ប្រឆាំងនឹងរបបផ្តាច់ការ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨

ខ្ញុំបានសរសេរក្នុងអត្ថបទចុះថ្ងៃទី១២ ខែកម្ភៈ ក្រោមចំណងជើង «ដំណើរឆ្ពោះទៅថ្ងៃអង្សា» ថា បើយោងតាមគន្លងផ្លូវនយោបាយនៅកម្ពុជា ឆ្នាំ២០១៨នេះអាចជាឆ្នាំដែលចាប់ផ្តើម កំណត់ការស្លាប់រស់របស់ខ្មែរប្រជាធិបតេយ្យដែលត្រូវបានអំណាចផ្តាច់ការឡោមព័ទ្ធចងស្លាបសេក ហើយក៏អាចជាឆ្នាំដែលផ្តើមដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា (ពាក្យខ្មែរសាមញ្ញ ហៅថា ថ្ងៃអន្សា) របស់សម្តេចតេជោហ៊ុនសែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហម បនប៉ុលពត និងជាមេបនអំណាចផ្តាច់ការដែរ ។ សំនួរសួរថា តើនរណានឹងបានទៅ ដល់ទីដៅមុន ។

ក្រុមសកម្មជនខ្មែរតស៊ូមតិប្រជាធិបតេយ្យត្រូវបង្កើតជំនឿយ៉ាងមាំដូចថ្មដាថា ១. គឺសកម្ម ជនខ្មែរទាំងអស់គ្នានេះហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលគេចង់ឃើញ ២. របបផ្តាច់ការសម្តេចតេជោមានជើងដីឥដ្ឋដែលអាចដំឱ្យបែកខ្ចាយបាននិងអាចគាស់រំលំ បានដែរ ។

ទេវតាមិនដែលបានផ្តន្ទាទោសឱ្យខ្មែរយើងរស់ក្នុងទាសភាពជាអចិន្ត្រៃយទេ ។ រីឯជនផ្តាច់ ការវិញក៏មិនដែលបានទេវតាផ្តល់ឥទ្ធិពលឯណាឱ្យកាន់អំណាចរដ្ឋជារៀងរហូតដែរ ។ ក្រុម សកម្មជនខ្មែរតស៊ូមតិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏មិនដែលបានទេវតាដាក់ឱ្យនៅ ខ្សោយតែរហូតឡើយ ។ ការកែប្រែផ្លាស់ប្តូរជាភាពអចិន្ត្រៃយតែមួយក្នុងជីវិត ។ អតីតប្រធានាធិបតីអាមេរិកាំងទី១៦ ឆ្នាំ ១៨៦១-១៨៦៥ លោក ធីអូដ័រ រ៉ូហ្សឺវែល Theodore Roosevelt បានរំឮកថា «ធនធានទាំងអស់ដែលយើងត្រូវការ វាស្ថិតនៅក្នុងគំនិតយើងរួច ស្រេចទៅហើយ » ដូច្នេះ   «ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបានជាមួយអ្វីដែលអ្នកមាននៅក្នុង  ដៃអ្នកនៅគ្រប់ទីកន្លែងដែលអ្នកមានវត្តមាន » ។

របបគ្រប់គ្រងភ្នំពេញអាឡាអ័រវែល 1984 បានបញ្ចេញក្បាច់ក្បូរ «Minitrue» ឆ្ពឹនភ្នែកបំភាន់ សាធារណៈមតិ យកសធ្វើជាខ្មៅ ២+២=៥ ដូចជាក្នុងឆ្នាំ១៩៧០ ខ្មែរប្រឆាំងនឹងកងទ័ពយួន ហាណូយ៤ម៉ឺនទៅ៦ម៉ឺននាក់ឈរនៅលើដីខ្មែរទំហំប្រមាណជា៣៥០០គីឡូម៉ែត្រការ៉េ ចាប់ពីព្រំប្រទល់ខ្មែរ-យួនរហូតដល់តំបន់ទន្លេរសាប «បងធំ» គេហៅថា «ជារដ្ឋប្រហារ» ។ រីឯរដ្ឋប្រហារបងធំបញ្ជាយោធាឱ្យវាយទ្រង់ ប្ញណរិទ្ធ រត់ចោលស្រុកនៅឆ្នាំ១៩៩៧ «ក្រសួងសច្ចៈ» គេហៅថាជាការកំទេច «រដ្ឋប្រហារ» របស់ក្រុមរាជានិយមទៅវិញ ។ នៅពេលបច្ចុប្បន្នកាលនេះ គេមិនចង់ឱ្យពលរដ្ឋបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ «Minitrue» គេបង្កើតជាលេសថា គណៈបក្សជំទាស់បានធ្វើសន្ទិដ្ឋភាព ឬភាពឃុបឃិតផ្សំគំនិតជាមួយបរទេសដើម្បីទម្លាក់រដ្ឋាភិបាលចេញពីអំណាច ។ បន្ទាប់មកគេបានបង្កើតច្បាប់រំលាយគណៈបក្សសង្គ្រោះជាតិប្រកបដោយប្រជាប្រិយភាពចោលចេញតែម្ដង រួចគេ ប្លន់យកអាសនៈទាំង៥៥ដែលរាស្ត្របានផ្តល់ទៅគណៈបក្សជំទាស់ព្រមទាំងដកហូតសិទ្ធិរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបក្សជំទាស់ចំនួន៥០០៧នាក់ ក្នុងគោលបំណងមិន ឱ្យអ្នកតំណាងរាស្ត្រគណៈបក្សជំទាស់៥៥នាក់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៥០០៧ នាក់អាចបោះឆ្នោតរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នៅថ្ងៃទី២៥កុម្ភៈមុននេះបាន ។ គេបានហាមខ្មែរ ១១៨ នាក់ទៀតមានវត្តមានលើឆាកនយោបាយ ។

