ពីនេះពីនោះ រហូតមកដល់លោក «ដួង ឫទ្ធិ »

www.kumnitkhmer.com

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រោយខែវិច្ឆិកាឆ្នាំ១៩៨៩ ពេលដែលខ្ញុំបានចាកចេញពីបេសកកម្ម បម្រើនៅក្នុងជួររណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅលើសមរភូមិជួរមុខ ខ្ញុំមានកិត្តិយសទទួលសេចក្តីអញ្ជើញពី សកលវិទ្យាល័យ ហ្ចនស៍ ហប់គិនស៍ Johns Hopkins ឲ្យចូលបង្រៀនវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ១៩៩០ ហើយខ្ញុំបានបង្ហួសទៅបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំទៀត ពីឆ្នាំ១៩៩១ រហូតដល់ខ្ញុំបានចូលនិវត្តន៍នៅឆ្នាំ២០០៤ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក ។ ទោះបីនៅក្នុងថ្នាក់រៀនមានជញ្ជាំងជុំវិញឬនៅសាលារៀនគ្មានដំបូលហើយមានជើងមេឃជា ជញ្ជាំង ខ្ញុំបង្រៀនដោយប្រើដីសឬសរសេរជាអត្ថបទផ្សព្វផ្សាយដោយដកយកការយល់ដឹងពីសៀវភៅនិងពីការពិសោធន៍នានាជាមូលដ្ឋាន ។

សកម្មជនសិទ្ធិមនុស្សជាតិអាមេរិកាំងស្បែកខ្មៅឈ្មោះលោក ម៉ារ៍ទិន លូធើរ៍ ឃីង Martin Luther King, Jr., កើតនៅឆ្នាំ១៩២៩ និងស្លាប់ដោយសារគេធ្វើឃាតនៅឆ្នាំ១៩៦៨បានសរសេរថា “មុខងារនៃការអប់រំគឺបង្រៀនមនុស្សឲ្យចេះគិតប្រកបដោយការពិចារណា ។ គោលដៅពិតនៃ ការអប់រំគឺបណ្តុះមនុស្សឲ្យមានបញ្ញាឆ្លាតវៃនិងចរិតថ្លៃថ្នូរ” ។

មានសំណួរសំខាន់បីដែលយើងត្រូវឆ្លើយមុននឹងយើងចាត់វិធានការដើម្បីសម្រេចគោលបំណងអ្វី មួយ មិនថាគោលបំណងនោះជាគោលបំណងផ្ទាល់ខ្លួនឬគោលបំណងប្រទេសជាតិ ៖១. តើគោលបំណងនោះពិតជាល្អប្រសើរហើយគួរឱ្យចង់បានដែរឬទេ? ២. តើយើងមាន មធ្យោបាយហើយឬនៅ ? ហើយតើមធ្យោបាយដែលមាននោះពិតជាអាចសម្រេចគោលបំណង បានដូចប្រាថ្នាដែរឬទេ? ៣. តើការចំណាយដើម្បីសម្រេចគោលបំណងនោះវាសមស្របនឹង លទ្ធផលដែលយើងនឹងទទួលបានដែរឬយ៉ាងណា?

សម្តេចសង្ឃ ដាឡៃឡាម៉ា ដែលជាអ្នកដឹកនាំរដ្ឋាភិបាលនិរទេសរបស់ប្រទេសទីបេ មានមូលដ្ឋាន នៅទីក្រុងធម្មសាលា ប្រទេសឥណ្ឌា បានថ្លែងប្រាប់មនុស្សទូទៅថា លោកជាពុទ្ធសាសនិក សាមញ្ញមួយរូប មានកំណើតនៅឆ្នាំ ១៩៣៥ ចេញពីគ្រួសារកសិករនៅតំបន់ តាក់សើរ Taktser ភាគឦសាននៃស្រុកទីបេដែលប្រទេសចិនប្រជាមានិតុប្រកាន់ថាជាទឹកដីប្រទេសចិន ។

