ម្ហូបសម្រាប់គំនិត
ដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
១៥ ឧសភា ២០១៥
គំនិតនិងពាក្យសំដីរបស់លោក Ralph Waldo Emerson អ្នកនិពន្ធ, សាស្ត្រាចារ្យ, និងជាអ្នកកវីដែលបានដឹកនាំចលនា Transcendentalist ក្នុងសតវត្សទី ១៩ ផ្នែកអក្សរសាស្រ្តនិងទស្សនៈអាមេរិកាំង (ដែលបានណែនាំមនុស្សលោកឱ្យមើលឃើញអ្វីៗថាជាកំណែតូចៗនៃសាកលលោកដ៏ធំទូលំទូលាយ និងឱ្យមានការទុកចិត្តលើវិចារណញាណនៃបុគ្គលរៀងៗខ្លួន ) បានចាប់អារម្មណ៍ខ្ញុំតាំងពីខ្ញុំបានចូលសិក្សានៅសាកលវិទ្យាល័យក្នុងឆ្នាំ១៩៦៣ ម្លេះ។ លោក Emerson ជើងឯកបុគ្គលនិយមនិងជាអ្នករិះគន់ដែលបានមើលឃើញមុននូវសម្ពាធរបស់សង្គម បានបណ្តុះនូវគំនិតដូចជាឯកត្តភាព (individuality), សេរីភាព, និងសមត្ថភាពនៃមនុស្សលោកក្នុងការបញ្ចញជារូបរាងនូវអ្វីស្ទើរតែទាំងអស់ដែលគេចង់បាន ។
ខ្ញុំបានកត់ចាំពាក្យលោកសរសេរថា «ពេលវេលាឥឡូវនេះ ក៏ដូចជាគ្រប់ពេលវេលា គឺជាពេលវេលាល្អណាស់ ប្រសិនបើយើងដឹងថាតើនឹងយកពេលវេលានេះទៅធ្វើអ្វី » ។ ក្រោយមកខ្ញុំបានភ្ជាប់ពាក្យសំដីលោក ជាមួយការប្រៀនប្រដៅរបស់ព្រះពុទ្ធជាង ២៥០០ ឆ្នាំមុនថា «រៀងរាល់ព្រឹកយើងបានកើតជាថ្មីម្តងទៀត។ អ្វីដែលយើងធ្វើនៅថ្ងៃនេះជាការសំខាន់បំផុត» ; «ចូរកុំរស់នៅក្នុងអតីតកាល កុំសុបិន្តអំពីពេលអនាគត ត្រូវផ្តោតចិត្តលើគ្រាបច្ចុប្បន្នវិញ» ។
នៅពេលវេលាឥឡូវនេះដែលខ្មែរបែកបាក់គ្នា ខ្មែរប្រជាធិបតេយ្យខ្វះសាមគ្កីភាពរវាងគ្នានិងគ្នា ខ្ញុំសូមដកស្រង់ពាក្យសំដីលោក Emerson ទៀតថា «មូលហេតុដែលពិភពលោកខ្វះសាមគ្គីភាព ហើយនៅដេករមៀលនៅក្នុងគំនរនៃកង្វះនេះ គឺមកពីបុគ្គលមនុស្សយើងបានបែកបាក់ជាមួយនឹងខ្លួនយើង » ។
ធ្វើបដិវត្តន៍ផ្ទៃក្នុងខ្លួន