ក្បួនក្បាច់របបភ្នំពេញត្រូវបានអ្នកនិពន្ធដ៏ឆ្នើម គឺលោក ហ្ចរ៍ច អ័រវែល George Orwell (១៩០៣-១៩៥០) មើលឃើញច្បាស់តាំងពីជាង៧០ឆ្នាំមកហើយ ហើយលោកទាំងបាន សរសេរជាប្រលោមលោក «Nineteen Eighty-Four » ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលខ្ញុំ បានលើកយកមកពិពណ៌នាក្នុងអត្ថបទចុះថ្ងៃទី២៦ ខែកុម្ភៈ ស្តីអំពីជីវិតស្ថិតនៅក្រោម អំណាចផ្តាច់ការដែលយើងអាចមើលឃើញមាននៅជុំវិញពិភពលោកសព្វថ្ងៃនេះ ។

កាលពីពេលថ្មីៗនេះ លោក ហ្វីល រ៉ូប៊ើតសុន នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងថា  «ការគ្រប់គ្រងរបស់គណៈបក្សប្រជាជនកម្ពុជាមានន័យថា ការរឹបអូស យកដីធ្លីនិងការផ្លាស់ទីលំនៅ ការប្លន់យកធនធានជាតិ អំពើពុករលួយនិងសេវារដ្ឋាភិបាល គ្មានភាពស័ក្តិសិទ្ធិ យោធូបនីយកម្ម និងការចាប់ខ្លួននិងរំលោភសិទ្ធិជាច្រើន» ។

រដ្ឋាភិបាលខ្មែរអាឡាអ័រវែលសព្វថ្ងៃនេះជារដ្ឋាភិបាលអនាថាចរច្រប់លួចប្លន់ ពោលគឺមិន មែនជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និងសម្រាប់ប្រជាពលរដ្ឋទេ ហើយមិនត្រូវមាន «សិទ្ធិគ្រប់គ្រង» ប្រទេសជាតិដែរ ។

នៅក្នុងលិទ្ធិប្រជាធិបតេយ្យ (ដែល «បងធំ» បានកុហកប្រជាពលរដ្ឋខ្មែរថា «បងធំ» ពិតជា ឱបក្រសោបមែន ) «សិទ្ធិគ្រប់គ្រង» the right to rule របស់រដ្ឋភិបាលត្រូវតែបានទទួលមក ពីប្រជាពលរដ្ឋដែលបោះឆ្នោតផ្តល់ «អំណាចគ្រប់គ្រង» ដល់រដ្ឋាភិបាលនោះ ។ វាទាល់តែប្រជាពលរដ្ឋបានផ្តល់ «អំណាចគ្រប់គ្រង» ទើបរដ្ឋាភិបាលប្រជាធិបតេយ្យមាន «សិទ្ធិគ្រប់គ្រង» ហើយទើបប្រជាពលរដ្ឋត្រូវមានភារៈទទួលខុសត្រូវជាសីលធម៌ គោរព និងស្តាប់បង្គាប់ច្បាប់និងអំណាចបញ្ជារបស់រដ្ឋាភិបាល ។ ពោលគឺប្រជាពលរដ្ឋនោះឯង ជាអ្នកធ្វើធម្មានុរូបកម្មបំពេញភាពត្រឹមត្រូវតាមច្បាប់ឱ្យរដ្ឋាភិបាល ។

