឡោមព័ទ្ធទីតាំងសត្រូវដែលមានកំពែងការពារ”។
- “មានមូលដ្ឋានគ្រឹះប្រាំដើម្បីទទួលបានជោគជ័យ ៖ ១.គប្បីដឹងថាពេលណាដែលអ្នកត្រូវប្រយុទ្ធនិងពេលណាដែលអ្នកមិនត្រូវប្រយុទ្ធ ២.គប្បីដឹងអំពីរបៀបប្រើកម្លាំងដែលខ្លាំងនិងរបៀបប្រើកម្លាំងដែលខ្សោយ ៣. គប្បីរៀបកងទ័ពឲ្យមានសតិស្មារតីស្មើគ្នានៅគ្រប់ជាន់ថ្នាក់ ៤.រៀបចំខ្លួននិងត្រៀមវាយប្រហារសត្រូវដែលមិនបានត្រៀមខ្លួន ៥. វាយប្រហារសត្រូវនៅពេលដែលគ្មានព្រះមហាក្សត្រចូលជ្រៀតជ្រែក”។
- “ប្រសិនបើអ្នកស្គាល់សមត្ថភាពសត្រូវហើយស្គាល់សមត្ថភាពខ្លួនឯងទៀត អ្នកមិនចាំបាច់ព្រួយបារម្ភអំពីលទ្ធផលនៃការប្រយុទ្ធនៅលើសមរភូមិរាប់រយដងទេ ។ ក៏ប៉ុន្តែប្រសិនបើអ្នកស្គាល់តែសមត្ថភាពខ្លួនឯងហើយមិនស្គាល់សមត្ថភាពសត្រូវ នៅក្នុងគ្រប់ជ័យជំនះរបស់អ្នក អ្នកនឹងជួបបរាជ័យផងដែរ ។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នកហើយមិនស្គាល់ខ្លួនអ្នកទៀត អ្នកនឹងទទួលបរាជ័យនៅក្នុងគ្រប់ការប្រយុទ្ធ ”។
- “អ្នកអាចដឹងអំពីរបៀបធ្វើសញ្ជ័យតែអ្នកមិនអាចទទួលសញ្ជ័យទេ”។
- “នៅក្នុងសមរភូមិ វិធីសាស្ត្រវាយប្រហារមានពីរបែប ៖ វាយទល់មុខគ្នានិងវាយដោយប្រយោល”។
- “កងទ័ពនឹងធ្វើចលនាទៅឆ្ងាយបានដោយគ្មានទុក្ខព្រួយប្រសិនបើកងទ័ពនេះដើរឆ្លងកាត់នគរដែលគ្មានសត្រូវ”។
- “អ្នកអាចប្រាកដថានឹងមានជ័យជំនះក្នុងការវាយប្រហាររបស់អ្នកប្រសិនបើអ្នកវាយប្រហារទីតាំងសត្រូវដែលមិនមានការការពារ”។
- “យុទ្ធសាស្ត្រយោធាប្រៀបបាននឹងទឹក ។ ធម្មជាតិនៃទឹកគឺហូរចេញពីកន្លែងខ្ពស់ទៅកាន់ទីដែលទាប ។ ដូច្នេះ នៅក្នុងសង្រ្គាមត្រូវចៀសវាងកម្លាំងដែលខ្លាំងហើយវាយប្រហារទៅលើកម្លាំងដែលទន់ខ្សោយ”។
- “ត្រូវលាក់ទុកផែនការរបស់អ្នកឲ្យនៅក្នុងភាពងងឹតឈឹងដូចយប់ តែនៅពេលដែលអ្នកចាប់ធ្វើសកម្មភាពអ្នកត្រូវវាយប្រហារឲ្យរហ័សដូចផ្លេកបន្ទោរ ” ។
- “ពិចារណានិងពិភាក្សាឲ្យបានហ្មត់ចត់សឹមធ្វើសកម្មភាព” ។
- “ឧត្តមសេនីយ៍ដែលឆ្លាតវៃចៀសវាងសត្រូវដែលមានស្មារតីខ្ពស់ វាយប្រហារកងទ័ពសត្រូវដែលមានភាពទុរន់ទុរាគ្មានវិន័យឬគ្មានទឹកចិត្តប្រយុទ្ធ ” ។
- “វាជាការពិតមួយសម្រាប់យោធាគឺថាមិនត្រូវវាយប្រហារនៅពេលឡើងភ្នំហើយក៏មិនត្រូវទប់សត្រូវដែលសម្រុកចុះមកពីលើភ្នំដែរ”។
- “សិល្បៈនៃសង្រ្គាមបង្រៀនយើងមិនឲ្យផ្តេកផ្តួលទៅលើជំនឿថាសត្រូវមិនស្វែងរកយើងទេ តែបង្រៀនយើងឲ្យត្រៀមខ្លួនជាដ៏រាបទប់ទល់ជាមួយនឹងសត្រូវ ”។