លោក Jiddu Krishnamurti (១៨៩៥–១៩៨៦), អ្នកនិពន្ធ និង វាគ្មិនឥណ្ឌាផ្នែកទស្សនវិជ្ជានិងវិញ្ញាណ បានសរសេរនៅក្នុងសៀវភៅ This Light in Oneself «ពន្លឺនៅក្នុងខ្លួន» ថា យើងជាប្រជាពលរដ្ឋនៃពិភពលោក យើងបានបង្កើតលោកយើងនេះឱ្យបានមានដូចសព្វថ្ងៃនេះ ហើយយើងជាអ្នកបង្កើតស្ថានភាពនិងបរិស្ថាន ។ នៅក្នុងលោកយើងនេះ មិនត្រឹមតែមានការប៉ះទង្គិចគ្នានិងភាពមិនចុះសម្រុងគ្នានៅជុំវិញយើងទេ តែនៅក្នុងខ្លួនយើងផ្ទាល់ក៏យើងពិបាករកឃើញមានសន្ដិភាព សណ្តាប់ធ្នាប់ និងសុភមង្គល ដែរ ទោះនៅក្នុងគ្រួសារ សាលារៀន ការិយាល័យ ក្នុងសហគមន៍ ឬ ក្នុងប្រទេស ។
លោកហៅជីវិតមនុស្សថាជា «ការតស៊ូថេរ» ដំណើរជីវិតមនុស្សជា «សមរភូមិ » ទាំងនៅក្នុងខ្លួនទាំងនៅក្រៅ – នេះគឺជា «ជីវិតរស់នៅ» របស់យើង។ លោកបានណែនាំមនុស្សលោកឱ្យធ្វើ «បដិវត្តន៍ផ្ទៃក្នុង» ខ្លួនយើង ដើម្បីដកហូត «ខ្ញុំ» – អាត្មាអញ – ឱ្យរបូតផុតពីទំនាក់ទំនងទាំងអស់, ឱ្យផុតពីសកម្មភាព, ពីការគិត, ពីរបៀបរស់នៅ ក្នុងគោលបំណងកែប្រែផ្លាស់ប្តូរចិត្តគំនិត, បណ្តុះសីលធម៌ សេចក្ដីស្រឡាញ់និងថាមពលឱ្សផុតពីអ្វីដែលតូចចង្អៀតនិងឥតជំរៅក្នុងជីវិត ទើបយើងអាចរកឃើញនូវសន្តិភាព សណ្តាប់ធ្នាប់ និងសុភមង្គលនៅក្នុងខ្លួនយើងនិងនៅក្នុងពិភពលោកយើង។
លោកបានណែនាំមនុស្សឱ្យចេះរស់នៅក្នុង «អំពើ/សេចក្កីល្អ» – ដែលត្រូវទុកជាការផ្តោតអារម្មណ៍ក្នុងជីវិត – នៅបច្ចុប្បន្ននេះ, នៅទីនេះ, និងនៅពេលឥឡូវនេះ។ «ល្អ» គឺអ្វីដែលបរិសុទ្ធ ទាក់ទងនឹងព្រះនិងគោលការណ៍ខ្ពស់បំផុត – បរិសុទ្ធដ៏ពិសិដ្ឋគឺមិនមែនបង្រៀនអំពីសេចក្ដីស្រឡាញ់រួចបែរទៅជាអនុវត្តការស្អប់ទេ; ព្រះនិងគោលការណ៍ខ្ពស់មិនបង្រៀនឱ្សសម្លាប់ លួច និងលាបពណ៌ឈ្មោះនរណាម្នាក់ដែរ ។
លោក Jiddu Krishnamurti បានអំពាវនាវដល់មនុស្សលោកឱ្យធ្វើការកែប្រែផ្លាស់ប្តូរក្នុងសង្គមព្រោះលោកមើលឃើញរចនាសម្ព័ន្ធសង្គមថាពុករលួយ ប្រាសចាកសីលធម៌ ។ ដើម្បីកែប្រែផ្លាស់ប្តូរក្នុងសង្គម មនុស្សលោកត្រូវតែកែប្រែផ្លាស់ប្តូរក្នុងបេះដូងនិងក្នុងចិត្តគំនិតរបស់ខ្លួនឯងសិន ។
