«ពេលណាដែលត្រូវឬមិនត្រូវប្រយុទ្ធ»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងមេ៉ត
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩

ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ (Sun Tzu)
(កើតឆ្នាំ៥៤៤មគស-ស្លាប់ឆ្នាំ៤៩៦មគស មេទ័ពប្រទេសចិនបុរាណ)
«អ្នកនឹងទទួលជោគជ័យ
បើអ្នកដឹងថាពេលណាត្រូវប្រយុទ្ធនិងពេលណាមិនត្រូវប្រយុទ្ធ»

លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ អ្នកយុទ្ធសាស្ត្រយោធាចិន ជាមេទ័ពដ៏ចំណានម្នាក់ដែលបានបម្រើព្រះមហាក្សត្រចិន ព្រះបាទ ហេលូ នៅឆ្នាំ ៥១២ មគស នៅពេលលោកមានអាយុ៣២ឆ្នាំ ។ ជោគជ័យលោកនៅលើសមរភូមិបញ្ជាក់ថាទ្រឹស្ដីយោធារបស់លោកមានប្រសិទ្ធភាពជាក់ស្តែង ។ បទពិសោធន៍និងជំនាញរបស់លោកបានលើកទឹកចិត្តលោកឲ្យនិពន្ធសៀវភៅ “សិល្បៈនៃសង្គ្រាម” The Art of War ដែលមានគេកោតសរសើរនិងយកទៅអនុវត្តនៅក្នុងសង្គ្រាមនៅអាស៊ីបូព៌ា ។ នៅក្នុងសតវត្សទី២០ ប្រជាប្រិយភាពសៀវភៅលោកបានជះឥទ្ធិពលទស្សនៈនិងយុទ្ធសាស្ត្ររបស់លោករហូតដល់មានស្ថាប័នយោធានានានៅក្នុងពិភពលោកយកសៀវភៅ “សិល្បៈនៃសង្គ្រាម” ទៅឲ្យសិស្សនាយទាហានរបស់គេសិក្សា ។ នៅបស្ចឹមប្រទេស គេក៏បានយកទស្សនៈនិងយុទ្ធសាស្ត្រលោកទៅប្រើប្រាស់ដែរ ដូចជានៅក្នុងសកម្មភាពប្រកួតប្រជែងផ្សេងៗ ទាំងផ្នែកវប្បធម៌ នយោបាយ ជំនួញ កីឡា និងសង្គ្រាមសម័យថ្មី ។

នៅក្នុងចំណោមមូលដ្ឋានគ្រឹះប្រាំស្តីអំពីជោគជ័យ មូលដ្ឋានគ្រឹះមួយចែងថា ៖ “អ្នកនឹងទទួលជោគជ័យប្រសិនបើអ្នកដឹងថាពេលណាអ្នកត្រូវប្រយុទ្ធនិងពេលណាអ្នកមិនត្រូវប្រយុទ្ធ” ។ លោក ស៊ុន ត៍ស៊ឺ ផ្តោត “សិល្បៈនៃសង្គ្រាម” ទៅលើយុទ្ធសាស្ត្ររយៈពេលវែង កដូចមានការប្រើចារបុរស ល្បិចកលបោកបញ្ឆោត សង្គ្រាមចិត្តសាស្ត្រ ការរក្សាសម្ព័ន្ធមិត្ត និងការធ្វើឲ្យសត្រូវបាត់បង់ទឹកចិត្តក្នុងការធ្វើចម្បាំងជាដើម ។ លោកបានបង្រៀនថា “សិល្បៈកំពូលនៃសង្រ្គាមគឺបង្ក្រាបសត្រូវដោយមិនបាច់ប្រយុទ្ធគ្នា” “អ្នកដឹកនាំមិនប្រើកម្លាំងកាយទេ គេប្រើឧទាហរណ៍” “អ្នកត្រូវជឿលើខ្លួនអ្នក” “អ្នកចម្បាំងដែលទទួលជោគជ័យគឺឈ្នះហើយទើបគេចូលច្បាំង ។ ឯអ្នកចម្បាំងដែលទទួលបរាជ័យគឺចូលច្បាំងហើយទើបស្វែងរកជោគជ័យ” ។ និយាយឲ្យជាខ្លី លោក ស៊ុន ត៍សុឺ គឺជាអ្នកយុទ្ធសាស្ត្រដែលប្រើគំនិតស៊ីជម្រៅនិងច្នៃប្រឌិត ។

ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំចូលចិត្តសិក្សារអំពីដំណើរជីវិតនិងគំនិតរបស់វីរជននានា ព្រមទាំងអំពីបទពិសោធន៍និងការប្រៀនប្រដៅរបស់អ្នកទាំងនោះ ។ ខ្ញុំរៀនដើរតាមគន្លងនិងបទពិសោធន៍ដែលធ្លាប់នំាទៅដល់ភាពជោគជ័យ ។ ខ្ញុំខំកែប្រែផ្លាស់ប្តូរអ្វីដែលផ្តល់នូវការហ្មងសៅ ហើយចែករំលែកនូវអ្វីដែលជួយក្នុងដំណើរឆ្ពោះទៅរកវឌ្ឍនភាព ។

សព្វថ្ងៃនេះប្រជាជាតិខ្មែរកំពុងទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ជន ។ ខ្ញុំបានសរសេរអត្ថបទផ្សាយជាច្រើនឆ្នាំមកហើយ ដំបូងជាភាសាអង់គ្លេសនិងឥឡូវជាភាសាខ្មែរ ។ ខ្ញុំចែករំលែកចំណេះដឹងនិងបទពិសោធន៍នានាក្នុងបំណងបំបាត់របបផ្តាច់ការ និងបំផុសគំនិតស្មារតីស្នេហាសេរីភាព សមភាព ភាពថ្លៃថ្នូរ និងបំផុលខ្មែរឲ្យក្រោកឡើងធ្វើសកម្មភាពដើម្បីថែរក្សាប្រទេសក៏ដូចជាសុខុមាលភាពជាតិ ។ ខ្ញុំបានបង្កើតគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com ដើម្បីប្រមូលផ្តុំគំនិត ព្រឹត្តិការណ៍ និងការស្រាវជ្រាវនានាយកមកធ្វើជាឧបករណ៍សម្រាប់អ្នកបន្តវេនតស៊ូប្រើប្រាស់ក្នុងបុព្វហេតុជាតិ ។

ថ្វីបើមានការរុកគួនពីសំណាក់ចារកិច្ចចិននិងរុស្សីដើម្បីលុបបំបាត់គេហទំព័រនេះកុំឲ្យមើលឃើញក្តី (សូមអាន “ចារកម្មចិននិងការបោះឆ្នោតខ្មែរថ្ងៃទី២៩” ចុះថ្ងៃទី២០ កក្កដាឆ្នាំ២០១៨ ) ខ្ញុំត្រេកអរដោយឃើញអ្នកចូលមើលគេហទំព័រ “គំនិតខ្មែរ” មានចំនួនកាន់តែច្រើនឡើងៗ ជាពិសេសអ្នកអាននៅក្នុងកម្ពុជា ។ អត្ថបទខ្ញុំ ភាគច្រើនជាវិចារណកថាដាស់តឿនអង្រួនគំនិតស្មារតីអ្នកអានឲ្យគិតស៊ីជម្រៅនិងបណ្តុះគំនិតស្រមើស្រមៃច្នៃប្រឌិត ។ កំណើននៃអ្នកអានខ្មែរនៅក្នុងស្រុកខ្មែរធ្វើឲ្យខ្ញុំមានសង្ឃឹមទៅលើការភ្ញាក់រលឹករបស់ពលរដ្ឋខ្មែរក្នុងការតស៊ូកុំឲ្យជនផ្តាច់ការមានឱកាសជាន់កដកស្លាបដូចសត្វបក្សីនិងកុំឲ្យសប្បាយភ្លេចខ្លួនដូចកង្កែបនៅក្នុងឆ្នាំងទឹកក្តៅ ។

ថ្ងៃនេះ ខ្ញុំសូមសង្ខេបជូននូវប្រវត្តិសាស្ត្រនិងគំនិតផ្សេងៗនៅក្នុងចលនាតស៊ូរំដោះជាតិនៅជំនាន់ទសវត្សរ៍ឆ្នាំ ១៩៨០ដែលខ្មែរបច្ចុប្បន្នអាចដកស្រង់យកមកធ្វើជាមេរៀន ។

