ទស្សនះអំពីព្រឹត្តិការណ៍ក្នុងប្រទេសខ្មែរ

CMN-092817-ទស្សនះអំពីព្រឹត្តិការណ៍ក្នុងប្រទេសខ្មែរ-សីហា២០១៧

ទស្សនះអំពីព្រឹត្តិការណ៍ក្នុងប្រទេសខ្មែរ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ខែ កញ្ញា ២០១៧

ហ្គាហ្វារ ពាងម៉េត

ខ្ញុំបានសរសេរអត្ថបទផងទាំងឡាយជាភាសាអង់គ្លេសហើយឥឡូវជាភាសាខ្មែរក្រោយពីខ្ញុំបានវិលត្រឡប់ពីបំរើក្នុងជួរកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅលើសមរភូមិ ក្នុងគំនិតរំលែកផ្សាយការពិសោធនិងការយល់ដឹងរបស់ខ្ញុំ និងក្នុងគោលអង្រួនសតិអារម្មណ៍កូនខ្មែរមេត្តាយកទៅត្រិះរិះពិចារណា យកអ្វីដែលអាចមានប្រយោជន៍ទៅអនុវត្តនិងទុកដោយឡែកនូវអ្វីដែលឃើញថាមិនមានប្រយោជន៍ សមនឹងការណែនាំរបស់ចាស់ទុំខ្មែរយើងថា «ចេះមកពីរៀន» «គិតហើយសឹមគូរ» ។

ចំណង់ខ្ញុំអង្រួនសតិអារម្មណ៍បានដុះចេញពីទស្សនះដែលខ្ញុំបានពិសោធនៅលើសមរភូមិផង និងបានរៀននៅពេលខ្ញុំបានបង្រៀននៅក្នុងសាកលវិទ្យាល័យអាមេរិកាំងផង ពោលគឺ ទីមួយ «របៀបគិត» របស់បុគ្គលមនុស្សកំណត់អនាគតរបស់គេ និងទីពីរ គំនិតឬការគិតរបស់បុគ្គលមនុស្ស ជាជីដូនជីតារបស់ភាពសកម្មឬអកម្មរបស់គេ ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមនុស្សឆ្លាតនិងវៃប្រសប់ មានល្បិចកលច្រើន ចេះហ៊ានស៊ីចេះហ៊ានសង ហើយដោយមានសំណាងជួយផងលោកបានរស់រានមានជីវិតយូរឆ្នាំ ឆ្លងផុតពីការស្លាប់ក្នុងជំនាន់តស៊ូក្នុងព្រៃជាមេបញ្ជាការរបបខ្មែរក្រហមប៉ុលពតរហូតរត់ចូលយួនហាណូយហើយបានកងទ័ពរៀបរយយៀកណាមឈ្លានពានទឹកដីខ្មែរបន្តុបជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ ។ សព្វថ្ងៃនេះ លោកហ៊ុនសែនមានអាយុ៦៥ឆ្នាំហើយ ។ លោកក៏បានក្តោបអំណាចជាង៣០ឆ្នាំមកដែរ ។

ខ្ញុំបានចិញ្ចឹមជំនឿក្នុងចិត្តខ្ញុំថា នៅក្នុងបេះដូងលោក លោកហ៊ុនសែនមិនមែនមិនដឹងទេថា នៅក្នុងជីវិតមនុស្សគ្មានអ្វីនៅជាអចិន្ត្រៃយឡើយដូចជាព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សលោកជាង២០០០ឆ្នាំមកហើយ ដូច្នេះលោកហ៊ុនសែនត្រូវតែដឹងថាលោកមិនអាចនៅកាន់អំណាចជារៀងរហូតឥតទីបញ្ចប់បានឡើយ ។ ព្រោះមនុស្សលោកម្នាក់ៗមានខួរមួយគីឡូមានបញ្ញាចេះគិត ខ្ញុំតែងតែសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលធ្លាប់មានពិសោធន៍សន្ធឹកសន្ធាប់ក្នុងជីវិតនយោបាយនឹងមិនល្ងង់រហូតដល់ទៅមិនដឹងថាតើដល់ពេលល្មមដកខ្លួនចេញពីឆាកនយោបាយហើយឬនៅនោះទេ ។ ដូច្នេះ ជាការមួយប្រសើរបើលោកស្វែងរករូបមន្តអ្វីមួយដើម្បីរក្សាកេរ្តិ៍ដំណែលទុកមុខទុកកិត្តិយសសំរាប់អនាគតរបស់លោកផ្ទាល់និងគ្រួសារលោកផង ។ ប្រទេសជាតិក៏នឹងអរគុណលោកដែរ ។

