មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព
«មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងមេ៉ត និង លោក ឆៃ ចិន្តា
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨
មិនដឹងជាមានពលរដ្ឋខ្មែរប៉ុន្មាននាក់ទេដែលបានមើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាកំពុងតែដកកត្រដរខ្យល់ ។ លទ្ធផលនៃការបោះឆ្នោតថ្មីៗនេះបានបញ្ជាក់ថា ប្រទេសខ្មែរ បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងនៃរបបផ្តាច់ការពេញលេញហើយ ។ យើងមិនប្រើពាក្យ “ជនផ្តាច់ការ” ទេព្រោះជនផ្តាច់ការតែឯកឯងមិនអាចបង្កើតរបបផ្តាច់ការបានឡើយ ។ វាទាល់តែមានការចូលរួមអំពីសំណាក់អ្នកដែលគោរពស្រឡាញ់លទ្ធិប្រជាធិបតេយ្យភាគខ្លះទើបអាចបង្កើតរបបផ្តាច់ការបាន ។ អ្នកចូលរួមបង្កើតរបបផ្តាច់ការខ្លះធ្វើដើម្បីលាភសការៈ ។ អ្នក
ខ្លះទៀតចូលរួមធ្វើដោយសារតែអគតិទាំងបួនគឺ៖ ស្រឡាញ់ ស្អប់ ខ្លាច និង ខ្លៅ ដែលព្រះពុទ្ធ បរមគ្រូ ទ្រង់ហៅថា ឆន្ទាគតិ ទោសាគតិ ភយាគតិ និង មោហគតិ ។ ក្នុងនាមជាស្មេរ យើងគ្មាន ចេតនាស្តីបន្ទោសនរណាម្នាក់ក្នុងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យស្ថិតនៅក្នុងស្ថានភាពដកកត្រដរ ខ្យល់នេះទេ ។
ប៉ុន្តែយើងត្រូវតែនិយាយការពិតអំពីមូលហេតុដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរស្ថិតនៅក្នុងចង្កូមនៃរបបផ្តាច់ការបែបនេះ ។ មូលហេតុចម្បងគឺកង្វះនៃការយល់ដឹងនិងការធ្វេសប្រហែស បណ្តែតបណ្តោយឲ្យអ្នកនយោបាយ ជាពិសេសអ្នកដឹកនាំជាតិបោកប្រាស់ត្រួតត្រាយើងតាមតែ អំពើចិត្ត ។ ពលរដ្ឋខ្មែរគ្រប់ៗរូបគួរសួរខ្លួនឯងថា តើរបបផ្តាច់ការវាកើតចេញពីណា? ជនផ្តាច់ការ ជាអ្នកបង្កើត ឬក៏យើងគ្រប់គ្នាជាអ្នកបង្កើតវាឡើង? បើចម្លើយចង្អុលបង្ហាញថា វាកើតចេញមក អំពីទង្វើរបស់យើងទាំងអស់គ្នានោះ គឺយើងទាំងអស់គ្នានេះហើយដែលមានកាតព្វកិច្ចទប់ស្កាត់ របបផ្តាច់ការ កុំឲ្យវាមានឱកាសរីកលូតលាស់គាស់លែងរលើង ។
លទ្ធិប្រជាធិបតេយ្យជាប្រព័ន្ធនៃការគ្រប់គ្រងមួយដែលតម្កល់ “ប្រជាពលរដ្ឋ” ជា “អធិបតី” ពោលគឺលើកតម្កើងពលរដ្ឋជាធំ ។ នៅក្នុងសតវត្សទី៥ មុនគ្រឹស្ទសករាជ មានអង្គភាពភូមិសាស្ត្រ ក្រិកបុរាណមួយឈ្មោះ “អាថែន” Athens ជាប្រទេសទីមួយនៅក្នុងពិភពលោកដែលជ្រើសយក លទ្ធិប្រជាធិបតេយ្យមកធ្វើជាប្រព័ន្ធគ្រប់គ្រងរដ្ឋ ។ មូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងនេះ គឺគោលការណ៍ថា