ទណ្ឌកម្មដល់អ្នកដែលមិនព្រមរៀនពីប្រវត្តិសាស្ត្រ
«ទណ្ឌកម្មដល់អ្នកដែលមិនព្រមរៀនពីប្រវត្តិសាស្ត្រ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៤
ខែមករា ឆ្នាំ២០១៩
សួស្តីឆ្នាំថ្មី ២០១៩! គេថាគ្មានប្រវត្តិសាស្ត្រទេ មានតែមនុស្សធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ និងមានតែមនុស្សកត់ត្រានិងបកស្រាយស្នាដៃរបស់សកម្មជនទាំងនោះ ។
ចិតសិបឆ្នាំមុន លោក វិនស្តុន ឆឺរ៍ជឆៀល Winston Churchill អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស (កើតនៅឆ្នាំ១៨៧៤-ស្លាប់នៅឆ្នាំ១៩៦៥) បានថ្លែងប្រាប់សភាប្រជាជននៃចក្រភពអង់គ្លេសថា “អ្នកដែលមិនរៀនពីប្រវត្តិសាស្ត្រនឹងត្រូវប្រវត្តិសាស្ត្រដាក់ទណ្ឌកម្មដូចកាលមុនអញ្ចឹង” — Those who fail to learn from history are condemned to repeat it ។
នៅថ្ងៃនេះខ្ញុំសូមកែសម្រួលអត្ថបទដើមមួយជាភាសាអង់គ្លេស “Khmer diplomat dubs Hun Sen a fabricator of Khmer History” ចុះថ្ងៃទី១ខែកញ្ញាឆ្នាំ២០១២ ផ្សាយដោយ “គណៈកម្មការសិទ្ធិមនុស្សអាស៊ី” Asian Human Rights Commission (AHRC) ដែលមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ខ្ញុំផ្សាយអត្ថបទនេះជាថ្មីព្រោះថ្ងៃ៧មករាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងបំភ្លៃទ្រង់ទ្រាយប្រវត្តិសាស្ត្រទៀតហើយ ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរឲ្យគាំទ្រការកាន់អំណាចរបស់លោក ។ ដរាបណាពលរដ្ឋខ្មែរនៅតែត្រូវបានគេបង្ខំឲ្យរស់នៅក្រោមការឃោសនាបោកប្រាស់ជាមួយនឹងប្រវត្តិសាស្ត្រក្លែងក្លាយ ពួកគេនឹងស្ថិតនៅក្នុងភាពល្ងឹតល្ងង់មិនស្គាល់សខ្មៅ ដែលជាកត្តាមួយជួយឲ្យអំណាចផ្តាច់ការនៅគង់វង្សបាន ។ ភារៈខ្ញុំគឺបកស្រាយប្រវត្តិសាស្ត្រដោយពិពណ៌នាព្រឹត្តិការណ៍ពិតឥតលំអៀង ធ្វើវិភាគរកហេតុផលនិងធ្វើព្យាករណ៍អំពីអនាគតកាល ។ អតីតកាលជាមេរៀនបញ្ចៀសការធ្វើខុសនៅថ្ងៃនេះ បច្ចុប្បន្នកាលជាមាគា៌បំភ្លឺផ្លូវឲ្យដើរត្រូវនៅថ្ងៃស្អែក ។ ចំណេះដឹងនិងគំនិតស៊ីជម្រៅជួយយើងឲ្យមានការរីកចម្រើននិងប្រសើរជាងមុន ។