ខ្ញុំបានសរសេរទទូចអំពីការចាំបាច់និងជាបន្ទាន់ឱ្យមានគោលការណ៍ជាមគ្គុទេសក៍បំភ្លឺនិងនាំផ្លូវខ្មែរអ្នកតស៊ូដើម្បីសេរីភាព ប្រជាធិបតេយ្យ យុតិ្តធម៌ក្នុងសង្គម ។
រៀនស្តាប់ការទូន្មាន
បរមគ្រូ ខុងជឺ (៥៥១ មុនគស- ៤៧៩ មុនគស ) ទស្សនវិទូចិន ដែលបានដាក់ទម្ងន់ទៅលើសីលធម៌ផ្ទាល់ខ្លួននៃបុគ្គល, រដ្ឋាភិបាល, និងទៅលើសេចក្តីយុត្តិធម៌ត្រឹមត្រូវក្នុងទំនាក់ទំនងសង្គម និង សេចក្តីស្មោះ បានប្រៀនប្រដៅថាៈ «ទោះបីអ្នកនឹកគិតថាអ្នកអាចមានការជាប់រវល់មមាញឹកក្តី ក៏អ្នកត្រូវតែរកពេលវេលាសម្រាប់ការអាន ។ បើមិនធ្វើដូច្នេះទេ អ្នកនឹងធ្លាក់ចុះចាញ់ភាពល្ងង់ខ្លៅដែលអ្នកជ្រើសរើសឱ្យខ្លួនអ្នក» ។ «អ្នកមិនអាចបើកសៀវភៅមួយ (មកអាន ) ដោយគ្មានបានរៀនអ្វីឡើយ» ។ លោក ខុងជឺ បានថ្លែងទៀតថាៈ «ការរៀនសូត្រដោយគ្មានការគិត គឺជាកម្លាំងពលកម្មដែលត្រូវបានខាតបាត់បង់ »។
ចាប់ពីឆ្នាំមមែ ព.ស. ២៥៥៩ នេះមក ខ្ញុំបានផ្តើមសរសេរជាភាសាជាតិដោយរំលឹកជាថ្មីថា គឺរបៀបដែលយើងគិតដែលសំរេចកំណត់គុណភាពនៃជិវិតនិងអនាគតរបស់ខ្លួនយើងផ្ទាល់ – និងកំណត់គុណភាពនៃអនាគតរបស់ស្រុកទេសយើងបាន។ យើងត្រូវតែស្រមៃគិត ស្វែងរក និងប្រឈមមុខទល់នឹងអ្វីៗដែលយើងជឿថាយើងបានដឹង។
លោក John F. Kennedy (១៩១៧-១៩៦៣) ប្រធានាធិបតីទី ៣៥ នៃសហរដ្ឋអាមេរិកពីខែមករា ឆ្នាំ១៩៦១ រហូតលោកត្រូវបានគេធ្វើឃាតនៅខែវិច្ឆិកា ឆ្នាំ ១៩៦៣ បានថ្លែងថា « មនុស្សម្នាក់អាចស្លាប់, ប្រជាជាតិផ្សេងៗអាចលេចឡើង ឬ លិចចុះ, ក៍ប៉ុន្តែគំនិតនៅរស់រានរហូត »។
ប្រយ័ត្នពាក្យសំដី
ខ្ញុំសូមលើកឡើងវិញនូវសេចក្កីទូន្មានរបស់ព្រះគោតមពុទ្ធ (៥៦៣មុនគស-៤៨៣មុនគស ព្រះជន្មាយុលើសបរមគ្រូ ខុងជឺ បន្តិច) ថា «យើងត្រូវតែជ្រើសរើសឱ្យបានហ្មត់ចត់នូវពាក្យសំដីដែលយើងយកមកប្រើ ពីព្រោះមនុស្សលោកនឹងស្តាប់ឮហើយនឹងត្រូវទទួលរងឥទ្ធិពលដោយផ្លូវល្អឬដោយផ្លូវអាក្រក់ »។ « ពាក្យសំដីមានឥទ្ធិពលបំផ្លាញឬធ្វើឱ្យជាសះស្បើយបាន ។ នៅពេលពាក្យសំដីដ៏ពិតនិងសមរម្យគួរស្រឡាញ់ត្រូវបានយកមកប្រើ វាអាចកែប្រែផ្លាស់ប្តូរលោកយើងនេះបាន » ។