ផ្ទុយអំពីលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនដែលតម្រូវឲ្យគេគោរពហៅលោកថាជា “សម្តេចអគ្គមហាសេនាបតីតេជោ” ហើយដែលបានប្រកាសថា ៣៩ឆ្នាំនៃអំណាចផ្តាច់ការ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៨នៅមិនទាន់គ្រប់គ្រាន់ទេ លោកត្រូវតែបន្តកាន់អំណាចនៅស្រុកខ្មែរ យ៉ាងហោចណាស់បាន១០ឆ្នាំទៅមុខទៀត សម្តេចសង្ឃ ដាឡៃឡាម៉ា បានប្រកាសថា “មនុស្សគ្រប់រូបមិនថាឡើយចេញពីប្រវត្តិវប្បធម៌ឬប្រវត្តិសាស្ត្របែបណា តែងរងទុក្ខសោក នៅពេលត្រូវបានទទួលការសម្លុតកំហែង បំភិតបំភ័យ ចាប់ដាក់គុកឬធ្វើទារុណកម្ម  . . . ពីព្រោះថាវាជាធម្មជាតិនៃមនុស្សដែលស្រេកឃ្លានសេរីភាព ភាពស្មើគ្នា និងសេចក្តីថ្លៃថ្នូរ ហើយវាក៏ជាសិទ្ធិមនុស្សដែរក្នុងការទាមទារចង់បាននូវសេរីភាពទាំងឡាយនោះ ” ។

បើវាជាធម្មជាតិមនុស្សក្នុងការស្វែងរក ហើយបើវាជាសិទ្ធិមនុស្សក្នុងការទាមទារចង់បានសេរីភាព ភាពស្មើគ្នា និងសេចក្តីថ្លៃថ្នូរ ជាការសមហេតុសមផលណាស់ថារបបផ្តាច់ការនៅក្រោមការដឹក នាំរបស់លោកហ៊ុនសែននឹងគេចមិនផុតក្នុង “ដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា ”ទោះបីលោក ប្រកាសថាគណបក្សលោកបាន “ឈ្នះ ” សន្លឹកឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ ។ ត្រង់នេះហើយដែល សមាជិកគណបក្សប្រជាជនទាំងថ្នាក់លើនិងទាំងថ្នាក់ក្រោមត្រូវត្រិះរិះពិចារណានិងគិតឲ្យបានស៊ីជម្រៅមុននឹងបន្តរាំវង់ជាមួយរបបផ្តាច់ការ ដែលមិនមែនមើលមិនឃើញទេថា “ថ្ងៃអង្សា” នៅរង់ ចាំខ្លួននៅខាងក្រៅមាត់ទ្វារ ។

នៅក្នុងប្រវត្តិសាស្ត្រអាមេរិកាំង លោក ប៉ាទ្រីក ហិនរី Patrick Henry កើតនៅឆ្នាំ១៧៣៦ ស្លាប់នៅឆ្នាំ១៧៩៩ ជាសកម្មជនតវ៉ាជំទាស់នឹងអំណាចជិះជាន់របស់ប្រទេសអង់គ្លេស ។ លោក ហិនរី ជានិមិត្តរូបនៃការតស៊ូរបស់អាមេរិកាំងដើម្បីសេរីភាព ។ លោកបានធ្វើសុន្ទរកថាដ៏ ល្បីល្បាញមួយក្រោមចំណងជើងថា ៖  “សូមផ្តល់សេរីភាពឲ្យខ្ញុំឬសូមឲ្យខ្ញុំស្លាប់ទៅចុះ ” Give me liberty or give me death ។ នៅក្នុងសុន្ទរកថានោះ លោកបានប្រកាសសួរផងនិងឆ្លើយផងថា ៖ “តើអាយុជីវិតនោះវាជាទីស្រឡាញ់ណាស់ទៅឬ ហើយតើសន្តិភាពនោះវាមានរសជាតិផ្អែមខ្លាំង ណាស់ បានជាសុខចិត្តយកច្រវាក់មកដាក់ខ្លួនហើយបញ្ចូល ខ្លួនទៅក្នុងទ្រុងទាសភាពដូច្នេះ ទៅវិញ? ឱ!សូមព្រះចេស្តាលោកជួយផង! ខ្ញុំមិនដឹងថាតើអ្នកផងទាំងឡាយគេសម្រេចធ្វើយ៉ាង ដូចម្តេចទេ តែចំពោះរូបខ្ញុំវិញ សូមផ្តល់សេរីភាពមកឲ្យខ្ញុំ បើមិនដូច្នោះទេ ផ្តាច់ជីវិតខ្ញុំទៅចុះ! ” ។