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ មានព្រឹត្តិការណ៍ពីរបានកើតឡើងដោយមានបុព្វហេតុដូចគ្នា៖ ១. នៅចុងខែមីនាឆ្នាំ១៩៧០ ការវាតទីនិយមរបស់កងទ័ពយួនកុម្មុយនិស្តយៀកកុង
និងយៀកណាមខាងជើងមកលើដីខ្មែរ (សូមអានអត្ថបទ “ទណ្ឌកម្មដល់អ្នកដែលមិនព្រមរៀនពីប្រវត្តិសាស្ត្រ” ចុះថ្ងៃទី៤មករា និងអត្ថបទ “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី” ចុះថ្ងៃទី១៥មករា ) បានរួបរួមពលរដ្ឋខ្មែរដែលប្រឆាំងនឹងយួនកុម្មុយនិស្ត និងបានទាក់ទាញខ្ញុំចេញពីសកលវិទ្យាល័យឲ្យទៅរួមគំនិតជាមួយខ្មែរនៅក្នុងប្រទេសដែលសម្រេចចិត្តបង្កើតរបបសាធារណរដ្ឋនិយមមួយ ។

យួនកុម្មុយនិស្ត៦៥០០០នាក់
កាន់កាប់​​​ដីកម្ពុជាចំនួន ៣៥០០
គីឡូម៉ែតក្រឡា

 

យុវជនស្រោចស្រង់ជាតិ
ក្រោកឈរប្រឆាំង
យួនឈ្លានពាន

 

ខ្មែរស្ម័គ្រចិត្ត
បានចូលធ្វើទាហានការពារទឹកដី

២. ការឈ្លានពានទឹកដីខ្មែរនៅយប់ណូអែលខែធ្នូឆ្នាំ ១៩៧៨ ដោយកងទ័ពយួនកុម្មុយនិស្តចំនួនជាងមួយសែននាក់ដែលអមដោយរថក្រោះនិងយន្តហោះឆ្លងកាត់ព្រំប្រទល់កម្ពុជា វាយកំចាត់អាជ្ញាធរខ្មែរ ។ នៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ កងទ័ពយួនបានចូលកាន់កាប់រដ្ឋធានីភ្នំពេញនិងបានបន្តុបរដ្ឋាភិបាលខ្មែរអាយ៉ងមួយនៅក្រោមការត្រួតត្រារបស់ក្រុងហាណូយ ។ ព្រឹត្តិការណ៍នេះបានរួបរួមខ្មែរដែលប្រឆាំងនឹងការឈ្លានពានរបស់យួនកុម្មុយនិស្តឲ្យបង្កើតចលនាតស៊ូរំដោះជាតិនៅជាយដែនខ្មែរ-ថៃ ព្រមទាំងទាក់ទាញខ្ញុំឲ្យលះបង់ក្តីសុខសាន្តនៅសហរដ្ឋអាមេរិកទៅចូលរួមប្រយុទ្ធជាមួយក្រុមអ្នកតស៊ូនៅជាយដែន ។

ខ្ញុំសូមជំរាបអំពី “រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ឬ រជរបខ ។ រណសិរ្សកើត៧ខែក្រោយពី “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ឬ កជរបខ ដែលកើតឡើងនៅថ្ងៃទី៥ខែមីនាឆ្នាំ១៩៧៩ ប្រមាណជាពីរខែក្រោយពីកងទ័ពយួនចូលកាន់កាប់ភ្នំពេញ ។

នៅខែកុម្ភៈ១៩៧៩ អតីតឧត្តមសេនីយម្នាក់នៃកងទ័ពជាតិសាធារណរដ្ឋខ្មែរគឺលោក ដៀនដែល ដែលជាជនភៀសខ្លួនខ្មែរនៅក្រៅប្រទេសមួយរូប បានចាកចេញពីប្រទេស បារាំងយ៉ាងរួសរាន់ឆ្ពោះទៅកាន់ព្រំប្រទល់ខ្មែរ-ថៃ ។

ជិះតាក់ស៊ីទៅជាយដែនខ្មែរ-ថៃ

 

ក.ជ.រ.ប.ខ.