លោក Plato (៤២៨មុនគស-៣៤៧មុនគស ) ដែលជាទស្សនវិទូម្នាក់ក្នងសម័យបុរាណក្រិកដែលបានរួមផ្តើមបង្កើតអរិយធម៌បស្ចិមប្រទេសបាននិយាយថា « អ្នកមានបញ្ញានិយាយស្តីព្រោះគេមានអ្វីមួយដែលគេត្រូវនិយាយ; អ្នកឆោតល្ងើនិយាយស្តី ព្រោះគេចេះតែត្រូវការចង់និយាយស្តីថាអ្វីមួយ » ។
លោក Abraham Lincoln (១៨០៩-១៨៦៥ ) ប្រធានាធិបតីទី ១៦ នៃសហរដ្ធអាមេរិកដែលត្រូវបានគេធ្វើឃាតនៅខែមេសាឆ្នាំ ១៨៦៥ បានថ្លែងថា « ការនៅស្ងៀមស្ងាត់ដែលទុកឱ្យអ្នកដទៃគេគិតថាអ្នកជាមនុស្សល្ងើ វាប្រសើរជាងការបើកហារមាត់និយាយដែលបញ្ឈប់ការសង្ស័យទាំងអស់ [ថាអ្នកជាមនុស្សល្ងើមែន ] »។
សុភាសិតមួយនៃប្រទេសតួរក៏គីបានចែងថា « អ្នកដែលដឹងរឿងគេមិននិយាយស្តីទេ អ្នកដែលនិយាយស្តីគឺអ្នកដែលមិនដឹងរឿង »។ ដូនជី Teresa of Calcutta (១៩១០- ១៩៩៧) ដែលមានកំណើតនៅប្រទេសអាល់បានី នឺងបានបង្កើតសាសនទូតសប្បុរសទាននៅប្រទេសឥណ្ឌា បានប្រដៅថា « ចូរអ្នកនាំគ្នាពិភាក្សាឱ្យបានតិច ។ បើមិនដឹងធ្វើអីទេ ទៅឆក់យកអំបោសទៅបោសសំអាតផ្ទះនរណាម្នាក់ឱ្យបានស្អាតល្អទៅ គឺថាបាននិយាយស្តី្កគ្រប់គ្រាន់ណាស់ទៅហើយ » ។
គេថា ការនិយាយស្តីវាចេញមកពីធម្មជាតិ ការស្ងាត់ស្ងៀមវាចេញមកពីបញ្ញា ។ ខ្មែរយើងមានពាក្យស្លោកចែងថា « ស្ងៀមជាងស្រដី » នឹង « សំដីសពូជ » ។
រោគមួយចំនួន
មានរោគមួយចំនួនដែលឥតស្គាល់ព្រំដែនជាតីសាសន៍ណា រាលដាលជិះជាន់មនុស្សលោក ។ រោគ «បដិសេធ» គឺជាយន្តការមួយដែលបុគ្គល ឬ ក្រុមប្រើដើម្បីគេចឱ្យផុតពីអារម្មណ៍អាម៉ាស់ ឈឺចាប់ ពីកំហុស ដែលគេមិនចង់ទទួល; ពីការយល់ដឹងដែលគំរាមកំហែងការឱ្យតម្លៃខ្លួនឯង, គំរាមកំហែងសុខភាពផ្លូវចិត្ត ឬ ផ្លូវកាយ ឬ សន្តិសុខ ។ អ្នកគេចពួនតែងបង្កើតពិភពក្លែងក្លាយមួយជាជម្រកផ្សេងពីពិភពពិតមួយដែលគេបដិសេធ ។ ការបដិសេធ ជាការមិនព្រមប្រឈមមុខនឹងការពិតដែលឈឺចាប់ព្រោះវាខ្វះរមណីយសុខដុម; វាជាយុទ្ធសាស្រ្តដែលគេបានប្រើទោះនៅក្នុងក្រុមគ្រួសារ នៅកន្លែងធ្វើការ នៅក្នុងសហគមន៍ ឬ នៅក្នុងរដ្ឋាភិបាល ។