មិត្តខ្ញុំម្នាក់បានបញ្ជូនមកឲ្យខ្ញុំនូវពាក្យថ្លែងរបស់សកម្មជននយោបាយខ្មែរម្នាក់នៅភ្នំពេញ ដែលខ្ញុំសូមចែករំលែកជូនមិត្តអ្នកអានដូចតទៅ ៖ “ឱខ្មែរខ្ញុំអើយ តើអ្នកណាអាចជួយអ្នកបាន ក្រៅពីពលរដ្ឋជាជនរងគ្រោះខ្លួនឯងនោះ? ចុះបើអ្នកអាចទ្រាំរស់បានក្នុងសង្គមដ៏ស្មោកគ្រោក នេះទៅហើយ តើមានសល់អ្នកណាទៀតដែលអាចជួយ ស្តារឡើងវិញនូវសង្គមជាតិនៃពួក យើងទៅ? នឹកដល់រឿងនេះខ្ញុំពិតជាមានអារម្មណ៍ថា ពិភពលោកនេះងងឹតខ្លាំងណាស់ ពិភពនេះគ្មានកន្លែងដែលខ្ញុំត្រូវនៅទេ រកនឹកមិនឃើញសោះនូវកន្លែងណាមួយក្នុងលោកនេះ ដែលសមរម្យសំរាប់មនុស្សដូចខ្ញុំ ។ គិតសារចុះសារឡើង គិតប៉ុន្មានលានដងក៏ដោយ ចម្លើយគឺ នៅតែដដែល នៅក្នុងមាតុភូមិដ៏អភ័ព្វនេះ ប្រឹងប្រែងធ្វើការងារដែលអ្នកយល់ថាគួរនឹងធ្វើឲ្យ អស់លទ្ធភាពទៅ រួចហើយបិទភ្នែកទទួលយកលទ្ធផលដែលធម្មជាតិនេះរៀបឲ្យខ្លួនអ្នកចុះ ។ នេះហើយជាកន្លែងនិងជាការងារដែលខ្ញុំត្រូវធ្វេីមុននឹងខ្ញុំបិទភ្នែកលាចាកពិភពលោកដ៏គួរឲ្យធុញទ្រាន់នេះ ” ។

លោក កូហ្វ៊ីអាណាន់ Kofi Annan មកពីប្រទេស ហ្គាណា Ghanaកើតនៅឆ្នាំ ១៩៣៨ និងស្លាប់ នៅឆ្នាំ ២០១៨ ជាអតីតអគ្គលេខាធិការទីប្រាំពីរនៃអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៦ ។ លោកបានសរសេរថា ៖ “ទោះបីយើងមានភារៈកិច្ចប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ឬការរីករាលដាលនៃជម្ងឺ ឬសង្រ្គោះជីវិតមនុស្សដែលគ្មានទោសឲ្យផុតពីការសម្លាប់ចោល … យើងមិនអាចទទួលជោគជ័យបានទេបើយើងគ្មានមេដឹកនាំដែលមានភាពរឹងមាំនិងគ្មានការចូលរួមពីមនុស្សទាំងអស់គ្នា ” ។ លោកបានបន្តទៀតថា ៖ “ដើម្បីមានជីវិតរស់នៅ អ្នកត្រូវចេះជ្រើសរើស ។ ប៉ុន្តែដើម្បីជ្រើសរើសឲ្យបានល្អ អ្នកត្រូវដឹងថាតើខ្លួនអ្នកជានរណា តើអ្នកមានជំហរយ៉ាងណាដែរ តើអ្នកចង់ទៅកាន់ទិសដៅណា ហើយតើហេតុម្តេចក៏បានជាអ្នកចង់ទៅកាន់ទិសដៅនោះ” ។ ខ្ញុំនឹងសរសេរអំពី “ភាពអ្នកដឹកនាំ” នៅថ្ងៃក្រោយទៀត ។