- “ធ្វើចលនាតាមផ្លូវដែលសត្រូវមិននឹកភ្នក ។ វាយប្រហារកន្លែងដែលគ្មានអ្នកការពារ” ។
- “គោលការណ៍មួយសម្រាប់គ្រប់គ្រងកងទ័ពគឺបង្កើតនូវស្តង់ដារនៃភាពក្លាហានសម្រាប់មនុស្សទាំងអស់នៅក្នុងជួរ”។
- “ប្រសិនបើមានប្រៀប អ្នកត្រូវធ្វើចលនាទៅមុខ ។ តែបើស្ថានភាពបង្ហាញថាមិនមានប្រៀបលើសត្រូវទេ អ្នកគប្បីនៅនឹងកន្លែងសិន ”។
- “ប្រសិនបើសត្រូវរបស់អ្នកមានសុវត្ថិភាពនៅគ្រប់ចំណុច អ្នកត្រូវត្រៀមលក្ខណៈសម្រាប់ពួកគេ ។ ប្រសិនបើគេមានកម្លាំងខ្លាំង ចូរអ្នកចៀសវាងពួកគេ ។ ប្រសិនបើសត្រូវមានលក្ខណៈជាមនុស្សឆាប់ខឹង សូមអ្នកព្យាយាមធ្វើឲ្យគេខឹងថែមទៀត ។ ត្រូវដាក់ខ្លួនអ្នកក្នុងសភាពទន់ខ្សោយដើម្បីធ្វើឲ្យសត្រូវមានភាពក្រអឺតក្រទម ។ ប្រសិនបើសត្រូវនៅកំពុងសម្រាក ត្រូវរំខានកុំឲ្យពួកគេសម្រាកកើត ។ បើពួកគេរួបរួមគ្នា គប្បីស្វែងរកមធ្យោបាយបំបែកបំបាក់ពួកគេ ។ បើមហាក្សត្រនិងរាស្ត្ររបស់សត្រូវមានសាមគ្គីនឹងគ្នា ត្រូវបំបែកបំបាក់ពួកគេ ”។
- “អ្នកចម្បាំងដែលទទួលជោគជ័យគឺអ្នកដែលមើលឃើញក្រឡាឈ្នះហើយទើបចូលច្បាំង ។ ឯអ្នកចម្បាំងដែលទទួលបរាជ័យគឺអ្នកដែលចូលច្បាំងហើយទើបស្វែងរកជ័យជំនះ ” ។
- “ត្រូវទុកមិត្តរបស់អ្នកឲ្យនៅជិតអ្នក ហើយទុកសត្រូវរបស់អ្នកឲ្យនៅកាន់តែគៀកនឹងអ្នក”។
- “ត្រូវរក្សាភាពទន់ភ្លន់អាចបត់បែនបានហាក់ដូចជាឥតមានរូបមានរាង ។ត្រូវរក្សាអាថ៌កំបាំងឲ្យស្ងាត់ដូចឥតមានសម្លេង ។ ធ្វើយ៉ាងនេះ អ្នកអាចក្លាយជាអ្នកគ្រប់គ្រងវាសនារបស់បច្ចាមិត្តរបស់អ្នក ”។
- “យុទ្ធសាស្រ្តដែលគ្មានកលយុទ្ធគឺជាផ្លូវយឺតបំផុតឆ្ពោះទៅរកជ័យជំនះ ។ កលយុទ្ធដែលគ្មានយុទ្ធសាស្រ្តគឺគ្រាន់តែជាសម្លេងរំខានមុនពេលបរាជ័យ”។
- “ឆក់យកឱកាសមកប្រើនឹងបង្កើតឲ្យមានឱកាសច្រើនថែមទៀត”។
- “ធ្វើចលនាឲ្យបានលឿនដូចខ្យល់និងឲ្យមានសណ្ឋានក្រាស់ឃ្មឹកដូចព្រៃឈើ ។ វាយប្រហារឲ្យរហ័សដូចផ្លេកបន្ទោរហើយឈរឲ្យនៅនឹងរឹងមាំដូចភ្នំ”។
- “ចាត់ទុកពលទាហានរបស់អ្នកដូចកូនជាទីស្រឡាញ់ ។ ធ្វើដូច្នេះ ពួកគេនឹងដើរតាមការពារអ្នកឆ្លងកាត់គ្រប់ឧបស័គ្គ”។
- “នៅពេលអ្នកឡោមព័ទ្ធកងទ័ពសត្រូវ ត្រូវទុកចន្លោះឲ្យពួកគេអាចរត់គេចខ្លួនបាន។ កុំសង្ខុញហួសហេតុពេកទៅលើសត្រូវដែលកំពុងទាល់ច្រក”។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com