ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត
«ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨
| បរមគ្រូ ខុង ជឺ(កើតឆ្នាំ៥៥១ មុនគ ស – ស្លាប់៤៧៩ មុនគ ស)“ អ្នកមិនអាចបើកសៀវភៅមើលហើយមិនបានរៀនអ្វីសោះឡើយពីសៀវភៅនោះ“ |
ជីវិតគឺជាការរៀនសូត្រដែលមិនអាចចៀសវាងបាន ។ គ្មានព្រំដែនសម្រាប់មនុស្សនៅក្នុង ការរៀនសូត្រចេះដឹងទេ ក៏ប៉ុន្តែគ្មានជនណាម្នាក់អាចរៀនចេះដឹងអ្វីបានដែរប្រសិនណាបើ គេគ្មានចិត្តចង់រៀនសូត្រ ។ នាពេលបច្ចុប្បន្ននេះ ក្តារចុចគ្រឿងកុំព្យូទ័រអាចជួយផ្តល់ ព័ត៌មានគ្រប់បែបយ៉ាងដល់យើងដោយងាយស្រួល ។ តែព័ត៌មានដ៏សន្ធឹកសន្ធាប់ទាំងនោះ មិនមែនជា “ចំណេះចេះដឹង” knowledge ទេ វាគ្រាន់តែជា “ប្រភព” នៃចំណេះចេះដឹងតែ ប៉ុណ្ណោះ ។ វាប្រៀបបានទៅនឹងសំបកលៀសមុទ្រដែល យើងរើសយកទៅដាក់ទុកនឹងថ្កល់ នៅក្នុងប្រអប់មួយទុកនៅកៀនជញ្ជាំង ។
ដើម្បីឲ្យព័ត៌មានមានប្រយោជន៍ យើងត្រូវចម្រាញ់វារើសយកតែព័ត៌មានដែលមាន សារៈសំខាន់ ដែលចាំបាច់និងដែលមិនអាចខ្វះបាន what is relevant, necessary, and indispensable។ នៅពេលយើងពិនិត្យសិក្សាប្រធានបទអ្វីមួយ យើងត្រូវវាយតម្លៃ evaluateនិងធ្វើ សំយោគ synthesize ។ របៀបប្រើគុណលក្ខណៈទាំងនេះតម្រូវឲ្យយើងប្រើការគិត ។
ចំណេះដឹងជាផ្កាភ្លើងបញេ្ឆះមនុស្សឲ្យនៅតែចង់ដេញដោលសួររកចម្លើយឥតឈប់ឈរ ឲ្យនៅតែឆ្ងល់នៅតែចង់ចេះចង់ដឹង និងឲ្យខំបង្កើនបញ្ញា ដើម្បីកែលំអនិងធ្វើការកែប្រែឲ្យ កាន់តែប្រសើរឡើងថែមទៀត ។ ខ្ញុំសូមឆ្លៀតនិយាយឡើងវិញថា អ្វីដែលយើងបានចេះនិង ដឹង what we know គ្រាន់តែជារង្វាស់នៃសមត្ថភាពយើងតែប៉ុណ្ណោះ ។ របៀបដែលយើងគិតhow we think វិញទេដែលកំណត់ អនាគតរបស់យើង៖ ជាអនាគតផ្ទាល់ខ្លួនក្តី អនាគត គ្រួសារក្តី អនាគតក្រុមហ៊ុនក្តី អនាគតសង្គមនិងអនាគតប្រទេសជាតិយើងក្តី ដូចពាក្យចាស់ ទុំលោកថា “ចេះដប់មិនដល់ប្រសព្វមួយ” ។ ការទទួលបាន acquisition ចំណេះដឹងជា ដំណើរការល្អ ។ ប៉ុន្តែ របៀបយើងប្រើចំណេះដឹងជាកត្តាសំខាន់សម្រាប់បំពេញបំណង របស់យើង ។ ឧទាហរណ៍ តើរបៀបវោហារសាស្ត្រ “នៅផ្ទះឈ្នះឆ្នោត” វាបានឬមិនបាន ជម្រុញដំណើរខ្មែរប្រជាធិបតេយ្យឲ្យសម្រេចបានឬសម្រេចមិនបាននូវបំណងប្រាថ្នា
ដែលថាជាគោលដៅនោះ?ម្យ៉ាងវិញទៀត តើរបៀបលោកហ៊ុនសែនបានគិតនិង អនុវត្តយុទ្ធសាស្ត្រយកតែពីឈ្នះដៃ ដើម្បីគាត់កាន់អំណាចប្រាំឆ្នាំទៅមុខទៀតវាជា
បច្ចេកទេសផាត់ម្សៅរំដោះកុនមួយរយៈ ពេលខ្លីឬជាដំណើរការមួយដែលអាចកំណត់
ថ្ងៃអង្សារបស់របបផ្តាច់ការ?
