«បក្សាបក្សីដែលមានពូជដូចគ្នា»

និពន្ធដោយបណ្ឌិត ហ្គាហ្វារ​ ពាងម៉េត
ថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៨

ខ្ញុំបានបញ្ចប់អត្ថបទខ្ញុំ “ពីនេះពីនោះរហូតមកដល់លោកដួងឫទ្ធិ” ចុះថ្ងៃទី២៦ខែកញ្ញា ដោយបានចែកជូននូវពាក្យស្លោកជាភាសាអង់គ្លេសមួយដែលគេបានប្រេីតាំងពីពាក់កណ្តាលសតវត្សទី១៦ ចែងថា Birds of a feather flock together ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា “បក្សាបក្សីដែលមានពូជដូចគ្នារមែងរួមផ្តុំគ្នាជាហ្វូង ” ។ ពាក្យស្លោកនេះមានន័យថា មនុស្សដែលប្រកបទៅដោយបុគ្គលិកលក្ខណៈ ចិត្តគំនិត ឬឧត្តមគតិ ប្រហាក់ប្រហែលគ្នារមែងរកគ្នាឃេីញ ហេីយរួមគ្នាជាក្រុមដូចជាសត្វបក្សីបក្សាដែលមានពូជដូចគ្នានោះឯង ។

ខ្ញុំសូម “យោងព្យួរបន្តភ្ជាប់” ពាក្យស្លោកនេះទៅនឹងសំណេររបស់ខ្ញុំ​អំពី “សង្គមូបនីយកម្ម​ ” ដែលលោកអ្នកអាចអានឡេីងវិញនៅក្នុងអត្ថបទខ្ញុំ “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត ” ចុះថ្ងៃទី៣ខែកញ្ញា ឬស្តាប់ការផ្សាយអត្ថបទនោះតាមវិទ្យុខ្មែរពិភពលោក ។ ជាសង្ខេប “សង្គមូបនីយកម្ម ” ជាដំណេីរនៃជីវិតដែលមនុស្សចាប់ពីកំណេីតជាកូនង៉ែតរហូតមកដល់ចាស់ស្លាប់ បានក្រេបជញ្ជក់នូវគុណប្រយោជន៍ values និងអាកប្បកិរិយាឬឥរិយាបថ attitudes នៅក្នុងសង្គម ដោយមានភ្នាក់ងារ “សង្គមូបនីយកម្មនយោបាយ ” ឬ political socialization មួយចំនួនធ្វេីសកម្មភាពបង្កេីតនិងតម្លេីងឥទ្ធិពលដែលលត់ពត់បត់បែនអាកប្បកិរិយាឬឥរិយាបថនយោបាយរបស់យេីងនិងដែលបណ្តុះបង្កេីតវិញ្ញាណយល់ដឹង ឬ perception របស់យេីង ។ គឺវិញ្ញាណយល់ដឹងនេះហេីយដែលជម្រុញយេីងឲ្យធ្វេីឬមិនធ្វេីសកម្មភាពនៅក្នុងដំណេីរជីវិត ។ 

ការសិក្សាភ្នាក់ងារសង្គមូបនីយកម្មនយោបាយទាំងឡាយអាចជួយបំភ្លឺយេីងបានយល់ច្បាស់ថែមទៀតអំពីអត្ថន័យពាក្យស្លោកអំពី “បក្សាបក្សីដែលមានពូជដូចគ្នា” តាមបរិបទមនុស្ស ។ 