 

ឧត្តមសេនីយ៍ ដៀនដែល ដើរប្រមូលទ័ព

លោក ដៀនដែល បានបញ្ចុះបញ្ជូលទាហាន “សេរីកា” ដែលរស់នៅរកេតរកូតតាមជាយដែន ហើយបានប្រមូលក្រុមប្រដាប់អាវុធឯករាជចំនួន ១៣ ក្រុមដែលខ្វះវិន័យនិងខ្វះការរៀបចំត្រឹមត្រូវឲ្យចូលរួមគ្នាបង្កើតជា “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” (កជរបខ ) នៅទិសពាយ័ព្យប្រទេសកម្ពុជា ។ ក្រុមសេរីកាទាំង ១៣ ក្រុមបានតែងតាំងលោក ដៀនដែល ជានាយសេនាធិការ កជរបខ ។

នៅក្រោមបាវចនា “សង្គ្រោះ បម្រើ ការពារប្រជាពលរដ្ឋខ្មែរ” កជរបខ មានគោលដៅបី ៖ ១. ប្រឆាំងនឹងការវិលត្រឡប់មកកាន់អំណាចវិញនៃក្រុមខ្មែរក្រហម ២. ប្រឆាំងនឹងការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយកងទ័ពយួនឈ្លានពាន ៣. កសាងប្រទេសកម្ពុជាដែលមានសេរីភាព យុត្តិធម៌ និងសិទ្ធិមនុស្ស ។ ក្រុមអ្នកតស៊ូនៅជាយដែនទាំងនោះបានអញ្ជើញអតីតនាយករដ្ឋមន្ត្រីខ្មែរគឺ លោក សឺន សាន ដែលរស់នៅឯប្រទេសបារំាងឲ្យធ្វើជាមេដឹកនាំ ។ នៅខែសីហា១៩៧៩ ខ្មែរចំនួន ៩ នាក់បានចាកចេញពីប្រទេសបារាំងទៅចូលរួមជាមួយ កជរបខ នៅជាយដែនខ្មែរ-ថៃ ។

នៅថ្ងៃទី៩តុលាឆ្នាំ១៩៧៩ លោក សឺន សាន ត្រូវបានប្រកាសបង្កើត “រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ឬ រជរបខ នៅតំបន់សុខសាន្តនៅភូមិភាគខាងលិចនៃប្រទេសកម្ពុជាដោយមានលោក សឺន សាន ជាប្រធាន ។ លោក សឺន សាន ជាប្រធាន គណកម្មាធិការ ប្រតិបត្តិ Executive Committee ដែលជាអង្គភាពដឹក មានក្រុមព្រឹទ្ធាចារ្យនិងក្រុមប្រឹក្សាយោធាជាជំនួយ ។ កម្មវិធីនយោបាយឈរលើគោលការណ៍ជាតិនិយម សង្គមនិយមពុទ្ធសាសនា (ផ្លូវកណ្តាល) អព្យាក្រឹតភាពរឹងមាំ ឯករាជ្យជាតិ អធិបតេយ្យពលរដ្ឋ បូរណភាពទឹកដី មេត្រីភាពជាមួយប្រទេសជិតឆ្ងាយ ការរួមរស់ដោយសន្តិភាព សេរីភាព និងយុត្តិធម៌ ។

នៅក្នុងការតស៊ូ លោកប្រធាន សឺន សាន បានមានប្រសាសន៍ប្រកាសជារឿយៗថា រជរបខ និង កជរបខ ដែលខ្វះអាវុធយុទ្ធភណ្ឌ មិនតាំងខ្លួនថាអាចដេញកំចាត់កងទ័ពយួនកុម្មុយនិស្តឲ្យផុតពីទឹកដីកម្ពុជាបានទេ ។ នៅក្នុងឯកសារផ្លូវការដែលលោកបានបង្គាប់ឲ្យខ្ញុំសរសេរជូនលោក លោកបានបង្ហាញយុទ្ធសាស្ត្របង្កើនសកម្មភាពទ័ពព្រៃនៅក្នុងស្រុកដែលត្រូវធ្វើព្រមគ្នានិងសកម្មភាពការទូតនៅលើឆាកអន្តរជាតិ (ដែលមានរដ្ឋាភិបាលស្នេហាសេរីភាពនិងយុត្តិធម៌ទទួលស្គាល់ថា រជរបខ ថាអាចជាបន្លាស់លុបចោល “រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលបន្តុបដោយរដ្ឋាភិបាលយួនហាណូយ ) ក្នុងគោលបំណងដាក់សម្ពាធឲ្យធ្ងន់ទៅលើរដ្ឋាភិបាលយួនហាណូយដើម្បីឲ្យយួនមើលឃើញថា អ្វីដែលជា ផលប្រយោជន៍គឺការឈប់ច្បាំងនិងចូលអង្គុយតុចរចាស្វែងរកសន្តិភាព ។

