ទឹករលកតូចមួយ . . . ពីរ . . . បី . . . ហូរចូលគ្នា

ទឹករលកតូចមួយ. . . ពីរ. . . បី . . . ហូរចូលគ្នា»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងមេ៉ត
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩

ចំណេះដឹងនិងគំនិតស៊ីជម្រៅជួយតម្រង់ផ្លូវយើងឆ្ពោះទៅកាន់គោលដៅដែលយើងចង់បាននិងឆ្ពោះទៅរកវឌ្ឍនភាព ។ មនុស្សយើងម្នាក់ៗមានខួរក្បាល ១ គីឡូក្រាមដូចគ្នាទាំងអស់ ។ អ្វីដែលអ្នកដទៃធ្វើបានយើងក៏អាចធ្វើបានដូចគ្នាដែរ ។ របៀបយើងគិតនិងអនុវត្តគោលគំនិតជាការកំណត់គុណភាពនៃអនាគតរបស់យើង ។ គំនិតវិជ្ជមានស្រមើស្រមៃច្នៃប្រឌិតជួយយើងឲ្យឆ្លងកាត់ឧបទ្រពដែលរារាំងដំណើររបស់យើង ។ ព្រះពុទ្ធបានប្រៀនប្រដៅជាង២៥០០ឆ្នាំមកហើយថា យើងជាលទ្ធផលនៃការគិតនិងកម្មរបស់យើងម្នាក់ៗ ។ អ្វីដែលយើងបានគិតនៅក្នុងខួរក្បាលរបស់យើង យើងយកទៅប្រើដើម្បីបង្កើតពិភពលោកមួយសម្រាប់យើងរស់នៅ ។ ដូច្នេះយើងជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់យើង ។ គ្មាននរណាអាចជួយយើងក្រៅពីខ្លួនយើងទេ ។

ពាក្យសំដីរបស់ជនជាតិបារំាងម្នាក់ដែលខ្ញុំតែងយកមកសរសេររំលឹកបងប្អូនអ្នកអានជារឿយៗគឺពាក្យសំដីរបស់លោក ហ្សង់ ម៉ុណ្ណេ Jean Monnet កើតនៅឆ្នាំ១៨៨៨ ហើយស្លាប់នៅឆ្នាំ ១៩៧៩ ជាបិតាស្ថាបនិកម្នាក់នៃ “សហភាពអឺរ៉ុប” ។ លោកបានណែនាំមនុស្សឲ្យយល់ថា “គ្មានអ្វីអាចបដិសន្ធិកើតឡើយបើគ្មានសកម្មភាពអំពីមនុស្សលោក” (“Nothing is possible without men”) ។ ពោលគឺ លោកអ្នកអាននិងរូបខ្ញុំនេះហើយដែលជា “មនុស្សលោក” ។ គ្មានអ្វីអាចប្រតិស្ថានបានទេ បើគ្មានរូបលោកអ្នកនិងរូបខ្ញុំ ព្រមទាំងបងប្អូនខ្មែរទាំងឡាយទៀត ។ យើងបំពេញនាទីជាសកម្មជន ។ យើងបង្កើតអ្វីដែលយើងចង់បង្កើត ។ ទាំងនេះជាទស្សនៈរបស់ព្រះពុទ្ធ មិនមែនជារឿងថ្មីទេ ។

រូបភាពដែលខ្ញុំបានបង្ហាញនៅខាងលើ ជារូបភាពសង្ខេបនៃអត្ថបទ “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ” ចុះថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨ដែលមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ទស្សនៈរបស់មេហ្វាស់ស៊ីសនិយមអុីតាលី លោក បេនីតូ ម៉ូសសូលីនី គឺ “ដកស្លាបបក្សីម្តងមួយៗ”ដើម្បីកុំឲ្យមនុស្សចាប់អារម្មណ៍និងជ្រួលច្របល់ ។ ទម្រាំតែដល់ពេលមានការចាប់អារម្មណ៍ សត្វអស់ស្លាបនៅតែខ្លួនទទេ — នេះហើយជារបៀបបង្កើតរដ្ឋាភិបាលហ្វាស់ស៊ីសមួយ ។ ការ “ដកស្លាបបក្សីម្តងមួួយៗ” ប្រៀបបានទៅនឹងការចាប់កង្កែបដាក់ក្នុងទឹកនៅក្នុងឆ្នាំង រួចលួចបង្កាត់ភ្លើងដុតកម្តៅទឹកបន្តិចម្តងៗដូច្នោះដែរ ។ បើបន្ថែមចំណីអាហារបន្តិចបន្តួចទៀត កង្កែបនឹងត្រេកត្រអាលដូចបានឡើងឋានសួគ៌ ។ លុះទឹកនៅក្នុងឆ្នាំងចាប់ផ្តើមពុះកញ្ជ្រោល កង្កែបក៏រលាករលួយខ្លួនរហូតដល់ក្តីមរណា — “ធូឡេត!” too late ។

