រៀនយោងព្យួរតភ្ជាប់គំនិត
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧
| លោក ហ្ចន កេណ្ណឺឌី អតីតប្រធានាធិបតីអាមេរិកាំងទី៣៥ (១៩៦១-១៩៦៣)«មនុស្សមា្នក់អាចស្លាប់ ប្រជាជាតិមួយអាចលេចឡើងនិងលិចចុះ ក៏ប៉ុន្តែគំនិតមនុស្សនៅរស់រានរហូត» |
មនុស្សលោកយើងទាំងអស់គ្នាមិនមែនរស់នៅប្រៀបដូចជាកោះតូចៗដុះនៅដាច់ពីគ្នាឡើយ ។ នៅក្នុងពិភពលោកដែលមូលនេះ អ្វីៗដែលកើតមានឡើងនៅទីកន្លែងណាមួយនឹងរាលដាល
ផ្តល់ផលប៉ះពាល់ដល់ទីកន្លែងដទៃទៀត វាគ្រាន់តែយូរឬឆាប់ មានឥទ្ធិពលធ្ងន់ឬស្រាល តែការរាល ដាលនោះនឹងប៉ះពាល់គឺគេចមិនផុតទេ ។ នេះជាធម្មជាតិប្រទាក់ក្រឡាឬយោងព្យួរនិងតភ្ជាប់ ព្រឹត្តិការណ៍និងគំនិត ។
ខ្ញុំបានសរសេរជារឿយៗមកហើយថា នៅក្នុងការប្រឹងប្រែងកសាងអនាគតដ៏ភ្លឺស្វាងមួយ គឺ «របៀបយើងគិត» (how we think) ជាជាងអ្វីដែលយើងដឹង (what we know) ដែលកំណត់អនាគត របស់យើង ។ ខួរក្បាលយើងអាចប្រមូលផ្តុំព័ត៌មាននិងស្ថិតិរាប់ម៉ឺនសែនជំពូកតែព័ត៌មាននិងស្ថិតិដែលប្រមូលផ្តុំនោះគ្រាន់តែជា «ប្រភព» (source) នៃ «ចំណេះចេះដឹង» (knowledge) តែប៉ុណ្ណោះ ។ យើងត្រូវចំាបាច់យកព័ត៌មាននិងស្ថិតិដែលប្រមូលផ្តុំបានយកទៅធ្វើការប្រទាក់ក្រឡា យោងព្យួរ និងតភ្ជាប់ពីមួយទៅមួយរហូតបានចេញជា «ចំណេះចេះដឹង» ដែលជាផ្កាភ្លើងបញ្ឆេះមនុស្សឱ្យនៅ តែចង់ដេញដោលសួររកចម្លើយឥតឈប់ឈរ ឱ្យនៅចេះតែឆ្ងល់ ចេះតែចង់ដឹង និងឱ្យមានកំណើន បញ្ញា ដើម្បីយើងបន្តដំណើរឈោងចាប់យកគោលដៅរបស់យើងឱ្យបាន ។ ព័ត៌មាននិងស្ថិតិដែលប្រមូលផ្តុំអាចប្រៀបបានទៅនឹងដុំថ្ម ដែលគេរើសតាមផ្លូវហើយដាក់ទុកនឹង ថ្កល់ក្នុងប្រអប់នៅកៀនជញ្ជាំង ដែលមិនគ្រប់គ្រាន់នឹងកសាងអនាគតភ្លឺស្វាងសំរាប់យើងឬសង្គម ឬប្រទេសជាតិឡើយ ។ ខ្ញុំបានសរសេរច្រើនដែរអំពីអ្វីដែលហៅថាការគិតដោយហ្មត់ចត់ ។
