«ថ្ងៃអង្សាមកជួបនរណាមុន?»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩

អត្ថបទខ្ញុំចុះថ្ងៃទី ១៧ ខែមេសា អមដោយវីដេអូមួយមានរូបភាពដកស្រង់ចេញពីបណ្តាញអ៊ិនធឺណិតមកចងក្រងជារឿងប្រវត្តិសាស្ត្រខ្មែរចាប់ពីសម័យកម្ពុជានៅក្រោមអាណាព្យាបាលបារាំងរហូតមកដល់បច្ចុប្បន្នកាលនេះ បានអំពាវនាវឲ្យខ្មែររៀនអំពីប្រវត្តិសាស្ត្រដែលត្រូវតែចងចាំយល់ដឹង ជាពិសេសនៅពេលនេះដែលមេដឹកនាំកម្ពុជាបានបំប្លែងការពិតបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រខ្មែរនិងបន្ទាបបន្ថោកការប្រឹងប្រែងនិងការលះបង់របស់អ្នកតស៊ូខ្មែរដើម្បីអាយុជីវិតប្រទេសជាតិ ។ ការចងចាំយល់ដឹងនឹងជួយបញ្ចៀសបញ្ហាដែលបានប្រឈមមុខយើងរួចមកហើយកុំឲ្យវាអាចកើតមានឡើងទៀត ។

ខុសពីសត្វតិរច្ឆានដែលប្រើសភាវគតិជាជាងការគិតពិចារណា មនុស្សម្នាក់ៗជាសត្វលោកមានខួរក្បាលមួយគីឡូក្រាម ។ ខួរក្បាលនេះអាចជួយយើងឲ្យចេះគិតពិចារណានិងស្វែងរកដំណោះស្រាយផ្សេងៗដើម្បីអភិវឌ្ឍនិងកសាងអនាគត ។ ក៏ប៉ុន្តែមនុស្សភាគច្រើនស្ថិតនៅក្រោមឥទ្ធិពលនៃទំនៀមទម្លាប់រាប់រយពាន់ឆ្នាំដែលពង្វក់និងពត់បត់បែនចិត្តគំនិតឲ្យនិត្យនៅក្នុងគន្លងដំណើរទង្វើតតាមគ្នា ។ យ៉ាងនេះមនុស្សរមែងធ្វើអ្វីឬគិតអ្វីតាមលំនាំ តាមរបៀបដែលគេបានធ្វើឬបានគិតរួចមកហើយ រហូតដល់ទង្វើនិងគំនិតមនុស្សខ្លះក្លាយទៅសកម្មភាពស្វ័យប្រវត្ត ប្រៀបដូចជាយន្តការី ។

អ្នកប្រាជ្ញសម័យមុនទូន្មានថាបើយើងមិនរៀនអំពីប្រវត្តិសាស្ត្រទេប្រយ័ត្នប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី ។ សព្វថ្ងៃនេះ មេដឹកនាំកម្ពុជាបានយកទំនៀមទម្លាប់ខ្មែររាប់រយពាន់ឆ្នាំមកធ្វើជាមធ្យោបាយដកស្លាបបក្សីម្តងមួយៗ ។ គេបានប្រើល្បិចបញ្ឆោតប្រជាពលរដ្ឋឲ្យរស់ដូចកង្កែបក្នុងឆ្នាំងទឹក ។ គេបោះចំណីអាហារបន្តិចបន្តួចទៅក្នុងឆ្នាំងឲ្យកង្កែបស៊ីសប្បាយភ្លេចខ្លួនខណៈពួកគេលួចដុតភ្លើងកំដៅក្រោមបាតឆ្នាំង ។ របបផ្តាច់ការនៅគ្រប់ទិសទីគេប្រើកលល្បិចនេះដើម្បីគ្រប់គ្រងប្រទេសនិងជិះជាន់សង្កត់សង្កិនពលរដ្ធយូរអង្វែង ។ ការរៀនសូត្រប្រមូលចំណេះដឹងស៊ីជម្រៅ ការបណ្តុះឆន្ទៈតស៊ូមុតមាំ ការរៀនស្រមើស្រមៃនិងច្នៃប្រឌិតអ្វីដែលមិនដែលមាន ជាជំនួយក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរបបផ្តាច់ការ ។