ការគិតហ្មត់ចត់មិនមែនជាការបង្ហើរអារម្មណ៍រវើរវាយទេ ។ អ្នកជំនាញខាងគំនិតម្នាក់បាន ប្រើពាក្យថា “ខួរស្វា” monkey brain ដោយលោកប្រៀបធៀបមនុស្សដែលអង្គុយបង្ហើរ អារម្មណ៍ទៅនឹងសត្វស្វាដែលប្រឹងតែហក់លោតពីមែកមួយទៅមែកមួយឥតមានទិសដៅពិតប្រាកដ ។ នៅក្នុងចំណោមធាតុសំខាន់ៗនៃការគិតហ្មត់ចត់ មានជាអាទិ៍ ការសង្កេត observation – ការស៊ើបសួរស្វែងរកចម្លើយ inquiry – ការបកស្រាយinterpretation – ការប្រៀបធៀបដើម្បីរកអ្វីដែលប្រសើរជាងគេ comparison – ការគិតគូរ បូក ដក គុណ ចែក calculation – ការវាយតម្លៃ evaluation – ការសំយោគ synthesis – ការវិភាគ analysis ។ល។ និង ។ល។ ដូច្នេះការគិតហ្មត់ចត់ជាការពិបាកណាស់ ។ វាធ្វើឲ្យមនុស្សចំនួនតិចតួចសុខចិត្ត
ចូលរួមក្នុងសកម្មភាពនេះ ។
យ៉ាងណាមិញមនុស្យលោកជាសត្វមានទម្លាប់ គឺពូកែណាស់ខាងផ្នែក “គិតបន្តពូជ” reproductive thinking ពោលគឺគេបន្តពូជគំនិតដែលធ្លាប់មានមកហើយ បើធ្លាប់បានគិតតែ អញ្ជឹងតាំងតែពីដើមមក តើទៅឈឺក្បាល “គិតបង្កើតផល” productive thinking ស្អីទៅវិញ ? យ៉ាងនេះ មនុស្សលោកភាគច្រើនប្រតិបត្តិ “គំនិតបន្តពូជ ” គេប្រើ “គំនិត ” គេធ្វើ
“ប្រតិកម្ម” តប គេធ្វើ “សកម្មភាព” តាមលំនាំដដែលៗជាស្វ័យប្រវត្តិដោយមិនបាច់គិតគូរ រហូតដល់ “គំនិត” “ទង្វើ” “ប្រតិកម្ម” នានាក្លាយទៅជាស្លែដូចជាឆ្ឆឹងហ្វូស៊ីល fossilដុះឆ្លាក់ ជាប់លើថ្មដែលពិបាកនឹងលុបបាន ។ យ៉ាងនេះហើយបានជាការកែប្រែផ្លាស់ប្តូរជា ការលំបាកណាស់ ព្រោះវាតម្រូវឲ្យមានគំនិតថ្មីនិងរបៀបថ្មីដែលជាបណ្តាសាដល់ អារម្មណ៍មនុស្សដែលឃើញមានផាសុខភាពនិងសន្តិសុខក្នុងទម្លាប់ចាស់ ។
ខ្ញុំបានទទួលអ៊ីម៉ែលមួយពីអ្នកអានម្នាក់នៅភ្នំពេញដែលសរសេរថា ៖ “ខ្ញុំគិតថា ក្នុងការ ចង់ផ្លាស់ប្តូររបបដឹកនាំនិមួយៗគឺទាល់តែប្រជាពលរដ្ឋងើបធ្វើការបះបោរហើយនឹងមាន ការជួយគាំទ្រពីសំណាក់មហាអំណាចយ៉ាងពេញទំហឹង ទើបវាអាចផ្លាស់ប្តូរបាន ។ ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរភាគច្រើនគេបានធុញទ្រាន់នឹងការតស៊ូប្រឆាំងដែលធ្វើឲ្យ មានអសន្តិសុខក្នុងសង្គមនិងការជាប់គុកច្រវ៉ាក់ទៀតហើយ ។ នេះជាការដឹងនិងឃើញ ផ្ទាល់ភ្នែករបស់ខ្ញុំនៅក្នុងពេលបច្ចុប្បន្ននេះ ។ ពួកគេត្រូវការសុខសន្តិភាពដោយគេគិតថា សក់អ្នកណាក្បាលអ្នកហ្នឹង” ។