គំនិតផ្សេងៗរបស់ខ្ញុំ ខ្ញុំបានរៀនតាមរយៈសង្គមូបនីយកម្មនយោបាយ (political socialization) ដែលជាដំណើរការនៃធម្មជាតិជីវិត ។ ក្នុងដំណើរការនេះ គេសង្កេតឃើញមានភ្នាក់ងារមួយចំនួន ដែលធ្វើការពួតបត់បែនកត្តានានា ដើម្បីបង្កើតជាគុណសម្បត្តិ ជំនឿ ចំណាប់អារម្មណ៍ និងមតិយោបល់ ដែលបានត្រូវវេញត្បាញចូលគ្នាកើតចេញជាឥរិយាបទនយោបាយ ។ ដំណើរការ នេះចាប់ផ្តើមធ្វើសកម្មភាពពីបុគ្គលនៅជាកូនង៉ែតរហូតដល់ពេលស្លាប់ទើបបានចប់ ។ លទ្ធផលនៃដំណើរការវេញត្បាញបង្កើតជាវិញ្ញាតកម្ម (perception) ឬការយល់ដឹងដោយវិញ្ញាណ ដែលជម្រុញបុគ្គលមនុស្សឱ្យធ្វើ (ឬមិនធ្វើ) សកម្មភាពនៅពេលប្រឈមមុខនឹងព្រឹត្តិការណ៍អ្វីមួយ ។
កាលខ្ញុំរៀននៅសាលាបឋមសិក្សាដំបូលស្លឹកធ្លុះនៅភូមិប្ញស្សីកែវនៅជំនាន់ខ្មែរប្រមូលកម្លាំងដណ្តើមយកឯករាជ្យពីអាណានិគមបារាំង លោកគ្រូខ្មែរ «ប្រូហ្គ្រែសស៊ីស្ទ» វឌ្ឍននិយមបានបុកបញ្ចូល ទៅក្នុងខួរក្បាលយើងខ្ញុំជាកូនសិស្សក្មេងៗ អំពីគំនិតថា ខួរក្បាលខ្មែរ ដែលលោកគ្រូបានអះអាង ថាមានទម្ងន់មួយគីឡូក្រាមអាចយកទៅប្រើធ្វើអ្វីៗទាំងអស់ដែលខួរក្បាលពួកអាណានិគមគេធ្វើបាន ។ល។ និង ។ល។
លុះខ្ញុំបានចូលរៀននៅសកលវិទ្យាល័យអាមេរិកាំងក្នុងឆ្នាំ ១៩៦៣ សាស្ត្រាចារ្យតម្រូវឱ្យខ្ញុំអាន សំណេររបស់មេដឹកនាំផ្នែកអក្សរសាស្ត្រជាតិអាមេរិកាំងម្នាក់ឈ្មោះលោក រ៉ាល់ហ្វ៍ វ៉ល់ដូ អេម៉ើសុន Ralph Waldo Emerson (១៨០៣-១៨៨២ ) ដែលបានទាក់ទាញគំនិតអារម្មណ៍របស់ខ្ញុំរហូតដល់ ខ្ញុំបានសំរេចចិត្តសិក្សាវិទ្យាសាស្ត្រនយោបាយ ។
លោក អេម៉ើសុន បានសរសេរអំពីសមត្ថភាពរបស់មនុស្សជាតិដែលឱ្យបុគ្គលមនុស្សអាចសម្រេច បាននូវ «អ្វីៗស្ទើរតែទាំងអស់»នៅក្រោមមេឃនិងលើដីនេះ ។ ក្រោយមកទៀត ខ្ញុំបានអានសំណេរ របស់លោក ហ្សង់ម៉ុណ្ណេ បិតាម្នាក់ក្នុងចំណោមបិតាស្ថាបនិកសហភាពអឺរ៉ុប ដែលបានអះអាងថា «គ្មានអ្វីនៅក្នុងលោកនេះអាចកើតមានបានទេ ប្រសិនណាបើវាឥតមានមនុស្សលោក» ។ ពេលខ្ញុំអានអត្ថបទនានានៅបណ្ណាល័យនៃសកលវិទ្យាល័យ ដែលនៅឆ្ងាយប្រមាណជាង ១ម៉ឺន៤ពាន់គីឡូម៉ែត្រ ពីសាលាស្លឹកភូមិប្ញស្សីកែវ ខ្ញុំបាននឹកស្រណោះដល់ពាក្យសំដីលោកគ្រូខ្មែរ អំពីខួរក្បាលខ្មែរទម្ងន់១គីឡូក្រាម ។