ខ្ញុំបានសរសេរអំពី “ការចំអកនៃវាសនា” នៅក្នុងដំណេីរជីវិតខ្ញុំ អំពីកាលៈទេសៈដែលខ្ញុំកំពុងគេចចេញពីមុខព្យុះសង្ឃរា ហ្វ្លរ័នស៍ Florence ដែលវាយសង្គ្រប់លេីតំបន់ឆ្នេរខាងកេីតសហរដ្ឋអាមេរិក ខ្ញុំបែរជាបានជួបលោក ដួង ឫទ្ធិ អតីតអ្នកតស៊ូប្រឆាំងរបបកុម្មុយនិស្តជំនាន់សាធារណរដ្ឋខ្មែរ ។ ប៉ុន្មានថ្ងៃនេះ នៅពេលខ្ញុំរៀបចំគេចចេញពីមុខព្យុះសង្ឃរា ម៉ាយកុល Michael ខ្ញុំភ្ញាក់ខ្លួនដោយបានទទួលសារពីខ្មែរម្នាក់ឈ្មោះលោក សុក្រ សម្បត្តិ នៅទ្វីបអឺុរ៉ុប បញ្ជូនសារប្រាំពីរម៉ាត់ពីលោក ដួង ឫទ្ធិ ថា “Don’t let Michael get you down either” ។ មួយរំពេច ខ្ញុំចាប់អារម្មណ៍ទឹកភ្នែកខ្ញុំរលីងរលោង ដោយនឹកគិតដល់លោក ដួង ឫទ្ធិ ដែលខ្ញុំមិនដែលធ្លាប់ស្គាល់ទេតែបានជួបម្តងដោយឥតគំរោងនៅគ្រាដែល Florence កំពុងយាយី ។ ខ្ញុំក៏សូមបញ្ជូនចម្លេីយតបវិញតាមរយៈលោក សាន សុវិទ្យ នៃ វិទ្យុខ្មែរពិភពលោក ថា “ខ្ញុំសុខសប្បាយជាទេ ខ្ញុំក៏មិនភ្លេចបណ្តាំដែរថាឲ្យខ្ញុំគិតតែបំពេញកិច្ចការរបស់ខ្ញុំទៅ ទុកឲ្យលោកបំពេញកិច្ចការរបស់លោក ។ ខ្ញុំសូមអរគុណលោកនិងមិត្តភក្ត្រដែលមិនសុខចិត្តនៅសម្ងំស្ងៀមនៅចំពោះមុខអំពេីសង្កត់សង្កិនរបស់អំណាចផ្តាច់ការ ។ ខ្ញុំសូមជូនពរ ” ។ 

ផែនដីដែលខ្មុំធ្លាប់គិតថាមានទំហំធំធេង ការលេចធ្លោនៃលោក ដួង ឫទ្ធិបានអង្រួនសតិខ្ញុំថាផែនដីនេះវាតូចទេ ហេីយ “បក្សាបក្សីដែលមានពូជដូចគ្នា” វានៅបែកគ្នាមិនយូរឡើយ ។ “ការចំអកនៃវាសនា” វានឹងកេីតមាននៅក្នុងដំណេីរជីវិតមនុស្សទាំងអស់គ្នា គ្រាន់តែមុនឬក្រោយ យូរឬឆាប់ តែប៉ុណ្ណោះ ។

សង្ខេបទៅ ខ្ញុំមិនដែលបានជួបឬស្គាល់លោក ដួង ឫទ្ធិ ទេតាំងពីដេីមមក តែលោកប្រាប់ខ្ញុំថាលោកធ្លាប់ស្គាល់លោក អ៊ុម ស៊ីម អតីតអ្នកតស៊ូខ្មែរនៅលេីភ្នំដងរ៉ែកនៅក្នុង “ចលនាឥស្សរៈរួមខ្មែរបម្រេីជាតិ” ប្រឆាំងអាណានិគមបារាំងនិងទាមទារឯករាជ្យតាមផ្លូវអាវុធ ។ ខណៈលោក អ៊ុម ស៊ីម ធ្វេីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ខ្ញុំមានតំណែងជាលេខាធិការទូតទទួលខុសត្រូវផ្នែកសារព័ត៌មាននិងការផ្សាយព័ត៌មាន យ៉ាងនេះ លោក អ៊ុម ស៊ីម ជាចៅហ្វាយនាយរបស់ខ្ញុំ ។ 

ដំណេីរសង្គមូបនីយកម្មនយោបាយជាយន្តការ Mechanism ដែលបានបង្កេីតនិងតម្លេីងឥទ្ធិពលបំពត់បំបត់បំបែនអាកប្បកិរិយាឬឥរិយាបថនយោបាយរបស់លោក អ៊ុម ស៊ីម តាំងពីលោកនៅជាសិស្សសាលារៀនហេីយបានបណ្តុះបង្កេីតវិញ្ញាណយល់ដឹងរបស់លោកដែលជម្រុញលោកឲ្យបបួលមិត្តភក្ត្រមួយចំនួននៅវិទ្យាល័យស៊ីសុវត្តិឲ្យចូលរួមធ្វេីជាខ្មែរឥស្សរៈទាមទារឯករាជ្យជូនប្រទេសជាតិពីការត្រួតត្រារបសបារាំងអាណានិគម ។ យ៉ាងណាមិុញ

