ពីនេះពីនោះ តាមបែបខ្ញុំម្តង
«ពីនេះពីនោះ តាមបែបខ្ញុំម្តង»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារពាងម៉េត
ថ្ងៃទី៣០ ខែមេសា ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២
ការណែនាំពីខ្មែរវ័យក្មេងមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលជាអ្នកអានអត្ថបទរបស់ខ្ញុំជាភាសាអង់គ្លេសនិងជាភាសាខ្មែរហើយនិងសំណើរពីបញ្ញាជនខ្មែរវ័យក្មេងម្នាក់ ដែលមាន កំណើតនៅខេត្តពោធិ៍សាត់ហើយដែលធ្លាប់បានរៀនវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យនៅទ្វីបអាស៊ីនិងអឺរុបបានសុំឱ្យខ្ញុំប្រមូលអត្ថបទទាំងអស់ដែលខ្ញុំបានសរសេរផ្សាយរួច មកហើយយកមកផ្តុំទុកនៅមួយកន្លែងដើម្បីសម្រួលឱ្យកូនខ្មែរជំនាន់ក្រោយអាចអាន ត្រិះរិះ និងយកជាគំនិតក្នុងដំណោះស្រាយបញ្ហាខ្មែរនិងក្នុងការកសាងប្រទេសជាតិ ជាកិត្តិយស មួយចំពោះខ្ញុំ ដែលបានជម្រុញខ្ញុំឱ្យបង្កើតនិងបណ្តែតគេហទំព័រមួយមានឈ្មោះថា«គំនិតខ្មែរ»https://kumnitkhmer.com/។ បន្ទាប់មកគឺមានលោក សានសុវិទ្យ ដែលបានលើក ពត៌មានស្តីពីគេហទំព័រនេះទៅអានផ្សាយនៅក្នុងការផ្សាយវិទ្យុខ្មែរពិភពលោក ។
គេហទំព័រ «គំនិតខ្មែរ»ដែលមានចែកជាប្រាំប្រភេទយ៉ាងសាមញ្ញ គ្មានអ្វីសាំញ៉ាំទេ គឺគ្រាន់តែចុចតំណដូចជូនខាងលើនឹងលេចចេញរូបភាពភូមិខ្មែរមានផ្ទះស្លឹក ផ្ទះដំបូល ប្រក់ក្បឿង ដើមដូង . . . អញ្ជើញភ្ញៀវចូលមើលដោយងាយស្រួល ។ ខ្ញុំនៅកំពុងប្រមែប្រមូលឯកសារនិងធាតុផ្សេងៗជាច្រើនទៀតដែលនៅមិនទាន់បានបញ្ចូលទៅក្នុងគេហទំព័រនេះនៅឡើយ ។ តែនៅបច្ចុប្បន្ននេះ ភ្ញៀវអាចចុចលើឈ្មោះប្រភេទនៃ គេហទំព័រដើម្បីអានអំពីគោលបំណងរបស់គេហទំព័រ អានអត្ថបទមួយចំនួនដែលខ្ញុំបាន សរសេរផ្សាយជាភាសាអង់គ្លេសនិងជាភាសាខ្មែរ មើលរូបថតដែលភាគច្រើនខ្ញុំបាន ថតដោយដៃខ្ញុំស្តីពីកិច្ចប្រឹងប្រែងរបស់ខ្មែរអ្នកជាតិនិយមក្នុងការតស៊ូតាំងពីនៅដៃទទេនិងប្រើដំបងឈើប្រឆាំងការឈ្លានពានរបស់យួនហាណូយលើទឹកដីខ្មែរនិងប្រឆាំងរបបខ្មែរ រណបយៀកណាម — គោលបំណងគឺបង្ហាញឱ្យឃើញជាមេរៀនថា ខ្មែរមិនមែនជាពូជ «បាក់ស្បាត»ទេ យើងបានយកការស្រមើស្រមៃរបស់យើងទៅបូកបញ្ចូលនឹងគំនិតច្នៃប្រឌិត រហូតបានសង្ខុញយួនហាណូយឱ្យចូលតុអង្គុយចរចាដែលបណ្តាលឱ្យមានកំណើតនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ ភ្ញៀវគួរចុចប្រភេទ វីដេអូ មើលរូបថតនៃ សកម្មភាពទាក់ទិននិងបញ្ហាស្រុកទេស និងស្តាប់ភ្លេងកំដរ ។ ភ្ញៀវអាចអានជីវប្រវត្តិវិជ្ជាជីវៈសង្ខេបរបស់ខ្ញុំជាភាសាអង់គ្លេសនិងជាភាសា
ខ្មែរបានដែរ ។
ខ្ញុំមិនដែលបានស្គាល់ឬបានជួបលោក សានសុវិទ្យ នៅឡើយទេ តែខ្ញុំសូមអរគុណលោក ដែលបានអានផ្សាយអំពីគេហទំព័ររបស់ខ្ញុំ ព្រមទាំងបានយកអត្ថបទរបស់ខ្ញុំមួយចំនួនទៅ អានផ្សាយរួចមកហើយដែរ ។ ចំពោះខ្ញុំ វាទាល់តែលោកបានទទួលស្គាល់តម្លៃនៃអត្ថបទ
របស់ខ្ញុំ ទើបលោកជ្រើសរើសអត្ថបទខ្ញុំទៅអានផ្សាយដែលជាការមួយល្អប្រសើរណាស់
សំរាប់ខ្ញុំដែរ ព្រោះបើជាការពិតថា ខ្មែរយើងច្រើនមិនចូលចិត្តអានទេ — ពិសេសអានអំពីអ្វី
ដែលតម្រូវឱ្យគិតថែមទៀត — ប្រហែលជាខ្មែរយើងមិនបដិសេធការស្តាប់ទេដឹង?