ឆមាសទី១ ឆ្នាំទី១ នៅសកលវិទ្យាល័យជាពេលលើកដំបូងដែលខ្ញុំបានធ្វើការប្រទាក់ក្រឡា យោងព្យួរនិងតភ្ជាប់ខួរក្បាលមួយគីឡូរបស់ក្មេងសាលាស្លឹកនៅភូមិប្ញស្សីកែវនិងសំដីលោក អេម៉ើសុន ថា «គំនិតជាជីដូនជីតារបស់រាល់សកម្មភាព» ហើយ «ពេលឥឡូវនេះក៏ដូចជារាល់ពេល ឯទៀតទាំងអស់ គឺជាពេលល្អណាស់ ប្រសិនណាបើយើងគ្រាន់តែដឹងថា យើងចង់យកពេលនេះ ទៅធ្វើអ្វី» ព្រមទាំងគំនិតអ្នកស្រី អូងសានស៊ូជី (១៩៤៥- ) នៃប្រទេសភូមា ដែលបានចារថា «សកម្មភាពមានកំណើតចេញពីការគិត . . . មនុស្សផងទាំងឡាយត្រូវតែបណ្តុះគំនិតឱ្យចេះ ឆ្ងល់ចេះចង់ដឹងចង់សួរឥតឈប់ឈរ» ។
ចាស់ទុំខ្មែរយើងបានប្រដៅកូនចៅថា «គិតហើយសឹមគូរ» ។
ការហាត់រៀនប្រទាក់ក្រឡាយោងព្យួរនិងតភ្ជាប់បានបំផុសគំនិតនិងផ្តល់ជាមេរៀនសំរាប់ជីវិតខ្ញុំ ។
ខ្ញុំបានចងចាំជាប់នូវពាក្យសំដីរបស់មេដឹកនាំចលនាតស៊ូសិទ្ធិមនុស្សជាតិអាមេរិកាំង លោក ម៉ារ៍ទិន លូធើរ៏ ឃិង (១៩២៩-១៩៦៨ ) ៖ «មុខងារនៃការអប់រំគឺបង្រៀនមនុស្សឱ្យចេះគិតយ៉ាងស៊ីជម្រៅ និងចេះគិតពិចារណា . . . ជាការកម្រណាស់នឹងរកបានមនុស្សដែលមានឆន្ទៈ ធ្វើការគិតពិចារណា ដែលលំបាកនិងរឹងប៉ឹង ។ វាហាក់ដូចជាទូទៅនៅពាសពេញសកលលោកទៅហើយដែលបុគ្គលមនុស្សតែងស្វែងរកចម្លើយ ដែលងាយនិងស្រួល និងស្វែងរកដំណោះស្រាយដែលបានឆ្អឹនត្រឹមតែពាក់កណ្តាល ។ វាគ្មានអ្វីដែលធ្វើឱ្យបុគ្គលមនុស្សខ្លះឈឺចាប់ជាងយកខួរទៅគិតនោះទេ» ។
អតីតសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រជាតិអាមេរិកាំងដ៏ល្បីម្នាក់ដែលបាននិពន្ធសៀវភៅ៤០ក្បាល និង ៧០០ អត្ថបទ គឺលោក ហិនរី ស្ទៀល កូម្មេហ្ចឿរ៍ (១៩០២-១៩៩៨ ) ដែលមានប្រសាសន៍ ថា ៖ «ការកែប្រែផ្លាស់ប្តូរមិនចាំបាច់ធានាថានឹងបង្កើតឱ្យមានវឌ្ឍនភាពទេ ក៏ប៉ុន្តែការអភិវឌ្ឍន៍ជា ចាំបាច់ត្រូវការការកែប្រែផ្លាស់ប្តូរ ។ ការអប់រំមានសារៈសំខាន់ណាស់ដើម្បីឱ្យមានការកែប្រែផ្លាស់ប្តូរ ពីព្រោះការអប់រំបង្កើតឱ្យមានសេចក្តីត្រូវការថ្មីៗផងនិងបង្កើតឱ្យមានដុះនូវសមត្ថភាពក្នុង
