ដំណើរឆ្ពោះទៅថ្ងៃអង្សា
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨

អតីតមេបញ្ជាការខ្មែរក្រហមហ៊ុនសែនដែលបានរត់ចូលយួនហាណូយនៅឆ្នាំ១៩៧៧ បានខំធ្វើធម្មានុរូបកម្មឱ្យកងទ័ពរៀបរយយៀកណាមកុម្មុយនិស្តជាងមួយសែននាក់ឆ្លងព្រំដែនប្រទេសខ្មែរនៅខែធ្នូ១៩៧៨ ចូលកាន់កាប់រដ្ឋធានីភ្នំពេញនៅថ្ងៃទី៧មករា១៩៧៩ រួចត្រួតត្រាទឹកដីខ្មែរដោយចេញមុខចំនួន១០ឆ្នាំរហូតដល់ឆ្នាំ១៩៨៩ ។ ឈ្លក់ញៀននឹង អំណាចរដ្ឋ លោកបានតម្រូវឱ្យគេគោរពលោកជា «សម្តេចអគ្គមហាសេនាបតី​តេជោ» ហើយលោកបានប្រកាសថា ៣៩ឆ្នាំនៃអំណាចផ្តាច់ការ (១៩៧៩-២០១៨ ) មិនទាន់គ្រប់ គ្រាន់ទេ លោកនឹងបន្តកាន់អំណាចរដ្ឋប្រទេសកម្ពុជាយ៉ាងហោច១០ឆ្នាំទៅមុខទៀត ។ ពោលគឺអតីតខ្មែរក្រហមរូបនេះបានសំរេចរួចហើយថា លោកនិងគណបក្សប្រជាជនកាន់ អំណាចនឹងយកការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែកក្កដា ប្រាំខែខាងមុខនេះជា ឧបករណ៍នយោបាយនិងជាយុត្តិកម្មថាលោកបានឈ្នះឆ្នោតបន្តអំណាចទៅមុខទៀត ។

សេចក្ដីពិពណ៌នាយ៉ាងខ្លីខាងលើនេះគឺដើម្បីបង្ហាញនូវគន្លងផ្លូវនយោបាយនៅកម្ពុជានៅ ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំអាចចាប់ផ្តើមកំណត់អនាគតរបស់ខ្មែរប្រជាធិបតេយ្យដែលនៅ ជ្រួលច្របល់ខំអំពាវនាវដល់សហគមន៍អន្តរជាតិសុំជួយ «ពង្រស់» ន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ ដើម្បីឱ្យការបោះឆ្នោតនៅខែកក្កដាមានលក្ខណៈសេរីនិងយុត្តិធម៌ ។ ទោះបីមានរដ្ឋាភិបាលបរទេសខ្លះនិងសភាអឺរ៉ុបបានធ្វើការព្រមានដល់ «តេជោហ៊ុនសែន» ក៏គេអាចមើលឃើញដូចនៅលើគោកថា ព្រមានក៏ព្រមានទៅ តែកិច្ចការរដ្ឋរវាងរដ្ឋាភិបាល ដែលបានព្រមាននិងរដ្ឋាភិបាលខ្មែរផ្តាច់ការនៅតែបន្តជាប្រក្រតី ហាក់ដូចជាពាក្យស្លោក ខ្មែរចែងថា «កោកៗសឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី» ។

ទោះជាយ៉ាងនេះហើយក្តី ក៏ខ្មែរប្រជាធិបតេយ្យហាក់ដូចជាស្វែងរកសាមគ្គីភាពរវាងគ្នានិង រវាងក្រុមមិនទាន់ឃើញដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញមានអ៊ីម៉ែលបង្ហោះតាម អ៊ិនធឺណេតអំពាវនាវសុំខ្មែរនានាដែលប្រឆាំងដូចគ្នានឹងអំណាចផ្តាច់ការហ៊ុនសែនរួបរួម គ្នាឡើងជា «សាមគ្គីភាពពហុវចនៈ» បង្កើតជាសកម្មភាពរួម ដេញជនផ្តាច់ការឱ្យខ្ទាតចេញ ពីអំណាចសិន ។ ចាស់ទុំខ្មែរបានចងជាពាក្យស្លោករួចមកហើយអំពីឈើវៀច ឈើត្រង់ ឈើសាំរញ៉ាំ ដែលសុទ្ធតែមានប្រយោជន៍ ។ ម្ហូបសំរាប់គំនិតដែលខ្ញុំបានចងក្រងជូន ថ្លែងអំពីគំនិតរចនាឆ្នៃប្រឌិតជម្រុញព្រឹតិ្ដការណ៍ សកម្មភាព និងកាលៈទេសៈឱ្យវាហូរចូល គ្នាជាសន្ទុះចរន្តប្រដេញគ្នាទៅចូលចំណុចកំពូលមួយហើយហូរធ្លាយពន្លិចអំណាចផ្តាច់ការដែលកាន់ក្តោបដោយជនផ្តាច់ការដែលមានជើងជាដីឥដ្ឋអាចយកកូនញញួរឈើទៅដំក៏ វាបែកខ្ចាយបានដែរ ។

ជាអកុសល ខ្មែរប្រជាធិបតេយ្យនៅរកសាមគ្គីភាពមិនបាន ព្រោះបុគ្គលខ្មែរម្នាក់ៗនៅរស់ក្នុង ការបែកបាក់ជាមួយខ្លួនឯងនៅឡើយ ខ្វះសាមគ្គីភាពជាមួយខ្លួនឯង ព្រោះខ្វះគោលការណ៍ ណែនាំ ខ្វះឧត្តមគតិខ្ពង់ខ្ពស់ជាពន្លឺបង្ហាញផ្លូវ នៅច្របូកច្របល់នឹងអ្វីដែលជាប្រយោជន៍