រោគ «ផ្ទេរ» ជាទម្រង់ការបដិសេធដ៏គ្រោះថ្នាក់មួយ នៅពេលបុគ្គលបានចាត់ទុកអ្នកដទៃទៀតថាជា ឃាតករសប្បនិម្មិត ដែលត្រូវទួលខុសត្រូវចំពោះ អ្វីដែលមិនល្អឬដែលបានធ្វើឱ្យឈឺចាប់ និងអ្វីខុស ដូចជាថា «បើកុំតែមានអ្នកឯង គឺឥតមានបញ្ហាអីចឹងទេ» ។ ម្រាមដៃដែលចង្អុល និងបន្ទោស មានគោលបំណងលើកលែងទោសអ្នកចង្អុល/អ្នកបន្ទោស ឱ្យបានរួចពីការទទួលខុសត្រូវ ។ នេះជាលេសមួយឱ្យមនុស្សម្នាក់រួចពីការទទួលខុសត្រូវ ។
តួកំប្លែង ក្មេង Calvin បានបង្កើតពិភពក្លែងក្លាយមួយសម្រាប់ខ្លួនគេដើម្បីគេចពីពិភពពិតដើម្បីបានរស់នៅយ៉ាងសប្បាយជាមួយនឹងតួថ្លុក Hobbes នៅឆ្ងាយពីពិភពពិតប្រាកដនៃឪពុកម្តាយខ្លួន ។ ប៉ុន្ដែក្មេង Calvin ដឹងថា មិនយូរមិនឆាប់ម្តាយនឺងទាញស្លឹកត្រចៀកចេញពីពិភពក្លែងក្លាយលេងសើចព្រោះដល់ពេលហូបបាយរួចងូតទឹកចូលគេង ស្អែកទៅរៀន។
មនុស្សយើងរស់នៅក្នុងពិភពពិតប្រាកដ ។ នៅក្នុងពេលណាមួយ/ចំណុចណាមួយក្នុងជិវិតយើង រមែងជួបប្រទះការខ្វះរមណីយសុខដុមដែលនាំនូវការឈឺចាប់អ្វីម៉្យាងដែលយើងមិនចង់ជួបប្រទះ ។ ជីវិតមនុស្សលោកតែងតែមានការលេចឡើងនិងការធ្លាក់ចុះជាធម្មតា ។ មនុស្សលោកមិនអាចគេចផុតពីការប្រព្រឹត្តអំពើលេលានិងប្រព្រឹត្តកំហុសអ្វីមួយបានឡើយ ។ មនុស្សលោកអាចវង្វេងខុសបាន ។ មានតែអ្នកបរិសុទ្ធនឹងទេវតាទេដែលមិនវង្វេងខុស ។ យើងត្រូវចេះទទួលភាពមិនពេញលេញត្រឹមត្រូវរបស់យើងជាមនុស្សលោក ហើយរៀនពីកំហុសដើម្បីបន្តរដំណើរជិវិតទៅមុខទៀត ។
នៅក្នុងពិភពនយោបាយ ការបដិសេធ មានវត្តមាននៅគ្រប់ទីកន្លែង គ្រប់ចំណោមមនុស្ស គ្រប់គណបក្ស ហើយគេស្តីបន្ទោសគ្នាទៅវិញទៅមកអំពិអ្វីគ្រប់បែបយ៉ាងដែលអវិជ្ជមាន ។ ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង មានឈ្មោះល្បីល្បាញណាស់ក្នុងការយកម្រាមដៃទៅចង្អុល ហើយគេដោះសាទោសសម្រាប់ខ្លួនគេ ឱ្យផុតពីការពិតដែលឥតរមណីយនិងប្រឈមមុខប្រទេសជាតិ ។ គេភ្លេចថា នៅពេលម្រាមមួយចង្អុលបន្ទោស ម្រាមបីទៀតចង្អុលថយក្រោយដាក់អ្នកដែលចង្អុល ហើយមានមេដៃចង្អុលឡើងលើបន្ទោសព្រេងវាសនាទៅទៀត ។