សកម្មភាពដើម្បីបំពេញសេចក្តីត្រូវការទាំងឡាយនោះផង» ។
ក៏ប៉ុន្តែជាង ២៥០០ ឆ្នាំមុននេះ មានទស្សនវិទូយ៉ាងឆ្នើមម្នាក់គឺព្រះគោតមពុទ្ធ (៥៦៣ មុនគស-៤៨៣ មុនគស ) បានប្រៀនប្រដៅមនុស្សលោកថា ៖ «យើងក្លាយជាបុគ្គលមនុស្ស (ដូចសព្វថ្ងៃ ) ព្រោះតែគំនិតឬការគិតរបស់យើង . . . មនុស្សលោកបានយកគំនិតឬការគិតរបស់ខ្លួនទៅស្ថាបនា ពិភពមួយសំរាប់ខ្លួនរស់នៅ» — ពិភពដូចមានអ្នកប្រាជ្ញសម័យបច្ចុប្បន្នបានពណ៌នាខាងក្រោមនេះ ។ ក្នុងថានៈជាសកម្មជនយ៉ាងឆ្នើមម្នាក់ដែរ ព្រះអង្គបានប្រដៅមនុស្ស «កុំរស់នៅក្នុងអតីតកាល កុំសុបិនអំពីអនាគត ចូរផ្តោតអារម្មណ៍ទៅលើគ្រាឥឡូវនេះវិញ» ព្រោះថា «នៅរាល់ព្រឹកស្អែកយើង នឹងកើតជាថ្មីម្តងទៀត ដូច្នេះទង្វើរបស់យើងនៅថ្ងៃនេះវាសំខាន់ជាទីបំផុត» — អ្នកជំនាញសម័យ បច្ចុប្បន្នបានចារជាពាក្យស្លោកថា «ថ្ងៃស្អែកផ្តើមនៅថ្ងៃនេះ» ។ ក៏ជាអ្នកឆ្នើមដែរខាងចិត្តវិទ្យា ព្រះអង្គយល់នូវធម្មជាតិមនុស្សលោកនិយមអត្តធម្មចរិយា (self-righteousness) វាយតម្លៃខ្លួនឯង ឱ្យខ្ពស់ ល្អ សុចរិត យុត្តិធម៌ជាងអ្នកដទៃ ។ ព្រះអង្គបានប្រដៅថា «ចូរកុំខ្វល់នឹងកំហុសរបស់ អ្នកឯទៀត កុំខ្វល់នឹងអ្វី ដែលអ្នកឯទៀតបានធ្វើឬមិនបានធ្វើ ចូរពិចារណាតែអ្វី ដែលខ្លួនឯងបាន ធ្វើឬមិនបានធ្វើ» ។
ប្រមាណជា៥០០ឆ្នាំក្រោយមក ព្រះគ្រឺស្ទបានពោលបន្ទាសថា (Matthew 7:3-5) ៖ «ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកអ្នកជិតខាងតែអ្នកមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? . . . អ្នកលាក់ពុតអើយ! ចូរអ្នកយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន»។
