«ដំណោះស្រាយ . . . ដំណោះស្រាយ»
«រៀនយោងព្យួរតភ្ជាប់គំនិត» (ត)
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧
ខ្ញុំសរសេរព្រោះខ្ញុំចង់ចែករំលែកជូនបងប្អូនអ្នកអាននូវព័ត៌មាន ចំណេះដឹងនិងមេរៀនក្នុងបទ ពិសោធន៍នានាទាំងឡាយដែលខ្ញុំបានជួបប្រទះ ដើម្បីជាម្ហូបសំរាប់គំនិត ព្រោះថាគំនិតឬការគិត
របស់បុគ្គលមនុស្ស វាកំណត់អនាគតរបស់គេឱ្យបាន (ឬមិនសូវបាន) ល្អភ្លឺស្វាង ។ នៅក្នុងសំណេរ
របស់ខ្ញុំ អ្នកអានអាចទុកអ្វីដែលមើលឃើញថាមិនសូវមានប្រយោជន៍ឱ្យនៅមួយកន្លែងហើយយក
អ្វីដែលមើលឃើញថាមានប្រយោជន៍មកអនុវត្តប្រើដើម្បីចម្រើនជីវិតឱ្យបានកើនប្រសើរឡើងថែមទៀត ។
ខ្ញុំជាកូនសិស្សផ្នែកវិទ្យាសាស្ត្រនយោបាយ ។ ខ្ញុំតែងស្រេកឃ្លាននូវគំនិត ទស្សនៈ ការណែនាំរបស់ អ្នកប្រាជ្ញដែលបានហែលសមុទ្របទពិសោធន៍ដែលខ្ញុំឥតមានសង្ឃឹមនឹងអាចបានហែលនឹងគេ ។ មេដឹកនាំចលនា transcendentalist (ហួសវិស័យនៃការគិត ) នៅពាក់កណ្តាលសតវត្សទី១៩ លោក រ៉ាល់ហ្វ៍ វ៉ល់ដូ អេម៉ើសុន (Ralph Waldo Emerson ១៨០៣-១៨៨២ ) ដែលខ្ញុំបានលើកឈ្មោះមក
និយាយជារឿយៗបាន អះអាងថា «គំនិតដ៏ល្អប្រសើរបំផុតរបស់យើងគឺបានមកពីអ្នកដទៃ» ដូចជាចាស់ទុំខ្មែរបានប្រដៅ កូនចៅជំនាន់ក្រោយថា «ចេះមកពីរៀន»។
រហូតមកដល់ឆ្នាំ២០១៦ដែលលោកបានស្លាប់ទៅ លោក អេលី វីអ៍សិល (Elie Wiesel ១៩២៨-២០១៦) ដែលមានដើមកំណើតនៅប្រទេសរ៉ូម៉ានីហើយបានទទួលជ័យលាភីរង្វាន់ណូបែល ជាអតីតសកម្មជននយោបាយនិងជាអតីតសាស្ត្រាចារ្យអាមេរិកាំង ។ នៅឱកាសពិធីបុណ្យបញ្ចប់ ការសិក្សាជាន់ខ្ពស់នៅសកលវិទ្យាល័យនៅភូមិភាគខាងជើងឈាងខាងកើតសហរដ្ឋអាមេរិក លោក វីអ៍សិល បានថ្លែងសុន្ទរកថាមួយរំឮកបា្រប់និស្សិតអាមេរិកាំងថា ខ្លួនលោកជាបុគ្គលមនុស្សមួយរូប ដែលបានរៀននិងបានដើរតាមគន្លងជើងបុគ្គលមនុស្សច្រើននាក់ដែលបានរស់នៅមុនលោកហើយមានបទពិសោធន៍ច្រើនណាស់ ។ លោកបានប្រកាសថា រូបលោកគឺជា «ផលិតបូកសរុបនៃបទ ពិសោធន៍និងដំណើរការ » របស់អ្នកទាំងឡាយនោះ ហើយបានអះអាងថា និស្សិតទាំងអស់ដែល អង្គុយស្តាប់សុន្ទរកថារបស់លោកក៏ជាផលិត «ដូចជារូបខ្ញុំដែរ» ។ លោក វីអ៍សិល បានបន្ថែមថា «ចំណេះដឹងដែលខ្ញុំមាន ខ្ញុំមិនត្រូវទុកឱ្យនៅក្នុងការឃុំឃាំងក្នុងគុកខួរក្បាលខ្ញុំទេ . . . ខ្ញុំត្រូវតែសង តបវិញនូវអ្វីៗដែល (សង្គម ) បានផ្តល់ដល់ខ្ញុំ គឺនេះហើយដែលខ្ញុំសុំហៅថាជាការចេះដឹងគុណ » ។
