ព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ
«ព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ»
ពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

លោក អេឌម៉ុនដ៍ ប៊ឺរ៍គ (Edmund Burk
(អ្នកគិតនយោបាយអភិរក្សជាតិអៀរឡង់ ១៧២៩-១៧៩៧)
«រឿងចាំបាច់តែមួយគត់ដែលធ្វើឲ្យអំពើបិសាចមានជ័យជំនះបានគឺមកពីមនុស្សល្អនៅស្ងាត់ស្ងៀម»
បើយើងយកគំនិតនិងទង្វើដែលយើងធ្លាប់បានអនុវត្តពីម្សិលមិញមកអនុវត្តនៅថ្ងៃនេះ យើងនឹងបានទទួលលទ្ធផលដូចដែលយើងបានទទួលកាលពីម្សិល ។ ការគិតនិងទង្វើ
ដដែលៗមិនផ្តល់លទ្ធផលខុសពីមុនទេ ។ ផ្ទុយទៅវិញ វាបង្កើតជាទម្លាប់ដែលអាចឃុំគ្រងយើងមិនឲ្យផ្តួចផ្តើមអ្វីថ្មី ។ លោក អាល់ប៊ឺត អែនស្តែន Albert Einstein អ្នកប្រាជ្ញរូបវិទ្យាអាមេរិកាំងដើមកំណើតអាល្លឺម៉ង់ដ៏ល្បីឈ្មោះដែលបានទទួលរង្វាន់ណូបែលនៅឆ្នាំ១៩២១ បានហៅមនុស្សដែលធ្វើសកម្មភាពច្រំដែលរួចរំពឹងថានឹងបានទទួលលទ្ធផលខុសៗគ្នាថាជាមនុស្សឆ្កួត ។
ចាស់ទុំខ្មែរនិយមនិយាយថាភ្នែកដែលមើលមិនឃើញជាភ្នែកម្នាស់ ត្រចៀកដែលស្តាប់មិនឮជាត្រចៀកពាង ក្បាលដែលមានមុខចេះតែញញឹមមិនឈប់ទោះបីគេញាត់និងបុកថ្នាំជក់បញ្ជូលក្នុងប្រហោងក្បាលហុយផ្សែងទ្រលោមជាក្បាលខ្សៀ ។
ខ្ញុំធ្លាប់បានសរសេរអំពាវនាវជាញឹកញាប់សុំឲ្យពលរដ្ឋខ្មែរបច្ចុប្បន្នរៀនចងចាំ ស្គាល់ និងយល់នូវប្រវត្តិសាស្ត្ររបស់ខ្លួន ពីព្រោះប្រវត្តិសាស្ត្រដែលធ្លាប់កើតមានរួចមកហើយនឹងអាចកើតមានដូចមុនទៀតដោយសារតែគំនិតនិងទង្វើតាមទម្លាប់របៀបសត្វក្នុងហ្វូងដែលរត់តាមគ្នាស្រចុះស្រឡើងដោយមិនអើពើអំពីការពិចារណាស៊ីជម្រៅនិងគំនិតផ្តួចផ្តើមស្រមើស្រមៃឆ្នៃប្រឌិតដែលជាមធ្យោបាយតែមួយសម្រាប់ចៀសវាងភយន្តរាយដល់ខ្លួនក៏ដូចជាដល់ប្រទេសជាតិ ។
កម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមយួន-អាមេរិកាំងដោយកិច្ចព្រមព្រៀងខ្មែរ-ចិន ដែលចុះហត្ថលេខានៅទីក្រុងប៉េកាំងនាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ១៩៦៥ ។ កិច្ជព្រមព្រៀងនោះបានកំទេចអព្យាក្រឹតកម្ពុជាដែលកើតចេញពីសន្និសីទ ហ្សឺណែវ ឆ្នាំ១៩៥៤ ។ នៅក្នុងកិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យប្រទេសចិនដឹកជញ្ជូនសព្វាវុធនិងសម្ភារៈសឹកទៅផ្គត់ផ្គង់យួនកុម្មុយនិស្តដែលបានបង្កើតជំរំនិងមូលដ្ឋានទ័ពក្នុងទឹកដីខ្មែរ ។
