បំផុសគំនិតប្រយុទ្ធដើម្បីសេរីភាព
«បំផុសគំនិតប្រយុទ្ធដើម្បីសេរីភាព»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
នៅឱកាសបុណ្យណូអែលនិងបុណ្យដាច់ឆ្នាំ២០១៨នេះ ខ្ញុំសូមជូនពរបវរសួស្តីជ័យមង្គលដល់បងប្អូនខ្មែរជិតឆ្ងាយសូមឲ្យបានជួបតែជោគជ័យសេចក្តីសុខនិងសន្តិភាពកុំបីខានឡើយ ។ ជាធម្មតា នៅឱកាសបុណ្យដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី មនុស្សម្នាមានទម្លាប់ប្តេជ្ញាចិត្តប៉ុនប៉ងសម្រេចឲ្យបាននូវគោលបំណងអ្វីមួយដែលគេមិនទាន់បានសម្រេចនៅក្នុងអំឡុងឆ្នាំចាស់ដែលនឹងកន្លងផុតទៅនៅពេលដ៏ខ្លីខាងមុខ ។ គេមាន ៣៦៥ ថ្ងៃទៀតដើម្បីសម្រេចក្តីប្រាថ្នារបស់គេ ។
ចាស់ទំុខ្មែរបានប្រដៅយើងថា “ចេះមកពីរៀន”។ ប្រភពនៃការរៀនមានច្រើនរាប់មិនអស់ ។ គោលដៅនៃការចេះដឹងយល់គឺធ្វើឲ្យខ្លួនយើងចម្រើននិងប្រសើរជាងមុន ។ នៅពេលម្នាក់ៗចម្រើននិងប្រសើរ មនុស្សជាតិhumankindក៏ចម្រើននិងប្រសើរ ។ ព្រះសម្មាសម្ពុទ្ធបានត្រួសត្រាយផ្លូវឲ្យមនុស្សលោកធ្វើដំណើរជាង២៥០០ឆ្នាំមកហើយ ដោយបង្ហាញអំពីការយកគំនិតចំណេះដឹងយល់របស់យើងទៅកសាងពិភពសម្រាប់យើងរស់នៅ គឺពិភពចម្រើននិងប្រសើរនេះឯង ។
សេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្សនៅឆ្នាំ១៩៤៨ បានព្រមានថា៖ “ប្រសិនបើមនុស្សមិនត្រូវបានគេបង្ខំឱ្យប្រើជាមធ្យោបាយចុងក្រោយដើម្បីបះបោរប្រឆាំងនឹងការជិះជាន់និងការគាបសង្កត់ទេ. . . វាជាការចាំបាច់ណាស់. . .ដែលសិទ្ធិមនុស្សត្រូវមានការការពារដោយនីតិរដ្ឋ”។
មេដឹកនាំវិញ្ញាណនិងសាសនាទីបេត៍ សម្តេចសង្ឃដាឡៃឡាម៉ាទី១៤ បានថ្លែងថា “សន្តិភាពអាចរស់បានតែនៅទីកន្លែងណាដែលសិទ្ធិមនុស្សត្រូវបានគោរព ដែលពលរដ្ឋទទួលបានចំណីអាហារបរិភោគគ្រប់គ្រាន់ ហើយពលរដ្ឋនិងប្រជាជាតិមានសេរីភាព”។ សម្តេចបានបន្តទៀតថា “វាជាសិទិ្ធនៃមនុស្សគ្រប់រូបក្នុងការចង់បានសេរីភាព សមភាព និងសេចក្តីថ្លៃថ្នូរ ។ ហើយមនុស្សគ្រប់រូបត្រូវមានសិទិ្ធស្មើគ្នាក្នុងការសម្រេចគោលបំណងនេះដែរ”។