មានមិត្តខ្ញុំម្នាក់ក៏បានបញ្ជូនមកខ្ញុំនូវពាក្យថ្លែងរបស់សកម្មជននយោបាយម្នាក់នៅភ្នំពេញដែលខ្ញុំសូម ដកស្រង់មកចែករំលែកជូនដល់មិត្តអ្នកអានដូចតទៅ ៖ “ជីវិតខ្ញុំជាតិនេះ សម្លឹងមើលទឹកមុខ សកម្មភាព អត្តចរិតរបស់រាស្ត្រខ្មែរស្ទើរតែរកពាក្យនិយាយទៅកាន់គាត់
មិនបាន ។ ដើមទ្រូង ខួរក្បាលតឹងណែន ឈឺចុកចាប់គ្រប់សរសៃឈាមទាំងអស់ ។ ហេតុអ្វីបានជាពលរដ្ឋនៃ ប្រទេសនេះ អាចរស់នៅជាមួយនឹងសង្គមដ៏ស្មោកគ្រោក សង្គមដ៏អយុត្តិធម៌ សង្គមដ៏លាមក ពេញប្រៀបដោយរឿងរ៉ាវអសីលធម៌ អមនុស្សធម៌ ពុករលួយ ជិះជាន់សង្កត់សង្កិន បឺតជញ្ជក់ គាបសង្កត់ សទៅជាខ្មៅ នេះទៅកើត??? ហេតុអ្វី??? ហេតុអ្វីក៏ពួកគាត់អាច រស់ក្នុងសង្គមតិរិឆ្ឆាននេះបាន? . . . .”
មកដល់ថ្ងៃនេះ យើងទាំងអស់គ្នាត្រូវតែបានយល់និងដឹងគ្រប់គ្រាន់ហើយថា តើអ្វីជា លទ្ធិប្រជាធិបតេយ្យនិងអ្វីជារបបផ្តាច់ការ ។ សង្ខេបយ៉ាងខ្លី លទ្ធិប្រជាធិបតេយ្យអនុញ្ញាតឲ្យ ពលរដ្ឋមានសិទ្ធិនិងសេរីភាពក្នុងការបង្កើនបញ្ញាកែលំអឲ្យប្រសើរថែមទៀត ។ ល័ក្ខខ័ណ្ឌបី យ៉ាងនៅក្នុងលិទ្ធិប្រជាធិបតេយ្យគឺ៖ ពលរដ្ឋមានសិទ្ធិស្មើគ្នា មានឱកាសស្មើគ្នា និងមានការ ទទួលស្គាល់ស្មើគ្នាequal rights, equal opportunities, equal treatment ។ នៅក្នុងរបបផ្តាច់ ការ គេបញ្ជាពលរដ្ឋឲ្យធ្វើតាមគេជាដាច់ខាត ។
ចាស់ទុំខ្មែរបានប្រៀនប្រដៅកូនចៅច្រើនណាស់ ។ ទោះមានខ្មែរយើងខ្លះមើលឃើញការ ប្រៀនប្រដៅមួយចំនួនដូចជាហួសសម័យទៅហើយក្តី ចំពោះខ្លួនខ្ញុំ ខ្ញុំបានរៀនចេះច្រើនពី ដំបូន្មានរបស់ចាស់ទុំខ្មែរ ។ ពាក្យស្លោកមួយដែលខ្ញុំបានយកមកសូត្រនៅគ្រប់ឱកាសល្អ បានចែងថា “អាវៀចយកមកធ្វើកង់ អាត្រង់យកមកធ្វើកាំ អាសាំរញាំយកមកធ្វើអុសដុត ” ។ ខ្ញុំឃើញចាស់ទុំខ្មែរមានគំនិតទូលំទូលាយនិងមើលឃើញវែងឆ្ងាយណាស់ គាត់យល់ថាគ្មានអ្វីឥតប្រយោជន៍ទេ ទាំងវត្ថុ ទាំងមនុស្ស ទាំងធម្មជាតិសុទ្ធតែមានសារៈសំខាន់ អ្វីម្យ៉ាងឲ្យតែយើងមានគំនិតស្រមើស្រមៃចេះច្នៃប្រឌិត ទោះបីឈើដែលរមួលកោងក្រង៉េង ក្រង៉ុងក៏ផ្តល់ប្រយោជន៍ជាអុសដុតដើម្បីដាំបាយឬកំដៅប្រាណពេលរដូវត្រជាក់ដែរ ។ នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមមុខនឹងរបបផ្តាច់ការ យើងគប្បីប្រមែប្រមូល ឈើវៀច ឈើត្រង់ ឈើសាំញំា មកប្រើការ ប្រសិនណាបើយើងប្រាកដជាមានជំនឿមែន ទៅលើគំនិតថាសាម្គីជាកម្លាំង ។ មានពាក្យទូន្មានរបស់ចាស់ទុំខ្មែរមួយទៀតដែលកូនខ្មែរជំនាន់ខ្ញុំក៏បានទន្ទេញចាំស្ទាត់មាត់ដែរថា “ចេះមកពីរៀន ” ។ សំណេររបស់ខ្ញុំអំពីដំណើរការនៃជីវិតតាមរយៈសង្គមូបនីយកម្ម socialization ដែលផ្តើមនៅពេលមនុស្សមានវ័យកូនង៉ែតហើយ ដែលចប់តែនៅពេលមនុស្ស ស្លាប់បញ្ជាក់ថា គឺនៅតាមរយៈសង្គមូបនីយកម្មដែលយើងបាន “ចេះមកពីរៀន ” នោះ ។ សង្គមូបនីយកម្មជាដំណើរការនៃជីវិតដែលមនុស្សក្រេបជញ្ជក់គុណប្រយោជន៍ values និងអាកប្បកិរិយាឬឥរិយាបថ attitudes នៅក្នុងសង្គម ដែលគេយកលំនាំតាមនិងពង្រឹង រហូតដល់វាប្លែងជាធាតុដុះជាប់នឹងខ្លួនពីក្មេងដល់ស្លាប់ ។ ពាក្យថា សង្គមូបនីយកម្ម នយោបាយ ឬ political socialization ជាដំណើរការនៃជីវិតនៅពេលមនុស្សបូកផ្សំការចាប់ អារម្មណ៍ interests ជាមួយនឹងជំនឿ beliefs និងមតិយោបល់ opinions ដែលរួមគ្នាបង្កើត ជាអាកប្បកិរិយាឬឥរិយាបថនយោបាយដែលដុះជាប់នឹងខ្លួនយើង ។ ពាក្យថា វប្បធម៌ នយោបាយ political culture គឺសំដៅទៅអាកប្បកិរិយាឬឥរិយាបថនយោបាយ ព្រមទាំង បទដ្ឋាន norms អារម្មណ៍ feelings របស់ពលរដ្ឋទាំងអស់នៅក្នុងប្រទេស ។ គឺវប្បធម៌នេះ ហើយដែលត្រូវបានឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយទៀត ។ ខ្ញុំធ្លាប់បានសរសេរអំពីភ្នាក់ងារប្រាំពីរបែបនៃសង្គមូបនីយកម្មនយោបាយ មាន ១. គ្រួសារ ២. សាលារៀន ៣. ក្លើម្រាក់ ៤. សាសនា ៥. មុខរបរ ៦. ប្រព័ន្ធផ្សព្វផ្សាយធំៗ ៧. ព្រឹត្តិការណ៍សំខាន់ៗ (ដូចជាការពិសោធន៍ក្រោមរបបខ្មែរក្រហមឬក្រោមរបបកងទ័ព យៀកណាមកាន់កាប់កម្ពុជា ) ។ ភ្នាក់ងារទាំងអស់នេះបង្កើតឥទ្ធិពលទៅលើនិងពត់ បត់បែនអាកប្បកិរិយាឬឥរិយាបថនយោបាយរបស់យើង ហើយជម្រុញឲ្យយើង ដុះវិញ្ញាណយល់ដឹង perception ដែលជម្រុញយើងឲ្យធ្វើឬមិនធ្វើសកម្មភាពអ្វីមួយ ។ ការពិនិត្យសិក្សាអំពីកម្រិតឥទ្ធិពលនៃសង្គមូបនីយកម្មអាចធ្វើឲ្យយើងយល់បានថា យើងជាមនុស្សប្រភេទណានិងអំពីមូលហេតុដែលជម្រុញយើងឲ្យធ្វើឬមិនធ្វើសកម្មភាព ។
