«រដ្ឋឯកបក្សខ្មែរ»
«រៀនយោងព្យួរតភ្ជាប់គំនិត» (ត)
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧

 

បើនៅក្រោមស្ថានសួគ៌នេះ អ្វីៗក៏មានរដូវរបស់វា ហើយគ្រប់បញ្ហាក៏មានពេលវេលាវាដែរ (សំណេរពិសិដ្ឋ ៣:១-៨ គម្ពីរព្រះគ្រឹស្ទ ) ប្រទេសខ្មែរបានចូលក្នុងរដូវទុក្ខព្រួយដោយសារការគាបសង្កត់របស់អាជ្ញាធរនៃគណៈបក្សកាន់

អំណាច (ដូចដែលខ្ញុំបានសរសេរក្នុងអត្ថបទនានាកាលពីពេលថ្មីៗនេះ )។ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ជាថ្ងៃដែលប្រទេសខ្មែរបានឈានដល់ពេលវេលាប្រឈមមុខទល់នឹងបញ្ហាចម្លែកថ្មីមួយ ទៀត ។ វាគឺជាថ្ងៃដែលតុលាការកំពូលនៅក្រោមបញ្ជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញ

សាលក្រមរំលាយចោលគណៈបក្សសង្គ្រោះជាតិ ដែលជាគណៈបក្សប្រកួតប្រជែងមានប្រជាប្រិយ

ភាពនិងធំជាងគេតែមួយគត់ដែលអាចតតាំងនឹងរបបគាបសង្កត់របស់លោកហ៊ុនសែនបាន ។ តុលាការបានហាមឃាត់សមាជិកថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ ចូលរួមធ្វើ នយោបាយចំនួនប្រាំឆ្នាំទៅមុខទៀត ហើយចេញច្បាប់រឺបអូសអាសនៈ ៥៥ របស់អ្នកតំណាងរាស្ត្រ គណៈបក្សសង្គ្រោះជាតិដែលបានទទួលពីប្រជាពលរដ្ឋខ្មែរដែលជាអ្នកបោះឆ្នោតកន្លះនគរក្នុងឆ្នាំ

២០១៣ ទោះបីមានការគៃបន្លំសន្លឹកឆ្នោតដោយគណៈបក្សប្រជាជនក្តី យកទៅចែកជាអំណោយ ដល់គណៈបក្សតូចតាចប្រាំមួយផ្សេងទៀត មានរួមទាំងគណៈបក្សរាជានិយម «ហ្វុនស៊ិនប៉ិច » ដែលអរកខិបកខុបនឹងទទួលអំណោយអាសនៈរឹបអូសពីគេ ។

ជាការចំអកឡកដាក់លទ្ធិប្រជាធិបតេយ្យនិងតម្លៃគោលការណ៍យុត្តិធម៌ គណៈបក្សសង្គ្រោះជាតិ មិនទាំងទាន់បានរំលាយផង នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ២០១៧ ព្រះមហាក្សត្រខ្មែរព្រះបាទសីហមុនី បានឡាយព្រះហត្ថលេខាលើច្បាប់វិសោធនកម្មគណបក្សនយោបាយរឹបអូសអាសនៈរបស់អ្នក

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅចែកឱ្យគណបក្សតូចតាច ដូចកាត់ដងខ្លួនជាកង់ទុកចែក ត្មាតមុនមនុស្សបានស្លាប់ ។ តាំងតែពីខែតុលាមក លោកហ៊ុនសែនស្រែកប្រកូកដល់អ្នកមុខអ្នកការ របស់គណៈបក្សសង្គ្រោះជាតិឱ្យបោះបង់ចោលគណៈបក្សហើយទៅចូលក្នុងគណៈបក្សប្រជាជន

របស់លោក ។

នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ លោកហ៊ុនសែនព្រមានដល់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបក្ស

សង្គ្រោះជាតិចំនួន៥០០៧ នាក់ដែលបានទទួលសន្លឹកឆ្នោតពីប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ឱ្យបោះបង់ចោលគណៈបក្សសង្គ្រោះ ជាតិទៅចុះចូលគណ:បក្សប្រជាជនឱ្យបានទាន់ថ្ងៃសុក្រទី ២៤ ខែវិច្ឆិកា បើចង់រក្សាទុកមុខងារជាទី ប្រឹក្សាឃុំសង្កាត់ ។ សកម្មភាពទាំងនេះអាចប្រៀបបានទៅនឹងសកម្មភាពចោរប្លន់ផ្ទះសម្បែង អ្នកស្រុក ។

