«រៀនអំពីប្រវត្តិសាស្ត្រតាមរូបភាព»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩

ខ្ញុំបានរៀបចំអត្ថបទនេះសម្រាប់ចេញផ្សាយអមជាមួយនឹងខ្សែវិដេអូនៅថ្ងៃពុធទី ១៧ ខែមេសា ។ ដោយមានបញ្ហាបច្ចេកទេសដែលឥតបានគ្រោងទុក អ្នកជំនួយផ្នែកគេហទំព័ររបស់ខ្ញុំបានត្រឹមតែតម្លើងខ្សែវិដេអូនៅក្រោមឈ្មោះ “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី! ” ទោះបីមានបញ្ហាផ្ទេរខ្សែវិដេអូចូលគេហទំព័រក្តី ។ នៅថ្ងៃនេះ ខ្ញុំសូមជូនអត្ថបទ “រៀនអំពីប្រវត្តិសាស្ត្រតាមរូបភាព” ដោយសង្ឈឹមថាទាំងអត្ថបទទាំងខ្សែវិដេអូអាចបំផុសសតិស្មារតីមិត្តអ្នកអានឲ្យចេះចាប់អារម្មណ៍ចៀសវាងបញ្ហាដែលបានរុញច្រានខ្មែរយើងឲ្យដើរថយក្រោយដូចកាលពីអតីតកាល ។

គេនិយាយថាឥតមានប្រវត្តិសាស្ត្រទេក្នុងលោកនេះ មានតែមនុស្សដែលធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ និងមនុស្សដែលកត់ត្រាអំពីសកម្មជននិងសកម្មភាពរបស់ពួកគេ ។ ការកត់ត្រាដែលលំអៀងដោយសារបុព្វហេតុអ្វីមួយ ធ្វើឲ្យមានការបាត់បង់ទ្រង់ទ្រាយប្រវត្តិសាស្ត្រហើយនឹងមើលងាយតម្លៃនិងគុណសម្បត្តិរបស់សកម្មជននិងសកម្មភាពរបស់ពួកគេ ។ សម្រាប់ខ្ញុំ ការធ្វើពិពណ៌នាដោយឥតលំអៀងនិងវិភាគស្វែងរកហេតុផលដើម្បីទស្សន៍ទាយអនាគតគឺជាភារកិច្ច ។ ចំណេះនិងការយល់ដឹងអំពីអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល មានសារៈសំខាន់ណាស់សម្រាប់មនុស្ស ។ ខ្ញុំសូមរំលឹកឡើងវិញអំពីសារៈសំខាន់នេះ ៖ “អតីតកាលវាបំភ្លឺផ្លូវឲ្យយើងដើរត្រូវនៅថ្ងៃនេះ ។ បច្ចុប្បន្នកាលវាជាមាគ៌ាចង្អុលទិសដៅឲ្យយើងដើរទៅរកភាពចម្រើននិងប្រសើរនៅថ្ងៃស្អែក ។ បើថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ហើយថ្ងៃស្អៃកជាអនាគតនៃថ្ងៃនេះ ចំណេះដឹងស៊ីជម្រៅជួយយើងឲ្យសម្រេចបាននូវការរីកចម្រើននិងប្រសើរនៅថ្ងៃនេះជាងថ្ងៃម្សិលមិញ ហើយតម្រង់ផ្លូវឲ្យយើងរឹតតែបានចម្រើននិងប្រសើរថែមទៀតនៅថ្ងៃស្អែក” ។ គឺយ៉ាងនេះហើយបានជាខ្ញុំផ្តោតសំណេររបស់ខ្ញុំទៅលើការពណ៌នានិងវិភាគដោយឥតលំអៀងអំពីរឿងប្រវត្តិសាស្ត្រ ។