ពោលគឺពាក្យពេជន៍ទាំងឡាយនេះហើយដែលបរមគ្រូ ខុង ជឺ (៥៥១ មុនគស-៤៧៩ មុនគស ) នៃ
ប្រទេសចិនបុរាណបានហៅថា «ការបន្ទាបខ្លួនជាគ្រឹះនៃគុណធម៌ទាំងអស់» នៅក្នុងលោក ។ ចាស់ទុំខ្មែរយើងក៏រំឮកកូនចៅជំនាន់ក្រោយដែរថា «ងើយស្កក ឱនដាក់គ្រាប់» ។
ខ្ញុំធ្លាប់តែសរសេរអត្ថបទជាភាសាអង់គ្លេស ។ តែក្រោយមក មានសំណើរពីបងប្អូនអ្នកអានខ្មែរមួយ ចំនួនសុំឱ្យខ្ញុំផ្តល់នូវអត្ថបទទាំងនោះជាភាសាខ្មែរផង។ ដំបូងឡើយខ្ញុំបានខំបកប្រែជាភាសាខ្មែរ តាមការស្នើសុំ តែដោយសារពេលវេលាវាមិនអនុញ្ញាត ខ្ញុំក៏សម្រេចសរសេរអត្ថបទទាំងស្រុងជា ភាសាខ្មែរទៅវិញ ។ ព្រោះខ្ញុំចង់ឃើញខ្មែរចំណាយពេលឱ្យបានច្រើនក្នុងការត្រិះរិះពិចារណា គិតឱ្យវិជ្ជមាន ចេះស្រមើស្រមៃច្នៃប្រឌិតបង្កើតគំនិតបង្កើនផលិត ចេះឆ្ងល់ចេះចង់សួរមិនឈប់ឈរ ស្វែងរកចម្លើយរកបន្លាស់ណាដែលគ្រាន់បើជាងមុន ចេះគិតអំពីឩត្តមគតិនិងគោលការណ៍ដែល មានជីវិតយឺនយូរអង្វែងជាងបុគ្គលមនុស្សអ្នកដឹកនាំដែលនៅចាំតែថ្ងៃស្លាប់ បង្កើតស្ថាប័នវប្បធ៌ម ថ្មីមួយដែលជួយឱ្យលិទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងសិទ្ធិមនុស្សអាចលូតដុះដាលបានជា ជាងស្ទុះរកបរទេសជួយជាស្វ័យប្រវត្តិ ។
បរមគ្រូ ខុង ជឺ បានមានប្រសាសន៍ថា «អ្នកមិនអាចបើកសៀវភៅ (អាន) ហើយមិនបានរៀនអ្វីមួយ សោះនោះទេ . . . (ដូច្នេះ) ទោះបីជាអ្នកគិតថាអ្នកជាប់រវល់ណាស់ណាក្តី អ្នកត្រូវតែរកពេលវេលា ដើម្បីអាន (បើមិនដូច្នោះទេ) គឺអ្នកត្រូវបានបោះបង់ខ្លួនអ្នកចោលដោយចេតនាឱ្យរស់នៅក្នុងភាព ល្ងង់ខ្លៅ» ។ មេដឹកនាំពលរដ្ឋទីបេត៍ សម្តេច ដាឡៃ ឡាម៉ា (១៩៣៥- ) បានបន្ទរថា « នៅទីណាដែល មានភាពល្ងង់ខ្លៅនៅជាម្ចាស់ត្រួតត្រាយើង នៅទីនោះវានឹងគ្មានលទ្ធភាពអ្វីឱ្យអាចមានសន្តិភាពពិត ប្រាកដបានឡើយ » ។
ចាស់ទុំខ្មែរយើងបានប្រដៅថា «ចេះមកពីរៀន» «គិតហើយសឹមគូរ» ដែលមានន័យទូលំទូលាយ វែងឆ្ងាយណាស់ — បើមិនរៀនទេនឹងមិនចេះដឹង បើមិនចេះដឹងទេនឹងមិនចេះគិត បើមិនគិតទេ គឺនឹងគូរក្រវ៉េមក្រវ៉ាមពាសពេញលើក្រដាសហើយ ។ ខ្ញុំបានសង្កេតឃើញមានខ្មែរយើងច្រើន ដែលចូលចិត្តពេបជ្រាយដល់ការប្រៀនប្រដៅរបស់ចាស់ទុំខ្មែរ តែខ្លួនខ្ញុំផ្ទាល់បានដកជាមេរៀន ប្រចាំជីវិតខ្ញុំនូវការប្រៀនប្រដៅជាច្រើនរបស់ចាស់ទុំខ្មែរ ។
បើចេះមកពីរៀន ចុះរៀនចេះមកពីណា?
នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា «រៀនយោងព្យួរតភ្ជាប់គំនិត» (១៣ វិច្ឆិកា ២០១៧) ខ្ញុំបាន បង្ហើបបង្ហាញអំពីគំនិតផ្សេងៗរបស់ខ្ញុំដែលខ្ញុំបានរៀនតាមរយៈសង្គមូបនីយកម្មនយោបាយ (political socialization) ដែលជាដំណើរការនៃធម្មជាតិជីវិតរបស់មនុស្សគ្រប់រូបនិងគ្រប់សាសន៍នៅ ក្នុងលោកចាប់តាំងពីកំណើតជាកូនង៉ែតរហូតដល់ថ្ងៃស្លាប់ ។
ជាទូទៅនៅក្នុងដំណើរការនៃធម្មជាតិជីវិត មានភ្នាក់ងារប្រាំពីរដែលវេញត្បាញកត្តានានានៅក្នុង ជីវិតបុគ្គលមនុស្សឱ្យបានក្លាយទៅដូចជាសព្វថ្ងៃនេះ ៖ ១. គ្រួសារ (ឪពុកម្តាយជីដូនជីតា ពូមីង បងប្អូននៅជុំវិញខ្លួនយើងមានឥទ្ធិពលខ្លាំងជាងគេបំផុតក្នុងការបណ្តុះបណ្តាលចិត្តគំនិតនិងឥរិយាបថយើង ) ២. សាលារៀន (ជាភ្នាក់ងារបញ្ជូននិងបញ្ចូលគុណសម្បត្តិនិងឥរិយាបថសង្គមដល់តួ បុគ្គលមនុស្ស ) ៣. ភឿនក្លើមិត្តជិតស្និទ្ធតាំងពីក្មេង (ចាស់ទុំខ្មែររំឮកកូនចៅថា «នៅនឹងគោគោនាំ ដេក នៅនឹងសេកសេកនាំហើរ» — នៅនឹងចោរយូរទៅនឹងចេះលួចដូចចោរអញ្ចឹង) ៤. ជំនឿ (ជាអ្វី មួយដែលទាញគំនិតអារម្មណ៍យើងឱ្យចេះជឿទោះបីយើងមិនទាន់បានឃើញកាំជណ្តើរជាច្រើនកាំដែលយើងត្រូវឡើងក៏ដោយ – ជំនឿដុះដាលបន្តិចម្តងក្នុងខ្លួនរហូតដល់ពេលមួយយើងជឿតែម្តង) ៥. មុខរបរ (មុខរបរយើងជាទាហាន ឬជាគ្រូពេទ្យ ឬជាព្រះសង្ឃមានឥទ្ធិពលផ្សេងៗពីគ្នាទៅលើ អាកប្បកិរិយារបស់យើង) ៦. ប្រព័ន្ធផ្យព្វផ្សាយ (កាសែត វិទ្យុ ទូរទស្សន៏ដែលបុគ្គលមនុស្ស ចំណាយពេលអាននិងមើលមានឥទ្ធិពលទៅលើអាកប្បកិរិយានិងទស្សនវិស័យរបស់ខ្លួន ) និង ៧. ព្រឹត្តិការណ៍ដែលទុកស្លាកក្នុងជីវិត (ព្រឺត្តិការណ៍១៨មិនា១៩៧០ពេលទម្លាក់សម្តេចសីហនុពី តំណែង ព្រឹត្តិការណ៍១៧មេសា១៩៧៥ពេលខ្មែរក្រហមដេញប្រជាពលរដ្ឋឱ្យចេញពីផ្ទះ ព្រឹត្តិការណ៍៧មករា១៩៧៩ពេលកងទ័ពយួនចូលកាន់កាប់រាជធានីភ្នំពេញ ) ។
លទ្ធផលនៃការវេញត្បាញទាំងនេះ បូកបញ្ចូលទៅនឹងឥទ្ធិពលនៃប្រព័ន្ធជំនឿជាតិ (national belief system) និងការពិសោធន៍ប្រវត្តិសាស្ត្រជាតិ (national historical experiences) បណ្តុះនូវ «វិញ្ញាតកម្ម» (perception) ឬការយល់ដឹងដោយវិញ្ញាណរបស់បុគ្គលមនុស្ស ។
