«វានៅមិនទាន់បានចប់ទេ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

វាមានពាក្យមួយឃ្លារបស់លោក Yogi Berra អ្នកចាប់បាល់ដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ កីឡា បេស្បល វាយកូនបាល់នឹងដំបង ដែលអ្នកផងទាំងពួងគេនិយមយកមកប្រើនៅពេល សន្ទនាគ្នា ៖ ល្បែងកីឡា «វានៅមិនទាន់បានចប់ទេលុះត្រាណាតែដល់ពេលវាចប់» ឬ «It ain’t over till it’s over» ។ ហើយក៏មានពាក្យសំដីមួយឃ្លាទៀតដែរដែលខ្ញុំបានយកមកចុះ បន្តនៅក្នុងអត្ថបទរបស់ខ្ញុំ ស្តីពីអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់នៅក្នុងខ្សែភាពយន្ត Best Exotic Marigold Hotel ដែលគាត់បានទទូចប្រាប់ភ្ញៀវសណ្ឋាគារថា កុំឱ្យខ្វល់ច្រើនពេកពីព្រោះ      «អ្វីៗក៏នឹងបានប្រសើរល្អនៅទីបញ្ចប់ តែបើវាមិនទាន់បានប្រសើរល្អទេ (នៅពេលនេះ ) គឺមកពីវាមិនទាន់បានដល់ទីបញ្ចប់» ។

ខ្ញុំមានរឿងពីរដែលខ្ញុំសូមលើកមកជំរាបជូនអ្នកអាននៅក្នុងអត្ថបទនៅថ្ងៃនេះ ។ រឿងទីមួយ បានកើតឡើងក្នុងខែមីនា២០១៣ រឿងទីពីរក្នុងខែមីនាឆ្នាំ២០១៨ ។ រឿងទាំងពីរនេះបង្ហាញ អំពីរូបភាពនៃប្រទេសកម្ពុជាអាឡា ហ្ចរ៏ច អ័រវែល ដូចមានសរសេរនៅក្នុងអត្ថបទរបស់ ខ្ញុំក្រោមចំណងជើង «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលបានចែកផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅនេះ ស្តីអំពីជីវិតស្ថិតនៅក្រោមអំណាចផ្តាច់ការ ។ 1984 ជាប្រលោមលោក

និពន្ធដោយលោក ហ្ចរ៏ច អ័រវែល ដែលបានបោះពុម្ភផ្សាយនៅ ឆ្នាំ១៩៤៩ ។

នៅដើមខែមីនានេះ ខ្ញុំបានទទួលអ៊ីមែលមួយពីអ្នកអានបរទេសម្នាក់ប្រាប់ខ្ញុំថា គាត់ទើប នឹងបានបណ្តែតជាថ្មីនូវអត្ថបទរបស់ខ្ញុំមួយជាភាសាអង់គ្លេស «From Ramvong circle dance to Hun Sen Ayai» ឬ «ពីរាំវង់ទៅអាយ៉ៃហ៊ុនសែន» ចុះផ្សាយដោយ «គណៈកម្មការសិទ្ធិមនុស្សអាស៊ី» (AHRC) នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០១៣ ។ គាត់បាន ភ្ជាប់ជាមួយនូវការបង្ហោះតាមធ្វីតទ័ររបស់អតីតនិពន្ធនាយករបស់កាសែត «ខាំបូឌ្យ៉ាដេលី» លោក ខេវិន ដ័ល https://twitter.com/doyle_kevin/status/969545418639073280 ដែលមានភ្ជាប់តំណ

ទៅយូធូប  https://www.youtube.com/watch?v=M8TXvZhnLKs&feature=youtu.be

បង្ហាញវីដេអូ «រាំវង់ជាមួយតារារៃមាស» ។ គាត់ថា វីដេអូ រាំវង់ នោះជាឧទាហណ៍សំរាប់ ជូនអ្នកដែលមិនធ្លាប់បានស្គាល់ពាក្យ «រាំវង់នយោបាយ» ដែលខ្ញុំបានច្នៃប្រឌិតឡើងហើយ បានប្រើប្រាស់វាជាច្រើនឆ្នាំមកហើយ ។