គំនិតសិទ្ធិស្មើគ្នារបស់មនុស្សស្វែងរកសេរីភាព សមភាព និងសេចក្តីថ្លៃថ្នូរនេះហើយដែលទាក់ទាញខ្ញុំឲ្យសិក្សាអំពីឧត្តមគតិសាធារណរដ្ឋនិយមនៅពេលដែលខ្ញុំចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៣ ។ ឧត្តមគតិសាធារណរដ្ឋនិយមមានចំណុចធំៗបីគឺ ៖ សិទ្ធិស្មើគ្នា equal rightsឱកាសស្មើគ្នា equal opportunityជួយគាំពារស្មើគ្នា equal treatment។
ខ្ញុំកោតស្ញប់ស្ញែងស្នាដៃរបស់លោក ថូម៉ាស ហ្ចេហ្វឺសុន Thomas Jefferson អតីតប្រធានាធិបតីអាមេរិកាំងទី៣ ពីឆ្នាំ១៨០១ដល់ឆ្នាំ១៨០៩ និងជាអ្នកព្រៀង “សេចក្តីប្រកាសឯករាជ្យ” នៃអាណានិគមអាមេរិកាំងចំនួន១៣នៅខែកក្កដាឆ្នាំ១៧៧៦តែងតាំងខ្លួនជារដ្ឋអធិបតេយ្យឯករាជ្យលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសនិងប្រកាសសង្គ្រាមជាមួយចក្រភពអង់គ្លេសដើម្បីឯករាជ្យ ។
នៅក្នុងសេចក្តីប្រកាសឯករាជ្យនោះ លោក ហ្ចេហ្វឺសុន និងបិតាស្ថាបនិកសហរដ្ឋអាមេរិកដទៃទៀត បានចែងអំពី “សច្ចភាពដែលមិនអាចប្រកែកបាន” self-evident truths ថា “មនុស្សទាំងអស់ត្រូវបានកើតមកមានធម្មភាពស្មើគ្នា . . . និងមានសិទ្ធិមួយចំនួនដែលមិនអាចបំពានបាន” — “all men are created equal . . . with certain unalienable rights” — ដូចជា “ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” “Life, Liberty and the pursuit of Happiness” ។ សេចក្តីប្រកាសឯករាជ្យបានចែងទៀតថា ដើម្បីទទួលបានសិទ្ធិទាំងនោះ ប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលមួយដែលទទួលអំណាចគ្រប់គ្រងពីការយល់ព្រមរបស់ប្រជាពលរដ្ឋ ។ ស្ថាបនិកសហរដ្ឋអាមេរិកបានប្រមើលមើល “ពិភពសេរីភាព” មួយដែលពួកគេប៉ងបង្កើតនិងពង្រឹងឧត្តមគតិសាធារណរដ្ឋនិយមប្រឆាំងនឹងចក្រពត្តិនិយមអង់គ្លេស ។ ចំពោះខ្លួនខ្ញុំដែលត្រូវបានសកលវិទ្យាល័យបើកទ្វារគំនិតដ៏ទូលំទូលាយឲ្យខ្ញុំ ខ្ញុំមិនអាទទួលយកអ្វីតិចជាងនេះទេ ។ ហើយខ្ញុំបាននឹកគិតថាជនរួមជាតិខ្មែរក៏មិនត្រូវសុខចិត្តឲ្យនរណាបដិសេធនូវ “សច្ចភាពដែលមិនអាចប្រកែកបាន” ទាំងនោះដល់ខ្មែរខ្លួនឯងដែរ ។កម្លាំងនៃបុគ្គលម្នាក់