សព្វថ្ងៃនេះ អាណិកជនខ្មែរនៅបរទេសដែលប្រឆាំងនឹងរបបផ្តាច់ការនៅកម្ពុជាខំប្រឹងខ្វែងដៃខ្វែងជើង “រៀបចំផែនការ” ឲ្យលោក សម រង្សុី និងសហការីមួយចំនួនវិលចូលកម្ពុជាវិញឲ្យបានទាន់មុនពេលចូលឆ្នាំខ្មែរ ។ នៅថ្ងៃទី១៦ខែធ្នូកន្លងទៅនេះ លោក សម រង្សុី បានអំពាវនាវនៅទីក្រុងប៉ារីសសុំឲ្យខ្មែរទាំងអស់ក្រោកឈររួមកម្លាំងជាមួយលោកនិងវរៈជនដែលស្នេហាសេរីភាពឯទៀតដើម្បីធ្វើការកែប្រែផ្លាស់ប្តូរពិតៗនៅក្នុងប្រទេសកម្ពុជា ។ លោកស្រី មូរ សុខហួរ បានអះអាងប្រាប់អ្នកកាសែតអន្តរជាតិថា លោក សម រង្សុី “នឹងវិលត្រឡប់ទៅកម្ពុជាវិញ . . . គ្មានរឿង “ប្រសិនបើ” អ្វីទៀតទេ” ។ លោកហ៊ុនសែន មេបនផ្តាច់ការក៏បានឆ្លើយតបវិញនាថ្ងៃទី២៦ធ្នូថា លោកបាន “រៀបចំខ្នោះដៃនិងពន្ធនាគារ” ដើម្បីស្វាគមន៍លោក សម រង្ស៊ី រួចស្រេចហើយ ។ យី!អើ! តើគេសម្រេចបើកវគ្គ “រាំវង់នយោបាយ” ឆាកថ្មីវិលវល់វក់វីនៅតែក្នុងរង្វង់ចាក់ក្បាច់រាំ ឬក៏គេបើកឆាកល្បែង “ជល់ត្រីក្រឹម”? ខ្មែរប្រឆាំងរបបផ្តាច់ការអះអាងថានេះជាការ “ប្រយុទ្ធចុងក្រោយ” របស់លោក សម រង្សុី ។ “ឈោកឌីក្រាប់! អាយុវែង! ” ។

សុភាសិតខ្មែរមួយពោលថា ៖ “មនុស្សគេយកសំដី ដំរីគេយកភ្លុក” ។ ការប្រៀនប្រដៅរបស់លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ នៃប្រទេសចិនបុរាណ កើតនៅឆ្នាំ ៥៤៤ មគស-ស្លាប់នៅឆ្នាំ ៤៩៦ មគស ដែលស្ថាប័នយោធាជាច្រើននៅក្នុងពិភពលោកបានយកទៅបង្រៀនសិស្សនាយទាហានរបស់គេ ចែងថា ៖ “ប្រសិនបើអ្នកស្គាល់សត្រូវហើយស្គាល់ខ្លួនអ្នកផង អ្នកមិនចាំបាច់ព្រួយខ្លាចអំពីលទ្ធផលនៃការប្រយុទ្ធនៅលើសមរភូមិរាប់រយដងទេ ។ ក៏ប៉ុន្តែប្រសិន
បើអ្នកស្គាល់ខ្លួនអ្នកតែមិនស្គាល់សត្រូវរបស់អ្នកទេ នៅក្នុងគ្រប់ជ័យជំនះរបស់អ្នក អ្នកក៏នឹងត្រូវទទួលបរាជ័យដែរ ។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នកហើយមិនស្គាល់ខ្លួនអ្នកទៀត អ្នកនឹងត្រូវទទួលបរាជ័យនៅក្នុងគ្រប់ការប្រយុទ្ធ” ។