យោងតាមការសិក្សាស្រាវជ្រាវចិត្តសាស្ត្រមួយ នៅក្នុងចំណោមមនុស្ស ៣ នាក់មានមនុស្សម្នាក់កែប្រែគំនិតអាកប្បកិរិយាដើម្បីសម្របសម្រួលទៅតាមគំនិតអាកប្បកិរិយារបស់អ្នកដទៃ ។
នៅប្រទេសកម្ពុជា ពលរដ្ឋខ្មែរធ្វើការសម្របសម្រួលពីព្រោះវប្បធម៌តម្រូវជាងពីរពាន់ឆ្នាំមកហើយ ឲ្យគោរព កោតខ្លាច បម្រើ ការពារ ស្មោះត្រង់ជាមួយមេកោយឬអាជ្ញាធររហូតទាល់តែអស់ជីវិត ។
លោកហ៊ុនសែនយកវប្បធម៌នេះមកអនុវត្តដើម្បីបន្តអំណាចផ្តាច់ការ ។ ពលរដ្ឋខ្មែរបច្ចុប្បន្នក៏ដូចជាពលរដ្ឋខ្មែរជំនាន់ដើមត្រូវបានអាជ្ញាធរបង្ខិតបង្ខំផ្ទាល់ឬដោយប្រយោលឲ្យគោរពកោតខ្លាចធ្វើតាមបញ្ជារបស់គេ — ឬយ៉ាងហោចណាស់ក៏កុំឲ្យប្រឆាំងនឹងគេ ។ បើមិនដូច្នោះទេគេនឹងចោទថា “ក្បត់” ។
ការកែប្រែផ្លាស់ប្តូរបទដ្ឋានរាប់រយឆ្នាំនេះជាការពិបាកសម្រេចបានណាស់ ។ តែវាជាការចាំបាច់ដែលត្រូវធ្វើប្រសិនបើយើងចង់កែប្រែជោគវាសនា ។ វាជារឿងគួរឲ្យអស់សំណើចមួយដែលថានៅក្នុងសង្គមខ្មែរ យើងអាចកែប្រែវប្បធម៌អវិជ្ជមានដូចខាងលើនេះដោយគ្រាន់តែអនុវត្តតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធដែលបានបង្រៀនថា៖ ចូរអ្នកកុំខ្វល់ខ្វាយអំពីអ្វីដែលអ្នកដទៃបានធ្វើឬមិនបានធ្វើ ចូរអ្នកគិតតែអំពីភាពសកម្មឬអសកម្មរបស់ខ្លួនអ្នកបានហើយ មានតែអ្នកទេដែលទទួលខុសត្រូវចំពោះជោគវាសនារបស់អ្នក ។ បើប្រជារាស្ត្រកម្ពុជាគោរពព្រះពុទ្ធសាសនា ហើយខ្មែរប្រមាណជាង៨០%អះអាងថាខ្លួនជាបរិស័ទ ការអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធមិនគួរជាការលំបាកឡើយ លើកលែងតែថាខ្មែរឥឡូវមិនសូវរវីរវល់នឹងស្វែងយល់អំពីព្រះពុទ្ធសាសនា ។
អត្ថបទខ្ញុំនៅថ្ងៃនេះស្តីអំពីខ្មែរដែលខ្វល់ខ្វាយនឹងរឿងជាតិម្នាក់ឈ្មោះលោក ស្រីភាជ (កើតឆ្នាំ១៩៣៨-សា្លប់ឆ្នាំ២០១២) ។ លោក ស្រីភាជ បានខំប្រឹងប្រែងធ្វើការដើម្បីកែប្រែវប្បធម៌រាប់រយឆ្នាំនេះចេញ ដោយបានណែនាំខ្មែរឲ្យ បណ្តុះគំនិតប្រកបដោយគុណភាពប្រឆាំងនឹងការភ័យខ្លាចនិងការស្តាប់បង្គាប់ទាំងងងឹតងងល់ កុំឲ្យលន់តួដាក់ក្បាលដល់ដីចំពោះមុខអំណាច ។ លោកជាអ្នកស្រុកសិរីសោភ័ណខេត្តបាត់ដំបង បានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈនិងបានចូលបម្រើការងារនៅក្រសួងការបរទេសនៅកម្ពុជានៅឆ្នាំ១៩៥៩ ។ លោកធ្លាប់កាន់មុខតំណែងការទូតខ្មែរនៅប្រទេសអេហ្ស៊ីប អង្គការសហប្រជាជាតិ ប្រទេសឆេកូស្លូវ៉ាគី និងប្រទេសហ្វីលីពីន ។
មុននឹងលោកបានទទួលមរណភាពទៅ លោកបានសរសេរឯកសារពីរច្បាប់ដោយដៃលោក ទុកឲ្យខ្ញុំប្រើការ យោងទៅលើបទពិសោធន៍របស់លោកចំនួន១៦ឆ្នាំក្នុងការទូតប្រទេសខ្មែរ ។ បន្ទាប់ពីសាធារណរដ្ឋខ្មែរត្រូវបានរលំនៅឆ្នាំ១៩៧៥ លោក ស្រីភាជ និងខ្ញុំបានរួមដៃគ្នាបន្តកិច្ចការស្វែងរកសេរីភាព សមភាព សេចក្តីថ្លៃថ្នូរជូនប្រទេសជាតិ ។
សំណេររបស់លោក ស្រីភាជ ពឹងផ្អែកនិងផ្តោតទៅលើព្រឹត្តិការណ៍ដែលលោកមានបទពិសោធន៍ផ្ទាល់ដែលគួរឲ្យខ្មែរទូទៅនិងបរទេសខ្លះដែលមានទំនោរនយោបាយនិងមនោគមវិជ្ជាក្នុងការបកស្រាយប្រវត្តិសាស្ត្រខ្មែរចាប់អារម្មណ៍ជាពិសេស ។
លោកជានាយកក្រសួងសារព័ត៌មានពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៦៨ ។ លោកទាក់ទងផ្ទាល់ជាមួយអ្នកកាសែតបរទេស ។ លោកបានពណ៌នាយ៉ាងប្រណិតអំពីព្រឹត្តិការណ៍នៅឆ្នាំ១៩៦៧ នៅក្នុងអំឡុងដំណើរទស្សនកិច្ចលោកជំទាវ Jacqueline Kennedy នៅប្រទេសខ្មែរ ។ មានអ្នកយកព័ត៌មានរបស់ Associated Press លោក George McArthur និងលោក Horst Faas ហើយនិងអ្នកយកព័ត៌មានរបស់ United Press International លោក Ray Herndon បានលួចគេចពីភ្នំពេញទៅកាន់ព្រំប្រទល់យួន ។ ពួកគេបានទៅរកឃើញជំរំកុម្មុយនិស្តយៀកកុងនិងយៀកណាមខាងជើងចម្ងាយ៤ម៉ាយល៍ (៦គីឡូម៉ែត្រ) នៅខាងក្នុងប្រទេសកម្ពុជាក្នុងស្រុកមេមត់ខេត្តកំពង់ចាម ។ រាជរដ្ឋាភិបាលមានការស្រពោនចិត្តក្រៃលែង ពេលបានឃើញរបាយការណ៍អ្នកកាសែតទាំងនោះ ។ បញ្ជាពីថ្នាក់លើក៏ធ្លាក់មកដល់អ្នកទទួលខុសត្រូវនៅក្នុងក្រសួងការបរទេសឲ្យអញ្ជើញគណៈកម្មការត្រួតពិនិត្យអន្តរជាតិ International Control Commission (ICC) ទៅស៊ើបអង្កេត ។ អ្នកដែលទទួលខុសត្រូវនោះគឺលោក ស្រីភាជ ដែលមានភារៈ “រៀបចំ” ជាមួយយួនកុម្មុយនិស្ត មុននឹងអ្នកតំណាង ICC ទៅដល់ ។ អ្វីដែលគួរឲ្យអស្ចារ្យនោះគឺអង្គការ ICC ចំណាយពេលគិតអស់រយៈបីខែមុននឹងយល់ព្រមទៅស៊ើបអង្កេត ។ វាបានផ្តល់ឱកាសឲ្យអាជ្ញាធរខ្មែរលើសពីសេចក្តីត្រូវការដើម្បី “រៀបចំ” បំភ័ន្តមតិ ។
