«សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៨
«ច្បាប់អន្តរជាតិ» ជាចង្កោមសំណុំនៃច្បាប់ទម្លាប់ដែលប្រទេសផងទាំងពួងក្នុងលោកទទួលស្គាល់ ថាជាច្បាប់ទម្លាប់ដែលចងប្រជាជាតិនានានៅក្នុងការទំនាក់ទំនងនៅលើឆាកនយោបាយសកល ។
នៅក្នុងចំណោមប្រភព ៤ ដែលផ្តល់កំណើតដល់ «ច្បាប់អន្តរជាតិ» ប្រភពដែលសំខាន់ជាងគេគឺ «កិច្ចព្រមព្រៀងអន្តរជាតិ» ។ ប្រភពដែលមានសារៈសំខាន់បន្ទាប់គឺ ប្រភពទី២ ពោលគឺទំនៀមទម្លាប់ អន្តរជាតិ និងប្រភពទី៣គឺគោលការណ៍ទូទៅនៃច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ ហៅថា «គោលការណ៍ . . . ដែលទទួលស្គាល់ដោយប្រជាជាតិមានអារយ្យធម៌ » (ដូចជា «សីលធម៌» morality និង «សមធម្ម» equity ) ។ ប្រភពទីបួនជាប្រភពបន្ទាប់បន្សំ ពោលគឺសេចក្តីសម្រេចចិត្ត របស់តុលាការនិងសំណេររបស់បណ្ឌិតសភា ។ ក្រោយមកទៀត គេបានបញ្ចូលសេចក្តីសម្រេចចិត្ត មហាសន្និបាតអង្គការសហប្រជាជាតិជាប្រភពទី៥ ។
ដោយហេតុថានៅក្នុងលោកយើងនេះ វាឥតមានរដ្ឋាភិបាលសកល world government ឬ សភា សកល world parliament សោះទេ បញ្ហាដ៏ធំធេងនៃ «ច្បាប់អន្តរជាតិ» គឺគ្មានអាជ្ញាធរអន្តរជាតិ ដែលមានសមត្ថកិច្ចអនុវត្តច្បាប់ ។
កាលពីទស្សវត្សរ៍ ១៩៥០ មានឯកអគ្គរដ្ឋទូតម្នាក់នៃប្រទេសតូចមួយបានចំអកលើឆាកនយោបាយ អន្តរជាតិដោយបានថ្លែងជាសាធារណៈថា ច្បាប់អន្តរជាតិ គឺជា «ច្បាប់ដែលប្រទេសមានអំណាច មិនព្រមយកទៅអនុវត្ត ហើយដែលប្រទេសមានបំណងមិនល្អមិនព្រមគោរព» ។
ប្រព័ន្ធនយោបាយសកលមិនដូចជាប្រព័ន្ធនយោបាយជាតិទេ ។ ប្រព័ន្ធនយោបាយជាតិជា ប្រព័ន្ធឋានានុក្រម hierarchical ដែលមានអំណាចតម្រៀបពីលើចុះមកក្រោម (ដូចជាស្តេច ប្រធានាធិបតី នាយករដ្ឋមន្ត្រី ចៅហ្វាយខេត្ត . . . ចុះមកក្រោមមានមេឃុំ មេភូមិ ) ។ ប្រព័ន្ធ នយោបាយសកលជាប្រព័ន្ធដែលតម្រៀបប្រទេសទាំងអស់ក្នុងលោក ទោះធំទោះតូច ទោះខ្លាំងទោះខ្សោយ ទោះមានទោះក្រក្ដីផ្តេកជាជួរ horizontal ដោយប្រទេសមួយមានសម្លេង
មួយ ។