ទស្សនវិទូ លោក ហ្ចរ៍ច សាន់តាយ៉ាណា George Santayana កើតនៅឆ្នាំ ១៨៦៣ នៅប្រទេសអេស្ប៉ាញ និងស្លាប់នៅឆ្នាំ ១៩៥២ នៅប្រទេសអ៊ីតាលី បានថ្លែងថា ៖ “អ្នកដែលមិនចងចាំរឿងអតីតកាលនឹងត្រូវអតីតកាលផ្តន្ទាទោសជាថ្មីម្តងទៀត” ។ រូបវិទូ លោក អាល់ប៊ើត អែនស្តែន Albert Einstein កើតនៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ១៨៧៩ និងស្លាប់នៅសហរដ្ឋអាមេរិកនៅឆ្នំា ១៩៥៥ ដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់មានគំនិតដ៏អស្ចារ្យបំផុតនៅគ្រប់ពេលវេលា បានថ្លែងថា ៖ “វិកលចរិតគឺធ្វើកិច្ចការអ្វីមួយដដែលៗម្ដងហើយម្ដងទៀតរួចរំពឹងថានឹងបានទទួលលទ្ធផលខុសពីមុន” ។ លោកបានទូន្មានថា “គប្បីរៀនឲ្យចេះដឹងយល់អំពីថ្ងៃម្សិលមិញ ដើម្បីរស់នៅថ្ងៃនេះ និងរក្សាសេចក្តីសង្ឃឹមចំពោះថ្ងៃស្អែក; អ្វីដែលសំខាន់ គឺមិនត្រូវឈប់សួរនោះទេ” ។ ដូច្នេះ ការធ្វើឬគិតដដែលៗរួចចង់បានលទ្ធផលផ្សេងពីមុនអាចជាកត្តាកំណត់ថ្ងៃអង្សារបស់មនុស្សដែលខ្ញុំធ្លាប់បានសរសេររួចមកហើយដែរ ។

សំណេររបស់ខ្ញុំក្នុងគោលដៅបំផុសគំនិតស្មារតីខ្មែរឲ្យយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរគឺកើតចេញពីការណែនាំរបស់វិញ្ញូជនមានឈ្មោះល្បីល្បាញទាំងនោះហើយ ។ ខ្ញុំរៀនចេះពីគេ រៀនចេះហើយខ្ញុំចង់ចែករំលែក ។ ទីបញ្ចប់ការអភិវឌ្ឍនៃទស្សនៈបានទាញទៅរកការប្រៀនប្រដៅជាង២៥០០ឆ្នាំមកហើយរបស់ព្រះសម្មាសម្ពុទ្ធដែលខ្ញុំធ្លាប់បានបង្រួញជារូបមន្តឲ្យងាយចាំថា៖ “គំនិត + កម្ម = លទ្ធផល” ។ ចាស់ទុំខ្មែរយើងបានប្រដៅកូនចៅយូរយារណាស់មកហើយដែរថា ៖ “គិតហើយសឹមគូរ” ។

លោក វិនស្តុន ឆឺរ៍ចឈៀល Winston Churchill កើតនៅឆ្នាំ១៨៧៤ និងស្លាប់នៅឆ្នាំ១៩៦៥ ជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៥ នៅពេលដែលលោកបានដឹកនាំចក្រភពអង់គ្លេសឲ្យទទួលបានជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ បានថ្លែងថា ៖ “អ្នកទុទិដ្ឋិនិយមមើលឃើញតែការលំបាកនៅក្នុងគ្រប់ឱកាសទាំងអស់ អ្នកសុទិដ្ឋិនិយមវិញមើលឃើញតែឱកាសដែលបើកទ្វារឲ្យនៅក្នុងរាល់ការលំបាក” ។

កាលពីថ្ងៃទី ១៥ ខែមករា អត្ថបទខ្ញុំក្រោមចំណងជើងថា “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី” ចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” បានពិពណ៌នាអំពីឯកសារចិនក្រហមឆ្នាំ១៩៦៩ និងឯកសារកូរ៉េខាងជើងឆ្នាំ១៩៧២ ស្តីពីនយោបាយរបស់រាជរដ្ឋាភិបាលខ្មែរនៅក្រោមការដឹកនាំរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ តាមរយៈកិច្ចព្រមព្រៀងខ្មែរ-ចិនធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នំា ១៩៦៥ ដែលបានកំណត់អនាគតប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ។ ខ្ញុំបានភ្ជាប់នូវរូបថតប្រវត្តិសាស្ត្រនៃពិធីចុះហត្ថលេខាដោយឧត្តមសេនីយ៍ខ្មែរ លោក លន់ នល់ និងឧត្តមសេនីយ៍ចិន លោក Lo Jui-ching ដោយមានគណៈប្រតិភូខ្មែរ (មានលោកទ្រឿងកាង ) និងគណៈប្រតិភូចិន (មានលោកជូអេនឡាយ )ចូលរួមផង ។

