ទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី១
ទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី១
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨
|

ខ្ញុំបានសង្កេតឃេីញមានក្នុងសារឆ្លងឆ្លេីយគ្នារវាងខ្មែរនិងខ្មែរ (ជាពិសេសខ្មែរតាំងខ្លួនជាប្រជាធិបតេយ្យ ) បង្ហេីរតាមប្រព័ន្ធអិនធឺណិត ហាក់ដូចជាមានកង្វល់ខ្លាំងខ្លាចគេមិនដឹងថាខ្លួនជាអ្នកក្លាហាន អ្នកស្នេហាជាតិ ឬជាអ្នកមានគំនិតយល់ដឹង ។ អ្នកខ្លះជាប់ចិត្តប្រេីអារម្មណ៍ឆៅ ដូចជាដាក់បណ្តាសាយួន ចិន និងហ៊ុនសែន ។ ខ្លះទៀតខ្វល់ខ្វាយអំពីការបន្តពូជគំនិតចាស់គំរិលដោយផ្តោតលេីសេចក្តីគោរព កោតខ្លាច ស្មោះត្រង់ បម្រេី និងការពារមេកោយរហូតស្លាប់ខ្លួន ជាជាងចំណាយពេលនិងកម្លាំងប្រាជ្ញាណែនាំអប់រំខ្មែរឲ្យចេះគិតគូរពិចារណារួចគោរព កោតខ្លាច ស្មោះត្រង់ បម្រេី និងការពារគំនិត ឧត្តមគតិ គោលការណ៍ដេីម្បីកសាងអនាគតភ្លឺស្វាងសម្រាប់ប្រទេសជាតិ ។ កង្វះនៃលំអោនកាយបន្ទាបខ្លួន humility ដែលព្រះបរមគ្រូ ខុង ជឺ កេីតនៅឆ្នាំ៥៥១ និងស្លាប់នៅឆ្នាំ៤៧៩ មុនគ្រិស្តសករាជ បានហៅថាជា “គ្រឹះនៃគុណធម៌ទាំងអស់” គឺជាឧបសគ្គធំមួយសម្រាប់ខ្មែរក្នុងការស្វែងរកសាមគ្គីភាព ។
នៅក្នុងអត្ថបទ “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ” ខ្ញុំបានលេីកពាក្យសំដីរបស់ទស្សនវិទូជាតិអាល្លឺម៉ង់ម្នាក់ដែលថ្លែងរំលឹកថា ទោះបីអ្នកចេះដឹងហេីយក៏នៅមិនទាន់គ្រប់គ្រាន់ អ្នកត្រូវតែអនុវត្ត និងទោះបីអ្នកមានឆន្ទៈហេីយក៏នៅមិនគ្រប់គ្រាន់ដែរ អ្នកត្រូវតែធ្វេីសកម្មភាព ។ កាលពីបួន សតវត្សមុនគ្រិស្តសករាជ ព្រះបរមគ្រូ ខុង ជឺ បានបង្រៀនមនុស្សលោកថា មនុស្សដែលមានវិញ្ញាណឧត្តមជាមនុស្សមានឆន្ទៈ ឯមនុស្សដែលមានវិញ្ញាណទន់ខ្សោយជាមនុស្សមានតែចំណង់ ។ ព្រះសម្មាសម្ពុទ្ធដែលចាប់កំណេីតមុនព្រះបរមគ្រូ ខុង ជឺ បន្តិចក៏បានបង្រៀនមនុស្សលោកដែរថា មនុស្សជាលទ្ធផលនៃគំនិតដែលពួកគេបានយកទៅបង្កេីតពិភពមួយសម្រាប់រស់នៅ ។ ដូច្នេះមនុស្សជាអ្នកទទួលខុសត្រូវចំពោះអ្វីៗទាំងអស់ដែលកេីតមាននៅជុំវិញខ្លួន ព្រោះវាបានកេីតឡេីងដោយសារគេបានឬមិនបានបង្កេីតវា ។ ខ្មែរស្ទេីរតែទូទៅដែលគោរពកោតសរសេីរអ្នកដឹកនាំវិញ្ញាណនិងនយោបាយឥណ្ឌា លោក មហាត្មះ គន្ធី ត្រូវចាំពាក្យពេចន៍លោកថ្លែងថា៖ “គឺរូបអ្នកនេះហេីយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃេីញនៅក្នុងលោក” ។
ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរដែលមានកំណេីតមុនគ្រិស្តសករាជ បង្ហាញថាខ្មែរមានវប្បធម៌និងអរិយធម៌ខ្ពង់ខ្ពស់ជាជាតិចម្បងក្នុងអាស៊ីអាគ្នេយ៍ ។ ប៉ុន្តែសព្វថ្ងៃ ខ្មែរហាក់ដូចជារស់នៅក្នុងភាពផ្ទុយគ្នាក្នងបដិវាទកម្ម៖ សភាវៈម្យ៉ាង ប្រពៃណីវប្បធម៌ខ្មែររាប់រយឆ្នាំបានពត់បត់បែនចិត្តគំនិតនិងឥរិយាបថខ្មែរឲ្យចេះតែគោរពកោតខ្លាចទទួលសម្របសម្រួលក្នុងជីវិតនៅក្រោមបុគ្គលដឹកនាំ ។ សភាវៈម្យ៉ាងទៀត ការកែប្រែផ្លាស់ប្តូរក្នុងសង្គមឲ្យមានសេរីភាពនិងសិទ្ធិមនុស្សជាដំណេីរអភិវឌ្ឍន៍នៃពិភពទំនេីប ។ អ្នកជំនាញម្នាក់បានទូន្មានថាការកែប្រែផ្លាស់ប្តូរក្នុងសង្គមអាចចាប់ផ្តេីមទៅបានល្គឹកណាបុគ្គលម្នាក់ៗកែប្រែផ្លាស់ប្តូរខ្លួនឯងសិន ។
ខ្ញុំជឿថាមនុស្សដែលបានបណ្តុះវិញ្ញាណឧត្តមគឺមានឆន្ទៈពុះពារឧបសគ្គគ្រប់បែបយ៉ាង
ស្របនឹងសំដីបិតាស្ថាបនិកម្នាក់នៃសហភាពអុឺរ៉ុប លោក ហ្សង់ ម៉ុណ្ណេ ជាតិបារាំង ដែលពោលថា ៖ “គ្មានអ្វីអាចកេីតឡេីងបានទេបេីគ្មានមនុស្ស” ។ ខ្ញុំគ្មានការសង្ស័យថាការកែប្រែផ្លាស់ប្តូរនៅប្រទេសកម្ពុជាមិនអាចប្រព្រឹត្តទៅបាននោះឡេីយ ។
មានអ្នកអានម្នាក់បានសរសេរចំអកដាក់ខ្ញុំព្រោះខ្ញុំបានបញ្ចេញគំនិតខ្ញុំថាមិនចាំបាច់ខ្មែរមួយនគរទេដេីម្បីធ្វេីឲ្យមានការកែប្រែផ្លាស់ប្តូរនៅប្រទេសកម្ពុជា ។ ប្រវត្តិសាស្ត្រពិភពលោកបានសំដែងឲ្យឃេីញថាមានបដិវត្តន៍ដែលចាប់ផ្តើមឡេីងដោយមានមនុស្សតែពីរបីរូបប៉ុណ្ណោះ ។ ពួកគេបានបំផុលមនុស្សឲ្យកេីនចំនួនកាន់តែច្រេីនឡេីងចូលរួមក្នុងបដិវត្តន៍នោះ ។ ឧទាហរណ៍ជាក់ស្តែងមួយគឺបដិវត្តន៍នៅប្រទេសទុយនីហ្សីថ្មីៗនេះបានកេីតឡេីងដោយសារក្មេងទុគ៌តម្នាក់ដុតខ្លួនធ្វេីអត្តឃាតបន្ទាប់ពីប៉ូលីសធ្វេីទុក្ខបុកម្នេញក្មេងនោះ ។ ទោះបីអ្នកបដិវត្តន៍មានការលំបាកខ្លាំងណាស់ក្តី ហេីយមានខ្លះមិនទាំងដែលបានស្គាល់រសជាតិនៃជោគជ័យផង ក៏ពួកគេពេញចិត្តថាយ៉ាងហោចណាស់ពួកគេបានបង្ហូរញេីសបង្ហូរឈាមក្នុងកិច្ចប្រឹងប្រែង មិនមែននៅដេកស្ងៀមរង់ចាំរបបផ្តាច់ការ “ដកស្លាបសត្វ ម្តងមួយៗ” ហេីយយកច្រវាក់មកវណ្ឌកពួកគេឡេីយ ។ ឆន្ទៈដ៏ម៉ឺងម៉ាត់អស្ចារ្យអាចបេីកទ្វារឲ្យ
អព្ភូតហេតុ miracles ផ្សេងៗចូលបាន ។ ចំណង់ប្រាថ្នាវាបានត្រឹមតែចង់ វាមិនរុញឲ្យទៅមុខទេ ។
