ដំណើរលំបាកនិងយូរអង្វែង
ដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
១៣ កក្កដា ២០១៥
ខ្ញុំបានសរសេររួចមកហើយថា អនាគតរបស់មនុស្សយើងស្ថិតនៅលើរបៀបយើងគិត (តាមរយៈការស្រមើលស្រមៃនិងការច្នៃប្រឌិតដោយប្រើការត្រិះរិះពិចារណាដែលមានភាពវិជ្ជមាននិងផលិតភាព) ជាជាងនៅលើអ្វីដែលយើងជឿថាយើងបានដឹង ។ ទម្លាប់សួរសំណួរឥតឈប់ឈរមិនព្រមទទួលស្ថានភាពដូចគ្នាដដែលៗ, ការបោះបង់ចោលនូវគំនិតនិងទង្វើដដែលៗដូចជាការបន្តពូជ, ការបង្កើតគំនិតត្រិះរិះពិចារណាក្នុងភាពវិជ្ជមាន (ដែលផ្តល់ប្រយោជន៍ច្រើន) និងផលិតភាព (ដែលឱ្យផលច្រើន) ជួយឱ្យយើងរកចម្លើយឱ្យបានច្រើនបំផុតដើម្បីអនុញ្ញាតឱ្យយើងអាចរើសយកចម្លើយដែលល្អបំផុត ដើម្បីធ្វើសកម្មភាពឈានជើងទៅកាន់គោលដៅយើង ។ បើចម្លើយមួយមិនមានប្រសិទ្ធភាព យើងនៅមានជម្រើសផ្សេងៗទៀត ។ នេះហើយដែលបរមគ្រូចិន ខុងជឺ (៥៥១ មុនគស-៤៧៩ មុនគស) បានទូន្មានមនុស្សលោកថា «នៅពេលដែលដឹងច្បាស់លាស់ថាអ្នកមិនអាចឈោងចាប់យកគោលដៅអ្នកបានទេ ចូរអ្នកកុំយកគោលដៅនោះទៅកែប្រែលាយផ្សំតម្រូវ ចូរអ្នកយកកម្មវិធីធ្វើជំហានដើររបស់អ្នកទៅលាយផ្សំតម្រូវវិញ » ។ ព្រះគោតមពុទ្ធ (៥៦៣ មុនគស-៤៨៣ មុនគស ប្រមាណជា ១០ ឆ្នាំវ័យច្បងជាងលោកគ្រូ ខុងជឺ) ក៏បានប្រៀនប្រដៅជាង ២៥០០ ឆ្នាំមកហើយថា គឺគំនិតរបស់យើងនោះហើយដែលបានបង្កើតពិភពលោកដូចមានសព្វថ្ងៃនេះ ។
លោក Victor Hugo (១៨០២-១៨៨៥ អ្នករាជានិយមបារាំងពេលនៅវ័យក្មេង តែក្រោយមកប្រែជាអ្នកសាធារណរដ្ឋនិយម) បានមានប្រសាសន៍ថា «ផ្លាស់ប្តូរទស្សនៈ របស់អ្នកចុះ តែរក្សាគោលការណ៍របស់អ្នក; ផ្លាស់ប្តូរស្លឹកចុះ តែទុកឬសគល់របស់អ្នកឱ្យនៅដដែល »។
បន្ទាប់ពីនយោបាយខ្មែរដែលជាប់គាំងដោយសារវិវាទរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងអំពីលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ កក្កដា ២០១៣ មក ខ្ញុំបានសរសេរអត្ថបទ Disputants fight before sitting together, need core values [ «គូជម្លោះប្រយុទ្ធប្រឆាំងមុននឹងអង្គុយជាមួយគ្នា ត្រូវការគុណតម្លៃស្នូល» ] ចុះផ្សាយក្នុង គេហទំព័ររបស់ Asian Human Rights Commission នៅថ្ងៃទី២៩ មេសា ២០១៤ ។ ខ្ញុំបានសរសេរថា មេដឹកនាំរបស់គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ត្រូវមានកាតព្វកិច្ចមួយនៅពេលដែលអ្នកតំណាងជាប់ឆ្នោតរបស់ខ្លួនជៀសមិនរួចពីអង្គុយធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា – ខ្ញុំបានសន្និដ្ឋានថាបក្សទាំងពីរនឹងអង្គុយធ្វើការជាមួយគ្នា – ដើម្បីពន្យល់ថាហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោតត្រូវបានបង្ខំឱ្យចំណាយពេលយ៉ាងយូរទទួលការរងគ្រោះបង្ហូរឈាមនិងការរំលោភសិទ្ធិមនុស្សរីឯគណបក្សទាំងពីរឈ្លោះប្រខាំគ្នា ហើយតើបានផលអ្វីដែរនៅទីបញ្ចប់ ?