ដំណេីរសង្គមូបនីយកម្មនយោបាយក៏ជាកត្តាដែលបានបណ្តុះបង្កេីតវិញ្ញាណយល់ដឹងរបស់ខ្ញុំនិងជម្រុញខ្ញុំតាមដំណេីរនយោបាយមួយ ។ វាជាដំណើរដែលនាំខ្ញុំនិងលោក អ៊ុម ស៊ីម ឲ្យបានជួបគ្នានៅទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧០ នៅពេលសត្រូវរបស់ខ្មែរអ្នកជាតិនិយមបានងេីបចេញពីមូលដ្ឋានសម្ងាត់យោធានៅតាមព្រំប្រទល់ខ្មែរ-យួនធ្វេីការវាយប្រហាររហូតមកដល់ខ្យែក្រវាត់ការពារទីក្រុងភ្នំពេញទៅហេីយ ។

នៅក្នុងអត្ថបទ “បុគ្គល គំនិត សកម្មភាព លទ្ធផល” ចុះថ្ងៃទី២២ ខែសីហា ខ្ញុំបានសរសេរអំពីព្រឹត្តការណ៍និងកាលៈទេសៈនៅក្នុងឆ្នាំ១៩៧០ ដែលនាំឲ្យខ្ញុំដែលជានិស្សិតសកលវិទ្យាល័យនៅសហរដ្ឋអាមេរិកនិងលោក អ៊ុម ស៊ីម ដែលជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅភ្នំពេញ ដែលមិនដែលស្គាល់គ្នាសោះបានជួបគ្នាហេីយបានធ្វេីការរួមដៃគ្នា បានចងស្ពានមេត្រីជាមិត្តភក្ត្រនឹងគ្នាចំនួន ៤៨ ឆ្នាំ ។ យើងទើបតែបែកគ្នានៅគ្រាដែលលោកបានទទួលមរណភាពនៅឆ្នាំ២០១៨ នេះ ។ បេីរឿងលោក អ៊ុម ស៊ីម និងខ្ញុំជារឿង “បក្សាបក្សីដែលមានពូជដូចគ្នា” តេីរឿងលោក ដួង ឫទ្ធិ លេចធ្លោឡេីងជារឿង “បក្សាបក្សីដែលមានពូជដូចគ្នា” ដែរឬទេ ? 

ដូចខ្ញុំបានសរសេរនៅក្នុងអត្តបទខ្ញុំលេីកមុន គឺលោក ដួង ឫទ្ធិ ដែលខ្ញុំមិនដែលបានស្គាល់ពីមុនសោះដែលបានប្រាប់ខ្ញុំថាលោកធ្លាប់បានស្គាល់ “ស្នារដៃ” ខ្ញុំនៅជំនាន់សាធារណរដ្ឋ​ ហេីយនិងនៅក្នុងចលនាតស៊ូរំដោះជាតិខ្មែរដែរ ។  លោកថា លោក ដួង ធ្លាប់ធ្វេីជាទាហានជំនាន់សាធារណរដ្ឋខ្មែរជាមួយលោក ដៀន ដែល នៅក្នុងការតស៊ូប្រឆាំងកងទ័ពយួនហាណូយ ។ ខណៈសាធារណរដ្ឋខ្មែររលំធ្លាក់ក្រោមរបបខ្មែរក្រហមប៉ុលពត ខ្ញុំបានជួបទាក់ទងជាមួយលោក ដៀន ដែល ដែលជាជនភៀសខ្លួននៅរដ្ឋវៀរហ្សុីនីយ៉ា Virginia ហេីយនៅពេលលោក ដៀន ដែល ធ្វេីជានាយសេនាធិការកងទ័ពរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ ខ្ញុំបានចូលរួមជាមួយលោកនៅព្រំដែនខ្មែរ-ថៃ ។ ខណៈលោកធ្វេីជាអគ្គបញ្ជាការរងនៃកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរខ្ញុំបានឡេីងធ្វេីជានាយរងសេនាធិការនៃកងទ័ពជាតិដែរ ។ ដំណេីរសង្គមូបនីយកម្មនយោបាយដែលនាំខ្ញុំនិងលោក ដៀន ដែល ឲ្យរួមកម្លាំងគ្នាជាការងាយយល់បំផុត ៖ លោកជាខ្មែរកម្ពុជាក្រោម ខ្ញុំជាខ្មែរឥស្លាម យេីងទាំងពីរហាក់ដូចជាខ្មែររួមឈាមដែលយល់ចិត្តយល់ថ្លេីមគា្នស្អប់អំពេីជិះជាន់លេបទឹកដីនិងបំបាត់សិទ្ធិសេរីភាពរបស់អ្នកទន់ខ្សោយ ។