មានប្រទេសមួយចំនួនបានចោទកម្ពុជាថាផ្តល់ទឹកដីអព្យាក្រឹតទៅឲ្យយួនកុម្មុយនិស្តប្រើប្រាស់ក្នុងចម្បាំង តែមេដឹកនាំខ្មែរមិនត្រឹមតែទាត់ចោលការចោទប្រកាន់នោះទេ ពួកគេបង្វែរការថាមិនពិតទោះបីមានអ្នកកាសែតបរទេសបានទៅឃើញជំរំយួននៅជាយដែនក្តី ពួកគេចោទប្រកាន់ទៅកាន់សហរដ្ឋអាមេរិកដែលកំពុងច្បាំងជាមួយនឹងយួនកុម្មុយនិស្ត ថារំលោភអព្យាក្រឹតខ្មែរទៅវិញ ។ ព្រឹត្តិការណ៍ថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ ព្រឹត្តិការណ៍ថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ព្រឹត្តិការណ៍ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ គឺជាលទ្ធផលដែលបានកើតចេញពីកិច្ចព្រមព្រៀងជាមួយចិនប៉េកាំងនោះ ។
ដើម្បីបិទបំាងការពិតនាគ្រានោះ រាជរដ្ឋាភិបាលខ្មែរបានអញ្ជើញជាផ្លូវការនូវគណៈកម្មការត្រួតពិនិត្យអន្តរជាតិ (CIC ឬ commission internationale de contrôle ដែលមានឥណ្ឌាជាប្រធាន កាណាដានិងប៉ូឡូញជាសមាជិក) និងអ្នកកាសែតអន្តរជាតិឲ្យទៅមើលដល់ទីកន្លែងដែលថាមានជំរំយួនកុម្មុយនិស្តនោះ ។ ខ្ញុំបានសរសេរផ្សាយជាញឹកញាប់ដែរ (ដូចមានអត្ថបទនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ) អំពីរាជរដ្ឋាភិបាលបញ្ជាទៅចៅហ្វាយខេត្តឲ្យរៀបចំជាមួយទ័ពយួនកុម្មុយនិស្តឲ្យដកខ្លួនចេញមុននឹង CIC និងអ្នកកាសែតទៅដល់ ហើយឲ្យពួកគេត្រឡប់មកវិញចុះនៅពេលដែលអ្នកត្រួតពិនិត្យនិងអ្នកកាសែតចាកចេញ ។ អាជ្ញាធរខ្មែរបានបំប្លែងជំរំនិងមូលដ្ឋានយួនកុម្មុយនិស្តឲ្យទៅជាមណ្ឌលហ្វឹកហ្វឺនយោធាខ្មែរ ។ ក្រោមទង្វើដ៏ល្ងង់ខ្លៅនោះ កម្ពុជាបានកំទេចចោលអព្យាក្រឹតដែលខ្លួនត្រូវការចាំបាច់បំផុតជាពិសេសនៅក្នុងសង្គ្រាមយួន-អាមេរិកាំង ។ ព្រះពុទ្ធបានបង្រៀនមនុស្សលោកជាង២៥០០ឆ្នាំមកហើយថាគេមិនអាចបិទបាំងព្រះអាទិត្យព្រះចន្ទនិងសច្ចៈបានឡើយ ។ មេរៀននេះ ខ្មែរគ្រប់រូបគួរគិតឲ្យបានល្អិតល្អន់ ។
ប្រវត្តិសាស្ត្រកម្ពុជាដែលកើតមានម្តងហើយនៅកំពុងតែកើតមានជាថ្មីម្តងទៀត ។ បច្ចប្បន្ននាយករដ្ឋមន្ត្រីផ្តាច់ការ ហ៊ុន សែន ខំបដិសេធថារបបលោកមិនបានអនុញ្ញាតឲ្យកងទ័ពចិនមានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជាក្នុងឈូងសមុទ្ររាមទេ ។ មាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា “ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ . . . ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន . . . ។” លោកបានប្រកាសថាព័ត៌មានស្តីអំពីវត្តមានយោធាចិននៅរាមជាព័ត៌មាន “ក្លែងក្លាយនិងបង្វិលការពិត” ។
