«ថ្ងៃទី៧មករា គឺជាថ្ងៃដ៏អាក្រក់និងសោកសៅមួយ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ៧ មករា ឆ្នាំ ២០១៨
| កំណត់អ្នកនិពន្ធ ៖ ខ្ញុំបានបកប្រែនិងកែសម្រួលអត្ថបទថ្ងៃនេះពីអត្ថបទដើមរបស់ខ្ញុំដែល សរសេរជាភាសាអង់គ្លេសក្រោមចំណងជើងថា “Jan 7 ‘liberation’ was a day of infamy” ដែលបានចុះផ្សាយក្នុងកាសែត Pacific Daily News នៅថ្ងៃទី ៦ ខែមករាឆ្នាំ២០១០ ។ |
ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៨ គឺជាខួបលើកទី ៣៩ នៃការកាន់កាប់រាជធានីភ្នំពេញដោយ កងទ័ពរៀបរយនៃប្រទេសយៀកណាម ។ ព្រឹត្តិការណ៍នោះបានបង្កើតជាភាពចម្រូង ចម្រាសមួយដែលបន្តឱ្យមានការពិភាក្សាមិនចប់មិនហើយរហូតមកដល់ថ្ងៃនេះអំពីផល វិបាកដែលបានកើតមានឡើង ។
ក្នុងរយៈពេលតែ១៤ថ្ងៃ ពោលគឺចាប់ពីរាត្រីបុណ្យណូអែលឆ្នាំ១៩៧៨ ជាពេលកត់សំគាល់ កងទ័ពហាណូយដែលគាំទ្រដោយយន្ដហោះច្រើនគ្រឿងបានធ្វើចលនាដូចរន្ទះវាយលុក
លុយឆ្លងកាត់ព្រំដែនប្រទេសខ្មែរ កំចាត់ទាហានខ្មែរក្រហមប៉ុលពតរត់ភៀសខ្លួនចេញពី រាជធានីភ្នំពេញនិងទីក្រុងនានា ហើយពួកយួនបានកាន់កាប់ទីក្រុងភ្នំពេញជាស្ថាពរនៅ ថ្ងៃទី៧ ខែមករាឆ្នាំ ១៩៧៩ ។
កងទ័ពឈ្លានពានយួនកុម្មុនិស្ដិបានស្ថិតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំរហូត
ដល់ខែធ្នូឆ្នាំ១៩៨៩ ដែលយួនហាណូយអួតអាងថា ខ្លួនបានដកថយចេញពីប្រទេសខ្មែរ ហើយ ។ ក៏ប៉ុន្តែក្រុមខ្មែរអ្នកតស៊ូជាតិនិយមបានចោទថា យួនហាណូយបានដកទ័ព ខ្លួនចេញពីច្រកមួយរួចលួចបញ្ចូលទៅក្នុងប្រទេសខ្មែរវិញតាមច្រកមួយផ្សេងទៀត ។
ចំពោះខ្មែរដែលរស់ដោយរងគ្រោះនៅក្រោមរបបគ្រប់គ្រងប្រល័យពូជសាសន៍របស់ខ្មែរ
ក្រហមប៉ុលពតតាំងពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ហើយរបបនេះបានសម្លាប់មនុស្ស
រហូតដល់២លាននាក់និងបានបំផ្លាញវប្បធម៌និងសង្គមជាតិទាំងមូល ថ្ងៃទី៧ខែមករា
ឆ្នាំ១៩៧៩ គឺពិតជាថ្ងៃ «រំដោះ» ខ្មែរចេញពីក្រញ៉ាំប៉ុលពតដោយកងទ័ពប្រទេស យៀកណាមដែលជាអ្នក «សង្គ្រោះ» ខ្មែរ នៅក្នុងពេលដែលប្រទេសនានាក្នុងលោកបាន
ត្រឹមតែអង្គុយមើលភាពភ័យរន្ធត់នៃវាលពិឃាតខ្មែរក្រហមតែប៉ុណ្ណោះ ។