ខ្ញុំបាននឹកដល់អន្តរាគមន៍ពីព្រះមហាក្សត្រខ្មែរទោះបីជារាជបល្ល័ង្កអាចជាប់ជំពាក់បំណុលលោកហ៊ុនសែនដោយប្រការណាមួយក្តី ដល់សម្ពាធអន្តរជាតិទោះបីអន្តរជាតិគេគិតផលប្រយោជន៍ខ្លួនគេមុននឹងគិតដល់សេចក្តីសុខទុក្ខរបស់ពលរដ្ឋខ្មែរក្តី និងដល់ខ្មែរអ្នកដឹកនាំទាំងនៅក្នុងគណបក្សជំទាស់និងក្នុងគណបក្សកាន់អំណាចថាយ៉ាងហោចណាស់គេអាចនឹកគិតដល់អនាគតប្រជាជាតិខ្មែរទាំងមូលដែរ ហើយខ្ញុំក៏ខំជឿប្រឆាំងនឹងជឿទៀតថា ទាំងអស់នេះហើយដែលអាចនឹងជំរុញឱ្យមានការផ្ទេរអំណាចដោយឥតបាច់បង្ហូរឈាមបាន ។

លោកហ៊ុនសែនមិនមែនមិនដឹងទេថាសព្វថ្ងៃមានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗហើយដែលមិនពេញចិត្តនឹងរបបគ្រប់គ្រងសង្កត់សង្កិនរបស់លោក ហើយគេក៏បានសំដែងនូវការមិនពេញចិត្តនេះជាសាធារណៈដែរ ។ ខ្ញុំបានទាំងសរសេរជាញឹកញាប់ដែរថាបើមានការបោះឆ្នោតដោយសេរីនិងដោយត្រឹមត្រូវ ប្រជាពលរដ្ឋខ្មែរនឹងច្បាស់ជាមិនផ្តល់អាណត្តិឱ្យលោកហ៊ុនសែននិងគណបក្សប្រជាជនកាន់អំណាចតទៅមុខទៀតឡើយ ។

ខ្ញុំយល់ថាការត្រិះរិះពិចារណាដោយហ្មត់ចត់រួមនឹងការគិតស្រមើលនិងច្នៃប្រឌិតនឹងអាចជួយឱ្យចុចចំគន្លឹះណាមួយក្នុងការរកដំណោះស្រាយបញ្ហាដ៏ពិបាករបស់ខ្មែរ ។ វាគ្មានបញ្ហាណាមួយដែលឥតមានដំណោះស្រាយនោះទេ លើកលែងតែយើងមិនចូលចិត្តដំណោះស្រាយនោះ ។ លោកហ៊ុនសែនមិនមែនមិនខ្លាច «ងាប់» ទេ ហើយលោកក៏បានថ្លែងសំឡុតពលរដ្ឋខ្មែរនៅដើមខែសីហាថា «កុំចង់ឱ្យហ៊ុនសែនងាប់» ក្រែងខ្មែររស់មិនបានសុខនៅក្រោមអំណាចយោធានិងនគរបាលបច្ចុប្បន្ន ។ លោកបានប្រើយុទ្ធសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋថាសង្គ្រាមនឹងកើតមានឡើងបើលោកធ្លាក់ពីអំណាច ។ លោកបានប្រើតុលាការយមបាលចាប់ចងដាក់ទោស ហើយប្រើមធ្យោបាយបំបែកបំបាក់អ្នកជំទាស់ដើម្បីលោកស្រួលត្រួតត្រា ។ តាំងពីឆ្នាំ២០១៦មកម្ល៉េះ លោកបានប្រកាសថាលោកនឹងប្រើកងទ័ពកំទេចបាតុកម្មតូចធំ ។