ស្រដៀងគ្នានឹងរាជរដ្ឋាភិបាលជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០ដែលរៀបចំកម្មវិធីបំភ័ន្តការពិត នៅចុងខែកក្កដាឆ្នាំ២០១៩នេះ ជនផ្តាច់ការ ហ៊ុន សែន បានរៀបចំដឹកអ្នកផ្សព្វផ្សាយព័ត៌មានចំនួន ៧០ នាក់ តាមរថយន្ត — ដែលជាបរិច្ចាគនៃកងទ័ពចិន People’s Liberation Army — ពីក្រុងភ្នំពេញទៅធ្វើទស្សនៈកិច្ចនៅមូលដ្ឋាននាវាចររាម ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចុះថ្ងៃទី២៧កក្កដានេះបានផ្សាយថា អ្នកកាសែតបានមើលឃើញ “បង្គន់” outhouses មួយចំនួន និងផែតូចមួយដែលមានកុប៉ាលល្បាតមួយចំនួនដោតទង់ជាតិកម្ពុជាសំចតនៅ ។ AFP សរសេរថាមិនដឹងជា “កុប៉ាលដែលមានពណ៌ខៀវប្រផះនិងប្រដាប់ដោយកាណុងធំទាំងនេះមកពីទីណាទេខណៈប្រទេសចិនបានបរិច្ចាគកុប៉ាលចម្បាំងមួយចំនួនឲ្យកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ” ។ AFP ដកស្រង់សំដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ និយាយថា ៖ “អស់លោកពីបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិគឺជាភ្នែកច្រមុះរបស់យើង . . . យើងគ្មានអ្វីលាក់បាំងពីជនបរទេសដែលនៅតែចោទយើងថាយើងបានធ្វើអីចេះឬធ្វើអីចោះទេ” ហើយលោកបានបន្ថែមថារូបភាពផ្កាយរណបនឹងបង្ហាញឲ្យឃើញថាតើនាវាចិនមានបានប្រើមូលដ្ឋាននាវាចររាមដែរឬទេ ។
ប្រសាសន៍លោក សុជាតិ គ្រាន់បើជាងសំដីចៅហ្វាយនាយដែលពោរពេញទៅដោយរោគនិងជម្ងឺបដិសេធនិងបន្ទោសអ្នកដទៃនិងរអិលមាត់ប៉ប្លូចមិនចេះចប់ ។ យ៉ាងហោចណាស់លោក សុជាតិ ចេះនឹកឃើញថារូបភាពផ្កាយរណបអាចជាព័ស្តុតាងតើចិនបានឬមិនបានប្រើមូលដ្ឋានរាម ។ តែលោកនៅយ៉ាប់ត្រង់មិនបានប្រើគំនិត (កត់សំគាល់ នឹកឆ្ងល់ បកស្រាយ វិភាគ វិនិច្ឆ័យ ) យោង ព្យួរ តភ្ជាប់ ទៅនឹងគម្រោងធំចិនប្រើមូលដ្ឋានកម្ពុជាជាជំហានដើម្បីជះថាមពលយោធាចិននៅក្នុងមហាសមុទ្រក្នុងពិភពលោក ។
អត្ថបទរបស់ខ្ញុំក្រោមចំណងជើងថា “ការព្រួយបារម្ភអំពីវត្តមានយោធាចិននៅកម្ពុជា” (គេហទំព័រ “គំនិតខ្មែរ” ថ្ងៃទី១៤កក្កដា ) ពឹងផ្អែកទៅលើព័ត៌មាន រូបភាពផ្កាយរណប និងការវិភាគដែលធ្វើឡើងដោយប្រភពដែលខ្ញុំទុកចិត្តបាន ។ ខ្ញុំបានអនុវត្តក្របខ័ណ្ឌសិក្សាគឺ “ពណ៌នា-វិភាគ-ព្យាករណ៍” — ពណ៌នាព្រឹត្តិការណ៍ដោយឥតលំអៀង វិភាគរកហេតុរកផល