ខ្ញុំបានប្រកាន់ជំហរថាការនយោបាយជាប់គាំងនោះមិនជាចាំបាច់មានទេ ។ ហើយខ្ញុំក៏មិនបាននិយាយលេងដែរពេលខ្ញុំបានថ្លែងប្រាប់អ្នកកាសែតថា នយោបាយដែលហាក់ដូចជាជាប់គាំងដោះស្រាយមិនរួចនោះ នឹងត្រូវដោះស្រាយបាននៅទីបញ្ចប់ – ហើយខ្ញុំបានដកស្រង់សំដីរបស់តួឯកនៅក្នុងភាពយន្ត The Best Exotic Marigold Hotel ដែលបានបដិសេធមិនព្រមឱនចុះចាញ់ភាពវឹកវរនិងការចុះអន់ថយរបស់សណ្ឋាគារ ហើយដែលបានថ្លែងដោយទទូចនិងរីករាយថា « អ្វីៗទាំងឡាយនឹងត្រូវបានល្អទាំងអស់នៅទីបញ្ចប់ ។ បើវានៅមិនទាន់បានល្អនៅឡើយទេ គឺមកពីមិនទាន់បានដល់ទីបញ្ចប់ »។ ភាគីខ្មែរទាំងពីរមិនមែនមិនដឹងទេថាគ្មានភាគីណាអាចឈ្នះបាននៅក្នុងវិវាទកម្មនយោបាយខ្មែរ ។ ខ្ញុំគ្មានមន្ទិលសង្ស័យទេថាគណបក្សនយោបាយណាមួយមានអនុភាពដាក់អនុក្រឹត្យ diktat ទៅលើគូប្រជែងឡើយ បើគេមានអនុភាពមែន ជម្លោះនឹងត្រូវបានដោះស្រាយរួចយូរមកហើយ ។ នៅរាល់ការប្រកាសរបស់គណបក្សនិមួយៗ គោលបំណងគឺលួងលោមរម្ងាប់ចិត្តអ្នកគាំទ្រ និងធ្វីឱ្យគូប្រជែងបាត់តុល្យភាព ។
ខ្ញុំមិនមែនជាពុទ្ធសាសនិកទេ ប៉ុន្តែខ្ញុំឱបក្រសោបពាក្យពិតរបស់ព្រះគោតមពុទ្ធថា «មិនមានអ្វីជាអចិន្រ្តៃយ៍ឡើយ, អ្វីៗត្រូវតែកែប្រែផ្លាស់ប្តូរទាំងអស់ » ។ ខ្ញុំធ្លាប់បានសរសេររំឮកខ្មែរប្រជាធិបតេយ្យអំពីអ្នកនិពន្ធនិងជាអ្នករិះគន់ជាតិអង់គ្លេស លោក Eric Arthur Blair (១៩០៣-១៩៥០) ដែលចូលចិត្តប្រើឈ្មោះក្លែងក្លាយហៅថា George Orwell ហើយដែលមានឈ្មោះល្បីក្នុងការប្រឆាំងនឹងសមស្តនិយម (លទ្ធិផ្តាច់ការ) និងដែលបានសរសេរប្រលោមលោកអំពីសហគមន៍ស្រមើលស្រមៃមួយដែលគួរឱ្យភ័យខ្លាចមិនត្រូវចង់បាន Nineteen Eighty-Four (ផ្សាយឆ្នាំ ១៩៤៩) នឹង ប្រលោមលោករូបាទិដ្ឋាន Animal Farm (ផ្សាយឆ្នាំ ១៩៤៥) បានសរសេរផ្សាយថា «ប្រសិនបើប្រជាពលរដ្ឋចំនួនច្រើនមានការចាប់ចិត្តទៅលើសេរីភាពក្នុងការបញ្ចេញមតិនោះ នឹងមានសេរីភាពក្នុងការបញ្ចេញមតិ ទោះបីជាមានច្បាប់ហាមឃាត់យ៉ាងណាក្តី ; ប៉ុន្តែបើមតិសាធារណៈមានកម្រិតតិចតួចវិញ, ក្រុមមនុស្សដែលមានទំនាស់ហើយមានចំនួនតិចនោះ នឹងត្រូវគេធ្វើបាបរំខាន បើទោះបីមានច្បាប់ដើម្បីការពារពួកគេក្តី » ។ ខ្ញុំក៏បានផ្តោតរំឮកខ្មែរប្រជាធិបតេយ្យឱ្យខំប្រឹងប្រែងព្រោះការបោះឆ្នោតឆ្នាំ ២០១៨ ជិតមកដល់ណាស់ហើយ ។
