«ពីស្នៀតរំដោះកុនទៅរកការគង់វង្សយូរអង្វែង»

«ពីស្នៀតរំដោះកុនទៅរកការគង់វង្សយូរអន្វែង»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨
www.kumnitkhmer.com

លោក ហ្សង់ ម៉ុណ្ណេ

(Jean Monnet ជាតិបារាំង ១៨៨៨-១៩៧៩ បិតាស្ថាបនិកម្នាក់នៃសហភាពអ៊ឺរ៉ុប )
«គ្មានអ្វីអាចកើតមានបានទេបើគ្មានបុគ្គលមនុស្ស

ហើយក៏គ្មានអ្វីអាចនៅគង់វង្សយូរអង្វែងបានដែរបើគ្មានស្ថាប័ន»

នៅក្នុងអត្ថបទរបស់ខ្ញុំអាទិត្យមុននេះ

ថ្ងៃទី ២៩ ខែកក្កដា ជាថ្ងៃបោះឆ្នោតនៅប្រទេសខ្មែរ ។ ខ្ញុំបានធ្វើការសន្និដ្ឋានរួចមកហើយថា បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃនោះមក លោកហ៊ុនសែនដែលជាមេបនរបបអំណាចផ្តាច់ការ នឹងប្រកាសជ័យជំនះបន្តរាជបាល័ង្គអំណាចផ្តាច់ការទៅមុខទៀត។ ខ្ញុំក៏បានជូនជាម្ហូប សំរាប់គំនិតដែរថា ថ្ងៃទី ២៩ កក្កដាជាថ្ងៃ «ផ្តើមដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា»របស់លោក ហ៊ុនសែន ពីព្រោះថាវាជាធម្មជាតិមនុស្សhuman nature ដែលមានអ្នកដាច់ខាតមិនសុខ ចិត្តរស់នៅក្នុងទ្រុងទាសភាពហើយស្វែងរកគ្រប់មធ្យោបាយទាមទារសេរីភាពនិងសិទ្ធិ មនុស្សដែលជាអុក្ស៊ីហ្សែនសំរាប់ជីវិតថ្លៃថ្នូររបស់គេ ។ ដំណើរការនេះមិនអាចឱ្យលោក ហ៊ុនសែននិងអ្នកដើរហែហមដេកស្កប់ស្រួលបានឡើយ ។ ក៏ជាម្ហូបសំរាប់គំនិតដែរថា

ថ្ងៃទី ២៩ ក៏ជាថ្ងៃ «ផ្តើមកំណត់អនាគត» នៃខ្មែរប្រជាធិបតេយ្យដែល ជាទូទៅនៅតែ រញ៉ីរញ៉ៃខ្វះសាម្គីភាពនិងឯកភាពបង្រួបបង្រួមតួត្រីតូចៗឱ្យហែលដេញត្របាក់ត្រីធំ ដែលភ្នែកស្លឺប្រុងរកតែរត់ស្រេចទៅហើយ ។ កំសោយខ្មែរប្រជាធិបតេយ្យក្នុងការប្រើគំនិតធ្វើសង្គ្រាមវាយបំបាក់ករបបកាន់អំណាចផ្តាច់ការអាចជាការចាប់«ផ្តើមកំណត់អនាគត»របស់ខ្លួន ។ នៅពេលជនផ្តាច់ការផ្តេកផ្តួលភ័ព្វ វាសនាខ្មែរធ្វើជាកូនក្រកបំរើផលប្រយោជន៍ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ខ្មែរប្រជាធិបតេយ្យហាក់ដូចជារលាស់ចោលមិនបាននូវអាការៈរោគរំពឹងផ្អែកលើបរទេស ខណៈព្រះពុទ្ធបានបង្រៀនឱ្យរៀបចំសង្គ្រោះខ្លួនឯង ។

នៅក្នុងអត្ថបទខ្ញុំនៅថ្ងៃនេះ ខ្ញុំសូមយកពាក្យសំដីដ៏មានខ្លឹមសាររបស់លោក ហ្សង់ ម៉ុណ្ណេ ដែលខ្ញុំបានសរសេរផ្សាយច្រើនដងហើយ មករំឮកខ្មែរថា ខ្មែរយើងម្នាក់ៗដែលមាន