ពោលគឺវិញ្ញាតកម្មនេះហើយដែលជម្រុញបុគ្គលមនុស្សឱ្យធ្វើ (ឬមិនធ្វើ) សកម្មភាពនៅពេលគេ ប្រឈមមុខនឹងព្រឺត្តិការណ៍អ្វីមួយ ។
ក្របខ័ណ្ឌខ្លីនិងសាមញ្ញខាងលើនេះអាចជាជំនួយដល់អ្នកអានដែលចង់សាកល្បងថ្លឹងមើលតើមាន កត្តាអ្វីខ្លះនៅក្នុងដំណើរការនៃធម្មជាតិជីវិតរបស់អ្នកដែលបាន (ឬមិនបាន) ជំរុញ (ឬមិនជំរុញ) អ្នក ឱ្យធ្វើ (ឬមិនធ្វើ) សកម្មភាពយ៉ាងណាមួយនៅក្នុងកាលៈទេសៈដូចសព្វថ្ងៃនេះ ដែលប្រជាជាតិ ខ្មែរកំពុងប្រឈមមុខនឹងមហន្តរាយដល់ជីវិតដោយសារបុគ្គលមនុស្សម្នាក់ដែលឈ្លក់នឹងអំណាច ផ្តាច់ការចំនួន៣២ឆ្នាំមកហើយ ដែលវង្វេងនឹងជម្ងឺញៀន «អាត្មាអញ្ញ» ជា «សម្តេចអគ្គមហាសេនា បដីតេជោ» នៅក្រាញចង់ក្តោបអំណាចផ្តាច់ការនោះយ៉ាងហោច១០ឆ្នាំទៀត ។
ខ្ញុំជាអតីតកូនសិស្សសាលាស្លឹកដំបូលធ្លុះនៅភូមិឬស្សីកែវ រួចបានធ្លាយចូលរៀននៅវិទ្យាល័យ ស៊ីសុវត្ថិបានទទួលអាហារូបករណ៍មករៀនបញ្ចប់ការសិក្សាវិទ្យាល័យអាមេរិកាំងក្នុងឆ្នាំ១៩៦១-១៩៦២ ។ ក្រោយមកបានចូលរៀននៅសកលវិទ្យាល័យបានទទួលបរិញ្ញាបត្រ «បាហ្សឺល័រ» រួច អនុបណ្ឌិត «ម៉ាសស្ទឿរ៍» ទីបញ្ចប់សញ្ញាបត្របណ្ឌិត «ភីអេចឌី» ខាងផ្នែកវិទ្យាសាស្ត្រនយោបាយ ។
វាជាឥទ្ធិពលដំណើរការនៃធម្មជាតិជីវិត (សង្គមូបនីយកម្មនយោបាយ ) របស់ខ្ញុំនៅសកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក (១៩៦៣-១៩៨០) ដែលបានសម្រួលផ្លូវឱ្យខ្ញុំអនុវត្តទស្សនៈដែលលោកគ្រូខ្មែរ «ប្រូហ្គ្រែស៊ីស្ទ» សាលាឬស្សីកែវបានបញ្ចូលក្នុងខួរក្បាលខ្ញុំឱ្យស្អប់អំពើអយុត្តិធម៌ ឱ្យហ៊ានចូលរួម ក្នុងសកម្មភាពនយោបាយប្រឆាំងនឹងការតាំងមូលដ្ឋានទ័ពយៀកកុងដោយលួចលាក់នៅលើទឹកដីខ្មែរទោះបីមានការអនុញ្ញាតពីប្រមុខរដ្ឋខ្មែរក្តី ។ បន្ទាប់ពីកងទ័ពយៀកណាមបានកាន់កាប់ ទីក្រុងភ្នំពេញនៅថ្ងៃទី៧មករា១៩៧៩ ខ្ញុំក៏បានទៅដល់សមរភូមិបន្ទាយអំពិលនៅខែកញ្ញា១៩៨០ ។ ខ្ញុំបានបំរើក្នុងជួររណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររហូតដល់ខែវិច្ឆិកា១៩៨៩ ហើយបានវិលបក មកកាន់សហរដ្ឋអាមេរិកវិញ ។ ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៤ ខ្ញុំបានបង្រៀនវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំបានចូលនិវត្តន៍ពីសកលវិទ្យាល័យកោះហ្គ័ម
នៅឆ្នាំ ២០០៤ ។