ដោយខ្ញុំចង់ដឹងផងនិងឆ្ងល់ផងថា ហេតុអ្វីបានជាគាត់យកអត្ថបទដែលខ្ញុំបានសរសេរ ផ្សាយប្រាំឆ្នាំមកហើយនោះមកបង្ហោះឡើងវិញ ខ្ញុំក៏ចុចតំណអ៊ីមែលហើយអានអត្ថបទ ចាស់ឡើងវិញដោយសតិអារម្មណ៍ខ្ញុំបានគួចទៅលើអត្ថបទ «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលខ្ញុំបានសរសេរនិងចែកផ្សាយនៅចុងខែមុននេះ ។ ខ្ញុំបានឃើញថា អ្វីៗដែលលោក ហ្ចរ៍ច អ័រវែល George Orwell បានសរសេរជាង៧០ឆ្នាំមកហើយនោះ វានៅរស់យ៉ាង ក្រឡែតដូចខ្ញុំបានសរសេរក្នុងអត្ថបទឆ្នាំ២០១៣ អំពីរដ្ឋាភិបាលខ្មែរ à la អ័រវែលដែលចាប់ អារម្មណ៍តែទៅលើការប្រមូលអំណាចនិងប្រើក្រសួងសច្ចះ Ministry of Truth ដើម្បីត្រួតត្រា ការពិតនិងប្រឌិតក្រឡៃ ព័ត៌មានសំរាប់ការឃោសនានិងកែប្រែប្រវត្តិសាស្ត្រជាថ្មីឡើងវិញ ឱ្យគាំទ្ររបៀបវារៈនិងនយោបាយរបស់គណៈបក្ស ។ កត្តាមួយដែលគួរឱ្យចាប់អារម្មណ៍ គឺអ្វីៗនៅក្នុងអត្ថបទខែមីនាឆ្នាំ២០១៣របស់ខ្ញុំ វាបានផុសកើតឡើងជាថ្មីម្ដងទៀតនៅខែ មីនាឆ្នាំ២០១៨ នេះ — ទាំងពីរលើកគឺនៅប៉ុន្មានខែមុនការបោះឆ្នោតនៅស្រុកខ្មែរ ។

រួចខ្ញុំក៏បានចុចតំណទៅយូធូប ហើយខ្ញុំអង្គុយមើលនិងស្តាប់ចំរៀងកំដរអារម្មណ៍របាំ  «រាំវង់ជាមួយតារារៃមាស» ដោយគោះជើងស្រាលៗដោយមិនដឹងខ្លួនទៅតាមចង្វាក់រាំវង់ និងបណ្តែតអារម្មណ៍ទៅដល់ពាក្យ «រាំវង់នយោបាយ» ។

ប្រសិនបើវាជាទម្លាប់ខ្មែរមួយគឺមិនចូលចិត្តអាន — ជាពិសេសមិនចូលចិត្តអានអ្វីដែលតម្រូវ ឱ្យគេប្រើខួរក្បាល គិតត្រិះរិះពិចារណា — ខ្ញុំក៏មិនអាចដឹងបានថា តើមានខ្មែរអ្នកអានប៉ុន្មាន នាក់ដែលបានអានអត្ថបទ «ពីរាំវង់ទៅអាយ៉ៃហ៊ុនសែន» ដែរ ។ បរមគ្រូ ខុង ជឺ (៥៥១ មុន គ.ស.-៤៧៩ មុនគ.ស. ) នៃប្រទេសចិនបុរាណបានរំឮករួចមកហើយថា «អ្នកមិនអាចបើក សៀវភៅដោយឥតបានរៀនអ្វីខ្លះសោះ (ពីសៀវភៅ ) នោះឡើយ» ។ រីឯអតីតសាស្ត្រាចារ្យ ហិនរី ស្ទៀល កុម្មេហ្ច័រ Henry Steele Commager (១៩០២-១៩៩៨ ) ក៏បានរំឮកដែរថា « ការអប់រំជាការសំខាន់ណាស់សំរាប់ការកែប្រែផ្លាស់ប្តូរ ពីព្រោះការអប់រំវាបង្កើតនូវចំណង់ ចំណូលចិត្តរបស់បុគ្គលយើងឱ្យចង់បានអ្វីថ្មីផង និងបណ្តុះបណ្តាលបង្កើតសមត្ថភាពឱ្យ បុគ្គលយើងអាចបំពេញចំណង់ចំណូលចិត្តទាំងនោះផង » ។

ប៉ុន្មានថ្ងៃក្រោយពីបានទទួលអ៊ីមែលអំពីការបង្ហោះជាថ្មីនូវអត្ថបទខែមីនា២០១៣មក នៅថ្ងៃទី៧ខែមីនានេះ បណ្ដាញព័ត៌មានមួយនៅកម្ពុជា — ដែលទាំងខ្មែរទាំងបរទេសបាន ប្រកាន់ថាជា «ដុំមាត់» ឬ mouthpiece ពោលគឺជាអ្នកនាំពាក្យ (របស់រដ្ឋាភិបាលភ្នំពេញ) — ហៅ     «ហ្វ្រែស នូស៍» Fresh News (បកប្រែជាភាសាខ្មែរថា «ព័ត៌មានស្រស់ៗ» ឬព័ត៌មាន ថ្មីៗ ) — បានសរសេរជា Top News ឬ ព័ត៌មានកំពូលធ្វើឱ្យមានការឆោឡោព្រោះវាបានទាក់ ទាញអារម្មណ៍អ្នកអានតាមចំណងជើងថា «អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទង្វើក្បត់ជាតិ ដ៍ធ្ងន់ធ្ងររបស់លោក សម សង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ខេត្ត៤ឱ្យវៀតណាមប្រឈម នឹងជាប់គុកអស់មួយជីវិត (Video inside) » ។