ខ្ញុំបានបង្រៀនវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យលើកោះហ្គ័មសហរដ្ឋអាមេរិក ចំនួន១៣ឆ្នាំ មាន២ឆមាសក្នុងមួយឆ្នាំ ។ ក្រៅពីបង្ហាត់បង្រៀនមុខវិជ្ជាផ្សេងៗដែលមានរួម ទាំងវិជ្ជាសិក្សា «អង្គការអន្តរជាតិនិងអង្គការសហប្រជាជាតិ» «ច្បាប់អន្តរជាតិ» «រដ្ឋាភិបាល និងនយោបាយក្នុងពិភពទីបី  » ខ្ញុំមានភារៈបង្ហាត់បង្រៀនវិទ្យាសាស្ត្រនយោបាយថ្នាក់ដំបូង ១០១ ចំនួន ១ ម៉ោង ២០ នាទីក្នុងមួយថ្នាក់ចំនួនពីរទៅបួនថ្នាក់ក្នុងមួយថ្ងៃ ចំនួនពីរថ្ងៃក្នុង មួយអាទិត្យ ចំនួនប្រាំខែក្នុងមួយឆមាស ។ ខ្ញុំធ្លាប់បានទទួលរង្វាន់ «ឧត្តមភាពផ្នែកបង្ហាត់  បង្រៀន» ដែរ ។

សូមជំរាបថាគឺនៅក្នុងថ្នាក់ដំបូង ១០១ ដែលខ្ញុំបានចំណាយពេលរុកអង្រួនខួរក្បាលនិស្សិត អាមេរិកាំងនិងអន្តរជាតិអំពី «សិទ្ធិគ្រប់គ្រង» របស់រដ្ឋាភិបាលប្រជាធិបតេយ្យ ។ ខ្ញុំបាន សរសេរចងក្រងជាក្បួនសៀវភៅចែកចាយដល់សិស្សផងអំពី «មូលដ្ឋានប្រាំបួនដែល សំខាន់បំផុតនៅក្នុងលទ្ធិប្រជាធិបតេយ្យតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក» ។ មូលដ្ឋានទី៨ក្នុងក្បួនសៀវភៅមានចំណងជើងថា «សិទ្ធិជំទាស់និងមិនស្តាប់បង្គាប់» ស្តីពីលោក ថូម៉ាស ហ្ចេហ្វឺសុន Thomas Jefferson (១៧៤៣-១៨២៦) ដែលជាបិតាស្ថាបនិក សហរដ្ឋអាមេរិកម្នាក់ហើយនិងជាអ្នកនិពន្ធចម្បងនៃ «សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យ» សហរដ្ឋអាមេរិកឆ្នាំ ១៧៧៦ ។ លោកជាអតីតប្រធានាធិបតីអាមេរិកាំងទី៣ ពីឆ្នាំ ១៨០១ ដល់ ១៨០៩ ។ នៅក្នុង «សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យ»  លោក ហ្ចេហ្វឺសុន បានធ្វើការអធិដ្ឋានថា រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីបំរើប្រជាពលរដ្ឋដែលមានសិទ្ធិ តស៊ូមិនទទួលស្តាប់បង្គាប់បញ្ជារបស់រដ្ឋាភិបាលដែលមិនបំរើឆន្ទៈប្រជាពលរដ្ឋ ។

គំនិតនេះគឺផ្ទុយស្រឡះពីគោលការណ៍នៃរបបតំបន់ អូសេអានី ក្នុងប្រលោមលោក 1984 ដែលវាមានលក្ខណៈប្រហាក់ប្រហែលនឹងរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែរ ។

ដោយហេតុថា នៅក្នុងលិទ្ធិប្រជាធិបតេយ្យគឺប្រជាពលរដ្ឋដែលជាប្រភពនៃអំណាច ដរាបណាប្រជាពលរដ្ឋខ្លួនឯងនៅមិនទាល់យល់និងនៅមិនទាន់ជឿទេថា អំណាចគឺពិតជា មាននៅក្នុងកណ្តាប់ដៃខ្លួនឯងរួចជាស្រេចមកហើយ ដរាបនោះ «អំណាចប្រជាពលរដ្ឋ» ឬ people power ឥតមានទីកន្លែងទេ ។ យើងត្រូវចាំថាជនដឹកនាំផ្តាច់ការឥតមានមុខរបរដែលជននោះអនុញ្ញាតឱ្យប្រជាពលរដ្ឋបោះឆ្នោតដោយសេរី ដោយយុត្តិធម៌ និងដោយសម្ងាត់ដើម្បីដកហូតពួកគេ — ដែលពលរដ្ឋបានឃើញថាមិនបានបំរើឆន្ទៈនិងផលប្រយោជន៍របស់ពលរដ្ឋ — ចេញពីកំពូលបល្ល័ង្កត្រួតត្រាឡើយ ។

គោលបំណងធំបីនៃរដ្ឋាភិបាលក្នុងលោកគឺ ១. ការពារឯករាជ្យនិងអធិបតេយ្យ  ២. បង្កើត ស្ថិរភាព (សណ្តាប់ធ្នាប់និងសន្តិសុខ) ក្នុងសង្គម ៣. ជម្រុញនិងលើកដំកើងសុខុមាលភាព បុគ្គលនិងសុខុមាលភាពសាធារណៈ ។ ចំពោះរដ្ឋាភិបាលប្រជាធិបតេយ្យ គេតែងតែថ្លឹង បញ្ហាសណ្តាប់ធ្នាប់និងសន្តិសុខជាមួយនឹងបញ្ហាសេរីភាពនិងសិទ្ធិមនុស្ស តែរបប 1984 គេស្វែងរក «អំណាច» និង «ផលប្រយោជន៍ផ្ទាល់ខ្លួនជូន «គណៈបក្សក្នុង» និងជូន «បងធំ» — កត្ដាទាំងនេះមានភាពស្រដៀងគ្នានឹងរបបខ្មែរបច្ចុប្បន្នដែរ ។