ពលរដ្ឋក្រិកជាពលរដ្ឋដែលមានសេរីភាពនិងមានការយល់ដឹងគ្រប់គ្រាន់អំពី កិច្ចការនានារបស់រដ្ឋ “អាថែន”។ ពួកគេប្រកាន់ខ្ជាប់នូវឥរិយាបទនិងជំនឿថា វាជាកាតព្វកិច្ចភារៈ និងជាកិត្តិយសរបស់ពលរដ្ឋក្រិកគ្រប់រូបក្នុងការចូលរួមប្រឡូកក្នុងសកម្មភាពគ្រប់គ្រងរដ្ឋ ។ ពលរដ្ឋដែលជា “អធិបតី” នៅក្នុងការគ្រប់គ្រងប្រទេសមិនអាចនៅស្ងៀម ធ្វើជាមិនដឹងមិនឮ អំពីកិច្ចការរដ្ឋឡើយ បើមិនដឹងមិនយល់ទេ គេត្រូវស្វែងរកដឹងនិងរកយល់ ។ លុះបានដឹងនិង យល់ហើយ គេត្រូវបំពេញភារៈកិច្ចគេជាពលរដ្ឋដោយចូលរួមយ៉ាងសកម្មនៅក្នុងឆាកនយោបាយ នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ។
| លោក ប្លេតូ (ប្លាតុង)
បិតាស្ថាបនិកម្នាក់នៃអរិយធ៌មលោកខាងលិច ( កើតឆ្នាំ៤២៨ មគស – ស្លាប់ឆ្នាំ៣៤៨ មគស ) “បើអ្នកបដិសេធចូលរួមក្នុងកិច្ចការនយោបាយ អ្នកនឹងត្រូវទទួលទណ្ឌកម្មមួយ ដោយរស់នៅក្រោមការគ្រប់គ្រងរបស់មនុស្សទាបនិងល្ងង់ខ្លៅជាងអ្នក“ ។ |
រហូតមកដល់ថ្ងៃនេះ ខ្មែរយើងគួរតែយល់ដឹងគ្រប់គ្រាន់ហើយថា តើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ និងអ្វីទៅជារបបផ្តាច់ការ ហើយរដ្ឋាភិបាលដែលគ្រប់គ្រងត្រួតត្រាប្រទេសបន្ទាប់ពីការបោះឆ្នោត នាថ្ងៃទី២៩កក្កដាកន្លងទៅនេះជារដ្ឋាភិបាលប្រភេទណា ?។
នៅមុនពេលបោះឆ្នោត យើងបានសរសេរផ្សាយអត្ថបទមួយក្រោមចំណងជើងថា “កាតព្វកិច្ច ពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ ២០១៨” ចុះថ្ងៃទី២២ ខែកក្កដា ដែល “វិទ្យុខ្មែរពិភពលោក” បានយកទៅផ្សព្វផ្សាយអំពាវនាវសុំឲ្យពលរដ្ឋខ្មែរអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ដែលមានសិទ្វីសេរីភាពក្នុងការបោះឆ្នោត អញ្ជើញទៅកាន់ទីកន្លែងបោះឆ្នោត ដើម្បីបញ្ចេញ យោបល់សមស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រោះសន្លឹកឆ្នោតជាតំណាងអំណាច របស់ពលរដ្ឋ ។ យើងបានអំពាវនាវសុំឲ្យអ្នកបោះឆ្នោតចូលរួមធ្វើ “បាតុកម្មសន្លឹកឆ្នោត” ដោយ “គូស” ជ្រើសរើសគណបក្សចំនួន ពីរ (២) ឬ “គូសសញ្ញាខ្វែងជើងក្អែក” នៅលើសន្លឹកឆ្នោតទាំង មូល ។ យើងយល់ឃើញថា បើពលរដ្ឋអ្នកបោះឆ្នោតអាចបញ្ចេញ “សន្លឹកឆ្នោតបាតុកម្ម” – ដែល អាជ្ញាធរហៅថា “សន្លឹកឆ្នោតមិនបានការ” – មានចំនួនលើសពី ៥០% វានឹងអាចធ្វើព្យុះធ្វើភ្លៀង បង្កឲ្យរដ្ឋាភិបាលដែលកាន់អំណាចក្លាយជារដ្ឋាភិបាលមិនស្របច្បាប់ ។ នៅពេលរដ្ឋាភិបាលមិន ស្របច្បាប់ អ្វីៗនឹងក្រឡាប់ចាក់ ។ ទោះចង់ឬមិនចង់ អ្នកដែលមានតួនាទីដឹកនាំឬរៀបចំបង្កើត រដ្ឋាភិបាលចាំបាច់ត្រូវតែឆ្លើយតបនឹងបំណងពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត – ព្រមទាំង លក្ខខណ្ឌនានាដែលអន្តរជាតិចង់បាន ។
