ពីនេះពីនោះ
ពីនេះពីនោះ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩
ខ្ញុំគ្រោងផ្សាយអត្ថបទក្រោមចំណងជើងថា “បណ្តុះភាពជាអ្នកដឹកនាំ” ដែលខ្ញុំឧទ្ទិសដល់អ្នកដឹកនាំកម្ពុជា នៅថ្ងៃនេះ តែខ្ញុំពន្យារការផ្សាយអត្ថបទនោះទៅអាទិត្យក្រោយវិញដើម្បីយកចន្លោះថ្ងៃនេះមកផ្សាយអត្ថបទ “ពីនេះពីនោះ” ។
នៅថ្ងៃសុក្រទី១១ខែតុលាកន្លងទៅនេះ ខ្ញុំបានជួបជាលើកដំបូងជាមួយលោក សាន សុវិទ្យ ដែលជាអ្នកអានអត្ថបទខ្ញុំផ្សាយតាម “វិទ្យុខ្មែរពិភពលោក” ។ យើងបានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នានៅភោជនីយដ្ឋានមួយខ្ញុំមិនធ្លាប់ស្គាល់ស្ថិតនៅក្នុងរដ្ឋវៀរហ្ចីន្យា Virginia ។

ខ្ញុំមិនបានដឹងថាលោក សុវិទ្យ ចាប់អារម្មណ៍និងទាញយកអត្ថបទរបស់ខ្ញុំទៅផ្សាយតាមវិទ្យុខ្មែរពិភពលោកនោះទេ ។ ថ្ងៃមួយអ្នកអានអត្ថបទខ្ញុំម្នាក់បានសរសេរសារមកប្រាប់ខ្ញុំអំពីដំណើរការនេះ ។ បន្ទាប់ពីទទួលបានដំណឹងនោះ ខ្ញុំក៏ទាក់ទងជាមួយនឹងលោក ។ យើងព្រមព្រៀងគ្នាថាខ្ញុំផ្ញើអត្ថបទខ្ញុំទៅជូនលោកជាប្រចាំ ។ មកទល់នឹងថ្ងៃនេះយើងសហការគ្នាបានពីរឆ្នាំហើយ ។
ក្នុងរយៈពេលប្រមាណពីរឆ្នាំនេះ ខ្ញុំហាក់ដូចជាហួសចិត្តដែរដោយលោក សុវិទ្យ ជាអ្នកមើលការខុសត្រូវលើសហគមន៍ខ្មែរ “បុរីអង្គរ” ដែលស្ថិតនៅភូមិភាគខាងត្បូងនៃរដ្ឋណ័រ៍ត្ថការ៉ូឡែណា ឯផ្ទះខ្ញុំស្ថិតនៅក្នុងរដ្ឋជាមួយគ្នាដែរតែនៅភាគខាងជើង ។ ខ្យល់ព្យុះសង្ឃរា ហ្វឡូរ័នស៍ Florence បក់បោកមកលើរដ្ឋណ័រ៍ត្ថការ៉ូឡែណានៅចុងឆ្នាំ២០១៨ ហើយថ្មីៗនេះ ខ្សល់ព្យុះ ដូរៀន Dorian បានបំផ្លាញគម្រោងជួបគ្នា ។ ចំនួនប៉ុន្មានខែនេះ ខ្ញុំបានប្តេជ្ញាថារកពេលដើម្បីជួបលោក សាន សុវិទ្យ ឲ្យខាងតែបាន ទោះបីមានកត្តាវិបរិតមើលមិនឃើញមករារាំងធ្វើឲ្យយើងឃ្វាងគ្នាម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ ។ នៅទីបំផុតយើងក៏បានជួបគ្នា ថ្វីត្បិតតែខ្ញុំវង្វេងផ្លូវហើយភរិយារបស់លោកត្រូវធ្វើជាតៃកុងឡានជូនលោកព្រោះលោកទើបចេញពីពេទ្យ ។
