និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី២
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

សេរីភាពក្នុងការនិយាយស្តី
សេរីភាពក្នុងជំនឿ
សេរីភាពពីការអត់ឃ្លាន
សេរីភាពពីការភ័យខ្លាច
Franklin D Roosevelt 1882-1945 Thirty-Second US President
លោក ហ្វ្រាំងគ្លិន រ៉ូហ្សេីវែល ១៨៨២-១៩៤៥ អតីតប្រធានាធិបតីទី៣២នៃសហរដ្ឋអាមេរិក
ខ្ញុំបានរំលឹកជាញឹកញាប់នូវពាក្យទូន្មានមួយថា បេីចេះដឹងហេីយត្រូវអនុវត្ត បេីមានឆន្ទៈហេីយត្រូវធ្វេីសកម្មភាពឡេីង ព្រោះថាយុទ្ធសាស្ត្រ“ដកស្លាបសត្វម្តងមួយៗ” របស់របបហ្វាស់ស៊ីសនិយម វាបង្កេីតឲ្យមានស្ថានភាព “ស្ងប់ស្ងាត់”មិនជ្រួលច្របល់មួយ ។ រឿង “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ”ដំបូងឡេីយកង្កែបវាសប្បាយនឹងទឹកត្រជាក់នៅក្នុងឆ្នាំង ។ ប្រសិនបេីគេបន្ថែមចំណីអាហារបន្តិចបន្តួចឲ្យវានៅក្នុងឆ្នាំងទឹកត្រជាក់នោះទៀត កង្កែបនឹងត្រេកត្រអាលដូចបានឡេីងឋានសួគ៌ ។ លុះដល់ទឹកត្រជាក់នោះត្រូវគេលួចបង្កាត់ភ្លេីងដុតកម្តៅវាបន្តិចម្តង កង្កែបដែលកំពុងត្រេកត្រអាលនៅក្នុងឆ្នាំងរលាករលួយខ្លួនដល់ក្តីមរណាទៅហេីយទំរាំតែដឹងថាទឹកត្រជាក់ដែលវាហែលសប្បាយក្នុងឆ្នាំងនោះចាប់ផ្តេីមពុះកញ្ជ្រោល ។
របបផ្តាច់ការហ្វាស់ស៊ីសនិយមវាមិនបញ្ចេញរូបភាពទាំងមូលមកសង្គ្រប់លេីពលរដ្ឋទេ ។ វាបង្ហាញរូបភាពឯណេះបន្តិចឯណោះបន្តិចដូចសត្វអំពិលអំពែកដេីម្បីកុំឲ្យមនុស្សចាប់អារម្មណ៍ ។ ទម្រាំតែពលរដ្ឋភ្ញាក់ខ្លួន ច្រវាក់ទាសភាពវាបានចងរឹតរេីលែងរួចទៅហេីយ ដូចសត្វបក្សីដែលត្រូវគេបានដកស្លាបអស់ពីខ្លួន និងកង្កែបដែលស្លាប់តៃហោងនៅក្នុងឆ្នាំងទឹកក្តៅអញ្ចឹង ។
បេីយេីងយករូបមន្ត “គិត-ធ្វេី-លទ្ធផល”ដែលព្រះពុទ្ធនិងវិញ្ញូល្បីឈ្មោះក្នុងលោកបានបង្ហាត់បង្រៀនមនុស្សរាប់រយ រាប់ពាន់ឆ្នាំមកហេីយមកអនុវត្ត យេីងអាចនឹងចៀសវាងវាសនាបក្សីអស់ស្លាបនិងកង្កែបស្ងោរក្នុងឆ្នាំងទឹកក្តៅបាន ។