លោក អ៊ុម ស៊ីម ជាអ្នកមានកំណេីតនៅខេត្តកំពង់ចាម ដែលជំទាស់នឹងបារាំងអាណានិគមត្រួតត្រាស្រុកខ្មែរធ្លាប់បានសំណេះសំណាលនឹងខ្ញុំអំពីជីវិតតស៊ូនៅក្នុងព្រៃ ។ លោកធ្លាប់បានធ្លាក់ខ្លួនឈឺជាទម្ងន់នៅពេលបំពេញបេសកកម្មនៅខេត្តកំពង់ធំរហូតត្រូវបានគេដឹកចូលមន្ទីរពេទ្យព្រះកេតុមាលានៅភ្នំពេញ បានដេញដោលសួរខ្ញុំអំពីករណីដែលខ្ញុំបានធ្លាក់ខ្លួនឈឺគ្រុនចាញ់ falciparum នៅតំបន់ព្រៃភ្នំ សុខសាន្ត ហេីយត្រូវបានគេលួចដឹកយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ Seventh Day Adventist នៅទីក្រុង បាងកក អស់រយៈពេលប្រាំបីថ្ងៃដែរ ។ គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ១៩៨៥ លោក អ៊ុម ស៊ីម ដែលរស់នៅឯសហរដ្ឋអាមេរិកបានស្ម័គ្រចិត្តចូលរួមធ្វេីជាតំណាងរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅបរទេស ខណៈដែលលោក ដៀន ដែល និងខ្ញុំកំពុងស្នាក់នៅជាមួយនឹងកងទ័ពនៅក្នុងទឹកដីរំដោះ ។

បច្ចុប្បន្ននេះលោក អ៊ុម ស៊ីម ដែលជាមិត្តរបស់ខ្ញុំជិតកន្លះសតវត្ស និង លោក ដៀន ដែល ដែលធ្លាប់បានគៀកស្មាជាមួយនឹងខ្ញុំក្នុងរណ្តៅលេណដ្ឋាននៅពេលកងទ័ពសត្រូវបាញ់ផ្លោងគ្រាប់កាំភ្លេីងធន់ធ្ងន់ចំនួនរាប់ពាន់គ្រាប់មកលេីមូលដ្ឋានតស៊ូនៅបន្ទាយអំពិល បានទទួលមរណភាពអស់ហេីយ ។ ថ្វីបើកាលលោកទាំងពីរនៅមានជីវិតខ្ញុំមិនបានកត់សម្គាល់ ថាតេីលោកទាំងពីរមានយកចិត្តទុកដាក់អំពីកត្តាអ្វីមួយដែលបានចងជីវិតលោកនិងជីវិតខ្ញុំ ឲ្យរួមគ្នាសហការធ្វើការងារដើម្បីជាតិខ្មែរអស់រយៈពេលដ៏យូរ ចំពោះរូបខ្ញុំ ខ្ញុំមេីលឃេីញ “បក្សាបក្សីដែលមានពូជដូចគ្នា”  ។ យេីងទាំងបីនាក់ដែលមកភពប្រសព្វនឹងគ្នាគឺប្រហែលដោយរបៀបផ្សេងៗពីគ្នា ក៏ប៉ុន្តែយេីងម្នាក់ៗមានជំនឿស៊ុបទៅលេី “គំនិត” ឬ “ការគិត” ថាជាកត្តាសំខាន់បំផុតក្នុងការស្វែងរកដំណោះស្រាយផងទាំងពួង និងជាកំណត់អនាគតរបស់យេីង ។