ខ្ញុំធ្លាប់បានសរសេរប្រៀបធៀបការធ្វើនយោបាយ à la cambodgienneទៅនឹងរបាំរាំវង់ ។ អ្នករាំបញ្ចេញរាងញ៉ែទៅញោះមក រលាស់ដៃរលាស់ជើងវិលវល់វក់វីរ ឆែចុះឆែឡើងនៅតែក្នុងរង្វង់មូលមួយ ។ មានពេលខ្លះអផ្សុកក៏ភ្នាល់គ្នាលេងដូចកូនក្មេង ។ អ្នកសាទរការភ្នាល់ក៏នាំស្រែកជ័យឃោសអឺងកង ។ អ្នកភ្នាល់គេឌឺដងដាក់គ្នាមួយសន្ទុះក៏អង្គុយចុះរង់ចាំលទ្ធផល ។ អ្នកខ្លះថានោះហើយជាយុទ្ធសាស្ត្រ ។ អ្នកខ្លះថាជាកលយុទ្ធ ។ ប៉ុន្តែធាតុពិតវាជាសកម្មភាពរាំវង់នយោបាយខ្មែរ ។ គេធ្វើតែអីចឹងឯង ។

ខ្ញុំមានចិត្តរំភើបតិចៗនៅពេលអ្នកនយោបាយបរទេសខ្លះនិងសហភាពអឺរ៉ុបធ្វើការគាបសង្កត់ដាក់សម្ពាធលើរដ្ឋាភិបាលខ្មែរឲ្យគោរពសិទ្ធិមនុស្ស ។ ខ្ញុំបានសរសេរសសើរលោក សម រង្ស៊ី ដែលឆក់យកឱកាសសហភាពអឺរ៉ុបកំញើញដកឯកសិទ្ធពាណិជ្ជកម្មប្រទេសកម្ពុជាដឹកនាំទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបដោយប្រព័ន្ធអនុគ្រោះពន្ធនៅក្នុងកម្មវិធីEverything But Arms (EBA) ឬទំនិញគ្រប់ប្រភេទលើកលែងតែអាវុធទៅសរសេរប្រកាសថា អ្នកទទួលខុសត្រូវនៃគណបក្សសង្គ្រោះជាតិនៅនិរទេសខ្លួននិងរូបលោកផ្ទាល់នឹងវិលចូលកម្ពុជាវិញ. . . នៅក្នុងឆ្នាំ២០១៩ នេះ ។ លោកបានបញ្ជាក់អំពីការទាមទារភាពប្រាកដនិយម ឲ្យស្តារគណបក្សសង្គ្រោះជាតិឡើងវិញ ឲ្យដោះលែងលោក កឹម សុខា ពីការឃុំខ្លួននៅក្នុងផ្ទះនិងទាត់ចោលការចោទប្រកាន់ក្លែងក្លាយថាក្បត់ជាតិ និងឲ្យទាត់ចោលការហាមឃាត់សកម្មភាពនយោបាយរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ ។ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈស្កែប Skypeនៅថ្ងៃទី១៥ខែកុម្ភៈ លោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថាលោកនិងកម្មករខ្មែរចំណាកស្រុកនៅប្រទេសថៃនិងប្រទេសកូរ៉េនឹងវិលចូលកម្ពុជាវិញនៅពេលសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មផ្តន្ទាទោសលោក ហ៊ុន សែន ។ វិទ្យុអាស៊ីសេរី បានដកស្រង់ពាក្យពេចន៍របស់លោក សម រង្ស៊ី និយាយថា

“Millions of people will capture Hun Sen, and he will then be prosecuted on charges of brutality against his own people, of murder, and of treason.”