ខ្ញុំសូមបន្តភ្ជាប់អត្ថបទនៅថ្ងៃនេះទៅនឹងអត្ថបទខ្ញុំនៅថ្ងៃមុនដែលខ្ញុំបានសរសេរអំពីមិត្តរបស់ខ្ញុំមា្នក់ឈ្មោះ លោក អ៊ុម ស៊ីម និងអំពីគំនិតនិងសកម្មភាពរបស់លោកដែលស្របទៅតាម រូបមន្ត “គិត-ធ្វើ-ក្លាយជា” ដែលព្រះពុទ្ធបានបង្រៀនជាង២៥០០ឆ្នាំមកហើយ ។ ខ្ញុំសូម បន្ថែមពិស្តារនៃដំណើរជីវិតលោក អ៊ុម ស៊ីម ឲ្យស្របតាមក្របខ័ណ្ឌសង្គមូបនីយកម្មដូច មានជូនខាងលើក្នុងបំណងណែនាំលោកអ្នកអានឲ្យសញ្ជឹងគិតថា បើអាកប្បកិរិយាឬ ឥរិយាបទនយោបាយរបស់ខ្មែរដ៏សាមញ្ញមួយរូបដូចលោក អ៊ុម ស៊ីម អាចត្រូវបានពត់ បត់បែនដោយសង្គមូបនីយកម្មបណ្តុះវិញ្ញាណយល់ដឹងហើយបានក្លាយទៅជាសកម្មជន ធ្វើសកម្មភាពនយោបាយដែលមានឥទ្ធិពលទៅលើទិសដៅនៃនយោបាយខ្ពស់របស់ប្រទេសជាតិ តើវាមានកត្តាអ្វីដែលមិនជម្រុញលោកអ្នកអានឲ្យចូលរួមក្នុងការតស៊ូដើម្បីអនាគត ប្រទេសជាតិ?
នៅពេលកុមារ អ៊ុម ស៊ីម មានអាយុ ៧-៨ ឆ្នាំ ស្រុកកោះសូទិន ខេត្តកំពង់ចាមមិនទាន់មាន សាលារៀននៅឡើយ ឪពុកម្តាយក៏យកកូនទៅផ្ញើព្រះគ្រូនៅវត្តជីហែអស់រយៈពេល ជាងមួយឆ្នាំ ។ លុះដល់សាលារៀនបានកើតមានឡើង កុមារ អ៊ុម ស៊ីម ក៏បានចូលរៀន ចាប់ពីថ្នាក់កុមារដ្ឋានរហូតដល់បានចូលអនុវិទ្យាល័យព្រះស៊ីហនុកំពង់ចាម ។ ជាក្មេង
ម្នាក់ឆ្លាត មានប្រាជ្ញាវាងវៃ ចេះគួរសមនិងគោរពរាប់អានញាតិមិត្តជិតឆ្ងាយហើយដោយ មានទេពកោសល្យក្នុងការនិយាយស្តីផងនិងចូលចិត្តអានសៀវភៅផង កុមារ អ៊ុម ស៊ីម ក៏ផ្តើមគំនិតអានសៀវភៅផ្សេងៗជូនលោកតា លោកយាយ និងញាតិមិត្តស្តាប់ហើយបាន ក្លាយទៅជាក្មេងម្នាក់ដ៏ជាទីស្រឡាញ់របស់មនុស្សផងទាំងពួងផងនិងបានទទួល
នំចំណីទទួលទានផង ។
នៅពេលនិស្សិត អ៊ុម ស៊ីម រៀននៅអនុវិទ្យាល័យកំពង់ចាម អារម្មណ៍ស្រឡាញ់ប្រទេសជាតិ បានដុះកើនខ្លាំងឡើង ជម្រុញគាត់ឲ្យណែនាំនិសិ្សតអនុវិទ្យាល័យធ្វើបាតុកម្មប្រឆាំងនឹង អាណានិគមបារាំងដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជា ។ លុះដល់ពេលនិស្សិត អ៊ុម ស៊ីម បន្តការរៀនសូត្រនៅវិទ្យាល័យស៊ីសុវត្តិនៅភ្នំពេញ កេរ្ត៍ឈ្មោះគាត់បានលេចឮនៅក្នុង
មជ្ឈដ្ឋានសិក្សារាប់តាំងពីរដ្ឋមន្ត្រីចុះក្រោម ខណៈដែលគាត់បានប្រឡង “បាក់អង ”