កាលពីថ្ងៃអាទិត្យទី២០ខែមករា លោកហ៊ុនសែនបានឡើងយន្តហោះទៅជួបមេដឹកនាំចិននៅប៉េកាំង ។ ចិនដែលត្រូវការប្រទេសកម្ពុជាឲ្យគាំទ្រខ្លួននៅក្នុងជម្លោះចិនជាមួយប្រទេសជិតឆ្ងាយក្នុងការត្រួតត្រាសមុទ្រចិនខាងត្បូងបានផ្តល់ជំនួយ ប្រាក់កម្ចី និងការគាំទ្ររបស់ចិនដល់របបផ្តាច់ការរបស់លោកហ៊ុនសែន ។ នៅប៉េកាំងលើកនេះ ចិនបានសម្រេចផ្តល់ប្រាក់កម្ចី ៦០០ លានដុល្លារអាមេរិកាំងដល់របបលោកហ៊ុនសែន ព្រមទាំងសន្យាទិញអង្ករ ៤ សែនតោនពីកម្ពុជាទៀតផង ។ ប្រាក់កម្ចីគឺប្រាក់ដែលត្រូវសងគេវិញ ។

បួនថ្ងៃក្រោយមក នៅថ្ងៃទី២៤ខែមករា នៅឱកាសបុណ្យប្រារព្ធខួបលើកទី២០នៃកងពលថ្មើរជើងដឹកនាំដោយលោកហ៊ុនម៉ាណែតជាកូនប្រុស លោកហ៊ុនសែនបានថ្លែងទៅកាន់ពលទាហានថា អ្វីដែលគេបាននិយាយអំពី “ហ៊ុនសែនកំពុងពង្រឹងអំណាច” នោះមិនខុសទេ ។ លោកបានប្រាប់ទៅកងទ័ពឲ្យ “កំទេចចោល … បដិវត្តន៍ដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាល” ដោយបន្ថែមថាលោក “ឥតញញើតនឹងចេញបញ្ជាទេប្រសិនបើប្រឈមនឹងការគំរាមកំហែង” ពីព្រោះគឺរូបលោកនេះហើយដែលជាអ្នកកាន់ចង្កូតកងទ័ព លោកពាក់ផ្កាយប្រាំហើយ ។ ហាក់ដូចជាបានដឹងខ្លះដែរថាខ្មែរនៅក្នុងជួរការិយាធិបតេយ្យ ឬជួរគណបក្សប្រជាជន ឬជួរកងទ័ពនៅក្រោមអំណាចលោក មិនមែនសុទ្ធតែជា “ឃាតកស្ម័គ្រចិត្ត” willing executioners ឬមនុស្សលក់ខ្លួនដាច់ថ្លៃជូនលោក គ្រួសារលោក និងរបបគ្រប់គ្រងរបស់លោក តែមានខ្មែរ “វិនស្តុន ស្មុីសត៍” Winston Smith ខ្មែរ “ម៉ារ៍ទិន នីម៉ុលឡឺរ៍” Martin Niemoller ដែលស្នេហាសេរីភាពកំពុងធ្វើការញាប់ដៃនិងដោយស្ងាត់ស្ងៀម បានជាលោកហ៊ុនសែនឆ្លៀតអំពាវនាវសុំទាហានជាច្រើននៅឈរពីមុខលោក ឲ្យលាងសំអាតពីជួរទ័ពនូវខ្មែរដែលមិនស្មោះត្រង់នឹងរដ្ឋាភិបាលដោយទទូចថា “ត្រូវកំទេចពួកវាចោលឲ្យអស់” ។ លោកផ្កាយប្រាំភ័យស្លោភ្នែកហើយតើ!

ឱ! តើពាក្យ “ថ្ងៃអង្សា” ដែលខ្ញុំបានយកមកប្រើនៅក្នុងអត្ថបទផ្សេងៗរបស់ខ្ញុំ វាបានលួចមកសំកុកចាំជាស្រេចហើយនៅមាត់ទ្វារមរណាឬយ៉ាងណា ? គ្មានអ្វីគួរភ្ញាក់ផ្អើលទេថារបបគ្រប់គ្រងរបស់លោកហ៊ុនសែនប្រៀបបានទៅនឹងផ្លែឈើទុំរលួយរង់ចាំតែពេលជ្រុះ ឬបើមាននរណាម្នាក់ទៅអង្រួនមែកបន្តិចនឹងជ្រុះហើយ ។ រីឯក្រុមខ្មែរប្រឆាំងរបបផ្តាច់ការវិញ ភាពរញុីរញ៉ៃខ្វះសាមគ្គីភាពនិងឯកភាពដែលដុះចេញពីគំនិតអញ្ញនិយមវាហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សាដែរ ។ មិនត្រូវដេកស្រមៃថាសហគមន៍អន្តរជាតិឬសន្ធិសញ្ញាឯណាមួយនឹងមកបង្វែរដំណើរខ្លួនឲ្យបានចេញផុតពីថ្ងៃអង្សាបានទេ ។ គ្រប់ជំនឿសាសនាធំៗទាំងអស់នៅក្នុងលោកយើងនេះប្រដៅមនុស្សថាគ្មាននរណាមកជួយខ្លួនយើងក្រៅពីយើងជួយខ្លួនយើងនោះទេ ។

ប្រិយមិត្តអ្នកអានដែលតាមដានអត្ថបទខ្ញុំជាអាលជ្ជីក៏បានដឹងយល់យូរណាស់មកហើយថាខ្ញុំមិនមែនជាមនុស្ស “ឱនក្បាលក្រាបប្រណិបត្តិមនុស្ស” ទេ តែខ្ញុំជាមនុស្សដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងលើកតម្កើងគំនិតនិងឧត្តមគតិនីតិរដ្ឋ សេរីភាព សមភាព និងភាពថ្លៃថ្នូររបស់មនុស្សជាតិ ។ ហើយខ្ញុំប្រឆាំងរបបផ្តាច់ការដែលគាបសង្កត់លើគំនិតនិងឧត្តមគតិដូចខាងលើនេះ ។ នៅក្នុងឱកាសដែលខ្មែរខំប្រឹងប្រែងប្រឆាំងនឹងរបបគាបសង្កត់ ខ្ញុំសូមលើកពាក្យពេចន៍របស់ចាស់ទុំខ្មែរដែលបានប្រដៅកូនចៅជាយូរអង្វែងមកហើយថា ៖ គប្បីយក “ឈើវៀចមកធ្វើកង់ ឈើត្រង់មកធ្វើកាំ ឈើសាំរញុំ ាមកធ្វើអុសដុត” ។ ទោះឈើមានលក្ខណៈបែបណាក៏ចាស់ទុំយើងណែនាំយើងឲ្យយកវាមកប្រើដែរ គ្មានអ្វីអត់ប្រយោជន៍នោះទេ ។