ពាក្យពេជន៍ប្រៀនប្រដៅទាំងឡាយរបស់ព្រះគោតមពុទ្ធបានត្រូវវិញ្ញូនិងទស្សនវិទូនានាក្នុងសកលលោកបន្ទរជាបន្តបន្ទាប់គ្នារហូតដល់សព្វថ្ងៃនេះ ។
ក្នុងចំណោមឥស្សរៈជនដែលខ្មែរយើងគោរពនិងសរសើរ មានមេដឹកនាំវិញ្ញាននិងនយោបាយឥណ្ឌា លោកមហាត្មះគន្ធី (១៨៦៩-១៩៤៨ ) ដែលបន្ទរពាក្យពេជន៍របស់ព្រះគោតមពុទ្ធនៅមុនសករាជ ព្រះគ្រឹស្ទថា «បុគ្គលយើងមិនមែនកើតនៅក្រៅពីផលិតផលនៃគំនិតរបស់យើងទេ» ហើយលោក បង្កើតពាក្យស្លោកដ៍ល្បីល្បាញមួយចែងថា «គឺបុគ្គលអ្នកឯងនេះហើយ ដែលជាភ្នាក់ងារនៃការ កែប្រែផ្លាស់ប្តូរ ដែលអ្នកប្រាថ្នាចង់ឃើញមាននៅក្នុងលោក» ។ លោកបានចែងនៅក្នុង«មូលដ្ឋាន១០
ដើម្បីកែប្រែផ្លាស់ប្តូរពិភពលោក» ថា «គ្មានជនណាអាចធ្វើឱ្យខ្ញុំឈឺវេទនាបានដោយគ្មានការ អនុញ្ញាតពីខ្ញុំទេ» ។
វិលបកមកលោក ម៉ារ៍ទិន លូធើរ៍ ឃិង លោកបានទូន្មានប្រដៅប្រជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅថា «ការកែប្រែផ្លាស់ប្តូរមិនមែនរមៀលចូលតាមកង់រទេះដឹកដែលចៀសមិនរួចនោះទេ តែវាកើតចេញ មកពីការតស៊ូដែលមិនឈប់ឈរ ។ ដូច្នេះយើងរាល់គ្នាត្រូវតែពង្រឹងឆ្អឹងខ្នងយើងឱ្យបានត្រង់ឡើង ហើយធ្វើសកម្មភាពដើម្បីសេរីភាពរបស់យើង ។ គ្មានជនណាម្នាក់អាចជិះលើខ្នងអ្នកបានទេ
លុះណាតែខ្នងអ្នកវាពត់កោង» ។ មួយសតវត្សក្រោយពីព្រះពុទ្ធបានបញ្ចេញរូបមន្ត គំនិត+សកម្មភាព=លទ្ធផលប៉ងប្រាថ្នា លោក ប្លេ តូ (ខ្មែរហៅ «ប្លាតុង» ៤២៨ មគស-៣៤៨ មគស ) ដែលជាបិតាម្នាក់ ក្នុងចំណោមបិតា ដែលបានបង្កើតអរិយធម៌លោកខាងលិចបានរិះគន់ដល់បុគ្គល មនុស្សអកម្ម ហើយបានរំឮកអំពីគ្រោះថ្នាក់នៃភាពអកម្មដោយបានថ្លែងថា «ទណ្ឌកម្មមួយលើអ្នក ដែលមិនព្រមចូលរួមធ្វើនយោបាយ (ដើម្បីកែប្រែ) គឺអ្នកនោះនឹងត្រូវបានគ្រប់គ្រងដោយមនុស្ស ដែលមានប្រភេទអន់ទាបជាងខ្លួន» ។
ពិភពដែលព្រះគោតមពុទ្ធបានថ្លែងជាង២៥០០ឆ្នាំមកហើយអំពីមនុស្សជាអ្នកបង្កើតពិភពមួយ