ខ្ញុំលួចបន់កុំឲ្យលោក សម រង្ស៊ី ក្លាយទៅជា “ឧកញ៉ាស្នេហាមេក្រូ” ដូចជំនាន់សមាជជាតិនៅវាលមេរុ គឺពេលមេក្រូបានមកដល់ដៃហើយ គ្មាននរណាទប់ “ឧកញ៉ា” និយាយបានទេ ។ នៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី១៩ខែកុម្ភៈ ក្រោមចំណងជើងថា “ឆក់យកឱកាសល្អនិងផ្តើមវិធីប្រយុទ្ធជនផ្តាច់ការ” ដែលមានចុះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ខ្ញុំបានលើកជាសំនួរថា “បើ រដ្ឋាភិបាលហ៊ុនសែននៅតែមិនព្រមដោះស្រាយបញ្ហាដែលជាបុព្វហេតុនៃការដកហូត(ឯកសិទ្ធពាណិជ្ជកម្មកម្ពុជាតាមកម្មវិធី EBA )នោះ . . . តើសហភាពអឺរ៉ុបនឹងមានលទ្ធភាពដាក់សម្ពាធយ៉ាងណាទៀតដល់ជនផ្តាច់ការ . . . ហើយតើនៅក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងជនផ្តាច់ការ លោក សម រង្ស៊ី និងសកម្មជនសង្គ្រោះជាតិមានបានរៀបចំកលយុទ្ធគ្រប់គ្រាន់ឬទេ?” នៅថ្ងៃនេះ សំនួរខ្ញុំនៅដដែល ។

គួរកត់សំគាល់ដែរថាខណៈក្រុមខ្មែរប្រឆាំងនឹងជនផ្តាច់ការផ្អែកក្តីសង្ឃឹមនិងជោគវាសនាខ្លួនលើសហភាពអឺរ៉ុបនិងលើសមាជិកខ្លះនៃសភាជាតិអាមេរិកាំង លោក ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៤កុម្ភៈថា “កម្ពុជានឹងមិនស្លាប់ទេទោះបីគ្មាន EBAក៏ដោយ . . .” ។ ថ្មីៗនេះលោកបានសរសេរនៅលើទំព័រFacebook ថាមហាមិត្តចិនបានអះអាងប្រាប់លោកនៅប៉េកាំងថាចិននឹងជួយកម្ពុជាបើសហភាពអឺរ៉ុបដកហូតEBA ហើយចិនបានសន្យាផ្តល់ជំនួយយោធាមានចំនួនទឹកប្រាក់ ៦០០ លាន yuan ឬ ៨៩ លានដុល្លារទៀតផង ។ នៅកម្ពុជា ចិនបានទិញដីពីខ្មែរម្ចាស់ស្រុកគ្រប់ទីកន្លែង ។ ខ្មែរលក់ដីព្រោះលុយចិនធ្លាក់មកដល់ដៃពួកគេស្រួលណាស់ ។ ខណៈខ្មែរជេរយួនថាលេបទឹកដីខ្មែរ ចិនជាម្ចាស់ដីខ្មែរ ។

គួរចងចាំថា គឺសន្ធិសញ្ញាខ្មែរ-ចិននៅទីក្រុងប៉េកាំងនៅខែវិច្ឆិកាឆ្នាំ១៩៦៥ ដែលបានកំទេច អព្យាក្រឹតខ្មែរទទួលស្គាល់ដោយសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ បានបើកទ្វារឲ្យសង្គ្រាមយៀកណាមហៀរចូលកម្ពុជានិងឲ្យបនប៉ុលពតប្រល័យពូជសាសន៍កាន់កាប់កម្ពុជាចំនួនបីឆ្នាំប្រាំបីខែម្ភៃថ្ងៃស្លាប់អស់ពលរដ្ឋប្រមាណពីរលាននាក់ ។ នៅទីបញ្ចប់បនប៉ុលពតបានត្រូវគេទម្លាក់ចោលដោយឥតស្រណោះ ។

