ពីនេះពីនោះ-០៥៣១១៨-នៅពេលមនុស្ស-ទី-១
«នៅពេលមនុស្សល្អនៅស្ងាត់ស្ងៀម»ទី ១
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
https://kumnitkhmer.com/
ថ្ងៃទី២៩ ខែឱសភា ឆ្នាំ២០១៨



បរមគ្រូ ខុង ជឺ (៥៥១ មុនគ.ស.-៤៧៩ មុនគ.ស. ) នៃប្រទេសចិនបុរាណ បានរំឮកមនុស្ស លោកថា៖ «អ្នកមិនអាចបើកសៀវភៅហើយមិនបានរៀនអ្វីសោះពីសៀវភៅនោះឡើយ»។ ព្រះពុទ្ធបានបង្រៀនមនុស្សលោកជាង ២៥០០ ឆ្នាំមកហើយដែរថា៖ «បុគ្គលមនុស្សបាន កើតចេញពីលទ្ធផលនៃការគិតរបស់គាត់ គំនិតម្យ៉ាងនាំគាត់ឡើងស្ថានសួគ៌ គំនិតម្យ៉ាង ទៀតនាំគាត់ចុះឋាននរក គឺខ្លួនគាត់ហើយដែលយកគំនិតទៅបង្កើតពិភពមួយសំរាប់គាត់ រស់នៅតាមគាត់គិត ។ គាត់ជាអ្នកទទួលខុសត្រូវលើអ្វីដែលគាត់បាន ឬមិនបានធ្វើ»។ លោក ហ្ចន កេណ្ណឺឌី John Kennedy (១៩១៧-១៩៦៣) អតីតប្រធានាធិបតីអាមេរិកាំងទី ៣៥ បានថ្លែងថា៖ «មនុស្សម្នាក់អាចនឹងស្លាប់ ប្រជាជាតិក្នុងលោកអាចនឹងលេចឡើងហើយ
អាចនឹងលិចចុះ រីឯគំនិតរបស់មនុស្សលោកវិញ នឹងនៅរស់មានជីវិតទៅថ្ងៃមុខទៀត»។
អ្នកនិពន្ធដ៏ល្បីជាតិអាល្លឺម៉ង់ លោក យ៉ូហាន វ៉ុលហ៍ហ្គាំង វ៉ន ហ្គោថេ Johann Wolfgang von Goetheបានសរសេរថា៖«ដឹងហើយនៅមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវអនុវត្ត ។ មានឆន្ទះ ហើយក៏នៅមិនទាន់គ្រប់គ្រាន់ដែរ យើងត្រូវធ្វើឡើង»។ ពាក្យពេជន៍របស់អ្នកគិតពិចារណានយោបាយអភិរក្សជាតិ អៀរ៍ឡង់ ដ៏ល្បីល្បាញម្នាក់ លោក អេឌម៉ុនដ៍ ប៊ឿរ៍គ Edmund Burke (១៧២៩-១៧៩៧) ដែលគេបានយកមករំឮក រហូតដល់សព្វថ្ងៃចែងថា៖«រឿងតែមួយគត់ដែលចាំបាច់សំរាប់ជ័យជំនះនៃអំពើអាក្រក់គឺ បុគ្គលមនុស្សដែលល្អនៅស្ងាត់ស្ងៀមមិនធ្វើអ្វីសោះ»។
ខ្ញុំសូមវិលត្រឡប់មកពាក្យសំដីរបស់មេដឹកនាំចលនាtranscendentalist ក្នុងសតវត្សទី ១៩ លោក រ៉ាល់ហ្វ៍ វ៉ល់ដូ អេម៉ើសុន Ralph Waldo Emerson (១៨០៣-១៨៨២)ទស្សនវិទូជាតិ អាមេរិកាំងដែលមានឥទ្ធិពលផ្លូវគំនិតមកលើខ្ញុំតាំងពីពេលខ្ញុំចាប់ផ្តើមត្រីមាសទី១ នៅសកលវិទ្យាល័យក្នុងឆ្នាំ ១៩៦១ ។ សំណេររបស់ លោក អេម៉ើសុន ដែលបានបំផុលគំនិតខ្ញុំថា មនុស្សលោកមានសមត្ថភាព អាចសំរេចធ្វើបាននូវអ្វីៗ «ស្ទើរតែទាំងអស់ »នោះ បានថ្លែងទៀតថា៖ «ពេលវេលាឥឡូវនេះ ក៏ដូចជាគ្រប់ពេលវេលាដែរ គឺជាពេលវេលាដ៏ល្អ ប្រសើរ ប្រសិនណាបើយើងដឹងថា តើយើងចង់យកពេលវេលានេះទៅធ្វើអ្វី»។
* * * * * * * * *