លោក ធីអូដ័រ រ៉ូហ្សឺវែល (Theodore Roosevelt)
អតីតប្រធានាធិបតីអាមេរិកាំងទី២៦ (១៩០១-១៩០៩)

«សណ្តាប់ធ្នាប់ដោយគ្មានសេរីភាពនិងសេរីភាពដោយគ្មានសណ្តាប់ធ្នាប់

គឺជាការបំផ្លាញស្មើៗគ្នា» ។

លោក ហ្ចេមស៍ គ្យូ វិលសុន (James Q. Wilson)
អតីតសាស្ត្រាចារ្យអាមេរិកាំងផ្នែកវិទ្យាសាស្ត្រនយោបាយ ១៩៣១-២០១២

«បើគ្មានសេរីភាពទេ ច្បាប់ត្រូវបាត់បង់លក្ខណៈនិងឈ្មោះរបស់វា ហើយក្លាយទៅជាការកៀបសង្កត់ ។

បើគ្មានច្បាប់ទេ សេរីភាពត្រូវបាត់បង់លក្ខណៈនិងឈ្មោះរបស់វា ហើយក្លាយទៅជាការប្រាសចាកសីលធម៌» ។

 

ទោះម្តេចក្តី «អំណាចប្រជាពលរដ្ឋ» មិនមែនមិនអាចឈានជើងដល់ប្រទេសកម្ពុជាទេ ។ ក្រុមសកម្មជនខ្មែរតស៊ូមតិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ត្រូវចាំបាច់ជឿថា ការកែ ប្រែផ្លាស់ប្តូរគឺអាចធ្វើទៅបាន ។ បើគ្មានជំនឿទេ តើខ្មែរយើងនៅសល់អ្វីក្រៅពីរបប 1984 ?

អ្នកតស៊ូប្រឆាំងម្នាក់នឹងរបបផ្តាច់ការបានជូនជាទស្សនៈមួយថា ជនផ្តាច់ការដែលនៅតែ អាចកាន់អំណាចផ្តាច់ការតទៅទៀតបាន គឺមកពីគេមានជោគជ័យក្នុងកៀបសង្កត់ ប្រជាពលរដ្ឋដែលជាប្រភពនៃអំណាច ឱ្យគោរពប្រតិបត្តិស្តាប់បង្គាប់គេ (obey) ឱ្យដាក់ខ្លួន ជាចំណុះហើយចុះចូលនឹងគេ (submit) និងឱ្យព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយគេ (cooperate) – ឬ OSC ជាពាក្យកាត់ខ្លីដើម្បីងាយស្រួលចាំ ។ អ្នកតស៊ូដដែលរូបនេះបាន សួរថា បើជនផ្តាច់ការនៅត្រួតត្រាបានដោយសារប្រជាពលរដ្ឋសុខចិត្តប្រគល់ OSC ទៅឱ្យ គេ ចុះបើប្រជាពលរដ្ឋបដិសេធ OSC វិញ តើជនផ្តាច់ការនឹងអាចបន្តអំណាចផ្តាច់ការយ៉ាង ណាទៀតបាន ?

តែជាការអកុសលដែលខ្មែរយើងត្រូវបានរស់នៅក្រោមវប្បធម៌មួយដែលទម្លាប់ខ្មែរច្រើនរយឆ្នាំ — ទម្លាប់ដែលបានក្លាយទៅជាប្រពៃណីពិសិដ្ឋរហូតដល់សព្វថ្ងៃនេះ — ឱ្យ «គោរព» «បំរើ» «ការពារ» «ស្មោះត្រង់» នឹងបុគ្គលដឹកនាំរហូតផុតជីវិត ។ (គួររំឮកដែរថា កាលលោក ស្រី ហ៊ីលឡារី គ្លីនតុន Hillary Clinton នៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកាំង លោក ស្រីធ្លាប់បានទូន្មានខ្មែរប្រជាធិបតេយ្យនៅគេហដ្ឋានលោកស្រីថា សូមឱ្យរួបរួមគ្នាជាធ្លុង មួយនៅជុំវិញគោលការណ៍និងវេទិកានយោបាយទូលំទូលាយ ជាជាងនៅក្រោមបុគ្គលដឹក នាំរូបណាម្នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបគ្រប់គ្រងផ្តាច់ការ ។ )

