យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ» ចិនបុរាណ
«យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ» ចិនបុរាណ
បកប្រែសម្រួលរៀបរៀងនិងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងមេ៉ត
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

“យុទ្ធសាស្ត្រ សាមសិបប្រាំមួយ” មានប្រភពចេញពីប្រវត្តិសាស្ត្រសរសេរនិងប្រវត្តិសាស្ត្រនិទានរឿងតំណាលរបស់ចិនបុរាណនៅក្នុងអំឡុង “និទាឃរដូវនិងរដូវស្លឹកឈើជ្រុះ” (Spring and Autumn period) ពីឆ្នាំ ៧៧១ មគស ដល់ឆ្នាំ ៤៧៦ មគស និងនៅកម្លុងចម្បាំងរវាង “នគរបី” (the Three Kingdoms) ឬ សាមកុក មាន នគរ “វៃ” នគរ “ហ្សូ” Shu និង នគរ “វូ” Wu ពីគស ២២០ ដល់ គស ២៨០ ។ នៅឆ្នាំ ១៩៤១ មានរោងពុម្ភមួយនៅខេត្ត ហ្សាណស៊ី Shaanxi រកឃើញកម្រងយុទ្ធសាស្ត្រនោះហើយក៏យកមកបោះពុម្ភ ។ បន្ទាប់មកកាសែតចិនប្រចាំថ្ងៃឈ្មោះ ហ្គួងមុីង Guangming របស់គណបក្សកុម្មុយនិស្តចិនបានផ្សាយការត្រួតពិនិត្យកម្រងយុទ្ធសាស្ត្រនៅក្នុងខែសីហាឆ្នាំ១៩៦១ ។ ចាប់ពីពេលនោះមក “យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ” ចិនបុរាណបានចេញផ្សាយជាសាធារណៈ ។ “យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ” ចិនបុរាណមានប្រាំមួយជំពូក ហើយជំពូកនិមួយៗមានយុទ្ធសាស្ត្រប្រាំមួយ ។ នៅក្នុងយុទ្ធសាស្ត្រនិមួយៗ គេប្រើសុភាសិតបង្ហាញនូវយុទ្ធសាស្ត្រនោះ ។ គេសរសេរអត្ថាធិប្បាយប្រើរចនាបឋឃ្លាខ្លីៗនិងច្បាស់លាស់មានមួយឬពីរប្រយោគពន្យល់អំពីការអនុវត្តន៍សុភាសិតនៅក្នុងវិធីប្រយុទ្ធ ។ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយត្រូវបានពន្យល់ដោយឃ្លាខ្លីៗអំពីសេណារីយ៉ូលើសមរភូមិចំនួន៣៦ដែរ ។ ជំពូកបីដំបូងពណ៌នាជាទូទៅអំពីយុទ្ធសាស្ត្រសម្រាប់ប្រើការនៅក្នុងស្ថានភាពដែលអនុគ្រោះ ។ ជំពូកបីចុងក្រោយពណ៌នាអំពីយុទ្ធសាស្ត្រសម្រាប់ប្រើការនៅក្នុងស្ថានភាពមិនអនុគ្រោះ ។
ជំពូកទី ១: យុទ្ធសាស្ត្រឈ្នះ (勝戰計/胜战计Shèng zhàn jì)
ដើម្បីយកជ័យជំនះមេទ័ពត្រូវអនុវត្តគោលការណ៍ ៖
ឆ្លងកាត់សមុទ្រដោយមិនឲ្យអធិរាជដឹង
(瞞天過海/瞒天过海, Mán tiān guò hǎi)
បិទបាំងគោលដៅពិតៗរបស់អ្នក ។ ប្រើល្បិចបង្ហាញគោលដៅមិនពិតរហូតដល់ពេលគោលដៅពិតត្រូវបានសម្រេច(បញ្ឆោតឆ្វេង វាយស្តាំ)។