 

ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ
(៥៤៤ មុនគស–៤៩៦ មុនគស មេទ័ពប្រទេសចិនបុរាណ ) «នៅកណ្តាលភាពវឹកវរ ក៏នៅមានឱកាសដែរ »

 

 

 

 

 

ជាច្រើនឆ្នាំមកហើយដែលលោកហ៊ុនសែនបានប្រើយុទ្ធសាស្ត្រវាយបំបែកបំបាក់អ្វីដែលជាឧបសគ្គ

ដល់ការគ្រប់គ្រងត្រួតត្រារបស់លោកនិងក្រុមរួមប្រយោជន៍មួយកណ្តាប់ដៃ ដោយបានប្រើស្ថាប័នរដ្ឋ អំណាចមានទាហាន ប៉ូលិស តុលាការយមបាល ធ្វើការគំរាមកំញើញ រឹបអូស ចោទប្រកាន់ ចាប់ចង ថ្កោលទោស ។ល។ និង ។ល។ នៅពេលខ្ញុំកំពុងសរសេរអត្ថបទនេះ អាជ្ញាធរលោកហ៊ុនសែនបាន ចាប់ចងអតីតអ្នកយកពត៌មានវិទ្យុអាស៊ីសេរីពីរនាក់គឺលោកអ៊ួនឈិននិងលោកយាងសុជាមេតានៅថ្ងៃទី១៤ខែវិច្ឆិកា ។ បួនថ្ងៃក្រោយមក នៅថ្ងៃទី១៨ ទើបអ្នកទាំងពីរបានត្រូវគេចោទថាជាចារបុរស ព្រោះអ្នកទាំងពីរបានផ្តល់ពត៌មានឱ្យបរទេស ។ ឱ! សាម៉ែអើយ សាកែខាំទីតហើយ . . .

 

ការគាបសង្កត់ទាំងឡាយបានជម្រុញឱ្យក្រុមមន្ត្រីថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិជាង២០នាក់

រត់គេចខ្លួនកាលពីខែតុលាទៅរកជំរកនៅបរទេស ។ បច្ចុប្បន្ននេះ មានសកម្មជនថ្នាក់កណ្តាល និងថ្នាក់ក្រោមរាប់រយនាក់បានរត់គេចខ្លួនទៅដល់ជាយដែនខ្មែរ-ថៃហើយដែរ ។ ខ្ញុំមិនយល់ថា តើយុទ្ធសាស្ត្រអ្វីដែលបណ្តាលឱ្យលោកសមរង្ស៊ីណែនាំអ្នកមុខអ្នកការគណៈបក្សសង្គ្រោះជាតិទាំងថ្នាក់លើថ្នាក់ក្រោមឱ្យ «រត់» ចេញពីស្រុកទេសទៅចូលទឹកដីប្រទេសថៃ ។ គឺនៅពេលជាមួយគ្នានេះ ដែរដែលលោកហ៊ុនសែនបានបក់ដៃហៅអ្នកមុខអ្នកការគណៈបក្សសង្គ្រោះជាតិឱ្យចូលរួមក្នុង

គណៈបក្សរបស់លោកវិញ ។ ព័ត៌មានអំពីមនុស្សរត់ទៅជាយដែនបានធ្វើឱ្យខ្ញុំនឹកដល់ពេល កាលខ្ញុំឈរថតរូបអ្នកស្រុកអ្នកភូមិខ្មែរដែលបានដើរនិងជិះរទេះគោក្របីរត់គេចខ្លួនទៅដល់ជំរុំ

បន្ទាយអំពិល ។ តាមពត៌មានផ្សេងៗ អ្នកមុខអ្នកការនៃគណៈបក្សសង្គ្រោះជាតិបានទាត់ចោល សាលក្រមរបស់តុលាការកំពូលនរករបស់លោកហ៊ុនសែន ។ គេឮថាមានការរៀបចំផែនការណ៍ នានាមួយចំនួនសម្រាប់ថ្ងៃមុខផងដែរ ។

រឿងដែលខ្ញុំស្តាយណាស់គឺនៅឱកាសច្របូកច្របល់នេះខ្ញុំបែរជាបានឃើញខ្មែរប្រជាធិបតេយ្យនៅក្រៅស្រុកដូចជាមានការមិនចុះសម្រុងនឹងគ្នាទៅវិញ ។ ខ្ញុំជឿថាលោកហ៊ុនសែនប្រហែលអង្គុយ ញញឹមខ្ជិបហើយរកមធ្យោបាយដុតបញ្ឆេះថែមទៀតផង ។