ថ្ងៃនោះខ្ញុំមួម៉ៅនឹងខ្លួនឯងព្រោះបានខំខ្ចប់អំណោយតូចមួយដែលគ្មានអ្វីធំដុំទេ — គឺពែងកាហ្វេពណ៌សមានផ្តិតជាប់នូវរូបភាពទង់ជាតិកម្ពុជាមានទ្រង់ទ្រាយជាដែនដីកម្ពុជានិងរូបសញ្ញា logo គំនិតខ្មែរ — សម្រាប់ជូនជាអំណរគុណដល់លោកដែលបានយកចិត្តទុកដាក់អាននិងផ្សាយអត្ថបទខ្ញុំផងនិងជានិមិត្តសញ្ញានៃមេត្រីភាពនិងការតស៊ូរួមរបស់លោកនិងខ្ញុំដើម្បីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋផង ។ តែខ្ញុំរវល់បារម្ភនឹងរឿងវង្វេងផ្លូវក៏ភ្លេចកញ្ចប់អំណោយនោះទៅ ។ ខ្ញុំមិនបានប្រាប់លោកថាកញ្ចប់តូចនោះជាអ្វីទេ ។ លោកប្រាប់ខ្ញុំថាគឺលោកទេដែលត្រូវអរគុណខ្ញុំដែលបានចំណាយពេលវេលាជាច្រើនឆ្នាំមកហើយដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍ប្រទេសជាតិ ។
តែរឿងសំខាន់គឺយើងបានជួបគ្នា និងបានសំណេះសំណាលជាមួយគ្នាអំពីបញ្ហាសង្គមនិងប្រទេសជាតិ រហូតទាល់តែភ្ញៀវគេចេញពីភោជនីយដ្ឋានស្ទើរអស់ ។ ខ្ញុំឆ្លៀតសុំអ្នកបំរើភ្ញៀវថតរូបមួយពីរទុកជាអនុស្សាវរីយ៍ ។ ខ្ញុំបានជំរាបលោកដែរថាខ្ញុំគ្រោងសរសេរអត្ថបទមួយអំពីកិច្ចសហប្រតិបត្តិការរបស់យើងទាំងពីរជាមួយគ្នាហើយចុះផ្សាយរូបថតដូចមាននៅខាងលើនេះ ។
ខ្ញុំឆ្លៀតរំលឹកលោកថា អត្ថបទខ្ញុំដែលលោកអានដាក់វិទ្យុខ្មែរពិភពលោកជាកិច្ចការមួយដែលមានការជួយជ្រោមជ្រែងពីអ្នកស្ម័គ្រចិត្តមួយចំនួយនៅកម្ពុជា អឺរ៉ុប និង សហរដ្ឋអាមេរិក ។ ខ្ញុំសុំឲ្យអ្នកស្ម័គ្រចិត្តទាំងនោះជួយអានអត្ថបទ ជួយផ្តល់យោបល់ និងជួយកែសម្រួលពាក្យពេចន៍និងអក្ខរាវិរុទ្ធ ។ លោក សុវិទ្យ សើចញឹមៗពេលខ្ញុំជំរាបលោកថា ខ្ញុំទទួលខុសត្រូវទាំងស្រុងលើអត្ថបទទាំងអស់ ។ ខ្ញុំជាអ្នកនិពន្ធអត្ថបទ អ្នកវាយអក្សរខ្មែរលើម៉ាស៊ីនកុំព្យូទ័រមានក្តារចុចជាភាសាបរទេស ប៉ិកប៉ុកៗដូចមាន់ចឹកស្រូវ ។ មានលោកអ្នកអានដែលសរសេរទៅប្រាប់ខ្ញុំថាមានពាក្យខ្មែរនៅក្នុងអត្ថបទដែលបាត់សក់ ជ្រុះជើង បាត់រង្វង់ ធ្លាក់កន្ទុយ ។ ខ្ញុំរស់ឯបរទេសរាប់ទសវត្សរ៍មកហើយ ប្រឹងបើកឌិចស្យូណែរបោះពុម្ភផ្សាយដោយស្ថាប័នពុទ្ធសាសនបណ្ឌិត្យរេចរឹលទំព័រអស់ហើយ ។ ភ្នែកក៏វាអ៊ីវទៅៗ ។ តួស្រះវារត់ចូលគ្នា ។ ម្រាមដៃចេះវាយលើក្តាចុចលឿនជាងខួរក្បាលដែលធ្វើដំណើរប្រៀបដូចមនុស្សដើរកាន់ឈើច្រត់ ។ ខ្ញុំរំលឹកលោក សុវិទ្យ ថាលោក សុវិទ្យ ខ្លួនឯងមិនឈ្នះនឹងប្រាប់ខ្ញុំថាតួអក្សរនេះគេប្រើស្រះ “ិ” តួអក្សរនោះគេប្រើស្រះ “ឺ” ។ល។ និង ។ល។