ខ្ញុំលួចញញឹមឮលោក សានសុវិទ្យ ថ្លែងតាមវិទ្យុខ្មែរពិភពលោកថា មានអ្នកស្តាប់បានសុំឱ្យ លោកថ្នមពាក្យសំដីបន្តិចសុំកុំចេះតែ«អាខ្វាងម្ខះ»មើលតែថាស់ជាប់ភ្លេងនោះពេក ។ ខ្ញុំមិនបានយកចិត្តទុកដាក់នឹងចម្លើយរបស់លោកទេ ។ ខ្ញុំជាបុគ្គលម្នាក់ដែលប្រកាន់គោរព
ការណែនាំចាស់ទុំខ្មែរថា ឱ្យចេះលំឱនខ្លួនចេះប្រកាន់ភាពរាបសារ តែខ្ញុំក៏ជាអ្នកឱប
ក្រសោបពាក្យចាស់ទុំខ្មែរដែលបានណែនាំដែរថា«អាវៀចយកមកធ្វើកង់ អាត្រង់យកមក
ធ្វើកាំ អាសាំរញ៉ាំយកមកធ្វើអុសដុត»គឺថាអ្វីៗអាចមានសារៈសំខាន់នៅក្នុងជីវិត ។ ខ្ញុំមានជំនឿថាការជេរបញ្ចោរវាបង្ហាញនូវកំសោយនៃមូលហេតុរបស់អ្នកជេរ គឺថាធ្វើអ្វីគេ
មិនកើតក៏នៅសល់តែការជេរបញ្ចោរប៉ុណ្ណោះ ។ ផ្ទុយទៅវិញ បើការជេរបញ្ចោរហ៊ុនសែន
ដែលជាអតីតមេបញ្ជាការខ្មែរក្រហមប៉ុលពតនិងជាមេបនរបបអំណាចផ្តាច់ការ អាចធ្វើ
ឱ្យគាត់ខឹងវិលក្បុង នេះវាខាតបង់អ្វីខ្លះទៅ?ខ្ញុំធ្លាប់បានឮថា មានលោកតាលោកយាយ
ខ្លះប៉ងដោះស្បែកជើងឈើទះកំភ្លៀងអស់មួយរយៈមកហើយ ។ ខ្ញុំជាបុគ្គលម្នាក់គោរព
និងអនុវត្តការប្រៀនប្រដៅរបស់ចាស់ទុំខ្មែរថា«ធ្ងន់អ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់»។ មាន
អ្នកស្តាប់វិទ្យុខ្មែរពិភពលោករបស់លោក សានសុវិទ្យ ម្នាក់អ៊ីមែលទៅរំឮកខ្ញុំថាកុំចេះតែហៅហ៊ុនសែនថា «សម្តចតេជោ»ពេក ។ អ៊ើ! ចុះវា«ថ្លៃអ្វីនឹងមាត់»?ប្រហែលលោក សានសុវិទ្យ ត្រូវរៀនញេញធ្មេញច្របូញមាត់បន្តិចដើម្បីហៅហ៊ុនសែន«អាលោគ ស៊ីងឡាច់ ឌេចូ»វិញ ដូចជាពលរដ្ឋថ្មីៗនៅរមណីយដ្ឋានខេត្តកំពតគេហៅលោកនាយករដ្ឋមន្ត្រីអីចឹង ។
បរមគ្រូ ខុង ជឺ (ឆ្នាំ៥៥១-៤៧៩ មុនគ្រឹស្ទសករាជ)នៃប្រទេសចិនបុរាណបានរំឮកមនុស្ស លោកថា «អ្នកមិនអាចបើកសៀវភៅហើយមិនបានរៀនអ្វីសោះពីសៀវភៅនោះឡើយ»។
កាលពីឆ្នាំ ២០១១ មានស្ត្រីខ្មែរយើងម្នាក់ឈ្មោះ នាង សុវាត្ថាណា សុខុម បេក្ខជន បរិញ្ញាបត្របណ្ឌិតផ្នែកនយោបាយនិងសេដ្ឋកិច្ចនៃសកលវិទ្យាល័យ ក្លែរ៍ម៉នត៍ Claremont Graduate University នៅរដ្ឋកាលីហ្វួរនី បានទទួលការយល់ស្របពីខ្ញុំ ហើយនាងក៏បាន ជ្រើសរើសអត្ថបទជាភាសាអង់គ្លេសរបស់ខ្ញុំចំនួន ៥១ អត្ថបទយកទៅចងក្រងជាសៀវភៅ ដែលបោះពុម្ភផ្សាយដោយសាជីវកម្មXilibris ក្រោមចំណងជើងថា «What Is Your Ten Minutes Worth?»បែងចែកជាប្រាំពីរជំពូក ។