បន្ទាប់ពី «សន្ធិសញ្ញាវ៉ែសហ្វេល្លីយ៉ា» Treaty of Westphalia បានបញ្ចប់សង្គ្រាម៣០ឆ្នាំនៅ ទ្វីបអឺរ៉ុបក្នុងឆ្នាំ ១៦៤៨ មានគំនិតមួយហៅថា «ប្រទេស-ជាតិ» ឬ nation-states ត្រូវបានចាប់កំណើត ឡើង ។ គំនិត «ប្រទេស-ជាតិ » នេះឱបក្រសោបគោលការណ៍ហៅថា «អធិបតេយ្យជាតិ» ឬ national sovereignty ដែលមានលក្ខណៈ ៤ យ៉ាង ៖ ១. «ដាច់ខាត» ឬ absolute ២. «គ្រប់ជ្រុងជ្រោយ» ឬ comprehensive ៣. «អចិន្ត្រៃយ» ឬ permanent និង ៤. «បំពានមិនបាន» ឬ inviolable ។
ពោលគឺចាប់ពីឆ្នាំ១៦៤៨មក អង្គភាពភូមិសាស្ដ្រ/អង្គភាពនយោបាយដែលផុសលេចឡើងបាន រៀបចំអង្គភាពខ្លួនជា «ប្រទេស-ជាតិ» ដោយឱបក្រសោបគោលការណ៍ហៅថា «អធិបតេយ្យជាតិ» ។
«អធិបតេយ្យជាតិ» ឈរនៅលើមូលដ្ឋាន «ដាច់ខាត» ឬ absolute ពោលគឺ ១០០% មិនអាចតថ្លៃបាន – មូលដ្ឋាន «គ្រប់ជ្រុងជ្រោយ» ឬ comprehensive លើផ្ទៃប្រទេសជាតិ គឺគ្របសណ្តប់អ្វីៗទាំងអស់ ទាំងមនុស្សទាំងសត្វទាំងធនធានធម្មជាតិនៅលើផ្ទៃទឹកដីរបស់គេ – មូលដ្ឋាន «អចិន្ត្រៃយ» ឬ permanent គឺមានលក្ខណៈជាអចិន្ត្រៃយ មិនមានអវត្តមាននៅពេលណាមួយទេ – ហើយនិង មូលដ្ឋាន «បំពានមិនបាន» ឬ inviolable ពោលគឺគ្មាននរណាឬប្រទេសឬអំណាចណាអាចរំលោភ លើអធិបតេយ្យជាតិរបស់ប្រជាជាតិណាមួយនៅក្នុងលោកបានឡើយ ។ ដើម្បីឱ្យងាយចាំ ខ្ញុំសូមជូន acpi ឬ «អាក់ពី» ជាពាក្យកាត់សំរាប់លក្ខណៈទាំង៤នៃគោលការណ៍អធិបតេយ្យជាតិ ។
រហូតមកដល់បច្ចុប្បន្នកាលនេះ ប្រទេសផងទាំងពួងនៅក្នុងលោកបានឱបក្រសោបគោលការណ៍ «អធិបតេយ្យជាតិ» មិនព្រមឱ្យប្រទេសណាមួយផ្សេងជ្រៀតជ្រែកឬធ្វើការរឹបសង្កត់ប៉ះពាល់ដល់ អធិបតេយ្យជាតិដែលគេដាក់ថាជាផលប្រយោជន៍ឬគោលដៅកំពូលរបស់គេទេ ។ នៅលើឆាកនយោបាយអន្តរជាតិ ប្រទេសនិមួយៗមានសម្លេងតែមួយសម្លេង ។ ប្រទេសកម្ពុជា ទោះនៅក្រោមរបបគ្រប់គ្រងនយោបាយណាមួយក៏ដោយជាប្រទេសប្រកាន់នូវគោលការណ៍អធិបតេយ្យជាតិនៅលើឆាកនយោបាយអន្តរជាតិទោះនៅសម័យរាជាណាចក្រ ឬ សាធារណៈរដ្ឋ ឬ កម្ពុជាប្រជាធិបតេយ្យ ឬ ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នក៏ដោយ ។