តែប្រពៃណីខ្មែររយឆ្នាំបានបត់បែនខ្មែរឱ្យគោរពប្រតិបត្តិទំនៀមទម្លាប់ — ទម្លាប់ស្វ័យប្រវត្ត ទម្លាប់បន្តពូជ ទម្លាប់ធ្វើនិងគិតអ្វីដូចដែលធ្លាប់បានធ្វើនិងគិតតាមវិធី «អូតូម៉ាទីក»ដោយមិន បាច់ប្រើបញ្ញា គ្រាន់តែចុច «ប៊ូតុង» ទៅបានហើយ ។ យ៉ាងនេះ ប្រពៃណីរយឆ្នាំបានដាក់ទុក ខ្មែរក្នុងទ្រុងសេវភាព ទាំងខ្លួនមនុស្ស ទាំងផ្នត់គំនិតខួរក្បាលមិនឱ្យអាចរង្គើឃ្លាតចេញពី ខ្សែបន្ទាត់ដែលអនុញ្ញាត ធ្វើឱ្យរាំងស្ទះដំណើរគិតគូរ  «ក្រៅប្រអប់» គិតគូរឱ្យបានខុសពីមុន បង្កើតជាឧបសគ្គដល់ការត្រិះរិះពិចារណានិងការស្រមើស្រមៃច្នៃប្រឌិតដែលវាចាំបាច់ សំរាប់ការអភិវឌ្ឍន៍និងវឌ្ឍនភាព ។ ពោលគឺវប្បធម៌រយឆ្នាំនេះហើយដែលជួយសម្រួលឱ្យរបបផ្តាច់ការជិះជាន់ពលរដ្ឋដែលរស់នៅក្នុងទម្លាប់ឱ្យគេជិះលើខ្នងជារៀងរហូតមក ។ ខ្មែរត្រូវតែដកឫសគល់នៃវប្បធម៌រយឆ្នាំ នេះចេញ បើខ្មែរចង់ឃើញមានការកែប្រែផ្លាស់ប្តូរនៅក្នុងសង្គម — បើទម្លាប់នៅជាមួយសត្វ គោដែលនាំយើងឱ្យដេកពេលយើងត្រូវឧស្សាហ៍ ម្តេចឡើយយើងមិនបង្កើតទម្លាប់នៅជា មួយសេកដែលវានាំយើងឱ្យហោះហើរ ? ឬមួយយើងមិនចង់កែទម្លាប់ ? ការកែប្រែផ្លាស់ប្តូរត្រូវចាប់ផ្តើមដោយបុគ្គលមនុស្សដែលសម្លឹងមើលទៅក្នុងកញ្ចក់ឆ្លុះ គឺរូបអ្នកនិងរូបខ្ញុំ ។

ខណៈពេលដែលកូនក្មេងខ្មែរត្រូវបានទទួលការបង្ហាត់បង្រៀនអំពី «គុណធម៌ » នៃ ប្រពៃណីរយឆ្នាំដូចបានពោលខាងលើ កូនក្មេងអាមេរិកាំងត្រូវបានទទួលការបង្ហាត់បង្រៀន ឱ្យយល់និងជឿទៅលើ «សេចក្តីពិតច្បាស់ក្រឡែតដែលគេមិនអាចបដិសេធបាន» ហើយឱ្យ គេសុខចិត្តតស៊ូនៅពេលដែល «ជីវិត សេរីភាព និងការស្វែងរកសុភមង្គល» ត្រូវបានទទួល ការគំរាមកំហែង ។

វាជាការពិតហើយថា ទម្លាប់ជាទង្វើមួយមិនមែនងាយស្រួលនឹងកែទេ ។ តែបើយើងធ្វើអ្វី មួយជាច្រើនដង ដូចជាយើងមិនព្រមបើកសៀវភៅអានអ្វីសោះ ទង្វើនេះវាក្លាយទៅជា ទម្លាប់ខ្ជិល ។ តែយើងក៏អាចទម្លាប់បើកសៀវភៅអានជារៀងរាល់រាត្រីបានដែរ នេះវាក្លាយ ទៅជាទម្លាប់ល្អ ។