ក៏ប៉ុន្តែអត្ថបទខ្ញុំវាមិនចប់នៅពេលលោក សុវិទ្យ បានអានក្នុងវិទ្យុប៉ុណ្ណឹងទេ ។ ខ្ញុំសុំអ្នកជំនួយផ្នែកបច្ចេកទេសកាត់និងបន្ថែមភ្លេងអមអត្ថបទ ។ ដោយហេតុថាមានចារកម្មតាម រយៈអ៊ិនធឺណិតប្រព្រឹត្តដោយរដ្ឋាភិបាលបរទេសដើម្បីរំលំគេហទំព័រ “គំនិតខ្មែរ” និងបង្កើតឧបសគ្គកុំឲ្យមានមនុស្សចូលមើលនិងស្តាប់ការផ្សាយបាន (សូមអាន “ចារកម្មចិននិងការបោះឆ្នោតខ្មែរថ្ងៃទី២៩” ចុះថ្ងៃទី២០កក្កដា២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ខ្ញុំផ្ញើអត្ថបទនិងសម្លេងការផ្សាយតាមវិទ្យុទៅអ្នកជំនាញបច្ចេកទេសដែលខ្ញុំស្គាល់សុំឲ្យគេបញ្ចូលទៅក្នុងគេហទំព័រដោយបង្កើតរបងការពារឲ្យបានខ្លាំងផង ។ ចប់សព្វគ្រប់ហើយទើបខ្ញុំផ្ញើសារអេឡិចត្រូណិចជំរាបនិងអញ្ជើញលោកអ្នកអានឲ្យចូលមើលគេហទំព័រ អាននិង/ឬស្តាប់ អត្ថបទរបស់ខ្ញុំ ។ ដូច្នេះហើយបានជាមានពេលខ្លះមានការយឺតយ៉ាវក្នុងការផ្សព្វផ្សាយអត្ថបទ ។ ការសម្របសម្រួលកិច្ចការត្រូវការអ្នកជំនួយដែលស្ម័គ្រចិត្តប្រាកដប្រជា ។
ខ្ញុំបានសរុបជូនលោក សុវិទ្យ ថាខ្ញុំជាសកម្មជនប្រឆាំងជនផ្តាច់ការ ដោយប្តេជ្ញាចិត្តគោរព បម្រើ ការពារ និង ស្មោះត្រង់នឹងគំនឹត គោលការណ៍ ឧត្តមគតិ និងមិនចំពោះបុគ្គលអ្នកដឹកនាំណាម្នាក់ទេ ។ ខ្ញុំបានជំរាបលោកនូវគំនិតដែលខ្ញុំបានថ្លែងនិងសរសេរជាយូរយារណាស់មកហើយថា បុគ្គលដែលយកអំណាចទាំងបីរបស់រដ្ឋមាន ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ មកក្តោបក្តាប់តែម្នាក់ឯងគឺជាជនផ្តាច់ការ ពីព្រោះជនផ្តាច់ការជាបុគ្គលដែលដើរតួជាប៉ូលិសចាប់ចងផង ជាអ្នកធ្វើច្បាប់ចាប់ចងផង និងធ្វើជាចៅក្រមកាត់សេចក្តីផង ។
មុននឹងយើងបែកគ្នា យើងបានប្តូរយោបល់គ្នាអំពីការចាំបាច់ដែលខ្មែរត្រូវចាប់ដៃគ្នាក្នុងការតស៊ូប្រឆំាងរបបជិះជាន់មួយដែលមិនត្រូវឲ្យមានជីវិតនៅក្នុងប្រទេសកម្ពុជា ។ លោកបានរំលឹកខ្ញុំឲ្យផ្ញើអត្ថបទ “បណ្តុះភាពជាអ្នកដឹកនាំ” ដើម្បីលោកចុះផ្សាយ ។