សំរាប់គេរស់នៅ បានត្រូវបណ្ឌិតខាងផ្នែកនរវិទ្យា (វិទ្យាលើមនុស្ស ) លោក គ្លីហ្វឿដ៍ ហ្គៀតស៍ យកមកអធិប្បាយក្នុងសម័យយើងនេះថា ពិភពនោះគឺជា «សំបុកដែលវេញព័ទ្ធជុំវិញខ្លួនបុគ្គល មនុស្សហើយដែលបុគ្គលមនុស្សបានវេញត្បាញជាសំបុកវិញព័ទ្ធជុំខ្លួនដោយខ្លួនឯងផ្ទាល់» ។
បណ្ឌិតចិត្តវិទ្យាសង្គម លោកសាស្ត្រាចារ្យ ហ្ជោណាថាន់ ហេដទ៍ នៃសកលវិទ្យាល័យនូវយរ៏ក សហរដ្ឋអាមេរិក ក៏បានសរសេរគាំទ្រនូវទស្សនៈថា បុគ្គលមនុស្សយើងសព្វថ្ងៃរស់នៅក្នុងពិភព ដែលខ្លួនឯងបានបង្កើត ។ លោកបានពន្យល់ថា នៅក្នុងគ្រប់វប្បធម៌នៅក្នុងលោក វាមាន «ទំនោរអាត្មាធម៌ចរិយាហួសហេតុពេកដែលបែងចែកពិភពលោករស់នៅមួយចំហៀងជាល្អ មួយចំហៀងជាអាក្រក់ (ខាងយើងល្អខាងគេអាក្រក់ ) . . . នេះជាឧបសគ្គធំណាស់សំរាប់សន្តិភាពក្នុងលោកនិងសុខដុមរមនាក្នុងសង្គម » ។ លោក ហេដទ៍ សង្កត់ថា ពិភពលោកដែលបុគ្គលមនុស្ស បានបង្កើតហើយដែលក្លាយទៅជាសំបុករុំព័ទ្ធខ្លួនឯង រើចេញមិនរួចនោះគឺជា «ពិភពនៃការប្រមាថ ពិភពនៃឱកាស ពិភពនៃនិមិត្តសញ្ញា ពិភពក្បត់ ពិភពអ្នកបរិសុទ្ធ និងពិភពមនុស្សមានបាប» ដែលគេបានបង្កើតហើយផុងជឿទៅលើពិភពនោះ ។
គាំទ្រទស្សនៈព្រះគោតមពុទ្ធ លោក ប្លេ តូ បានថ្លែងថា ៖ «ដើមកំណើត (ជាព្រឹត្តិការណ៍មួយ) សំខាន់បំផុត» ព្រោះវាជា «ដើមដំបូង» ហើយការចាប់ផ្តើមធ្វើ «សកម្មភាពល្អផ្តល់កម្លាំងដល់ខ្លួន យើងផង និងជម្រុញឱ្យមានសកម្មភាពល្អៗផ្សេងទៀតធ្វើដោយអ្នកដទៃផង» ។
បិតានៃវិទ្យាសាស្ត្រនយោបាយសម័យថ្មីគឺរដ្ឋបុរសប្រទេសអ៊ីតាលី លោក នីកូឡូ ម៉ាគីវែល្លី (១៤៦៩-១៥២៧) បានថ្លែងថា «ការកែប្រែផ្លាស់ប្តូរមួយគឺបើកផ្លូវចំហឱ្យមានការកែប្រែផ្លាស់ប្តូរជាលំដាប់ តទៅទៀត» ។ អតីតប្រធានាធិបតីអាមេរិកាំងទី២៦ ធីអូដ័រ រ៉ូហ្សឺវែល (១៩០១-០៩ ) បានសង្កត់ថា «ជីវិតមនុស្សមានន័យថាមានការកែប្រែផ្លាស់ប្តូរ នៅទីណាគ្មានការកែប្រែផ្លាស់ប្តូរនៅទីនោះ ការស្លាប់បានមកដល់ហើយ» ។ លោកបានថ្លែងអះអាងថា ៖ «ធនធានទាំងអស់ដែលយើងត្រូវការ ស្ថិតនៅក្នុងគំនិតយើងរួចស្រេចទៅហើយ» ហើយលោកបានអំពាវនាវថា «ចូរអ្នកធ្វើអ្វី ដែលអ្នកអាច ធ្វើបាន ជាមួយអ្វីដែលអ្នកមាននៅក្នុងដៃអ្នក នៅគ្រប់ទីកន្លែងដែលអ្នកមានវត្តមាន» ។