ឡោមពទ្ធWèiដើម្បីជួយសង្គ្រោះ Zhao
(圍魏救趙/围魏救赵, Wéi Wèi jiù Zhào)
នៅពេលប្រឈមមុខនឹងបច្ចាមិត្តដែលមានកម្លាំងរឹងមាំ ចៀសវាងការវាយប្រហារចំពីមុខ ។ វាយចំណុចខ្សោយរបស់បច្ចាមិត្ត ឬវាយប្រហារអ្វីមួយដែលសំខាន់សម្រាប់ពួកគេ ។ សត្រូវមិនអាចមានកម្លាំងខ្លាំងក្លានៅក្នុងគ្រប់កិច្ចការនិងគ្រប់ទីកន្លែងទេ ។ សំណាញ់ការពាររមែងមានចន្លោះប្រហោងត្រង់ណាមួយដែលជាចំណុចខ្សោយ ។
ខ្ចីដៃសត្រូវយកមកប្រើ
(借刀殺人/借刀杀人, Jiè dāo shā rén)
នៅក្នុងស្ថានភាពដែលអ្នកមិនមានកម្លាំងគ្រប់គ្រាន់ ត្រូវវាយប្រហារដោយប្រើកម្លាំងរបស់អ្នកដទៃ ។
បញ្ឆោតសម្ព័ន្ធមិត្តម្នាក់ឲ្យវាយប្រហារសត្រូវ ។ សូកប៉ាន់មន្ដ្រីម្នាក់ឲ្យក្បត់ ។ ប្រើកម្លាំងសត្រូវខ្លួនឯងឲ្យធ្វើការវាយប្រហារ ។ បំផ្លាញកម្លាំងសត្រូវដោយលើកទឹកចិត្តភាគីទីបីឲ្យវាយប្រហារ ។
រង់ចាំនិងសម្រាកយកកម្លាំងខណៈដែលបច្ចាមិត្តបង្ហូរញើសរៀបចំឆាកប្រយុទ្ធ
(以逸待勞/以逸待劳, Yǐ yì dài láo)
ជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់ប្រយុទ្ធ ។ គប្បីដឹងថាពេលណានិងនៅទីណាដែលអ្នកត្រូវប្រយុទ្ធខណៈបច្ចាមិត្តរបស់អ្នកមិនដឹង ។ បញ្ឆោតបច្ចាមិត្តឲ្យចំណាយឋាមពលទៅលើកិច្ចការអ្វីមួយដែលគ្មានប្រយោជន៍ខណៈអ្នកសន្សំទុកកម្លាំងរបស់អ្នក ។ គោលគំនិតគឺត្រៀមលក្ខណៈទ័ពរបស់អ្នកដើម្បីប្រយុទ្ធខណៈបច្ចាមិត្តរបស់អ្នកកំពុងស្វែងរកវិធីប្រយុទ្ធ ។ ល្បិចនេះនឹងផ្តល់ប្រៀបយ៉ាងសម្បើមដល់ទ័ពរបស់អ្នកនៅក្នុងការប្រយុទ្ធមួយនៅគ្រាខាងមុខដែលអ្នកជាអ្នករើសពេលវេលានិងទីកន្លែងប្រយុទ្ធ ។ ឆក់ប្លន់ទ្រព្បពីផ្ទះដែលកំពុងឆេះ(趁火打劫 / 趁火打劫, Chèn huǒ dǎ jié) នៅពេលសត្រូវមានជម្លោះផ្ទៃក្នុង ប្រជាជនមានជម្ងឺឬទុរ្ភិក្សហើយអស់ជំនឿលើពួកអាជ្ញាធរ អំពើពុករលួយនិងបទឧក្រិដ្ឋរីករាលដាលពេញប្រទេស នេះជាពេលវេលាដែលអ្នកត្រូវវាយប្រហារ ។ ប្រមូលផ្តុំព័ត៌មានផ្ទៃក្នុងអំពីសត្រូវ ។ បើសត្រូវស្ថិតនៅក្នុងស្ថានភាពខ្សោយបំផុត ត្រូវវាយប្រហារឲ្យខ្លាំងដោយឥតប្រណី ហើយបំផ្លាញពួកគេឲ្យខ្ទេចតែម្តងដើម្បីចៀសវាងបញ្ហានៅថ្ងៃអនាគត ។ បញ្ឆោតឆ្វេង វាយស្តាំ(聲東擊西/声东击西, Shēng dōng jī xī) ការវាយឆ្មក់ផ្តល់អត្ថប្រយោជន៍ច្រើន ។ សូម្បីនៅពេលវាយប្រហារទល់មុខគ្នា