មួយរំពេចនោះ ខ្ញុំបានធ្វើការ «យោង ព្យួរ ត ភ្ជាប់» ការគិតរបស់ខ្ញុំ — គឺអត្ថបទខែមីនា ឆ្នាំ២០១៣ + Top News របស់ «ហ្វ្រែស នូស៍» ខែមីនាឆ្នាំ២០១៨ = «ដប់ប្រាំបួន-ប៉ែតសិបបួន» ឬ ប្រទេសកម្ពុជា à la ហ្ចរ៍ច អ័រវែល ។

លោក ហ៊ុនសែន នៅមុនពេលបោះឆ្នោតឆ្នាំ២០១៨ វាគ្មានអ្វីខុសពីលោក ហ៊ុនសែន នៅមុនពេលបោះឆ្នោតឆ្នាំ២០១៣ ទេ ។

************

ខ្ញុំបានសរសេរក្នុងអត្ថបទឆ្នាំ២០១៣ ថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានក្បត់នឹងពាក្យ ស្បថស្បែដែលលោកបានធ្វើនៅចំពោះមុខព្រះបរមសពអតីតព្រះវីរះមហាក្សត្រខ្មែរថា លោកនឹងនៅតែជាអ្នកការពាររាជាធិបតេយ្យដោយស្មោះត្រង់ ។ នៅក្នុងកំឡុងពេលប្រទេស ជាតិកាន់ទុក្ខព្រះវីរះមហាក្សត្រ លោកហ៊ុនសែនបានអនុញ្ញាតឱ្យឱកាសមាសរបូតទៅ ដោយលោកមិនបានអនុវត្តបំណងចុងក្រោយរបស់ព្រះអង្គ ពោលគឺព្រះអង្គបួងសួងឱ្យ ប្រជាពលរដ្ឋខ្មែរទាំងនគរស្វែងរកសាមគ្គីភាពនិងភាពសុខដុមរមនាជាមួយគ្នា ។

នៅឱកាសនោះ លោកហ៊ុនសែនអាចលើកលែងទោសដល់លោក ម៉មសូណង់ដូ អាយុ៧១ ឆ្នាំ ជាម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ សំបុកឃ្មុំ ដែលត្រូវបានគេផ្តន្ទាទោសដាក់គុក២០ឆ្នាំ ពីបទ  «អបគមន៍» secession — តែអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានកំណត់ថាលោកជា «អ្នកទោសមនសិការ» ទេ ។ លោកហ៊ុនសែនក៏អាចអនុញ្ញាតបាន ដែរឱ្យលោកសម រង្ស៊ី អាយុ ៦៥ឆ្នាំ មេដឹកនាំគណៈបក្សជំទាស់ ដែលត្រូវបានជាប់ចោទពី បទឧក្រិដ្ឋកម្ម — តែអ្នកសង្កេតការបានហៅ ការចោទប្រកាន់នោះថា ជាការចោទប្រកាន់ ដោយមានហេតុផលនយោបាយ — ឱ្យបានវិលត្រឡប់ទៅប្រទេសខ្មែរវិញ ។

ការបើកសិទ្ធិឱ្យលោក ម៉មសូណង់ដូ និងលោក សមរង្ស៊ី ចូលរួមក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា២០១៣ អាចផ្តល់នូវការកោតសរសើរនិងការដឹងគុណជាក្រៃលែង ដល់លោកហ៊ុនសែន តែលោកមិនព្រមធ្វើ ។ មិនមែនថាលោក ហ៊ុនសែនជាមនុស្សល្ងីល្ងើទេ លោកជាមនុស្សឆ្លាត ចេះបូក ចេះសង ។ នៅឆ្នាំ២០១៣ លោកមានអាយុ៦០ឆ្នាំ តែលោក បានស្រែកក្ដែងៗថា លោកនៅចង់បន្តកាន់អំណាចរហូតដល់អាយុ៩០ ហើយលោកបានខំ ប្រឹងស្ថាបនាសន្តតិវង្សដែលមានសមាជិកគ្រួសារ មិត្តភក្ដិ និងក្រុមអាម៉ាតហែរហម ។ បញ្ហាធំរបស់លោកហ៊ុនសែនគឺលោកចង់នៅកាន់អំណាចតទៅទៀត លោកចង់បានលោក ម៉មសូណង់ដូ និងលោក សមរង្ស៊ី ធ្វើជាធម្មានុរូបកម្មជ័យជំនះរបស់លោកថាត្រឹមត្រូវតាម ច្បាប់ — ជ័យជំនះដែលលោកត្រូវតែបានទទួលនោះទោះបីដោយត្រឹមត្រូវឬដោយគៃបន្លំ ក៏ដោយ ។ លោកហ៊ុនសែន à la អ័រវែល ត្រូវការលោក ម៉មសូណង់ដូ និងលោក សមរង្ស៊ី ផ្តល់ OSC (obey ឬគោរពប្រតិបត្តិ  submit ឬចំណុះចុះចូល cooperate ឬធ្វើសហ