ខួរក្បាលមួយគីឡូ មានភ្នែកពីរ ត្រចៀកពីរ ដៃពីរ ជើងពីរ គឺមានសមត្ថភាពគ្រប់គ្រាន់អាច

សម្រេចបាននូវអ្វីៗ — បើមិនទាំងអស់ទេក៏ស្ទើរតែទាំងអស់ដែរ — ឱ្យតែយើងប្រាកដជាមាន

ឆន្ទៈមុះម៉ុតចង់សម្រេចវាមែន ។ ទាំងខ្មែរនៅក្នុងជួរគណបក្សប្រជាជននិងទាំងខ្មែរតស៊ូមតិ

ប្រជាធិបតេយ្យមិនមែនបានលេចចេញពីឋាននរកឬបានធ្លាក់មកពីលើមេឃទេ ។ យើងទាំង អស់បានកើតចេញពីប្រភពតែមួយ គឺប្រភពពលរដ្ឋខ្មែរ ។ នៅក្នុងជីវិតយើងរាល់គ្នា យើងគួរយល់និងគួរដឹងបានគ្រប់គ្រាន់ហើយ អំពីអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យនិងអ្វី ដែលហៅថារបបផ្តាច់ការ — អ្វីដែលជាលក្ខណៈបុគ្គលមនុស្សសេរី និងអ្វីដែលជាលក្ខណៈ បុគ្គលមនុស្សបែបរបប ហ្ចរ៍ច អ័រវែល George Orwell ដែលបានពូតជីវិតបណ្តាជនឱ្យទៅជា ម៉ាស៊ីនស្វ័យគុម រ៉ូបូ robotបំរើនិងធ្វើតាមបញ្ជា «បងធំ»– ចូរកុំឆាប់ភ្លេចពេកអំពីជីវិត នៅក្រោម «អ៊ុំ ពត»។ យើងគួរតែមានចំណង់ចំណូលចិត្តចង់បានចង់ឃើញរបបគ្រប់គ្រងរបៀបណាមួយឱ្យមាននៅលើទឹកដីយើង ។ ចូរកុំភ្លេចការប្រៀនប្រដៅរបស់ព្រះពុទ្ធតាមរូបមន្ត «គិត-ធ្វើ-ក្លាយជា»ឬ Think-Act-Become។ អ្នកកវីអាមេរិកាំងឈ្មោះ Ralph Waldo Emerson ១៨០៣-១៨៨២ បានបន្ទរពាក្យពេជន៍ព្រះពុទ្ធថា «គំនិតគឺជាជីដូនជីតានៃសកម្មភាព»រីឯអ្នកស្រី អូងសាន ស៊ូជី នៃប្រទេសភូមា ក៏បានទូន្មានដែរថា «សកម្មភាពគឺដុះចេញពីគំនិត»ហើយចាស់ទុំខ្មែរ យើងក៏បានប្រដៅកូនចៅថា «គិតហើយសឹមគូរ»។

បើយើងក្រឡាប់ពាក្យពេជន៍របស់លោក ហ្សង់ ម៉ុណ្ណេ ដែលបានថ្លែងថា(បើកវង់ក្រចក)    «គ្មានអ្វីអាចកើតមានបានទេបើគ្មានបុគ្គលមនុស្ស»(បិទវង់ក្រចក ) ហើយបង្វែរវាឱ្យទៅជា ថា គ្មានអ្វីដែលធ្វើមិនកើតទេឱ្យតែមានបុគ្គលមនុស្ស — គឺរូបអ្នកនិងរូបខ្ញុំនេះឯងដែលជា បុគ្គលមនុស្ស — តើនេះវាមិនបំផុសអារម្មណ៍យើងជាវិជ្ជមានថា យើងជាខ្មែរមានឋាមពល អាចសម្រេចបាននូវអ្វីៗដែលយើងប៉ងប្រាថ្នាទេឬ ?យើងជាម្ចាស់ខ្លួនយើង យើងទទួលខុស ត្រូវលើអនាគតរបស់យើង ។ មេដឹកនាំវិញ្ញាននិងនយោបាយឥណ្ឌា លោក មហាត្មះ គន្ធី ១៨៦៩-១៩៤៨ បានទូន្មានមនុស្សលោកថា «គឺរូបអ្នកឯងនេះហើយដែលជាភ្នាក់ងារនៃ ការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃើញក្នុងលោក»ពោលគឺ «គិត-ធ្វើ-ក្លាយជា»នោះឯង ។ ព្រះពុទ្ធបានប្រៀនប្រដៅទៀតថា នៅក្នុងលោកយើងនេះគ្មានអ្វីនៅជាអចិន្ត្រៃយឡើយ ។