ខ្ញុំនឹកដល់ពាក្យពេជន៍របស់លោកមេទ័ពចិនបុរាណ ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ (៥៤៤ មុនគស-៤៩៦ មុនគស ) ដែលខ្ញុំបានយកមកចុះក្នុងប្រអប់នៅខាងលើទំព័រនេះថា ភាពវឹកវរដែលបានកើតមាន

ឡើង (ដោយសារលោកហ៊ុនសែននិងគណៈបក្សប្រជាជន ) ក៏បានបង្កើតជាឱកាសនានាឱ្យបុគ្គល មនុស្ស ដែលអតីតមេដឹកនាំឥណ្ឌា លោក មហាត្មះ គន្ធី (១៨៦៩-១៩៤៨ ) ដែលបានថ្លែងថា «គឺខ្លួនអ្នកនេះហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃើញមានក្នុងពិភពលោក » ។

ខ្ញុំក៏ធ្លាប់បានសរសេរ ហើយមានអ្នកនិពន្ធមានឈ្មោះម្នាក់បានយកទៅផ្សាយបន្តក្នុងសៀវភៅគេថា «ប្រសិនបើយើងចេះចុចឱ្យចំចំណុចត្រូវនិងឱ្យចំពេលវេលាវា អ្វីដែលហាក់ដូចជានៅនឹងថ្កល់មិន អាចកែប្រែផ្លាស់ប្តូរបាន វាបែរជាអាចកែប្រែផ្លាស់ប្តូរបានទៅវិញ» ។

វគ្គមួយទៀតដែលខ្ញុំបានសរសេរហើយគេយកទៅចុះបន្តក្នុងសៀវភៅគេគឺ ៖ «ព្រឹត្តិការណ៍ សកម្មភាព និងកាលៈទេសៈ ដែលកើតមានឡើងជាហូរហែរបន្តបន្ទាប់គ្នាអាចហូរចូលគ្នារួមបង្កើតជា សន្ទុះរុញច្រានឱ្យបានទៅដល់ចំណុចកំពូលមួយ» (tipping point) ។ ពីលើចំណុចកំពូលនោះ ថាមពលមួយនឹងធ្លាយចេញមកដែលពិបាកនឹងទប់បាន ។

ពោលគឺនៅក្នុងគំនិតគិតយ៉ាងនេះហើយដែលខ្ញុំចេះតែសរសេរអំពាវនាវដល់ខ្មែរយើងឱ្យរៀនស្រមើស្រមៃ ពិចារណានិងច្នៃប្រឌិត ដូចលោកហ្សង់ម៉ុណ្ណេ (១៨៨៨-១៩៧៩ ) ដែលជាបិតាម្នាក់ក្នុង ចំណោមបិតាស្ថាបនិកសហភាពអឺរ៉ុបបានពោលថា «គ្មានអ្វីនៅក្នុងលោកនេះអាចកើតមានបានទេ ប្រសិនណាវាឥតមានមនុស្សលោក» ។ បានសេចក្តីថា ដោយខ្មែរយើងម្នាក់ៗមាន «ខួរក្បាលមួយ គីឡូក្រាម» ដូចមនុស្សឯទៀតនៅក្នុងលោកដែរ តើវាមានបញ្ហាអ្វីដែលខ្មែរដោះស្រាយខ្លួនឯងមិន បាននោះ? ជាង២៥០០ឆ្នាំមកហើយ ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សលោកថា

«អត្តហិ អត្តនោ នាថោ» ។

 

 

បញ្ហាខ្មែរបានធ្លាក់មកដល់ថ្នាក់នេះគឺមកពី «សម្តេចអគ្គមហាសេនាបដីតេជោ» ដែលពោរពេញទៅ ដោយអត្តទត្ថភាព គិតតែពីអាត្មាអញ និងអត្តស្នេហានិយមដើរដេកស្រឡាញ់តែអាត្មាអញម្នាក់ បានឈ្លក់ញៀននឹងអំណាចផ្តាច់ការហើយភ័យព្រួយណាស់ខ្លាចបាត់បង់អំណាចនៅពេលបោះឆ្នោត