នៅក្នុងអត្ថបទ«បម្រើ រុញ ការពារ ផលប្រយោជន៍ខ្មែរ» (៣០ មេសា) អំពីគោលដៅបំណងជួរវែងដែលតម្រូវរយៈពេលយូរអង្វែងទើបអាចសម្រេចបាន និង គោលដៅបំណងជួរខ្លីដែលមានលក្ខណៈជាក់លាក់ច្បាស់លាស់ហើយដែលតែងតែដុះចេញពីស្ថានការណ៍មួយក្នុងកំឡុងពេលដែលមេដឹកនាំកំពុងធ្វើសកម្មភាពឈោងចាប់គោលដៅជួរវែង ខ្ញុំបានសរសេររំឮកថា ទោះជាគោលជួរវែងឬគោលជួរខ្លី មេដឹកនាំថ្នាក់ជាតិ (នៅគ្រប់ប្រទេស) គេបានសម្រេចតាំងពីដំបូងមកថាគោលដៅទាំងនោះត្រូវតែបំពេញជូនរដ្ឋ ព្រោះវាជាផលប្រយោជន៍ជាតិ ។
គោលដៅវែងមាន សន្តិភាព យុត្តិធម៌ សេរីភាព សន្តិសុខ ដែលមេដឹកនាំនៃប្រទេសនានាគេចង់បាន ។ អារយ្យធម៌បស្ចិមប្រទេសឱបក្រសោបសិទ្ធិសេរីភាពបុគ្គលលើសអ្វីឯទៀត រីឯអារយ្យធម៌បូព៌ាប្រទេសឱបក្រសោប សន្តិសុខនិងស្ថិរភាព ដែលជាហេតុនៃជម្លោះរវាងលោកខាងលិច ដែលចង់ឃើញសិទ្ធិសេរីភាពបុគ្គលជាចាំបាច់នៅក្នុងលោក និងលោកខាងកើតដែលចង់ឱ្យមានសន្តិសុខនិងស្ថិរភាពជាចាំបាច់មុននឹងអាចមានអ្វីឯទៀតបាន ។
ពេលវេលាបានរុញច្រានលោកទាំងពីរឱ្យខិតជិតគ្នាបន្តិចម្តងៗ រហូតដល់ពេលបច្ចុប្បន្ននេះ លោកខាងលិចក៏បានទទួលស្គាល់ទស្សនៈបូព៌ាប្រទេសថាទាល់តែមានសន្តិសុខនិងស្ថិរភាពក្នុងសង្គមទើបអាចមានសិទ្ធិសេរីភាពបុគ្គលបាន ព្រោះសិទ្ធិសេរីភាពមិនអាចរីកដុះដាលនៅក្នុងសង្គមដែលមានតែចលាចលនិងអសន្តិសុខនោះឡើយ [ ប៉ុន្តែរបបអំណាចផ្តាច់ការប្រើទស្សនៈសន្តិសុខនិងស្ថិរភាពដើម្បីបដិសេធសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ] ។ រីឯលោកខាងកើតក៏ចូលទទួលស្គាល់ទស្សនៈបស្ចិមប្រទេសថា សិទ្ធិសេរិភាពបុគ្គលវាភ្ជាប់នឹងធម្មជាតិមនុស្សលោក ។
យ៉ាងនេះហើយដែលសម្តេចសង្ឃ Dalai Lama បានមានប្រសាសន៍ថា «មនុស្សលោកទាំងអស់ ដោយមិនគិតពីវប្បធម៌និងប្រវត្តិសាស្រ្តឡើយ គឺសុទ្ធតែមានការឈឺចាប់នៅពេលត្រូវបានគេបំភ័យសម្លុត ដាក់គុកច្រវាក់ ឬ ធ្វើទារុណកម្ម . . . ដូច្នេះ យើងត្រូវតែទទូចឱ្យមានការទទួលស្គាល់ជាសកល មិនត្រឹមតែអំពីសេចក្តីត្រូវការឱ្យគោរពសិទ្ធិមនុស្សទូទាំងពិភពលោកទេ តែឱ្យមានការទទួលស្គាល់ជាសកលនូវអត្ថន័យនៃសិទ្ធិមនុស្សទាំងឡាយ . . . ព្រោះវាជាធម្មជាតិបំបែកមិនបានរបស់មនុស្សដែលប្រាថ្នាចង់បានសេរីភាព សមភាព និង តម្លៃថ្លៃថ្នូរ ហើយម្នាក់ៗមានសិទ្ធិស្មើរៗគ្នាក្នុងការឈោងចាប់យកឱ្យបាន » ។
លោកសម រង្ស៊ី និង គោលដៅ
ខ្ញុំមានការចាប់អារម្មណ៍នៅពេលបានអានក្នុង អិនធើណិត នូវសម្ភាសន៍មួយដែល លោក សម រង្ស៊ី្ បានធ្វើជាមួយអ្នកកាសែតបស្ចិមប្រទេសម្នាក់នៃសារពត៌មានភ្នំពេញប៉ុស្តិ៍្ ចុះថ្ងៃទី ៣ ខែឧសភា ក្រោមចំណងជើង ទំហំមនុស្សជាតិនៅក្នុងវប្បធម៌សន្ទនា ។