ប្រតិបត្តិការ — សូមអានអត្តបទ «ដប់ប្រាំបួន-ប៉ែតសិបបួន») ជូនលោកនិងគណៈបក្ស ប្រជាជន ។

នៅដើមខែមីនា២០១៣ លោកហ៊ុនសែនបានបញ្ចូលក្បាច់ថ្មីទៅក្នុងរបាំរាំវង់នយោបាយ៖    រដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់លោក ម៉មសូណង់ដូ ពីបទបះបោរ និងញុះញង់ឱ្យ ចាប់អាវុធប្រឆាំងនឹងរដ្ឋអំណាច តែនៅរក្សាទុកការចោទប្រកាន់មិនសូវសំខាន់ពីរ គឺការធ្វើ ឱ្យស្ទះដំណើរមន្ត្រីសាធារណៈនិងការជ្រៀតជ្រែកក្នុងការបំពេញកាតព្វកិច្ចសាធារណៈ ។ រឿងមួយចម្លែកគឺគេបានបន្ថែមការចោទប្រកាន់ថ្មីមួយទៀត គឺការកាប់ឈើខុសច្បាប់ព្រៃ ឈើឆ្នាំ ២០០២របស់កម្ពុជា ​។

លោកហ៊ុនសែនដឹងច្បាស់ថា  ការដោះលែងលោក ម៉មសូណង់ដូ នៅមុនពេលការបោះ ឆ្នោតនឹងផ្តល់នូវ «រូបភាពល្អ» ដល់គណៈបក្សប្រជាជន ។ បញ្ហាគឺ លោក ម៉មសូណង់ដូ នឹងនៅតែជា «វីរជនដែលមិនចេះខ្លាចសោះ» ក្នុងរវ្វង់កែវភ្នែកពលរដ្ឋខ្មែរជាច្រើននាក់ ដែលអាចអនុញ្ញាតឱ្យបុគ្គលមានប្រជាប្រិយភាពរូបនេះប្រមូលបានសន្លឹកឆ្នោតឱ្យគណៈ បក្សសង្គ្រោះជាតិ ។ ចំណែកលោក សម រង្ស៊ី វិញ ទោះបីជាលោកនៅក្រៅឬនៅក្នុងស្រុក រដ្ឋាភិបាលខ្មែរអ័រវែលគេបានរៀបចំគ្រប់សព្វឱ្យគណៈបក្សប្រជាជនត្រូវតែបានឈ្នះការបោះឆ្នោត ។

លោកហ៊ុនសែននិងគណៈបក្សប្រជាជនធ្លាប់មានការភ្ញាក់ផ្អើលម្ដងពីមុនរួចមកហើយ ដោយសារជ័យជំនះរបស់ក្រុមរាជានិយមនៅក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលដឹកនាំដោយសហគមន៍អន្តរជាតិក្នុងឆ្នាំ១៩៩៣ ។ ចូលឆ្នាំ២០១៣ លោកនិងគណៈបក្ស ត្រូវតែភ័យព្រួយមិនស្ទើរអំពីការបោះឆ្នោតសេរីនិងយុត្តិធម៌ ។

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដើម្បីបញ្ចប់សោកនាដកម្មខ្មែរ បានធានាថា ពលរដ្ឋខ្មែរទាំងអស់ត្រូវមាន «សិទ្ធិ សេរីភាព និងឱកាសដូចគ្នាដើម្បីចូលរួមក្នុងដំណើរ ការបោះឆ្នោត»។