នៅក្នុងរឿងមេមត់ លោកបានសរសេរថា “យើងបានបញ្ជាឲ្យចៅហ្វាយខេត្តកំពង់ចាមទទួលក្រុម ICC ចំនួន៣នាក់ ។ តែលោកចៅហ្វាយខេត្តបាន “រៀបចំ” រួចស្រេចទៅហើយឲ្យកងទ័ពយួនកុម្មុយនិស្តដកខ្លួនចេញពីដីខ្មែរនិងកែប្រែមូលដ្ឋានយោធាយួនឲ្យទៅជាមូលដ្ឋានហ្វឹកហ្វឺនកម្ពុជា” ។
លោក ស្រីភាជ និងនាយទាហានខ្មែរពីររូបបានអមដំណើរអ្នកស៊ើបអង្កេតរបស់ ICC តាម ឧទ្ធម្ភាគចក្រទៅកាន់ខេត្តកំពង់ចាម ។ នៅពេលឧទ្ធម្ភាគចក្រហោះហើរ សមាជិកប្រទេស
ប៉ូឡូញដែលតំណាងប្លុកកុម្មុយនិស្ត មានទឹកមុខព្រួយបារម្ភណាស់ ។ លុះទៅដល់ មេមុត គេមិនបានឃើញទីជម្រកលួចលាក់យួនកុម្មុយនិស្តសោះ ។ នៅពេលវិលត្រឡប់ទៅភ្នំពេញវិញ “សមាជិកប៉ូឡូញ បានឱបខ្ញុំនិងអបអរសាទរថាខ្ញុំបានបំពេញកិច្ចការងារល្អណាស់” ។
តែនៅពេលលោកបានទៅដល់ការិយាល័យលោកវិញ លោក ស្រីភាជ បានដឹងថាឯកអគ្គ
រដ្ឋទូតយៀកណាមខាងជើងបានមកជួបនឹងចៅហ្វាយលោក គឺលោករដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Phurissara ហើយបានទូលទ្រង់ថាប្រទេសយៀកណាមខកចិត្តណាស់នឹងដំណើរទស្សនកិច្ច ICC “បើនៅតែមានបន្តទៀត ការតស៊ូយៀកណាមនឹងត្រូវជួបការលំបាក” ។
លោក ស្រីភាជ បានសរសេរអំពីការ “រៀបចំ” ជាមួយយួនកុម្មុយនិស្តថាលោកជួបជំនុំជាមួយអ្នកតំណាងយៀកកុងនិងយៀកណាមខាងជើង អង្វរពួកគេឲ្យដកទ័ពចេញពីដីខ្មែរមុននឹងពួក ICC ទៅដល់ ហើយអាចវិលបកមកដីខ្មែរវិញបានក្រោយពី ICC បានធ្វើទស្សនកិច្ចរួច ។ ក៏ប៉ុន្តែអ្នកតំណាងស្ថានទូតយួនកុម្មុយនិស្តទាំងពីរបានទាត់ចោលសេចក្តីអង្វររបស់លោកដោយទាំងព្រមានលោកថា “បើខ្ញុំនិង ICC នៅតែធ្វើទស្សនកិច្ចទៀត កងទ័ពយៀកណាមនឹងបាញ់មកលើហើយ” ។ លោកបានរាយការឧប្បត្តិហេតុនេះទៅជូនរាជរដ្ឋាភិបាល ។ ក្រោយមក អង្គការ ICC ក៏ត្រូវបានទាត់ចេញពីប្រទេសកម្ពុជាទៅ ។