នៅថ្ងៃទី៦ខែកញ្ញានេះ លោកហ៊ុនសែនបានថ្លែងប្រកាសយ៉ាងឱឡារិកសុំកុំឱ្យមាននរណាច្រណែននិន្ទានឹងលោកឱ្យសោះ ពីព្រោះលោកបានសំរេចចិត្តនៅបន្តកាន់កាប់អំណាចរដ្ឋយ៉ាងហោចណាស់បាន១០ឆ្នាំទៀត ។ ម្តេចក៏បានជាលោកសំរេចអីចឹងបើរដ្ឋធម្មនុញ្ញខ្មែរមានគំរោងឱ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងឆ្នាំ២០១៨នេះ? ការសំរេចនេះបង្ហាញឱ្យឃើញថាលោកហ៊ុនសែនមិនឱ្យសារៈសំខាន់ដល់រដ្ឋធម្មនុញ្ញខ្មែរដែលជាច្បាប់កំពូលរបស់ប្រជាជាតិខ្មែរហើយដែលយកឆន្ទះប្រជាពលរដ្ឋខ្មែរជាធំក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរតាមលិទ្ធិប្រជាធិបតេយ្យដែលគ្រោងនឹងធ្វើនៅប្រទេសខ្មែរប្រាំឆ្នាំម្តង ក្នុងឆ្នាំ២០១៨ — និង២០២៣ … ២០២៨ … ២០៣៣ រហូតរៀងទៅ ។ នេះគឺលោកហ៊ុនសែនមិនទទួលតម្លៃប្រជាពលរដ្ឋខ្មែរជាធំទេ — «ប្រជាធិបតេយ្យ» ឬ «ប្រជា» ជា «អធិបតី» ឬ ប្រជារាស្ត្រដែលជាម្ចាស់លើគេ ។ ចុះបើដឹងដែរថាប្រជារាស្ត្រដែលជាម្ចាស់លើគេនឹងមិនជ្រើសរើសខ្លួនលោកនិងគណបក្សលោកឱ្យដឹកនាំប្រទេសជាតិខ្មែរទេ តើទៅខំប្រឹងឈឺក្បាលនឹងការបោះឆ្នោតធ្វើអ្វីឱ្យរាស្ត្រធាក់ក្បាលចេញពីតំណែងនោះ រួចក៏ប្រកាសថាលោកនឹងនៅធ្វើជាមេដឹកនាំខ្មែរយ៉ាងហោចណាស់១០ឆ្នាំទៀតចង់នរណានៅក្នុងស្រុកឬក្រៅស្រុកថាស្អីក៏ថាទៅ ។

លោកហ៊ុនសែនជាបុគ្គលឈ្លក់ញៀននឹងអត្តទត្ថភាពគិតតែពីខ្លួនឯងមា្នក់ និងឈ្លក់ញៀននឹងអត្តស្នេហានិយមស្រឡាញ់តែខ្លួនឯងមា្នក់ ។ ការពិសោធផ្សេងៗនៅក្នុងជីវិតអាចណែនាំមនុស្សឱ្យទៅកាន់ផ្លូវល្អក៏មាន ផ្លូវអាក្រក់ក៏មាន ។ ជួបប្រទះនឹងជោគជ័យម្តងជាពីរជាបីរុញលោកឱ្យស្វែងរកនិងឱបក្រសោបអំណាចដែលជាទង្វើបង្ក្លាយខ្លួនលោកឱ្យទៅជាមនុស្សឈ្លក់ញៀននឹងអំណាចផ្តាច់ការ ។ ជាមេដឹកនាំផ្តាច់ការ លោកហ៊ុនសែនគ្មានជំនឿទៅលើលិទ្ធិប្រជាធិបតេយ្យដែលបែងចែកអំណាចរដ្ឋជាអំណាចប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ ដែលជាអំណាចដាច់ពីគ្នានិងជាប្រព័ន្ធពិនិត្យអំណាចនិងតុល្យភាពកុំឱ្យមានអំណាចណាមួយលូកលាន់ឈ្លានពានទៅលើអំណាចមួយទៀត ។ ផ្ទុយទៅវិញ លោកហ៊ុនសែនបានយកអំណាចទាំងបីមកកាន់ក្តោបក្នុងដៃលោក បានសេចក្តីថា បើនៅក្នុងលិទ្ធិប្រជាធិបតេយ្យរដ្ឋសភាមានភារៈបង្កើតច្បាប់ តុលាការមានភារៈអនុវត្តច្បាប់ដោយឥតល្អៀង ហើយរដ្ឋាភិបាលជាក្រសួងប្រតិបត្តិមានភារៈកិច្ចអនុវត្តមាត្រាអនុម័ទដោយរដ្ឋសភាឬសេចក្តីសំរេចវិនិច្ឆ័យរបស់តុលាការ ចំពោះលោកហ៊ុនសែនវិញ លោកដើរតួធ្វើជាតំណាងរាស្ត្របង្កើតច្បាប់ផង ជាចៅក្រមកាត់ក្តីផង និងជាប៉ូលិសចាប់ចងផង ។ នៅក្នុងលិទ្ធិប្រជាធិបតេយ្យមនុស្សម្នាក់ដែលកាន់ក្តោបអំណាចទាំងបីរបៀបនេះគឺជាមនុស្សកាន់អំណាចផ្តាច់ការ មានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាដើម ។

យកអំណាចទាំងបីមកកាន់ក្តោបដោយឥតខ្វល់នឹងអ្នកជំទាស់ លោកហ៊ុនសែនជឿថាឥទ្ធិពលលោក «មិនណយ» ជាងព្រះអាទិទេព គ្មាននរណាអាចយកជ័យជំនះលើរូបលោកបានទេ ។ លោកបានដាក់តម្លៃថ្លឹងខ្លួនលោកនិងគណបក្សលោកស្មើនឹងតម្លៃជាតិខ្មែរទាំងមូលដែលមិនត្រូវមាននរណាអាចប៉ះបាន បើលោកមើលឃើញនរណាហ៊ានប៉ះ លោកចោទភ្លាមថាអ្នកនោះ «ក្បត់ជាតិ» ។

មិនត្រូវមានការភ្ញាក់ផ្អើលនឹងព្រឹត្តិការណ៍នានាដែលបានកើតមានឡើងនៅក្នុងប្រទេសខ្មែរនាបច្ចុប្បន្នកាលនេះទេ ។ លោកសមរង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវតែរត់រកសន្តិសុខរស់ជានិរទេសកជននៅស្រុកក្រៅព្រោះវត្តមានលោកនៅលើទឹកដីខ្មែរជាបន្លាចាក់ដោតភាពអាទិទេពលោកហ៊ុនសែន ។ ការចាប់ចងចោទប្រកាន់ទោសលោកកឹមសុខា មេដឹកនាំសង្គ្រោះថា «ក្បត់ជាតិ» បានធ្វើឡើងដើម្បីកាច់ធ្មុងគណបក្សសង្គ្រោះជាតិនៅមុនពេលបោះឆ្នោតខែកក្កដាឆ្នាំ២០១៨នេះ ។ ការបំបិទកាសែត «ឌីខាំបូឌីយ៉ា ដេល្លី» បំបិទការផ្សាយនៃវិទ្យុ VOA និង RFA ការបណ្តេញភ្នាក់ងារ Peace Corps អាមេរិកាំង និងវោហាសាសន៍ចោទរដ្ឋាភិបាលអាមេរិកាំងរួមគំនិតក្បត់ធ្វើរដ្ឋប្រហារទម្លាក់លោកពីមុខតំណែង ។ល។ និង ។ល។ គឺដុះចេញពីបុគ្គលិកលក្ខណៈខ្វះខាតរបស់លោកហ៊ុនសែនដែលភ័យខ្លាចអសន្តិសុខនិងខ្លាចបាត់បង់អំណាចផ្តាច់ការបើមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅថ្ងៃមុខ ។