លោក រ៉ប៊ឺត អេហ្វ កេណ្ណឺឌី Robert F. Kennedy(សូមអានអត្ថបទ “ទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ភាគទី២”ចុះថ្ងៃទី២៦វិច្ឆិកា នៅក្នុងគេហទំព័រ “គំនិតខ្មែរ”)បានរំលឹកអំពីប្រវត្តិសាស្រ្តនៃមនុស្សតែម្នាក់គត់ចាប់ផ្តើមបង្កើតចលនាផ្នែកគំនិតនិងសកម្មភាពដែលរាលដាលពាសពេញពិភពលោក។ កំណាព្យខ្លីមួយរបស់អ្នកនយោបាយអាមេរិកាំងមកពីរដ្ឋ ម៉ាស់សាឈូសេតស៍ Massachusettsនិងជាអតីតអធិបតីសកលវិទ្យាល័យ ហារ៍វ៉ឺត Harvardលោក Edward Everett(សូមអានអត្ថបទ “អំពីអ្នកអាននិងខ្ញុំ”ចុះថ្ងៃទី២៦តុលា)បានបណ្តុះគំនិតនិងទឹកចិត្តមនុស្សថា ទោះបីមនុស្សម្នាក់ៗមិនអាចធ្វើអ្វីបានគ្រប់បែបយ៉ាងក្តីក៏គង់គេអាចធ្វើអ្វីមួយបានដែរ ដូច្នេះគេមិនត្រូវបដិសេធធ្វើអ្វីមួយដែលគេអាចធ្វើបានឡើយ ។ ខ្ញុំដកស្រង់ជារឿយៗនូវពាក្យពេចន៍របស់លោកTheodore Rooseveltអតីតប្រធានាធិបតីអាមេរិកាំងទី ២៦ ពីឆ្នាំ១៩០១ដល់ឆ្នាំ១៩០៩ ថា “ធនធានទាំងអស់”ដែលមនុស្សត្រូវការ វាមាននៅក្នុងខួរក្បាលរួចស្រេចទៅហើយ ដូច្នេះសុំឲ្យមនុស្ស “ធ្វើអ្វីដែលអាចធ្វើបាន ប្រើអ្វីដែលមាន នៅគ្រប់ទីកន្លែង”។ គោលគំនិតទាំងឡាយនេះបានវេញត្របាញ់ក្នុងការប្រៀនប្រដៅរបស់ព្រះពុទ្ធរាប់ពាន់ឆ្នាំមកហើយ ។
ខ្ញុំខំស្វែងរកវិធីនានាដើម្បីបំផុសបំផុលអ្នកអានអត្ថបទនិងអ្នកស្តាប់“វិទ្យុខ្មែរពិភពលោក”
ដែលផ្សាយអត្ថបទនានារបស់ខ្ញុំឲ្យធ្វើសកម្មភាពឡើង ។ ខ្ញុំជាអ្នកនិពន្ធ ។ ខ្ញុំសរសេរព្រោះខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំបានដឹងនិងបានពិសោធ ដើម្បីលើកទឹកចិត្តនិងបំផុសបំផុលគំនិត ។ ប៉ុន្តែនៅទីបញ្ចប់ អ្វីដែលសំខាន់បំផុតបន្ទាប់ពីបាននិយាយនិងសរសេរគ្រប់សព្វហើយគឺពាក្យសំដីរបស់លោក អុិនឌ្រូវ៍ ការ៍ណេហ្គី Andrew Carnegie(កើតនៅឆ្នាំ១៨៣៥នៅប្រទេសស្កត់ឡែន Scottlandស្លាប់នៅឆ្នាំ១៩១៩នៅសហរដ្ឋអាមេរិក)ដែលទូន្មានថា៖ “អ្នកមិនអាចរុញច្រាននរណាម្នាក់ឲ្យឡើងជណ្តើរបានទេលុះត្រាតែគេមានឆន្ទៈឡើងជណ្តើរខ្លួនឯង”។(កុមារ អុិនឌ្រូវ៍ជាក្មេងអន្តោប្រវេសន៍អាយុ១៣ឆ្នាំមករស់នៅអាមេរិកជាមួយឪពុកម្តាយនៅឆ្នាំ១៨៨៩ធ្វើការជាក្មេងផ្លាស់ប្តូរខ្សែពូតនៅរោងចក្រផលិតកប្បាសនៅរដ្ឋប៉ែនស៊ិលវេន្យិា ១២ម៉ោងក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្តាហ៍ទទួលប្រាក់ឈ្នួលមួយដុល្លារ២០សេនក្នុងមួយអាទិត្យ បានក្លាយទៅជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មដែកថែបមានធនធានរាប់រយលានដុល្លារ)។
ខ្ញុំមានចំណាប់អារម្មណ៍ច្រើនទៅលើខ្សែភាពយន្តផ្សេងៗដែលខ្ញុំបានមើលដែលបានបំផុលគំនិតខ្ញុំឲ្យកម្រើកចិត្តកាន់តែខ្លាំងឡើងក្នុងការប្រឹងប្រែងតស៊ូដើម្បីសេរីភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ ខ្ញុំបានសរសេរជាញឹកញាប់មកហើយថា ការវាយបំបែកអំណាចផ្តាច់ការជាការមួយដែលអាចធ្វើទៅបាន ។ ការព្យាយាមតស៊ូ
ខ្ញុំបានសរសេរអត្ថបទជាបន្តបន្ទាប់គ្នាចែករំលែកនូវរឿងនិងគំនិតផ្សេងៗដែលខ្ញុំបានឃើញក្នុងខ្សែភាពយន្តដែលបំផុសបំផុលគំនិតដោយសង្ឃឹមថាវាអាចបំផុសគំនិតអ្នកអាននិងអ្នកស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំឲ្យតាំងចិត្តធ្វើការតស៊ូឆ្ពោះទៅរកគោលដៅដែលឧត្តមប្រសើរ ។
ខ្សែភាពយន្តចាស់មួយមានឈ្មោះថា “អ្នកជិះត្រីបាឡែន” (Whale Rider) ដែលត្រូវបានទទួលពានរង្វាន់ឆ្នាំ២០០២ ស្តីអំពីការព្យាយាមតស៊ូរបស់ក្មេងស្រីម្នាក់ សញ្ជាតិម៉ៅរី Maori អាយុ១២ឆ្នាំ ។ នាងប្តេជ្ញាចិត្តបុកទម្លាយប្រពៃណីរបស់ប្រជាជាតិ វ៉ាន់ហ្គារ៉ា Whangara ដែលចែងថាមានតែមនុស្សប្រុសទេដែលអាចធ្វើជាមេដឹកនាំបាន ។ នៅពេលអ្នកស្រុកអ្នកភូមិ៍នៅតំបន់មួយស្វែងរកមេដឹកនាំភេទប្រុសម្នាក់មិនបាន មានក្មេងស្រីម្នាក់ជឿថានាងអាចធ្វើជាមេដឹកនាំបាន ទោះបីប្រពៃណីហាមស្ត្រីមិនឲ្យធ្វើជាមេដឹកនាំហើយជីតារបស់នាងក៏សម្រេចរើសប្រុសម្នាក់ធ្វើជាមេដឹកនាំរួចហើយដែរ ។ នេះជារឿងនៃភាពរឹងចចេសនៃជីតារបស់នាង សេចក្តីស្នេហារបស់ចៅស្រីចំពោះជីតា និងការប្តេជ្ញាចិត្តរបស់ចៅស្រីបង្ហាញឲ្យអ្នកស្រុកអ្នកភូមិ៍មើលឃើញអំពីសមត្ថភាពជាធម្មជាតិរបស់នាងក្នុងការដឹកនាំ ។ ភាពយន្តនេះបង្ហាញនូវបញ្ហារាប់រយជំពូកដែលប្រឈមនឹងជីវិតនិងអំពីការកែប្រែផ្លាស់ប្តូរ ហើយនិងអំពីជំនឿនិងអព្ភូតហេតុ ។ ខ្សែភាពយន្តបង្ហាញថាការកែប្រែផ្លាស់ប្តូរអាចធ្វើទៅបាន ក្មេងស្រីនេះក៏ត្រូវបានអ្នកស្រុកអ្នកភូមិ៍និងជីតារបស់នាងលើកស្ទួយឲ្យធ្វើជាមេដឹកនាំ ។