ខ្មែរយើងជាមនុស្សមានទម្លាប់ខ្លាច ។ វប្បធម៌រយឆ្នាំបានពង្រឹងការខ្លាចនេះទ្វេឡើងទៀត ។ នៅក្នុងគំនិតបំផុសបំផុលខ្មែរប្រជាធិបតេយ្យក្នុងការតស៊ូប្រឆាំងនឹងរបបផ្តាច់ការ (ខ្ញុំស្អប់ ខ្ពើមគំនិតនិងទង្វើដែលជិះជាន់គំនិតតាំងពីខ្ញុំនៅក្មេងរហូតខ្ញុំនៅក្នុងជួររណៈសិរ្សតស៊ូ និងនៅលើឆាកនយោបាយជាតិនិងអន្តរជាតិ ) ខ្ញុំតែងតែលើកយករឿងពិតផ្សេងៗមកនិទាន ជួយណែនាំអ្នកជិតឆ្ងាយឱ្យចំណាយពេលទំនេរមើលខ្សែភាពយន្តនានា ដូចជាខ្សែភាពយន្ត គំនូរកំប្លែង Chicken Run ស្តីពីសត្វមាន់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វដែលវាសំរេចស្វែងរក មធ្យោបាយរត់ចេញដើម្បីរកសេរីភាព («ឬមួយយើងនឹងស្លាប់ជាមាន់សេរី ឬមួយយើងនឹង ស្លាប់ក្នុងការតស៊ូដើម្បីជាមាន់សេរី» បញ្ចាំងផ្សាយក្នុងឆ្នាំ២០០០) ខ្សែភាពយន្ត Invectus ស្តីពីរឿងពិតនៃជីវិតតស៊ូរបស់លោក Nelson Mandela ដែលជាសកម្មជនប្រឆាំងនឹងរបប រើសអើងប្រកាន់ពូជសាសន៍នៅប្រទេសអាហ្វ្រិកខាងត្បូង (បញ្ចាំងផ្សាយក្នុងឆ្នាំ២០០៩) ខ្សែភាពយន្ត Robin Hood ស្តីពីអ្នកច្បាំងជើងចាស់ក្នុងសម័យសតវត្សទី១២ ដែលលោកបាន ដឹកនាំប្រជារាស្ត្របះបោរប្រឆាំងនឹងរាជបល្ល័ងនៅក្នុងតំបន់មួយនៅប្រទេសអង់គ្លេស បុរាណដែលទទួលរងអំពើពុករលួយនិងអំពើឃោរឃៅ បញ្ចាំងផ្សាយក្នុងឆ្នាំ ២០១០) ។ ខ្សែភាពយន្តទាំងនេះជាខ្សែភាពយន្តដែលបានបំផុសបំផុលស្មារតីតស៊ូរបស់ខ្ញុំមិនឱ្យផុងចុះទោះសភាពការណ៍វាទំនងហាក់ដូចជាងងឹតខ្លាំងក្តី។

សូមរំលឹកនូវកំណាព្យមួយរបស់ម្ចាស់ មិតតៃយ៉ា ដែលខ្ញុំធ្លាប់បានយកមកផ្សាយជាច្រើន ដងដែលមានខ្លឹមសារថា ៖ «លុះដល់ពេលគេប្រឹងសង្កត់សង្កិនហើយគេរកផ្លូវកំទេចអ្នក ចូរអ្នកងើបឡើង ងើបហើយងើបទៀត ដូចសត្វ ហ្វីនីក Phoenix ងើបចេញពីផែះភ្លើង ងើបឡើងរហូតដល់សត្វចៀមក្លាយទៅជាសត្វសឹង្ហ រហូតដល់សភាពងងឹតសូន្យឈឹង ត្រូវរលត់បាត់អស់» ។