នៅថ្ងៃទី២ខែឧសភា លោក ហ៊ុន សែន បានថ្លែងចំអកប្រាប់កម្មករចំនួនរាប់ពាន់នាក់នៅរោងចក្រកាត់ដេរអំពីលោក សម រង្ស៊ី ស្រែកដង្ហោយហៅលោកឲ្យចុះចេញពីតំណែង និងស្រែកហៅពលករខ្មែរចំណាកស្រុកប្រមាណជា ១ ម៉ឺននាក់ដែលធ្វើបាតុកម្មនៅពិធីបុណ្យដុតទៀននៅ ក្វាងជូ កូរ៉េខាងត្បូង ឲ្យវិលជាមួយលោកទៅកម្ពុជាវិញទៅចាប់លោក ហ៊ុន សែន មកកាត់ទោស ។ លោកហ៊ុនសែនសួរថាតើឲ្យលោកចេញពីតំណែងយ៉ាងដូចម្តេចបើពលរដ្ឋនៅកំពុងសប្បាយនឹងជីវភាពក្រោមការដឹកនាំរបស់លោក ហើយតើចង់មកចាប់លោកឬមកឱបថើបលោកនិងថត selfies ជាមួយលោក?លោកហ៊ុនសែនដឹងច្បាស់ណាស់ថាកម្មករកាត់ដេរមិនល្ងង់ទេ បើលោកហុចស្រោមសំបុត្រលុយឲ្យពួកគេ រឿងអីពួកគេមិន  ឱបថើបនិងថត selfiesជាមួយលោក!ឯលោក សម រង្ស៊ី ក៏ប្រហែលមិនខុសគ្នាប៉ុន្មានដែរ ។ ហុចតែអំណាចឲ្យតិចតួច វប្បធម៌សន្ទនានឹងលេចចេញមកភ្លាម ។

គ្រាន់តែឮថាលោក សម រង្ស៊ី និងបក្សសង្គ្រោះជាតិវិលចូលកម្ពុជាវិញ លោក ហ៊ុន សែន ភ័យញ័រខ្លួន ហើយប្រកាសបញ្ជាទ័ពឲ្យជីកត្រង់សេដាក់កាំភ្លើងយន្តចាំទទួល ទោះលោក    រង្ស៊ី នាំមន្ត្រីអ៊ិនហ្ចីអូ និងមន្ត្រីសហគមអន្តរជាតិប៉ុន្មាននាក់មកជាមួយផងក៏ដោយ ។ លោក  រង្ស៊ី ស្រែកឡូតបថា លោក សែន រៀបចំធ្វើ “ម៉ាស់សារ៍ក” សម្លាប់រង្គាលហើយ ។ ទាំងឪពុកទាំងកូនដែលពាក់ផ្កាយពេញលើស្មាមិនដែលភ្លេចរំលឹកពលទាហានឲ្យមើលឆ្វេងមើលស្តាំឆ្កឺះចេញនូវបុគ្គលដែលអាចមានគំនិតមិនស្របស្រួលនឹងរដ្ឋាភិបាល– បើមិនស្រៀវឆ្អឹងខ្នងទេម្តេចក៏ស្ទុះស្ទារម៉្លេះ ?នរណាមិនដឹងថាពលរដ្ឋកន្លះនគរគេមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនទេ តែបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ។ លោក រង្ស៊ី មាត់រអិលបានស្រែកអំពាវនាវដល់ពលរដ្ឋឲ្យចេញធ្វើបាតុកម្មតាមផ្លូវថ្នល់ដើម្បីទម្លាក់លោក សែន និងចាក់ចូចឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ម៉ែន សំ អាន និងអស់លោកថីថុងខ្លះទៀតឲ្យធ្វើ “គូដេតា” ទម្លាក់លោក សែន ។ យីអើ ទៅហៅមនុស្សកំពុងសប្បាយនឹងលុយនិងបុណ្យស័ក្តិឲ្យទៅទម្លាក់មេប្រភពលុយនិងប្រភពស័ក្តិយសយ៉ាងម៉េច?សូមរំលឹកលោក រង្ស៊ី បន្តិចថា ប្រការដែលមនុស្សធ្វើការបំរើរបបផ្តាច់ការគឺជាការចូលរួមដោយស្ម័គ្រចិត្តទៅធ្វើជាឃាតករនិងជាពេជ្ឈឃាតសម្លាប់ប្រទេសជាតិខ្លួនឯង ។ ប្រវត្តិសាស្ត្រនឹងកត់ត្រាទុក ។