ខ្ញុំធា្លប់បានសរសេរអំពី “ការចំអកនៃវាសនា ” នៅក្នុងដំណើរជីវិតខ្ញុំ ។ ថ្មីៗនេះ ពេលដែលខ្ញុំកំពុង គេចចេញពីមុខព្យុះសង្ឃរា ហ្វ្លរ័នស៍ Florence ដែលបានធ្វើដំណើរលឿនស្លេវ វាយសង្គ្រប់លើ តំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក ខ្ញុំបាននឹកភ្នកដល់មិត្តភក្តិចាស់ដែលធ្លាប់រួមរស់នៅលើ សមរភូមិក្នុងជួររណសិរ្សជាមួយគ្នា ។ ទេសកាលអ្វី លោក ដួង ឬទ្ធិ ដែលជាខ្មែរអ្នកតស៊ូ ជើងចាស់ម្នាក់បានមកជួបខ្ញុំក្នុងគ្រាហានិភ័យនេះរយៈពេលកន្លះថ្ងៃ រួចយើងក៏បែកគ្នាទៅ ។ នេះជា “ការចំអកនៃវាសនា ” មួយទៀតនៅក្នុងដំណើរជីវិតខ្ញុំ ។

លោក ដួង ឫទ្ធិ ជាខ្មែរកម្ពុជាក្រោមដែលធ្លាប់ធ្វើទាហានជំនាន់សាធារណរដ្ឋជាមួយលោក ដៀន ដែល ។ ក្រោយមកលោក ដៀន ដែល បានធ្វើជាអគ្គបញ្ជាការរងនៃកងទ័ពជាតិរំដោះប្រជាពល រដ្ឋខ្មែរខណៈពេលខ្ញុំធ្វើជានាយរងសេនាធិការ ។ លោក ដួង ឫទ្ធិ ធ្លាប់ស្គាល់លោក អ៊ុម ស៊ីម ដែលជាមិត្តភក្តិខ្ញុំជិតកន្លះទសវត្ស៍រ ។ ខ្ញុំមិនដែលស្គាល់លោក ដួង ឫទ្ធិ ទេ តែលោកប្រាប់ខ្ញុំថា លោកបានស្គាល់ស្នារដៃខ្ញុំតាំងពីជំនាន់សាធារណរដ្ឋមក ហើយលោកបានរំលឹកអំពីពាក្យ ដង្ហោយរបស់ខ្ញុំនៅក្នុងអត្ថបទ “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត ” ចុះថ្ងៃទី៣ខែកញ្ញានេះ ដោយបញ្ជាក់ថាមាន “កុមារខ្មែរ អ៊ុម ស៊ីម និង បុគ្គលខ្មែរ អ៊ុម ស៊ីម ” ច្រើននាក់ ដូចមានរូបលោក ខ្លួនឯងជាដើម ដែលមិនសុខចិត្តនៅដេកននៀលនៅចំពោះមុខអំពើជិះជាន់របស់របបផ្តាច់ការទេ ។