និងព្យាករណ៍អំពីអនាគតដែលទំនងនឹងកើតមានឡើង ។ ស្របនឹងពាក្យចាស់លោកថាមានផ្សែងរមែងមានភ្លើង ខ្ញុំសន្និដ្ឋានថាវត្តមានយោធាចិននៅកម្ពុជាជាលទ្ធភាពមួយដែលអាចកើតមានស្របតាមតម្រូវការនៃផែនការចិនក្នុងពិភពលោក ហើយវត្តមានចិនក្នុងរូបភាពអភិវឌ្ឍន៍អាចប៉ះពាល់ដល់អាយុជីវិតកម្ពុជា ។ ចិនូបនីយកម្មកម្ពុជាបានប្រព្រឹត្តឡើងតាមផ្លូវសង្គម ផ្លូវនយោបាយ ផ្លូវសេដ្ឋកិច្ច ។ ឥឡូវនេះចិនូបនីយកម្មកម្ពុជាកំពង់ប្រព្រឹត្តឡើងតាមផ្លូវយោធា ។ បន្ទាប់ពីអត្ថបទថ្ងៃទី១៤កក្កដាមក ខ្ញុំឃើញមានអត្ថបទជាច្រើនចេញផ្សាយស្តីអំពីលទ្ធភាពនៃវត្តមានយោធាចិននៅកម្ពុជា ។
នៅថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទ ២-៣ នៅក្នុងទំព័រសារព័ត៌មាននានាមកពណ៌នាយ៉ាងខ្លីៗដើម្បីការយល់ដឹងរបស់លោកអ្នកអាន ។ សូមរំលឹកថាអត្ថបទខ្ញុំលើកមុន (គេហទំព័រ “គំនិតខ្មែរ” ១៤ កក្កដា ) ពឹងផ្អែកជាពិសេសទៅលើការផ្សព្វផ្សាយរបស់ “មជ្ឈមណ្ឌលសិក្សាជាន់ខ្ពស់វិស័យការពារ” នៅសហរដ្ឋអាមេរិក និងរបស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាហៅ ThePrint និពន្ធ ដោយអតីតវរសេនីយឯកដែលជាអ្នកវិភាគរូបភាពផ្កាយរណបនៃប្រទេសឥណ្ឌា លោក
វីណាយ៉ាក់ បាត Vinayak Bhat ។ ពួកគេបានផ្សាយរូបភាពផ្កាយរណប ធ្វើការពណ៌នា វិភាគនិងផ្តល់យោបល់ថាការសាងសង់កំពង់ផែទឹកជ្រៅ ផ្លូវរត់ព្រលានយន្តហោះ និងរមណីយដ្ឋានតារាសាគរ ។ល។ មិនសមស្របនឹងផែនការទេសចរណ៍សម្រាប់តំបន់នៅដាច់ស្រយ៉ាលទេ តែវាសមស្របនឹងគម្រោងចិនប៉េកាំងក្នុងការស្វែងរកឥទ្ធិពលចិននៅក្នុងពិភពលោក ។
ខ្ញុំសូមអញ្ជើញអ្នកអាន Google អត្ថបទដ៏ខ្លឹមសារមួយគឺ “Chinese mega-resort in Cambodia raises red flags” ឬ “រមណីយដ្ឋានមេហ្គារបស់ចិននៅកម្ពុជាតម្លើងទង់ក្រហមឲ្យប្រុងប្រយ័ត្ន” ផ្សាយដោយបណ្តាញព័ត៌មាន ប៊្លូមប៊ឺហ្គ៍ Bloomberg News ចុះថ្ងៃទី២០ខែកក្កដា ។
មប៊ឺហ្គ៍ មើលឃើញថា “រមណីយដ្ឋានតារាសាគរ” ដែលសាងសង់ដោយក្រុមហ៊ុនចិន UDG យូឌីហ្ជី នៅលើដីមានទំហំប្រមាណជាពាក់កណ្តាលទំហំដែនដីប្រទេសសិង្ហបុរី បានធ្វើឲ្យមានការព្រួយបារម្ភក្នុងរង្វង់អ្នកយុទ្ធសាស្ត្រយោធាសហរដ្ឋអាមេរិកនិងអ្នកយុទ្ធសាស្ត្រនៃប្រទេសពាក់ព័ន្ធដទៃទៀត ។ ព្រោះថា “វត្តមាននាវាចរចិននៅកម្ពុជានឹងពង្រីកហើយពង្រឹងគោលដៅយុទ្ធសាស្ត្រចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពង្រឹងការកាន់ក្តោបដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនិងផ្លូវទឹកដែលរួមគ្នាផ្តល់តម្លៃពាណិជ្ជកម្មប្រមាណជា៥ពាន់ពាន់លាន ឬ $5 trillion ដុល្លារក្នុងមួយឆ្នាំ ៗ” ។