នៅដើមខែមីនា ២០១៣ លោកហ៊ុនសែនបានបញ្ចញសិល្បៈប្រពៃណីខ្មែរប្រជាប្រិយថ្មី មួយទៅក្នុងការសន្ទនានយោបាយ គឺអាយ៉ៃឆ្លងឆ្លើយពោរពេញទៅដោយពាក្យពេចន៍ នៃការសន្ទនាគ្នាដោយអ្នកចម្រៀងដែលប្រើពាក្យសំដីប្រមាថឈ្លាសវៃដាក់គ្នាទៅវិញទៅ មក ។ នៅមិនទាំងទាន់ដល់ពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតផង — ដែលត្រូវចាប់ ផ្តើមពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី២៦ ខែកក្កដា — នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ ដែលឧបត្ថម្ភដោយប្រទេសចិននៅកំពង់ចាម លោកហ៊ុនសែនបានព្រមានប្រាប់អ្នកចូលរួម ក្នុងពិធីចំនួន ៤០០០ នាក់ថា «នៅពេលបោះឆ្នោត ប្រសិនបើប្រជាពលរដ្ឋមិនបោះឆ្នោតឱ្យ គណៈបក្សប្រជាជនទេនោះ យើងនឹងខកចិត្តហើយ … គម្រោងសាងសង់ទាំងអស់នេះនឹង ត្រូវលុបចេញ … សូម្បីតែគម្រោងការបូមទឹកទៅកសិដ្ឋានដែលស្ងួតឥតមានទឹកក៏ដោយ» ហើយលោកនឹងបំផ្លាញចោលអាគារនានាទាំងឡាយដែលមានដាក់ឈ្មោះលោក ដោយទាំងបានព្រមានព្រះសង្ឃថា «នឹងមិនមានបុណ្យកថិនទៀតទេ» ។ នៅពេលដែលលោកនាយករដ្ឋមន្ត្រីបានប្រើពាក្យសំដីមើលងាយដល់គណៈបក្សជំទាស់ថាមិនដែលបានធ្វើអ្វីសោះឡើយជូនប្រជាពលរដ្ឋ គណៈបក្សសង្គ្រោះជាតិបានបញ្ចេញនូវ កម្មវិធីប្រាំពីរចំណុចប្រាប់អ្នកបោះឆ្នោតថារាជរដ្ឋាភិបាលដឹកនាំដោយគណៈបក្សសង្គ្រោះជាតិសន្យានឹងធ្វើជូនប្រជាពលរដ្ឋ៖

១. ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ
២. កម្មករទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
៣. មន្រ្តីរាជការទទួលបានប្រាក់ខែទាបបំផុត ១លានរៀល ក្នុង១ខែ
៤. កសិករទទួលបានការធានាតម្លៃកសិផល (ស្រូវទាបបំផុត ១០០០៛/kg)
៥. ប្រជាពលរដ្ឋក្រីក្រទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
៦. យុវជនទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ
៧. បញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ជុះអត្រាការប្រាក់

តើការសន្យាទាំងនេះអាចបំពេញបានដែរឬទេ? ចម្លើយគឺ ចំណុចទាំងប្រាំពីរនេះអាច អនុវត្តទៅបាន ៖ វេទិការរបស់គណៈបក្សសង្គ្រោះជាតិមានលក្ខណៈ ប្រាកដនិងហេតុ ផលនិយម pragmatic ហើយប្រាក់ដែលបានសន្យានោះមិនមែនមិនសមហេតុផលទេ គឺជាការសន្យាដែលអាចធ្វើទៅបានស្របតាម«យន្តការ» mechanisms ក្នុងការបំពេញ ពាក្យសន្យាក្នុងចំណុចទាំងប្រាំពីរនោះ ពោលគឺ ប្រាក់ចំណូលបានមកពីគោលនយោបាយ ពន្ធដារ ដែលគ្មានអ្វីលាក់បាំង ពីការកាត់បន្ថយអំពើពុករលួយ ពីវិស័យទេសចរណ៍ ពីសម្បទានដីសេដ្ឋកិច្ច Economic Land Concessions ពីការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព នៃធនធានធម្មជាតិ ។ មានមិត្តភត្តិខ្ញុំម្នាក់បានប្រាប់ខ្ញុំថា មន្រ្តីគណៈបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក៏ «ប្រហែលជាយល់ស្របដែរថា កម្មវិធីរបស់គណៈបក្សសង្គ្រោះជាតិ អាចធ្វើទៅបាន ។ នេះហើយជាហេតុមួយដែលគួរធ្វើឱ្យលោកហ៊ុន សែនកើតមាន ការភ័យបារម្ភជាខ្លាំង … » ។