ក្នុងថានៈជាសមាជិកសភាបណ្ឌិតនិងជាអ្នកនិពន្ធ ខ្ញុំបានអនុវត្តនូវភារៈជាប្រពៃណីរបស់អ្នក វិទ្យាសាស្ត្រនយោបាយ ពោលគឺ ១. ពិពណ៌នាដោយឥតលំអៀងនូវអ្វីដែលជាកម្មវត្ថុនៃការសិក្សា ២. បកប្រែនិងធ្វើវិភាគដោយពិចារណារកឬសរកគល់និងពន្យល់បុព្វហេតុនៃព្រឹត្តិការណ៍ ៣. បញ្ចាំងមើលទៅមុខ តើអនាគតនឹងអាចទៅជាយ៉ាងណាខ្លះ ។ នៅពេលខ្ញុំនៅជានិស្សិតនៅឡើយ មានភារៈទី ៤ បានត្រូវគេបង្កើតឡើងសុំឱ្យអ្នកវិទ្យាសាស្ត្រនយោបាយផ្តល់ជាអនុសាសន៍ថា តើត្រូវ ធ្វើយ៉ាងដូចម្តេចទៀត ។
គេឃើញមានសាស្ត្រាចារ្យធំៗខ្លះដែលបង្រៀនវិទ្យាសាស្ត្រនយោបាយបានចូលរួមយ៉ាងសកម្មក្នុងជួរ
រដ្ឋាភិបាលអាមេរិកាំង ដូចជាលោកបណ្ឌិត ប៊ីកនៀវ ប្រ៉េស៍ហ្ជិនស្គី (Zbigniew Brezenski) ជាទីប្រឹក្សា (១៩៦៦-៦៨) លោកប្រធានាធិបតី លិនដុន ហ្ចនសុន ។ ក៏ប៉ុន្តែមានសាស្ត្រាចារ្យធំៗឯទៀតដែល ប្រកាន់ជំហរថាសាស្រ្តាចារ្យ ដែលបានចូលប្រឡូកក្នុងនយោបាយបានត្រូវបាត់បង់គោលជំហរឥត
លំអៀងជាអ្នកវិទ្យាសាស្ត្រនយោបាយ ។
ពាក្យសំដីរបស់មេចលនាតស៊ូសិទ្ធិមនុស្សជាតិអាមេរិកាំង លោក ម៉ារ៏ទិន លូធើរ៍ ឃិង (Martin Luther King, Jr. ១៩២៩-១៩៦៨ ) ថា «វាហាក់ដូចជាទូទៅនៅពាសពេញសកលលោកទៅហើយ ដែល
បុគ្គលមនុស្សតែងស្វែងរកចម្លើយដែលងាយនិងស្រួលនិងស្វែងរកដំណោះស្រាយដែលបានឆ្អិន
តែត្រឹមពាក់កណ្តាល» បានធ្វើឱ្យខ្ញុំដែលជាគ្រូបង្រៀនមានការធុញថប់ព្រោះខ្ញុំមិនចង់ឃើញសិស្សខ្ញុំ
ជាអ្នកខ្ជិលគិត ។
បន្ទាប់មក ខ្ញុំក៏បានអានពាក្យពេជន៍របស់ លោក អេប្រាហាំ លិងគិន (Abraham Lincoln) អតីត ប្រធានាធិបតីអាមេរិកាំង ទី១៦ (១៨៦១-១៨៦៥ ) ដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាម
ផ្ទៃក្នុងដ៏សាហាវពីឆ្នាំ ១៨៦១ដល់ឆ្នាំ១៨៦៥ ថា «អ្នកមិនអាចជួយមនុស្សជាអាចិន្ត្រៃយ
ដោយធ្វើអ្វីៗទាំងអស់ដែលមនុស្សទាំងនោះអាចធ្វើបានដោយខ្លួនឯងទេ» ពាក្យពេចន៍ដែលរំឮក
ខ្ញុំពីសុភាសិតចិនបុរាណក្នុងប្រអប់ខាងក្រោមនេះ ៖
| បើអ្នកផ្តល់ត្រីមួយឱ្យមនុស្សម្នាក់ អ្នកចិញ្ចឹមគាត់បានមួយថ្ងៃ ។
តែបើអ្នកបង្រៀនមនុស្សម្នាក់នេះឱ្យចេះនេសាទត្រីទៅវិញ គឺអ្នកចិញ្ចឹមគាត់បានពេញមួយជីវិត ។
|
ខ្ញុំមានជំនឿថា មិនដែលមានបញ្ហាណាដែលគ្មានដំណោះស្រាយឡើយ ហើយក៏មិនដែលមានបញ្ហា