ការបង្កើតឲ្យមានការភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍វាយឆ្មក់តែងតែមានសារៈប្រយោជន៍ ។ អ្នកគប្បីវាយប្រហារកន្លែងណាដែលសត្រូវមិនបានគិតដល់ ។ ត្រូវបញ្ឆោតសត្រូវឲ្យផ្តោតកម្លាំងទៅលើទីតាំងមួយខណៈអ្នកវាយប្រហារទីតាំងមួយទៀតដែលមិនសូវមានការការពាររឹងមាំ ។
ជំពូកទី២: យុទ្ធសាស្រ្តចាក់សត្រូវពីក្រោយខ្នង (敵戰計/敌战计, Dí zhàn jì)
របៀបប្រហារគូបដិបក្ខមិនឲ្យដឹងខ្លួន ។
បង្កើតព្រឹត្តិការណ៍ដើម្បីបំភ្លៃស្ថានការណ៍
(無中的有/ 无中的有, Wú zhōng sheng yǒu)
រកមធ្យោបាយកុហកសត្រូវ ។ ធ្វើឲ្យសត្រូវជឿថាមានអ្វីមួយកើតឡើងខណៈដែលឥតមានអ្វីសោះ ។
វិធីសាស្រ្តមួយគឺបង្កើតព្រឹត្តិការណ៍អំពីអត្ថិភាពអ្វីមួយដែលឥតមានសោះ ។ វិធីសាស្រ្តមួយទៀតគឺឃោសនាបំភ្លៃថាគ្មានអត្ថិភាពអ្វីទេខណៈដែលមាន ។
ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង
(明修棧道,暗渡陳倉/明修栈道,暗渡陈仓, Míng xiū zhàn dào, àn dù Chéncāng)
បញ្ឆោតសត្រូវដោយប្រើវិធីសាស្រ្តជាក់ស្តែងមួយដែលត្រូវការពេលវេលាយូរដើម្បីសម្រេច ខណៈប្រើយុទ្ធសាស្ត្រផ្លូវកាត់លួចឆ្មក់វាយប្រហារទៅលើពួកគេ ។ នៅពេលដែលសត្រូវផ្តោតអារម្មណ៍ទៅលើការបំភាន់មួយ ពួកគេមិនចាប់ភ្លឹកដល់ការលួចឆ្មក់វាយប្រហារទេ ។ ផ្គុំល្បិចនេះជាមួយវិធីសាស្ត្រ បញ្ឆោតឆ្វេង វាយស្តាំ ។ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍សត្រូវ ។ យករូបវន្តអ្វីមួយមកធ្វើជាធ្នាក់ដើម្បីបង្កើនជំនឿទៅលើព័ត៌មានបំភ្លៃនោះ ។ សត្រូវនឹងចាប់អារម្មណ៍នៅពេលមើលឃើញធ្នាក់ច្បាស់និងយល់ថាជារូបភាពពិត ។ បញ្ចេញសកម្មភាពបញ្ឆោតឲ្យសត្រូវមើលឃើញថាវាជាសកម្មភាពឆ្ពោះទៅកាន់គោលដៅពិតប្រាកដ ដើម្បីកុំឲ្យពួកគេសង្ស័យ ។
អង្គុយមើលភ្លើងឆេះឲ្យខ្ទេចខ្ទីសិន
(隔岸觀火/隔岸观火, Gé àn guān huǒ)
ពន្យាពេលចូលប្រឡូកក្នុងសមរភូមិ ។ រង់ចាំទាល់តែសត្រូវនានានៅក្នុងសមរភូមិប្រយុទ្ធគ្នាទន់ដៃ ។ រួចឆក់ឱកាសចូលវាយប្រហារសត្រូវទាំងអស់ឲ្យពេញទំហឹង ដើម្បីប្រមូលយកជោគជ័យទាំងមូល ។
ញញឹមលាក់ពិស
(笑裏藏刀/笑里藏刀, Xiào lǐ cáng dāo)
លុនតួ លុតក្រាប លិឍពង យកចិត្តសត្រូវ ។ នៅពេលទទួលបានការទុកចិត្តពីសត្រូវហើយចាត់ការប្រហារពួកគេដោយស្ងៀមស្ងាត់ ។
បូជាដើមបេងដើម្បីថែរក្សានាងនួន