នៅក្នុងគោលវាយបំបែកខ្មែរដែលជំទាស់នឹងរបបផ្តាច់ការ រដ្ឋាភិបាលខ្មែរអ័រវែលបាន ណែនាំបណ្តាញព័ត៌មាន CEN News នៅកម្ពុជាដែលជាសម្ព័ន្ធភាពរបស់គណៈបក្ស ប្រជាជនឱ្យបញ្ចេញអត្ថបទមួយនិពន្ធដោយ «រតនៈ» ចុះថ្ងៃទី១០ខែមីនាចោទប្រកាន់ សម្តេចក្រុមព្រះទ្រង់ នរោត្តមឬណរិទ្ធ ថាបានចូលរួមក្នុងគណៈបក្សសង្គ្រោះជាតិកម្ពុជា ដោយសំអាងថាគេបានទទួលព័ត៌មានពី «ប្រភពនានាក្នុងគណៈបក្សសង្គ្រោះជាតិ» ជាពិសេសថាទ្រង់ ឬណរិទ្ធ នឹងត្រូវបានតែងតាំងជាប្រធានកិត្តិយសរបស់គណៈបក្ស សង្គ្រោះជាតិនៅឱកាសសមាជគណៈបក្សនៅថ្ងៃទី៧ខែមេសាឆ្នាំ២០១៣ ។ ប៉ុន្មានម៉ោង ក្រោយមកទៀត CEN News បានចេញផ្សាយអត្ថបទមួយទៀតដោយ «រតនៈ» សរសេរថា «គណៈបក្សហ៊្វុនស៊ិនប៉ិចបានដាក់ពាក្យប្តឹង (ទ្រង់ឬណរិទ្ធ) អំពីការលួចនិងលក់ ឧទ្ធម្ភាគចក្រ (MI-17) មួយគ្រឿង» ដែលជាកម្មសិទ្ធិរបស់គណៈបក្សហ៊្វុនស៊ីនប៉ិច ។

យ៉ាងនេះ ក្រុមខ្មែរជំទាស់ត្រូវតែឈ្លោះគ្នា ។ ក៏ប៉ុន្តែលោក សម រង្ស៊ី បានប្រញាប់ប្រញាល់

បដិសេធថា ទ្រង់ ឬណរិទ្ធ បានចូលរួមក្នុងគណៈបក្សសង្គ្រោះជាតិ រីឯសមាជិកជាន់ខ្ពស់នៃ ព្រះរាជវង្សនៅរាជធានីភ្នំពេញក៏បានបដិសេធថា មានពាក្យបណ្តឹងចោទប្រកាន់ទ្រង់ ឬណរិទ្ធ ហើយគណៈបក្សហ៊្វុនស៊ិនប៉ិចបានបញ្ចេញការ «គំរាមកំហែងក្នុងបណ្តឹងមួយ» ហាមទ្រង់ ឬណរិទ្ធ ចូលរួមក្នុងគណៈបក្សសង្គ្រោះជាតិ ។ កាសែត Cambodia Herald បានផ្សាយការអះអាងរបស់លោក ប៉ែនសង្ហា អ្នកនាំពាក្យរបស់ទ្រង់ ឬណរិទ្ធ ថាទ្រង់ ឬណរិទ្ធ បានលាលែងចេញពីឆាកនយោបាយហើយ ហើយក៏គ្មាន «ករណីប្តឹងផ្តល់» ឯណាទាក់ទងនឹងការលក់ឧទ្ធម្ភាគចក្រដែរ ។

CEN News ដែលជាសម្ព័ន្ធភាពរបស់គណៈបក្សប្រជាជន បានផ្សាយអត្ថបទដែលគេបាន ប្រឌិតក្នុងគោលបំណងអ្វីមួយ ។ តើវាអាចមានផ្សែងហុយដោយគ្មានភ្លើងដែរឬទេ? មិត្តភក្តិជាតិអង់គ្លេសរបស់ខ្ញុំម្នាក់បានសួរខ្ញុំថា តើខ្ញុំអាចជឿបានឬទេថារឿងរ៉ាវជំពាក់ជំពិន នឹងទ្រង់ ឬណរិទ្ធ ជារឿង «stalking horse» ពោលគឺ មានអ្នកប្រមាញ់លាក់បាំងខ្លួននៅពេល គេរៀបចំបាញ់សម្លាប់សត្វព្រៃ ?

របាំរំាវង់នយោបាយនិងអាយ៉ៃឆ្លងឆ្លើយនៅបន្តជាយូរទៅមុខទៀត ៖ «វានៅមិនទាន់បានចប់ទេ» ។

************
ចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នេះ វានៅសល់តែប៉ុន្មានខែទៀតទេ វានឹងឈានដល់ពេល បោះឆ្នោតហើយ រដ្ឋាភិបាលខ្មែរ à la អ័រវែលដែលបានបញ្ចេញ CEN News ក្នុងឆ្នាំ ២០១៣ ឱ្យក្រឡុកក្រុមខ្មែរជំទាស់ដោយផ្សព្វផ្សាយព័ត៌មានដែលរំភើបអារម្មណ៍និងដែលជម្រុញ ដោយហេតុផលនយោបាយ នៅឆ្នាំ២០១៨ «ហ្វ្រែស នូស៍» ក៏បានចេញដើរតួម្តងវិញ ។