លុះដល់ពេលនេះមានប្រទេសចិនប្រជាមានិតុចេញមុខជាសាធារណៈគាំទ្រនូវទង្វើផងទាំងពួងរបស់លោកនិងគណបក្សលោក ហើយសន្យាផ្តល់ជំនួយគ្រប់បែបផង លោកហ៊ុនសែនបានឃើញជាថ្មីថាដំណើរលិទ្ធិផ្តាច់ការរបស់លោកមានជោគជ័យទៀតហើយ ។

ដំណើរលិទ្ធិផ្តាច់ការនិងជំនឿរបស់លោកហ៊ុនសែនថានឹងគ្មានអ្វីអាចទប់ដំណើរនេះបាន ជាជម្លោះតទល់នឹងកម្លាំងប្រាជ្ញារបស់អ្នកប្រាជ្ញដែលតាំងពីអតីតកាលបានប្រាប់យើងថា៖ គឺជាធម្មជាតិរបស់មនុស្សលោក នៅពេលណាគេបានទទួលការគំរាមកំហែងឬការចាប់ចងដាក់គុកច្រវ៉ាក់ឬការដាក់ទារុណកម្មមនុស្សលោកតែងរងទុក្ខខ្លោចផ្សា ហើយនៅក្នុងគ្រប់ប្រវត្តិវប្បធម៌និងប្រវត្តិសាស្ត្រមនុស្សលោកស្រេកឃ្លានសេរីភាព សមភាព និងភាពថ្លៃថ្នូរ ។ សេចក្តីថ្លែងការអង្គការសហប្រជាជាតិអំពីសិទ្ធិមនុស្សនៅឆ្នាំ១៩៤៨ បានរំឮកថា សេចក្តីថ្លៃថ្នូរនិងសិទ្ធិស្មើគ្នាដែលមិនអាចកាត់ផ្តាច់បាន ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពនៅក្នុងពិភពលោក ។ ដូច្នេះ បើមិនចង់ឃើញមនុស្សលោកទទួលការបង្ខិតបង្ខំឱ្យរើបម្រាស់ចេញពីការគាបសង្កត់ដោយរើសយកមធ្យោបាយបះបោរប្រឆាំងនិងវាយតបវិញ គួរតែមាននីតិរដ្ឋការពារសិទ្ធិមនុស្ស ។

ប្រទេសខ្មែរដែលជាប្រទេសមួយតាំងពីចាប់កំណើតជាង២០០០ឆ្នាំមក មានស្តេច មានទាសៈទាសី និងមានជំនឿនានា ហើយសង្គមខ្មែររហូតសម័យថ្មីជាសង្គមមានវណ្ណៈ មានជាន់មានថ្នាក់ មានស្តេច មាននាម្មឹនមន្ត្រីតូចធំ មានចៅហ្វាយ មានខ្ញុំកំដរ មានប្រពៃណីទំនៀមទម្លាប់រយឆ្នាំប្រៀនប្រដៅតម្រូវពលរដ្ឋឱ្យ «គោរព» «កោតខ្លាច» «ស្មោះត្រង់» «បំរើ» «ការពារ» បុគ្គលមនុស្សជាអ្នកដឹកនាំលុះស្លាប់ប្រាណ ។ល។ និង ។ល។

ទោះកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ១៩៩១បានបញ្ចុះបញ្ចូលបង្ហាញលិទ្ធិប្រជាធិបតេយ្យតាមរយៈសិទ្ធិអន្តរកាល United Nations Transitional Authority in Cambodia (UNTAC) ក្តី ប្រពៃណីទំនៀមទម្លាប់រយឆ្នាំនៅតែមានបន្ត ។ អ្នកដឹកនាំសម័យថ្មីមិនត្រឹមតែបន្តតម្រូវឱ្យពលរដ្ឋធ្វើតាមប្រពៃណីទំនៀមទម្លាប់ខ្មែររយឆ្នាំ គេឆ្លៀតយកប្រពៃណីទំនៀមទម្លាប់រយឆ្នាំមកគូសជាខ្សែបន្ទាត់នយោបាយច្បាស់លាស់មួយហាមប្រាមពលរដ្ឋដើរកន្លងដែលបង្កើតជាហេតុភេទថា «ក្បត់» ។ រដ្ឋធម្មនុញ្ញមានតែលើក្រដាស ព្រោះដើម្បីឱ្យមានការផ្លាស់ប្តូរក្នុងប្រទេសបាន សង្គមខ្មែរត្រូវតែអនុវត្តទង្វើផ្លាស់ប្តូរគុណសម្បត្តិ ឥរិយាបទ វប្បធម៌ និងរបៀបគិតគូរ ដើម្បីរលាស់ចោលនូវគុណសម្បត្តិ ឥរិយាបទ វប្បធម៌ និងរបៀបគិតគូរដែលមិនមានប្រយោជន៍ ។ ខ្មែរយើងនៅជាប់ស្ទះនឹងរបៀបគិតបន្តពូជ (reproductive thinking) គិតច្រំដែលៗ រួចក៏ធ្វើច្រំដែលៗដែរ ហើយមិននឹកដល់របៀបគិតបង្កើនផល (productive thinking) គិតស្រមើលស្រម៉ៃច្នៃប្រឌិតបង្កើតអ្វីដែលមិនទាន់ដែលមាន ។

ប្រពៃណីទំនៀមទម្លាប់រយឆ្នាំជាទីជ្រកកោននៃបញ្ហានយោបាយរយជំពូកដូចមានសព្វថ្ងៃ ។

សេចក្តីសង្ឃឹមរបស់ខ្មែរស្ថិតនៅលើពលរដ្ឋខ្មែរក្មេងៗដែលមានចំនួនប្រមាណជា ៦៥.៣ភាគរយដែលមានអាយុតិចជាង៣០ឆ្នាំ ក្នុងចំនួនប្រជាពលរដ្ឋខ្មែរទាំងអស់១៦លាននាក់ ។ ពលរដ្ឋក្មេងៗទាំងឡាយនេះមានតម្រិះចេះដឹងមានពត៌មានច្រើនជាងអ្នកចាស់ទុំ ហើយមិនមានចំណងចងភ្ជាប់ទៅនឹងប្រពៃណីទំនៀមទម្លាប់រយឆ្នាំដែលក្រសោបចាស់ទុំជំនាន់ឪពុកម្តាយគេដែរ ។ ពលរដ្ឋក្មេងទាំងឡាយនេះជាសកម្មជនប្តេជ្ញាចិត្តការពារសិទ្ធិមនុស្ស សេរីភាព នីតិរដ្ឋ និងការពារធនធានធម្មជាតិរបស់ស្រុកខ្មែរ ។ គេមិនដែលបានស្គាល់សង្គ្រាមនិងការភ័យខ្លាចដូចចាស់ទុំគេដែរ ។ គេជាអនាគតរបស់ខ្មែរ ។

——–
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com