(李代桃僵, Lǐ dài táo jiāng)
មានកាលៈទេសៈដែលតម្រូវឲ្យអ្នកលះបង់គោលបំណងរយៈពេលខ្លីដើម្បីសម្រេចគោលដៅរយៈពេលវែង ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលតម្រូវឲ្យមនុស្សម្នាក់ទទួលរងទុក្ខដើម្បីបញ្ចៀសមនុស្សដទៃទៀតឲ្យផុតពីគ្រោះភ័យ ។
ឆ្លៀតឱកាសលួចយកពពែមួយ
(順手牽羊/顺手牵羊, Shùn shǒu qiān yáng)
នៅពេលអ្នកអនុវត្តផែនការណ៍ណាមួយ ចូរប្រកាន់ឥរិយាបឋទន់ភ្លន់បត់បែនតាមកាលៈទេសៈដើម្បីធ្វើសកម្មភាពឆក់យកសារប្រយោជន៍ ។ ឆ្លៀតឱកាសស្វែងរកកម្រៃទោះតិចក្តីច្រើនក្តី ។
ជំពូកទី ៣: យុទ្ធសាស្ត្រវាយប្រហារ (攻戰計/攻战计, Gōng zhàn jì)
វាយស្មៅបង្អើលពស់
(打草驚蛇/打草惊蛇, Dá cǎo jīng shé)
ធ្វើអ្វីមួយដែលគ្មានគោលដៅតែមានភាពអស្ចារ្យ (វាយស្មៅ)ដើម្បីបង្កឲ្យមានប្រតិកម្មអំពីបច្ចាមិត្ត
(ពស់ភ័យផ្អើល)។ ធ្វើឲ្យពួកគេបញ្ចេញផែនការឬទីតាំងរបស់ខ្លួន ឬធ្វើអ្វីមួយគ្រាន់តែបង្អើលសត្រូវក៏បានដែរ ។ បង្កើតសកម្មភាពមួយដែលមិនធម្មតា ដែលចម្លែក និងដែលមិនដែលនឹកស្មានដល់ ដើម្បីឲ្យសត្រូវមានការសង្ស័យ និងភ័យព្រួយនៅក្នុងគំនិតពួកគេ ។ ចូរប្រុងប្រយ័ត្ន “កុំធ្វើឲ្យពស់ភ្ញាក់ផ្អើលដោយការវាយស្មៅ”ពីព្រោះបើប្រើយុទ្ធសាស្ត្រនេះដោយធ្វេសប្រហែសអាចបញ្ចេញទីតាំងឬគោលបំណងរបស់អ្នកឲ្យបច្ចាមិត្តដឹងទៅវិញ ។
ជញ្ជត់ព្រលឹង
(借屍還魂/借尸还魂, Jiè shī huán hún)
យកស្ថាប័នមួយ បច្ចេកវិទ្យាមួយ វិធីសាស្រ្តមួយ ឬមនោគមវិជ្ជាមួយដែលត្រូវបានបោះបង់ចោលយូរហើយ មកបម្រើគោលបំណងរបស់អ្នកវិញ ។ ស្តារអ្វីមួយពីអតីតកាលដោយផ្តល់នូវគោលបំណងថ្មី ឬប្រសឲ្យរស់ឡើងវិញនូវគំនិតបុរាណ ប្រពៃណី ឬទំនៀមទម្លាប់ហើយបកស្រាយជាថ្មីដោយផ្តល់ន័យថ្មីឲ្យសមស្របនឹងគោលបំណងរបស់អ្នក។
ល្បួងខ្លាចេញពីរូងភ្នំ
(調虎離山/调虎离山, Diào hǔ lí shān)
មិនត្រូវវាយប្រហារបច្ចាមិត្តដែលមានទីតាំងមានការការពាររឹងមាំនោះទេ ។ ត្រូវល្បួងពួកគេឲ្យចេញពីទីតាំង ។ ធ្វើដូច្នេះគឺដើម្បីបំបែកសត្រូវចេញពីមូលដ្ឋាននៃកម្លាំងរបស់ខ្លួន ។
លែងឈ្លូសឲ្យចូលព្រៃ
(欲擒故縱/欲擒故纵, Yù qín gū zòng)
សត្វព្រៃដែលជាប់ក្នុងការឡោមព័ទ្ធនឹងធ្វើការប្រយុទ្ធស្លាប់រស់ជាចុងក្រោយ ។ ដើម្បីបងា្កហេតុភេទនេះ អ្នកត្រូវធ្វើឲ្យសត្រូវជឿថាគេនៅមានឱកាសរំដោះខ្លួន ។ ឆន្ទៈសត្រូវនៅក្នុងការប្រយុទ្ធតបតត្រូវបានកាត់បន្ថយព្រោះតែគេមានបំណងរត់ចេញពីទីនោះ ។ នៅពេលសត្រូវមើលឃើញថាមិនអាចរំដោះខ្លួនបានទេ ពួកគេនឹងអស់ទឹកចិត្តតស៊ូហើយចុះចាញ់ដោយគ្មានការប្រយុទ្ធ ។
