បុគ្គល គំនិត សកម្មភាព លទ្ធផល
បុគ្គល គំនិត សកម្មភាព លទ្ធផល
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨
www.kumnitkhmer.com

លោក អ៊ុម ស៊ីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរ១៩៧៣
| លោក ហ្ចន អេហ្វ កេណ្ណឺឌី John F. Kennedy អតីតប្រធានាធិបតីអាមេរិកាំងទី៣៥ (កើតឆ្នាំ១៩១៧-ស្លាប់ឆ្នាំ១៩៦៣) “ប្រជាជាតិមួយអាចលេចឡើងឬលិចចុះ |
ខ្ញុំតាក់តែងអត្ថបទនេះឡើងក្នុងគោលបំណងបំផុសបណ្តាលចិត្តអ្នកអានឲ្យរៀនធ្វើការ “តភ្ជាប់ ” ចំណុចផ្សេងៗដែលកើតមាននៅក្នុងលោកនិងធ្វើការសញ្ជឹងគិតអំពីបុគ្គល គំនិត និងសកម្មភាពរបស់គេ ហើយនិងលទ្ធផលដែលបានកើតមានឡើង ។ ខ្ញុំចង់ផ្តល់សារៈសំខាន់នៃអត្ថបទនេះបំផុសលោកអ្នកអានឲ្យបង្កើតការស្រមើស្រមៃច្នៃប្រឌិតថា តើនៅ ក្នុងការប្រយុទ្ធរវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្តាច់ការនៅក្នុងប្រទេសកម្ពុជាយើងនា ពេលបច្ចុប្បន្ននេះ យើងជាខ្មែរគប្បីគួរឬត្រូវធ្វើអ្វីខ្លះ ?។
ខ្ញុំផ្អែកអត្ថបទនេះទៅលើការប្រៀនប្រដៅរបស់ព្រះពុទ្ធជាង២៥០០ឆ្នាំមកហើយ ដែលខ្ញុំ បានយកមកតាក់តែងជារូបមន្តសម្រាប់ប្រតិបត្តិមួយមានឈ្មោះថា “គិត-ធ្វើ-ក្លាយជា ” ឬជាភាសា អង់គ្លេសថា “Think-Act-Become” ពោលគឺ ពិភពដែលយើងកំពុងរស់នៅសព្វថ្ងៃ នេះជាពិភពដែលយើងបានបង្កើតសមស្របទៅតាមការគិតរបស់យើង ដូច្នេះគឺខ្លួនយើង នេះឯងដែលអាចប្រើ “គំនិត” ស្របទៅតាមការប្រឌិតញាណរបស់យើងធ្វើសកម្មភាពកែ
ប្រែពិភពនេះឲ្យក្លាយទៅជាពិភពមួយដែលយើងចង់បាន ។ លោក មហាត្មះ គន្ធី កើតនៅ ឆ្នាំ១៨៦៩និងស្លាប់នៅ ឆ្នាំ១៩៤៨ ដែលជាមេដឹកនាំវិញ្ញាណនិងនយោបាយឥណ្ឌាបាន
រំលឹកឡើងហើយមនុស្សនៅក្នុងលោកបានបន្ទរបន្តគ្នារហូតដល់សព្វថ្ងៃថា “គឺរូបអ្នកនេះ ហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃើញឲ្យមាននៅក្នុងពិភព
លោក ” ។ គួររំលឹកដែរថា ព្រះពុទ្ធបានបង្រៀនមនុស្សលោកថា គ្មានអ្វីនៅជាអចិន្ត្រៃយ ឡើយនៅក្នុងលោកយើងនេះ ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុម ស៊ីម អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរ
ប្រចាំសហរដ្ឋអាមេរិកនៅទសវត្សរ៍ឆ្នាំ១៩៧០ ដែលខ្ញុំបានស្គាល់ចំនួន ៤៨ឆ្នាំមកហើយ បានទទួលមរណភាពនៅរដ្ឋហ្វ្ល័ររីដា សហរដ្ឋអាមេរិក ដោយបន្សល់ទុកនៅភរិយា កូនប្រុស ស្រី ចៅ ប្អូនប្រុសស្រីនិងក្មួយៗជាច្រើននាក់ ។ នៅថ្ងៃសៅរ៍ទី២៦ ខែឧសភា ដែលជាថ្ងៃ បូជាសពលោក ខ្ញុំត្រូវបានគ្រួសារសពផ្តល់កិត្តិយសឲ្យធ្វើថោមវាទជូនដំណើរវិញ្ញាណក្ខន្ធ