ខ្ញុំព្រឺខ្លួនខ្ញាកនៅពេលឮលោកសូត្រប្រាប់ខ្ញុំវិញនូវឃ្លាដែលលោកបានដកស្រង់ចេញពីគេហទំព័រ “គំនិតខ្មែរ” ថា “បើយើងចេះចុចឲ្យចំចំណុចត្រូវ និងឲ្យចំពេលវេលា អ្វីដែលហាក់ដូចជានៅនឹង ថ្កល់ហើយមិនអាចកែប្រែបានវាបែរជាអាចកែប្រែបានទៅវិញ . . . ” ។ លោកពោលអះអាងថា “កាលៈទេសៈ ” សព្វថ្ងៃនេះវាត្រូវចំល្អណាស់ទាំងនៅក្នុងស្រុកនិងទាំងនៅក្រៅស្រុក ហើយខ្មែរ យើងអាចបង្កើតសកម្មភាពគ្រប់បែបយ៉ាងបាន ទាំងនៅក្នុងនិងនៅក្រៅប្រទេស ព្រមទាំងបង្កើតឲ្យ មានព្រឹត្តិការណ៍ផ្សេងៗនិងប្លែកៗបានទៀត ឲ្យតែយើងស្រុះគ្នាព្យាយាម ប្រើគំនិតនិងការច្នៃប្រឌិត របបផ្តាច់ការនឹងត្រូវរលំដួលហើយ ។ លោក ដួង ឫទ្ធិ បានសុំឲ្យខ្ញុំសន្យានឹងលោកថា ខ្ញុំនឹងបន្ត កម្មវិធីគេហទំព័រ “គំនិតខ្មែរ” ដើម្បីជាបង្គោលគំនិតដល់ “កុមារខ្មែរ អ៊ុម ស៊ីម និង បុគ្គលខ្មែរ អ៊ុម ស៊ីម ” ផង ហើយសុំឲ្យខ្ញុំជួយជម្រុញថែមទៀតនូវគំនិត ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ ឈើសាំញ៉ាំធ្វើអុសដុត)របស់ចាស់ទុំខ្មែរ ព្រោះគ្មាន ឈើណាឥតប្រយោជន៍ទេ ។ លោកបាន សុំឲ្យខ្ញុំគិតតែពីបំពេញកិច្ចការរបស់ខ្ញុំទៅ ហើយទុកឲ្យលោកបំពេញកិច្ចការរបស់លោក ។

នៅពេលលោកចាប់ដៃរលាក់លាខ្ញុំ លោកបានញាក់ភ្នែកដាក់ខ្ញុំដោយសូត្ររូបមន្ត  “គិត-ធ្វើ-ក្លាយជា ” និងនិយាយជាភាសាអង់គ្លេសថា “Don’t let Florence get you down” រួចលោក ក៏ដើរចេញលាយឡំនឹងអ្នកដំណើរផងទាំងឡាយបាត់ខ្លួនទៅ ។ ខ្ញុំឈរមើលលោកទាំងស្រណោះ។ នៅមានកិច្ចការនិងពាក្យពេចន៍ច្រើនណាស់ដែលខ្ញុំចង់សួរនាំ និងនិយាយជាមួយលោក តែកាលៈទេសៈមិនអនុញាត ។ ខ្ញុំខាំមាត់ដោយចិត្តហេងហាង ។

ជំនួបខ្ញុំជាមួយលោក ដួង ឫទ្ធិ បានអង្រួនរំលឹកខ្ញុំថាភពផែនដីនេះមិនមែនជាធំធេងណាស់ណាទេ ហើយមនុស្សដែលជាអ្នកតស៊ូហាក់ដូចជាចេះតែប្រមូលផ្តុំរកគ្នាឃើញ ប្រៀបបាននឹងពាក្យពេចន៍ ក្នុងភាសាអង់គ្លេសដែលចែងថាBirds of a feather flock together ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ(ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guamឆ្នាំ (១៩៩១-២០០៤)។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comទោះបីចារកម្មចិននិងរុស្ស៊ីនៅតែ បន្តការប៉ុនប៉ង ដោយបរាជ័យចង់លុបបំបាត់មិនឲ្យមើលឃើញ។ លោកអ្នកអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com