លោក លន់ នល់ ជាអគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទនៅឆ្នាំ១៩៦០ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ នៅឆ្នាំ ១៩៦៣ សម្តេច សីហនុ ដែលជាប្រមុខរដ្ឋបានតែងតាំងលោក លន់ នល់ ជាឧបនាយករដ្ឋមន្ត្រី ។ នយោបាយរបស់សម្តេចឈរនៅលើមូលដ្ឋានទស្សនៈមួយថា “ផលប្រយោជន៍របស់កម្ពុជានឹងត្រូវទទួលបានយ៉ាងល្អបំផុតដោយកម្ពុជាធ្វើការដោះស្រាយជាមួយនឹងប្លុកដែលនៅថ្ងៃណាមួយអាចមានឥទ្ធិពលលើតំបន់អាស៊ីទាំងមូល” ។ សម្តេចលោកយល់ថាកម្ពុជាត្រូវតែត្រៀមខ្លួនឲ្យបានមុនពេលជ័យជំនះរបស់ប្លុកនេះ ។ ដូច្នេះហើយ សម្តេចសម្រេចបញ្ជូនលោក លន់ នល់ ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅប៉េកាំង ដោយអនុញ្ញាតឲ្យយួនកុម្មុយនិស្តប្រើទឹកដីកម្ពុជា និងអនុញ្ញាតឲ្យមានការដឹកជញ្ជូនសម្ភារៈសឹកពីប្រទេសចិនឆ្លងកាត់កម្ពុជាទៅឲ្យយួនកុម្មុយនិស្តនៅក្នុងសង្គ្រាមប្រឆាំងនឹងអាមេរិក ។ គឺកិច្ចព្រមព្រៀងនេះដែលបានបញ្ចប់អព្យាក្រឹតភាពកម្ពុជាដែលទទួលស្គាល់ដោយសន្និសីទ ហ្សឺណែវ ឆ្នាំ ១៩៥៤ ។

គេនិយាយថា រូបថតមួយសន្លឹកថ្លាថ្លែងពាក្យមួយពាន់ម៉ាត់ ។ វិញ្ញាណរបស់មនុស្សដែលស្រង់ស្រូបរូបភាព ផ្តិតរូបភាពនោះជាប់នឹងដួងចិត្តមិនងាយភ្លេចបាន ។ នៅថ្ងៃទី ១ ខែមេសា ខ្សែវីដេអូខ្ញុំក្រោមចំណងជើងថា “ប្រវត្តិសាស្ត្រខ្មែរតាមរូបភាព” បានចុះផ្សាយក្នុងគេហទំព័រ “គំនិតខ្មែរ” ។ ខ្សែវិដេអូនោះជាបុព្វយោគនៃរូបភាពក្នុងវិដេអូថ្មីថ្ងៃនេះនៅក្រោមចំណងជើងថា “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មីទៀត!” ។ រូបភាពជាច្រើនត្រូវបានដកស្រង់ចេញពីបណ្តាញអ៊ិនធឺណិត យកមករៀបរៀងនិងនិពន្ធជារឿងប្រវត្តិសាស្ត្រខ្មែរ ។ ខ្ញុំសូមបងប្អូនមេត្តាអភ័យទោសអំពីដំណើររអាក់រអួលនៃវិដេអូនេះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ដោយសារកង្វះបច្ចេកទេសរបស់ខ្ញុំផ្នែកផ្ទេរវីដេអូរូបភាពតាមរយៈប្រើប្រព័ន្ធក្តារចុចកុំព្យូទ័រសរសេរតួអក្សរខ្មែរ ។ តែខ្ញុំសូមបងប្អូនកុំទាន់អស់សង្ឈឹមនឹងភាពអវិជ្ជារបស់ខ្ញុំ ។ គ្មានបញ្ហាណាដែលយើងមិនអាចដោះស្រាយបាននោះទេ ។