អ្នកអានសំណេររបស់ខ្ញុំជាអាលជ្ជីគួរសន្មត់បានរួចហេីយថា តាំងតែពីខ្ញុំបានលាចេញពីក្នុងជួរចលនារំដោះជាតិនៅឆ្នាំ១៩៨៩ ហេីយជ្រេីសរេីសអាជីពថ្មីផ្នែកបង្ហាត់បង្រៀនវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ ខ្ញុំបានផ្តេីមបំពេញភារៈកិច្ចដែលគេទុកជាប្រពៃណីនៃសាស្ត្រាចារ្យពោលគឺ ១. ធ្វេីការពិពណ៌នាដោយពិចារណានិងឥតលំអៀងនូវវិធានបទដែលសិក្សានិងពិនិត្យ ២. ធ្វេីការវិភាគនិងពន្យល់នូវបុព្វហេតុ/មូលហេតុនិងផលប៉ះពាល់ ៣. ធ្វេីការព្យាករណ៍អំពីលទ្ធភាពដែលអាចមាន រួចដាក់ជូនឬក៏ផ្តល់ការណែនាំខ្លះៗដល់អ្នកសម្រេចមាគា៌នយោបាយឲ្យគេធ្វេីទៅតាមការគេយល់ឃេីញ ។
ស្របនឹងភារៈកិច្ចនោះ ខ្ញុំបានផ្តួចផ្តើមសរសេរដោយប្រេីបញ្ញានិងគំនិតច្នៃប្រឌិតស៊ីជំរៅដេីម្បីចែករំលែកចំណេះដឹង និងការពិសោធន៍របស់ខ្ញុំ ។ គោលបំណងខ្ញុំគឺអប់រំបង្ហាត់បង្រៀនបណ្តុះការចេះដឹងយល់អំពីគំនិតនិងឧត្តមគតិនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនិងអំពីលក្ខណៈនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋប្រជាធិបតេយ្យនៅក្នុងសង្គម ។ បច្ចុប្បន្ននេះខ្ញុំមិនមែនជាអ្នកនយោបាយទេប៉ុន្តែខ្ញុំមានការយល់ដឹងសមគួរនិងមានការពិសោធន៍ខ្លះៗខាងផ្នែកនយោបាយក្នុងស្រុកនិងអន្តរជាតិ ។ ដូចជាមនុស្សដទៃដែរ ខ្ញុំមានចំណង់ចំណូលចិត្តផ្នែកនយោបាយតាមការយល់ឃេីញរបស់ខ្ញុំ ។ ខ្ញុំការពារសិទ្ធិខ្ញុំជាមនុស្សមានសេរីក្នុងការបញ្ចេញមតិនិយាយស្តីសរសេរ ហេីយខ្ញុំគោរពសិទ្ធិរបស់អ្នកដទៃក្នុងការមានគំនិតផ្ទុយពីខ្ញុំ ។ គំនិតខ្វែងគ្នាមិនចាំបាច់តម្រូវឲ្យមនុស្សប្រខាំប្រចាក់យកគ្នាជាសត្រូវទេ ។ ខ្ញុំអាចបញ្ចេញគំនិតដែលខុសពីគំនិតអ្នកដទៃ ។ តែខ្ញុំមិនទម្លាប់យកជេីងរាទឹកនៅពេលខ្ញុំឃេីញអ្នកផងប្រយុទ្ធនឹងរបបគាបសង្កត់ឬការពាលិទ្ធិប្រជាធិបតេយ្យនិងសេរីភាពនិយម ។
ពាក្យថា critique ដែលបកប្រែថា “រិះគន់”មិនត្រូវឲ្យវាប្រែក្លាយទៅជាការហែកហួរឬបន្តុះបង្អាប់កិត្តិយសមនុស្សឡេីយ ។ ពាក្យថា critiqueមានប្រភពចេញពីពាក្យ criticalityដែលមានន័យថាវាយតម្លៃវាស់ថ្លឹងពិនិត្យមេីលថា តេីទង្វេីដែលចេញពីគំនិតវាអាចដឹកនាំឲ្យ
ទៅដល់ត្រេីយឬមិនដល់ត្រេីយដែលជាគោលដៅនៃបេសកកម្ម ។ បេីមិនដល់ត្រេីយទេ
ម្តេចក៏មិនរកផ្លូវថ្មីដេីរ ហេតុអ្វីម្តេចក៏នៅបន្តទង្វេីដែលមិនបានជម្រុញឲ្យដល់ត្រេីយនោះទៀត ?។
ចំនួន២៧ឆ្នាំហេីយដែលខ្មែរប្រជាធិបតេយ្យអំពាវនាវដល់ប្រទេសហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងសហគមន៍អន្តរជាតិសុំឲ្យជួយស្តារការអនុវត្តន៍សន្ធិសញ្ញាឡេីងវិញ ។ តែរហូតមកដល់ឆ្នាំ២០១៨នេះ ខ្ញុំនៅមិនទាន់ឃេីញមានរដ្ឋាភិបាលណាមួយចេញមុខធ្វេីសកម្មភាពស្តារសន្ធិសញ្ញាសន្តិភាពក្រៅពីធ្វេីសេចក្តីថ្លែងការណ៍នានាទេ ។ ព្រះបរមគ្រូ ខុង ជឺ បានទូន្មានថាបេីបំពេញគោលដៅមិនបាន គួរកុំកែប្រែគោលដៅនោះ គប្បីសេីរេីវិធីធ្វេីដំណេីរវិញ ។
ខ្ញុំបានសរសេរជារឿយៗថា យេីងត្រូវចេះប្រេីគំនិតវិជ្ជមាន ស៊ីជំរៅ ច្នៃប្រឌិតចេះឆក់យកឱកាសនៅពេលព្រឹត្តិការណ៍សំខាន់កេីតមានឡេីងដូចជាអ្នកស្រុកអ្នកភូមិ៍មិនសប្បាយចិត្តនឹងអំពេីអយុត្តិធម៌របស់អាជ្ញាធរ យេីងធ្វេីសកម្មភាពក្នុងនិងក្រៅស្រុកគាំទ្រអ្នករងគ្រោះនិងប្រឆំាងនឹងរបបផ្តាច់ការហ្វាស់ស៊ីស ជាពិសេសនៅក្នុងកាលៈទេសៈសព្វថ្ងៃដែលចំណង់ខ្មែរជាទូទៅមានសន្ទុះខ្លាំងចង់ឲ្យមានការកែប្រែផ្លាស់ប្តូរនៅក្នុងប្រទេស និងចំណង់សហគមន៍អន្តរជាតិឲ្យមានការគ្របគ្រងប្រទេសកម្ពុជាដោយនីតិរដ្ឋ ។ ខ្ញុំបានជូនជារូបមន្តមួយថា ព្រឹត្តិការណ៍បូកនឹងសកម្មភាពបូកនឹងកាលៈទេសៈ (ព្រឹត្តិការណ៍ + សកម្មភាព +កាលៈទេសៈ)នឹងបង្កេីតជាចរន្តឋាមពលដ៏ខ្លាំងក្លាមួយ ទោះបីរបបផ្តាច់ការហ្វាស់ស៊ីសឃោរឃៅយ៉ាងណាក្តីក៏ពិបាកនឹងទប់ទល់ឋាមពលនោះបានដែរ ។
នៅថ្ងៃទី៦ខែមិថុនា១៩៦៦ លោក រ៉ប៊េីត កេណ្ណឺឌី Robert F Kennedy អតីតព្រឹទ្ធសមាជិកសភាអាមេរិកាំងតំណាងរដ្ឋនូវយក កេីតឆ្នាំ១៩២៥ និងស្លាប់ឆ្នាំ១៩៦៨ ដោយសារគេធ្វេី ឃាត បានថ្លែងសុន្ទរកថាមួយនៅសកលវិទ្យាល័យកេបថោន ប្រទេសអាហ្វ្រិកខាងត្បូង ។ សុន្ទរកថានោះនៅមានជីវិតរស់រវេីកសព្វថ្ងៃនេះ គឺ៥០ឆ្នាំក្រោយមក ។ ក្រោមចំណងជេីងថា “រលកនៃសេចក្តីសង្ឃឹម” លោក រ៉ប៊េីត កេណ្ណឺឌី បានបំផុសបំផុលសកម្មជននិស្សិតប្រទេសអាហ្វ្រិកខាងត្បូងដែលក្រោកឈរប្រឆាំងនឹងរបប “អាផាថែត” apartheid នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី បណ្ឌិត ហិនឌ្រីក វេីរ៍ វ៉ូត Hendrik Verwoerd នៅពេលដែលសកម្មជនសិទ្ធិមនុស្ស លោក ណែលសុន ម៉ាន់ឌែលឡា Nelson Mandela នៅកំពុងជាប់គុកនៅលើកោះ រ៉បបិន Robben ។ លោក កេណ្ណឺឌី បានប្រាប់សកម្មជននិស្សិតអាហ្វ្រិកខាងត្បូងកុំឲ្យអស់សង្ឃឹម និងកុំឲ្យមានអារម្មណ៍ឯកាកណ្តោចកណ្តែងឲ្យសោះនៅក្នុងការស្វែងរកសមភាពពូជសាសន៍ racial equality ពីព្រោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតត្រូវបានផ្សាភ្ជាប់ជាមួយចលនាសិទ្ធិមនុស្សជាច្រេីនដែលកំពុងធ្វេីសកម្មភាពនៅជុំវិញពិភពលោក៖ “គឺធ្លាយចេញពីភាពក្លាហាននិងជំនឿផ្សេងៗជាច្រេីនជំពូកដែលរាប់មិនអស់ ដែលបានធ្វេីឲ្យប្រវត្តិសាស្ត្រមនុស្សចេញជារូបរាងឡេីង ។ នៅរាល់ពេលដែលមនុស្សម្នាក់បានក្រោកឈរឡេីង ទ្រទ្រង់ឧត្តមគតិ ឬធ្វេីសកម្មភាពកែលំអវាសនាមនុស្សដទៃ ឬវាយប្រឆាំងនឹងអំពេី អយុត្តិធម៌ គឺមនុស្សម្នាក់នោះឯងដែលបានបំផុលឲ្យកេីតមានជាទឹករលកតូចមួយនៃសេចក្តីសង្ឃឹមដែលរត់ត្របាញ់គ្នាឆ្លងកាត់ពីមជ្ឈមណ្ឌលឋាមពលរាប់លានកន្លែង បង្កេីតជាចរន្តមួយដែលអាចរំលេីងចោលរបបគាបសង្កត់មួយដែលរឹងមាំបំផុតបាន ។” វិលមកបញ្ហាខ្មែរយេីងវិញ នៅក្នុងអត្ថបទថ្ងៃនេះខ្ញុំសូមណែនាំអារម្មណ៍អ្នកអាននិងអ្នកស្តាប់ឆ្ពោះទៅប្រវត្តិសង្ខេបនៃការតស៊ូនិងបដិវត្តន៍ជាលេីកដំបូងនៅក្នុងឆ្នាំ១៩៣៦ របស់វរជនខ្មែរសេ្នហាជាតិមួយចំនួនទាមទារឥស្សរភាពពីអាណានិគមបារាំង ។
នៅចំពោះមុខការទន្ទ្រានរបស់ប្រទេសសៀមពីខាងលិចនិងប្រទេសយួនពីខាងកេីត ព្រះបាទ អង្គ ឌួង បានបង្កើតសម្ព័ន្ធភាពជាមួយនឹងអាណានិគមបារាំងនៅលើមូលដ្ឋានអធិបតេយ្យ រហូតដល់ឆ្នាំ១៨៦៣ ព្រះបាទ នរោត្តម ក៏បានធ្វេីកិច្ចព្រមព្រៀងមួយនៅថ្ងៃទី ១១ខែសីហា ទទួលស្គាល់អាណាព្យាបាលបារាំងលើអាណាចក្រកម្ពុជាដែលដាក់នៅក្រោមអំណាចគ្រប់គ្រងរបស់លោក រ៉េស៊ីដង់ ស៊ុប៉េរីយេីរ Resident superieur បារាំងប្រចាំរាជធានីភ្នំពេញ ។ នៅក្នុងឆ្នាំ ១៨៨៥ បារាំងបញ្ជូនទ័ពទៅប្រទេសកម្ពុជាដេីម្បីទ្រទ្រង់ព្រះបាទនរោត្តមប្រឆាំងនឹងមេបះបោរដណ្តេីមអំណាចគឺព្រះអង្គម្ចាស់ ស៊ីវុត្ថា ។
ជាបន្តបន្ទាប់នេះ ខ្ញុំសូមដកស្រង់ព័ត៌មានពីសៀវភៅ “គុកនយោបាយ”និពន្ធដោយអ្នកទោសនយោបាយម្នាក់ឈ្មោះលោក ប៊ុណ្ណចន្ទ ម៉ុល ដែលមានអាយុ ២២ ឆ្នាំ នៅពេលបារាំងចាប់លោកនៅឆ្នាំ ១៩៤២ នៅភ្នំពេញជាមួយវរជនខ្មែរឯទៀតដែលមានលោក ប៉ាច ឈឺន លោកគ្រូអាចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសាបាលី លោកគ្រូអាចារ្យ ប៉ាង ខាត់ សាស្ត្រាចារ្យភាសាសំស្រ្កឹត លោក នួន ឌួង ។ល។ និង ។ល។ ពួកគេទាំងអស់គ្នាបានធ្វេីសកម្មភាពនៅក្រោមការដឹកនាំរបស់លោក សុឺង ង៉ុកថាញ់ ប្រឆាំងអាណានិគមបារាំង ។