ខ្មែរអ្នកអានម្នាក់នៅសហរដ្ឋអាមេរិកបានបង្ហោះពាក្យពេជន៍លើអ៊ិនធឺណេតនិយាយចំអកថា «សត្វចចកឬសត្វមាន់មិនអាចក្លាយទៅជាសត្វសឹង្ហបានទេ » ។ ពាក្យសំដីនោះធ្វើឱ្យ ខ្ញុំចុកក្នុងខ្លួនដោយនឹកគិតថាអ្នកសរសេរនោះដែលមើលឃើញខ្មែរមិនហួសពីសត្វចចកឬ សត្វមាន់ គឺគាត់មិនបានផ្តល់ក្ដីសង្ឃឹមថា ខ្មែរអាចក្លាយទៅជាសត្វសឹង្ហបានទេ ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរមាន «សឹង្ហ»  ខ្មែរដែលបានបញ្ចេញស្នារដៃយ៉ាងក្លាហាននៅលើ សមរភូមិដែរ ។ ខ្ញុំធ្លាប់បានឮគេនិយាយថា ខ្មែរជាមនុស្ស «បាក់ស្បាត» ក៏ប៉ុន្តែខ្ញុំមិនដែល យល់ដូចគេបានថានោះឡើយ ។ ផ្ទុយទៅវិញ ខ្ញុំបានដឹងថាបើចាក់ចំគន្លឹះ ខ្មែរអាចជា មនុស្សដែលគេទប់មិនឈ្នះទេ ។ ខ្ញុំនឹកស្រណោះដល់កង្វះយ៉ាងសម្បើមក្នុងចំណោមខ្មែរយើងនូវគំនិតត្រិះរិះពិចារណា គំនិតស្រមើស្រមៃ ច្នៃប្រឌិតស្វែងរកមធ្យោបាយប្រឆាំងនឹងរបបសង្កត់សង្កិន ។ យើងជាបុគ្គលមនុស្សខ្មែរដែលមានខួរមួយគីឡូក្រាមអាចធ្វើការច្នៃប្រឌិត គំនិតស្មារតី យើងមិនមែនត្រូវបានចារកែមិនរួចនោះទេ ។ ទម្លាប់កើតមកពីទង្វើ ធ្វើម្តងហើយម្តងទៀត យូរៗទៅទើបទម្លាប់កើតទៅជាប្រពៃណី ។ យើងជាបុគ្គលមនុស្សហើយបុគ្គលមនុស្សអាច រៀន ធ្វើអ្វីបានគ្រប់យ៉ាង ឱ្យតែយើងចង់រៀន ។ គំនិត ស្មារតី អាកប្បកិរិយាអាចបណ្តុះ បណ្តាល វិញត្បាញឱ្យបានទៅជាយ៉ាងណាមួយដោយសារការរៀនសូត្រ ។ ប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញឱ្យឃើញរួចមកហើយថា គ្មានអ្វីដែលមនុស្សលោកធ្វើ មិនបាននោះទេ បើគេប្តេជ្ញាចិត្តនិងបង្កើតឆន្ទៈថាធ្វើ ។ ពាក្យពេជន៍លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ (៥៤៤ មុន គ.ស.-៤៩៦ មុន គ.ស.) នៃប្រទេសចិនបុរាណដែលយោធាក្នុងលោក ព្រមទាំងយោធាបស្ចឹមប្រទេសផងបានយកទៅបង្រៀននាយទាហានរបស់គេបានចែងថា «កំពូលនៃសិល្បៈសង្គ្រាមគឺបង្ក្រាបសត្រូវដោយមិនបាច់ប្រយុទ្ធគ្នា» បង្ហាញឱ្យឃើញអំពី សារៈសំខាន់នៃគំនិត ។ ខ្ញុំក៏បាននឹកទៅដល់ខ្សែភាពយន្ត Robin Hood ត្រង់កន្លែងកាល សម័យអ្នកច្បាំងជើងចាស់នោះនៅពីក្មេង ឪពុករបស់គាត់ក៏ធ្លាប់បានដឹកនាំប្រជារាស្ត្រ ប្រឆាំងនឹងការសង្កត់សង្កិនរបស់របបពុករលួយដែរ ហើយឪពុកគាត់បានត្រូវគេយកទៅ ប្រហារជីវិតដោយប្រើដាវរាជបល្ល័ង ។ ឪពុកគាត់បានធ្វើចារិកនៅលើថ្មដែលគេលាក់ទុក និងលើដងដាវថា «ចូរអ្នកក្រោកឡើង ក្រោកហើយក្រោកទៀត រហូតដល់សត្វចៀមក្លាយ ទៅជាសត្វសឹង្ហ» ។

ការប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការនៅភ្នំពេញបានឈានមកដល់ឆាកសង្គ្រាមផ្លូវគំនិត ហើយ បើយើងមិនយកគំនិតមកប្រើទេ ថ្ងៃអង្សានឹងនៅចាំនៅខ្លោងទ្វារខាងមុខនេះ ។

អ្នកជំនាញការម្នាក់ក្នុងការតស៊ូប្រឆាំងនឹងរបបសង្កត់សង្កិនយល់ថា មនុស្សដែលប្រគល់ OSC ឱ្យជនផ្តាច់ការណាម្នាក់គឺជាមនុស្ស «ស្ម័គ្រចិត្ត» ពោលគឺគេសុខចិត្តគោរពប្រតិបត្តិ ស្តាប់បង្គាប់ជនផ្តាច់ការ សុខចិត្តដាក់ខ្លួនជាចំណុះនិងចុះចូលជាមួយជនផ្តាច់ការ និង សុខចិត្តធ្វើសហប្រតិបត្តិការជាមួយជនផ្តាច់ការ — ប្រហែលដោយចង់បានរង្វាន់អ្វីម៉្យាង ឬត្រូវការបំពេញ «ផលប្រយោជន៍ផ្ទាល់ខ្លួន» អ្វីមួយដោយអាចគិតឃើញថា បើមិនស្តាប់ បង្គាប់ មិនចុះចូល មិនសហការទេ ក្រែងវាមានផលវិបាកអ្វីម៉្យាងអាចកើតមានឡើង ។

យ៉ាងនេះហើយបានជាយើងឃើញមាន៖ មនុស្ស «គិតទ្វេភាគ» double thinkers ដែលស្អប់        ខ្ពើមរបបផ្តាច់ការតែក្នុងគំនិតតែក្បាលក្រៅឱនលំទោន មនុស្សនៅក្នុងវិស័យ «ព្រងើយកន្តើយនិងឥតរវល់» មនុស្ស «ចាំបាយឆ្អឹន» មនុស្ស «ជិះដោយឥតបង់កម្រៃ» ។ល។ អ្នកទាំងនេះព្យាយាមអត់ឱនមើលរំលងកន្លែងមិនសូវស្អាតល្អរបស់ជនផ្តាច់ការ ហើយខំតែស៊ូទ្រាំទៅ ។