វិដេអូខ្ញុំចាប់ផ្តើមពីពេលដែលប្រទេសកម្ពុជាធ្លាក់នៅក្រោមឥទ្ធិពលនៃប្រទេសថៃនៅទិសខាងលិចនិងប្រទេសយួននៅទិសខាងកើត ។ ព្រះមហាក្សត្រព្រះបាទអង្គឌួង (១៧៩៦-១៨៦០ ) បានចងសម្ព័ន្ធភាពជាមួយនឹងអាណានិគមបារាំងរហូតដល់ព្រះអង្គចូលទីវង្គតនៅឆ្នាំ ១៨៦០ ។ នៅខែសីហាឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម (១៨៦០ -១៩០៤ ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់អាណាព្យាបាលបារាំង French Protectorate លើប្រទេសកម្ពុជា ។

ក៏ប៉ុន្តែនៅឆ្នាំ ១៩៣៦ ខ្មែរប្រឆាំងអាណានិគមនិយមបារាំង មានលោក ប៉ាចឈឺន លោកអាចារ្យ ហែមចៀវ សាស្ត្រាចារ្យភាសាបាលី លោកអាចារ្យ ប៉ាងខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត លោកអាចារ្យ នួនឌួង ។ល។ បានរួមកម្លាំងធ្វើសកម្មភាពនៅក្រោមការដឹកនាំរបស់លោក ស៊ឺង ង៉ុក ថាញ់ ដែលជាចៅក្រម ធ្វើការប្រឆំាងនឹងអាណានិគមបារាំង ។ ពួកគេបានបង្កើតកាសែត “នគរវត្ត” ដោយមានលោក ប៉ាចឈឺន ជាចាងហ្វាងការផ្សាយ លោក ស៊ឺង ង៉ុក ថាញ់ លោក ស៊ឹម វ៉ា លោក ពិទូរករះសេម លោក ជុំមួង ជាអ្នកនិពន្ធ និងលោក ប៊ុណ្ណចន្ទ ម៉ុល ជំនួយការនិពន្ធ ។ គោលដៅគឺបំផុសសតិស្មារតីខ្មែរឲ្យចេញមុខដណ្តើមយកឥស្សរភាពដែលពួកគេចោទថាបារាំងបានប្លន់យកពីខ្មែរជិត ១០០ ឆ្នាំហើយ ។ ក្រុមនេះគឺជាស្នូលនៃការផ្តួចផ្តើមរបស់ “ប្រជាចលនាឥស្សរៈរួមខ្មែរបម្រើជាតិ” ។

ប្រការនេះបានធ្វើឲ្យមានការប៉ះទង្គិចរវាងក្រុមខ្មែរប្រឆាំងអាណានិគមបារាំងហើយនឹងរាជបល្ល័ង្កដែលពួកអាណានិគមបារំាងការពារនិងគាំទ្រ ។ ទំនាស់រវាងក្រុមអ្នកប្រឆាំងនឹងអាណានិគមបារំាងកើនឡើងរឹតតែខ្លាំងបន្ទាប់ពីអគ្គទេសាភិបាលឥណ្ឌូចិនបារំាង លោក ហ្សង់ ដឺគូ Jean Decoux បានយាងព្រះអង្គម្ចាស់ នរោត្តម សីហនុ (១៩២២-២០១២) ដែលមានជន្មាយុ១៨ឆ្នាំឲ្យឡើងសោយរាជ្យក្នុងរយៈពេលមួយថ្ងៃក្រោយពីព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្តិ មុនីវង្ស (១៨៧៥-១៩៤១) បានចូលទីវង្គតនៅថ្ងៃទី២៣ខែមេសាឆ្នាំ១៩៤១ ។

នៅឆ្នាំ ១៩៤៦ បញ្ញវន្តខ្មែរ មានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាអ្នកដឹកនាំ រួមជាមួយនឹងលោក សឺនសាន លោក ឈានវ៉ម លោក អៀវកើស លោក ស៊ឺមវ៉ា លោក ហ៊ុយកន្ធុល ។ល។ បានបង្កើត “ក្រុមកម្ពុជាប្រជាធិបតេយ្យ” ដែលទាមទារឯករាជ្យពីបារាំងនិងបណ្តុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ នៅក្នុងការបោះឆ្នោតទូទៅនៅខែធ្នូឆ្នាំ១៩៤៧ គណបក្សប្រជាធិបតេយ្យបានទទួល ៤៤ អាសនៈនៅក្នុងសភាជាតិក្នុងចំនួនអាសនៈទាំងអស់ ៧៥ ។