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ អាយុជីវិតប្រទេសជាតិមិនអាចគេចផុតពីការប្រយុទ្ធរវាងខ្មែរ តស៊ូមតិលទ្ធិប្រជាធិបតេយ្យនិងខ្មែរកាន់អំណាចផ្តាច់ការនៅក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីហ៊ុនសែន មេបនគណៈបក្សប្រជាជនកាន់អំណាច ។ នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំសូមណែនាំបងប្អូនពិនិត្យសិក្សាជាមួយខ្ញុំអំពីលទ្ធិប្រជាធិបតេយ្យដែលត្រូវរបបអំណាច ផ្តាច់ការហ៊ុនសែនគំរាមកំហែង ។
បុព្វយោគមាន៣កថាខ័ណ្ឌខាងលើបង្ហាញនូវទស្សនៈថា ការគិតរបស់បុគ្គលមនុស្សជា លទ្ធផលនៃដំណើរជីវិតដែលផ្តល់នូវ «វិញ្ញាណយល់ឃើញ»perception ដែលជាកត្តាមួយ ជម្រុញយើងឱ្យធ្វើ ឬមិនធ្វើសកម្មភាពអ្វីមួយ ហើយគឺខ្លួនយើងនេះឯងជាអ្នកទទួលខុស ត្រូវលើអនាគតរបស់ប្រជាជាតិ ។ ចាស់ទុំខ្មែរបានប្រដៅថា «គិតហើយសឹមគូរ »។
លទ្ធិប្រជាធិបតេយ្យ ឬ democracy ជាលទ្ធិគ្រប់គ្រងមួយដែលអង្គភាពភូមិសាស្ត្រក្រិក បុរាណឈ្មោះ Athens– ជារដ្ឋទីមួយនៅក្នុងលោកបានឱបក្រសោបតាំងពីក្នុងសតវត្សទី ៥ មុនគ្រឹស្ទសករាជ ។ មូលដ្ឋានគ្រឹះនៃរបបគ្រប់គ្រងរបស់ Athensគឺឈរនៅលើមូលដ្ឋាន
ជំនឿរបស់ពលរដ្ឋក្រិកថាគេជាមនុស្សមានសេរីភាពនិងមានការយល់ដឹងគ្រប់គ្រាន់អំពី
កិច្ចការរដ្ឋ ។ ពលរដ្ឋក្រិកយល់និងជឿថា ការចូលរួមក្នុងកិច្ចការនៃអង្គភាពភូមិសាស្ត្រ Athens ជាភារៈកិច្ចនិងជាកិត្តិយសរបស់ប្រជារាស្ត្រក្រិកទាំងមូល ។ ការយល់ដឹងនិងជំនឿ
នោះបានក្លាយទៅជាវប្បធម៌ក្រិកបុរាណដែលបានត្រូវគេចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃវប្បធម៌និងនៃកំណើតរបស់អរិយធម៌ពិភពលោកខាងលិចដែរ ។ ពាក្យថា វប្បធម៌ គឺសំដៅទៅ
លើចិត្ត គំនិត ឥរិយាបថ របៀបរបបរបស់មនុស្សជាទូទៅនៅក្នុងសង្គម ។ គឺប្រជារាស្ត្រក្រិក
ទាំងមូលគេជឿថាជាអញ្ចឹង ។
ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងត្រូវបានទទួលការបង្ហាត់បង្រៀនរាប់រយឆ្នាំឱ្យគោរព កោតខ្លាច បំរើ ការពារ ស្តាប់បញ្ជាបុគ្គលជាមេដឹកនាំរហូតដល់ស្លាប់ខ្លួន ។ វប្បធម៌ខ្មែរពីបុរាណមកគឺ ជាវប្បធម៌ដែលដាក់មនុស្សទាំងកាយទាំងប្រាជ្ញាឱ្យនៅក្នុងទ្រុងទាសភាព ហើយគឺយ៉ាង នេះឯងបានជាមានគេថា វប្បធម៌ខ្មែរមិនដែលស្គាល់ថាអ្វីជាលទ្ធិប្រជាធិបតេយ្យឡើយ ។
នៅក្នុងពាក្យក្រិក Demokratia (ដេម៉ូ-ក្រាស្យ៉ា)មានពាក្យ demos (ដេម៉ូស) ដែលបកប្រែ ជាខ្មែរថា «រាស្ត្រ»ឬ «ពលរដ្ឋ»និងពាក្យ kratia (ក្រាស្យ៉ា)បកប្រែថា «គ្រប់គ្រង»ឬ «រដ្ឋាភិបាល »។ គឺបុគ្គលអ្នកនិងបុគ្គលខ្ញុំនេះហើយដែលក្រិកបុរាណហៅថាdemosនោះ ។ លទ្ធិ Demokratiaឬ demos + kratiaមានន័យថា «រាស្ត្រ»ឬ «ប្រជាពលរដ្ឋ»ជាអ្នក «គ្រប់គ្រង»ពោលគឺប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងអង្គភាពភូមិសាស្ត្រដែលហៅថា«រដ្ឋ»។ យ៉ាងនេះហើយបានជាមានពាក្យស្លោកថា រដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ ដោយប្រជាពល រដ្ឋ និងសំរាប់ប្រជាពលរដ្ឋ ។ ក្រុមខ្មែរតស៊ូមតិតាំងពីជំនាន់ស្តេចបានហៅលទ្ធិDemokratia ថាជាលទ្ធិ «ប្រជាធិបតេយ្យ»ពោលគឺមាន «រាស្ត្រ»ឬ«ប្រជាពលរដ្ឋ»ជាអ្នក «អធិបតី»នៅក្នុងការគ្រប់គ្រងនគរ គឺថានៅក្នុងលទ្ធិប្រជាធិបតេយ្យយើងលើកតម្កើងប្រជារាស្ត្រឬ ប្រជាពលរដ្ឋជាធំ ។
នៅក្នុងប្រព័ន្ធរដ្ឋាភិបាលក្រោមលទ្ធិប្រជាធិបតេយ្យដែលលើកតម្កើងប្រជាពលរដ្ឋជាធំ គឺប្រជាពលរដ្ឋដែលជាចៅហ្វាយនាយឬជាតួម្ចាស់របស់រដ្ឋាភិបាលដែលគ្រប់គ្រងរដ្ឋ ។ នៅជំនាន់បុរាណសម័យអង្គភាពភូមិសាស្ត្រដូចជាបុរាណក្រិកដែលមានទំហំតូចហើយ ប្រជាពលរដ្ឋក្រិកក៏មានចំនួនតិច ប្រជារាស្ត្រធ្វើការគ្រប់គ្រងរដ្ឋ Athens ដោយផ្ទាល់ខ្លួន៖ ប្រជាពលរដ្ឋទាំងអស់ជួបជុំគ្នាដោយសាមយិកទៀងកំណត់ពេល គេជជែកពិគ្រោះគ្នា អំពីបញ្ហានានាដែលត្រូវដោះស្រាយ គេធ្វើការសម្រេចចិត្តដោយផ្ទាល់និងនៅនឹងកន្លែង គេបង្កើតច្បាប់ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះ ហើយគេជ្រើសរើសអភិបាលរដ្ឋឱ្យ អនុវត្តអ្វីៗដែលពលរដ្ឋបានសម្រេចរួចមកហើយ ។ ប្រព័ន្ធគ្រប់គ្រងនេះ គេហៅថា លទ្ធិប្រជាធិបតេយ្យបរិសុទ្ធ ឬ លទ្ធិប្រជាធិបតេយ្យអនុវត្តដោយពលរដ្ឋផ្ទាល់ ។ គួរចងចាំដែរថា កាលសម័យសម្តេចសីហនុដែលលោកនៅជាប្រមុខរដ្ឋ សម្តេចបានប្រឹង ប្រែងធ្វើសមាជជាតិនៅក្នុងគំនិតលទ្ធិប្រជាធិបតេយ្យនោះឯង តែបណ្តុះគ្រាប់ពូជលទ្ធិ ប្រជាធិបតេយ្យមិនព្រមដុះ ព្រោះវប្បធម៌ទាសភាពរាប់រយឆ្នាំវាចាក់ឬស្សជ្រៅពេក ទៅហើយ ។
លុះចូលមកដល់សម័យថ្មីដែលមានប្រទេសមានទំហំធំធេងនិងមានប្រជាពលរដ្ឋរាប់រយ លាននាក់ ហើយបញ្ហានានាក៏មានលក្ខណៈសាំញ៉ាំក្រៃលែង ការអនុវត្តន៍លទ្ធិប្រជា ធិបតេយ្យបរិសុទ្ធដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់មិនអាចធ្វើបន្តទៀតបានហើយក៏បានត្រូវទទួលបន្លាស់ដោយសម្ព័ន្ធគ្រប់គ្រងថ្មីហៅថា លទ្ធិប្រជាធិបតេយ្យតំណាង ពោលគឺ
ប្រជាពលរដ្ឋជ្រើសរើសបេក្ខជនឈរឈ្មោះឱ្យធ្វើជាតំណាងគេនៅក្នុងរដ្ឋាភិបាល ។ នេះគេហៅថាការបោះឆ្នោតដែលជាលទ្ធិប្រជាធិបតេយ្យនីតិវិធី គឺដល់ពេលវេលាដែលកំណត់
គេនាំគ្នាទៅបោះឆ្នោត ។ ក៏ប៉ន្តែការបោះឆ្នោតនេះគឺគ្រាន់តែជាដំណើរការមួយនៃលទ្ធិ
ប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ លទ្ធិប្រជាធិបតេយ្យសារជាតិពេញលេញតម្រូវ ១) ឱ្យមានការទទួលស្គាល់ និងការអនុវត្តន៍នូវគោលការណ៍ សិទ្ធិស្មើគ្នាequal rightsឱកាសស្មើគ្នា equal opportunity និងការទទួលស្គាល់ដូចគ្នា equal treatment ឬដើម្បីងាយចាំ