លោក ប៊ុណ្ណចន្ទ ម៉ុល ដែលមានអាយុក្មេងជាងគេ និងវរជនរាយឈ្មោះខាងលេី ព្រមទាំងវរជនខ្មែរច្រេីនទៀតដែលមិនបានរាយឈ្មោះ ត្រូវបានបារាំងចាប់ដាក់គុកងងឹតបន្ទាប់ពីបានធ្វេីបាតុកម្មធំមួយនៅថ្ងៃទី២០ខែកក្កដា១៩៤២ ដែលត្រូវអាជ្ញាធរបារំាងបង្គ្រាប ។ គេបានដាក់ខ្នោះចាក់សោរជេីងទាំងពីររបស់យុវជន ប៊ុណ្ណចន្ទ ម៉ុល គេបានបញ្ជូនអ្នកទោសទាំងអស់ទៅគុកធំនៅព្រៃនគរ ហេីយនៅទីបញ្ចប់ទៅគុកនៅកោះត្រឡាចប្រមាណ ៣០០ គីឡូម៉ែត្រពីដីគោក នៅក្នុងសមុទ្រចិន ។ គុកកោះត្រឡាចជាគុកសម្រាប់ឧក្រិដ្ឋជន ។ អ្នកជាប់គុកកោះត្រឡាចជាមនុស្សដែលឥតសង្ឃឹមអាចរស់រានមានជីវិតឡេីយ ។
សៀវភៅ “គុកនយោបាយ” រៀបរាប់ពីព្រឹត្តិការណ៍នានាដែលយុវជន ប៊ុណ្ណចន្ទ ម៉ុល បានចូលប្រឡូកផ្ទាល់ តែលោកបានសង្កត់សំគាល់ថារឿង “សំខាន់បំផុត”នៃសៀវភៅនេះគឺចង់ឲ្យអ្នកអាន “ជ្រាបអំពីកិច្ចការរបស់វរជនយេីងមួយក្រុម. . . ដែលផ្តេីមធ្វេីការតស៊ូឡេីងតាំងពីឆ្នាំ១៩៣៦ និងបន្តធ្វេីបដិវត្តន៍នៅឆ្នាំតៗមកទៀត ។”ដោយពាក្យសំដីខ្លះនៅក្នុងសៀវភៅបានអង្រួនសតិស្មារតីខ្ញុំក្រៃណា ខ្ញុំសូមដកស្រង់ពាក្យសំដីទាំងនោះជូនបងប្អូនអាននិងស្តាប់ ។ ខ្ញុំសូមសង្ខេបជូននូវព្រឹត្តិការណ៍នានាដូចតទៅ ៖
លោក ប៊ុណ្ណចន្ទ ម៉ុល បានសរសេរថាលោករំលឹកអតីតកាលខ្មែរ “ស្ថិតនៅក្រោមការជិះជាន់របស់បរទេសដ៏ពោរពេញដោយការឈឺចាប់ខ្លោចផ្សា ទាំងផ្លូវចិត្តផ្លូវកាយមកលាតត្រដាង”គឺនៅក្នុង “ប្រយោជន៍ដេីម្បីនឹងទាញសតិស្មារតីយុវជនយេីងសម័យនេះនិងតទៅអនាគត ឲ្យចេះមានចិត្តគំនិតគិតរឿង ជាតិគ្រប់ៗគ្នា ឲ្យមានចិត្តគំនិតជាតិនិយម សតិសម្បជញ្ញៈជាតិ ស្រឡាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរ ឲ្យជួញចិត្តគិតពីរឿង ជាតិខ្មែរនេះឲ្យបានស្មេីៗគ្នាទាំងអស់ កុំឲ្យមួយប្រចាំមួយផ្តែកវេរគ្នាឲ្យសោះ ឲ្យមានចិត្តមុះមុត ក្លៀវក្លា រឹងបុឹង ស្វាហាប់ កុំឲ្យទន់ខ្មូរ មូរមុខ ញាប់ញ័រ សស្លន់សស្លោឲ្យសោះ! ត្រូវមានឯកភាព សាមគ្គីភាពរឹងបុឹងដូចផ្ទាំងសិលា វេញត្របាញ់ស្អិតរមួតចូលសាច់ឈាមគ្នាជាសាច់ឈាមតែមួយ ទេីបអាចនឹងថែរក្សាបូរណភាពទឹកដីខ្មែរបានប្រសេីររុងរឿងគ្មានជាតិណាប្រមាថបាន ។”