លោក ហ៊ុន សែន ជាមនុស្សឆ្លាតក្នុងវិធីបិទទ្វារវ៉ៃឆ្កែ ។ នៅថ្ងៃទី៣ខែឧសភា តុលាការក្រុងភ្នំពេញបានកាត់ទោសដាក់ទណ្ឌកម្មលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន ៤ ឆ្នាំពីបទបង្ខូចទឹកចិត្តកងទ័ព និង ៤ ឆ្នាំទៀតពីបទប្រមាថព្រះចេស្តា ។ ចៅក្រមបានចេញបញ្ជាឲ្យចាប់និងដាក់គុកលោក សម រង្ស៊ី ។

ខ្ញុំមានការចាប់អារម្មណ៍ដល់អត្ថបទរបស់ លោក ដេវីដ ហ៊ឹតត៍ David Hutt នៃទស្សនាវដ្តី The Diplomatក្រោមចំណងជើងថា “Cambodia’s Opposition Party Must End its Policy Silence”ឬ “គណបក្សប្រឆាំងនៅកម្ពុជាត្រូវតែបញ្ចប់ការស្ងៀមស្ងាត់នៃគោលនយោបាយរបស់ខ្លួន”។ លោក ហ៊ឹតត៍ បានស្នើដល់លោក សម រង្ស៊ី ថាពេលឥឡូវនេះគឺជាពេលដែលត្រូវបញ្ចេញឲ្យគេឯងបានដឹងផងថាតើគណបក្សសង្គ្រោះជាតិមានគោលនយោបាយពិតប្រាកដធ្វើយ៉ាងណាខ្លះក្នុងការកែប្រែផ្លាស់ប្តូរនៅក្នុងកម្ពុជាក្រៅពីស្រែកក្តែងៗថាខ្លួនជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរនោះ ។ ត្រូវឲ្យពលរដ្ឋគ្នាបានដឹងផងថាតើពួកគេដែលគួរចេញធ្វើបាតុកម្មតាមដងផ្លូវប្រឈមមុខនឹងកាំភ្លើងរបស់គណបក្សប្រជាជនគឺធ្វើដើម្បីអ្វីក្រៅពីពាក្យសន្យាថាផ្លាស់ប្តូរ ។ លោក ហ៊ឺតត៍ សរសេរថា ទាំងពលរដ្ឋ មិនត្រឹមតែពលរដ្ឋខ្មែរ ទាំងវិនិយោគិននិងរដ្ឋាភិបាលបរទេសត្រូវការដឹងយល់ថាតើរដ្ឋាភិបាលសង្គ្រោះជាតិនឹងគ្រប់គ្រងកម្ពុជាយ៉ាងដូចម្តេចដែរ ។ លោក ហ៊ឺតត៍ រំលឹកថារហូតមកដល់ថ្ងៃនេះអ្នកដឹកនាំបរទេសមិនបានចេញមុខទទួលស្គាល់ថាដល់ពេលត្រូវតែស្តារគណបក្សសង្គ្រោះជាតិឡើងវិញទេ ។ ឬមួយបរទេសគិតថាលោក ហ៊ុន សែន នឹងមិនសុខចិត្តទេ ឬមួយបរទេសគេមិនចង់ដាក់ផុកនឹងគណបក្សដែលបែកបាក់ផងនិងមិនដែលសាកល្បងក្នុងការគ្រប់គ្រងផង ។