នៅក្នុងអត្ថបទរបស់ខ្ញុំចុះថ្ងៃ ១០ មិថុនា ខ្ញុំបានសរសេរអំពីសៀវភៅ ចរិតខ្មែរ និពន្ធដោយអតីតអ្នកទោសនយោបាយខ្មែរជំនាន់បារាំងត្រួតត្រា លោក ប៊ុណ្ណចន្ទ ម៉ុល ដែលបានអំពាវនាវដល់ខ្មែរជំនាន់ក្រោយ សូមឱ្យមានការកែប្រែផ្លាស់ប្តូរនិងបោះបង់ចោលនូវចរិតខ្មែរមួយចំនួន តែសូមទុកអ្វីដែលជាសារៈសំខាន់ដល់អាយុជីវិតប្រជាជាតិខ្មែរ ។ ខ្ញុំបានឃើញគោលការណ៍ ៧ ចំណុចនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់គណបក្សជំទាស់និងគណបក្សកាន់អំណាច ចុះថ្ងៃទី ៨ ឧសភា ថាជាជំហានមួយថ្មីក្នុងកិច្ចប្រឹងប្រែងបង្កើត វប្បធម៌សន្ទនា ដែលខ្ញុំឃើញថាជាចម្លើយតបទៅនឹងវប្បធម៌ចរិតខ្មែរដែលលោក ប៊ុណ្ណចន្ទ ម៉ុល បានចែងថាបានធ្វើឱ្យប្រជាជាតិខ្មែរធ្លាក់ចុះនិងនៅក្នុងភាពអស់សង្ឃឹម ។
អ្នកស្រី Karen Kaiser Clark វាគ្មិនបំផុសគំនិត នឹងអប់រំកំណើនសេដ្ឋកិច្ចតាមរយៈការកែប្រែផ្លាស់ប្តូរបានទូន្មានថា «ជីវិតមនុស្សជាជីវិតដែលមានការកែប្រែផ្លាស់ប្តូរ ការដុះកើនសម្រេចលើជម្រើស ដូច្នេះចូរអ្នកជ្រើសរើសដោយឈ្លាសវៃ» ។ អ្នករិះគន់អក្សរសាស្ត្រជាតិអៀរឡង់ លោក George Bernard Shaw ( ១៨៥៦-១៩៥០) ដែលជាសហស្ថាបនិក សាកលវិទ្យាល័យ London School of Economics បានមានប្រសាសន៍ថា « នឹងមិនអាចមានការរីកចម្រើនបានទេបើគ្មានការកែប្រែផ្លាស់ប្តូរ ។ អ្នកដែលមិនអាចកែប្រែផ្លាស់ប្តូរគំនិតនឹងមិនអាចកែប្រែផ្លាស់ប្តូរអ្វីបានសោះឡើយ» ។
ទស្សនៈលោក សម រង្ស៊ី
សម្ភាសន៍លោក សម រង្ស៊ី បង្ហាញដល់ខ្ញុំជាលើកទីមួយនូវទស្សនៈលោកដែលខ្ញុំមិនដែលបានអានពីមុនមក ហើយដែលបានរំឮកខ្ញុំអំពីអ្វីៗដែលខ្ញុំបានអាននិងខំរៀនពីពាក្យសំដីនិងទស្សនៈរបស់វិញ្ញូនិងទស្សនវិទូមានឈ្មោះក្នុងលោកមួយចំនួន។ ចំពោះខ្ញុំ លោក សម រង្ស៊ី បានចាប់ដុះផ្នែកវិញ្ញាណនិងទស្សនៈប្រហែលនឹងវិញ្ញូនិងទស្សនវិទូផ្សេងៗដែរ ។
លោក សម រង្ស៊ី បានថ្លែងថា ដោយហេតុលោក និង លោក ហ៊ុន សែន មានអាយុកាន់តែជ្រេទៅហើយ អ្នកទាំងពីរក៏ខិតខំគិតគូរកែតម្រង់គោលដៅក្នុងជីវិត ជាពិសេសអំពីអ្វីដែលចង់បានទុកជូនខ្មែរជំនាន់ក្រោយ។ លោកបានថ្លែងថាលោកជឿថាលោកហ៊ុនសែនស្មោះហើយ – ការនិយាយរបៀបនេះវាស្របនឺងគំនិតក្នុងចិត្តវិទ្យាថា បើហៅនរណាថាល្អយូរៗទៅនឹងអាចនឹងក្លាយជាល្អមែន (បើហៅនរណាឆ្កួតយូរៗទៅវាអាចនឹងក្លាយជាឆ្កួតដូចការហៅដែរ) ។
តាំងតែពីពេលខ្ញុំនៅសិក្សាឆ្នាំដំបូងនៅសកលវិទ្យាល័យ ខ្ញុំបានខំក្រេបជញ្ជក់នូវពាក្យទូន្មានរបស់វិញ្ញូ ទស្សនវិទូ និងអ្នកដែលប្រកបដោយគតិបណ្ឌិតដែលមានការពិសោធន៍ក្នុងជីវិត យកមកធ្វើជាមេរៀនសម្រាប់ខ្លួនខ្ញុំ ទោះបីខ្ញុំដួលផងខ្ញុំឈឺផង ក៏ខ្ញុំខំប្រឹងរៀនដើរទៅមុខ ។ ដូចព្រះពុទ្ធគោតមបានប្រដៅ «មិនមានអ្វីជាអចិន្រ្តៃយ៍ឡើយ» ។