លោក អ៊ុម ស៊ីម នៅទីក្រុងអ័រឡាន់ដូ រដ្ឋហ្វ្ល័ររីដា ។ ក្នុងសភាពទាំងអួលដើមក ខ្ញុំបានថ្លែង ក្នុងថោមវាទនោះថា ទោះបីខ្ញុំធ្លាប់បានជួបប្រទះការបាត់បង់យ៉ាងតក់ស្លុតនិងយ៉ាងរំភើប ពីមុនៗក្តីក៏ទុក្ខសោកខ្ញុំនៅថ្ងៃបូជាសពលោក អ៊ុម ស៊ីម ដែលជាមិត្តប្រចាំទសវត្សរ៍របស់ខ្ញុំ មានទំហំធំធេងហួសពីខ្ញុំអាចថ្លែងបាន ។ ខ្ញុំឆ្លៀតចោលកន្ទុយភ្នែកទៅកាន់សពដែលសំរាន្ត យ៉ាងសែនសុខនៅលើកម្រាលសនៅស្តាំដៃខ្ញុំ ដោយមាត់ខ្ញុំចេះតែថ្លែងទៅ ប៉ុន្តែអារម្មណ៍ ខ្ញុំហោះហើររវើរវាយទៅដល់អនុស្សាវរីយ៍ឯណេះបន្តិចឯណោះបន្តិចដែលបានចងជា ចំណងមិត្តភាពរវាងលោកនិងខ្ញុំបានរហូតជិតមួយសតវត្សរ៍កន្លងមកនេះ។
សារៈសំខាន់នៃអត្ថបទនៅថ្ងៃនេះគឺអំពីគំនិតរបស់បុគ្គលពីររូបដែលមិនដែលបានស្គាល់គ្នាពីមុនមកសោះ តែលុះបានជួបគ្នាហើយ គំនិតយើងក៏បានវេញត្របាញ់ចូលគ្នាបានជា មិត្តភាពមួយដែលក្លាយទៅជាឋាមពលជម្រុញយើងឲ្យធ្វើសកម្មភាពរួមគ្នានិងដោយ ឡែកពីរគ្នារហូតអវសានជីវិត ។
លោក អ៊ុម ស៊ីម និងខ្ញុំបានជួបគ្នាជាលើកទីមួយនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ នៅពេល លោកនៅជាសមាជិកគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលខ្មែរ រីឯខ្ញុំជានិស្សិតថ្នាក់បណ្ឌិតផ្នែក វិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យម៉ីហ្ស៊ីហ្គិនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីព្រឹត្តិការណ៍នៅប្រទេសកម្ពុជាបន្ទាប់ពីការទម្លាក់សម្តេច ស៊ីហនុ ចេញពីមុខតំណែងជាប្រមុខរដ្ឋ ។ នៅក្នុងអំឡុងពេលនោះ កងកម្លាំងសត្រូវបាន វាយចេញពីជាយដែនប្រទេសយៀកណាមចូលដល់ខ្សែក្រវ៉ាត់ការពាររដ្ឋធានីភ្នំពេញ
ទៅហើយ ។ នៅរាល់ពេលយប់ ខ្ញុំផ្តោតអារម្មណ៍ទៅលើដីញ័ររំជួយនិងសម្លេងគ្រាប់បែក ធុនធ្ងន់ដែលត្រូវបានទម្លាក់ពីយន្តហោះធ្លាក់ផ្ទុះឮដូចផ្គរលាន់គ្រឹមៗពីចម្ងាយ ។
នៅរសៀលថ្ងៃមួយ លោកបានទូរស័ព្ទទៅរកខ្ញុំនៅផ្ទះឪពុកម្តាយខ្ញុំនៅហាងត្រីងៀតភូមិ ឬស្សីកែវ ។ ឪពុកខ្ញុំបានប្រាប់ខ្ញុំថាមានលោក អ៊ុម ស៊ីម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ចង់ជួបនិយាយជាមួយខ្ញុំតាមទូរស័ព្ទ ។ យើងនិយាយគ្នាបាន ៤-១០ម៉ាត់ លោកក៏ប្រាប់ខ្ញុំថា លោកនឹងបញ្ជូនរថយន្តមួយភ្លាមទៅដឹកខ្ញុំទៅជួបលោកនៅឯក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ។