ខ្ញុំជឿថាបើរដ្ឋាភិបាលបរទេសមើលឃើញថាសកម្មភាពកែប្រែផ្លាស់ប្តូរនៅកម្ពុជានឹងបំពេញផលប្រយោជន៍របស់គេ សូម្បីរដ្ឋាភិបាលតូចមួយក៏នឹងវេចបង្វិចមកជួយកម្ពុជា​​ដែរ មិនចាំបាច់សន្និសីទអន្តរជាតិឯណាទេ ។ ខ្ញុំសូមសរសើរពលការីម្នាក់នៅពិធីបាតុកម្មភ្លើងនៅ ក្វាងជូដែលបានថ្លែងតាមវិទ្យុអាស៊ីសេរីទៅកាន់អ្នកស្តាប់នៅកម្ពុជាថា បើយើងមិនចេញជួយខ្លួនយើងទេគ្មាននរណាគេមកជួយយើងទេ ។ ខ្ញុំមានសង្ឃឹមជានិច្ចទៅលើទឹករលកតូចមួយ ពីរ បី ដែលហូរចូលគ្នាអាចរំលើងឫសរបបផ្តាច់ការបាន (សូមអានអត្ថបទ “ទឹករលកតូចមួយ. . . ពីរ. . . បី . . .ហូរចូលគ្នា” ចុះថ្ងៃទី ២៦ ខែមករា នៅក្នុងគហទំព័រ “គំនិតខ្មែរ” )។

កាលពីខែមីនា  លោក ឌឹក អេរីកសិន Doug Ericksen ព្រឹទ្ធសមាជិកតំណាងស្រុកវ៉ាត់កុម Whatcom County នៃរដ្ឋវ៉ាស៊ិនតោន Washington State(មិនមែនជាសមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិកទេ)និងលោក ហ្ចេ រ៉ដណេ Jay Rodne ជាអតីតតំណាងរាស្ត្រនៅរដ្ឋសភានៅរដ្ឋវ៉ាស៊ិនតោន(ក៏មិនមែនជាតំណាងរាស្ត្រនៃរដ្ឋសភាសហរដ្ឋអាមេរិកដែរ)បានទៅលេងភ្នំពេញ បានជួបលោកហ៊ុន សែន នៅវិមានសន្តិភាពនិងបានថតរូបជាមួយគ្នាផង ។

បណ្តាញព័ត៌មាន “ហ្វ្រែស នូស៍” Fresh Newsដែលធ្វើសកម្មភាពជាសត្វសេកបំពងសម្លេងគណបក្សប្រជាជន(សូមអានអត្ថបទ “វានៅមិនទាន់បានចប់ទេ” ចុះថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ”)បានចុះផ្សាយពាក្យសំដីលោកអេរីកសិន និយាយថាការបោះឆ្នោតក្នុងខែកក្កដាឆ្នាំ ២០១៨ នៅកម្ពុជាជាការបោះឆ្នោត “ដោយសេរី ដោយយុត្តិធម៌ និងដោយអហិង្សា បង្ហញឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ” ។

ដល់ថ្ងៃទី ៣ ខែមេសា លោក អេរីកសិន និងលោក រ៉ដណេបានទៅចុះឈ្មោះក្នុងបញ្ជីក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកថាអស់លោកទាំងពីរជា “ភ្នាក់ងារបរទេស” foreign agents ហើយបានបញ្ចេញឲ្យដឹងថាលោកទាំងពីរបានស៊ីញ៉េកុងត្រាមួយជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន មានទឹកប្រាក់ ៥ សែនដុល្លារអាមេរិកាំងក្នុងមួយឆ្នាំ ក្នុងនាមក្រុមហ៊ុន “ប៉ាក់រឹម ប្រ៊ិច្ចើស” PacRim Bridgesបណ្តាលឲ្យមានការឆោឡោថាលោកទាំងពីរដែលជាអ្នករដ្ឋការនៃរដ្ឋាភិបាលខេត្តអាមេរិកាំងបានយកក្រុមហ៊ុនទៅធ្វើជំនួញជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលជារដ្ឋាភិបាលកាន់អំណាចផ្តាច់ការជិះជាន់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ ។ សូមកត់សំគាល់ថា ក្រដាស់ដែលលោក អេរិកសិន និងលោក រ៉ដណេ បានផ្តល់ជូនក្រសួងយុត្តិធម៌អាមេរិកាំងបានបញ្ជាក់ថា ក្រុមហ៊ុន “ប៉ាក់រឹម ប្រ៊ិច្ចើស” នឹងទទួលប្រាក់ចំនួន ៤ ម៉ឺន ១ ពាន់ ៦៦០ ដុល្លារក្នុងមួយខែពីរដ្ឋាភិបាលភ្នំពេញ “ដើម្បីបង្កើនទំនាក់ទំនងប្រសើរថែមទៀតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាហើយនិងច្បាប់នានាដែលបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ” ។