ជាគោលការណ៍និងជាទំនៀមទម្លាប់អន្តរជាតិ រដ្ឋាភិបាលនីមួយៗត្រូវមានភាពស្របច្បាប់ legitimacy ។ ដើម្បីឲ្យរដ្ឋាភិបាលមានសិទ្ធប្រើអំណាចគ្រប់គ្រងប្រទេសជាតិ បានលុះត្រាណា តែពលរដ្ឋបានផ្តល់សិទ្ធអំណាចគ្រប់គ្រងទៅឲ្យរដ្ឋាភិបាលនោះ ឬ consent។ ពលរដ្ឋផ្តល់ សិទ្ធអំណាចនេះទៅរដ្ឋាភិបាលតាមរយៈការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ ដោយអនុលោមតាមរូបមន្តសម្លេងភាគច្រើន គឺ ៥០%+១ ។ នៅក្នុងការបោះឆ្នោតកន្លងទៅនេះ ក្នុងចំណោមគណៈបក្សនយោបាយចំនួនម្ភៃ (២០) មានបក្សតែមួយគត់ដែលឈ្នះភ្លូកទឹកភ្លូកដី ។ ចំណែកបក្ស១៩ ផ្សេងទៀតមិនបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋទេ ។ វាហាក់ដូចជាបក្ស ទាំង១៩នោះ ជាបក្សដែលរដ្ឋាភិបាលចាំផ្ទះលើកទឹកចិត្តឲ្យចូលរួមបោះឆ្នោត ដើម្បីជាលេសថា គេបានអនុវត្តគោលការណ៍ “លទ្ធិប្រជាធិបតេយ្យពហុនិយម” ស្របតាមរដ្ឋធម្មនុញ្ញនៃ ប្រទេសកម្ពុជា ។ ការស្ម័គ្រចិត្តស្ទើរតែគ្រប់គ្នា ដើម្បីចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលស្ថិតនៅក្រោមរដ្ឋាភិបាលឯកបក្ស នាពេលអនាគតដ៏ខ្លីខាងមុខនេះ វាបានបញ្ជាក់ឲ្យយើង ឃើញយ៉ាងច្បាស់ថា តើថ្នាក់ដឹកនាំបក្សទាំង១៩នោះ ចូលរួមបោះឆ្នោតដើម្បីថែរក្សាការពារ លទ្ធិប្រជាធិបតេយ្យ ឬក៏ដើម្បីបុណ្យសក្តិលុយកាក់ ។ យើងសូមសសើរពលរដ្ឋខ្មែរដែលហាក់ ដូចជាដឹងមុនថា តើគណៈបក្សទាំង ១៩នោះជាបក្សប្រភេទណា ។
កាលពីពេលថ្មីៗនេះ លោក ឆៃ ចិន្តា ដែលជាសហនិពន្ធអត្ថបទនេះនិងអត្ថបទកាតព្វកិច្ច ពលរដ្ឋខ្មែរ បានចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយនឹងកម្មវិធីហេឡូវីអូអេ។ លោកបានលើកយក
ឧទាហរណ៍មួយមកធ្វើបទបង្ហាញ ដោយប្រៀបធៀបសន្លឹកឆ្នោតបាតុកម្ម ទៅនឹងទឹករលក ឯរដ្ឋាភិបាលប្រៀបបាន នឹងទូក ។ និយាយឲ្យងាយយល់ ទឹកប្រៀបបាននឹង ពលរដ្ឋអ្នកបោះឆ្នោត រលកប្រៀបបាននឹងសន្លឹកឆ្នោតបាតុកម្ម ទូកប្រៀបបាននឹងរដ្ឋាភិបាល មន្ត្រីកាន់កិច្ចការរដ្ឋាភិបាល ប្រៀបបាននឹងអ្នកចែវទូក ។ ឯសហគមន៍អន្តរជាតិប្រៀបបាននឹង អ្នកដំណើរដែលមកជិះនៅក្នុង ទូកនោះ ។ ចំណុចសំខាន់គឺថា៖ ទូកអាចអណ្តែតលើទឹក ឯទឹក ដែលមិនស្ងប់ក៏អាចពន្លិចទូកបាន ដែរ ។ ដូច្នេះ សន្លឹកឆ្នោតបាតុកម្មនេះហើយដែលជាទឹករលក សម្រាប់ព្រមានអ្នកចែវទូករបប ផ្តាច់ការថា តើត្រូវចែវទូកនោះតាមគន្លងណា ដើម្បីកុំឲ្យទូកវាលិចអន្តរធាន ។