នៅខែកក្កដាឆ្នាំ២០១៨ខាងមុខនេះស្របទៅតាមបដិញ្ញា «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» ឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ។ កត្តាមួយធ្វើឱ្យលោកមិនភ័យមិនកើត ពីព្រោះលោកអាច

មើលឃើញដែរថា យកតាមលំនាំភាពគន្លងផ្លូវនៃការបោះឆ្នោតសកលឆ្នាំ២០១៣ និងការបោះឆ្នោត ឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧នេះ លោកនិងគណៈបក្សប្រជាជននឹងមិនបានទទួលសន្លឹក ឆ្នោតពីប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០១៨ខាងមុខនេះទេដើម្បីបន្តអំណាច ។ កត្តាមួយទៀត គឺលោកភ័យខ្លាច «បដិវត្តព៌ណ» ហើយលោកមិនអាចភ្លេចបាននៅឆ្នាំ ២០១៣ ដែលប្រជាពលរដ្ឋ ខ្មែររាប់សែននាក់ដើរតាមដងវិថីនានានៅទីក្រុងភ្នំពេញនិងនៅតាមខេត្តនានា ជំទាស់និងថ្កោល ទោសរបបគាបសង្កត់របស់លោក ។

ខ្ញុំនៅចាំបានខ្មែរអ្នកតស៊ូជាតិនិយមនៅជាយដែនខ្មែរ-ថៃ ដែលសែនសប្បាយរីករាយនឹងអ្វីប្រសើរ ដែលគេយល់ថា សន្ធិសញ្ញាសន្តិភាពនឹងផ្តល់មកឱ្យខ្មែរ តែខ្ញុំបែរជាឈរសម្រក់ទឹកភ្នែកនឹងអនាគត ដែលខ្ញុំបានយល់ច្បាស់ថា វាស្ថិតនៅក្នុងកណ្តាប់ដៃបរទេសដែលបានសង្កត់គូភាគីខ្មែរទាំងបួនក្រុម ឱ្យចូល «ស៊ីញ៉េ» សន្ធិសញ្ញានិងធ្វើការ «ផ្សះផ្សាជាតិ» ។ តាមទស្សនៈខ្ញុំ ខ្ញុំមិនជឿថាវាអាចនឹង «ផ្សះផ្សា» បានជាមួយលោកហ៊ុនសែន។ ខ្ញុំក៏បានដកខ្លួនចេញពីជួរកងទ័ពជាតិរំដោះប្រជាពលរដ្ឋ ខ្មែរនៅខែវិច្ឆិកាឆ្នាំ១៩៨៩ ។

ក្នុងថានៈជាអតីតមេបញ្ជាការរបបខ្មែរក្រហមប៉ុលពតដែលបានរត់គេចពីការជម្រះលាងសំអាត

របស់ប៉ុលពតក្នុងឆ្នាំ១៩៧៧ទៅចូលកងទ័ពយួនកុម្មុយនិស្តន៍ លោកហ៊ុនសែនបានវិលត្រឡប់មក ប្រទេសខ្មែរវិញដោយសណ្តោងតាមក្រោយរថក្រោះនិងកងពលទាហានយួនហាណូយជាងមួយ

សែននាក់ដែលបានឆ្លងកាត់ព្រំប្រទល់ឈ្លានពានទឹកដីខ្មែរនៅចុងខែធ្នូឆ្នាំ១៩៧៨ ហើយវាយប្រហារ លើរបបប៉ុលពត ។ នៅក្នុងរយៈពេលតែពីរអាទិត្យប៉ុណ្ណោះ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ព រៀបរយយួនហាណូយបានចូលកាន់កាប់ត្រួតត្រារដ្ឋធានីភ្នំពេញ ហើយបានលើកបន្តុបសមមិត្ត ហ៊ុនសែនជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋាភិបាលអាយ៉ងខ្មែរមួយ ។ នៅឆ្នាំ១៩៨៥ កងទ័ព យួនដដែលត្រួតត្រាស្រុកខ្មែរក៏បានលើកបន្តុបអតីតមេខ្មែរក្រហមហ៊ុនសែនឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីប្រទេសខ្មែរ ។