Baccalaureat 1ere partie ជាប់លេខ ១ ទាំងខាងភាសាជាតិនិងទាំងខាងភាសាបារាំង នៅឆ្នាំ១៩៥១ ។ និស្សិត អ៊ុម ស៊ីម មិនបានប្រឡង “បាក់ឌុប” ទេព្រោះរវល់ធ្វើបាតុកម្ម ប្រឆាំងនឹងអាណានិគមបារាំងនិងរវល់រត់គេចខ្លួនពីអាជ្ញាធរដែលស្វែងរកចាប់លោក ។ នៅពេលនោះ និស្សិត អ៊ុម ស៊ីម និងនិស្សិតវិទ្យាល័យស៊ីសុវត្តិមួយចំនួនរត់ទៅចូលរួម ជាមួយចលនាខ្មែរឥស្សរៈនៅលើភ្នំដងរ៉ែក ។ លោកបានក្លាយទៅជាមេដឹកនាំសំខាន់
ម្នាក់នៅក្នុង “ចលនាឥស្សរៈរួមខ្មែរបម្រើជាតិ ” ហើយលោកបានស្វាគមន៍ទទួល លោកអនុសេនិយទោ ដួង ចន្ទសារ៉េតនិងកងអនុសេនាធំមួយកងប្រកបទៅដោយសម្ភារៈ សឹក ដែលបានមកចូលរួមជាមួយចលនាខ្មែរឥស្សរៈ ។ លោកត្រូវបានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅពេលលោកបំពេញបេសកកម្មតស៊ូនៅខេត្តកំពង់ធំដែលតម្រូវឲ្យគេដឹកលោកទៅ ព្យាបាលនៅពេទ្យព្រះកេតុមាលានៅភ្នំពេញ ។ នៅពេលយុទ្ធនាឃោសនាបោះឆ្នោត សកលជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ១៩៥៥ ថ្វីមាត់លោក អ៊ុម ស៊ីម បានធ្វើឲ្យនគរបាល សម្តេច ស៊ីហនុ ចាប់លោកដាក់គុកអស់ជាច្រើនខែ ។
ពេលចេញពីគុក លោកបានចូលរៀនវិញ ។ នៅឆ្នាំ១៩៥៦ លោកបានប្រឡងជាប់
“បាក់ឌុប ” រួចក៏បានបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ផ្នែកវិស្វករអគ្គិសនីនៅសហរដ្ឋ
អាមេរិករហូតដល់ឆ្នាំ១៩៦២ ពេលលោកបានចូលធ្វើការនៅក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ។
នៅភ្នំពេញ បញ្ហាទីមួយដែលលោកត្រូវដោះស្រាយគឺ ធ្វើការតវ៉ានឹងការបន្ទាបតម្លៃ សញ្ញាប័ត្រមកពីសហរដ្ឋអាមេរិកដែលគេបានដាក់ឲ្យនៅក្រោមសញ្ញាប័ត្រមកពីប្រទេស បារំាង ។ ជោគជ័យរបស់លោកបានធ្វើឲ្យមានការទទួលស្គាល់តម្លៃស្មើគ្នារវាងសញ្ញាប័ត្រ មកពីសហរដ្ឋអាមេរិកនិងសញ្ញាប័ត្រមកពីប្រទេសបារាំង ហើយនិងតម្លៃស្មើគ្នាដល់ សញ្ញប័ត្រមកពីប្រទេសផ្សេងទៀត មានប្រទេសរុស្ស៊ីនិងប្រទេសខ្មែរផងដែរ ។
ក្នងនាមជាអ្នកប្រតិបត្តិរូបមន្ត “គិត-ធ្វើ-ក្លាយជា ” នៅឆ្នាំ១៩៦៥ លោក អ៊ុម ស៊ីម បានបង្កើត ម៉ាស៊ីនតេឡេព្រឺនទ័រ teleprinter ដែលប្រើតួអក្សរខ្មែរនិងតួអក្សរឡាតាំង ដោយមាន សហការពីវិស្វករនៃក្រុមហ៊ុន Nippon Telegraph and Telephone (NTT) នៅពេលលោកនៅ ធ្វើជាចាងហ្វាងសាលាអប់រំវិជ្ជាជីវៈប្រៃសណីយ៍និងទូរគមនាគមន៍ ។ នៅឆ្នាំ១៩៦៥-១៩៧០ លោកទទួលតំណែងបន្ថែមជាអភិបាលនិងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យអេឡិច ត្រូណិចស៍នៃសកលវិទ្យាល័យបច្ចេកទេសនៅភ្នំពេញ ។ នៅក្នុងឆ្នាំ១៩៧០-១៩៧១ លោកបានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ នៅឆ្នាំ ១៩៧១-១៩៧៣ លោកបានឡើងកាន់តំណែងជាជំនួយការពិសេសរបស់នាយករដ្ឋមន្ត្រីនិង រដ្ឋមន្ត្រីក្រសួងការបរទេសនិងជាឯកអគ្គរដ្ឋទូតគោចរ ។ នៅឆ្នាំ១៩៧៣-១៩៧៥