បន្ទាប់ពីគេបានធ្វើឃាតមេដឹកនាំចលនាសិទ្ធិស៊ីវិលអាមេរិកាំង លោក Martin Luther King, Jr. ក្នុងឆ្នាំ១៩៦៨ ខ្ញុំបានឃើញបាតុករដុតរថយន្តចតតាមផ្លូវ វាយកំទេចកញ្ចក់បង្អួចទ្វារលួចប្លន់អគារនានានៅទីក្រុងវ៉ាស៊ិនតោន ។ លោក Martin Luther King, Jr. (១៩២៩-១៩៦៨) ជាអ្នកតស៊ូទាមទារសិទ្ធិសេរីភាពក្នុងសង្គមអាមេរិកាំងជូនប្រជាពលរដ្ឋស្បែកខ្មៅរបស់លោក ដែលខ្មែរយើងជាច្រើនកោតសរសើរហើយចង់យកតម្រាប់តាម ។ មុនលោកបានស្លាប់ទៅ លោកបានទូន្មានប្រជាពលរដ្ឋលោកថា «គ្មាននរណាម្នាក់អាចជិះលើលើខ្នងអ្នកបានទេលុះត្រាតែអ្នកបានពត់ខ្នងអ្នកឱ្យកោង [ល្មមឱ្យគេជិះបាន »។ លោកបានថ្លែងទៀតថា «យើងត្រូវតែបណ្តុះបណ្តាលសមត្ថភាពក្នុងការអភ័យទោស ។ អ្នកណាដែលខ្វះសមត្ថភាពអភ័យទោស អ្នកនោះគ្មានសមត្ថភាពស្រឡាញ់ទេ ។ ទោះបីនៅក្នុងចំណោមមនុស្សលោកដែលអាក្រក់បំផុតក៏គង់មានអ្វីដែលល្អដែរនៅក្នុងរូបគេ ។ ទោះបីនៅក្នុងចំណោមមនុស្សលោកដែលល្អណាស់ក្តីក៏គង់មានអ្វីដែលអាក្រក់ដែរនៅក្នុងរូបគេ ។ នៅពេលដែលយើងបានមើលឃើញថា ការពិតគឺវាអញ្ចឹង យើងនឺងមិនងាយស្អប់សត្រូវរបស់យើងទេ » ។
ពាក្យសំដីខាងលើនោះបានឮសូរខ្ទរក្នុងត្រចៀកខ្ញុំ នៅពេលខ្ញុំបានអានពាក្យសំដីក្នុងសម្ភាសន៍របស់លោក សម រង្ស៊ី ដែលបានថ្លែងថា « ខ្ញុំជឿថានៅក្នុងមនុស្សគ្រប់រូប ទោះបីជាមនុស្សកាន់អំណាចផ្តាច់ការ ឬ ជាឃាតករ យ៉ាងហោចណាស់ក៏គង់មានភាពមនុស្សជាតិយ៉ាងល្អិតតូចមួយក្នុងខ្លួនដែរ ។ យើងត្រូវតែជួយឱ្យមនុស្សជាតិមានកំណើនឡើងនៅគ្រប់ទីកន្លែង។ ខ្ញុំមិនមែនជាគ្រិស្តសាសនិកទេ ប៉ុន្តែខ្ញុំជឿទៅលើការប្រោសលោះបាបដូចជាការអភ័យទោស។ ជំនឿទាំងនេះមិនផ្ទុយទៅនឹងជំនឿព្រះពុទ្ធសាសនារបស់ខ្ញុំទេ »។
ពាក្យសំដីលោក សម រង្ស៊ី មិនផ្លែកពីពាក្យសំដីរបស់មេដឹកនាំឥណ្ឌា្ លោក មហាត្មះ គន្ធី (Mahatma Gandhi ១៨៦៩-១៩៤៨) – មេដឹកនាំបរទេសម្នាក់ទៀតដែលខ្មែរយើងជាច្រើនបាននិយាយថាស្រឡាញ់កោតសរសើរហើយចង់ធ្វើត្រាប់តាម – ដែលបានបញ្ចេញមូលដ្ឋានគំនិត ១០ មានជាអាទិ៍ « អ្នកត្រូវតែជា (ប្រធាននៃ) ការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃើញមាននៅក្នុងពិភពលោកនេះ » ។ ក្នុងចំណោមមូលដ្ឋានគំនិតរបស់លោកមាន មូលដ្ឋាន « បុគ្គលមនុស្សជាអ្នកកាន់ចង្កូតនាវាជីវិត » – លោក គន្ធី ថ្លែងថា « គ្មាននរណាម្នាក់អាចប៉ះពាល់ឱ្យខ្ញុំឈឺចាប់បានដោយគ្មានការអនុញ្ញាតពីខ្ញុំឡើយ » ; មូលដ្ឋាន « អភ័យទោសរួចបំភ្លេចចោលទៅ » – « អ្នកទន់ខ្សោយមិនចេះអភ័យទោសទេ ។ ការអភ័យទោសជាគុណលក្ខណៈនៃមនុស្សខ្លាំង » «បើនឹងយកភ្នែកមួយទៅស៊ីសងនឹងភ្នែកមួយ គឺបានត្រឹមតែធ្វើឱ្យពិភពលោកយើងទាំងមូលនៅមានសល់តែមនុស្សខ្វាក់ » ។ មូលដ្ឋាន «មនុស្សលោកសុទ្ធជាសត្វលោក » – «ខ្ញុំសូមអះអាងថា ខ្ញុំជាបុគ្គលដ៏សាមញ្ញម្នាក់ដែលអាចវង្វេងខុសដូចជាមនុស្សលោកដែលរមែងស្លាប់ឯទៀតដែរ ។ ក៏ប៉ុន្តែខ្ញុំសូមធានាអះអាងថា ខ្ញុំមានភាពរាបសារគ្រប់គ្រាន់នឹងទទួលការវង្វេងខុសរបស់ខ្ញុំ ហើយដើរថយក្រោយដើម្បីបោះជំហានជាថ្មី ( ទៅមុខ) » ។ មូលដ្ឋាន « គុណសម្បត្តិល្អរបស់មនុស្សហើយជួយគេផងទៅ » – «ខ្ញុំមើលឃើញតែគុណសម្បត្តិដ៏ល្អរបស់មនុស្សលោក ។ ដោយខ្ញុំមិនមែនជាមនុស្សដែលគ្មានកំហុសទេ ខ្ញុំមិនសន្និដ្ឋានទៅស៊ើបអង្កេតកំហុសរបស់អ្នកដទៃឡើយ »។ មូលដ្ឋានស្តីពីការ « រីកលូតលាស់និងវិវឌ្ឍទៅមុខទៀត» – « ការអភិវឌ្ឍស្ថិតថេរគឺជាច្បាប់នៃជីវិត ។ នរណាដែលព្យាយាមប្រកាន់ខ្ជាប់នូវជំនឿសិទ្ធាន្តនិយមដាច់ណាត់ព្រោះចង់បង្ហាញខ្លួនថាជាអ្នកប្រាកដម៉ឺងម៉ាត់ អ្នកនោះគឺកំពុងតែរុញច្រានខ្លួនឯងឆ្ពោះទៅកាន់មូលដ្ឋានក្លែងបន្លំមួយ » « អ្នកអាចដាក់ច្រវាក់ខ្ញុំ អ្នកអាចធ្វើទុក្ខទោសខ្ញុំ អ្នកអាចទាំងបំផ្លាញរូបកាយខ្ញុំទៀតផង ប៉ុន្តែអ្នកនឹងមិនអាចដាក់គុកច្រវាក់ចិត្តគំនិតខ្ញុំបានឡើយ » ។
ខ្ញុំដកស្រង់ពាក្យពេជន៍ខាងលើនេះជាឧទាហរណ៍នៃគុណតម្លៃស្នូល core values ដែលខ្ញុំបានផ្តល់ជាយោបល់សូមឱ្យខ្មែរយើង (ព្រមទាំងលោកសម រង្ស៊ីផងដែរ) យកមកធ្វើជាគោលការណ៍ដើម្បីដឹកនាំយើងក្នុងដំណើរជីវិត ។
គោលដៅជួរវែង – បញ្ឈប់ប្រវត្តិបង្ហូរឈាម
លោក សម រង្ស៊ី បានមានប្រសាសន៍ថា «នៅទីបញ្ចប់ ( សុខចិត្តយឺតជាជាងអត់សោះ !) » លោកនិងលោកហ៊ុនសែន «បានដកយកមេរៀនមួយដូចគ្នាអំពីប្រវត្តិសាស្ត្រប្រទេសយើង ៖ ដោយហេតុតែអ្នកដឺកនាំយើងឈ្លោះគ្នានឺងប្រខាំគ្នាឥតឈប់ឈរនៅក្នុងប៉ុន្មានសតវត្សកន្លងទៅនេះ ដោយភាគីនិមួយៗបានសុំអន្តរាគមន៏ពីប្រទេសជិតខាងដើម្បីយកជ័យជំនះលើភាគីម្ខាងទៀត ឈាមខ្មែរសន្ធឺកសន្ធាប់បានត្រូវបង្ហូរនៅក្នុងសង្គ្រាមក្នុងស្រុក និង ក្នុងការសម្លាប់រង្គាល ។ ទំហំទឺកដីរបស់យើងបានត្រូវរួញទៅ ប្រទេសយើងក៏បានបាត់បង់ឯករាជ្យភាពនៅរៀងរាល់ពេលដែលមានអន្តរាគមន៏ម្តងៗពីបរទេស ។ ប្រសិនបើច្រវាក់ទាំងនេះនៅតែមានបន្តទៀត ប្រទេសកម្ពុជាមុខជានឺងអាចរលាយបាត់ជាប្រជាជាតិមួយ » ។