បញ្ហាដ៏ធំមួយដែលចលនារំដោះ រជរបខ ត្រូវដោះស្រាយគឺ នៅពេលដែលរដ្ឋាភិបាលលោកសេរីជាច្រើនបានសម្តែងសមានចិត្តដល់ចលនារំដោះជាតិខ្មែរមិនមែនកុម្មុយនិស្ត ពួកគេមិនបានផ្តល់ជំនួយចាំបាច់ដូចជាសព្វាវុធសម្រាប់ធ្វើការតស៊ូទេ ។ មានតែចិនប៉េកាំងតែប៉ុណ្ណោះដែលមានទំនាស់ជាមួយនឹងសហភាពសូវៀតបានលួចផ្តល់កាំភ្លើងចំនួនបីពាន់ដើមដល់កងទ័ពជាតិ កជរបខ ។ សូមបញ្ជាក់ថានៅគ្រានោះសហភាពសូវៀតគាំទ្រយួនកុម្មុយនិស្ត ឯចិនប៉េកាំងគាំទ្រខ្មែរក្រហមប៉ុលពត ។

បញ្ហាដ៏ធំនេះបានក្លាយទៅជាវិបត្តិមួយដែលអ្នកដឹកនាំ រជរបខ និង កជរបខ ត្រូវដោះស្រាយជាបន្ទាន់ ៖ ខណៈដែលរណសិរ្សនិងកងទ័ពជាតិត្រូវការជំនួយហិរញ្ញវត្ថុ ជំនួយការទូត និងជំនួយយោធា រដ្ឋាភិបាលចិនប៉េកាំងបែរជាប្រកាសជំហរយ៉ាងតឹងរឹងរបស់ខ្លួនថា ចិនផ្តល់ជំនួយដល់ខ្មែរតស៊ូបានលុះត្រាតែចលនាតស៊ូខ្មែរទាំងបីក្រុម (រណសិរ្សជាតិ ចលនារាជានិយមហ្វុនស៊ីនបុិច និងក្រុមខ្មែរក្រហមប៉ុលពត ) ចូលរួមគ្នាជាកម្លាំងតស៊ូតែមួយ ដែលផ្ទុយពីគោលដៅរបស់ រជរបខ និង កជរបខ ។

វិបត្តិនេះបានកើនឡើងទ្វេគុណដោយសាររដ្ឋាភិបាលសមាជិកសមាគម អាស៊ាន មួយចំនួន បានថ្លែងបញ្ជាក់ថាល័ក្ខខ័ណ្ខផ្តល់ជំនួយរបស់គេគឺផ្តល់ជំនួយបានដល់តែរដ្ឋាភិបាល មិនអាចផ្តល់ជំនួយដល់ចលនាតស៊ូទេ ដុច្នេះខ្មែរដែលមិនមែនកុម្មុយនិស្តគប្បីប្រើយុទ្ធសាស្ត្រចូលកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ដើម្បីឲ្យពួកគេមានលទ្ធភាពផ្តល់ជំនួយដែលត្រូវការនោះ ។ អាសនៈខ្មែរនៅអង្គការសហប្រជាជាតិគឺ អាសនៈ “កម្ពុជាប្រជាធិបតេយ្យ” នៃខ្មែរក្រហមប៉ុលពតនោះឯង ។

នៅឆ្នាំ១៩៨១ លោកប្រធាន សឺនសាន បានរាយការណ៍ជូនពលរដ្ឋខ្មែរនៅតាមជំរំថាចលនា តស៊ូបានធ្វើដំណើរមកដល់ “ផ្លូវកែង” មួយហើយ ។ លោកសុំឲ្យពលរដ្ឋផ្តល់លទ្ធភាពដល់លោកសម្រេចបត់ទៅតាមផ្លូវណា ។ ពលរដ្ឋក៏បានជូនលទ្ធភាពសម្រេចដល់លោក ។