អ្នកស្រាវជ្រាវបានសរសេរថាលោកហ៊ុនសែនខឹងណាស់នៅពេល «ប៉ាត្រុង» សូវៀតនិង «ប៉ាត្រុង» យួនបង្ខំលោកឱ្យ «ស៊ីញ៉េ» សន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៩១ ព្រោះលោកគ្មានចំណង់ឃើញមនុស្សមុជ ទឹក «បែញ័រ» មកចូលរួមកាន់អំណាចជាមួយលោក ។ អញ្ចឹងហើយបានជានៅពេលបោះឆ្នោត ចាញ់គេនៅ ឆ្នាំ១៩៩៣ លោកហ៊ុនសែនបានសំឡុតប្រជាជាតិខ្មែរថានឹងធ្វើសង្គ្រាមទៀត បើមិនឱ្យ លោកកាន់អំណាចទេ ។ ចូលខែកក្កដាឆ្នាំ១៩៩៧ លោកហ៊ុនសែនបានបញ្ជាកងទ័ពលោកឱ្យវាយ ប្រហារលើកងទ័ពរាជានិយម បាញ់គ្នាពេញកណ្តាលទីក្រុងភ្នំពេញ ។ លោកហ៊ុនសែនក៏បានកាន់ ក្តោបអំណាចតាំងពីពេលនោះមក ។ លោកមិនដែលគាំទ្រ «សន្ធិសញ្ញាសន្តិភាព» ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញប្រទេសខ្មែរឆ្នាំ១៩៩៣ ម្ដងណាឡើយ ។

៣២ឆ្នាំដែលបានដើរតួជាអ្នកបង្កើតច្បាប់ផង ជាចៅក្រមកាត់សេចក្តីផង និងជាប៉ូលិសចាប់ចងផង លោកហ៊ុនសែនស្រវឹងនឹងអំណាចផ្តាច់ការហើយបានប្រកាសថានឹងបន្តកាន់អំណាចនេះយ៉ាង

ហោចណាស់បានដប់ឆ្នាំទៀត ។ ក្រុមអ្នករួមប្រយោជន៍ស្រែកព្រមៗគ្នាថា «ជយោ!» ។ លោករដ្ឋមន្ត្រី ការពារជាតិខ្មែរបានព្រមានថានឹងវាយក្រុមបាតុករឱ្យបាក់ធ្មេញ ប្រសិនណាបើមានបាតុកម្មណា មួយកើតមានឡើង។ ខ្មែរអ្នកលេងជាយដែនម្នាក់បានក្តក់រំឭកខ្ញុំថា កុំឱ្យនឹកស្មានថាដៃគេជាប់បញ្ចាំ កុងស៊ី ។ ឱ! តិចខ្មែរអស់ធ្មេញព្រោះតែភាពវឹកវរមិនទុកសកម្មជនឱ្យឈរឱបដៃ ។

ខ្ញុំមិនមានចម្ងល់អ្វីនឹងព្រឺត្តិការណ៍ដែលកើតមានឡើងដោយសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាបុគ្គលដឹកនាំផ្តាច់ការទេ ព្រោះបុគ្គលដឹកនាំផ្តាច់ការវាធ្វើតែអញ្ចឹង ។ ជានិស្សិត នយោបាយម្នាក់ ខ្ញុំក៏មិនមានចម្ងល់នឹងសហគមន៍អន្តរជាតិដែលមានសមាជិកជាប្រទេស

ដែលគេដាក់ប្រយោជន៍របស់គេពីមុខនៅស្ទើររាល់គ្រប់បញ្ហា តែខ្ញុំស្តាយអំពីបុគ្គលខ្មែរដែលហាក់ ដូចជាមិនរវល់អំពីនយោបាយសត្យ ឬ ភាពពិតស្តីអំពីផលប្រយោជន៍ជាតិ ។

(ខ្ញុំបានសរសេរអត្ថបទជាភាសាខ្មែរមួយចុះផ្សាយក្នុងខែមេសាឆ្នាំ២០១៥ ក្រោមចំណងជើងថា «បម្រើ រុញ ការពារ ផលប្រយោជន៍ខ្មែរ»ដែលអាចជាជំនួយដល់ការយល់អំពីផលប្រយោជន៍ជាតិ ។)

 

 