ឆ្លៀតពេលនេះ ខ្ញុំសូមរំលឹកបងប្អូនខ្មែរដែលប្រឆាំងនឹងរបបផ្តាច់ការ នូវអត្ថបទខ្ញុំចុះថ្ងៃទី១៥មករាក្រោមចំណងជើងថា “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី” ស្តីពីទស្សនៈ “រលកតូចមួយនៃសេចក្តីសង្ឃឹម” របស់លោក រ៉ប៊ើត កេណ្ណឺឌី Robert F. Kennedy ដែលបានចែងអំពីទឹករលកតូចមួយដែលហូរផុសចេញពីមជ្ឈមណ្ឌលឋាមពលមួយរត់ត្របាញ់ចូលគ្នាជាមួយទឹករលកតូចៗឯទៀតដែលលេចចេញពី “មជ្ឈមណ្ឌលឋាមពលរាប់លានកន្លែង . . . បង្កើតជាចរន្ត . . . ដែលអាចរំលើងចោលបាននូវរបបគាបសង្កត់ដ៏រឹងមាំមួយ” ។ ខ្ញុំសូមអញ្ជើញបងប្អូនភ្ជាប់ “រលកតូចមួយនៃសេចក្តីសង្ឈឹម” ទៅនឹងទស្សនៈដែលខ្ញុំបានសរសេរផ្យាយជារឿយៗថា “ព្រឹត្តិការណ៍ សកម្មភាព និង កាលៈទេសៈដែលកើតមានឡើងជាហូរហែរនិងជាបន្តបន្ទាប់គ្នាអាចហូរត្របាញ់ចូលគ្នារួមបង្កើតជាសន្ទុះមួយរុញច្រានរហូត (សន្ទុះ ) នោះបានទៅដល់ចំណុចកំពូលមួយ ( ហៅថា tipping point) ។ គឺចេញពីចំណុចកំពូលនោះហើយដែលឋាមពល (ដ៏ខ្លាំងក្លា ) មួយធ្លាយចេញមកដែលពិបាកនឹងទប់បាន” ។

លោក ដួង ឫទ្ធិ បាននិយាយរំលឹកខ្ញុំ (ហើយខ្ញុំយល់ស្របទាំងស្រុង ) ថា “កាលៈទេសៈ” នៅក្នុងនិងក្រៅកម្ពុជាសព្វថ្ងៃនេះវាល្អប្រណិតសម្រាប់ការតស៊ូ ។ បើ “ព្រឹត្តិការណ៍” នៅមិនទាន់កើតមានឡើង យើងជាសកម្មជនប្រយុទ្ធយើងអាចប្រើចិត្តនិងគំនិតច្នៃប្រឌិតជម្រុញវាឲ្យកើតមានឡើង ។ រីឯ “សកម្មភាព” វិញ យើងមិនត្រូវនៅចាំបំណាំគ្នាទេ “សកម្មភាព” មួយនៅឯណេះ “សកម្មភាព” មួយទៀតនៅឯណោះបូកបញ្ចូលគ្នាទៅនឹងបង្កើតនូវ “ចរន្ត” ដែលលោក កេណ្ណឺឌី ថាអាច “រំលើងចោល” នូវរបបផ្តាច់ការយ៉ាងរឹងមាំមួយ ។ លោក
ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ បានបង្រៀនថា “ការឆក់យកឱកាសមួយមកធ្វើសកម្មភាពនឹងបើកទ្វារឲ្យឱកាសច្រើនទៀតលេចចេញមកដែលបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការសម្រេចគោលដៅឯទៀត ” ។ បើប្រវត្តិសាស្ត្រជាមេរៀន ខ្ញុំបារម្ភខ្លាចតែ “ចរិត” ខ្មែរបណ្តោយឲ្យឱកាសល្អៗរបូតម្តងមួយៗបាត់ទៅ ។ របបហ៊ុនសែនចាំតែរលំទេ តែមាន “ចរិត” ចោលម្សៀតដែលបង្វែរខ្មែរដែលប្រឆំាងរបបនោះឲ្យរវល់ប្រខាំនិងប្រកាប់គ្នាឯងទៅវិញ ។

លោក Eric Harvey អ្នកឯកទេសឈានមុខផ្នែកសីលធម៌និងការអនុវត្តតាមគុណតម្លៃ និង នាង Michelle Sedas អ្នកនិពន្ធ បានសរសេរក្នុងសៀវភៅមួយឈ្មោះ “ថាមពលកម្រិតតែ ១០% អាចបណ្តាលឲ្យមានការកែប្រែផ្លាស់ប្តូរដ៏ធំធេង” ថា “មនុស្សដែលមានចិត្តប្តេជា្ញទៅលើហេតុផលណាមួយនឹងបណ្តុះគំនិតដែលជាផ្កាភ្លើងបំផុលមនុស្សនានា បង្កើតជាឋាមពល ធ្វើឲ្យចេញជាហេតុផលទៅបំផុសគំនិតនិងទៅបំផុលមនុស្សដទៃទៀតជាបន្តបន្ទាប់ឥតមានឈប់ឈរឡើយ . . . . ” ។