ដែលបុគ្គលមនុស្សមិនអាចរកដំណោះស្រាយបាននោះដែរ គឺថាជាមួយបុគ្គលមនុស្សដែលមានការ ប្រសប់វាងវៃក្នុងការស្រមើស្រមៃឆ្នៃប្រឌិតមិនត្រូវមានអ្វីដែលធ្វើមិនកើតទេ ។ នៅក្នុងថ្នាក់រៀន ខ្ញុំរៀនប្រើគំនិតច្នៃប្រឌិតដោយរៀបចំបង្កើតជាព្រឹត្តការណ៍នយោបាយមួយហើយរៀបចំនិស្សិតឱ្យ ពិភាក្សាឆ្លងឆ្លើយគ្នាអនុវត្តភារៈកិច្ចនៃអ្នកវិទ្យាសាស្ត្រនយោបាយ ជាពិសេសភារៈកិច្ចទី ៤ តើត្រូវធ្វើ យ៉ាងណាទៅមុខទៀត ។
ខ្ញុំបានស្តាប់នូវគំនិតឆ្លងឆ្លើយរបស់និស្សិតដែលរើសយកដំណោះស្រាយដែលគេយល់ថាប្រសើរ
ជាងគេ ។ ខ្ញុំតែងរំឮកនិស្សិតថាគ្មាននរណាអាចដឹងប្រាកដបានថាដំណោះស្រាយដែលនិស្សិត បានអនុម័តវានឹងបន្ធូរសភាពការណ៍ឬធ្វើឱ្យមានផ្ទុះសង្គ្រាមលោកលើកទី ៣ ទេ តែយ៉ាងណាមិញ គេបានពិគ្រោះពិភាក្សាដោយហ្មត់ចត់ ហើយបានធ្វើសេចក្តីសំរេចមួយ ។ ខ្ញុំតែងរំឮកគេនូវពាក្យសំដីរបស់អតីតអធិរាជបារាំង លោក ណាប៉ូលេអុង បូណាប៉ារ៍ត (Napoleon Bonaparte ១៧៦៩-១៨២១) ដែលបានកសាងអាណាចក្រដ៏ធំមួយដែលគ្រប់គ្រងលើទ្វីបអឺរ៉ុបមុន ពេលដួលរលំចុងក្រោយក្នុងឆ្នាំ១៨១៥ ថា «ចូរអ្នកចំណាយពេលពិគ្រោះគ្នាទៅ តែនៅពេលវាបាន មកដល់ហើយដែលតម្រូវឱ្យមានសកម្មភាព ចូរអ្នកឈប់គិត ហើយចូរអ្នកសម្រុកចូលទៅ» ។
បកមករឿងខ្មែរ បញ្ហាខ្មែរអាចសរុបឱ្យបានយ៉ាងខ្លីថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដឹង ច្បាស់ថា នៅក្នុងការបោះឆ្នោតនៅប្រទេសខ្មែរគ្រោងធ្វើនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ លោកនឹងមិនអាចរំពឹងថាពលរដ្ឋខ្មែរនឹងប្រគល់សន្លឹកឆ្នោតឱ្យលោកបន្តអំណាចផ្តាច់ការបានទេ តែលោកបានកំណត់ក្តោបអំណាចនោះតទៅទៀត ។ ព្រះគោត្តមពុទ្ធបានថ្លែងជាង២៥០០ឆ្នាំមក ហើយថា «រឿងបីដែលមិនអាចបិទបាំងបានគឺ ព្រះអាទិត្យ ព្រះចន្ទ និងការពិត» ។
ការពិតគឺនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៦កន្លងទៅនេះ នៅផ្ទះលោករដ្ឋមន្ត្រីក្រសួងការបរទេសមាន ការជួបប្រជុំជាមួយលោក អ៊ែរ៉ុន ហ្សាវីវ (Aron Shaviv) នាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវឯកជន Shaviv Strategy and Campaigns ដែលរបបហ៊ុនសែនជួលឱ្យធ្វើការស្រាវជ្រាវស្ទង់មតិ និងបញ្ចុះ បញ្ចូលមតិលើឆាកអន្តរជាតិ ។ លទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញឱ្យឃើញថា ក្នុងចំណោម មនុស្សចំនួន៥៣៧៩នាក់ដែលត្រូវបានសម្ភាសដោយក្រុមហ៊ុន ហ្សាវីវ នៅក្នុងឆ្នាំ២០១៦ ការពេញ ចិត្តនិងពេញចិត្តខ្លាំងចំពោះលោកហ៊ុនសែនបានត្រូវធ្លាក់ចុះពី ៨១% នៅខែឱសភា ទៅ ៦៣% នៅខែកញ្ញា – ការពេញចិត្តនិងពេញចិត្តខ្លាំងចំពោះលោកសមរង្ស៊ីបានត្រូវកើនឡើងពី ៧៤% នៅខែឱសភា ទៅ ៨៤% នៅខែកញ្ញា – ការពេញចិត្តនិងពេញចិត្តខ្លាំងចំពោះលោកកឹមសុខា គឺ ៧៤% នៅខែកញ្ញា ។ រីឯការពេញចិត្តនិងពេញចិត្តខ្លាំងចំពោះគណបក្សប្រជាជននៅក្នុងខែកញ្ញា ឆ្នាំ២០១៦មាន ៦៣% – ការពេញចិត្តនិងពេញចិត្តខ្លាំងចំពោះគណបក្សសង្គ្រោះជាតិមាន ៨២% ។
នៅក្នុងការឆ្លុះបញ្ចាំងទៅលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០១៨ ការស្រាវជ្រាវបានបង្ហាញឱ្យ ឃើញថា គណបក្សប្រជាជនអាចទទួល ៣៥% គណបក្សសង្គ្រោះជាតិ ៤៤% នៃសន្លឹកឆ្នោត ទាំងអស់ ។
| ម្ហូបគំនិត
« ប្រសិនបើយើងចេះចុចឱ្យចំចំណុចត្រូវនិងឱ្យចំពេលវេលាវា អ្វីដែលហាក់ដូចជានៅនឹងថ្កល់មិនអាចកែប្រែផ្លាស់ប្តូរបាន វាបែរជាអាចកែប្រែផ្លាស់ប្តូរបានទៅវិញ » ។ |
យោងទៅលើការស្រាវជ្រាវធ្វើឡើងក្នុងឆ្នាំ២០១៦នោះ បើមានការបោះឆ្នោតក្នុងខែកញ្ញាឆ្នាំនោះ បើលោកសមរង្ស៊ីនិងលោកកឹមសុខាជាមេដឹកនាំគណបក្សសង្គ្រោះជាតិ សង្គ្រោះជាតិអាចទទួល ៤៦% នៃសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនអាចទទួលបានត្រឹមតែ ៣៣% ទេ ។ តែបើ សង្គ្រោះជាតិបានត្រូវដឹកនាំដោយលោកកឹមសុខាដោយគ្មានលោកសមរង្ស៊ី សង្គ្រោះជាតិអាច ទទួល ៤២% គណបក្សប្រជាជន ៣៣% ។ នៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ ក្នុងប្រការគ្មាន វត្ដមានលោកសមរង្ស៊ីនិងលោកកឹមសុខា គណបក្សសង្គ្រោះជាតិអាចទទួល ៣៥% គណបក្ស ប្រជាជន ៣៤% ។
មានលទ្ធផលនៃការស្ទង់មតិមួយទៀតរបស់គណបក្សប្រជាជនដែលបានបង្ហាញថា នៅក្នុងការបោះ ឆ្នោតឆ្នាំ២០១៨ គណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខាអាចទទួល ៤៦% គណបក្សប្រជាជន ៣២% – បើមានតែលោកកឹមសុខា សង្គ្រោះជាតិអាចទទួល ៤២% – បើមានលោកសមរង្ស៊ីនិងលោកកឺមសុខានៅពេលបោះឆ្នោតឆ្នាំ២០១៨ (ម្នាក់នៅបរទេស ម្នាក់នៅ ក្នុងគុក) សង្គ្រោះជាតិនឹងអាចទទួលពី ៣៣% ទៅ ៣៤% រីឯគណបក្សប្រជាជននឹងបានទទួល ត្រឹមតែ ៣២% ទេ ។