លោក សឺន សាន ប្រកាសសេចក្តីសម្រេចចិត្តនៅ
តំបន់រំដោះ

លោក សឺន សាន និង គណប្រតិភូនៅប្រទេស
សមាជិក អាស៊ាន

នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសសមាជិក អាស៊ាន លោកប្រធាន សឺនសាន បានប្រកាសថាលោកនឹងបញ្ជូនតំណាង រជរបខ បីរូប មានអគ្គលេខាធិការ រជរបខ លោក នាងជិនហន សមាជិកគណកម្មាធិការប្រតិបត្តិ លោក ហុីង គុនថុន និងរូបខ្ញុំ (ដែលនៅពេលនោះមានមុខងារត្រឹមជាស្មៀននិងជាអ្នកបកប្រែភាសា ) ជាតំណាង រជរបខ ឲ្យចូលរួមនៅក្នុងគណៈកម្មាធិការចំពោះកិច្ច Ad Hoc Committee ដើម្បីចរចាជាមួយភាគីខ្មែរពីរទៀត បង្កើត “រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ” Coalition Government of Democratic Kampuchea ។ ក្នុងរយៈប៉ុន្មានខែបន្ទាប់មកទៀត អ្នកតំណាងគូភាគីទាំងបីក្រុមបានចូលរួមកិច្ចប្រជុំយ៉ាងវែងមួយ (គូភាគីខ្មែរក្រហម មានលោក ខៀវ សំផន លោក អៀង សារី អ្នកស្រី អៀង ធីរិទ្ធ និងលោក សុន សេន ដែលឆ្លាស់វេនគ្នាចូលប្រជុំ ) ។ លោកប្រធាន សឺនសាន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទ្រាំ “លេបគ្រួសលេបថ្ម” ។

ក្នុងការចរចារវាងគូភាគីដែលមានបីក្រុមរមែងមានកលយុទ្ធប្រទាញប្រទង់បង្កើតសម្ព័ន្ធរវាងភាគីពីរក្រុមទល់នឹងមួយ ។ ការបង្កើតគោលបំណង “រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ” មិនពិបាកទេ គឺ “ប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែងទាំងអស់” រំដោះកម្ពុជាពីយួនឈ្លានពាននិងអនុវត្តសេចក្តីប្រកាសសន្និសីទអន្តរជាតិស្តីពីកម្ពុជានិងការសំរេចចិត្តផ្សេងៗរបស់អង្គការសហប្រជាជាតិ ។ នៅក្នុង “គោលការណ៍ប្រតិបត្តិការ” ភាគីនិមួយៗរក្សាអង្គភាពឯករាជនិងអត្តសញ្ញាណនយោបាយហើយនិងសេរីភាពក្នុងការធ្វើសកម្មភាពនិងក្នុងសិទ្ធទទួលនិងប្រើជំនួយពីអន្តរជាតិ ។ រដ្ឋាភិបាលត្រីភាគីគ្មានក្រសួងដូចរដ្ឋាភិបាលទូទៅទេ មានតែគណៈកម្មការសម្របសម្រួល៤ ៖ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ការពារជាតិ វប្បធម៌និងអប់រំហើយនិងសុខភាពនិងសង្គមកិច្ច ។ បើនិយាយឲ្យខ្លីទៅ នេះជារដ្ឋាភិបាលបង្កើតដើម្បីបង្គ្រប់កិច្ច ។

នៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៨២ “រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ” Coalition Government of Democratic Kampuchea ហៅកាត់ថា CGDK ត្រូវបានប្រកាសបង្កើតឡើងនៅក្នុងពិធីមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានសម្តេច នរោត្តម សីហនុ

ជាប្រធានាធិបតី លោក សឺនសាន ជានាយករដ្ឋមន្ត្រី និងលោក ខៀវ សំផន ជាអនុប្រធានាធិបតីទទួលបន្ទុកកិច្ចការបរទេស ។