បោះចោលដុំឥដ្ឋដើម្បីប្តូរយកត្បូងមរកត(拋磚引玉/抛砖引玉, Pāo zhuān yǐn yù)
បញ្ឆោតគូបដិបក្ខដែលកំពុងមានរបស់មួយនៅក្នុងដៃឲ្យជឿថាខ្លួនអាចទទួលបានរបស់ដែលមានតម្លៃជាងនេះមួយទៀត ។ បំភ្លៃឲ្យគេជឿនិងមើលឃើញរបស់មានតម្លៃក្លែងក្លាយនោះ ។ លួងលោមឲ្យបច្ចាមិត្តធ្វើប្រតិកម្ម ។ ធ្វើដូច្នេះ របស់ដែលមាននៅក្នុងដៃនិងរបស់ដែលមានតម្លៃក្លែងក្លាយត្រូវបានរបូតបាត់ដូចជា “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច”។
ចាប់ចោរត្រូវចាប់មេវា
(擒賊擒王/擒贼擒王, Qín zéi qín wáng)
បើកងទ័ពសត្រូវមានភាពរឹងមាំដោយសារទំនាក់ទំនងជាមួយមេតាមរយៈប្រាក់កាស អបិយជំនឿ ឬការគំរាមកំហែង គប្បីផ្តោតសកម្មភាពកំចាត់មេដឹកនាំ ។ នៅពេលមេរលំដួល ទ័ពដែលនៅសេសសល់នឹងបែកខ្ញែក ឬនឹងមកចុះចូលនឹងយើង ។ ប៉ុន្តែបើទ័ពសត្រូវរឹងមាំដោយសារទំនាក់ទំនងជាមួយមេតាមរយៈភាពស្មោះត្រង់ យើងគប្បីប្រុងប្រយ័ត្នព្រោះទ័ពបែបនេះអាចបន្តការប្រយុទ្ធប្រឆាំងសងសឹកក្រោយពីមេរបស់ពួកគេស្លាប់ទៅ ។
ជំពូក៤: យុទ្ធសាស្ត្របង្កភាពវឹកវរ (混戰計/混战计)
ដុតឲ្យខ្លោច រោចឲ្យឆៅ
(釜底抽薪/釜底抽薪, Fǔ dǐ chōu xīn)
រំលើងគោលជំហរសំខាន់របស់សត្រូវ ញុះញង់បង្ខូចប្រយោជន៍គូបដិបក្ខដោយប្រការផ្សេងៗ ដូចជា ឃោសនាថានឹងរឹបអូសយកទ្រព្យពីមន្ត្រីពុករលួយមកចែកឲ្យប្រជាពលរដ្ឋ ។ នេះជាវិធីសាស្ត្រប្រយោល ៖ មិនវាយប្រហារសត្រូវដោយត្រង់ៗទេ តែវាយប្រហារសមត្ថភាពពួកគេនៅក្នុងការប្រកួតគ្នាឬក៏ធ្វើសឹកសង្គ្រាម ។ នេះជាវិធីបឺតប្រេងសាំងចេញពីភ្លើង ។
កញ្ជ្រោកទឹកឲ្យត្រីពុល
(渾水摸魚/浑水摸鱼or 混水摸鱼, Hún shuǐ mō yú)
បង្កភាពច្របូកច្របល់ហើយប្រើភាពច្របូកច្របល់នេះដើម្បីសម្រេចគោលដៅរបស់អ្នក ។
លាបពណ៌ស្លាបរៃឲ្យក្លាយជាកំភេម
(金蟬脱殼/金蝉脱壳, Jīn chán tuō qiào)
លាក់បាំងលក្ខណៈពិសេសរបស់អ្នកដើម្បីកុំឲ្យគេមើលស្គាល់ ។ ប្តូរអត្តសញ្ញាណឬក្លែងបន្លំខ្លួនធ្វើជា
មនុស្សផ្សេងវិញ ។ វិធីសាស្រ្តនេះមានប្រយោជន៍សម្រាប់ការរត់គេចពីខ្មាំង ។
បិទទ្វារវ៉ៃឆ្កែ
(關門捉賊/关门捉贼, Guān mén zhuō zéi)
ដើម្បីចាប់បច្ចាមិត្ត ឬនៅក្នុងការវាយប្រហារសត្រូវផ្តាច់ព្រ័ត្ត ត្រូវរៀបចំផែនការដោយប្រុងប្រយ័ត្ន ។