ខ្ញុំនៅចាំបានថា នៅក្នុងការសំណេះសំណាលគ្នាប្រមាណជា១០នាទីប៉ុណ្ណោះ លោក អ៊ុម ស៊ីមនិងខ្ញុំហាក់ដូចជាបានមើលឃើញចំណុចរួមរបស់យើងដែលជាផលិតផលនៃការក្រេបជញ្ជក់លទ្ធិប្រជាធិបតេយ្យសារធាតុ ។ អ្វីដែលអស្ចារ្យគឺថា លោកបានចូលរួមបន្ទរនៅពេល ខ្ញុំសូត្រពាក្យមួយឃ្លារបស់លោកអតីតប្រធានាធិបតីអាមេរិកាំងទី៣៥ ដែលបានត្រូវគេធ្វើ ឃាដនៅខែវិច្ឆិកាឆ្នាំ១៩៦៣ ដូចខ្ញុំបានសរសេរជូនក្នុងប្រអប់ខាងលើនេះស្រាប់ ។ មួយរំពេចនោះ យើងបានបញ្ចេញគំនិតរួមថា ជាការចាំបាច់យើងត្រូវបណ្តុះបណ្តាល សតិអារម្មណ៍ខ្មែរឲ្យចេះចង់ដឹងចង់យល់អំពីអ្វីដែលជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយឲ្យបង្កើតសេចក្តីស្រឡាញ់ គោរព ការពារ បំរើលទ្ធិប្រជាធិបតេយ្យសារធាតុ បំរើឧត្តមគតិនិង គោលការណ៍ ពីព្រោះមនុស្សអាចស្លាប់តែគំនិតអាចរស់នៅរហូត ។ ដោយហេតុតែខ្ញុំមិនដែលស្គាល់លោក អ៊ុម ស៊ីម ខ្ញុំចេះតែស្រម៉ៃក្នុងចិត្តថា ប្រហែលជាយើង មានឧត្តមគតិបុគ្គលជ្រុលពេកទេដឹង ហើយប្រហែលជាយើងភ្លេចថា អ្វីដែលយើងស្រមើ ស្រមៃនោះវាគឺជា “ស្ពាននៅឆ្ងាយពេក ” – a bridge too far ។ តែខ្ញុំភ្ញាក់ខ្លួនដែរដោយឃើញ លោក អ៊ុម ស៊ីម គ្មានចិត្តរេរាសោះ លោកទូរស័ព្ទភ្លាមនៅចំពោះមុខខ្ញុំទៅសេនាធិការដ្ឋាន កងទ័ពជាតិដោយសុំគេឲ្យសម្របសម្រួលជួយឲ្យខ្ញុំបាន “ទៅមើល ” សមរភូមិ “តាំងគោក ” ដែលល្បីថាកាចសាហាវក្នុង ចំណោមចំណុចក្តៅផ្សេងៗទៀត មាន “ស្អាង” “ ប៉ាំងក្រសាំង ” ជាដើម ។ ក្រោយមកទៀត លោកបានរៀបចំកម្មវិធីណែនាំខ្ញុំឲ្យបានជួបនឹងខ្មែរជាច្រើន ដែលមានជំនឿមាំទាំទៅលើលទ្ធិប្រជាធិបតេយ្យ ។ ខ្ញុំសូមស្លេះត្រង់នេះបន្តិច ដោយសូម ជំរាបត្រួសៗអំពីជីវប្រវត្តិលោក អ៊ុម ស៊ីម ដែលខ្ញុំមិនដែលបានដឹងនៅពេលយើងជួបគ្នា នៅឆ្នាំ១៩៧០នោះ ។
លោក អ៊ុម ស៊ីម ជាអ្នកស្រុកភូមិជីហែ ខេត្តកំពង់ចាម ។ លោកជាមនុស្សគំនិតផងនិងជា សកម្មជនផង ។ លោកធ្លាប់បានណែនាំនិស្សិតទាំងឡាយនៅអនុវិទ្យាល័យកំពង់ចាម ធ្វើបាតុកម្មប្រឆាំងនឹងអាណានិគមនិយមបារាំងទាមទារឯករាជ្យជូនប្រទេសខ្មែរ ។ និស្សិត អ៊ុម ស៊ីម បានទៅបន្តការសិក្សានិងរៀនចប់ថ្នាក់ទីបញ្ចប់ classe terminale