នៅអំឡុងខែកុម្ភៈដល់ខែវិច្ឆិកាឆ្នាំ ១៩៥៣ ព្រះបាទ នរោត្តម សីហនុ បានយាងធ្វើសកម្មភាពនៅក្រៅប្រទេសនិងនៅក្នុងប្រទេសដើម្បីទាមទារឯករាជ្យពីបារំាង ។ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បារំាងសម្រេចផ្តល់ឯករាជ្យឲ្យកម្ពុជា ។ នៅឆ្នាំ១៩៥៤ សន្និសីទ ហ្សឺណែវទទួលស្គាល់កម្ពុជាជាប្រទេសអព្យាក្រឹត ។

តែនយោបាយក្នុងស្រុកនិងនយោបាយអន្តរជាតិរបស់កម្ពុជាមានការបត់បែនឆ្វេងស្តាំរហ័សណាស់ ។ ព្រះបាទ សីហនុ បានស្ទង់ខ្យល់នយោបាយពីពិភពកុម្មុយនិស្ត និងពិភពលោកសេរី ។ លោកសម្រេចនៅឆ្នាំ ១៩៥៤ ថាកម្ពុជាអព្យាក្រឹតមិនចូលបក្សសម័្ពន្ធសេអាតូដែលមានថៃនិងយួនសេរីជាសមាជិកឡើយ ក៏ប៉ុន្តែកម្ពុជាទទួលយកជំនួយយោធាអាមេរិកាំងនៅឆ្នាំ ១៩៥៥ ។ ព្រឹត្តិការណ៍ដែលពាក់ព័ន្ធជាមួយនឹងប្រទេសថៃហើយនិងប្រទេសយួនខាងត្បូងបង្ហាញឲ្យឃើញថារដ្ឋាភិបាលលោក ង៉ោ ឌិន ឌៀម បានអូសទាញលោក ដាប ឈួនម្ជុលពេជ្រ ចៅហ្វាយខេត្ត សៀមរាប ឲ្យក្បត់នឹងរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ១៩៥៩ ដែលជាឆ្នាំ លោក ស៊ឺង ង៉ុក ថាញ់ បង្កើតចលនាខ្មែរសេរី គាំទ្រជាសាធារណៈដោយនាយករដ្ឋមន្ត្រីថៃ លោក សារឹត ថាន់ណារ៉ាត់ និងរដ្ឋាភិបាលលោក ង៉ោ ឌិន ឌៀម ។ ជម្លោះលើបញ្ហាកម្ពុជាក្រោមនិងកោះខ្មែរ ហើយនិងជម្លោះលើបញ្ហាប្រាសាទព្រះវិហារបានក្លាយជារឿងដ៏តានតឹង ។ នៅឆ្នាំ ១៩៦៣ ភ្នំពេញបណ្តេញក្រុមជំនួយយោធាអាមេរិកាំង USMAAG ចេញពីកម្ពុជា រឹតត្បិតប្រិតទំនាក់ទំនងជាមួយយួនសេរីតែអនុគ្រោះយួនកុម្មុយនិស្ត ។ ទំនាក់ទំនងរវាង ភ្នំពេញ-ព្រៃនគរ និង ភ្នំពេញ-វ៉ាស៊ិនតោន ធ្លាក់រអាក់រអួលដោយសារពាក្យសំដីលើសលោះបន្ទាប់ពីលោក ង៉ោ ឌិន ឌៀម បានត្រូវគេសម្លាប់នៅក្នុងរដ្ឋប្រហារ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ហើយលោកប្រធានាធិបតី ហ្ចន កេណ្ណឺឌី បានត្រូវគេធ្វើឃាតនៅរដ្ឋតេចសាស់ នៅថ្ងៃទី ២២ ខែនិងឆ្នាំដដែល ។ នៅខែឧសភាឆ្នាំ ១៩៦៥ រាជរដ្ឋាភិបាលកម្ពុជាបានផ្តាច់ចំណងការទូតជាមួយនឹងសហរដ្ឋអាមេរិក ហើយនៅខែវិច្ឆិកា ឆ្នាំ១៩៦៥ បានចូលរួមក្នុងកិច្ចព្រមព្រៀងចិន-ខ្មែរនៅប៉េកាំងអនុញ្ញាតឲ្យចិនក្រហមដឹកសម្ភារៈឆ្លងកាត់កម្ពុជាទៅឲ្យយួនកុម្មុយនិស្ត និងអនុញ្ញាតឲ្យយួនក្មុយនិស្តប្រើទឹកដីកម្ពុជាធ្វើសង្គ្រាមប្រឆាំងនឹងអាមេរិកាំង ។