បណ្តាញ «ហ្វ្រែស នូស៍» បានផ្សាយសេចក្តី «បញ្ជាក់» ដោយ លោក គឹម សន្តិភាព ជាអ្នកនាំ ពាក្យក្រសួងយុត្តិធម៌ អំពី «ទង្វើខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានចុះកិច្ចព្រម ព្រៀង . . . ជាមួយ លោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) កាលពីឆ្នាំ២០១៣ . . .  នៅសហរដ្ឋអាមេរិក និងហ្វីលីពីន ដោយសន្យាកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះរបស់ខ្មែរឱ្យទៅវៀតណាមគ្រប់គ្រងនៅពេលគណៈបក្ស ប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស ។» បន្ថែមទៅលើសម្រង់ពាក្យរបស់លោក គឹម សន្តិភាព «ហ្វ្រែស នូស៍» បានចោទប្រកាន់ថា «សូមបញ្ជាក់ថា នៅក្នុងវីដេអូចុះហត្ថលេខានោះ លោក សមរង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាល កម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យទៅវៀតណាមជនជាតិ ភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព ។ (សូមមើលវីដេអូ និង ឯកសារភ្ជាប់ខាងក្រោមនេះ )។ »

«ហ្វ្រែស នូស៍» បានបន្តទៀតថា «សូមជំរាបថា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងអះអាងប្រាប់បណ្តាញ ព័ត៌មាន Fresh News តាមទូរស័ព្ទឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការ តាមផ្លូវវៀតណាមនេះធ្វើឡើងនៅពេលគណៈបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស ។»

កាសែត «ខ្មែរ ថែមស៍» និង កាសែត «ភ្នំពេញប៉ុស្តិ៍» បានសរសេរផ្សាយអំពី វីដេអូឃ្លីប មួយដែលលោក Rithy Erng បានបង្ហើរនៅក្នុង ហ្វេស៍ប៊ុក ។ កាសែត   «ខ្មែរ ថែមស៍» បានសរសេរចម្លងពាក្យសំដីរបស់លោក Rithy Erng ។

នៅលើទំព័រ ហ្វេសប៊ុក លោក Rithy Erng បានសរសេរថា «នៅក្នុង វីដេអូ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបានកម្ពុជា លោកនឹង កាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់ គ្រងខេត្តទាំងបួននោះដោយស្វ័យភាព» ។ ពាក្យសំដីរបស់លោក Rithy Erng ត្រូវបាន  «ហ្វ្រែស នូស៍» គេយកមកផ្សាយបន្ត ។

ក៏ប៉ុន្តែវិទ្យុអាស៊ីសេរីបានធ្វើអត្ថាធិប្បាយលើរលកធាតុអាកាសគេថា វីដេអូឃ្លីបដែលត្រូវបាន ផ្សព្វផ្សាយលាន់រំពងនោះមានប្រវែងតែ «ជាង ១ នាទី» ទេ ហើយនៅក្នុងវីដេអូឃ្លីបនោះ     «លោក សម រង្ស៊ី មានប្រសាសន៍ថា នៅពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលថ្មីរបស់លោកនឹងធានាដើម្បីឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារស់នៅដោយ សេរីភាព ហើយព្រៃភ្នំ ដី ដែលជាកម្មសិទ្ធិរបស់ពួកគាត់កាន់កាប់យូរមកហើយនៅខែត្រ មួយចំនួនក្នុងភាគឦសាននោះ រដ្ឋាភិបាលថ្មីរបស់លោកនឹងដកហូតពីអាជ្ញាធរដែល អភិវឌ្ឍ រំលោភយកដីរបស់ពួកគាត់នោះប្រគល់ជូនពួកគាត់វិញ ។ » ចុះវាយ៉ាងម្តេចបាន ជាមើលវីដេអូឃ្លីបដូចគ្នានិយាយខុសគ្នាម្លឹងៗ ? លោក អ័រវែល គាត់អាចពន្យល់ថា ក្រសួងសច្ចៈគេធ្វើតែយ៉ាងហ្នឹងឯង ។

កាសែត «ភ្នំពេញប៉ុស្តិ៍» ដែលបានកត់សំគាល់ថា គឺបណ្តាញព័ត៌មានហ្វ្រែស នូស៍ដែលបាន បកប្រែវីដេអូថាលោក សម រង្ស៊ី បានប្តេជ្ញាកាត់ខេត្តខ្មែរទាំងបួនចេញពីកម្ពុជា ក៏បាន សរសេរថែមទៀតថា «វីដេអូវែងមួយទៀតដែលបានថតនៅឆ្នាំ២០១៣ នាឱកាសពិធីស៊ីញ៉េ (កិច្ចព្រមព្រៀង) ជាមួយ កុក ស មិនបានបង្ហាញឱ្យឃើញថា លោក សម រង្ស៊ី បានសន្យា កាត់ខេត្តទាំងបួន ឬក៏សន្យាប្រគល់ឯករាជ្យភាពដែរ» ។