អ្នកដឹកនាំ កជរបខ មានការព្រួយបារម្ភខ្លាំងពីព្រោះជំនួយចិនប៉េកាំងមិនឃើញមានហូរធ្លាក់មក កជរបខ ដូចជាភាគីខ្មែរក្រហមសោះ ។ ពួកគេទទួលស្គាល់ថាធ្វើរដ្ឋាភិបាលត្រីភាគីជាការធ្វើនយោបាយចាំបាច់ តែគេគ្មានជំនឿលើការថាត្រូវដាក់ជោគវាសនាខ្មែរនៅក្នុងកន្ត្រកចិនប៉េកាំងតែមួយទេ ។ យ៉ាងនេះហើយបានជា “យុទ្ធសាស្ត្រព្រួញមុខពីរ” two-pronged strategy ចាប់កំណើតឡើង ។ ១. ចូលរួមក្នុងរដ្ឋាភិបាលចម្រុះជាមួយខ្មែរក្រហម ២. បង្កើនសកម្មភាពទាក់ទងផ្ទាល់ជាមួយប្រទេសសមាជិកអាស៊ាន (រដ្ឋាភិបាលលោក “ម្រិក” គេថាគេនៅពីក្រោយលោក “ស៊ាន” ) ស្វែងរកជំនួយផ្សេងៗ ។ ដោយមើលឃើញអំពីបញ្ហាសារប្រយោជន៍ពីរទល់នឹងមួយ នៅក្នុងកិច្ចប្រជុំ “គណកម្មការ (គណកម្មាធិការ)ប្រតិបត្ត EXCO នៅបន្ទាយអំពិលនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ១៩៨៣ (នៅពេលនោះខ្ញុំបានឡើងជាសមាជិកតំណាងនៃគណកម្មការប្រតិបត្តិទទួលបន្ទុកកិច្ចការបរទេសរួចហើយ តែអ្នកដឹកនាំ កជរបខ បានសុំឲ្យខ្ញុំនៅក្រៅអង្គប្រជុំព្រោះខ្ញុំជានាយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី សឺន សាន ) ។ គណកម្មាធិការប្រតិបត្តិបាន “សម្រេចជាឯកច្ឆន្ទក្នុងការប្រើយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងអ្នកជាតិនិយម” – ដែលមិនមែនកុម្មុយនិស្ត ។

ខ្ញុំសូមបើករង្វង់ក្រចកជូនពត៌មានអំពីព្រឹត្តការណ៍មួយដែលអាចកែប្រែស្ថានភាពនយោបាយខ្មែរនិងជោគវាសនាប្រទេសកម្ពុជា ៖ នៅឱកាសគូភាគីខ្មែរជួបប្រជុំនៅក្នុងប្រទេសសមាជិកអាស៊ានបង្កើតរដ្ឋាភិបាលត្រីភាគី ខ្ញុំបានជូនដំណើរលោកប្រធាន សឺន សាន ទៅថ្វាយបង្គំសម្តេច សីហនុ ប្រធានចលនារាជានិយមហ្វុនស៊ិនបុិច តាមសេចក្តីអញ្ជើញរបស់ព្រះអង្គ ។ ខ្ញុំបានសរសេរផ្សាយជាភាសាអង់គ្លេសអំពីជំនួបប្រវត្តិសាស្ត្រនេះរួចមកហើយ ។ សម្តេចលោកបានជំរាបលោក សឺន សាន អំពីការសព្វព្រះទ័យរបស់ព្រះអង្គលើក្រដាសពុម្ភការិយាល័យ letterhead ថា “រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ” និងលើទង់ជាតិកម្ពុជាដែលផ្តិតជាប់លើក្រដាសពុម្ភការិយាល័យនោះ ។ ព្រះអង្គមានបន្ទូលម្តងហើយម្តងទៀតថា ព្រះអង្គឥតមានយល់ទាស់ទេប្រសិនបើដាក់កងទ័ពរាជានិយមសីហនុឲ្យនៅជាមួយកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ នៅក្រោមបដា “រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ដែលមានលោក សឺន សាន ជាអ្នកដឹកនាំ ។ សូមជ្រាបថាមិនមែនមានតែខ្ញុំម្នាក់ឯងទេដែលបានឮបន្ទូលសម្តេច ។ មានឥស្សរជនជាន់ខ្ពស់ហ្វុនស៊ិនបុិចពីរបីរូបទៀតដែរដែលបានស្តាប់ឮបន្ទូលព្រះអង្គ ។ លោក សឺន សាន ប្រធាន រជរបខ មិនបានឆ្លើយតបទៅសម្តេចវិញទេ លោកនៅតែស្ងៀម ។ ចម្លើយថា “យល់ព្រម” ប្រាកដជាអាចកែប្រែផ្លាស់ប្តូរសភាពការនយោបាយខ្មែរ ១០០% នៅពេលនោះ ។ នេះគឺជាការបាត់បង់ឱកាសដ៏ល្អមួយ ។ ខ្ញុំសូមបិទវង់ក្រចក ។