លក្ខណៈពេលដែលប្រទេសផ្តេកជាជួរនៃប្រព័ន្ធនយោបាយសកលបង្ហាញឱ្យឃើញ ដូចជានៅ អង្គការសហប្រជាជាតិ ប្រទេសចិនដែលមានពលរដ្ឋច្រើនជាងគេនៅក្នុងលោកមានសម្លេងតែមួយ សម្លេងស្មើរនឹងប្រទេសទូវ៉ាលូ Tuvalu ដែលមានពលរដ្ឋតែជាងមួយម៉ឺននាក់ ឬ ប្រទេសរូស្ស៊ីដែល មានទំហំធំជាងគេទាំងអស់មានសម្លេងតែមួយសម្លេងស្មើរនឹងប្រទេសទូវ៉ាលូដែលមានទំហំតែ ១០ ម៉ែលការ៉េ ដែរ ។
យ៉ាងដូច្នេះ ប្រសិទ្ធភាពនៃ «ច្បាប់អន្តរជាតិ» ត្រូវតែទីពឹងទៅលើការស្ម័គ្រចិត្តរបស់រដ្ឋនិមួយៗក្នុង ការទទួលនិងអនុលោមច្បាប់ ។ ការបង្ខិតបង្ខំទៅលើប្រទេសណាមួយឱ្យគោរព ទទួល និងអនុលោម «ច្បាប់អន្តរជាតិ» ជាកិច្ចការបន្ទាប់បន្សំតាមតែអាចធ្វើទៅបាន ដើម្បីបញ្ចុះបញ្ចូលរដ្ឋឱ្យអនុលោម តាមច្បាប់តែប៉ុណ្ណោះ ។
យ៉ាងនេះដែរបានជាបញ្ហាប្រទេសខ្មែរសព្វថ្ងៃនេះវានៅតែគាំង ពីព្រោះរបបគ្រប់គ្រងផ្តាច់ការរបស់ អតីតមេបញ្ជាការខ្មែរក្រហមហ៊ុនសែនមិនត្រឹមតែព្រហើនមិនព្រមទទួលនិងអនុលោម «ច្បាប់អន្តរជាតិ» ដែលកម្ពុជាខ្លួនឯងបានស៊ីញ៉េទទួលស្គាល់និងសន្យាថាគោរព និងអនុលោមតាម តែប៉ុណ្ណោះទេ ឥឡូវនេះដោយសារតែមានប្រទេសចិនប្រកាសជាសាធារណៈថាគាំទ្រលទ្ធិផ្តាច់ការ របស់របបគណបក្សប្រជាជនកាន់អំណាចថែមទៅទៀត មេដឹកនាំផ្តាច់ការហ៊ុនសែនបានចំអក ឡកឡឺយថា ការបោះឆ្នោតនៅខែកក្កដាខាងមុខនេះមិនចាំបាច់មានការទទួលស្គាល់ពីអន្តរជាតិទេ លោកស្រែកឡូឡាថានឹងនៅកាន់អំណាចយ៉ាងហោចណាស់១០ឆ្នាំតទៅមុខទៀត អន្តរជាតិចង់ធ្វើ អ្វីទៀតក៏សូមធ្វើតាមសប្បាយចុះ . . . ។
ក៏ប៉ុន្តែខាងភាគីខ្មែរប្រជាធិបតេយ្យនៅតែក្រាញសុំឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ឱ្យជួយ «ពង្រស់» កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឱ្យមានការអនុវត្តមាត្រានិងបដិញ្ញានៃកិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ។ ឱ ! អាន់អែមអើយ chết rồi . . .
«សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» ឆ្នាំ១៩៩១ ដែលគេហៅថា «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ នយោបាយទូលំទូលាយនៃវិវាទនៅកម្ពុជា» មានអ្នកតំណាងរដ្ឋាភិបាល១៨ប្រទេសដែលរួមទាំង ប្រទេសខ្មែរផង បានចុះហត្ថលេខាព្រមព្រៀងគ្នានៅចំពោះមុខលោកលេខាធិការអង្គការសហប្រជា ជាតិនៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ។ សន្ធិសញ្ញាឬកិច្ចព្រមព្រៀងឆ្នាំ១៩៩១នេះជាប្រភពចំបងនៃ «ច្បាប់អន្តរជាតិ» — វាជា «ច្បាប់អន្តរជាតិ» ។
«ច្បាប់អន្តរជាតិ» ឈរនៅលើគោលការណ៍មូលដ្ឋានមួយចាស់បំផុតក្នុងលោក ដែលមានចែងជា ភាសាឡាតាំងថា «Pacta sunt servanda» ដែលបកប្រែជាភាសាខ្មែរថា «កិច្ចព្រមព្រៀងត្រូវតែ រក្សាទុក» ។ ឈរទន្ទឹមនឹងគោលការណ៍គ្រឹះនេះ គេឃើញមានគោលការណ៍គ្រឹះមួយទៀតដែលមាន
ចែងជាភាសាឡាតាំងថា «Rebus sic stantibus» ដែលមានន័យថា កិច្ចព្រមព្រៀងមិនមានសុពល ភាពជាបានការទេ ប្រសិនបើមានកាលៈទេសៈកែប្រែផ្លាស់ប្តូរ ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវបានគេយកមកវិភាគនិងចុះផ្សាយជាសាធារណៈ នៅស្ទើរគ្រប់ទីកន្លែង ទាំងនៅលើក្រដាស់និងនៅតាមរយៈអ៊ិនធឺណិត មានរួមទាំងភាសាខ្មែរផង ។ ជាសង្ខេប ហត្ថលេខីទាំង ១៨ ប្រទេសបានព្រមព្រៀងគ្នាបញ្ចប់ «វិវាទ» នៅកម្ពុជា និងរៀបចំកម្ពុជា ឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ។ នៅ «រដូវ» នោះនិងនៅ «វេលា» នោះ ទាំងពិភពខ្មែរ ទាំងពិភពបរទេសសប្បាយចិត្តឥតឧបមាដោយគូវិវាទខ្មែរទាំងបួនភាគី — ភាគីខ្មែរក្រហម ភាគីខ្មែរមិនមែនកុម្មុយនិស្តមានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងក្រុមរាជា និយមហ្វុនស៊ិនប៉ិច និងភាគីលោកហ៊ុនសែន — បានព្រមព្រៀងគ្នាជាឱឡារិកទទួលស្គាល់បដិញ្ញា គ្រប់ប្រការនៃកិច្ចព្រមព្រៀងដើម្បីកសាងកម្ពុជាថ្មី ។ ខ្មែរនិងបរទេសនាំគ្នាអបអរនឹងភាសាថា កសាងកម្ពុជាថ្មីនិង «ខ្មែរផ្សះផ្សាជាតិ» ។