“សហរដ្ឋអាមេរិកសង្ស័យអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវថ្នល់ Belt and Road Initiative របស់លោកប្រធានាធិបតីចិន ស៊ី ហ្ជឹនពីង Xi Jinping ក្នុងការសាងសង់កំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ strategic infrastructures នៅប្រទេសនានាដូចជាស្រីលង្កា ប៉ាគីស្ថាន មីយ៉ាន់ម៉ា ថាជាដំណើរត្រួសត្រាយឲ្យចិនបង្កើតមូលដ្ឋានយោធាថែមទៀតនៅបរទេស ក្រោយពីបានបង្កើតមូលដ្ឋានចិនទីមួយនៅប្រទេសអាហ្វ្រីក ជីប៊ូទី Djibouti ពីរឆ្នាំមុននេះ” ។
សូមកត់សំគាល់បន្ថែមថា ចិនប៉េកាំងដាក់ឈ្មោះមូលដ្ឋានចិននៅ ជីប៊ូទី ថាជា “មូលដ្ឋានគាំទ្រនៃកងទ័ពចិននៅ ជីប៊ូទី” Chinese People’s Liberation Army Support Base in Djibouti ។ នេះជាមូលដ្ឋានសឹកទីមួយនៅក្រោមនាវាចរនៃកងទ័ពចិន Chinese People’s Liberation Army Navy (PLAN) ដែលក្រុងប៉េកាំងជឿថានឹងបង្កើនឥទ្ធិពលយោធាចិននៅក្នុងតំបន់ស្នែងអាហ្វ្រិកនិងមហាសមុទ្រឥណ្ឌា ។
លោក ឆារ៍ល អេដែល Charles Edel អតីតមន្ត្រីនៅក្រសួងការបរទេសអាមេរិកាំងដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់នៃមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៅសកលវិទ្យាល័យស៊ីដនីនៅប្រទេសអូស្ត្រាលីបានផ្លែងប្រាប់ ប៊្លូមប៊ឺហ្គ៍ ថា “បើអ្នកមានមូលដ្ឋាននាវាចរនៅកម្ពុជា កងនាវាចរចិននឹងមានបរិយាកាសអំណោយផលធ្វើប្រតិបត្តិការប្រសើរជាងមុននៅក្នុងដែនទឹកនៅតំបន់អាស៊ីអាគ្នេយ៍” . . . “ដីគោកអាស៊ីអាគ្នេយ៍នឹងមានសក្តានុពលនៅក្នុងបរិវេណការពារយោធាចិន ។ នេះគឺជាការពាក់ព័ន្ធធំបំផុតនិងបង្កើតផលប៉ះពាល់នយោបាយ” ។
មប៊ឺហ្គ៍ រំលឹកថារមណីយដ្ឋានតារាសាគរលាតសន្ធឹងលើដីទំហំ ៣៦០ គីឡូម៉ែត្រក្រឡានៅឧទ្យានជាតិបទុមសាគរ ហើយសៀវភៅ Brochure នៅក្នុងគេហទំព័រតារាសាគរសម្តែងនូវផែនការមហិច្ឆតាមានអាកាសយានដ្ឋានអាចទទួលភ្ញៀវទេសចរបរទេសចំនួនពាក់កណ្តាលនៃចំនួនសរុបនៅកម្ពុជា កំពង់ផែសម្រាប់នាវាទេសចរណ៍ធំៗ និងផ្លូវរថភ្លើងល្បឿនលឿន high-speed rail connections ទៅភ្នំពេញនិងសៀមរាបអង្គរផង ។ ប៊្លូមប៊ឺហ្គ៍ រាយការណ៍ថាអ្នកយុទ្ធសាស្ត្រយោធាចាប់អារម្មណ៍ទៅលើសមត្ថភាពនៃអាកាសយានដ្ឋានថ្មីនៅកោះកុងដែលអាចទទួលភ្ញៀវទេសចរចំនួន ១០ លាននាក់ក្នុងមួយឆ្នាំ ទ្វេដងសមត្ថភាពអាកាសយានដ្ឋាននៅភ្នំពេញ និង៤០ដងសមត្ថភាពទទួលភ្ញៀវទេសចរនៅអាកាសយានដ្ឋានក្រុងព្រះសីហនុដែលមានសណ្ឋាគារនិងបនកាស៊ីណូរាប់មិនអស់ រីឯអាកាសយានដ្ឋាននៅកោះកុងបានទទួលភ្ញៀវទេសចរនៅឆ្នាំមុនចំនួនតែ ១ សែនកន្លះប៉ុណ្ណោះ ។ ប៊្លូមប៊ឺហ្គ៍ បានងាកទៅពាក្យពេជន៍របស់លោក វីណាយ៉ាក់ បាត ដែលខ្ញុំបានសរសេរខាងលើ និយាយថា “លុះត្រាតែអ្នកមានជាស្រេចហើយនូវបែបទេសចរណ៍ (រាប់លាននាក់នៅកោះកុង ) ហេតុម្តេចក៏ទៅសាងសង់អាកាសយានដ្ឋានថ្មីមួយ ជាពិសេសបើអ្នកមានអាកាសយានដ្ឋានមួយស្ថិតនៅក្បែរជាស្រេចទៅហើយ ។ រីឯកំពុងផែទឹកជ្រៅក៏មិនសមហេតុផលសម្រាប់វិស័យទេសចរណ៍ដែរ” ។
លោក វីណាយ៉ាក់ បាត បានប្រាប់ ប៊្លូមប៊ឺហ្គ៍ ថា “អ្នករៀបចំផែនការយោធាឥណ្ឌាមានការព្រួយបារម្ភអំពីប្រទេសចិនផ្តល់ហិរញ្ញប្បទានតាមរយៈប្រទេសថៃស្តីអំពីច្រកទន្លេ Kra ដែលនឹងអនុញ្ញាតឲ្យចិនឆ្លងកាត់ច្រកម៉ាឡាកាទៅជះឥទ្ធិពលនៅក្នុងមហាសមុទ្រឥណ្ឌាបាន ។
អត្ថបទដែលពិសេសបំផុតគឺអត្ថបទចុះថ្ងៃទី២១ខែកក្កដាដោយកាសែត The Wall Street Journal (WSJ) ក្រោមចំណងជើងថា “China has signed an agreement with Cambodia granting its military exclusive use of part of the Ream naval base near Sihanoukville, a once sleepy port city in the midst of a Chinese-fueled construction frenzy” ឬ “ប្រទេសចិនបាន ចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជាទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់មួយចំណែកនៃមូលដ្ឋាននាវាចរនៅរាមជិតក្រុងព្រះសីហនុដែលធ្លាប់ជាក្រុងកំពង់ផែដ៏ស្ងាត់ជ្រងុំមួយនៅចំកណ្តាលសកម្មភាពសាងសង់យ៉ាងទ្រហឹងអឺងកងរបស់ចិន” ។ អត្ថបទនេះមានចុះផ្សាយរូបភាពផ្កាយរណបដែលអ្នកអានគួរតែពិនិត្យពិចារណា និងព័ត៌មានដែលបានធ្វើឲ្យលោក ហ៊ុន សែន និងរបបផ្តាច់ការកម្ពុជាខឹងដូចរន្ទះបាញ់ ។ គឺអត្ថបទនេះហើយដែលជនផ្តាច់ការបានហៅថា “ក្លែងក្លាយនិងបង្វិលការពិត” ។