ព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា មានការចាប់ទាញលោក ខៀវសំផន នៃក្រុមឆ្វេងនិយមចេញពីស៊ីក្លូហើយវាយសម្រាតខោនៅក្បែរផ្សារថ្មីនៅឆ្នាំ ១៩៦០; ទាហានលោក លន់ នល់ ទទួលបញ្ជាឲ្យបង្ក្រាបការបះបោរអ្នកស្រុកដែលបំផុលឡើងដោយក្រុមឆ្វេងនិយមនៅសំឡូតខេត្តបាត់ដំបងនៅឆ្នាំ១៩៦៧ ។ មានលេចរូបថតបង្ហាញការបាញ់សម្លាប់លោក ព្រាប អ៊ិន ដែលគេចងភ្ជាប់នឹងបង្គោលនៅត្រពាំងក្រឡឹងខេត្តកំពង់ស្ពឺនៅឆ្នាំ ១៩៦៤ និងលោក ចៅ បូរី នៅឆ្នាំ ១៩៦៦ ទាំងពីរនាក់ជាប់ចោទថាជាខ្មែរសេរី ។

លទ្ធផលនៃការផ្តេកផ្តួលអនាគតរបស់កម្ពុជាទៅលើប្រទេសចិនក្រហមគឺនៅឆ្នាំ១៩៧០ ផ្ទៃដីកម្ពុជាចំនួនប្រមាណជា ៣៥០០ គីឡូម៉ែត្រក្រឡា ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួនកុម្មុយនិស្តយៀកកុងនិងយៀកណាមខាងជើងចំនួនជាងប្រាំម៉ឺននាក់ ។ យុវជន-យុវនារីស្រោចស្រង់ជាតិក៏បញ្ចេញខ្លួនធ្វើបាតុកម្មនិងស្ម័គ្រចិត្តបំរើកងទ័ពនៅសមរភូមិដូចរូបភាពខ្ញុំបានបង្ហាញ ។