គេឃើញមានអ្នកជំនាញការផ្នែកតស៊ូម្នាក់ទៀតបានសរសេរអំពីសំណេររបស់អ្នកនិពន្ធ បរទេសពីររូបដែលវាអាចមានប្រយោជន៍សំរាប់ខ្មែរយើងទាំងអស់គ្នាយកមកគិតបន្តិច ។ អ្នកនិពន្ធដ៏ល្បីឈ្មោះជាតិរុស្ស៊ី លោក ឡេវ តូលស្តយ Leo Tolstoy ១៨២៣-១៩១០ បានលើកយកបញ្ហាប្រទេសអង់គ្លេសកៀបសង្កត់លើពលរដ្ឋឥណ្ឌាធ្វើជាសំនួរសួរថា ៖ «ចុះវាមានន័យដូចម្តេចដែលថា (ក្រុមហ៊ុនពាណិជ្ជកម្មអង់គ្លេសមួយ ) មានមនុស្សបីពាន់ នាក់ . . . អាចកៀបសង្កត់លើមនុស្សពីររយលាននាក់ . . ? តើតួលេខនេះមិនបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ទេឬថា វាមិនមែនជនជាតិអង់គ្លេស (ប៉ុន្មានពាន់នាក់ ) អាចទៅដាក់ទាសកម្មលើជនជាតិឥណ្ឌា (រយលាននាក់ ) ឯណា គឺជនជាតិឥណ្ឌា (ពីររយលាននាក់ ) ទេតើដែលបានដាក់ខ្លួនធ្វើជាទាសករជនជាតិអង់គ្លេស (ចំនួនបីពាន់នាក់ ) នោះ ?» ។

វាមានស្ថាបនិកទស្សនៈវិជ្ជានៅប្រទេសបារាំងម្នាក់គឺលោក អេចេន ដឺ ឡា បុទ្ទី Etienne de La Boetie ១៥៣០-១៥៦៣ បានពោលតាំងពីសតវត្សរ៍ទី១៦ម្ល៉េះអំពីអំណាចនៃអ្នកសង្កត់ សង្កិន ៖ «បុគ្គលដែលធ្វើបាបអ្នកគឺមានភ្នែកតែពីរប៉ុណ្ណោះ មានដៃតែពីរដែរ ហើយមានដង ខ្លួនតែមួយ បុគ្គលនេះគ្មានអ្វីផ្សេងក្រៅពីមានតែខ្លួនតែម្នាក់ឯងនៅក្នុងនគររបស់អ្នក គឺគ្មាន អ្វីក្រៅពីអត្ថប្រយោជន៍ដែលរូបអ្នក (ជាម្ចាស់នគរ ) បានផ្តល់ទៅឱ្យបុគ្គលនេះដើម្បីឱ្យ គេកំទេចខ្លួនអ្នកចោលតែប៉ុណ្ណោះ » ។

ខ្ញុំសូមបញ្ចប់អត្ថបទនេះដោយជូនជាទស្សនៈមួយសំរាប់ការគិត ៖ ការតស៊ូប្តេជ្ញាទប់ទល់ មិនព្រមចុះញ៉មនឹងការបង្ក្រាបរបស់ជនផ្តាច់ការត្រូវតែផុះចេញពីក្នុងប្រទេស ។ ការតស៊ូ មិនចុះញ៉មនឹងទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ពិភពលោកនឹងកូរសេចក្តី អាណិតអាសូរនិងសមានចិត្ត ហើយនៅទីបំផុតវានឹងទាក់ទាញការគាំទ្រពីពិភពលោក ។ អ្នកតស៊ូម្នាក់នៅក្នុងសតវត្សទី១៩ បានទូន្មានអ្នកតស៊ូរំដោះខ្លួនចេញពីរបបផ្តាច់ការថា ការតស៊ូរំដោះតម្រូវជាចាំបាច់ឱ្យខ្លួនទីពឹងខ្លួន ។

លោក ហ្ចរ៍ច អ័រវែល (George Orwell)
ឈ្មោះដើម Eric Arthur Blair  អ្នករះគន់ជាតិអង់គ្លេស ប្រឆាំងនឹងរបបផ្តាច់ការ ១៩០៣-១៩៥០

«ប្រសិនបើមានមនុស្សចំនួនច្រើនចង់បានសេរីភាពក្នុងការបញ្ចេញយោបល់

គេនឹងមានសេរីភាពក្នុងការបញ្ចេញមតិ ទោះបីជាមានច្បាប់ហាមឃាត់ក៏ដោយ ។

ប្រសិនបើមតិសាធារណៈនៅស្ងាត់ស្ងៀមមិនកម្រើកទេ

ជនភាគតិចដែលគេមិនត្រូវចិត្ត នឹងត្រូវទទួលរងការធ្វីទុក្ខបុកម្នេញ

ទោះបីមានច្បាប់សំរាប់ការពារពួកគេក៏ដោយ»

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com