លោក សុវិទ្យ និងភរិយាបានសន្យាថាយើងនឹងជួបគ្នាទៀត ហើយភរិយាលោកនឹងធ្វើម្ភូបទទួលខ្ញុំនិងភរិយាខ្ញុំ ។
មុននឹងខ្ញុំបញ្ចប់អត្ថបទដែលមិនបានព្រាងទុកសម្រាប់ថ្ងៃនេះ ខ្ញុំសូមកត់សំគាល់ថា ជនផ្តាច់ការនិងរបបភ្នំពេញកំពុងឈឺក្បាលនិងភ័យស្លន់ស្លោអំពីគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្សី និងមន្ត្រីសង្គ្រោះជាតិនៅថ្ងៃទី៩ខែវិច្ឆិកានេះ ។ ដូច្នេះហើយបានជានៅក្នុងពិធីជួបជាមួយនិស្សិតឆ្នើមនៅទីក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទទី ៧ ខែតុលា អតីតមេបញ្ជាការខ្មែរក្រហម និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ ពង្រាយកម្លាំងទ័ពនិង “អាវុធទំនើប” ដើម្បី “វាយប្រហារ” លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ “នៅគ្រប់ទីកន្លែងដែលបានឃើញ ដោយឥតចាំបាច់មានដីកាចាប់ខ្លួនឡើយ” បើពួកគេហ៊ានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកាមែន ។
បន្ទាប់ពីចៅហ្វាយបានបញ្ជា លោក ទៀ បាញ់ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងពង្រាយទ័ពនៅគ្រប់ទិសតំបន់ “ត្រៀមជាស្រេចនឹងប្រើគ្រប់មធ្យោបាយទាំងអស់ … ប្រើអាវុធគ្រប់ប្រភេទ…ដើម្បីបង្ក្រាប ទប់ស្កាត់ បំផ្លាញ ឬកំទេចចោលពួកនេះទាំងអស់!” ។ ឱ! ភ្នែកនៅលើថ្ងាស់ហើយតើនេះ ? ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រស៍ Reuters បានចុះផ្សាយសារអេឡិចត្រូណិចរបស់លោក សម រង្ស៊ី ចុះថ្ងៃទី ៧ ខែតុលាដែរ ថាវាគ្មានអ្វីមិនស្របច្បាប់ទេនៅក្នុងការស្វែងរកផ្តួលរំលំលោកហ៊ុនសែន ហើយ “ការបះបោររបស់មហាជនជាជម្រើសតែមួយគត់ឲ្យពលរដ្ឋខ្មែរអាចនាំមកនូវការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ” ។
សូមលោកអ្នករង់ចាំអាននិងស្តាប់ការផ្សាយអត្ថបទ “បណ្តុះភាពអ្នកដឹកនាំ” នៅអាទិត្យក្រោយ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។