ខ្ញុំសូមជូនពាក្យកាត់ថា R-O-T ដែរស្មើនិងដូចគ្នា ២)ឱ្យអភិបាលឬមន្ត្រីគ្រប់គ្រង
ទទួលការផ្លាស់ប្តូរ changed or replaced ស្របទៅតាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ៣)ឱ្យប្រជា
ពលរដ្ឋដែលមានចំនួនច្រើនជាងគេមានឥទ្ធិពលឬទម្ងន់លើការសម្រេចធំៗដោយជ្រើស
រើសបេក្ខជននិងគណៈបក្សនយោបាយឱ្យ កាន់កាប់ដំណែងនយោបាយផ្សេងៗនៅក្នុង
របបគ្រប់គ្រង ។ ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬលទ្ធិប្រជាធិបតេយ្យសាររជាតិ
អាចមានវត្តមានបាន លក្ខខណ្ឌជាមូលដ្ឋាន ចំនួនបីត្រូវតែបានបំពេញជាមុនសិន គឺ ទី១. ត្រូវមានការប្រកួតប្រជែងដោយមានសារៈ សំខាន់រវាងក្រុមនានានិងបុគ្គលនានា
ក្នុងការដណ្តើមយកតំណែងណាមួយនៅក្នុង រដ្ឋាភិបាល ទី២. ត្រូវមានការចូលរួម
នយោបាយរបស់ពលរដ្ឋដោយសកម្មនិងដោយមាន កម្រិតខ្ពស់ក្នុងការជ្រើសរើស
មេដឹកនាំនិងគោលនយោបាយនានា ទី៣. ត្រូវមានសេរីភាព ស៊ីវិលនិងនយោបាយ
ដើម្បីធានារ៉ាប់រងភាពសុចរិតត្រឹមត្រូវនៃការប្រកួតប្រជែងនយោបាយនិងការចូលរួមនយោបាយ ទី១ និង ទី២ ខាងលើនេះ លក្ខណៈទាំងបីគឺគ្មានទេនៅប្រទេសខ្មែរ ។ គ្រាន់តែមានការរៀបចំបោះឆ្នាតតាមកំណត់ ពេលដូចដល់ម៉ោងក្មេងចូលរៀន គ្រាន់តែមានក្រុមនិងបុគ្គលឈរឈ្មោះថាប្រកួតប្រជែងដំរៀបជាជួរធ្វើធម្មានុរូបកម្មបង្គ្រប់កិច្ច និងគ្រាន់តែមានពលរដ្ឋទៅជន្លក់ម្រាមដៃថាបានបោះសន្លឹកឆ្នោតដែរ វាមិនគ្រប់គ្រាន់ថា មានលទ្ធិប្រជាធិបតេយ្យសារជាតិឡើយ ។ អ្វីដែលត្រូវតែខ្លាចនោះគឺបើបណ្តុះគ្រាប់ពូជលទ្ធិប្រជាធិបតេយ្យ
មិនបានទេ ស្មៅព្រៅចង្រៃ វានឹងដុះវាតទីពាសពេញដីធ្លីល្អនៃប្រទេសកម្ពុជាហើយ ។ របបផ្តាច់ការវាមិនដុះចេញជាព្រៃទន្ទ្រានដីល្អក្នុងមួយថ្ងៃនោះទេ គឺវាស៊ីរាលដាលមួយថ្ងៃបន្តិចមួយថ្ងៃបន្តិច បើខ្មែរយើងនៅមិនព្រមដឹងខ្លួនហើយនៅតែបន្តចិត្ត គំនិតនិងឥរិយាបថថាអ្វីក៏ចេះតែល្មម ថ្ងៃអង្សានឹងមកដល់ ប្រជាជាតិខ្មែរនឹងរលាយរលត់ហើយ ។ ខ្ញុំនឹងសូមជូនអត្ថបទ «នៅពេលមនុស្សល្អនៅស្ងាត់ស្ងៀម»ទី ២ អំពីរបបផ្តាច់ការនៅលើកក្រោយ ៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ
(ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website «គំនិតខ្មែរ»របស់លោកតាមអាសយដ្ឋាន https://kumnitkhmer.com/ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡិចត្រូណិច(e-mail)peangmeth@gmail.com។