នៅវិទ្យាល័យ ស៊ីសុវត្តិនៅឆ្នាំ១៩៥២ តែលោកមិនមានឱកាសប្រឡង “បាក់ឌុប ” ទេ ពីព្រោះលោករវល់ ណែនាំនិស្សិតធ្វើបាតុកម្មដ៏ធំធេងមិនដែលធ្លាប់មានពីមុនមកប្រឆាំងនឹងអាណានិគមបារាំង ហើយនិងលោករវល់រត់គេចខ្លួនពីអាជ្ញាធរសន្តិសុខបារាំងអាណានិគមដែលស្វែងរកចាប់ ខ្លួនលោក ។ គឺនៅក្នុងកាលៈទេសៈនោះហើយដែលនិស្សិត អ៊ុម ស៊ីម និងនិស្សិតវិទ្យាល័យ មួយចំនួនបានរត់គេចខ្លួនទៅចូលរួមតស៊ូទាមទារឯករាជ្យដោយអាវុធជាមួយក្រុមខ្មែរ ឥស្សរៈឈ្មោះ “ប្រជាចលនាឥស្សរៈរួមខ្មែរបម្រើជាតិ ” ដឹកនាំដោយលោក ស៊ឺង ង៉ុក ថាញ់ ។ លោក អ៊ុម ស៊ីម បានទទួលការហ្វឹកហ្វឺនផ្នែកយោធា ផ្នែកគ្រប់គ្រងនិងផ្នែកនយោបាយនៅ លើភ្នំដងរ៉ែកហើយលោកបានទទួលការតែងតាំងជាមេដឹកនាំនៅក្នុងចលនាតស៊ូ ។
នៅក្រោយកិច្ចព្រមព្រៀងសន្និសិទ្ធទីក្រុងហ្សឺណែវស្តីពីឥណ្ឌូចិនឆ្នាំ១៩៥៤ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានអនុញ្ញាតក្រុម “ប្រជាចលនាឥស្សរៈរួមខ្មែរបម្រើជាតិ ” ឲ្យចូល រួមរស់ក្នុងសង្គមជាតិវិញ លើកលែងតែលោក ស៊ឺង ង៉ុក ថាញ់ម្នាក់ចេញ ។ លោក ស៊ឺង ង៉ុក ថាញ់ បានផ្តាំផ្ញើសុំឲ្យសមាជិកប្រជាចលនាឥស្សរៈរួមខ្មែរបម្រីជាតិចូលរួមជាមួយ គណបក្សប្រជាធិបតេយ្យ ។ យ៉ាងនេះហើយទើបសមាជិកចលនាឥស្សរៈរួមខ្មែរក៏មមាញឹក
រៀបចំរចនាសម្ព័ន្ធថ្មីនៃគណបក្សរហូតដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៥៥ ។ ថ្វីមាត់របស់លោក អ៊ុម ស៊ីមនៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជួយគណបក្សនាគ្រានោះបានធ្វើឲ្យនគរបាលរបស់សម្តេច សីហនុ ចាប់
លោក អ៊ុម ស៊ីម ទៅដាក់គុកអស់ច្រើនខែ ។
នៅពេលចេញពីគុកវិញ លោក អ៊ុម ស៊ីម ក៏បានចូលរៀនបន្តឡើងវិញផងនិងធ្វើការ
ចិញ្ចឹមជីវិតផងរហូតចូលប្រឡង “បាក់ឌុប ” ម្តងនេះបានពិន្ទុលេខ១ខាងថ្នាក់ជាតិនិង និទ្ទេស “Mention Bien” ខាងភាសាបារាំងនៅឆ្នាំ ១៩៥៦ ។ បន្ទាប់មកទៀត និស្សិត អ៊ុម ស៊ីម បានប្រឡងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ហើយលោកជាខ្មែរតែម្នាក់ គត់និងជាលើកដំបូងបំផុតដែលបានទទួលអាហារូបករណ៍ “ហ្វុលប្រែក ” Fulbright ពី សហរដ្ឋអាមេរិកនិងបានទៅរៀនវិជ្ជាជាន់ខ្ពស់ផ្នែកវិស្វករអគ្គិសនីនៅសកលវិទ្យាល័យ អ៊ីល្លីណយ Illinois ចំនួន៦ឆ្នាំ ។ លោកបានវិលត្រឡប់ទៅប្រទេសជាតិវិញនៅឆ្នាំ១៩៦២ ហើយបានចូលធ្វើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ លោកបានកាន់ការងារ