ក៏ប៉ុន្តែមានខ្មែរផ្សេងទៀតព្រមទាំងរដ្ឋាភិបាលបរទេសមួយចំនួនមានការព្រួយបារម្ភ។
នៅពេលនោះ ពិភពលោកបានស្ថិតនៅឡើយនៅក្រោមនីតិរដ្ឋដែលឈរនៅលើមូលដ្ឋាន នៃគោលការណ៍អធិបតេយ្យភាពនិងឯករាជ្យដែលមានភាពជាដាច់ខាត ទូលំទូលាយ អចិន្រ្តៃយនិងមិនអាចរំលោភបាន ។
រដ្ឋាភិបាលប្រទេសសិង្ហបុរីបានស្រែកប្រកាសនៅចំពោះមុខអ្នកតំណាងសហគមន៍អន្ដរជាតិនៅអង្គការសហប្រជាជាតិថា ពិភពលោកយើងនឹងមិនអាចរស់នៅបានដោយសុវត្ថិភាព សន្តិភាព សន្តិសុខ និងដោយយុត្តិធម៌បានទៀតឡើយប្រសិនណាបើគេអនុញ្ញាតឱ្យប្រទេស មួយដែលមានឥទ្ធិពលខ្លាំងធ្វើការលុកលុយឈ្លានពានប្រទេសទន់ខ្សោយដូចជាករណី
ដែលប្រទេសយៀកណាមបានធ្វើទៅលើប្រទេសកម្ពុជានោះ ។ សមាគមប្រជាជាតិអាស៊ី
អាគ្នេយ៍ — អាស៊ាន — ក៏បានអំពាវនាវដល់ប្រទេសយៀកណាមឱ្យដកកងទ័ពខ្លួន
ចេញពីប្រទេសកម្ពុជា ។ គឺនៅពេលនោះហើយដែលទីលានអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិផ្សេងៗបានក្លាយទៅជាសមរភូមិនយោបាយនិងការទូតអស់រយៈពេលជាច្រើនឆ្នាំរវាងអ្នកគាំទ្រនិងអ្នកប្រឆាំងនឹងការលុកលុយរបស់ប្រទេសយៀកណាម ។
ចលនាខ្មែរអ្នកតស៊ូប្រឆាំងនឹងការលុកលុយឈ្លានពានរបស់ប្រទេសយៀកណាមក៏បាន
ប្រសូតកើតមានជារូបរាងឡើងនៅលើសមរភូមិក្តៅនៅលើទឹកដីខ្មែរ ។ កាលដើមឡើយ ក្រុមប្រដាប់អាវុធតូចៗធ្វើការតស៊ូរស់នៅបែកពីគ្នាតែមានគោលដៅស្រដៀងៗគ្នា ក៏ប៉ុន្ដែ ក្រោយមក គេឃើញមានការកកើតនៃសម្ព័ន្ធភាពរលុងរវាងខ្មែរសាធារណរដ្ឋនិយម ខ្មែរ រាជានិយម និងសំណល់នៃខ្មែរក្រហម ទោះបីជាគេមានភាពខុសគ្នាយ៉ាងណាក៏ដោយ ។ គឺនៅពេលនោះហើយដែលខ្មែរសាមគ្គីគ្នាដាក់សម្ពាធលើប្រទេសយៀកណាមឱ្យដកខ្លួន
ចេញពីប្រទេសកម្ពុជាដើម្បីឱ្យខ្មែរធ្វើការប្តេជ្ញាចិត្តសំរេចអនាគតដោយខ្លួនឯង ។ នាគ្រានោះ ខ្លួនខ្ញុំផ្ទាល់បានទៅចូលរួមនៅក្នុងសមរភូមិក្តៅបំរើកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ក.ជ.រ.ប.ខ. ) ។