នៅថ្ងៃដែលយួនបានជួបនឹងចៅហ្វាយលោក លោក ស្រីភាជ បានបដិសេធសេចក្តីអញ្ជើញរបស់អ្នកការទូតយៀកណាមខាងជើងម្នាក់ដែលមកជួបនិងអញ្ជើញលោកទៅទទួលទានអាហារល្ងាច ។ លោកបានប្រាប់អ្នកទូតនោះថាប្រទេសកម្ពុជានៅជាប្រទេសឯករាជ្យនៅឡើយទេ ហើយលោកនិង ICC អាចទៅស៊ើបអង្កេតនៅឯណានិងពេលណាបានទាំងអស់ ។
នៅក្នុងរឿងប្រវត្តិសាស្ត្រនយោបាយ លោក ស្រីភាជ បានរំលឹកថាចាប់តាំងពីកម្ពុជាប្រកាសឯករាជ្យនៅឆ្នាំ ១៩៥៣មក សម្តេចសីហនុសម្រេចឲ្យកម្ពុជាប្រកាន់ “អព្យាក្រឹតភាព” ។ តែលោកបានគិតឃើញថានៅក្នុងជម្លោះរវាងប្លុកខាងលិចនិងខាងកើត ខ្យល់នយោបាយក្នុងភូមិភាគអនុគ្រោះដល់ប្លុកកុម្មុយនិស្ត ដូច្នេះសម្តេចសន្មតអនុវត្តនយោបាយខ្មែរផ្អៀងទៅប្លុកកុម្មុយនិស្តដែលលោកយល់ថានឹងឈ្នះក្នុងការប្រកួតប្រជែង ។ ច្រើនឆ្នាំក្រោយមក
អព្យាក្រឹតឆ្វេងនិយមរបស់សម្តេចបានលើកតម្កើងប្រទេសចិនជាមិត្តលេខ១ ។ លើកលែងតែស្ថានទូតបារាំង កម្ពុជាបានបិទស្ថានទូតបស្ចឹមប្រទេសទាំងអស់នៅភ្នំពេញ ។
រដ្ឋាភិបាលចិនបានទូលសម្តេចថាប្រទេសចិននឹងផ្តល់ជំនួយបរទេសច្រើនជាងចំនួនសហរដ្ឋអាមេរិកផ្តល់ឲ្យខ្មែរ ។ នៅពេលភ្នំពេញកាត់ផ្តាច់ជំនួយអាមេរិកាំង ប្រទេសចិនបានតម្រង់ជំនួយចិនទៅឲ្យខ្មែរក្រហម ។ សេដ្ឋកិច្ចខ្មែរបានទទួលរងផលលំបាកខ្លាំងរហូតនៅចុងឆ្នាំ១៩៦៨ “នាយទាហានខ្មែរខ្លះរកតែស្បែកជើងពាក់ស្ទើរតែមិនបានផង” ។
ដោយសារការផ្តេកផ្តួលជោគវាសនាទៅលើចិន រាជរដ្ឋាភិបាលបើកកំពង់ផែនៅក្រុងព្រះសីហនុនិងវាលយន្តហោះនៅពោធិ៍ចិនតុងដើម្បីដឹកជញ្ជូនគ្រឿងសម្ភារៈយោធាចិនទៅឲ្យពួកយៀកកុងនិងយួនខាងជើង ។ ពួកកុម្មុយនិស្តយួនដែលជ្រកពួននៅក្នុងទឹកដីខ្មែរ ចេញដំណើរនៅពេលយប់ទៅកាន់យៀកណាមខាងត្បូងដើម្បីវាយប្រយុទ្ធនឹងកងទ័ពអាមេរិកាំងនិងសម្ព័ន្ធមិត្តគេ ។ លុះអាមេរិកាំងដេញពួកយួនកុម្មុយនិស្តដែលរត់ចូលទៅក្នុងដីខ្មែរក្រសួងការបរទេសខ្មែរធ្វើការតវ៉ាជំទាស់នឹងអាមេរិកាំង ។ ដំបូងឡើយ ពួកយួនកុម្មុយនិស្តហាក់ដូចជាគោរពទឹកដីខ្មែរ ។ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ចាត់ទុកដីខ្មែរថាជាដីដែលគេដណ្តើមបាន ។ ទាហានខ្មែរដែលជាឆ្មាំការពារខេត្តនិងនគរបាលត្រូវបានពួកគេវាយប្រហារដោយបាញ់រះមកលើ ។