រដ្ឋជាច្រើនតំណែងរហូតដល់ឆ្នាំ១៩៧០លោកបានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងគមនាគមន៍ ។ ខ្ញុំបានជួបលោកក្នុងឆ្នាំនោះ ។
ភាពឈ្លាសវៃប្រកបដោយបទពិសោធន៍ជ្រៅជ្រះរបស់លោកបានជួយតម្រង់ផ្លូវខ្ញុំក្នុងគ្រា ទស្សនកិច្ចសិក្សាស្រាវជាវរបស់ខ្ញុំនៅស្រុកខ្មែរហើយនេះជាកត្តាចម្បងបានរុញច្រានខ្ញុំ្ ជាពិសេសនៅពេលខ្ញុំបានត្រឡប់ទៅសកលវិទ្យាល័យម៉ីហ្ស៊ីហ្គិនវិញ ខ្ញុំបានបណ្តុះការប្តេជ្ញា ចិត្តក្នុងការជួយកសាងប្រទេសកម្ពុជាជាប្រទេសសេរីមានគោលការណ៍លទ្ធិប្រជាធិបតេយ្យសារធាតុ ។ ខ្ញុំបានបោះពុម្ភផ្សាយនិងចែកព្រឹត្តិប័ត្រ “សាធារណរដ្ឋ ” The Republic ជាភាសា អង់គ្លេសហើយបង្កើនសកម្មភាពផ្សព្វផ្សាយនៅទ្វីបអាមេរិកខាងជើងនិងអឺរ៉ុប ។ មួយឆ្នាំ ក្រោយមក លោក អ៊ុម ស៊ីម បានជួបភរិយាខ្ញុំនិងខ្ញុំនៅភ្នំពេញម្តងទៀត ហើយលោកបាន ណែនាំយើងឲ្យបានជួបខ្មែរស្នេហាលទ្ធិប្រជាធិបតេយ្យជាច្រើនរូបដែលមានចំណង់ ចំណូលចិត្តចង់បង្កើតរដ្ឋាភិបាលសាធារណរដ្ឋមួយ ។ នៅឆ្នាំនោះ ភរិយាខ្ញុំនិងខ្ញុំក៏បាន
ជួបលោក ស៊ឺង ង៉ុក ថាញ់ នៅភ្នំពេញ ។
នៅមុនពេលលោក អ៊ុម ស៊ីម ត្រូវបានមកកាន់តំណែង ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរ
នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកឯកអគ្គរដ្ឋទូតខ្មែរជំនាន់នោះគឺលោក សឺនវឿនសៃ បានអញ្ជើញខ្ញុំក្នុងនាមរដ្ឋាភិបាលខ្មែរឲ្យចូលជួយធ្វើការនៅស្ថានទូតខ្មែរ ។ ខ្ញុំក៏បានចូល ធ្វើការនៅស្ថានទូតសាធារណរដ្ឋខ្មែរ ។
លោក អ៊ុម ស៊ីម បានមកដល់ទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ១៩៧៣ ជាឯកអគ្គរដ្ឋទូតថ្មីនិងជា
ចៅហ្វាយនាយរបស់ខ្ញុំ ។ លោកបានបង្កើតបរិយាកាសធ្វើការមួយដែលបង្រួមបុគ្គលិក ទាំងអស់ជាមិត្តរួមការងារ ។ នៅក្នុងរង្វង់ទូត លោក អ៊ុម ស៊ីម បានត្រូវគេទទួលស្គាល់ថា លោកជាឯកអគ្គរដ្ឋទូតម្នាក់ដែលបំពេញការងារសកម្មជាងគេនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
ខ្ញុំបានចំណាយពេលម៉ោងរាប់មិនអស់បំពេញកិច្ចការជាមួយលោកទាំងនៅក្នុងនិង នៅក្រៅស្ថានទូតនិងនៅអង្គការសហប្រជាជាតិបំពេញភារៈកិច្ចក្នុងការប្រយុទ្ធបំរើផល