យើងអាចស្វែងរកបានព័ត៌មាន និងអាចរៀនសូត្រអំពីអ្វីៗគ្រប់យ៉ាងតាមរយៈកុព្យូទ័រ ។ តែគួរចាំថា នៅក្នុងការរៀនសូត្រ វាមានមេរៀនខ្លះដែលយើងបានរៀនចប់រួចមក ហើយតែ ដែលយើងត្រូវតែរៀនសារជាថ្មីឡើងវិញ ឬដែលយើងត្រូវបំភ្លេចចោលទៅវិញ — នេះជាការ សើរើគំនិតនិងទង្វើបន្តពូជដែលជាការគិតនិងការធ្វើដដែលៗដែលបានដុះជាស្នាមដូចជា ហ្វូស៊ីលជាប់លើថ្ម ។ ជាសត្វលោកមានទម្លាប់ យើងមានទម្លាប់ភ័យខ្លាចចាញ់ ទម្លាប់អត់ ធ្មត់តិចតួច ទម្លាប់ជក់ចិត្តនឹងស្លាកសញ្ញា ទម្លាប់ស្វែងរកវិធីងាយស្រួល ។ អ្នកជំនាញផ្នែក គំនិត ទូន្មានយើងឱ្យចៀសវាងគំនិតនិងទង្វើបន្តពូជ ព្រោះវារារាំងយើងពីភាពស្រមើស្រមៃ ឆ្នៃប្រឌិត ពីគំនិតនិងទង្វើថ្មី ធ្វើឱ្យយើងទៅជាអ្នកទោសក្នុងគុកលំនាំ ។

លោក ប្លេ តូ (ខ្មែរយើងហៅថា «ប្លាតុង»៤២៨ មគស-៣៤៨ មគស)ដែលជាបិតាម្នាក់នៃ អរិយធម៌លោកខាងលិចបានព្រមានបុគ្គលមនុស្សអកម្មអំពីគ្រោះថ្នាក់នៃភាពអកម្មថា       «ទណ្ឌកម្មមួយលើអ្នកដែលមិនព្រមចូលរួមធ្វើនយោបាយ(ដើម្បីកែប្រែផ្លាស់ប្តូរ) គឺអ្នកនោះនឹងត្រូវបានទទួលការគ្រប់គ្រងដោយមនុស្សដែលមានប្រភេទអន់ទាបជាងខ្លួន»– ហាក់ដូចជាផ្តល់ឱវាទតាំងពីមុនគ្រឹស្តសករាជមកម្ល៉េះថា បើខ្មែរបានឮបានឃើញ បានពិសោធនូវរបបកាន់អំណាចផ្តាច់ការហើយ ហើយនៅតែមិនព្រមធ្វើអ្វីសោះនោះ ខ្មែរនឹងត្រូវរស់នៅក្រោមមនុស្សឋានៈទាប ។

លោក ហ្សង់ម៉ុណ្ណេ បានទូន្មានថា «គ្មានអ្វីអាចនៅគង់វង្សយូរអង្វែងបានទេ ប្រសិនណាបើ គ្មានស្ថាប័ន»។ ពាក្យថា «ស្ថាប័ន»គឺត្រូវមានបុគ្គលមនុស្សធ្វើការរួមគ្នាដើម្បីបំពេញ គោលដៅរួមស្របទៅតាមច្បាប់ទម្លាប់ដែលគេបានបង្កើតឱ្យមាន ។ ស្ថាប័នមានអាយុជីវិតយូរអង្វែងជាច្រើនតំណមនុស្ស ។ «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស»ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញប្រទេសខ្មែរឆ្នាំ១៩៩៣ វាល្អប្រសើរតែកាលណាមាន ការអនុវត្តន៍ ដោយផ្ចឹតផ្ចង់ បើមិនដូច្នោះទេ វាគ្រាន់តែជាបដិញ្ញាលើក្រដាស់តែប៉ុណ្ណោះ ។ នយោបាយមិនអាចមានដំណើរការបានទេ ប្រសិនបើគ្មានស្ថាប័ននានាធ្វើជាម៉ាស៊ីន ជម្រុញនយោបាយឱ្យដើរទៅមុខ ។