ខ្ញុំនឹងនៅចងចាំជានិច្ចនូវ “បាវចនា” របស់លោក អ៊ុម ស៊ីម ថា “ក្រអ្វីក៏ក្រចុះតែកំុឲ្យក្រគំនិត” ។ យេីងធ្លាប់បានជជែកគ្នាអំពីខួរក្បាលណាដែលមិនធ្វេីការ​ “គិត” ជាខួរក្បាលស្លាប់​ ។ បេីខួរក្បាលវាស្លាប់ហេីយមនុស្សដែលរស់ទូលខួរក្បាលស្លាប់នោះ ក៏មិនខុសអំពីមនុស្សស្លាប់ដែរ ។ ចំពោះលោក ដៀន ដែល វិញ “បាវចនា” របស់លោកគឺ “ផែនការ-​រៀបចំ-ហ្វឹកហ្វឺន” ដែលលោកចូលចិត្តនិយាយជាភាសាអង់គ្លេសដោយគោះតុឲ្យយល់ថាលោកសង្កត់ធ្ងន់ទៅលេីបាវចនានេះ “Plan, Organize, Train” រួចលោកយកម្រាមដៃចង្អុលក្បាលដោយប្រេីសំដីឮខ្លាំងៗថា “គិត!” ។ លោក ដៀន ដែល បញ្ជាខ្ញុំឲ្យចូលទទួលការហ្វឹកហ្វឺននិង “លត់ដំ” នៅសាលាយោធិននៅបន្ទាយអំពិលនៅឆ្នាំ១៩៨១ ដើម្បីពង្រឹងវិន័យជាយុទ្ធជនតស៊ូរណសិរ្សជាតិ រួចលោកក៏បានបញ្ជូនខ្ញុំឲ្យទៅតាមកងទ័ពដែលមានបេសកកម្មផ្សេងៗត្រូវបំពេញ ។

“បក្សាបក្សីដែលមានពូជដូចគ្នារមែងរួមផ្តុំគ្នាជាហ្វូង” បាននាំលោក ដួង ឫទ្ធិ និងខ្ញុំឲ្យបានជួបគ្នា ។ យោងទៅតាមដំណេីរសង្គមូបនីយកម្មនយោបាយស្តីពីលោក អ៊ុម ស៊ីម និងលោក ដៀន ដែលដូចរៀបរាប់ខាងលេីនេះ និងយោងជំនួបជាមួយលោក ដួង ឫទ្ធិ ខ្ញុំជឿថានឹងមាន “បក្សាបក្សីដែលមានពូជដូចគ្នា” ឯទៀតរកគ្នាឃេីញបង្កើតចេញជាហ្វូងតូចឬធំ ។ 

បើវាជាអព្ភូតហេតុធម្មជាតិរបៀបនេះ) លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងសមាជិកខ្ពស់ទាបនៃគណបក្យប្រជាជននិងអ្នកដេីរតាម គួរយកពាក្យពេចន៍របស់សម្តេច ដាឡៃឡាម៉ា នៃប្រទេសទីបេរ៍ ទៅពិចារណា ៖ “មនុស្សគ្រប់រូបមិនថាឡេីយចេញពីប្រវត្តិវប្បធម៌ឬប្រវត្តិសាស្ត្របែបណាទេ តែងរងទុក្ខសោកនៅពេលត្រូវបានទទួលការសម្លុតកំហែង បំភិតបំភ័យ ចាប់ដាក់គុកឬ     ធ្វេីទារុណកម្ម . . . ពីព្រោះថាវាជាធម្មជាតិនៃមនុស្សដែលស្រេកឃ្លានសេរីភាព ភាពស្មេីគ្នា និងសេចក្តីថ្លៃថ្នូរ ហេីយវាក៏ជាសិទ្ធិមនុស្សដែរក្នុងការទាមទារចង់បាននូវសេរីភាពទាំងឡាយនោះ ” ។

វាក៏ជាសិទ្ធិរបស់លោក ដួង ឫទ្ធិ និងជាសិទ្ធិរបស់ខ្ញុំដែរក្នុងការទាមទារសេរីភាពទាំងនេះ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ឆ្នាំ (១៩៩១-២០០៤) ។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ទោះបីចារកម្មចិននិងរុស្ស៊ីនៅតែបន្តការប៉ុនប៉ង ដោយបរាជ័យចង់លុបបំបាត់មិនឲ្យមើលឃើញក្តី ។ លោកអ្នកអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com