នៅឆ្នាំ១៩៨៤ អ្នកដឹកនាំ កជរបខ និង អាអុិនអែស ANS (Armée Nationale Sihanoukienne) បានបង្កើតគណៈកម្មាធិកាយោធាអចិន្រ្តៃយ៍ Permanent Military Committee (PERMICO) ដើម្បីសម្របសម្រួលសកម្មភាពយោធារបស់ខ្លួន ។ នៅឆ្នាំ១៩៨៥ លោកឧត្តមសេនីយ៍ ទាប បែន នៃកងទ័ព អាអុិនអែស បានកាន់ឯកសារបង្កើត “បញ្ជាការយោធារួម” Joint Military Command (JMC) នៃចលនាតស៊ូមិនមែនកុម្មុយនិស្ត Non-Communist Resistance (NCR) ទៅសុំការអនុម័ត្រគាំទ្រពីសម្តេច ស៊ីហនុ នៅទីក្រុងប៉េកាំង ។ សម្តេចលោកសព្វព្រទ័យឡាយលើឯកសារនោះ ។ នៅឆ្នាំ១៩៨៦ “បញ្ជាការរួម” នៃចលនាតស៊ូមិនមែនកុម្មុយនិស្តបានត្រូវបង្កើតឡើង ដោយមានលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន នៃកជរបខ ជាមេបញ្ជាការ លោកឧត្តមសេនីយ៍ ទាប បែន នៃកងទ័ពអាអុិនអែស ជាមេបញ្ជាការរង លោក ទួន ចាយ នៃកងទ័ពអាអុិនអែស ជានាយសេនាធិការ និងលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត នៃកជរបខ ជានាយរងសេនាធិការ ។

បញ្ជាការយោធារួម

និមិត្តសញ្ញា បកយរ

ក្រសួងផែនការនិងវិភាគ

ដោយមានជំនួយពីប្រទេសចិនរួមនឹងជំនួយហិរញ្ញវត្ថុ ការទូត សម្ភារៈយោធា ព្រមទាំងការហ្វឹកហ្វឺនពីប្រទេសជាមិត្តផង កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានបង្កើនសកម្មភាពយោធារបស់ខ្លួន ។

យុទ្ធជនបានបាញ់កំទេចរថក្រោះ

 

កាំភ្លើងធំចាប់យកបាន

 

ឧត្តមសេនីយ៍ សក់ ស៊ុតសាខន

ជោគជ័យឬកង្វះនៃជោគជ័យរបស់ភាគីខ្មែរនិមួយៗជាលទ្ធផលផុសចេញពីរចនាបថ គ្រប់គ្រង management styles និងជំនាញដឹកនាំនយោបាយ leadership skills របស់មេដឹកនាំម្នាក់ៗ ។ ក៏ប៉ុន្តែមានរឿងមួយដែលច្បាស់ជាងគេគឺថា បើគ្មានការលះបង់របស់យុទ្ធជននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងចលនាតស៊ូរាជានិយមទេ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការបោះឆ្នោតទូទៅនៅកម្ពុជាក៏មិនអាចកើតមានឡើងបានដែរ ។

ពលរដ្ឋខ្មែរបច្ចុប្បន្នអាចចាប់យកជាមេរៀននូវជោគជ័យ ឧបសគ្គ ការបាត់បង់ឱកាសដែល រជរបខ និង កជរបខបានជួបប្រទះ ។ ថ្ងៃទី៥ខែមីនា និងថ្ងៃទី៩ខែតុលាជាបុណ្យរំលឹកខួបទី៤០ ។

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com