អ្នកស្រី អូងសានស៊ូជី បានរំឮកយើងថា ៖ «បដិវត្តន៍ដែលគ្រាន់តែប៉ងផ្លាស់ប្តូរគោល នយោបាយ និងស្ថាប័នជាតិដើម្បីបង្កើតឱ្យស្ថានភាពសម្ភារៈបានកើនល្អ មិនអាចទទួល ជោគជ័យពិតប្រាកដទេ ។ បើគ្មានបដិវត្តន៍គំនិតស្មារតីទេ កម្លាំងដែលបង្កើតអំពើទុច្ចរិត ក្នុងសណ្តាប់ធ្នាប់ នឹងបន្តសកម្មភាព បន្តការគំរាមកំហែងគ្មានឈប់ឈរដល់ដំណើរ ការកែទម្រង់និងស្តារឡើងវិញ»។អ្នកស្រីបានរំឮកទៀតថា «មិនមែនអំណាចទេ តែគឺការភ័យ ខ្លាចដែលបង្កើតអំពើពុករលួយ — ការភ័យខ្លាចបាត់បង់អំណាចធ្វើឱ្យអ្នកដែលកាន់អំណាច ប្រព្រឹត្តអំពើពុករលួយ ឯការភ័យខ្លាចការគំរាមកំហែងរបស់អ្នកកាន់អំណាចធ្វើឱ្យអ្នក ដែលស្ថិតនៅក្រោមអំណាចប្រព្រឹត្តអំពើពុករលួយដែរ»។

ការគិតមិនមែនជាការងាយស្រួលទេ ហើយគ្រប់ការគិតក៏មិនមានគុណភាពដូចគ្នាដែរ ។ ប៉ុន្តែ គេអាចរៀននិងអាចបង្រៀនឱ្យមានសមត្ថភាពក្នុងការគិតឱ្យបានល្អ ដើម្បីបណ្តុះ បង្កើតជំនាញក្នុងការត្រះរិះពិចារណានិងការរចនាឆ្នៃប្រឌិតដែលផ្តល់ឋាមពលអំណាចឱ្យ យើងអាចពង្រីកការយល់ដឹងរបស់យើងនិងការមើលឃើញផ្លូវថ្មីៗ ។

លោកស្រី អូងសានស៊ូជី មានជំនឿទៅលើលទ្ធភាពបុគ្គលមនុស្សទាំងអស់គ្នាបណ្តុះបង្កើត «ខួរក្បាលដែលចេះតែឆ្ងល់»– គឺខួរដែលតែងចោទសួរនិងតែងរកចម្លើយ ។ អ្នកស្រីណែនាំមនុស្សគ្រប់រូបឱ្យបណ្តុះបង្កើតខួរក្បាលនេះ ។ អ្នកជំនាញផ្នែកគំនិត ក៏បានដាស់តឿន «កុំឈប់សួរសំនួរថ្មីៗ »ត្រូវ «ទប់ទល់នឹងចំណង់»ធ្វើការសន្និដ្ឋាន ព្រោះវាបានសេចក្តីថាយើងមិនត្រូវការមានព័ត៌មានបន្ថែមទេ ពីព្រោះសំនួរយើងមាន ចម្លើយអស់ហើយ ។

យោងតាមមូលដ្ឋានស្ថាបនាគំនិតត្រិះរិះពិចារណា Foundation of Critical Thinking «ខួរក្បាលដែលគ្មានសំនួរគឺជាខួរក្បាលដែលមានបញ្ញាតែបញ្ញានោះឥតមានជីវិត»ពោលគឺខួរក្បាលដែលគ្មានសំនួរជាខួរក្បាលបញ្ញាស្លាប់ ។ មូលដ្ឋានស្ថាបនាបានណែនាំយើងឱ្យ «គិតស៊ីជម្រៅ»ឱ្យចៀសវាងការសួរសំនួរដែល វិលវល់នៅតែជុំវិញបរិវេណ ឱ្យផ្តោតសំនួរសំខាន់ៗទៅលើ«អ្វីដែលចាំបាច់ អ្វីដែលទាក់ទង និងអ្វីដែលខានមិនបាន» what is necessary, relevant, and indispensable នៅគ្រប់បញ្ហាដែលយើងពិនិត្យ ។ សំនួរសំខាន់ៗ «ជំរុញឱ្យមានការគិតទៅមុខ»។

សព្វថ្ងៃ ខ្មែរយើងជជែកបញ្ហានយោបាយដោយ មានទំនោរច្រើនទៅរកការជជែក ដែលបន្ទាបបន្ថោកឬបដិសេធអ្នកដែលគេមិនយល់ស្របជាមួយ ។ ភាពរាបទាបបង្អោន កាយ — ដែលផ្ទុយពីភាពអំនួត ក្រអឺតក្រអោង និងមោទនភាព — ជាកង្វះមួយធំណាស់នៅ ក្នុងចំណោមបុគ្គលខ្មែរ ដែលចូលចិត្តជួញរឿងផ្ទាល់ខ្លួន និងភាពទាក់ទាញ រំភើប ។ ព្រះពុទ្ធបានមើលឃើញមនុស្សថាមានធម្មជាតិនិយមអត្តធម្មចរិយា ឬ self-righteousnessវាយតម្លៃខ្លួនឯងខ្ពស់ ល្អ សុចរិត យុត្តធ៌មជាងអ្នកដទៃ ។ បរមគ្រូ ខុងជឺ នៃប្រទេសចិន បុរាណបានរំឮកយើងថា «ការបន្ទាបខ្លួនជាគ្រឹះនៃគុណធ៌មទាំងអស់»។