ឆ្នាំ ២០១៧ ជាឆ្នាំទី ២៦ នៃ «សន្ធិសញ្ញាសន្តិសុខទីក្រុងប៉ារីស» ដែលបានសន្យាបញ្ឈប់ការវិវាទ រវាងខ្មែរនិងខ្មែរនិងកសាងប្រទេសកម្ពុជាថ្មីដែលគោរពសេរីភាព យុត្តិធម៌ សិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ ។ ២៦ ឆ្នាំក្រោយពីកិច្ចព្រមព្រៀង ការវិវាទរវាងខ្មែរនិងខ្មែរដែលបាន «ស៊ីញ៉េ» សន្ធិសញ្ញានៅតែមានបន្តខ្លាំងឡើងៗ រីឯសេរីភាព យុត្តិធម៌ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏មិនបានឃើញរីកដុះដាលដូចបានរំពឹង ។ ជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៩១មក ពលរដ្ឋខ្មែរទាំង នៅក្នុងស្រុកនិងជាពិសេសខ្មែរនៅក្រៅប្រទេសនៅគ្រប់ទ្វីបបានប្រមូលផ្តុំគ្នាជាក្រុមមានខ្នាតតូចធំ

អំពាវនាវឱ្យមានការគោរពដល់កិច្ចព្រមព្រៀង និងឱ្យមានការអនុវត្តន៍សន្ធិសញ្ញាឱ្យបានត្រឹមត្រូវ តាមបដិញ្ញាដូចដែលមានចារក្នុងឯកសារ ។ នៅក្នុងឆ្នាំខួបទី ២៦ នៃ «សន្ធិសញ្ញា» ពលរដ្ឋខ្មែរនៅ ក្រៅប្រទេស បានទទូចសុំដល់រដ្ឋាភិបាលជាហត្ថលេខីឱ្យជួបជុំគ្នាសាជាថ្មីដើម្បីរកដំណោះស្រាយ បញ្ហារំលោភជាន់ឈ្លីបដិញ្ញានៃកិច្ចព្រមព្រៀងដោយរដ្ឋាភិបាលលោកហ៊ុនសែន ។

ទោះបីមានរដ្ឋាភិបាលខ្លះនៅក្នុងសហគមន៍អន្តរជាតិបានធ្វើជាប្រតិកម្មបញ្ចេញសមានចិត្តដល់ក្រុម

ខ្មែរប្រជាធិបតេយ្យដែលមិនសប្បាយចិត្តនឹងរបបគាបសង្កត់របស់លោកហ៊ុនសែនក៏យើងបានមើលឃើញថា ទំនាក់ទំនងរវាងរដ្ឋាភិបាលសេរីនិយមនិងរដ្ឋាភិបាលលោកហ៊ុនសែនបានប្រព្រឹត្តទៅជា ធម្មតា ។

តែផ្ទុយទៅវិញ នៅក្នុងឆ្នាំ ២០១៧ នេះ លោកហ៊ុនសែនមិនត្រឺមតែបានប្រកាសថា «សន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីស» ឆ្នាំ១៩៩១នោះបានស្លាប់បាត់បង់ទៅហើយ លោកបានថែមទាំងពន្លឿន ដំណើរការសម្លាប់ចោលនូវសេរីភាព យុត្តិធម៌ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយរុញច្រាន ប្រទេសខ្មែរទៅកាន់ «រដ្ឋឯកបក្ស» ទៅវិញ ។

រដ្ឋាភិបាលសេរីនិយមខ្លះបានសម្តែងនូវកង្វល់និងការមិនពេញចិត្តនឹងសកម្មភាពរដ្ឋាភិបាលលោកហ៊ុនសែនហើយសុំរដ្ឋាភិបាលខ្មែរដោះលែងលោកកឹមសុខាចេញពីគុកនិងបញ្ឈប់សកម្មភាព

គាបសង្កត់ឱ្យបានឆាប់រហ័ស ។ រដ្ឋាភិបាលសេរីនិយមខ្លះទៀតព្រមានថានឹងមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ទេប្រសិនណាបើគ្មានគណៈបក្សសង្គ្រោះជាតិចូលប្រកួត

ប្រជែងផង ហើយគេនឹងចាត់វិធានការដាក់ទណ្ឌកម្មផ្សេងៗដល់រដ្ឋាភិបាលភ្នំពេញ។

សង្ខេបរឿងវែងទៅជាខ្លីដើម្បីងាយយល់ លោកហ៊ុនសែនបានឆ្លើយតបថា រដ្ឋាភិបាលសេរីនិយម ចង់ធ្វើស្អីក៏ធ្វើចុះតាមសប្បាយរដ្ឋាភិបាលខ្មែរមិនចាំបាច់ត្រូវការការទទួលស្គាល់ពីអន្តរជាតិនូវលទ្ធ