ប្រយោជន៍សាធារណរដ្ឋខ្មែរដែលនៅក្នុងបេះដូងយើង យើងដឹងថាវាជា “ស្ពាននៅ ឆ្ងាយពេក ” មួយទៀត ក៏ប៉ន្តែយើងនៅតែតស៊ូទោះជាមេឃអាប់អួរយ៉ាងណាក្តី រហូតដល់ ថ្ងៃដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកដកខ្លួនចេញពីតំបន់អាស៊ីនៅក្នុងឆ្នាំ១៩៧៥ ។
ខ្ញុំជាបុគ្គលិកទូតចុងក្រោយគេបង្អស់ដែលដកខ្លួនចេញពីស្ថានទូតសាធារណរដ្ឋខ្មែរប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ មុននឹងចាកចេញពីស្ថានទូតខ្ញុំបានដកហូតទង់ជាតិសាធារណរដ្ឋ ខ្មែរដែលបានបង្ហោះនៅមុខស្ថានអធិការបតីនៃស្ថានទូតនៅក្នុងអំឡុងពេលដែល
លោក អ៊ុម ស៊ីម ធ្វើជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរ ។ នៅថ្ងៃដែលខ្ញុំបានធ្វើថោមវាទ លោក អ៊ុម ស៊ីម នៅថ្ងៃទី២៦ខែឧសភា ខ្ញុំបានប្រគល់ទង់ជាតិជូនលោកស្រី អ៊ុម ស៊ីម ទុកជាការរំលឹកចងចាំនូវពេលវេលាដ៏ច្របូកច្របល់នៅក្នុងឆាកជីវិតរបស់យើងទាំងអស់
គ្នា ។
ខណៈពេលដែលខ្ញុំបាននៅជាប់លើទីលានតស៊ូបំរើរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំ១៩៨០ដល់១៩៨៩ លោក អ៊ុម ស៊ីម បានធ្វើការជួយឧបត្ថម្ភយើងពីបរទេស ។ លោកបាន បំពេញមុខនាទីជាតំណាងរណសិ្សជាតិប្រចាំអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៨៥-១៩៨៦។ លោកបានចូលធ្វើការក្នុងវិស័យឯកជនពីចុងឆ្នាំ១៩៨៦រហូតដល់ឆ្នាំ១៩៩៥ រួចលោកបាន ចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៥ ។ នៅក្នុងរយៈពេលនិវត្តន៍ លោកបានចំណាយពេលកាប់គាស់ដី ធ្វើចំការជុំវិញផ្ទះ រួចលោកបានបង្កើតវិធី transliteration អក្សរខ្មែរដោយប្រើភាសា
អង់គ្លេសជាភាសាយានហើយនិងជួយណែនាំដាស់សតិស្មារតីខ្មែរនៅបរទេសឲ្យនៅមានចិត្ត ស្រឡាញ់មាតុភូមិខ្មែរ ។
លោក អ៊ុម ស៊ីម និងខ្ញុំបានភ្ជាប់ការទាក់ទងគ្នាឡើងវិញប្រមាណជា១០ឆ្នាំមុននេះ បន្ទាប់ពី ខ្ញុំបានចូលនិវត្តន៍ពីសកលវិទ្យាល័យ Guam ។ យើងបានប្តូរយោបល់គ្នាអំពីវិធីដែលល្អនិង មានប្រសិទ្ធភាពក្នុងការជួយកសាងកម្ពុជាថ្មី ។ លោកបានទាំងស្នើឲ្យខ្ញុំពិចារណាចូលរួម ជួយខ្មែរប្រជាធិបតេយ្យនៅក្នុងប្រទេសទៀតផង ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ដែរ