ប្រមាណជា៤០ឆ្នាំមុន លោក ឆៃ ចិន្តា និងអ្នកជិតខាងផ្ទះតែងតែអង្គុយស្តាប់វិទ្យុសម្លេង សហរដ្ឋអាមេរិកជាខេមរៈភាសាតាមដានការដណ្តើមអាសនៈគ្នានៅក្នុងអង្គការសហប្រជាជាតិ និងសង្គ្រាមរវាងខ្មែរនិងខ្មែរ ។ ខ្មែរយើងនាគ្រានោះតែងតែរំពឹងថា សហគមអន្តរជាតិគេនឹងធ្វើ ដូច្នេះ ឬធ្វើដូច្នោះដើម្បីជួយដោះស្រាយបញ្ហាខ្មែរ ។ ការពិតជាក់ស្តែង សហគមន៍អន្តរជាតិ (និយាយឲ្យចំគឺប្រទេសនីមួយៗនៅក្នុងលោក)កម្រជួយគ្នាណាស់ ដរាបណាការជួយទាំងនោះមិន នាំផលប្រយោជន៍ដល់ប្រទេសគេ ។ សែសិបឆ្នាំកន្លងមក យើងនៅតែឃើញពលរដ្ឋខ្មែររំពឹង លើសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហារបស់ខ្លួនដដែល ។ លោក ឆៃ ចិន្តា បានឆ្លើយ ប្រាប់អ្នកស្តាប់ទាំងពីររូបនោះថា “សហគមអន្តរជាតិគេនឹងគិតគូរជួយយើង លុះត្រាណាតែយើង ជួយខ្លួនយើងសិន” ហើយលោកក៏បានភ្ជាប់រឿងអគតិទាំងបួនជាមួយនឹងសន្លឹកឆ្នោតបាតុកម្ម ដែលជាមធ្យោបាយជួយខ្លួនឯងប្រកបដោយសន្តិវិធីមួយ ។
លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋអាចរស់រានមានជីវិតនៅបាន គឺអាស្រ័យលើ ពលរដ្ឋដែលនៅមិនស្ងប់ ឬពលរដ្ឋដែលសកម្ម ។ មនុស្សគ្រប់រូបមានខួរក្បាលទម្ងន់មួយគីឡូក្រាម ដូចគ្នា គ្មានអ្នកណាឆ្លាតជាងអ្នកណាទេ ។ បើគេអាចរកមធ្យោបាយបង្កើតរបបផ្តាច់ការបាន យើងក៏អាចរកមធ្យោបាយថែរក្សាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់យើងបានដែរ ។ យើងមិនចាំបាច់មានសញ្ញាប័ត្រទេ គឺត្រឹមតែការរិះគិតពិចារណាប៉ុណ្ណោះ ។ ការធ្វើបាតុកម្មតាម រយៈសន្លឹកឆ្នោត ជាកិច្ចការងាយស្រួលជាទីបំផុត ។ វាជាមធ្យោបាយធ្វើបាតុកម្មប្រកបដោយ សេចក្តីសុខសុវត្ថិភាព ។ វាមិនធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិ ហើយក៏មិនធ្វើឲ្យនរណាម្នាក់ រងគ្រោះដោយប្រការណាមួយដែរ ។ សន្លឹកឆ្នោតបាតុកម្មប្រៀបបាននឹងទឹករលក បើទឹករលក នោះវាតូចៗ ទូកនឹងឃ្លេងឃ្លោងតិច ។ តែបើរលកវាធំ ទូកនឹងឃ្លេងឃ្លោងខ្លាំង ហើយវានឹងធ្វើឲ្យ អ្នកដំណើររារែកក្នុងការឡើងជិះលើទូកនោះ ។ បើរលកធំខ្លាំងដូចរលកយក្ស ស៊ូណាម៉ី វានឹងធ្វើ ឲ្យទូកលិចឬក៏បាក់បែកខូចខ្ទេចខ្ទី ។ ឯអ្នកចែវទូកក៏គ្មានអ្វីនឹងចែវតទៅទៀតដែរ ។ ចំណុចនេះ ហើយដែលជាកត្តាសម្រាប់ដោះស្រាយបញ្ហារបបផ្តាច់ការនិងបញ្ហារដ្ឋាភិបាលឯកបក្សដែលនឹង ប្រសូត្រចេញអំពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ ។