ក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីត្រូវបានបង្កើតនៅខែកុម្ភៈឆ្នាំ១៩៩២ នូវរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅកម្ពុជានៅក្រោមឈ្មោះ United Nations Transitional Authority in Cambodia ឬ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ដែលហៅខ្លីថា UNTAC ( «អ៊ុនតាក់» ) ដើម្បីរៀបចំកសាងប្រទេសកម្ពុជា យុត្តិធម៌និងប្រជាធិបតេយ្យ ដែលមានសិទ្ធិមនុស្សនិងនិតិរដ្ឋជា មូលដ្ឋាន ។ ដើម្បីចៀសវាងការវិលត្រឡប់នៃនយោបាយនិងទម្លាប់ប្រល័យពូជសាសន៍ អ៊ុនតាក់ ត្រូវបានទទួលបេសកកម្មច្បាស់លាស់មួយដើម្បីបង្កើតនូវ «បរិយាកាសធានាឱ្យសិទ្ធិមនុស្សអាច ដុះកើតបាន » ។
រដ្ឋាភិបាលហត្ថលេខីបានផ្តល់អាណត្តិដល់ អ៊ុនតាក់ ឱ្យបំពេញភារៈកិច្ចដូចតទៅ ៖ ១. រៀបចំនិង ត្រួតពិនិត្យការបោះឆ្នោតដោយ « សេរីនិងត្រឹមត្រូវ » (free and fair) ២. ជម្រុញតម្កើងការគោរព សិទ្ធិមនុស្ស ៣. ដឹកជញ្ជូនខ្មែរភៀសខ្លួនទៅតាំងទីលំនៅថ្មីនៅលើទឹកដីខ្មែរ ៤. ដកហូតសព្វាវុធនិង រំសាយកងទ័ពរបស់ភាគីវិវាទខ្មែរទាំងបួនភាគី ៥. បង្កើតនិតិរដ្ឋ ៦. ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើង វិញ ។
នៅក្នុងរជ្ជកាល អ៊ុនតាក់ នៅប្រទេសខ្មែរ គេបានកត់សម្គាល់ឃើញមានទាហាន ប៉ូលីស និងអ្នក រាជការរដ្ឋបាលមកពីប្រមាណជា១០០ប្រទេសចំនួនជាងពីរម៉ឺននាក់បំពេញបេសកកម្មនៅក្នុង ប្រទេសខ្មែរចំនួន ២០ ខែ ។ តាមរបាយការណ៍នានា សហគមន៍អន្តរជាតិចំណាយប្រាក់អស់ ជិតពីរពាន់លាន ឬ ពីរកោដដុល្លារ ។
នៅក្នុងការបំពេញភារៈកិច្ចដែលរដ្ឋាភិបាលហត្ថលេខីបានដាក់ឱ្យអ៊ុនតាក់ត្រូវបានគេទទួលស្គាល់ ថាបានធ្វើការល្អក្នុងការដឹកជញ្ជូនខ្មែរភៀសខ្លួនពីជំរំនានានៅតាមជាយដែនខ្មែរ-ថៃទៅតាំងទីលំនៅ ថ្មីនៅលើទឹកដីខ្មែរនិងក្នុងការរៀបចំនិងត្រួតពិនិត្យការបោះឆ្នោតឆ្នាំ១៩៩៣ ដោយ «សេរីនិង ត្រឹមត្រូវ» free and fair ។
ក៏ប៉ុន្តែយើងគួរកត់សំគាល់ថា ការបោះឆ្នោតឆ្នាំ១៩៩៣ដែលមានលក្ខណៈ «សេរីនិងត្រឹមត្រូវ» កើតមានបានក៏ដោយសារលោកហ៊ុនសែនមានជំនឿខុស មិននឹកស្មានថាពលរដ្ឋខ្មែរអ្នកបោះឆ្នោត នឹងមិនផ្តល់សន្លឹកឆ្នោតឱ្យលោកនិងបក្សប្រជាជនទេ ។ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតដោយ «សេរីនិងត្រឹមត្រូវ» ដែលត្រួតពិនិត្យដោយ អ៊ុនតាក់ មក យើងបានឃើញអតីតខ្មែរក្រហមហ៊ុនសែន បានកំញើញប្រជាជាតិខ្មែរថាលោកនឹងបន្តសង្គ្រាមបើមិនឱ្យលោកនៅកាន់អំណាចរដ្ឋទេ ។ យើងបានឃើញហើយថា អតីតខ្មែរក្រហមរូបនេះបានបញ្ជារកងទ័ពលោកនៅខែកក្កដាឆ្នាំ១៩៩៧ ឱ្យបើកការវាយប្រយុទ្ធកណ្តាលទីក្រុងភ្នំពេញធ្វើរដ្ឋប្រហារដេញបាញ់ទ្រង់ប្ញណរិទ្ធរត់ចោលស្រុក ហើយក៏ឡើងកាន់ក្តោបអំណាចទាំងស្រុង ។ តាំងពីពេលនោះមក លោកហ៊ុនសែនបានអនុវត្តយុទ្ធ សាស្ត្រគ្រប់បែបយ៉ាងដើម្បីនៅបន្តក្ដោបអំណាចទៅមុខទៀត ។ នៅឆ្នាំ២០១៧នេះ លោកបាន ប្រកាសជាសាធារណៈថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១នោះបានស្លាប់បាត់បង់ជីវិត ទៅហើយ ។
គ្មានអ្វីគួរឆ្ងល់ទេ ដែលអ៊ុនតាក់មិនបានសម្រេចក្នុងការបង្កើត «បរិយាកាសធានាឱ្យសិទ្ធិមនុស្ស អាចដុះកើតបាន» ដូចដែលប្រទេសហត្ថលេខីចង់បាននោះ ។ វប្បធម៌ខ្មែររយឆ្នាំដែលចងខ្មែរឱ្យមាន «គំនុំ» «មួយជាតិ» — ជីទួត ជីលួត ជីលា ជីតា ឪ កូន ចៅ — មិនមែនអាច «ផ្សះផ្សា» ដោយ អ៊ុនតាក់ បានឡើយ ។ នៅក្នុងភារៈកិច្ចដកហូតអាវុធយុទ្ធភណ្ឌនិងរំសាយកងទ័ពរបស់ភាគីវិវាទខ្មែរ កងទ័ព ភាគីខ្មែរក្រហមនិងកងទ័ពភាគីលោកហ៊ុនសែនមិនបានដាក់អាវុធចុះឬរំសាយទ័ពទេ ។ ផ្ទុយទៅវិញ គេឃើញមានតែកងកម្លាំងរាជានិយមនិងកងកម្លាំងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរទេដែល អបអរណាស់នឹងការបញ្ចប់ចម្បាំងហើយនិងគំនិតផ្សះផ្សាជាតិ ហើយភាគីទាំងពីរនេះថែមទាំងមិន បានបង្កើតនូវឧបសគ្គអ្វីមួយក្នុងការដាក់អាវុធនិងរំសាយកម្លាំងទ័ពឡើយ ។
នៅក្នុងភារៈកិច្ចបង្កើតនិតិរដ្ឋនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅប្រទេសកម្ពុជា អ៊ុនតាក់ មិនបានទទួលជោគជ័យទេ ។
ក៏ប៉ុន្តែតាំងពីឆ្នាំ១៩៩១ រហូតមកដល់ឆ្នាំ២០១៨នេះ ក្រុមខ្មែរប្រជាធិបតេយ្យនៅតែសង្ឃឹមថា ប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនិងសហគមន៍អន្តរជាតិនឹងជួយធ្វើ អន្តរាគមន៍ «ពង្រស់» កិច្ចព្រមព្រៀងក្នុងគោលអនុវត្តខសន្យានានាដែលមានចែងក្នុងសន្ធិសញ្ញា ឱ្យបានត្រឹមត្រូវឡើងវិញ ។
គេឃើញមានរដ្ឋាភិបាលខ្លះនិងសភាអឺរ៉ុបបានបញ្ចេញឱ្យដឹងថា គេនឹងមិនត្រឹមតែទាត់ចោលនិងមិន ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខនេះនៅប្រទេសខ្មែរដែលគ្មានគណៈបក្សសង្គ្រោះជាតិ ចូលរួមប្រជែងទេ គេនឹងដាក់សម្ពាធលើលោកហ៊ុនសែននិងរបបគ្រប់គ្រងរបស់លោកទៀត ។ ក៏ប៉ុន្តែលោកហ៊ុនសែនបានឆ្លើយតបវិញរួចមកហើយថា «សូមអញ្ជើញតាមសប្បាយ» ។