មិនត្រូវប្រញាប់ប្រញាល់ធ្វើសកម្មភាពពេកទេ ។ មុនពេល “ចូលសម្លាប់”ចូរកាត់ផ្តាច់ផ្លូវរត់គេចខ្លួនរបស់សត្រូវ និងកាត់ផ្តាច់ផ្លូវដែលអាចនាំជំនួយពីខាងក្រៅទៅឲ្យពួកគេ ។
ជួញជិត ជាជាងជួញឆ្ងាយ
(遠交近攻/远交近攻, Yuǎn jiāo jìn gōng)
អ្នកមានឱកាសទទួលជោគជ័យច្រើនបើអ្នកឈ្លានពានស្រុកដែលនៅក្បែរអ្នក ។ សមរភូមិដែលនៅជិតអ្នកសម្រួលឲ្យកងទ័ពអ្នកទទួលជំនួយនិងធ្វើការការពារដីដែលបានសញ្ជ័យ ។ គួរចងសម្ព័ន្ធមិត្តជាមួយប្រជាជាតិដែលនៅឆ្ងាយ ។ កុំឈ្លានពានប្រជាជាតិដែលនៅឆ្ងាយ ។
សុំផ្ទះជ្រក រួចយកតែម្តង (假途伐虢/假途伐虢, Jiǎ tú fá Guó)
រកមធ្យោបាយខ្ចីធនធានពីសម្ព័ន្ធមិត្តដើម្បីវាយប្រហារសត្រូវរួមម្នាក់ ។ នៅពេលសត្រូវរួមត្រូវបានកម្ទេចរួចហើយ យកធនធានកម្ចីទាំងនោះទៅវាយប្រហារលើសម្ព័ន្ធមិត្តវិញម្តង ។
ជំពូកទី៥: យុទ្ធសាស្ត្រស៊ីរូងផ្ទៃក្នុង(並戰計)
ច្រេះស៊ីដែក
(偷梁換柱/偷梁换柱, Tōu liáng huàn zhù)
បញ្ជូនភ្នាក់ងារសម្ងាត់ឲ្យចុះចូលជាមួយសត្រូវ ដើម្បីរកមធ្យោបាយឆារឆៅនិងរំខានការរៀបចំវិធីសាស្រ្តប្រតិបត្តិការនានាដូចជាផ្លាស់ប្តូរច្បាប់ទម្លាប់ដោយបង្កើតឡើងនូវអ្វីដែលផ្ទុយអំពីរបៀបដែលជាស្តង់ដាររបស់ពួកគេ ។ ធ្វើដូច្នេះគឺដើម្បីបង្កឲ្យមានភាពរង្គោះរង្គើនៅក្នុងក្បាលម៉ាស៊ីនដឹកនាំដែលជាកត្តាធ្វើឲ្យមនុស្សធម្មតាក្លាយទៅជាកងទ័ពដ៏មានប្រសិទ្ធិភាព ។
អារកមាន់បង្លាចស្វា
(指桑罵槐/指桑骂槐, Zhǐ sāng mà huái)
ក្នុងការដាក់វិន័យ គ្រប់គ្រង ឬព្រមានមនុស្សដែលនៅក្រៅបរិវេណពាក់ព័ន្ធ គប្បីនិយាយវាយប្រហារបញ្ឆិតបញ្ឆៀងដាក់មនុស្សដែលមានខ្លួន ។ ធ្វើដូច្នេះអ្នកដែលមានខ្លួនពាក់ព័ន្ធក្នុងរឿងអាស្រូវមិនហ៊ានប្រតិកម្មតបតទេ ព្រោះខ្លាចបែកធ្លាយបទឧក្រិដ្ឋ ឬក៏បែកធ្លាយបេសកកម្មសម្ងាត់របស់ខ្លួន ។
ចេះធ្វើភ្លើ
(假痴不癲/假痴不癫, Jiǎ chī bù diān)
ធ្វើពុតជាមនុស្សល្ងីល្ងើ មនុស្សស្រវឹង ឬមនុស្សឆ្កួតដើម្បីបង្វែងដានពីចំណាប់អារម្មណ៍របស់សត្រូវ ។ ប្រលោមសត្រូវឲ្យវាយតម្លៃទាបលើសមត្ថភាពរបស់អ្នករហូតទាល់តែគេបាត់ការប្រុងប្រយ័ត្ន ។ ពេលនោះហើយដែលអ្នកត្រូវបើកការវាយប្រហារ ។
លួចដកជណ្តើរបន្ទាប់ពីគេឡើងដំបូលផ្ទះផុត(បញ្ឆោតខ្លាឲ្យធ្លាក់ជ្រោះ)
(上屋抽梯, Shàng wū chōu tī)