វិធីសាស្រ្តតម្កើងខ្លួនឯងបង្កើតបរិយាកាសចោទប្រកាន់ទៅនិងចោទប្រកាន់មកប្រដូចអ្នក ម្ខាងទៀតទៅនឹងខ្មោចបិសាចដែលត្រូវស្អប់ខ្ពើមព្រោះតែគេមានយោបល់មិនស្របនឹងខ្លួន ។ ការចោទប្រកាន់និងការធ្វើបិសាចកម្មអាចធ្វើឱ្យបុគ្គលម្នាក់ឈឺចាប់និងធ្វើឱ្យបុគ្គលម្នាក់ទៀតរបួស តែមិនអាចជម្រុញបៀបវារៈរបស់អ្នកចោទបានទេ ។

ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយសូមជូនប្រអប់សម្រង់ពាក្យពេជន៍របស់លោក រ៉ូប៊ឺត អេហ្វ កេណ្ណឺឌី Robert F. Kennedy១៩២៥-១៩៦៨ ក្រោមចំណងជើង «រលកនៃសេចក្តីសង្ឃឹម»ដើម្បីជាគំនិតបំផុសបំផុលដល់ខ្មែរប្រជាធិបតេយ្យ ​៕

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website «គំនិតខ្មែរ»របស់លោកតាមអាសយដ្ឋាន  https://kumnitkhmer.com/ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡិចត្រូណិច (e-mail)peangmeth@gmail.com។

«រលកនៃសេចក្តីសង្ឃឹម»

លោក រ៉ូប៊ឺត អេហ្វ កេណ្ណឺឌី Robert F. Kennedy ថ្ងៃទី ៦ ខែមិថុនាឆ្នាំ ១៩៦៦

«មានមនុស្សតិចតួចណាស់ដែលមានភាពអស្ចារ្យអាចធ្វើការបត់បែនប្រវត្តិសាស្រ្តបាន ។ ក៏ប៉ុន្តែបុគ្គលមនុស្សយើងមួយរូបៗអាចធ្វើសកម្មភាពម្យ៉ាងមួយៗដើម្បីកែប្រែផ្លាស់ប្តូរ ព្រឹត្តិការណ៍មួយផ្នែកតូច ។ បើយើងយកសកម្មភាពមួយៗនោះមកបូកសរុបទាំងអស់ទៅ យើងនឹងបានឃើញថា គឺសកម្មភាពម្យ៉ាងមួយៗទាំងអស់នោះហើយដែលយើងបូក បញ្ចូលគ្នាបានសរសេរចេញជាប្រវត្តិសាស្ត្រជំនាន់យើងមួយនេះ ។

គឺធ្លាយចេញពីភាពក្លាហាននិងជំនឿផ្សេងៗរាប់មិនអស់របស់បុគ្គលមនុស្សយើងរាល់គ្នា ដែលបណ្តុះឱ្យប្រវត្តិសាស្ត្រមួយបានចេញជារូបជារាងឡើង ។ នៅរាល់ពេលដែលបុគ្គល មនុស្សម្នាក់ក្រោកឈរឡើង ដើម្បីទ្រទ្រង់ឱត្តមគតិ ឬធ្វើសកម្មភាពកែលំអវាសនាអ្នកដទៃ ឬវាយប្រឆាំងនឹងភាពអយុត្តិធម៌ គឺបុគ្គលមនុស្យម្នាក់នោះឯងដែលបានបំផុលឱ្យកើតមាន ឡើងនូវទឹករលកតូចមួយនៃសេចក្តីសង្ឃឹម ដែលរត់ត្របាញ់គ្នាឆ្លងកាត់ពីមជ្ឈមណ្ឌល ថាមពលរាប់លានកន្លែងហើយជម្រុញបង្កើតចេញជាបណ្តាញទឹកដែលអាចរំលើងចោល នូវរបបកៀបសង្កត់ដែលរឹងមាំបំផុតមួយបាន» ។