លោក ស្រីភាជ បានបដិសេធការចោទប្រកាន់របស់លោកហ៊ុនសែនថា “សង្គ្រាមស៊ីវិល” និងអំពើព្រៃផ្សៃរបស់ខ្មែរក្រហមដែលបណ្តាលឲ្យមនុស្សស្លាប់ជិត៣លាននាក់នោះបានកើតមានឡើងដោយសារលោក លន់ នល់ ទម្លាក់សម្តេចសីហនុពីតំណែងជាប្រមុខរដ្ឋនៅឆ្នាំ១៩៧០ ។ លោកបានទាត់ចោលដែរនូវការចោទប្រកាន់ថាការទម្លាក់សម្ដេចសីហនុបណ្តាលឲ្យមានការទម្លាក់គ្រាប់បែក B-52 អាមេរិកាំង ការឈ្លានពានព្រំដែនខ្មែរដោយកងទ័ពអាមេរិកាំង និងការផ្តល់ជំនួយអាមេរិកាំងដល់ខ្មែរដែលស្អប់សម្តេចស៊ីហនុ ។
លោក ស្រីភាជ បានសរសេរថាចលនាខ្មែរក្រហមបានកើតមានឡើងក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច និងក្រោយពីទាហានរបស់លោករដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក គូ រុន បានទាញលោក ខៀវ សំផន ទម្លាក់ចេញពីស៊ីក្លូនៅជិតផ្សារកណ្តាល វាយសំពង សម្រាតលោក ខៀវ សំផន ឲ្យអាក្រាតជាសាធារណៈ ហើយនិងបន្ទាប់ពីបញ្ជាឲ្យចាប់ចងខ្មែរមួយចំនួនមានលោក ហ៊ូយន់ លោក ហ៊ូនឹមនិងបញ្ញវន្តឯទៀតដែលត្រូវបានជាប់ចោទថាជាខ្មែរ “ក្រហម” ។ យ៉ាងដូច្នេះបញ្ញវន្តខ្មែរជាច្រើននាក់ក៏រត់ចូលព្រៃ ។ ចលនាខ្មែរក្រហមមួយក៏ត្រូវបានប្រកាសឡើងនៅសំឡូតខេត្តបាត់ដំបង ។ អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺថាទាហានរបស់លោកឧត្តមសេនីយ៍ លន់ នល់ ជាអ្នកវាយកំទេចពួកឧទ្ទាម “ខ្មែរក្រហម” នៅសំឡូតយ៉ាងសាហាវ ។
ឯកសាររបស់លោក ស្រីភាជ បានចែងថា នៅពេលកម្ពុជាមានបញ្ហាជាមួយយួនកុម្មុយនិស្តនៅរតនគិរីនិងមណ្ឌលគិរី រដ្ឋាភិបាលសូវៀតនិងរដ្ឋាភិបាលឆេកូ បានអញ្ជើញសម្តេចឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការ ។ លោក ស្រីភាជ បានអះអាងថា សម្តេចសីហនុនិងលោកឧត្ដមសេនីយ៍ លន់នល់ បានជួបជំនុំគ្នានិងបានសម្រេចជាមួយគ្នាថា មួយថ្ងៃមុនដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចនៅទីក្រុងប្រាហ្គ បាតុកម្មដ៏ប្រជាប្រិយមួយត្រូវធ្វើឡើង ហើយសម្តេចនឹងយករឿងបាតុកម្មនោះទៅប្រាប់ប្លុកកុម្មុយនិស្តនៅអឺរ៉ុបខាងកើតថាពលរដ្ឋខ្មែរមិនសប្បាយចិត្តនឹងវត្តមានកងទ័ពយៀកកុងនិងយៀកណាមខាងជើងនៅលើទឹកដីខ្មែរទេ សូមឲ្យប្លុកអឺរ៉ុបខាងកើតធ្វើអន្តរាគមន៍ឲ្យពួកគេដកខ្លួនចេញពីកម្ពុជាផង ។ ជាអកុសល អ្នករៀបចំបាតុកម្មគ្រប់គ្រងបាតុករមិនបាន ។ បាតុករបានដុតស្ថានទូតយួនកុម្មុយនិស្តទាំងពីរ ធ្វើឲ្យសម្តេចនៅស្រុកបារាំងខ្ញាល់ជាខ្លាំង ។ លោកបដិសេធមិនព្រមទទួលគណៈប្រតិភូខ្មែរដែលមានទ្រង់ កន្តុល ជាតំណាងរាជរដ្ឋាភិបាលនិងលោក យ៉ែម សម្បូរ ជាតំណាងព្រះមហាក្សត្រិយានី ដើម្បីទូលថ្វាយអំពីព្រឹត្តិការណ៍ពិតប្រាកដ ។ សម្តេចបានលុបចោលគំរោងដំណើរទស្សនកិច្ចនៅក្រុងប្រាហ្គ Prague ។
លោក ស្រីភាជ ដែលបានធ្វើការបម្រើស្ថានទូតខ្មែរនៅទីក្រុងប្រាហ្គពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧៤ សរសេរថាលោកមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះអង្គម្ចាស់សីហមុនីដែលជានិស្សិត ។ ព្រះអង្គម្ចាស់សីហមុនីបានប្រាប់លោកថាព្រះមាតារបស់ទ្រង់បានទូរស័ព្ទជារៀងរាល់ថ្ងៃប្រាប់លោកកុំឲ្យព្រួយបារម្ភ ព្រោះជនក្បត់មានតែមួយក្តាប់ទេ ។ នៅពេលសម្តេចប៉ាប៉ាត្រឡប់ទៅរាជធានីភ្នំពេញវិញជនក្បត់ជាតិទាំងនោះនឹងត្រូវបានដោះស្រាយហើយ ។ លោក ស្រីភាជ បានសរសេរថាពាក្យពេចន៍ទាំងនោះបានធ្វើឲ្យអ្នកដឹកនាំនៅភ្នំពេញភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេក៏សន្និដ្ឋានថាមិនអាចរង់ចាំសម្តេចឲ្យមកចាប់ខ្លួនពួកគេទេ ពួកគេក៏ចាត់វិធានការទម្លាក់សម្តេចពីតំណែងមុនទៅ ។
មិនមានរៀបរាប់នៅក្នុងឯកសាររបស់លោក ស្រីភាជ គឺការចោទប្រកាន់មួយថាមានខ្សែអាត់ថតសម្លេងសម្ងាត់នៅប៉ារីសនៅពេលសម្តេចលោកខ្ញាល់និងបានគំរាមកំហែង “សម្លាប់ចោល” មេដឹកនាំខ្មែរនៅភ្នំពេញ — គេថាគឺខ្សែអាត់ថតសម្លេងសម្ងាត់នេះហើយដែលបានបញ្ចុះបញ្ចូលលោក លន់ នល់ ដែលជាមនុស្សក្រាញនិងជាអ្នកចុងក្រោយគេឲ្យសុខចិត្តចូលរួមដកហូតអំណាចពីសម្តេច ។ លោក ស្រីភាជ ទទូចថាការទម្លាក់សម្តេចជាឧប្បត្តិហេតុ “ដោយចៃដន្យ” មិនមែនជាផែនការទម្លាក់ — នរណាហ៊ានហូតអំណាចព្រះទេវរាជ ?