ខ្ញុំមានការរំភេីបនៅពេលអានសំណេរលោកដែលចែងថាវរជនខ្មែរដែលធ្វេីសកម្មភាពនៅឆ្នាំ១៩៣៦ ទាមទារឥស្សរភាពពីអាណានិគមបារាំង បានយល់បានដឹងតាំងពី៨២ឆ្នាំមកហេីយនូវជម្រៅនៃ “ឱកាសល្អហុចឲ្យ”ដោយសារសង្គ្រាមលោកលេីទី២ក្នុងឆ្នាំ ១៩៣៨-១៩៤៥ ៖ ពួកគេមេីលឃេីញថាបារាំងជាប់ដៃក្នុងចម្បាំងតទល់នឹងពួកណាតស៊ីអាល្លឺម៉ង់ ហេីយមានការលំបាកខាងផ្លូវសឹកក្នុងជម្លោះជាមួយនឹងប្រទេសសៀមទៀត បង្កេីតជាកាលៈទេសៈល្អណាស់នៅក្នុងការតស៊ូរបស់ពួកគេដែលតាំងចិត្តមិនឲ្យ“ឱកាសល្អហុចឲ្យ”នោះរបូតបាត់ទេ ។ លោក ប៊ុណ្ណចន្ទ ម៉ុល បានកត់សំគាល់ក្នុងសៀវភៅ“គុកនយោបាយ”ថា លុះវរជនខ្មែរស្នេហាជាតិបានយល់ឃេីញដូច្នេះក៏ប្រមូលគ្នីគ្នាដែល “ឥតខ្លាចគុកច្រវាក់ ឥតខ្លាចចោលស្រុក ឥតខ្លាចស្លាប់ . . . .តស៊ូធ្វេីបដិវត្តន៍ឡេីង”ដោយមាន លោក សុឺង ង៉ុកថាញ់ ជាមេដឹកនាំ ។
ការតស៊ូឆ្នាំ១៩៣៦ បានកេីតឡេីងតាមរយៈការផ្សាយកាសែត“សារព័ត៌មាននគរវត្ត” ដែលមានលោក ប៉ាច ឈឺន ជាចាងហ្វាងកាសែត លោក សុឺង ង៉ុកថាញ់ លោក ប៉ាច ឈឺន លោក សុឹម វ៉ារ លោក ពិទូរកះសេម និង លោក ជុំ មួង ជាអ្នកនិពន្ធ ដេីម្បី “ពន្យល់ ណែនាំ ដាស់ស្មារតីបងប្អូនខ្មែរយេីងដែលដេកលក់ ដែលរងកម្មវេទនា ដែលបាក់ស្បាតធ្លាប់ខ្លាចបារាំងដាក់គុកឬសម្លាប់ ឲ្យភ្ញាក់ស្មារតីឡេីង ឲ្យចេះស្នេហាជាតិ ឲ្យចេះតស៊ូឥតខ្លាចស្លាប់ ដេីម្បីយកឥស្សរភាពពីបារាំងមកវិញ ដែលវាបានដណ្តេីមពីយេីងជិត១០០ឆ្នាំហេីយ ។” លោក ប៊ុណ្ណចន្ទ ម៉ុល អះអាងថា កាសែត “នគរវត្ត”“ហ៊ានសរសេរផ្សាយដោយរិះគន់បារាំងនិងរដ្ឋការខ្មែរធ្ងន់ៗ”និងមានប្រជាប្រិយភាពណាស់ គឺមាន “ព្រះសង្ឃនិងអ្នកស្រែចម្ការ កម្មករ មន្ត្រីរាជការរាប់អានស្រឡាញ់កាន់តែច្រេីនឡេីងៗ”លេីកលែងតែ “អស់លោកនិងថីថុងគេមិនយកភ្នែកបៀតទេ. . . អស់លោកជំនាន់នោះអានអក្សរខ្មែរពុំបានទេ. . . គេមេីលតែកាសែតបារំាង . . . អ្នកនិយាយបារំាងហុឺហាណាស់. . . ចាប់ពីឆ្នាំ១៩៤២មក បារំាងលែងឲ្យសរសេរអក្សរខ្មែរជាផ្លូវការហេីយ គេបង្កេីតអក្សរ រ៉ូម៉ានីហ្សេ ឬហៅថា កុកងឺខ្មែរ . . . ។”
ខ្ញុំសូមបេីកវង់ក្រចកជំរាបអ្នកអានថា នៅឱកាសលោក អ៊ុម ស៊ីម អតីតយុទ្ធជនចលនាខ្មែរឥស្សរៈ ធ្វេីជាអគ្គរដ្ឋទូតសាធារណរដ្ឋខ្មែរប្រចាំសហរដ្ឋអាមេរិកឆ្នាំ១៩៧៣-១៩៧៥ មានតែស្ថានទូតខ្មែរនៅទីក្រុងវ៉ាស៊ិនតោនឌីស៊ីទេដែលធ្វេីរបាយការណ៍ពិនិត្យសារព័ត៌មាន press review ជាភាសាខ្មែរផ្ញេីជូនរដ្ឋាភិបាលខ្មែរនៅភ្នំពេញ ។