សាមគ្គីរវាងខ្មែរនិងខ្មែរនៅពេលនោះបានបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ធានាឱ្យមានអធិបតេយ្យភាព ការគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការរីក ចម្រើនរបស់ជាតិនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្ដែជាអកុសលណាស់ដែលកិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១នេះ មិនត្រូវបានអនុវត្តឱ្យបាន ត្រឹមត្រូវដោយ រដ្ឋាភិបាលនានាជាហត្ថលេខីដោយមានទាំងខ្មែរខ្លួនឯងផងដែរ ។
ខ្មែរអ្នកជាតិនិយមបានសួរថា ប្រសិនបើគោលដៅរបស់ប្រទេសយៀកណាមក្នុងឆ្នាំ១៩៧៨-១៩៧៩ គឺប្រាកដជា «សង្រ្គោះ» និង «រំដោះ» ប្រទេសខ្មែរនិងប្រជាពលរដ្ឋខ្មែរចេញពី របបប៉ុលពតដែលប្រល័យពូជសាស៍ខ្មែរមែននោះ តើមានហេតុផលអ្វីដែលរារាំង
រដ្ឋាភិបាលហាណូយមិនព្រមប្រគល់ប្រទេសខ្មែរនិងប្រជាពលរដ្ឋខ្មែរដែលខ្លួន «សង្គ្រោះ» និង «រំដោះ» បានពីរបបប្រល័យពូជសាសន៍ជូនទៅសហគមន៍ពិភពលោក
ដើម្បីកសាងរដ្ឋាភិបាលថ្មី និងសណ្តាប់ធ្នាប់សង្គម ? តើរដ្ឋាភិបាលហាណូយ
និងប្រទេសយៀកណាមនឹងមិនត្រូវបានទទួលការដឹងគុណយ៉ាងជ្រាលជ្រៅនិងយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនិងពីប្រជាជាតិនានាដែលស្នេហាសន្តិភាព យុត្តិធម៌ សេរីភាព និង សិទ្ធិមនុស្សដោយសារខ្លួនបានប្រគល់ជូនអង្គការសហប្រជាជាតិនូវតួនាទីជួយខ្មែរឱ្យកំណត់ដោយខ្លួនឯងទេឬ ?
ចំពោះក្រុមខ្មែរប្រជាធិបតេយ្យ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ គឺជាថ្ងៃមួយដ៏អាក្រក់និងដ៏សោក សៅសំរាប់ប្រទេសខ្មែរនិងពលរដ្ឋរបស់ខ្លួន ។ ថ្ងៃទី៧មករាជាថ្ងៃដែលខ្មែរក្រហម
ប៉ុលពតប្រល័យពូជសាសន៍ត្រូវបានជំនួសដោយខ្មែរដែលត្រូវបានគេហៅថាមានខ្លួនជាខ្មែរតែមានក្បាលជាយួន ពោលគឺជាខ្មែរយៀកមីញ ដែលត្រូវបានង្កើតឡើងដោយពួកយួន
កុម្មុយនិស្តឡាវដុងហើយទទួលការហ្វឹកហាត់នៅសាលាយោធាសឺនតាយនិងនៅសាលា
រៀននយោបាយង្វៀងអាយកុក ។
គឺអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះហ៊ុនសែនដែលបានរត់គេចពីប៉ុលពតទៅចូលយួន
ហើយបានទទួលការគាំទ្រពីយួនហាណូយ ដែលបានដឹកនាំខ្មែរយៀកមីញសណ្តោងតាម រថក្រោះយួនហាណូយដើម្បីទៅកាន់អំណាចនៅប្រទេសខ្មែរ ។ បន្ទាប់ពីកងទ័ពយួនកាន់ កាប់ភ្នំពេញមក ហាណូយបានលើកបន្តុបមេខ្មែរក្រហមហ៊ុនសែនឱ្យធ្វើជារដ្ឋមន្ត្រីក្រសួង ការបរទេស ហើយនៅឆ្នាំ១៩៨៥ ឡើងធ្វើជានាយករដ្ឋមន្ត្រី ។