លោក ថេត យោហូ Ted Yoho អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋហ្ល័រីដានៅរដ្ឋសភាសហរដ្ឋអាមេរិក បានថ្លែងថា ៖ “មនុស្សដែលមានសមធម៌សមរម្យនិងបញ្ញាឆ្លាតវៃសូម្បីតែបន្តិចបន្តួចក៏អាចដឹងដែរថាការបោះឆ្នោត(នៅខែកក្កដាឆ្នាំ២០១៨)មិនមែនជាការបោះឆ្នោតដោយយុត្តិធម៌និងបើកចំហនោះទេ ។” លោក យោហូ ជាអ្នកបង្កើតច្បាប់ម្នាក់ក្នុងចំណោមអ្នកបង្កើតច្បាប់មកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យអាមេរិកាំង ។ រដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រច្បាប់មានឈ្មោះថា “ច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា” The Cambodia Democracy Actនៅក្នុងឆ្នាំ២០១៨ ។ ច្បាប់នេះបានប្រកាសថា នៅក្នុងគ្រប់ការបោះឆ្នោតទាំងប្រាំមួយលើកនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក មាន “ការបន្លំលួច fraud ការគំរាមកំហែង intimidation អំពើហឹង្សា និងរដ្ឋាភិបាលប្រើយន្តការច្បាប់បញ្ញត្តដោយមិនត្រឹមត្រូវដើម្បីកម្ចាយកម្លាំងរបស់បេក្ខជននិងគណបក្សជំទាស់” ។

លោក ហ្វីល រ៉ប៊ើតសុន Phil Robertson នាយករងផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបានថ្លែងថា “ខ្ញុំមិនដឹងថានរណាជាមនុស្សល្ងីល្ងើទេនៅក្នុងរឿង” រដ្ឋាភិបាលខ្មែរចំណាយប្រាក់ធ្វើកុងត្រាជាមួយព្រឹទ្ធសមាជិកតំណាងស្រុកមួយនៃរដ្ឋមួយនៅក្នុងសហរដ្ឋអាមេរិក ហើយនិងអតីតតំណាងរាស្ត្ររដ្ឋអាមេរិកាំងមួយ ដែលទាំងពីរនាក់មានឥទ្ធិពលមិនពេញលេញសោះ ។ លោក រ៉ប៊ើតសុន បានបន្តទៀតថា ៖ “បើលោក ហ៊ុន សែន នឹកឃើញថានឹងចម្រាញ់យកកម្រៃបានច្រើនពីប្រាក់ចំនួន ៥ សែនដុល្លារអាមេរិកាំងនោះ គឺលោក ហ៊ុន សែន កំពុងតែបញ្ឆោតខ្លួនឯងហើយ” ។

របបផ្តាច់ការលោក ហ៊ុន សែន ប្រៀបបាននឹងផ្លែឈើទុំដែលនឹងធ្លាក់ពីមែក ។ តែត្រូវប្រយ័ត្នរវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ តើថ្ងៃអង្សានឹងមកជួបមួយណាមុន ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam (ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com