វរជនខ្មែរអ្នកកាសែត “នគរវត្ត” ជាក្រុមខ្មែរបដិវត្តន៍ ។ ពួកគេមេីលឃេីញថាការផ្សាយតាមកាសែតបណ្តុះស្មារតីប្រជាជាតិខ្មែរ មិនផ្តល់លទ្ធផលគ្រប់គ្រាន់ឡេីយ ។ លោក សុឺង ង៉ុកថាញ់ បានកោះប្រជុំហេីយបំបែកអ្នកបដិវត្តន៍ មានក្រុមមួយធ្វេីកាសែតមានលោក ប៉ាច ឈឺន ជាមេ និងក្រុមមួយទៀតទាក់ទងនឹងប្រជារាស្ត្រ ក្រុមទាហាន និង រកលុយកាក់ផង មានលោក សុឺង ង៉ុកថាញ់ជាមេ លោក ប៊ុណ្ណចន្ទ ម៉ុល លោក នួន ឌួង លោកគ្រូអាចារ្យ ហែម ចៀវ លោក ជុំ មួង ។ល។ ជាសមាជិក ។
លោក ប៊ុណ្ណចន្ទ ម៉ុល អះអាងថាខ្មែរបដិវត្តន៍ខំធ្វេីការណាស់ទោះបីបេីពួកគេជាខ្មែរ “ជេីងថ្មីខ្ចីនយោបាយ” ក្តីតែស្តាយត្រង់ថា “មានទាហាន (ខ្មែរ) ខ្លះដែលស្រឡាញ់បារំាងដុះស្លែក្នុងខួរដុសមិនជ្រះ”នាំរឿងបដិវត្តន៍សម្ងាត់ទៅប្រាប់បារាំង ក៏បណ្តាលឲ្យមានការចាប់ខ្លួនលោកគ្រូអាចារ្យ ហែម ចៀវ និង លោក នួន ឌួង ។
ឈមនឹងព្រឹត្តិការណ៍នេះ លោក សុឺង ង៉ុកថាញ់ សុំឲ្យធ្វេីបាតុកម្មធំមួយនៅមុខការិយាល័យលោក រ៉េស៊ីដង់ ស៊ុប៉េរីយេីរ៍ នៅថ្ងៃទី ២០ ខែកក្កដា១៩៤២ តវ៉ាសូមឲ្យដោះលែងអ្នកទាំងពីរមកវិញ ។ បន្ទាប់ទៅនេះជាបញ្ជាលោក សុឺង ង៉ុកថាញ់ បានដាក់ទៅឲ្យបាតុករ ៖ “ដេីរជាក្បួនដោយសន្តិវិធី គឺដៃទទេឥតសស្ត្រាវុធ ឲ្យមានរបៀបរៀបរយនិងស្ងប់ស្ងៀម កុំឲ្យមាត់កអ្វីឡេីយ . . . បេីប៉ូលិសវាដេញឬវាវាយ ត្រូវឲ្យខំស៊ូទ្រាំនៅទៅទៀត កុំតដៃឡេីយ គឺកុំធ្វេីការអ្វីៗតបវិញឲ្យសោះ ត្រូវនៅស្ងៀម ។ បេីអង្គុយចាំរហូតដល់ហួសម៉ោង ១២ ថ្ងៃត្រង់ទៅហេីយ បារំាងនៅតែមិនសម្រេចឲ្យតាមការសុំទេនោះ ក្បួនបាតុកម្មត្រូវត្រឡប់មកវិញ ហេីយឈប់ចំពីមុខការិយាល័យកងអាវុធហត្ថជប៉ុនថ្លែងការប្រាប់ក្រុមតម្រួតយោធាជប៉ុនតាមដំណេីរ និងសុំឲ្យក្រុមនេះមេត្តាជួយធ្វេីអន្តរាគមន៍ចំពោះរដ្ឋាបារំាងដេីម្បីឲ្យអ្នកទាំងពីរដែលបារាំងចាប់យកនោះបានរួចខ្លួនមកវិញ ។ ត្រូវធ្វេីតាមបញ្ជានេះ ទេីបកងទ័ពជប៉ុនអាចនឹងជួយធ្វេីអន្តរាគមន៍ទាក់ទងជាមួយរាជការបារាំងបាន ។”
ក្បួនបាតុកម្មបានជួបជុំគ្នានៅក្រោយវាំង មានលោក ប៉ាច ឈឺន ដេីរនាំមុខ ហេីយបាតុករក៏ “ឈប់កកកុញ”នៅមុខការិយាល័យលោក រ៉េស៊ីដង់ ស៊ុប៉េរីយេីរ៍ ។ លោក ប៉ាច ឈឺន បានជួបនឹងអ្នករាជការបារាំងដែលមកឈរចាំនៅមាត់ជណ្តេីរ តែបារាំងមិនឲ្យមនុស្សច្រេីនចូលជួបលោក រ៉េស៊ីដង់ ស៊ុប៉េរីយេីរ៍ទេ គេសុំឲ្យមេៗបីបួននាក់ជាតំណាងទៅជួប ។ ពួកបាតុករ