ខ្ញុំបានសរសេរអត្ថបទអំពីភាពយន្តគំនូរកំប្លែង “Chicken Run” ដែលទទួលបានពានរង្វាន់អង់គ្លេស ។ នៅកសិដ្ឋានចិញ្ចឹមមាន់មួយដែលបង្ហាញភាពដូចជាជំរំអ្នកទោសក្នុងសង្គ្រាមលោកលើកទី២ ដែលមានលួសបន្លាព័ទ្ធជុំវិញនិងល្បាតដោយលោក Tweedy និងឆ្កែដ៏សាហាវរបស់គាត់ មហាមាន់ផងទាំងឡាយស្រមៃដល់សុភមង្គលក្នុងជីវភាពនៅខាងក្រៅទ្រុងមាន់ ។ ខ្ញុំបានមើលភាពយន្តនោះជាមួយកុមារតូចៗនិងចៅរបស់ខ្ញុំ ខ្ញុំសែនចាប់អារម្មណ៍នឹងក្មេងៗដែលមានការរំភើបចិត្តនៅពេលបានឃើញមេមាន់ញីមួយដែលទោះបីត្រូវបានគេចាប់បញ្ចូលគុកងងឹតតែម្នាក់ឯងម្តងហើយម្តងទៀតក៏នៅតែមិនព្រមឈប់ស្វែងរកវិធីគេចពីកសិដ្ឋានដើម្បីសេរីភាព ។ ខ្ញុំភ្លេចខ្លួនទះដៃអបអរសាទរជាមួយកុមារតូចៗនៅពេលពួកគេមើលមហាមាន់ប្រកាសថា ៖ “យើងទាំងអស់គ្នាអាចនឹងស្លាប់ជាមាន់សេរីឬស្លាប់ដោយក្តីប្រឹងប្រែង” ។ មហាមាន់ទាំងពួងសាមគ្គីគ្នា សាកល្បងផ្លូវរត់មួយហើយមួយទៀតរហូតទីបញ្ចប់បានរបូតចេញពីកសិដ្ឋានចិញ្ចឹមមាន់ទៅរស់នៅក្រៅជំរំបន្តពូជយ៉ាងសុខសាន្ត ។
គំនិតផុសផុល
ខ្សែភាពយន្ត “អុីនវិកទូស” Invictus ចេញបញ្ចាំងនៅឆ្នាំ២០០៩ របស់លោក ឃ្លិីន អុីសត៍វ៉ុឌ Clint Eastwood ដែលមានលោក Morgan Freeman ដើរតួជាប្រធានាធិបតីស្បែកខ្មៅ លោកណែលសុន ម៉ាន់ឌែលឡា Nelson Mandela នៃប្រទេសអាហ្វ្រីកខាងត្បូង និងលោក Matt Damon ដើរតួជាកាពីតែននៃក្រុមកីឡាបាល់ឱបស្បែកស ស្ព្រីងប្រ៊ុកស៍ Springbrooks ជាខ្សែភាពយន្តដែលបំផុសគំនិតក្រៃលែង ។ លោកម៉ាន់ឌែលឡា ដែលជាសកម្មជនប្រឆាំងនឹងរបបប្រកាន់ពូជសាសន៍ “អាផាថែត” apartheid របស់រដ្ឋាភិបាលជនស្បែកសនៃប្រទេសអាហ្វ្រីកខាងត្បូងត្រូវបានអាជ្ញាធរចាប់នៅឆ្នាំ១៩៦២កាត់ទោសដាក់គុកមួយជីវិតនិងធ្វើពលកម្មធ្ងន់ធ្ងរចំនួន២៧ឆ្នាំ ។ លោកធ្លាប់បានថ្កោលទោសក្រុមកីឡាបាល់ឱបស្បែកស