លោកហ្ចរ៍ច អ័រវែល ឈ្មោះដើម Eric Arthur Blair អ្នករិះគន់ជាតិអង់គ្លេសប្រឆាំងរបបផ្តាច់ការ កើតនៅឆ្នាំ១៩០៣ហើយស្លាប់នៅឆ្នាំ១៩៥០ បានសរសេរថា ៖ “សេរីភាពដែលយើងមានវាអាស្រ័យទៅលើមតិសាធារណៈ ។ ច្បាប់មិនមែនជាសំណាញ់ការពារនោះទេ ។ រដ្ឋាភិបាលបង្កើតច្បាប់ ប៉ុន្តែតើច្បាប់នោះត្រូវបានអនុវត្តរបៀបណា ហើយតើប៉ូលីសមានឥរិយាបថយ៉ាងណាដែរ វាអាស្រ័យទៅលើការអធ្យាស្រ័យទូទៅពីសំណាក់សាធារណជន ។ ប្រសិនបើមនុស្សភាគច្រើនចង់បានសេរីភាពក្នុងការបញ្ចេញយោបល់ គេនឹងមានសេរីភាពក្នុងការបញ្ចេញយោបល់ទោះបីមានច្បាប់ហាមមិនឲ្យបញ្ចញយោបល់ក៏ដោយ ។ ប៉ុន្តែប្រសិនបើមតិសាធារណៈនៅតែស្ងាត់ស្ងៀមឥតមានប្រតិកម្មតបតទេ មនុស្សណាដែលអាជ្ញាធរមិនចូលចិត្តនឹងត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញ ទោះបីជាមានច្បាប់សម្រាប់ការពារពួកគេក៏ដោយ”។

លោក ថូម៉ាស់ ហ្ចេហ្វឺសុន Thomas Jefferson បិតាស្ថាបនិកសហរដ្ឋអាមេរិកម្នាក់បានសរសេរថា ៖ “មតិរបស់ប្រជាពលរដ្ឋជាមូលដ្ឋានរបស់រដ្ឋាភិបាលយើង ដូច្នេះគោលដៅចម្បងរបស់យើងគឺការពារមតិរបស់ប្រជាពលរដ្ឋ ។ បើឲ្យខ្ញុំរើសរវាងការមានរដ្ឋាភិបាលមួយដោយឥតមានសារព័ត៌មានឬមានសារព័ត៌មានដោយឥតមានរដ្ឋាភិបាល ខ្ញុំឥតមានការញញើតសោះក្នុងជម្រើសយកសារព័ត៌មានដោយឥតមានរដ្ឋាភិបាល គឺខ្ញុំចង់និយាយថាមនុស្សម្នាក់ៗគប្បីបានទទួលសារព័ត៌មានហើយមានសមត្ថភាពអានសារព័ត៌មាននោះបានផង (១៧៨៧) ។ សារព័ត៌មានជាជួងតែមួយរបស់ប្រជាជាតិ (សម្លេងជួងមិនត្រូវឲ្យបញ្ឈប់ស្នូរឡើយ ១៨០២) ។ គេមិនអាចទប់ទល់កម្លាំងនៃមតិសាធារណៈបានទេនៅពេលដែលមតិសាធារណៈត្រូវបានគេអនុញ្ញាតឲ្យបញ្ចេញដោយសេរី ។ គេត្រូវប្រតិបត្តិតាមការរំជើបរំជួលដែលមតិសាធារណៈបានបង្កើតឲ្យមានឡើង ( ១៨២៣) ។”

ទាំងអស់នេះជាគំនិតសម្រាប់ការតស៊ូប្រឆាំងរបបផ្តាច់ការ ។ នៅក្នុងអត្ថបទលើកក្រោយ ខ្ញុំនឹងជូនគំនិតដែលខ្មែរបច្ចុប្បន្នអាចស្រង់យកមកធ្វើជាមេរៀនអំពីចលនាខ្មែររំដោះជំនាន់ទសវត្សរ៍១៩៨០ ។

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com