បោកបញ្ឆោតឬលួងលោមអន្ទងបច្ចាមិត្តឲ្យធ្លាក់ខ្លួនចូលទៅកន្លែងគ្រោះថ្នាក់ ។ រួចកាត់ផ្តាច់ទំនាក់ទំនងសត្រូវនិងផ្លូវទៅរកសុវត្តិភាពរបស់គេ ។ ដើម្បីរំដោះខ្លួនចេញពីមហន្តរាយ សត្រូវត្រូវប្រយុទ្ធនឹងទ័ពរបស់អ្នកផងនិងធម្មជាតិផង ។
យកផ្កាទៅចងលើឈើងាប់
(樹上開花/树上开花, Shù shàng kāi huā)
យកផ្កាសិប្បនិម្មិតទៅចងនៅលើដើមឈើងាប់មួយដើម្បីបំភាន់ថាដើមឈើនោះនៅលូតលាស់ល្អ ។
តាមរយៈការប្រើប្រាស់សិប្បកោសល្យនិងក្លែងបន្លំ អ្វីមួយដែលគ្មានតម្លៃក៏លេចឡើងជាមានតម្លៃ ។ អ្វីដែលមិនមានគ្រោះថ្នាក់សោះបែរជាមើលទៅហាក់ដូចជាមានគ្រោះថ្នាក់សម្បើមណាស់ ។ អ្វីដែលគ្មានប្រយោជន៍បែរជាមានប្រយោជន៍ទៅវិញ ។
ផ្លាស់ប្តូរតួនាទីរវាងម្ចាស់ផ្ទះនិងភ្ញៀវ(បញ្ញើក្អែក)
(反客為主/反客为主, Fǎn kè wéi zhǔ)
ដណ្តើមយកការដឹកនាំនៅក្នុងស្ថានភាពដែលអ្នកជាមនុស្សនៅក្រោមចំណុះគេ ដោយជ្រៀតចូលឲ្យដល់ទីដៅ ។ ធ្វើពុតជាភ្ញៀវដើម្បីឲ្យគេទទួលអ្នក ។ បន្ទាប់មកអភិវឌ្ឍខ្លួនអ្នកឲ្យទៅជាម្ចាស់ផ្ទះវិញម្តង ។
ជំពូក ៦: យុទ្ធសាស្ត្រទាល់ច្រក(敗戰計)
ក្រឡទឹកឃ្មុំ
(美人計/美人计, Měi rén jì)
បញ្ជូនស្ត្រីស្រស់ស្អាតទៅឲ្យបច្ចាមិត្តដើម្បីបង្កការមិនចុះសម្រុងនៅក្នុងជំរំពួកគេ ៖ ទីមួយ ចៅហ្វាយនាយដែលឈ្លក់នឹងសម្រស់លែងយកចិត្តទុកដាក់លើកិច្ចការងារបណ្តោយឲ្យការប្រុងប្រយ័ត្នធ្លាក់ចុះក្នុងភាពអនាធិបតេយ្យ ។ ទីពីរ ប្រុសៗនឹងចាប់ផ្តើមមានបញ្ហានៅពេលស្ត្រីដែលគេចង់បានបែរជាទៅជិតដិតនឹងប្រុសណាម្នាក់ទៀត ។ ទីបី ស្ត្រីឯទៀតនឹងមានការច្រណែនហើយនាំគ្នាបង្កើតផែនការណ៍និងឧបាយកលផ្សេងៗដែលជាហេតុនាំឲ្យស្ថានភាពនៅក្នុងជំរំវឹកវរ ។
យុទ្ធសាស្រ្តបន្ទាយគ្មានទ័ព(សម្ងំយកពិស)
(空城計/空城计, Kōng chéng jì)
នៅពេលដែលសត្រូវមានចំនួនទ័ពច្រើនហើយស្ថានភាពបង្ហាញថាសត្រូវនឹងវាយប្រហារអ្នកឆាប់ៗ អ្នកត្រូវបោះបង់ចោលនូវគំនិតថាអ្នកនៅកំពុងតែត្រៀមខ្លួនប្រយុទ្ធ ។ គប្បីរក្សាភាពស្ងប់ស្ងៀម ឬធ្វើការចំអកដាក់គូបដិបក្ខដើម្បីឲ្យពួកគេគិតថាអ្នកកំពុងរៀបចំការពួនស្ទាក់វាយឆ្មក់ដ៏ធំមួយទៅលើពួកគេ ។ វិធីសាស្ត្រនេះល្អប្រសើរបើអ្នកអាចរក្សាភាពស្ងប់ស្ងៀមនិងធម្មតា ខណៈគូបដិបក្ខគិតថាអ្នកស្ថិតនៅក្នុងស្ថានការណ៍ភ័យព្រួយ ។ យុទ្ធសាស្ត្របន្ទាយគ្មានទ័ពគួរប្រើនៅក្នុងករណីអ្នកបានលាក់ទ័ពអ្នក និងគួរប្រើម្តងម្តាលបានហើយ ។