ពលរដ្ឋខ្មែរជាច្រើននាក់បានសំគាល់ឃើញព្រឹត្តិការណ៍នោះថា ជាការយកជម្ងឺរោគប៉េស្តទៅ ជំនួសជម្ងឺអាសន្នរោគ ។
យោងតាមទស្សនៈមួយថា យួនហាណូយបានវាយប្រហាររបបប៉ុលពតនៅឆ្នាំ១៩៧៨-១៩៧៩ ពីព្រោះប៉ុលពតក្លាយទៅជាខ្មែរដឹកនាំដែលឯករាជ្យពេក និយាយស្តាប់គ្នាលែង បាន ។ ការលុកលុយឈ្លានពានរបស់ប្រទេសយួនគឺបានធ្វើឡើងដើម្បីទាញអូសបុគ្គល ព្រហើនប៉ុលពតឱ្យត្រឡប់ចូលទៅក្នុងបន្ទាត់ដើមវិញ ។
មានអ្នករិះគន់ជាតិបារាំងម្នាក់ឈ្មោះលោក ហ្សង់បាប់ទីស អាល់ហ្វុងស៍ ខារ៍ បានពោលថា «លុះដល់មានការកែប្រែផ្លាស់ប្តូរកាន់តែច្រើនទៅៗ វាមើលឃើញដូចជានៅតែដដែលៗ អញ្ចឹង» ។
តើប្រវត្តិនៃការទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសយៀកណាមបង្ហាញឱ្យឃើញដូចម្តេចខ្លះដែរ ?
តាមប្រវត្តិសាស្ត្រដែលបានចារមក ការពង្រីកវាតទីឆ្ពោះទៅទិសខាងត្បូងរបស់យួន
យៀកណាមបន្ទាប់ពីប្រទេសណាមយៀងបានដោះលែងខ្លួនក្នុងឆ្នាំ៩៣៩ពីទាសភាពចិន ត្រូវបានអ្នកប្រាជ្ញយួនម្នាក់ឈ្មោះលោក ង្វៀនថេអាញ់ ពិពណ៌នាក្នុងអត្ថបទ «Le Nam Tien dans les textes Vietnamiens » ថាជាបាតុភូតដែលជាប់ជារយៈពេលច្រើនសតវត្សហៅថា «ណាមទៀន» (ឬការវិវត្តន៍ទៅទិសខាងត្បូង) ។ លោក អាញ់ បានហៅ «ណាមទៀន » ថា ជា «ប្រវត្តិមួយដែលឥតប្រែប្រួលរបស់ប្រទេសយៀកណាម» ពោលគឺ «ដីធ្លីដែលមិនសូវ មានមនុស្សរស់នៅហើយដែលកសិករយួនអាចចូលទៅដល់បាន» នៅភូមិភាគខាងត្បូងគឺជា «អំណោយផលល្អសម្រាប់ការទន្ទ្រាន» ។
ជំនឿនៃលិទ្ធិបរមគ្រូ ខុងជឺ អំពីសកម្មភាព «បញ្ចុះបញ្ចូល» ដោយសន្តិភាពត្រូវបានបោះ បង់ចោលដោយគេយក «សកម្មភាពចក្រពត្រដ៏អង់អាច» មកប្រើជាជំនួស ដើម្បីអូសទាញ យកដីធ្លីនិងបង្ខំឱ្យខ្មែរទទួល «រដ្ឋបាលនិងការអនុវត្តន៍វប្បធម៌ … ដើម្បីបូកបញ្ចូលឱ្យកាន់តែ ប្រសើរឡើងនូវ (តំបន់ថ្មីរបស់ខ្មែរ )ទៅក្នុងវេហាប្រទេសយៀកណាម » ។
សង្ខេបយ៉ាងខ្លី កំណត់ប្រវត្តិសាស្រ្តបានចែងថារហូតមកដល់ពេលអាណាព្យាបាលបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាគឺជាសមរភូមិមួយសម្រាប់កងទ័ពថៃនិង កងទ័ពយៀកណាមដែលបានប្រយុទ្ធនៅលើទឹកដីខ្មែរ ។ ជម្លោះរាជវង្សខ្មែរបានធ្វើឱ្យខ្សែ រាជវង្សមួយៗរត់ទៅរកការគាំទ្រពីទីក្រុងបាំងកកនិងទីក្រុងហ្វេ ។ ប្រទេសកម្ពុជាត្រូវបានគេ កត់សំគាល់ថាជា «បក្សីដែលមានក្បាលពីរ » ៖ កម្ពុជាជារដ្ឋដែលបង់សួយសារអាករជូន រដ្ឋធានីបរទេសទាំងពីរនៅបាំងកកនិងនៅហ្វេ ។