គឺនៅក្នុងសភាពការណ៍យ៉ាងនេះហើយដែលបណ្តាលឱ្យលោកហ៊ុនសែនសំរេចរំលាយគណបក្ស សង្គ្រោះជាតិ ព្រោះថាទោះមានលោកសមរង្ស៊ីនិងលោកកឹមសុខាឬគ្មាន វត្តមានសង្គ្រោះជាតិជា គ្រោះថ្នាក់ដល់ជីវិតសំរាប់លោកហ៊ុនសែន ។ គឺនៅក្នងសភាពការណ៍យ៉ាងដូច្នេះហើយដែលជាការ ចាំបាច់បំផុតថា អ្នកប្រជាធិបតេយ្យទាំងអស់ក្រោកឡើងរួបរួមគ្នាជាបាច់មួយ «ដើម្បីជម្រុញឱ្យមាន ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា» ដូចលោកសមរង្ស៊ីបានអំពាវនាវនៅថ្ងៃទី១ធ្នូនេះ ។
| ម្ហូបគំនិត
«ព្រឹត្តិការណ៍ សកម្មភាព និង កាលៈទេសៈ ដែលកើតមានឡើងជាហូរហែរបន្តបន្ទាប់គ្នាអាចហូរចូលគ្នា រួមបង្កើតជាសន្ទុះរុញច្រានរហូតបានទៅដល់ចំណុចកំពូលមួយ . . . ពីលើចំណុចកំពូលនោះ ថាមពលមួយនឹងធ្លាយចេញមកដែលពិបាកនឹងទប់បាន» ។
|
កាលៈទេសៈដូចសព្វថ្ងៃនេះ គឺជាពេលវេលាដែលត្រូវចំល្អណាស់ ដែលខ្មែរប្រជាធិបតេយ្យ ត្រូវរួមគ្នាបង្កើតជាព្រឹត្តិការណ៍និងជម្រុញព្រឹត្តិការណ៍ទាំងនៅក្នុងស្រុកនិងទាំងនៅក្រៅស្រុក កុំចាំឱ្យព្រឹត្តិការណ៍ដឹកច្រមុះយើង ។
ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយនាំមកជូនជាម្ហូបគំនិតនូវពាក្យសំដីរបស់អ្នកនិពន្ធនិងជាអ្នករិះគន់ដ៏ល្បីឈ្មោះ ជាតិអង់គ្លេសម្នាក់ គឺលោក អេរិក ប្លែរ (Eric Blair ១៩០៣-១៩៥០) ដែលជាសកម្មជន ប្រឆាំងនឹងរបបគាបសង្កត់ដែលនិយមប្រើឈ្មោះក្លែងក្លាយជា ហ្ចរ៍ហ្ច អ័រវែលល៍ (George Orwell) អ្នកនិពន្ធប្រលោមលោក Animal Farm (ចេញផ្សាយឆ្នាំ១៩៤៥) និង Nineteen Eighty-Four (ចេញផ្សាយឆ្នាំ ១៩៤៩) ៖ « ប្រសិនបើមនុស្សចំនួនច្រើនចាប់អារម្មណ៍ទៅលើសេរីភាពនៃការ បញ្ចេញមតិ វានឹងមានសេរីភាពនៃការបញ្ចេញមតិទោះបីជាមានច្បាប់ហាមឃាត់ក៏ដោយ ។ ប្រសិនបើមតិសាធារណៈមានភាពនឹងថ្កល់ឥតកម្រើក ជនភាគតិចដែលមានទំនាស់នឹងត្រូវគេធ្វើ ទុក្ខបុកម្នេញទោះបីជាច្បាប់មានដើម្បីការពារពួកគេក៏ដោយ»៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាម រយៈសារ អេឡិចត្រូណិច (e-mail) peangmeth@gmail.com