សូមជ្រាបថា នាង សុវាត្ថាណា សុខុម ជាកូនក្មេងស្រីខ្មែរអាយុប្រាំមួយឆ្នាំដែលឪពុកម្តាយ នាងបានពង្រត់ចេញពីផ្ទះសម្បែងនៅខេត្តកំពង់ចាមឆ្ពោះទៅកាន់ខេត្តបាត់ដំបងតែត្រូវបានយោធាប៉ុលពតចាប់យកទៅដាក់ជំរុំការងារខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥-១៩៧៩ ឱ្យស្បថស្បែ ថា«ដាំស្រូវឱ្យបានបីតោនចំនួនបីដងក្នុងមួយឆ្នាំនៅលើទំហំដីមួយហិកតារ»។ នៅពេលនាង
មានអាយុដប់ឆ្នាំនៅឆ្នាំ ១៩៧៩ នាងបានរត់គេចពីជំរុំប៉ុលពតទៅជ្រកកោននៅជំរុំសេរីកា
នៅជាយដែនខ្មែរ-ថៃ រហូតដល់ឆ្នាំ ១៩៨១ ។ នៅឆ្នាំ ១៩៨០ ខ្ញុំបានទៅជាន់ដីសេរីកា ។
នៅមុនពេលសៀវភៅដែលនាងបានចងក្រងត្រូវចូលរោងបោះពុម្ព នាងបានសុំឱ្យខ្ញុំសរសេរ «សេចក្តីទទួលស្គាល់»Acknowledgmentនៅក្នុងសៀវភៅនាង ។ ខ្ញុំក៏បានសរសេរចែង
ក្នុងសៀវភៅនាងថា « ដំណើរជីវិតរបស់មនុស្សគឺអស្ចារ្យណាស់ ។ ការចំអកបញ្ឈឺចិត្ត
របស់ជីវិតក៏អស្ចារ្យណាស់ដែរ»។ ខ្ញុំបានឧទ្ទិសការចងក្រងអត្ថបទជាសៀវភៅនេះជូនដល់ «កូនក្មេងស្រីខ្មែររូបនេះដែលជីវិតត្រូវបានរំខានដោយសារការរលំស្លាប់នៃរបបសាធារណរដ្ឋ»ដែលខ្ញុំបានគាំទ្រ ។ ជាមួយគ្នាដែរ ខ្ញុំបានឧទ្ទិសជូន «យុវជន យុវនារីនៅប្រទេស
កម្ពុជានិងនៅកន្លែងផ្សេងដទៃទៀតដោយជូនពរសូមឱ្យពាក្យសំដីទាំងឡាយ(នៅក្នុងអត្ថបទ
ក្នុងសៀវភៅរបស់នាង)ជួយលើកស្ទួយវិញ្ញាណ ជម្រុញសីលធម៌ និងជម្រុញឱ្យគេធ្វើ
សកម្មភាពដោយសេចក្តី ក្លាហាននិងសេចក្តីថ្លៃថ្នូរដើម្បីចាប់យកឱ្យបាននូវសេរីភាព
ដែលពួកគេស្វែងរក ។»មានបញ្ញាវន្តខ្មែរដែលបានអានសៀវភៅរួចហើយក៏សំដែងចំណង់បកប្រែសៀវភៅនោះជាភាសាខ្មែរដើម្បីជាផលប្រយោជន៍ដល់អ្នកអានខ្មែរ តែចំណង់របស់គេមិនបានសម្រេច ។ ដើម្បីជាព័ត៌មានជូនអ្នកដែលអាចចង់ដឹង ខ្ញុំសូមស្គែន scanទំព័រខ្លះៗជូនអ្នកអានមានតារាងមាតិកា ពាក្យឧទ្ទិស និងអារម្ភកថារបស់នាង សុវាត្ថាណា សុខុម ដែលសព្វថ្ងៃជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនិងសេដ្ឋកិច្ចនិងជាសាស្ត្រាចារ្យនៅរដ្ឋកាលីហ្វួរនី ។ ភ្ជាប់ជាមួយដែរគឺអត្ថបទសេចក្តីទទទួលស្គាល់ដែលខ្ញុំបានសរសេរជូននាង ៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ
(ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកបានបង្កើតនិងបណ្តែតគេហទំព័រ Website «គំនិតខ្មែរ»នៅ https://kumnitkhmer.com/។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច(e-mail)peangmeth@gmail.com។