ស្ព្រីងប៊្រុកស៍ ។ លោកបាននិយាយថា មានកាព្យនិទានមួយក្រោមចំណងជើងថា “អុីនវិកទូស” Invictus ជាភាសាឡាតាំង ឬ “unconquered” ដែលខ្ញុំសូមបកប្រែថា “ដែលមិនអាចផ្ចាញ់បាន” ជាកាព្យនិទានមួយបំផុសលោក “ឲ្យឈរនៅនឹងនៅខណៈដែលខ្ញុំចង់តែផ្តួលខ្លួនសម្រាក” ។ កំណាព្យ Invictus ឬ “ដែលមិនអាចផ្ចាញ់បាន” បំផុសលោកឲ្យថ្លែងថា “ខ្ញុំជាអ្នកម្ចាស់សម្រេចជោគវាសនារបស់ខ្ញុំ . . . ខ្ញុំជាអ្នកបញ្ជានាវាជីវិតរបស់ខ្ញុំ” “I am the master of my fate . . . I am the captain of my soul.” សម្ពាធក្នុងប្រទេសនិងក្រៅប្រទេសបានបណ្ដាលឱ្យលោកម៉ាន់ឌែលឡាត្រូវបានដោះលែងពីពន្ធនាគារនៅអាយុ៧២ឆ្នាំ ។ បួនឆ្នាំក្រោយមកលោកម៉ាន់ឌែលឡាបានក្លាយជាប្រធានាធិបតីស្បែកខ្មៅទីមួយនៃប្រទេសអាហ្វ្រីកខាងត្បូង ។ បន្ទាប់មកលោកចង់ឲ្យក្រុមកីឡាបាល់ឱបស្បែកសស្ព្រីងប៊្រុកស៍ឈ្នះពានរង្វាន់សកលលោកទី៣ ក្នុងឆ្នាំ១៩៩៥ ដើម្បីជាព្រឹត្តិការណ៍បង្រួបបង្រួមមួយសម្រាប់ប្រទេសរបស់លោក ។ យ៉ាងដូច្នេះមេដឹកនាំស្បែកខ្មៅរូបនេះ និងមេកាពីតែនក្រុមកីឡាបាល់ឱបស្ព្រីងប៊្រុកស៍ បានរួមកម្លាំងគ្នាបង្រួបបង្រួមមនុស្សដែលប្រកាន់ពូជសាសន៍ឲ្យគាំទ្រក្រុមកីឡាបាល់ឱបស្បែកសស្ព្រីងប៊្រុកស៍ថាជាក្រុមកីឡាបាល់ឱបជាតិ ។ នៅឆ្នាំ២០១០ ប្រធានបទ “ងើប ងើបហើយងើបទៀតរហូតដល់សត្វចៀមក្លាយជាសត្វសិង្ហ” បានលើកទឹកចិត្តមនុស្សកុំឲ្យបញ្ឈប់សកម្មភាពតស៊ូដើម្បីសេរីភាព តាមរយៈខ្សែភាពយន្ត “រ៉ូបិន ហ៊ុឌ” Robin Hood ដែលមានលោក រឹុស្សែល ក្រូវ៍ Russell Crowe ដើរតួជាសកម្មជនអ្នកតស៊ូក្នុងសតវត្សទី១៣នៅប្រទេសអង់គ្លេស ប្រយុទ្ធប្រឆាំងនឹងអាជ្ញាធររាជវាំង បានក្លាយជានិមិត្តរូបនៃសេរីភាពពលរដ្ឋតូចតាច ។ ជាការពិតណាស់ថា អ្វីដែលបំផុសបំផុលខ្ញុំឲ្យធ្វើការតស៊ូ អាចមិនមែនជាកត្តាបំផុសបំផុលសម្រាប់អ្នកដទៃ ។ ក៍ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានឆន្ទៈចែករំលែកជានិច្ច ។ សួរស្តីបុណ្យណូអែល សួរស្តីឆ្នាំថ្មី ២០១៩ !!!
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com