អត្ថបទនេះចេញផ្សាយពីក្រុងព្រះសីហនុ បាននិយាយថា តាមមន្ត្រីអាមេរិកាំងនិងមន្ត្រីសម្ព័ន្ធមិត្តដែលដឹងរឿង “ប្រទេសចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់មួយ a secret agreement អនុញ្ញាតឲ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋាននាវាចរកម្ពុជាខណៈដែលប្រទេសចិនកំពុងធ្វើការបង្កើនសមត្ថភាពខ្លួនដើម្បីជះឥទ្ធិពលយោធានៅជុំវិញពិភពលោក” ។ WSJ សរសេរថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅនិទាឃរដូវ ហើយ “បានផ្តល់ដល់ប្រទេសចិននូវសិទ្ធិផ្តាច់មុខ exclusive rights ក្នុងការប្រើប្រាស់មូលដ្ឋាននាវាចរកម្ពុជាមួយចំណែក . . . ដែលនៅមិនឆ្ងាយពីអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់” ។ តាមកាសែត WSJ “មន្ត្រីអាមរិកាំងបានឃើញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលអនុញ្ញតឲ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានចំនួនរយៈពេល ៣០ ឆ្នាំ ដែលអាចបន្តជាស្វ័យប្រវត្តិរៀងរាល់ ១០ ឆ្នាំក្នុងការប្រើប្រាស់មូលដ្ឋាន ។ ប្រទេសចិន (មានសិទ្ធិ) ដាក់បុគ្គលិកយោធា ផ្ទុកសព្វាវុធនៅក្នុងឃ្លាំង និងសំចតនាវាចម្បាំង” ។

តាមអត្ថបទ WSJ “មន្ត្រីអាមេរិកាំងបាននិយាយថាតាមសេចក្តីព្រាងនៅក្នុងកិច្ចព្រមព្រៀងប្រទេសចិននឹងសាងសង់ផែចំនួនពីរថ្មីទៀត មួយសម្រាប់ចិនប្រើប្រាស់ មួយទៀតសម្រាប់កម្ពុជាប្រើប្រាស់ ហើយគេទំនងត្រូវការបូមខ្សាច់ស្តារផ្លូវទឹកបន្ថែមទៀតដើម្បីឲ្យនាវាចម្បាំងធំៗរបស់ចិនអាចចតបាន ។ មន្ត្រីអាមេរិកាំងបានឲ្យដឹងថា សេចក្តីព្រាងនោះអនុញ្ញាតឲ្យបុគ្គលិកចិនកាន់អាវុធនិងប្រើលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជា និងតម្រូវឲ្យជនជាតិខ្មែរទទួលសេចក្តីអនុញ្ញាតពីចិនជាមុនសិនទើបអាចចូលទៅកាន់តំបន់ទំហំ ៦២ហិកតាដែលចិនកាន់កាប់នៅក្នុងមូលដ្ឋានរាមបាន” ។
WSJ សរសេរថា មន្ត្រីអាមេរិកាំងនិងមន្ត្រីសម្ព័ន្ធមិត្តបានខំបញ្ចុះបញ្ចូលកម្ពុជាកុំឲ្យយោធាចិនប្រើប្រាស់អាកាសយានដ្ឋានថ្មីនៅតារាសាគរដែលមានចម្ងាយ៤០ម៉ែលពីមូលដ្ឋានរាម ។ តាម WSJ រូបភាពផ្កាយរណបថ្មីៗបានបង្ហាញឲ្យឃើញថាផ្លូវរត់ព្រលានយន្តហោះថ្មីមានប្រវែងពីរម៉ែល៍ដែលធំល្មមសម្រាប់យន្តហោះធុន Boeing 747s និង Airbus A380s ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយវែងនិងយន្តហោះដឹកជញ្ជូនយោធាចុះឡើងបាន ។ រូបភាពផ្កាយរណបក៏បានបង្ហាញឲ្យឃើញដែរថាមានការរៀបចំផ្លូវសម្រាប់បត់យន្តហោះដើម្បីងាយស្រួលឲ្យយន្តហោះអាចចុះនិងឡើងបានឆាប់រហ័ស ។ WSJ បញ្ជាក់ថា យន្តហោះចេញពីតារាសាគរអាចធ្វើការវាយប្រហារបានទៅលើគោលដៅនៅប្រទេសថៃ ប្រទេសយៀកណាម ប្រទេសសិង្ហបុរី និងប្រទេសឯទៀត ។