នៅក្នុងវិដេអូ ខ្ញុំបានរំលឹកពាក្យពេចន៍របស់លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ ដូចជា៖ “កលយុទ្ធដែលគ្មានយុទ្ធសាស្ត្រគឺគ្រាន់តែជាសម្លេងរំខានមុនពេលបរាជ័យ”; “ប្រសិនបើមានប្រៀប អ្នកត្រូវធ្វើចលនាទៅមុខ”; “ឆក់យកឱកាសមកប្រើនឹងបង្កើតឲ្យមានឱកាសច្រើនថែមទៀត” ។ សន្ទុះយុវជន យុវនារីខ្មែរប្រឆាំងនឹងយួនកុម្មុយនិស្តនិងចំណង់ពិតប្រាកដចង់បានសាធារណរដ្ឋជាសន្ទុះដែលមិនគួររលាយវិញបាន ។ ប៉ុន្តែរបបសាធារណរដ្ឋដែលខ្វះយុទ្ធសាស្ត្រមិនបានរៀបចំកែប្រែផ្លាស់ប្តូរគ្រឿងគ្រៅនៃរបបចាស់ទេ គេផ្អែកលើវោហារសាស្ត្រផ្លាស់ប្តូរតែផ្លាករថយន្តហើយទុកគ្រឿងខ្ចៅខ្ចងឲ្យនៅដដែល ។ នៅពេលសម្តេច សីហនុ ឆក់ឱកាសបើកទ្វារទទួលបដិសណ្ឋារកិច្ចយួនកុម្មុយនិស្ត លោកក៏បានបើកទ្វារជួយឃាតករប្រល័យពូជសាសន៍ឲ្យឈ្នះចម្បាំង ។ បីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃក្រោយមក កម្ពុជាអស់មនុស្សជិតពីរលាននាក់ ហើយអ្នកស្រុកស្រែកថ្ងូរ “រង់ចាំថ្ងៃស្អែក” ។ លុះ “ថ្ងៃស្អែក” មកដល់ គឺកងទ័ពយៀកណាមដែលដេញចាប់ខ្មែរក្រហមធ្វើជាឈ្លើយសង្គ្រាម ។ មានរូបភាពពីរបង្ហាញយាយខ្មែរម្នាក់ដាក់ដៃលើស្មាស្វាគមន៍ទាហានយួន និងនារីខ្មែរម្នាក់ពាក់កម្រងផ្កាឲ្យទាហានយួន ។ នៅចំពោះមុខឆ្អឹងខ្មោចគរដូចភ្នំ យើងមិនគប្បីទិតៀនខ្មែរណាដែលមានអំណរគុណចំពោះអ្នកដែលបានមកបណ្តេញឃាតករនោះទេ ។ ក៏ប៉ុន្តែយួនកុម្មុយនិស្តឈ្លានពានមានគំនិតកខ្វក់កាន់កាប់ទឹកដីខ្មែរ ។ មានខ្មែរភ្ញាក់រលឹកក្រោកឡើងរួមកម្លាំងប្រឆាំងយួនកុម្មុយនិស្ត បង្កើតជារដ្ឋាភិបាលត្រីភាគីខ្មែរ រំដោះទឹកដីនិងដាក់សម្ពាធលើយួន រហូតដល់មានសន្និសីទបង្កើតសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបញ្ចប់ចម្បាំងផង រំដោះដៃឲ្យរដ្ឋាភិបាលបរទេសដែលពាក់ព័ន្ធនឹងបញ្ហាកម្ពុជាបានវិលទៅផ្ទះគេរៀងខ្លួនផង និងធ្វើធម្មានុរូបកម្មជនផ្តាច់ការផង ។ ទោះបីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣ ទទួលអ្នកឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីក្តី ជនផ្តាច់ការបានកំហែងគំរាមធ្វើសង្គ្រាមជាថ្មីបើមិនបានធ្វើជានាយករដ្ឋមន្ត្រីផងទេ កម្ពុជាក៏មាននាយករដ្ឋមន្ត្រីទី១ និង ទី២ ឡើង ។ នៅឆ្នាំ១៩៩៧ ជនផ្តាច់ការធ្វើរដ្ឋប្រហារដេញអ្នកឈ្នះឆ្នោតពីតំណែងហើយក៏ឡើងកាន់អំណាចផ្តាច់ការរហូតមក ។ គេចាប់ផ្តើមដកស្លាបបក្សីម្តងមួយៗនិងចាប់កង្កែបដាក់ក្នុងឆ្នាំងផ្តល់អាហារបន្តិចបន្តួចហើយគេដុតកម្តៅទឹក ។ បក្សីក៏អស់រោមអស់ស្លាប កង្កែបក៏សប្បាយនឹងនៅក្នុងទឹកឆ្នាំងនិងម្ហូបអាហារបន្តិចបន្តួច ។ ក្នុងនាមវឌ្ឍនភាពសេដ្ឋកិច្ច គេកសាងទីក្រុងបង្កើតទាសភាពសម័យថ្មី ។ មិត្តចិនក្រហមគេនៅសប្បាយនឹងកាស៊ីណូនៅឆ្នេរសមុទ្រនិងទីក្រុងនានាហើយនាំគ្នាទិញដីខ្មែរអស់ហើយ យួនក៏នៅសប្បាយនៅខេត្តទិសឦសានប្រទេសខ្មែរ ។ លោក សម រង្ស៊ី និងអ្នកដឹកនាំខ្មែរសង្គ្រោះជាតិបានប្រកាសប្តូរជីវិតដើម្បីសង្គ្រោះប្រទេសជាតិ ។ តែបក្សីក៏អស់ស្លាប កង្កែបក៏តៃហោង ។

ប្រវត្តិសាស្ត្រខ្មែរតាមរូបភាពគឺមានសភាពអីចឹង ។ អត្ថបទនិងខ្សែវិដេអូថ្ងៃនេះអំពាវនាវឲ្យខ្មែររៀនអំពីប្រវត្តិសាស្ត្រតាមរូបភាពដើម្បីចៀសវាងបញ្ហាដែលធ្លាប់កើតមានរួចមកហើយ ។

ខ្ញុំសូមជូនពរដល់បងប្អូនអ្នកអានទាំងអស់ឲ្យបានជួបតែជោគជ័យសេរីមង្គលនៅឆ្នាំថ្មី ព.ស. ២៥៦៣ នេះ!

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com