វាមានសំនួរមួយលើកឡើងថា៖ បោះឆ្នោតបាតុកម្មបានប្រយោជន៍អ្វី បើអ្នកបង្កើតរបបផ្តាច់ការ នៅតែបង្កើតរដ្ឋាភិបាលត្រួតត្រាយើងដដែលនោះ? យើងសូមឆ្លើយដោយលើកយកសំនួរមួយមក ពិចារណា៖ ស្ថិតនៅក្នុងស្ថានភាពនយោបាយសព្វថ្ងៃ តើពលរដ្ឋខ្មែរមានជម្រើសណាផ្សេងដើម្បី ការពារ សិទ្ធិ សេរីភាព និងសុខមាលភាពរបស់ខ្លួនទេ?នៅក្នុងភាសាអង់គ្លេសគេមានពាក្យថា Be realistic!
យើងមិនទាន់អស់ឱកាសនៅឡើយទេ ក្នុងការស្តារនិងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ដរាបណារដ្ឋាភិបាលខ្មែរនៅតែបន្តប្រើយន្តការបោះឆ្នោតដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងប្រទេស ពលរដ្ឋខ្មែរនៅតែអាចចងក្រងម្រមូលផ្តុំគ្នាធ្វើបាតុកម្មតាមរយៈសន្លឹកឆ្នោតបាន ដូចដែលយើងបាន និយាយខាងលើនេះ ។ ប្រាំឆ្នាំទៀត ធ្មេចបើកៗ ដល់ពេលទៀតហើយ ។ អ្វីដែលយើងអាចធ្វើនា អន្តរកាល គឺការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅពេលដ៏ខ្លីខាងមុខ ។ ពលរដ្ឋខ្មែរអាច បោះ “ឆ្នោតបាតុកម្ម”នៅក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ យើងអាចអនុវត្តយុទ្ធសាស្ត្រ បង្ហោះប៉ឺតប៉ោង trial balloon ដើម្បីស្វែងយល់ថា តើខ្យល់បក់វាទៅទិសខាងណា ។ លទ្ធផលនៃ ការធ្វើបាតុកម្មសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាចចង្អុលប្រាប់ យើងថា តើសន្លឹកឆ្នោតបាតុកម្មអាចមានឥទ្ធិពលយ៉ាងណាដែរនៅពេល បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនិងរដ្ឋាភិបាលនៅអាណត្តិក្រោយ ។
យើងសូមបញ្ចប់អត្ថបទនេះ ដោយមិនបួងសួងដល់ឥន្ទ្រព្រហ្មទេវតាឲ្យជួយថែរក្សា លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរទេ ព្រោះព្រះឥន្ទ្រ ព្រះព្រហ្ម និងទេវតា លោកគ្មានសមត្ថភាព និងកាតព្វកិច្ចក្នុងការថែរក្សាការពារលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋខ្មែរឡើយ ។ បើពលរដ្ឋខ្មែរ ខ្លួនឯងមិនធ្វើសកម្មភាពដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនទេនោះ កុំសង្ឃឹមអ្នកមាន បុណ្យ ឬសហគមអន្តរជាតិចុះមកជួយឲ្យសោះ ។ គ្មានផ្លូវទេ ។ យើងមិនត្រូវភ្លេចទេថា រដ្ឋាភិបាលកើត ឬប្រសូត្រចេញពីការបោះឆ្នោត ។ អ្នករៀបចំនិងដឹកនាំរដ្ឋាភិបាលជាកូនរបស់ ពលរដ្ឋម្ចាស់សន្លឹកឆ្នោត ។ បើកូននោះ វាប្រព្រឹត្តិមិនត្រឹមត្រូវ ម្ចាស់សន្លឹកឆ្នោតជាម៉ែជាឪ ត្រូវតែប្រៀនប្រដៅឬដាក់ទណ្ឌកម្មវា ឲ្យវិលមករកផ្លូវត្រូវវិញ ។ “បាតុកម្មសន្លឹកឆ្នោត” គឺជាវិធីដាក់ ទណ្ឌកម្មនិងប្រៀនប្រដៅដ៏សមរម្យជាទីបំផុត ដើម្បីជម្រុញឲ្យរដ្ឋាភិបាលដើរតាមគន្លងគុណធម៌ ។ បើយើងមិននាំគ្នាទប់ស្កាត់របបផ្តាច់ការទេ របបផ្តាច់ការច្បាស់ជាទប់ស្តាត់និងបំបាត់សិទ្ធិសេរីភាព របស់យើងជាមិនខាន ៚