លោក អ៊ុម ស៊ីម បានកាន់តំណែងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរប្រចាំទី ក្រុងវ៉ាស៊ីនតោន ឌីស៊ី រហូតដល់ប្រទេសខ្មែរបានធ្លាក់ក្នុងអំណាចខ្មែរក្រហម ។ ដប់ឆ្នាំ ក្រោយមក នៅឆ្នាំ១៩៨៥ លោកបានធ្វើជាតំណាងចលនាតស៊ូខ្មែរប្រឆាំងនឹងកងទ័ព យៀកណាមដែលមានឈ្មោះថា “រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ប្រចាំអង្គការ សហប្រជាជាតិ ។
រហូតដល់ពេលលោកទទួលមរណភាពនៅសហរដ្ឋអាមេរិកនៅខែឧសភាឆ្នាំ២០១៨ លោក អ៊ុម ស៊ីម ជាខ្មែរមួយរូបដែលមិនប្រកាន់វណ្ណៈ ។ លោកបានប្រកាន់ខ្ជាប់នូវឧត្តមគតិ ស្នេហាជាតិហើយបានចំណាយពេលវេលាដាស់សតិស្មារតីកូនខ្មែរឲ្យមានចិត្តស្រឡាញ់ ជាតិមាតុភូមិ ។ លោកជាខ្មែរមួយរូបដែលមានជំនឿស៊ុបទៅលើឥទ្ធិពលនៃការត្រិះរិះ ពិចារណា ។ លោកតែងបានសំណេះសំណាលជាមួយខ្ញុំថា គ្មានបញ្ហាណាដែលអាច ធន់បាននឹងការវាយប្រហារឥតឈប់ឈររបស់ការស្រមើស្រមៃច្នៃប្រឌិតវិជ្ជមាន
របស់មនុស្សលោកទេ ។
ខ្ញុំជឿថាខ្មែរយើងមានកុមារខ្មែរ អ៊ុម ស៊ីម និងបុគ្គលខ្មែរ អ៊ុម ស៊ីម ជាច្រើននាក់ទៀត ហើយខ្ញុំមានកិត្តិយសសូមអញ្ជើញលោកអ្នកទាំងនោះមេត្តាក្រោកឈរឡើងតស៊ូប្រឆាំង នឹងរបបផ្តាច់ការ ។ ដូចលោកតែងបានថ្លែងមិនចប់មិនហើយ “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត”! ៕
| បរមគ្រូ ខុង ជឺ(កើតឆ្នាំ ៥៥១ មុនគ.ស-ស្លាប់ឆ្នាំ៤៧៩ មុនគ.ស) “ភាពរុងរឿងដ៏អស្ចារ្យរបស់យើងមិនមែននៅក្នុងការយើងមិនដែលធ្លាក់ចុះនោះទេ តែនៅក្នុងការយើងងើបឡើងវិញនៅរាល់ពេលក្រោយយើងបានធ្លាក់ចុះ” |
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក (ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោក រស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website “គំនិតខ្មែរ” របស់លោកតាម អាសយដ្ឋាន www.kumnitkhmer.com ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com