កំណត់សំគាល់របស់អ្នកនិពន្ធរុស្ស៊ីដ៏ល្បីឈ្មោះ លោក ឡេវ តូលស្ទយ (១៨២៨-១៩១០ ) ថា «មនុស្សលោកផងទាំងពួងខ្វល់ខ្វាយណាស់ក្នុងការគិតកែប្រែផ្លាស់ប្តូរពិភពលោក តែគ្មាននរណា ម្នាក់ខ្វល់ខ្វាយគិតគូរអំពីការកែប្រែផ្លាស់ប្តូរខ្លួនឯងសោះ» បានធ្វើឱ្យខ្ញុំនឹកដល់ការណែនាំរបស់ បរមគ្រូ ខុងជឺ (៥៥១ មុនគស-៤៧៩ មុនគស វ័យក្មេងបន្តិចជាងព្រះគោតមពុទ្ធ ) ថា ពិភពលោក នឹងមានសណ្តាប់ធ្នាប់បានទាល់តែយើងបានដាក់ប្រទេសជាតិយើងឱ្យមានសណ្តាប់ធ្នាប់សិន ដាក់ គ្រួសារឱ្យមានសណ្តាប់ធ្នាប់ បណ្ដុះបណ្ដាលជីវិតផ្ទាល់ខ្លួនរបស់យើងនិងកំណត់ចិត្ដយើងឱ្យបាន ត្រឹមត្រូវ ជាមុនសិនដែរ ។ បរមគ្រូ ខុងជឺ ប្រដៅឱ្យយើងបង្អោនកាយ បន្ទាបខ្លួន (humility) ជាគ្រឹះនៃ គុណធម៌ទាំងអស់ក្នុងលោក ។ បកទៅព្រះគោតមពុទ្ធវិញ ព្រះអង្គប្រដៅយើងឱ្យធ្វើល្អតែទាំងអស់ ឱ្យចៀសអ្វី អាក្រក់តែទាំងអស់ និងឱ្យបន្សុទ្ធចិត្តគំនិតស្មារតីយើង ។
ខ្ញុំសូមធ្វើការប្រទាក់ក្រឡា យោងព្យួរ និងតភ្ជាប់នូវគំនិតផ្សេងៗខាងលើនេះជាមួយបញ្ហា នយោបាយខ្មែរបច្ចុប្បន្ន ។ ដោយហេតុថា «របៀបយើងគិត» ជាកំណត់អនាគតរបស់យើង យើងត្រូវ សើរើឡើងវិញអំពីគំនិតនិងទង្វើ «បន្តពូជ» — គឺការគិតនិងធ្វើជាដដែលៗ ច្រំដែលៗជារាប់រយឆ្នាំ ដែលបណ្តលលឱ្យយើងបានធ្លាក់ចូលទៅក្នុងសភាពការណ៍ដូចសព្វថ្ងៃនេះ ដូចលោក អាល់បឺត អែនស្តែនបានថា «ឆ្កួត គឺធ្វើដដែលៗម្តងហើយម្តងទៀត ប៉ុន្តែរំពឹងថានឹងបានលទ្ធផលខុសគ្នា» — ហើយចាប់ផ្តើមប្រើគំនិតនិងធ្វើសកម្មភាព «បង្កើនផលិត» ដោយប្រើគំនិតស្រមើស្រមៃ ពិចារណា ច្នៃប្រឌិត ស្របតាមគំនិតថា បើចង់បានអ្វីដែលយើងមិនដែលមាន យើងត្រូវតែធ្វើអ្វីដែលយើងមិន ដែលបានធ្វើពីមុនសោះ ។