ក្នុងគោលបំណងឈោងចាប់គោលដៅជួរវែង លោក សម រង្ស៊ី បានសម្រេចឈោងចាប់គោលដៅជួរខ្លីមួយតាមរយៈ «វប្បធម៌សន្ទនា» – ដែលបានធ្វើឱ្យខ្មែរអ្នកប្រកាន់ជំហរនយោបាយដាច់ខាតផ្តន្ទាទោសលោកថាក្បត់គោលការណ៍ទៅចរចាជាមួយសត្រូវ ។ លោកបានពន្យល់ថាដោយហេតុការកែប្រែផ្លាស់ប្តូរពាក់ព័ន្ធនឺងការសន្ទនា លោកមិនឱ្យអត្ថប្រយោជន៍របស់គណបក្សសង្គ្រោះជាតិមានសារៈសំខាន់ជាងអត្ថប្រយោជន៍ប្រទេសជាតិទេ ។ «ពេលដែលខ្ញុំបានព្យាយាមបញ្ចប់វប្បធម៌ប្រឈមមុខដាក់គ្នា និងអំពើហឹង្សា ដែលបានកើតមានច្រើនសតវត្សមកហើយ ដោយយកវប្បធម៌ការសន្ទនាមកជំនួសវិញ ខ្ញុំមិនមែនគិតអំពីគណបក្សសង្គ្រោះជាតិទេ គឺខ្ញុំគិតអំពីប្រជាជាតិខ្មែរទាំងមូល ។ ការស្រមៃរបស់ខ្ញុំ គឺឃើញលទ្ធិប្រជាធិបតេយ្យមានភាពចាស់ទុំ ចាក់ឬសនៅក្នុងប្រទេសកម្ពុជា ដែលជាទីកន្លែងគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ទុកដាក់ប្រជាពលរដ្ឋខ្មែរណាម្នាក់ទៀតជា «សត្រូវ» ឡើយ ។ នៅពេលនោះ យើងអាចបញ្ចប់រង្វង់សាហាវនៃអំពើហឹង្សានឹងការសងសឺក ហើយយើងនឹងអាចផ្តោតការខិតខំរបស់យើង, ថាមពលរបស់យើង និង ធនធានរបស់យើងដើម្បីការអភិវឌ្ឍរបស់ប្រទេសយើង និង សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង» ។
«ស្មោះត្រង់នឹងខ្លួនឯង»
លោកសម រង្ស៊ី បានបន្យល់ថា «អ្វីដែលសំខាន់គឺត្រូវតែនៅស្មោះត្រង់នឹងខ្លួនឯង ។ នៅក្នុងកិច្ចប្រតិបត្តលើកកម្ពស់ការកែប្រែផ្លាស់ប្តូរផ្នត់គំនិតដែលទាក់ទិននឹងវប្បធម៌សន្ទនា ខ្ញុំដឹងថាខ្ញុំកំពុងធ្វើនយោបាយប្រថុយមួយ ព្រោះមានខ្លះមិនយល់ភ្លាមៗទេថាតើខ្ញុំចង់ទៅដល់ទីណា ហើយគេបានចោទប្រកាន់ខ្ញុំថាក្បត់ជាតិពីព្រោះខ្ញុំណែនាំឱ្យធ្វើការសន្ទនាជាមួយ «សត្រូវ »។ ក៏ប៉ុន្តែ ដរាបណាខ្ញុំនៅតែស្មោះត្រង់នឹងខ្លួនខ្ញុំ ដរាបណាខ្ញុំនៅតែបន្តការគោរពតម្លៃគុណសម្បត្តិដែលបានគាំទ្រការតស៊ូផ្នែកនយោបាយ របស់ខ្ញុំតាំងពី ២៥ ឆ្នាំមកហើយ ខ្ញុំមិនខ្លាចនឹងការបាត់បង់ , សម្រាប់ពេលភ្លាមៗនេះ , នូវការគាំទ្រមួយចំនួន និងសន្លឹកឆ្នោតមួយចំនួនឡើយ ។ សូមទុកឱ្យពេលវេលាបំពេញការងាររបស់វា, ទុកឱ្យពេលវេលាជួយមនុស្សបានយល់ដឹងនូវហេតុផលដែលរុញទឹកចិត្តខ្ញុំនិងគោលដៅដ៏ពិតប្រាកដរបស់ខ្ញុំ»។
ទស្សនៈអតីតប្រធានាធិបតេយ្យអាមេរិកាំងម្នាក់