នៅពេលឮលោកអរគុណខ្ញុំជាង៣០ឆ្នាំក្រោយព្រឹត្តិការណ៍អំពីសកម្មភាពខ្ញុំនៅក្នុងនាម លោកក្នុងការដឹកជញ្ជូនមកកាន់សហរដ្ឋអាមេរិកនូវកុមារកំព្រាចំនួន៦០នាក់ដែលរត់គេចពីការជំរុញរបស់ខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ។ ហើយយើងបានសើចក្អាកក្អាយចំអកអំពីរបៀប ខ្ញុំសែងយកម៉ាស៊ីនម៉ីម្យោហ្គ្រាហ្វកញ្ចាស់មួយចេញពីស្ថានទូតមុនពេលបិទទ្វារនិងបាន ប្រើម៉ាស៊ីនកញ្ចាស់ដ៏រឹងរូសនេះដើម្បីផលិតព្រឹត្តិប័ត្រជាភាសាខ្មែរនិងអង់គ្លេសចែកចាយ
ដល់អាណិកជនខ្មែរនៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុប ។
ក្នុងពេលប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានឃើញលោក អ៊ុម ស៊ីម ជាអ្នកប្រាជ្ញនិងជាអ្នកគិតម្នាក់ យ៉ាងចំណានបានលេចចេញមកហើយលោកមិនដែលខកខានឆ្លៀតបង្រៀនខ្ញុំដោយ សុភាពរាបសារនូវពាក្យស្លោកបុរាណខ្មែរដែលលោកបានឃើញខ្ញុំប្រើនៅក្នុងសំណេរខ្ញុំ ។ ដោយឃើញខ្ញុំចូលចិត្តសរសេរអំពី critical thinking លោករំលឹកខ្ញុំថា ខ្មែរយើងក៏មានពាក្យ “ត្រិះរិះពិចារណា ” ដែរ ។ លោកចង់ឲ្យខ្ញុំយល់ថា ខ្មែរយើងមិនមែនមិនដឹងមិនយល់អំពី សារៈសំខាន់នៃ “គំនិត” នោះទេ ហើយលោកក៏ឆ្លៀតរំលឹកខ្ញុំដោយសារភាពថា លោកបាន ឃើញខ្ញុំចូលចិត្តដេញដោលគំនិតនូវការប្រៀនប្រដៅរបស់ចាស់ទុំខ្មែរថា “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត ” ពោលគឺ ក្រដល់ណាក៏ក្រទៅចុះ តែកុំឲ្យក្រគំនិតឲ្យសោះ! គ្រាន់តែរឿងក្រដប់ក្រម្ភៃ លោក អ៊ុម ស៊ីម និងខ្ញុំជជែកគ្នាមិនចេះចប់មិនចេះហើយ ។
នៅក្នុងថោមវាទជូនលោក អ៊ុម ស៊ីម ខ្ញុំបានថ្លែងអំពីការសោកសៅរបស់ខ្ញុំនៅថ្ងៃបូជា សពមិត្តខ្ញុំរូបនេះថាការចុកចាប់វាហាក់ដូចជាខ្ញុំអាចទ្រាំទ្របានព្រោះគំនិតមួយបានអង្រួនឲ្យខ្ញុំចាប់យល់ថា ខ្ញុំនិងមិត្តខ្ញុំនឹងបានជួបគ្នានៅថ្ងៃមុខទៀត ហើយនៅថ្ងៃនោះ ខ្ញុំនឹងឮមិត្ត ខ្ញុំដែលដើរជាមួយខ្ញុំនិយាយកោកៗដាក់ខ្ញុំថា “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត” !
គឺ “គំនិត” ដែលជាធាតុមួយចងលោក អ៊ុម ស៊ីមនិងខ្ញុំក្នុងមិត្តភាពដ៏មានជម្រៅតាំងពីនៅ ប្រទេសកម្ពុជាឆ្នាំ១៩៧០ រហូតមកដល់ពេលលោកបានទទួលមរណភាពនាឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ។ នៅថ្ងៃទី២២ខែសីហានេះដែលជាថ្ងៃបុណ្យខួប១០០ថ្ងៃរបស់មិត្តខ្ញុំ ខ្ញុំសូមផ្ញើសម្លេងខ្ញុំទៅមិត្តខ្ញុំថា ខ្ញុំអាចទាល់ដប់ទាល់ម្ភៃមែន ប៉ុន្តែខ្ញុំមិនទាល់គំនិតទេក្នុង ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក (ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com