| គំនិត
បើយើងចេះចុចឲ្យចំចំណុចត្រូវនិងឲ្យចំពេលវេលាវា អ្វីដែលហាក់ដូចជានៅនឹងថ្កល់ហើយមិនអាចកែប្រែបាន វាបែរជាអាចកែប្រែបានទៅវិញ។
ព្រឹត្ដិការណ៍ សកម្មភាពនិងកាលៈទេសៈ ដែលកើតមានឡើងជាហូរហែរនិងជាបន្ដបន្ទាប់គ្នា អាចហូរត្របាញ់ចូលគ្នារួមបង្កើតជាសន្ទុះមួយរុញច្រាន រហូតបានទៅដល់ចំណុចកំពូលមួយ។ គឺចេញពីចំណុចកំពូលនោះហើយ ដែលជាថាមពលមួយវាធ្លាយមកដែលពិបាកនឹងទប់បាន។ |
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ
(ឆ្នាំ ១៩៨០-១៩៨៩ បានបង្រៀវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam
ឆ្នាំ (១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋ
អាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោក “គំនិតខ្មែរ“ដែលចារកម្មចិននិងរុស្ស៊ី បានទទួលបារាជ័យក្នុងការប៉ុនប៉ងលុបបំបាត់មិនឲ្យមើលឃើញតាមអាសយដ្ឋាន www.kumnitkhmer.comហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com
លោក ឆៃ ចន្តា ជាអ្នកភូមិជីរោ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម(បច្ចុប្បន្នខេត្ត ត្បូងឃ្មុំ)។ ឪពុកម្តាយលោក ជាកសិករធ្វើចម្ការនៅតាមដងទន្លេរមេគង្គ ។ នៅឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្រុមគ្រួសារលោកត្រូវបាន ពួកខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុកស្ទោងខេត្តកំពង់ធំ ។ នៅឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៩ លោកទៅរស់ផ្ញើខ្លួនក្នុងជំរំជនភៀសខ្លួន ណងចាន់និងសាយធូ ក្រោមការគ្រប់គ្រងរបស់រណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ។ លោកបានចូលរៀននៅ សាលាមធ្យមសិក្សាភ្នំដងរ៉ែក ហើយបានទទួល សញ្ញាប័ត្រមធ្យមសិក្សាបថមភូមិនៅឆ្នាំ១៩៨៨ ។ លោកបានចាកចេញមករស់នៅ សហរដ្ឋអាមេរិក
ក្នុងខែមករាឆ្នាំ១៩៨៩ ។ លោកបានសិក្សាវិទ្យាសាស្ត្រនយោបាយនិងសារពត៌មាននៅសកលវិទ្យាល័យ ហ្ចរ៍ច ម៉េសុន George Mason University ហើយទទួលសញ្ញាប័ត្របរិញ្ញានៅឆ្នាំ ១៩៩៥ ។ បច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក។ នេះជាសារអេឡេត្រូណិចរបស់លោក Khemara_kakvey@yahoo.com