លោក Theodore Roosevelt (១៨៥៨-១៩១៩) ប្រធានាធិបតីទី ២៦ ក្នុងចំណោមប្រធានាធិបតីល្បីល្បាញនៃសហរដ្ឋអាមេរិក ដែលមានវ័យក្មេងជាងប្រធានាធិបតីអាមេរិកាំងទាំងអស់ ហើយដែលមានមុខចម្លាក់យ៉ាងធំនៅលើភ្នំ Mount Rushmore នៅរដ្ឋ South Dakota ទន្តឹមនឹងមុខចម្លាក់របស់ប្រធានាធិបតី George Washington, Thomas Jefferson, និង Abraham Lincoln ដែលសុទ្ធតែជាបិតាសហរដ្ឋអាមេរិក បានទូន្មានមនុស្សលោកថា « ធនធានទាំងឡាយដែលយើងត្រូវការ គឺមាននៅក្នុងចិត្តគំនិតយើងទាំងអស់» ; « ចូរអ្នកក្រឡេកឱ្យខ្ពស់សម្លឺងមើលទៅផ្កាយ ប៉ុន្តែត្រូវទុកជើងទាំងពីរឱ្យរឹងមាំនៅលើដី » ; « ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយប្រើអ្វីដែលអ្នកមាន នៅទីកន្លែងដែលអ្នកនៅ » ; «វាពិបាកនឹងបរាជ័យណាស់ ប៉ុន្តែអាក្រក់ជាង [ បរាជ័យ ] ទៅទៀតគឺមិនទាំងហ៊ានសាកល្បងឈានទៅកាន់ជោគជ័យផង » ។
នៅថ្ងៃទី ២៣ មេសា ឆ្នាំ ១៩១០ លោក Roosevelt បានថ្លែងសុន្ទរកថា «ពលរដ្ឋនៅក្នុងសាធារណរដ្ឋ» នៅសកលវិទ្យាល័យ Sorbonne ប្រទេសបារាំង ។ ពាក្យពេជន៍ស្តីអំពី «បុគ្គលនៅលើឆាកប្រយុទ្ធ» ត្រូវបានពិភពលោកដកស្រង់ផ្សព្វផ្សាយ – ពាក្យពេជន៍ដែលអាចមានសារៈសំខាន់ដល់ខ្មែរយើង ដូចមានតទៅ៖
« មិនត្រូវរាប់បញ្ចូលឱ្យតម្លៃដល់អ្នករិះគន់ [ឬ] អ្នកដែល [អង្គុយពីចម្ងាយ] ចង្អុលត្រដាងថាមានបុគ្គលខ្លាំងខ្លាណាម្នាក់បានជំពប់ដួលយ៉ាងដូចម្តេចខ្លះ [ក្នុងការបំពេញភារៈកិច្ច] ឬ ថាមានសកម្មជនណាម្នាក់ត្រូវបំពេញភារៈកិច្ចយ៉ាងណាវិញដើម្បីអាចចាប់យកផលឱ្យបានប្រសើរជាងដែលបានទទួលទៅទៀត ។ តម្លៃត្រូវផ្តល់ដល់បុគ្គលដែលស្ថិតពិតៗនៅលើឆាកប្រយុទ្ធ, ដែលមានមុខមាត់ប្រឡាក់ដោយធូលី ញើស និងឈាម, ដែលបានខិតខំយ៉ាងអង់អាច, ដែលបានវង្វេងខុស ដែលឈានមិនដល់គោលម្តងហើយម្តងទៀត; ពីព្រោះថា គ្មានកិច្ចប្រឹងប្រែងណាដែលឥតមានការវង្វេងខុស និងការឈានមិនដល់គោលនោះទេ ។ គឺបុគ្គលដែលបានប្រឺងពិតៗក្នុងការបំពេញភារៈកិច្ច; ដែលបានដឹងស្គាល់នូវការរីករាយក្នុងការបំពេញភារៈកិច្ច និងបានដឹងស្គាល់នូវភក្ដីភាពដ៏អស្ចារ្យ; ដែលបានប្តូរខ្លួនធ្វើពលិកម្មបម្រើមូលហេតុសក្ដិសម; ដែលយ៉ាងល្អបំផុតគឺបានដឹងស្គាល់នូវជ័យជំនះក្នុងការសម្រេចផលធំល្អ, ឬ យ៉ាងអាក្រក់បំផុត បើបុគ្គលធ្លាក់ដួល យ៉ាងហោចណាស់ក៏បានធ្លាក់ដួលដោយហ៊ានពុះពារមុះមុត ដើម្បីទុកកុំឱ្យកន្លែងគាត់នៅភ្ជាប់ទាល់តែសោះជាមួយមនុស្សមានព្រលឹងត្រជាក់និងឃោរឃៅដែលមិនដែលស្គាល់នូវជ័យជំនះ ឬ បរាជ័យ » ។
. . . . . . . . . . .
អំពីអ្នកនិពន្ធ ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០–១៩៨៩) បានបង្រៀនវិទ្យាសាស្រ្តនយោបាយនៅពីសាកលវិទ្យាល័យកោះ Guam ចំនួន ១៣ ឆ្នាំ (ឆ្នាំ១៩៩១–២០០៤) ហើយបានចូលនិវត្តន៍នៅឆ្នាំ ២០០៤ ។ ។ លោកអាចទាក់ទងបានតាម រយ: សារអេឡិចត្រូនិច peangmeth@gmail.com