ភាពពិតវាមានកត្តាពីរដែលខ្មែរត្រូវចងចាំ ៖ ព្រឹត្តិការណ៍សកលដែលបានបញ្ចប់ «សង្គ្រាមត្រជាក់ » រវាងមហាអំណាចបានតម្រូវឱ្យមហាអំណាចទាំងអស់សំរេចកាត់ខ្សែជំនួយដល់ភាគីវិវាទខ្មែរទាំងបួន ដើម្បីបញ្ចប់ចម្បាំងនៅកម្ពុជា ។ សហរដ្ឋអាមេរិកបានផ្តាច់ជំនួយដល់បក្សរាជានិយមនិងរណសិស្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ ប្រទេសចិនបានទម្លាក់ចោលខ្មែរក្រហម ។ ប្រទេសសូវៀតដែលដក ទ័ពចេញពីប្រទេសអាហ្វហ្គានីស្តង់នៅឆ្នាំ១៩៨៩ បានតម្រូវឱ្យយៀកណាមដកទ័ពចេញពីកម្ពុជានៅ ឆ្នាំ១៩៨៩ដែរ ហើយទាំងប៉ាត្រុងសូវៀតទាំងប៉ាត្រុងយៀកណាមតម្រូវឱ្យកូនក្រករបស់ខ្លួននៅ ភ្នំពេញសុខចិត្តចូលរួមតុចរចាបញ្ចប់ចម្បាំងនៅកម្ពុជា ។
យ៉ាងដូច្នោះហើយបានជាមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ពោលគឺដល់ពេលមហាអំណាចវិចបង្វិចទៅផ្ទះគេវិញហើយ ។
កត្តាមួយទៀតដែលខ្មែរត្រូវចងចាំគឺថា បើនិយាយអំពីមាត្រានិងបដិញ្ញានៅក្នុងកិច្ចព្រមព្រៀង អាណត្តិដែលរដ្ឋាភិបាលជាហត្ថលេខីបានដាក់ទៅឱ្យ អ៊ុនតាក់ អនុវត្ត ជាអាណត្តិមហិច្ឆិតា ។ អ្វីៗដែលរដ្ឋាភិបាលជាហត្ថលេខីចង់បានគឺលើសហួសពីអ្វីដែលអាចធ្វើទៅបាន ។ ទៅសង្ឃឹមរៀបចំ ប្រទេសខ្មែរមានរដ្ឋធម្មនុញ្ញថ្មីមួយក្នុងរយៈពេលអាណត្តិ អ៊ុនតាក់ ចំនួន២០ខែឱ្យទៅជាប្រទេស ប្រកបដោយយុត្តិធម៌និងប្រជាធិបតេយ្យដែលមានសិទិ្ធមនុស្សនិងនិតិរដ្ឋជាមូលដ្ឋាន គឺប្រៀប ដូចជាសង្ឃឹមផ្កាយលើមេឃ ។ វប្បធម៌ខ្មែរដែលចាក់ប្ញសរយឆ្នាំឥតមានបានកែប្រែផ្លាស់ប្តូរ ដើម្បីរៀបចំប្រទេសកម្ពុជាមានយុត្តិធម៌និងប្រជាធិបតេយ្យដែលមានសិទ្ធិមនុស្សនិងនិតិរដ្ឋជាមូលដ្ឋាននោះឡើយ។
ដំណោះស្រាយដោយរំពឹងទៅលើបរទេសជួយជាដំណោះស្រាយ«ឆ្អឹនពាក់កណ្តាល» ជាដំណោះ ស្រាយផាត់ម្សៅដើម្បីដោះកុនមួយរយៈពេលខ្លី ។ ដំណោះស្រាយរបៀបនេះមិនអាចសង្ឃឹមបាន លទ្ធផលដែលអាចជាប់លាប់យូរបានឡើយ ។ ដំណោះស្រាយដែលអាចនៅជាប់លាប់គង់វង្សបានមានតែខ្មែរយើងទេដែលអាចបំពេញបាន ។
|
—–
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com