សរុបសេចក្តីមក កាលពីខែមីនាឆ្នាំ២០១៣ ប៉ុន្មានខែមុនពេលបោះឆ្នោត CEN News ជាអ្នកជម្រុញរបាំរាំវង់នយោបាយនិងអាយ៉ៃឆ្លងឆ្លើយតាមចំណង់របស់លោក ហ៊ុនសែន ។ ចូលឆ្នាំ២០១៨ នៅពេលប៉ុន្មានខែមុនពេលបោះឆ្នោត Fresh News ជាអ្នកជម្រុញម្តង ។ វានឹងមានព័ត៌មានដែលរំភើបអារម្មណ៍និងដែលជម្រុញដោយហេតុផលនយោបាយជា ច្រើនទៀតដែលនឹងលេចឮឡើង ។ ក្រុមខ្មែរប្រជាធិបតេយ្យត្រូវរក្សាភាពអត់ធ្មត់ហើយកុំរហ័សធ្វើការសន្និដ្ឋានភ្លាមៗពេក ។ របាំរាំវង់និងអាយ៉ៃឆ្លងឆ្លើយនឹងនៅបន្តជាយូរទៅមុខទៀត ។ កុំភ្លេចថា «វានៅមិនទាន់ បានចប់ទេ» ។

ខ្ញុំសូមបញ្ចប់អត្ថបទនេះដោយសូមរំឮកថា នៅប្រទេសកម្ពុជាយើង អ្វីៗដែលយើងមិនរំពឹង ថានឹងអាចកើតមានបានក៏បែរជាបានកើតមានឡើង ហើយអ្វីៗដែលយើងគិតថាវាអញ្ចឹង ហើយ ក៏មិនចាំបាច់ថាជាពិតដែរ ។ ទោះម្តេចក្តី របបខ្មែរបច្ចុប្បន្ន ដែលមិនបានបំរើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋខ្មែរមិនអាចរស់រាននៅយូរបានទេ ហើយរបបផ្តាច់ការនៅកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរជាច្រើនលើសលប់គេជិនឆ្អន់ស្អប់ខ្ពើមក៏នឹងត្រូវតែរលំ ។ បើមិនជឿទេ សូមអនុញ្ញាត្តិឱ្យមានការបោះឆ្នោតដោយសេរីនិងដោយត្រឹមត្រូវ ខ្មែរអ្នកបោះឆ្នោតនឹង បង្ហាញនូវឆន្ទះរបស់ពួកគេឱ្យពិភពលោកបានឃើញ ។

តែមានគំនិតមួយទៀតដែលបដិសេធមិនបាន គឺថានៅក្នុងលោកយើងនេះ វាជាធម្មជាតិ មនុស្សត្រូវការចង់បានសិទ្ធិ សេរីភាព និងសភាពថ្លៃថ្នូរ ដូច្នេះរបបផ្តាច់ការនៅទីណាក៏មិន អាចរារាំងនឹងចំណង់ដែលជាធម្មជាតិមនុស្សបានដែរ បើរារាំងនឹងមានអ្វីមួយផ្ទុះឡើងជា មិនខាន ។ របបគ្រប់គ្រងខ្មែរ à la អ័រវែលត្រូវតែចងចាំថា មានបុគ្គលខ្មែរ វិនស្តុន ស្ម៊ីសត៍ ច្រើនណាស់នៅក្នុងរបបគ្រប់គ្រងនេះ អ្នកមុខអ្នកការទាំងស៊ីវិលទាំងយោធាមិនមែនសុទ្ធ តែស្មោះត្រង់នឹង «បងធំ» ហើយមានប្រជាពលរដ្ឋខ្មែរប្រមាណជា ៨០% ដែលចង់ឱ្យមាន ការកែប្រែផ្លាស់ប្តូរនៅកម្ពុជា ។ ក្រុមខ្មែរប្រជាធិបតេយ្យត្រូវតែផ្តោតចិត្តទុកដាក់ដោយស៊ីវិល័យនិងដោយការប្តេជ្ញាចិត្ត ។

យើងត្រូវចងចាំថា ការប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពាននឹងមិនមែនត្រូវបានចប់ដោយ សារមានការបោះឆ្នោត ឬ បន្ទាប់ពីមានការបោះឆ្នោតនោះទេ ។

 

លោក ធីអូដ័រ រ៉ូហ្សឺវែល (Theodore Roosevelt)
អតីតប្រធានាធិបតីអាមេរិកាំងទី២៦ (១៩០១-១៩០៩)«ភាពក្លាហានមិនមែនជាភាពឥតមានការភ័យខ្លាចទេ
ភាពក្លាហានគឺជម្រើសអ្វីមួយផ្សេងទៀតដែលធំជាងការភ័យខ្លាចនោះ» ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com