រោគ «ខ្សឹបខ្សៀវ» សំដៅទៅការនិយាយដើម ហែកកេរ្តិ៍ អំពីរឿងអាស្រូវ – schadenfreude ( ពាក្យអាល្លឺម៉ង់ មានន័យថាការអាស្រ័យផលបានមកពីភព្វមិនល្អរបស់នរណាម្នាក់ផ្សេងទៀត ) ណែនាំអ្នកស្តាប់ឱ្យជឿអ្វីដែលបានយកមកបកប្រែដាក់កំហុសបង្កាច់បង្ខូចនរណាមួយបង្កើតជាព័ត៌មានដើម្បីកាត់ផ្ដាច់និងបំផ្លាញកេរ្តិ៍ឈ្មោះ ។
អ្នកស្រាវជ្រាវនៃ វិទ្យាស្ថាន អាល្លឺម៉ង់ Max Planck បានបញ្ជាក់យូរមកហើយថា «ការនិយាយដើមខ្សឹបខ្សៀវមានឥទ្ធិពលច្រើនជាងសេចក្ដីពិត » ទោះបីមានព័ត៌មានដើមខុសពីការខ្សឹបខ្សៀវក៏ដោយ ព្រោះមនុស្សលោកជឿទៅលើអ្វីដែលគេបានឮតាមរយៈការខ្សឹបខ្សៀវទោះបីជាគេមានភស្តុតាងផ្ទុយពីនេះក្ដី ។ នេះហើយគឺជាបញ្ហា ។
មនុស្សជាច្រើនគេចោទថា ការនិយាយដើមមនុស្សជាអំពើប្រាសចាកសីលធម៌ ។ សាសនាធំៗក្នុងលោកប្រៀនប្រដៅប្រឆាំងនិងផ្តន្ទាទោសការនិយាយដើមគេ ។
សុភាសិតចិនមួយបានចែងថា « អ្វីដែលត្រូវបានគេខ្សឹបក្នុងត្រចៀកនឹងត្រូវបានលេចឮជាញឹកញាប់ ១០០ ម៉ែលពីចម្ងាយ » ; សុភាសិតអៀរឡង់មួយទៀតបានចែងដែរថា « អ្នកណាមួយដែលបាននាំរឿងខ្សឹបខ្សៀវមកដល់អ្នកនឺងនាំរឿងខ្សឹបខ្សៀវចេញពីអ្នកដូចគ្នាដែរ »។
តាមព្រះគម្ពីរគ្រិស្ដ « បើគ្មានឈើទេ ភ្លើងនឹងត្រូវបានរលត់; បើគ្មានការនិយាយដើមខ្សឹបខ្សៀវទេ ជម្លោះក៍ត្រូវបានស្ងប់ស្ងាត់ដែរ »។ បញ្ញត្តិទីប្រាំបួននៃគ្រីស្ទសាសនាបានបង្រៀនថា « កុំធ្វើជាសាក្សីក្លែងក្លាយប្រឆាំងនឹងអ្នកជិតខាងរបស់អ្នក » ។ សាសនាអ៊ីស្លាម បានបង្រៀនថា «ការបង្កាច់បង្ខូចគ្នា វាដូចជាបរិភោគសាច់របស់បងប្អូនម្នាក់ដែលបានស្លាប់ទៅ » ដែលគ្មានអ្វីនឹងពឹងផ្អែកដើម្បីការពារខ្លួន ។ សាសនា Judaism