សូមបញ្ចប់អត្ថបទខ្ញុំនៅថ្ងៃនេះដោយសង្ខេបជូននូវវិចារណកថាចុះផ្សាយនៅថ្ងៃទី២៥ ខែក្កដា របស់កាសែតជប៉ុន ហ្ចាផាន ថែមស៍ The Japan Times ក្រោមចំណងជើងថា “China’s ties with Cambodia pay off” ឬ “ទំនាក់ទំនងរបស់ចិននិងកម្ពុជាបានផ្តល់លទ្ធផលល្អ” ។ វិចារណកថាថ្លែងថាទោះបីជាភ្នំពេញបដិសេធយ៉ាងខ្លាំងនូវរបាយការណ៍កាសែត Wall Street Journal អំពីកិច្ចព្រមព្រៀងសម្ងាត់ផ្តល់ទីតាំងកម្ពុជាមួយឲ្យចិនក៏នៅតែមានហេតុផលល្អគួរឲ្យជឿបានថារបាយការណ៍ WSJ មានភាពត្រឹមត្រូវ ។
ហ្ចាផាន ថែមស៍ កត់សំគាល់ថាចិនបានស្វះស្វែងជាយូរមកហើយក្នុងការស្វែងរកមធ្យោបាយសាងសង់កំពង់ផែនៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ហើយអ្នកយុទ្ធសាស្ត្របានបង្កើតពាក្យ “ខ្សែកគុជ” ដើម្បីបង្ហាញនូវបណ្តាញកំពង់ផែនិងឃ្លាំងភ័ស្តុភារដែលចិនត្រូវការក្នុងការពង្រីកអណាចទូទៅនៅក្នុងតំបន់ទាំងនោះ ដើម្បីការពារផលប្រយោជន៍ចិន ជាពិសេសពាណិជ្ជកម្មចិន ព្រមទាំងគំរាមកំហែងដល់សក្តានុពលគូប្រឆាំងផង ។ មានការសិក្សាមួយរកឃើញថាមានកំពង់ផែចំនួន ៤២ ដែលសាងសង់ដោយក្រុមហ៊ុនចិននៅក្នុង ៣៤ ប្រទេស ដើម្បីបម្រើផលប្រយោជន៍ចិន ដូចជាកំពង់ផែ ហ្គវ៉ាដារ Gwadar នៅប៉ាគីស្ថាន ហាំបាន់តូតា Hambantota នៅស្រីលង្កា ក្យោគព្យូ Kyaukpyu នៅមីយ៉ាន់ម៉ា និងក្រុងព្រះសីហនុនៅកម្ពុជា ។
កម្ពុជាដែលស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍មានប្រយោជន៍ខ្លាំងណាស់សម្រាប់ចិន ។ នៅក្នុងកិច្ចប្រឹងប្រែងបណ្តុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិនបានក្លាយទៅជាអ្នកវិនិយោគធំបំផុតសម្រាប់កម្ពុជា ។ ភ្នំពេញសងគុណចិនវិញដោយការស្វាគមន៍និងការគោរព ហើយបានក្លាយទៅជាប្រទេសគាំទ្រនិងការពារចិនមាំបំផុតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ។ គេត្រូវប្រើទស្សនៈវិស័យនេះក្នុងការពិនិត្យរបាយការណ៍របស់ WSJ ។
វត្តមានចិននៅកម្ពុជារួមនឹងការពង្រីកពង្រឹងដែនទឹកនិងយោធាចិននៅសមុទ្រចិនខាងត្បូងនឹងផ្លាស់ប្តូរទ្រង់ទ្រាយតុល្យភាពអំណាចនៅក្នុងតំបន់ ។ ប្រទេសជប៉ុននិងរដ្ឋាភិបាលនៅក្នុងតំបន់ត្រូវតែមានការប្រុងប្រយ័ត្ននិងចាប់អារម្មណ៍លើឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ។ នេះគឺជាទេសកាលនៃប្រវត្តិសាស្ត្រនិងការកែប្រែទ្រង់ទ្រាយនៅក្នុងតំបន់ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។