នៅក្នុងប្រវត្តិបញ្ហាខ្មែរ មានវរជនខ្មែរច្រេីននាក់ណាស់ដែលបានធ្វេីពលិកម្មក្នុងកិច្ចប្រឹងប្រែងកែប្រែផ្លាស់ប្តូរសង្គម ។ នៅក្នុងសំណេរខ្ញុំ ខ្ញុំបានពិពណ៌នាអំពីមិត្តជិតប្រាំទសវត្សរ៍របស់ខ្ញុំឈ្មោះ លោក អ៊ុម ស៊ីម អតីតឯកអគ្គរដ្ឋទូតខ្មែរនៅសហរដ្ឋអាមេរិក ដែលជាអតីតសកម្មជនតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង តាំងពីពេលលោកនៅជានិសិ្សតម្លេ៉ះ ។ លោកបានលះបង់ចូលរួមជាយុទ្ធជនក្នុង “ប្រជាចលនាឥស្សរៈរួមខ្មែរបម្រេីជាតិ” ក្រោមការដឹកនាំរបស់លោក សុឺង ង៉ុក ថាញ់ — សូមអញ្ជេីញអាន “បុគ្គល គំនិត សកម្មភាព លទ្ធផល” ចុះថ្ងៃទី២២សីហា និង “ទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត” ចុះថ្ងៃទី៣កញ្ញា ២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com ។ ខ្ញុំបានសរសេរដែរអំពីលោក ដួង ឫទ្ធិ ដែលស្កាត់ទៅជួបខ្ញុំនៅពេលព្យុះសង្ឃរា Florence វាយសង្គ្រប់លេីតំបន់ឆ្នេរខាងកេីតសហរដ្ឋអាមេរិក ។ លោក ដួង ឫទ្ធិ ធ្លាប់ស្គាល់លោក អ៊ុម ស៊ីម ហេីយមានចិត្តគំនិតដូចលោក អ៊ុម ស៊ីម ដែរ — សូមអានអត្ថបទ “ពីនេះពីនោះ រហូតមកដល់លោក ដួង ឫទ្ធិ” ចុះថ្ងៃទី២៦កញ្ញា និង “បក្សាបក្សីដែលមានពូជដូចគ្នា” ចុះថ្ងៃទី១០តុលា ២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ដែរ ។ ខ្ញុំសូមបេីកវង់ក្រចកជូនការកែតម្រូវមួយពីជំនួយរបស់លោក ដួង ឫទ្ធិ ថាលោក ដួង ឫទ្ធិ មានកំណេីតនៅ “ផ្សារស៊ីញ៉ែក” មិនមែនជា “ខ្មែរកម្ពុជាក្រោម” ដូចខ្ញុំបានសរសេរទេ ។ រឿងលោកដួងឫទ្ធិ នៅមានវែងឆ្ងាយតទៅទៀតបេីតាមខ្ញុំសន្និដ្ឋាន ។ លោក ដួង ឫទ្ធិ និងលោក អ៊ុម ស៊ីម ជាមនុស្សមានឧត្តមគតិខ្ពង់ខ្ពស់ដូចជាវរជនខ្មែរឯទៀតជាច្រេីននាក់ដែរ ។
មនុស្សដែលកេីតមកនឹងត្រូវស្លាប់នៅថ្ងៃណាមួយ ប៉ុន្តែគំនិតមិនស្លាប់ជាមួយមនុស្សទេ គំនិតល្អ ឱត្តមគតិល្អ គោលការណ៍ល្អ នៅរស់រានជាដរាប ។ ការប្រៀនប្រដៅជាង២៥០០ឆ្នាំមកហេីយរបស់ព្រះបរមគ្រូ ខុង ជឺ ឬព្រះសម្មាសម្ពុទ្ធ ឬការប្រៀនប្រដៅជាង២០០០ឆ្នាំមកហេីយរបស់បិតាស្ថាបនិកនៃអរិយធម៌បស្ចឹមប្រទេស លោក សូក្រាត លោក ប្លា តុង លោក អារីស្តូត នៅរស់រានរហូតសម្រាប់ឲ្យយេីងរៀនរហូតដល់បច្ចុប្បន្ន ។
នៅប្រទេសខ្មែរ លោក កែម ឡី ដែលខ្ញុំមិនដែលបានជួបផ្ទាល់ទេ តែលោកធ្លាប់បានយោង
សំណេរខ្ញុំនៅពេលលោកធ្វេីសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ។ លោកជាវីរជនខ្មែរមួយរូបដែលបានស្លាប់ទៅហេីយ តែគំនិតលោកនិងសំណេរលោកមួយចំនួនធំមិនបានស្លាប់ជាមួយនឹងលោកទេ គឺនៅរស់រានសព្វថ្ងៃហេីយបានក្លាយជាមគ្គុទេសក៍ណែនាំអប់រំកូនខ្មែរទៀតផង ។ កេីតនៅខេត្តតាកែវ លោក កែម ឡី ជាបញ្ញវន្តខ្មែរមានបរិញ្ញាបត្រអនុបណ្ឌិត Master ផ្នែកសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យជូឡាឡុងកន និង បរិញ្ញាបត្របណ្ឌិត Ph.D. ពីសកលវិទ្យាល័យម៉ាឡាយូ ។ លោក បណ្ឌិត កែម ឡី បានត្រូវគេបាញ់សម្លាប់នៅខែកក្កដា២០១៦ បន្ទាប់ពីលោកបានលាតត្រដាងប្រាប់ប្រជាជាតិខ្មែរអំពីរបាយការណ៍របស់អង្គការ Global Witness ស្តីពីគ្រួសារលោកហ៊ុនសែនមានប្រាក់យ៉ាងតិច ២០០ លាន ដុល្លារ ។ លោកមិនមែនមិនយល់អំពីគ្រោះថ្នាក់នៅចំពោះមុខលោកទេ តែនៅក្នុងរឿងជាតិលោកមិនដែលរួញរានឹងនិយាយការពិត ។ ពេលលោកនៅរស់ លោកចំណាយពេលវេលាក្នុងកិច្ចប្រឹងប្រែងកសាងកម្ពុជាថ្មីនិងចែករំលែកគំនិតណែនាំអប់រំបងប្អូនខ្មែរឲ្យចេះមានចិត្តគំនិតគិតរឿងជាតិ ។ ទាំងនេះធ្វេីឲ្យខ្ញុំនឹកដល់ពេលខ្ញុំបានចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ត១០០ថ្ងៃរបស់មិត្តរួមគំនិតនិងរួមសកម្មភាពរបស់ខ្ញុំម្នាក់ទៀត គឺលោក ស្រី ភាជ ។ ព្រះសង្ឃទេសនាអំពីការស្លាប់ឥតប្រយោជន៍របស់អ្នកខ្លះនិងការស្លាប់ខ្លះទៀតដែលមានប្រយោជន៍ព្រោះអ្នកដែលស្លាប់មិនត្រឹមតែបានធ្វេីជាប្រយោជន៍យ៉ាងសន្ធឹកសម្រាប់មនុស្សធម៌ទេតែស្លាប់ទៅហេីយក៏បានទុកគំនិតណែនាំអប់រំដល់មនុស្សដែលនៅរស់នៅឡេីយផង ។
សកម្មភាពរបស់វរជនខ្មែរខាងលេីនេះ (និងវរជនខ្មែរជាច្រេីននាក់ទៀតដែលខ្ញុំនឹងសរសេរនៅពេលឱកាសហុចឲ្យ ) ជាចម្លេីយចំពោះទស្សនវិទូជាតិអាល្លឺម៉ង់ យោហ៉ាន វ៉ុលហ្វ៍ហ្គាំង វ៉ុន ហ្គេីថេ Johann Wolfgang von Goethe ដែលទូន្មានថាបេីចេះដឹងហេីយត្រូវអនុវត្ត បេីមានឆន្ទៈហេីយត្រូវធ្វេីសកម្មភាព ។
ខ្មែរសម័យឥឡូវនេះក៏បានយល់ដឹងនិងឃេីញគ្រប់គ្រាន់ហេីយនូវការគ្របគ្រងបែបលោក ហ្ចរ៍ច អ័រវែល George Orwell (សូមអានអត្ថបទ “ដប់ប្រាំបួន-ប៉ែតសិបបួន” ថ្ងៃទី២៦ កុម្ភះ២០១៨ ក្នុងគេហទំព័រ “គំនិតខ្មែរ” ) និងការគ្របគ្រងបែបហ្វាស់ស៊ីសនិយមរបស់លោក បេនីតូ មូស្សូលិនី Benito Mussolini “ដកស្លាបសត្វមួយម្តងៗ” (សូមអានអត្ថបទ “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ” ចុះថ្ងៃទី៥វិច្ឆិកា គេហទំព័រ “គំនិតខ្មែរ” ) បេីយល់ដឹងនិងឃេីញហេីយ ហេីយមានចិត្តចង់កែប្រែផ្លាស់ប្តូរទៀតផង តេីគួរចាប់ផ្តេីមប្រេីគំនិតត្រិះរិះពិចារណាធ្វេីការច្នៃ
ប្រឌិតតាមពាក្យទូន្មានរបស់ព្រះពុទ្ធក្នុងរូបមន្ត “គិត-ធ្វេី-ប្រែក្លាយ” ឬ Think-Act-Become ? គំនិតឆ្នៃប្រឌិតជាគូបដិបក្សនឹងគំនិតគិតតាមទម្លាប់ Creative Thinking versus Reproductive Thinking ។
ខ្ញុំសូមអញ្ជេីញបងប្អូនអានអត្ថបទ “ទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី២” ទៀតនៅថ្ងៃស្អែកៗនេះ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com