ចែងថា ការនិយាយដើមខ្សឹបខ្សៀវជាអំពើបាប ; ភាសាជ្វីហ្វ lashon ha-ra (អណ្តាត អាក្រក់) ប្រៀនប្រដៅថា ការនិយាយអវិជ្ជមាន – ទោះបីមានការពិតក៏ដោយ – អំពីអ្នកឯទៀត ជាការ « បន្ទាបបន្ថោកសេចក្តីថ្លៃថ្នូរ របស់មនុស្សលោក – ទាំងអ្នកនិយាយនិងទាំងអ្នកដែលត្រូវបានគេបង្កាច់បង្ខូច » ។
អ្នកនិពន្ធ រុស្ស៊ី លោក Leo Tolstoy (១៨២៨-១៩១០ )បានថ្លែងដោយសោកស្តាយថា «មនុស្សគ្រប់គ្នាខ្វល់តែអំពីការកែប្រែផ្លាស់ប្តូរពិភពលោក តែគ្មាននរណាម្នាក់គិតពីការកែប្រែផ្លាស់ប្តូរខ្លួនឯងសោះឡើយ » ។
អ្នកឈរខ្ពស់ថ្លៃថ្នូរ
លោក Benjamin Franklin (១៧០៥–១៧៩០) បិតាម្នាក់បង្កើតសហរដ្ឋអាមេរិកបានអះអាងថា « ខ្ញុំប្តេជ្ញាចិត្តមិននិយាយអាក្រក់អំពីនរណាម្នាក់ឡើយ សូម្បីតែនៅក្នុងបញ្ហានៃការពិតក្តី ; ប៉ុន្តែខ្ញុំនឹងរកមធ្យោបាយអត់អោនទោសបើខ្ញុំបានឮគេចោទប្រកាន់លើអ្នកដទៃទៀត ហើយនៅឱកាសត្រឹមត្រូវ ខ្ញុំនឹងនិយាយល្អទាំងអស់អំពីអ្នកដែលខ្ញុំបានស្គាល់ »។
មេដឹកនាំឥណ្ឌា លោក Mahatma Gandhi ដែលខ្មែរយើងជាច្រើននិយាយថាចង់យកតម្រាប់តាម បានចែងនៅក្នុងមូលដ្ឋានទស្សនៈរបស់លោកថា « ខ្ញុំមើលតែគុណសម្បត្ដិដ៏ល្អរបស់មនុស្ស ។ ដោយខ្ញុំមិនមែនគ្មានកំហុសខ្លួនខ្ញុំទេ ខ្ញុំនឹងមិនសន្និដ្ឋានទៅ ស៊ើបអង្កេតកំហុសរបស់អ្នកដទៃឡើយ »។ « ខ្ញុំសូមអះអាងថាខ្ញុំជាបុគ្គលដ៏សាមញ្ញម្នាក់ដែលអាចធ្វើខុសដូចជាមនុស្សលោកឯទៀតដែលរមែងនឹងស្លាប់ ។ ក៍ប៉ុន្តែខ្ញុំសូមធានាថាខ្ញុំមានភាពរាបសារគ្រប់គ្រាន់នឹងទទួលការវង្វេងខុសរបស់ខ្ញុំ ហើយដើរថយក្រោយដើម្បីបោះជំហានថ្មី» ។
. . . . . . . . . . .
អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០–១៩៨៩) បានចូលនិវត្តន៍ ពីសាកលវិទ្យាល័យកោះ Guam (ឆ្នាំ ២០០៤) ។ គាត់បាន បង្រៀនវិទ្យាសាស្រ្ត នយោបាយចំនួន ១៣ឆ្នាំ (ឆ្នាំ១៩៩១–២០០៤) ។ គាត់អាចទាក់ទងបានតាម រយ: សារអេឡិចត្រូនិច peangmeth@gmail.com