ខ្ញុំសូមស្រង់ពាក្យសំដីលោក ហ្សង់ម៉ុណ្ណេ ជាថ្មីម្តងទៀតថា «គ្មានអ្វីអាចនៅគង់វង្សយូរអង្វែងបានទេ ប្រសិនណាបើគ្មានស្ថាប័ន» — បានសេចក្តីថាដរាបណាវប្បធម៌ខ្មែរចាស់បន្តពូជច្រំដែលៗ នៅតែមាន តទៅទៀត អ្វីៗដែលយើងចង់បានដូចចែងក្នុង «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញប្រទេសខ្មែរឆ្នាំ១៩៩៣ មិនអាចសំរេចបានដោយស្រួលហើយនៅគង់ វង្សយូរបានទេ យើងត្រូវតែបង្កើតស្ថាប័នវប្បធម៌សង្គមខ្មែរដូចដែលខ្ញុំធ្លាប់បានពោលនៅក្នុងអត្ថបទរបស់ខ្ញុំកាល ពីពេលមុនស្រាប់ ។ មូលដ្ឋាននៃនយោបាយគឺថា នយោបាយមិនអាចដើរទៅមុខបាន ប្រសិនណា បើគ្មានស្ថាប័ននានា ដែលជាម៉ាស៊ីនជម្រុញនយោបាយឱ្យដើរទៅមុខ ។ ពាក្យថា «ស្ថាប័ន» គឺត្រូវ មានបុគ្គលមនុស្សធ្វើការរួមគ្នា ដើម្បីឈោងចាប់យកគោលដៅរួមស្របទៅតាមច្បាប់ ទម្លាប់ដែល បានបង្កើតឱ្យមានឡើងដើម្បីបំពេញគោលដៅទាំងឡាយនោះ ។ ស្ថាប័នមានអាយុជីវិតយូរអង្វែង ជាច្រើនតំណមនុស្ស ។
ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយនាំមកជូនជាម្ហូបគំនិតនូវពាក្យសំដីរបស់អ្នកស្រីអូងសានស៊ូជីថា ៖ «បដិវត្តន៍ដែលមានគោលបំណងគ្រាន់តែផ្លាស់ប្តូរគោលនយោបាយនិងស្ថាប័នជាតិដើម្បីជម្រុញ
ស្ថានភាពសម្ភារៈឱ្យបានកើនល្អប្រសើរ មានឱកាសតិចតួចណាស់នឹងបានទទួលជោគជ័យពិត ប្រាកដ ។ បើគ្មានបដិវត្តន៍គំនិតស្មារតីទេ កម្លាំងដែលបង្កើតអំពើទុច្ចរិតក្នុងសណ្តាប់ធ្នាប់ពិភពលោក នឹងបន្តសកម្មភាព បន្តការគំរាមកំហែងគ្មានឈប់ឈរដល់ដំណើរការកែទម្រង់និងស្តារឡើងវិញ» ។ «មិនមែនអំណាចទេដែលបង្កើតអំពើពុករលួយ គឺការភ័យខ្លាច ។ ការភ័យខ្លាចបាត់បង់អំណាចធ្វើ ឱ្យអ្នកដែលកាន់អំណាចប្រព្រឹត្តអំពើពុករលួយ ការភ័យខ្លាចការគំរាមកំហែងនៃអំណាចធ្វើឱ្យអ្នក ដែលស្ថិតនៅក្រោមអំណាចប្រព្រឹត្តអំពើពុករលួយដែរ» ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com