ផលនៃការបោះឆ្នោតឆ្នាំ២០១៨ឡើយ ហើយបើរដ្ឋាភិបាលសេរីនិយមចង់កាត់ជំនួយដល់ប្រទេស ខ្មែរក៏សូមកាត់ទៅចុះ ពីព្រោះគេមានប្រទេសចិននិងប្រទេសរុស្សីជួយគាំទ្រគេសព្វគ្រប់បានហើយ ។

រហូតមកដល់ពេលនេះ គេឃើញនៅមានការពិគ្រោះគ្នាច្រើននៅឡើយក្នុងរង្វង់រដ្ឋាភិបាលសេរី និយម ដែលចង់ដាក់ទណ្ឌកម្មផ្សេងៗទៅលើរដ្ឋាភិបាលលោកហ៊ុនសែន ដូចជាបំរាមចូលសហរដ្ឋ អាមេរិកដល់មន្ត្រីថ្នាក់លើរបស់របបភ្នំពេញ ការបង្កកទ្រព្យសម្បត្តិរបបភ្នំពេញ ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជកម្ម ។ល។ តែរដ្ឋាភិបាលលោកហ៊ុនសែនក៏បានបញ្ចេញឱ្យបានដឹងដែរថា មុននឹងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចឬពាណិជកម្មលើរដ្ឋាភិបាលភ្នំពេញ រដ្ឋាភិបាលសេរីនិយមគួរគិតឱ្យបានហ្មត់ចត់ សិនទៅ ក្រែងទណ្ឌកម្មនោះវាធ្វើឱ្យកម្មកររោងចក្រប្រមាណជាមួយលាននាក់និងប្រជាពលរដ្ឋ ក្រីក្រគ្នារងទុក្ខវេទនាកាន់តែច្រើនទៀតទៅវិញ ។

រឿងវាបានធ្លាក់មកដល់ត្រឹមនេះនៅពេលវេលានេះ ។

មុននឹងបញ្ចប់ ខ្ញុំសូមបកទៅពាក្យសំដីលោក Ralph Waldo Emerson ដែលមានឥទ្ធិពលច្រើនមក លើការគិតរបស់ខ្ញុំ ។ លោក អេម៉ើសុន ជាអ្នកដឹកនាំចលនា transcendentalist (ហួសពីវិស័យនៃការគិត ) នៅពាក់កណ្តាលសតវត្សទី ១៩ ។ លោកត្រូវបានគេមើលឃើញថា ជាជើងឯកនៃបុគ្គលនិយមនិងការរិះគន់ដោយលោកបានមើលឃើញមុននូវសម្ពាធបញ្ហាសង្គម ។ លោកបានថ្លែងអំពីមូលហេតុដែលមនុស្សលោកខ្វះសាមគ្គីភាពថា ៖ «មូលហេតុដែលពិភពលោក មិនមានសាមគ្គីភាពហើយដួលរលំដូចគំនរឥដ្ឋ គឺមកពីបុគ្គលមនុស្សម្នាក់ៗមានការបែកបាក់ជាមួយ ខ្លួនឯង» ។ ខ្ញុំបានយកគំនិតនេះមកយោងព្យួរតភ្ជាប់នឹងបញ្ហាសង្គមខ្មែរ (ដែលខ្មែរប្រជាធិបតេយ្យ ត្រូវការចាំបាច់រួបរួមគ្នានៅពេលនេះជាពិសេស ) ។

ខ្ញុំយល់ឃើញថា ខ្មែររួមគ្នាមិនបានព្រោះបុគ្គលខ្មែរមានការបែកបាក់ជាមួយខ្លួនឯង ។ យ៉ាងនេះដែរ បានជាខ្ញុំចេះតែឆ្លៀតទៅរកការប្រៀនប្រដៅរបស់ព្រះគោតមពុទ្ធដើម្បីដោះស្រាយបញ្ហាបុគ្គលខ្មែរបែកបាក់ជាមួយខ្លួនឯងក្នុងគោលរកសាមគ្គីភាពខ្មែរប្រជាធិបតេយ្យ ៕

 

 

រ៉ីយូណូស៊ូកេ សាតូរ៉

អ្នកកវីជប៉ុន
«ជាបុគ្គលដោយឡែកពីគ្នា យើងបានត្រឹមតែជាទឹកមួយដំណក់។
រួមគ្នា យើងទៅជាសមុទ្រមួយ»។

 

 

———-

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com