ស្រែកថាមិនព្រម ព្រោះខ្លាចបារាំងចាប់មេបីបួននាក់នោះទៅ អ្វីដែលលោក សុឺង ង៉ុកថាញ់បានបញ្ជាឲ្យធ្វេីបែរជាមានការរុញច្រានគ្នាចូលទៅមុខស៊្រូតែម្តង រុញទាំងលោក ប៉ាច ឈឺន និង ព្រះសង្ឃដែលនៅពីមុខ ។ បារាំងក៏ចាប់ឆក់លោក ប៉ាច ឈឺន បញ្ចេញតាមទ្វារក្រោយដាក់ឡានយកទៅបាត់ទៅ ។ ការវាយតប់គ្នាក៏បានកេីតឡេីង ព្រះសង្ឃបានប្រេីឆត្របុករុកប៉ូលិសរបួសមិនតិច ។ បន្ទាប់មក បារាំងក៏ចាប់សកម្មជនម្តងមួយម្តងពីរ ព្រោះគេបានស្គាល់មុខរួចទៅហេីយ“ដោយសារតែចារបុរសជាតិខ្មែរគ្នាឯងដែលក្បត់ជាតិប្រាប់វាដោយផ្គាប់ផ្គុនចង់បានយសសក្តិ ។”បាតុករនិងព្រះសង្ឃក៏គេចពួននិងរត់ចោលស្រុកអស់ជាច្រេីននាក់ ។ នេះគឺបាតុកម្មលេីកទីមួយនិងបដិវត្តន៍ដំបូងនៅស្រុកខ្មែរ ដែល “ជាគំរូ ជាលំអានល្អមួយទុកឲ្យកូនចៅ យុវជនជំនាន់ក្រោយ”។ “ប្រសិនបេីនៅជំនាន់យេីង ឥតមានវីរជនណាម្នាក់គិតគូររេីខ្លួនឲ្យរួចពីនឹមដែករបស់បារាំងទេនោះ យុវជនជំនាន់ក្រោយអាចនឹងបន្ទោសយេីងថា យេីងជាចាស់ជំនាន់មុនឥតគិតអ្វីសោះបានជាបច្ឆាជនជំនាន់ក្រោយកេីតឡេីងនៅតែជាខ្ញុំបារាំងតៗទៅឥតមានពេលរួចជាអ្នកជាឡេីយ ។”
តុលាការសឹកបានប្រកាស“ប្រហារជីវិតបង់”លោក ប៉ាច ឈឺន លោកគ្រូអាចរ្យ ហែម ចៀវ និងលោក នួន ឌួង តែគេនឹងសុំអនុគ្រោះទោសពីលោក ហ្សេណេរ៉ាល់ បេ៉តាំង រីឯលោក ប៊ុណ្ណចន្ទ ម៉ុល លោកត្រូវទោសគុក៥ឆ្នាំនិងត្រូវនីរទេសមិនឲ្យចូលស្រុកចំនួន១៥ឆ្នាំ ។ លោកគ្រូអាចារ្យ ហែម ចៀវ ត្រូវបានឈឺស្លាប់ សពលោកត្រូវបានកប់នៅកោះត្រឡាច ។ លោក ប៊ុណ្ណចន្ទ ម៉ុល មានសំណាងរួចខ្លួនពីគុកកោះត្រឡាចក្រោយសង្គ្រាមលោកលេីតទី២ត្រូវបានបញ្ចប់នៅឆ្នាំ១៩៤៥ ។
សំណេរលោក ប៊ុណ្ណចន្ទ ម៉ុល នៅក្នុងអារម្ភកថាសៀវភៅ“គុកនយោបាយ”បានផ្តល់នូវគំនិតដែលខ្ញុំបានយកមកសរសេរដាស់តឿនជារឿយៗ ៖ “តាំងតែពីសតវត្សទី១៣រៀងមក ប្រទេសយេីងចេះតែរៀវរួញរហូតសព្វថ្ងៃដោយសារតែយេីងចេះតែជឿនិងផ្ញេីវាសនាតែទៅលេីបុគ្គលម្នាក់ បណ្តោយឲ្យបុគ្គលនោះដឹកនាំ ចង់ដឹកនាំវាសនាយេីងនិងប្រទេសឲ្យទៅរកផ្លូវមរណៈក៏ចេះតែទ្រាំនៅស្ងៀម ផ្សងសំណាងគ្មានគិតភ្ញាក់រលឹកអ្វីទាំងអស់ គឺដូចជាស្លាប់ទាំងជំហរតែម្តង ។ ការណ៍នោះហេីយដែលជាហេតុនាំឲ្យសត្រូវបានចិត្តរឹតតែប្រមាថមេីលងាយ បានដៃលេីកគ្នាចូលមកលុកលុយដណ្តេីមយកផ្ទៃដីយេីងបន្តិចម្តងៗ រហូតមកនៅសល់ “ប៉ុនបាតដៃ”សព្វថ្ងៃនេះ ។”
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com