នៅក្នុងឯកសាររបស់លោក ស្រីភាជ នៅពេលសម្តេចបានទៅដល់ទីក្រុងម៉ូស្គូ មេដឹកនាំសូវៀតចង់ឲ្យសម្តេចយាងត្រឡប់ទៅកម្ពុជាវិញ តែសម្តេចលោកសម្រេចធ្វើដំណើរបន្តទៅប្រទេសចិន ។ នៅប្រទេសចិន សម្តេចបានជួបជាមួយលោកនាយករដ្ឋមន្ត្រីយួនហាណូយលោក ផាំ វ៉ាន់ ដុង Pham Van Dong ដែលបានអះអាងថាសម្តេចអាចវិលទៅកាន់អំណាចវិញក្នុង “រយៈពេល២៤ម៉ោង” តែសម្តេចឆ្លើយវិញថាលោកមិនចង់ឃើញមានការបង្ហូរឈាម ។ តែមិនយូរប៉ុន្មានសម្តេចក៏ផ្លាស់ប្តូរចិត្តគំនិត ៖ លោកប្រកាន់ថាលោកជាប្រមុខរដ្ឋមួយជីវិត ។ លោកប្រកាសបង្កើតរាជរដ្ឋាភិបាលមួយនៅបរទេស ។ នៅសន្និសីទសម្តេចនៅ Canton មានអ្នកតំណាងយួននិងឡាវចូលរួមផង ពួកគេបានសម្រេចបញ្ចូលប្រជាជនឥណ្ឌូចិនទាំងបីឲ្យចូលគ្នាតែមួយ ៖ “កងទ័ពយៀកណាមនៅកម្ពុជាជាកងទ័ពខ្មែរ កងទ័ពកម្ពុជានៅយៀកណាមជាយួន កងទ័ពកម្ពុជានៅឡាវជាឡាវ កងទ័ពឡាវនៅកម្ពុជាជាខ្មែរ” ។ សម្តេចបានប្រកូកហៅតាមវិទ្យុប៉េកាំងឲ្យពលរដ្ឋខ្មែរទៅចូលរួមជាមួយខ្មែរក្រហមដើម្បីបណ្តេញពួកអាមេរិកាំងចេញពីប្រទេសកម្ពុជា ។ យ៉ាងនេះ អ្នកគាំទ្រសម្តេច ក្រុមខ្មែរក្រហម ពួកយួនកុម្មុនិស្ត បានមូលគ្នាវាយប្រហាររបបសាធារណរដ្ឋខ្មែរ ។
លោក ស្រីភាជ បានរំលឹកថាលោក ខៀវ សំផន បានប្រាប់អ្នកកាសែតថា បដិវត្តន៍ខ្មែរក្រហមសម្រេចបានងាយស្រួលណាស់ដោយមានសម្តេចចូលរួមជាមួយ ។ ដោយសារជំនួយអាមេរិកាំងត្រូវបានបញ្ចប់នៅឆ្នាំ១៩៧៥ សាធារណរដ្ឋខ្មែរក៏ត្រូវបានដួលរលំ ការកាប់សម្លាប់ខ្មែរនិងជនមិនមែនខ្មែរយ៉ាងរង្គាលដោយរបបខ្មែរក្រហមក៏ផ្តើមឡើង ។ លោកហ៊ុនសែនចោទប្រកាន់ថាការទម្លាក់សម្តេចបង្កើតឲ្យមានអំពើព្រៃផ្សៃខ្មែរក្រហមគឺដើម្បីបន្សាបកិត្តិយសសម្តេចផងនិងចាក់សម្តេចនិងរាជានិយមឲ្យខឹងនឹងខ្មែរប្រជាធិបតេយ្យផង ។ តែលោកហ៊ុនសែនឆ្លាត លោកបានគាំទ្រការគ្រងរាជ្យរបស់ព្រះអង្គម្ចាស់សីហមុនីជាព្រះមហាក្សត្រ និងផ្តល់កិត្តិយសដល់សម្ដេចសីហនុជាព្រះមហាវីរក្សត្រ ។ នៅក្នុងពិភពចម្លែកនៃនយោបាយខ្មែរ លោកហ៊ុនសែននិងព្រះរាជវាំងជាសម្ព័ន្ធមិត្តក្នុងភាពត្រូវការគ្នា ។ នៅសល់តែពលរដ្ឋខ្មែរទេដែលមិនមានអ្នកគាំទ្រនៅក្នុងសាលប្រជុំនៃអំណាចរបស់ខ្មែរ ។
មួយរយដប់បីឆ្នាំមុននេះ លោក ហ្ច័រ៍ច្ច សាន់តាយ៉ាណា George Santayana ទស្សនវិទូ (កើតនៅឆ្នាំ១៨៦៣នៅប្រទេសអេស្ប៉ាញ រៀនសូត្រនៅសហរដ្ឋអាមេរិក ស្លាប់នៅឆ្នាំ ១៩៥២ នៅប្រទេសអុីតាលី ) បានថ្លែងថា “អ្នកដែលមិនចងចាំរឿងអតីតកាលនឹងត្រូវអតីតកាលផ្តន្ទាទោសជាថ្មីម្តងទៀត” — Those who cannot remember the past are condemned to repeat it ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com