ស្វាស៊ីបាយរួចលាបមាត់ពពែ
(反間計/反间计, Fǎn jiàn jì)
កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់បច្ចាមិត្តដោយលួចបង្កឲ្យមានការរកាំរកូសនឹងគ្នារវាងមិត្តភក្តិ សម្ព័ន្ធមិត្ត ទីប្រឹក្សា គ្រួសារ នាយទាហាន ទាហាន និងប្រជាជន ។ ខណៈសត្រូវជាប់រវល់ដោះស្រាយបញ្ហាាផ្ទៃក្នុង សមត្ថភាពវាយប្រហារឬការពាររបស់ពួកគេនឹងទន់ខ្សោយ ។
បង្ករបួសលើខ្លួនឯងដើម្បីបញ្ឆោតសត្រូវ
(苦肉計/苦肉计, Kǔ ròu jì)
ធ្វើពុតជាត្រូវរបួស មានសារៈប្រយោជន៍ពីរយ៉ាង ៖ ទីមួយ បច្ចាមិត្តគិតថាអ្នកមិនអាចវាយប្រហារគេបានឡើយ ។ ទីពីរ អ្នកអាចបញ្ឆោតឬនិយាយបញ្ចុះបញ្ចូលបច្ចាមិត្តឲ្យជឿថា អ្នកត្រូវរបួសដោយសារជួយការពារសមិទ្ធិផលរបស់ពួកគេ ។ យុទ្ធសាស្ត្ររត់បណ្តាក់គ្នា (連環計/连环计, Lián huán jì)
ក្នុងការតតាំងជាមួយសត្រូវដែលខ្លាំង គប្បីប្រើវិធីសាស្ត្ររត់បណ្តាក់គ្នាជាខ្សែសង្វាក់ ។ ត្រូវរក្សាដំណើរប្រតិបត្តិគម្រោងផ្សេងៗឲ្យស្របទៅតាមគម្រោងផែនការធំតែមួយ ។ ក្នុងករណីដែលគម្រោងណាមួយបរាជ័យ គប្បីអនុវត្តគម្រោងបន្ទាប់ទៀតភ្លាម ។ យុទ្ធសាស្ត្រនេះនឹងជួយឲ្យគម្រោងផែនការធំនៅតែបន្តដំណើរការទៅមុខឌោយឥតរអាក់រអួល ។
ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ, រត់យករួចខ្លួនសិន
(走为上计/ 走为处计, zǒuwéi shang jì)
ប្រសិនបើស្ថានភាពបង្ហាញជាក់លាក់ថាសកម្មភាពរបស់អ្នកកំពុងធ្លាក់ចូលក្នុងភាពបរាជ័យ អ្នកគប្បីដកថយហើយប្រមូលផ្ដុំគ្នាជាថ្មី ។ នៅពេលដែលអ្នកប្រឈមនឹងបរាជ័យ អ្នកមានជម្រើសបី គឺ៖ ចុះចាញ់សម្រុះសម្រួល (ចចារផ្អាកប្រយុទ្ធ)ឬរត់គេចខ្លួន ។ ចុះចាញ់គឺជាបរាជ័យទាំងស្រុង ។ ចចារផ្អាកប្រយុទ្ធ(សម្រុះសម្រួល)គឺបរាជ័យពាក់កណ្តាល ។ ក៏ប៉ុន្តែ រត់គេចខ្លួនមិនមែនជាបរាជ័យទេ ។ ដរាបណាអ្នកនៅមិនទាន់បានចាញ់នៅឡើយ អ្នកនៅតែមានឱកាសតតាំងគ្នាទៀត ។ នេះគឺជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតដែលមានលក្ខណៈអមតៈក្នុងទម្រង់ពាក្យស្លោកចិនពោលគឺ“នៅក្នុងចំណោមយុទ្ធសាស្ត្រទាំងសាមសិប-ប្រាំមួយរត់គេចខ្លួនគឺជាជម្រើសដ៏ល្អបំផុត” (三十六計, 走為上計/ 二十計, 走為上計, Sānshíliùjì, zǒuwéi shang jì) ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com