នៅឆ្នាំ១៨៣៣ បន្ទាប់ពីប្រទេសអាណាមបានយកជ័យជំនះលើកងទ័ពថៃនៅក្នុងប្រទេស កម្ពុជា អាណាមូបនីយកម្មនៅប្រទេសខ្មែរក៏បានចាប់ផ្តើមឡើង ៖ ប្រទេសអាណាម បានដាក់ក្មេងស្រីជំទង់អង់មៃ ជាព្រះរាជិនីខ្មែរ រដ្ឋធានីខ្មែរត្រូវបានដាក់ឈ្មោះថ្មីថា «ណាមយៀង » ហើយទីក្រុងហាណូយក៏បានរៀបចំប្រទេសខ្មែរឡើងវិញតាមបន្ទាត់ បណ្តារដ្ឋបាលយៀកណាម អាជ្ញាធរខ្មែរត្រូវបានអនុម័តឈ្មោះយួន ទំនៀមទម្លាប់ និង សំលៀកបំពាក់យួន ។ នៅឆ្នាំ១៨៤០ រដ្ឋាភិបាលប្រទេសកម្ពុជាត្រូវបានទៅអង្គុយនៅទីក្រុង ព្រៃនគរ ហើយប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះទៅជា «ត្រាន់តាយ » ឬទីបញ្ជាការខាង លិច។
ខ្មែរដែលប្រឆាំងនឹងការលុកលុយឈ្លានពានរបស់យួនក្នុងឆ្នាំ១៩៧៨-១៩៧៩ មើលឃើញ លោកហ៊ុនសែននិងគណបក្សប្រជាជនថាជាកម្លាំងមួយដែលស្វែងរកបញ្ចូលប្រទេសខ្មែរទៅក្នុងសហព័ន្ធអតីតឥណ្ឌូចិនបារាំងដែលមានប្រទេសយៀកណាម ប្រទេសកម្ពុជា និងប្រទេសលាវ រួមគ្នានៅក្រោមនឹមនៃការដឹកនាំហាណូយស្របទៅតាមគំនិតរបស់លោក ហូជីមិញ ។
សន្ធិសញ្ញាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាត្រួតដោយ លោកហ៊ុនសែន និងប្រទេសយៀកណាម គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់លោក ហ៊ុនសែនអញ្ជើញកងទ័ពហាណូយ — កងទ័ពយួន « រំដោះ» — ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង កងទ័ពថៃនៅលើដីខ្មែរ ដែលជាការប្រព្រឹត្តឡើងវិញនៃប្រវត្តិសាស្រ្តខ្មែរ ។
តាមទស្សនៈដូចបានរៀបរាប់ជូនខាងលើនេះ ថ្ងៃទី៧ខែមករា១៩៧៩ ជាថ្ងៃដ៏អាក្រក់
និងសោកសៅមួយសំរាប់ប្រជាជាតិខ្មែរ ៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ
(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋ អាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារ អេឡិចត្រូណិច (e-mail) peangmeth@gmail.com