ផ្ទាល់ខ្លួន តាំងពី «អាត្មាអញ» ដល់ «ក្រុមអញ» «មេអញ» ដែលបង្ហាញនូវកង្វះនៃការគិត និងការត្រិះរិះ ពិចារណាដើម្បីកំណត់អនាគតរបស់យើង — គ្រួសារយើង ក្រុមហ៊ុនយើង សហគមន៍យើង និងប្រទេសជាតិយើង ។ តាមការប្រៀនប្រដៅព្រះពុទ្ធ មនុស្សយើងជា ផលិតចេញពីគំនិតរបស់យើង ពិភពដែលយើងរស់នៅគឺជាពិភពដែលយើងបានបង្កើត ស្របទៅតាមការគិតរបស់យើង ។

សុខុមាលភាពសាធារណៈគឺជាសុខុមាលភាពសំរាប់មនុស្សទាំងអស់គ្នានៅក្នុងសង្គម ។ របបអំណាចផ្តាច់ការដែលចំរាញ់យកប្រយោជន៍ដើម្បីបំរើ «អាត្មាអញ» និង «បក្សពួកអញ» គឺមិនបានបំរើទេ តែវាបានបំផ្លាញសុខុមាលភាពសាធារណៈនោះទៅវិញ ។ បញ្ហាធំមួយ នៅពេលដែលសកម្មជនខ្មែរប្រជាធិបតេយ្យងើបឈរធ្វើសកម្មភាពបំរើ សុខុមាលភាព សាធារណៈដោយឈមមុខតទល់នឹងរបបគ្រប់គ្រងផ្តាច់ការ គេឃើញមាន ជម្ងឺខ្មែរ «ចាំបាយឆ្អឹន» កើតមានឡើង ។ គេសង្កេតឃើញមានខ្មែរខ្លះសុខចិត្តនៅឈរមើល

កិច្ចប្រឹងប្រែងរបស់សកម្មជនជាជាងលាត់ដៃអាវជួយមួយដៃមួយជើង ដូចជារត់រកអុស រកចន្លុះ រកទឹក ជួយបង្កាត់ភ្លើងដាំបាយ ដើម្បីជា ប្រយោជន៍សំរាប់មនុស្សទាំងអស់ ក្នុងសង្គម លុះពេលបាយឆ្អឹនទើបគេស្ទុះចូលរួមបាយដែរ ។ ជាការល្អដែរ បើនៅពេល សកម្មជននានាទាំងឡាយខំប្រឹងខ្នះខ្នែងហើយគេមិនយក ជើងទៅរាទឹក មិនរិះគន់ ដៀមដាមបន្ថែម តែមនុស្សឈរមើលហើយចាំតែត្រងយកប្រយោជន៍ជាមនុស្សមិនបាន ជួយបញ្ឈប់ទង្វើបង្ហិនបង្ហោចរបស់ជនផ្តាច់ការ ។ ជម្ងឺ «ចាំបាយឆ្អឹន» អាចប្រៀបទៅនឹង វិញ្ញតិ « free-riders » ឬ «អ្នកជិះឥតបង់កម្រៃ» គឺទុកឱ្យអ្នកដទៃគេបំពេញកិច្ចការទៅលុះបាន ដល់ត្រើយក៏ទៅចុះត្រើយនឹងគេទៅ ។

គេអាចមើលឃើញអ្នក «ចាំបាយឆ្អឹន» ឬ្ «អ្នកជិះឥតបង់កម្រៃ» នៅក្នុងសង្គមជាតិក៏ដូចជា នៅលើឆាកអន្តរជាតិដែលមានរដ្ឋាភិបាលនៃប្រទេសនិមួយៗដែលដឹងដែរថា អតីតខ្មែរ ក្រហមហ៊ុនសែននិងបនរបស់លោកបានជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅ កម្ពុជាព្រមទាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ដែលជាច្បាប់អន្តរជាតិ ក៏ប៉ុន្តែរដ្ឋាភិបាល និមួយៗនៅក្នុងសហគមន៍អន្តរជាតិគេឃើញមាននៅក្នុងផលប្រយោជន៍របស់គេទុកឱ្យ (និងសង្ឃឹមថា) រដ្ឋាភិបាលដទៃទៀតនឹងកម្រើកធ្វើអ្វីមួយឬធ្វើអ្វីពីរ ។ តែយើងបានដឹង ហើយថា រដ្ឋាភិបាលនានាគេធ្វើអន្តរាគមនៅពេលណាទង្វើរបស់គេបំរើផលប្រយោជន៍ ជាតិគេ ។ នៅក្នុងឆាកនយោបាយ ខណៈពេលណាផលប្រយាជន៍ជាតិរបស់គេប៉ះទង្គិចនឹង បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ផលប្រយោជន៍ជាតិរបស់គេតែងតែឈ្នះជាដរាប ។ ឯណាមួយ ខ្មែរប្រជាធិបតេយ្យរញ៉ីរញ៉ៃដូចក្តាមក្នុងចង្អេរ ឯណាមួយទៀតបក្សខ្មែរជំទាស់មិនទាន់បាន ទទួលនូវទំនុកទុកចិត្តពីរដ្ឋាភិបាលនានានៅឡើយ ។ យ៉ាងនេះយើងមិនត្រូវឆ្ងល់ទេ បើ បរទេសគេនិយាយថា កិច្ចការងារធ្វើឡើងជាមួយបិសាចដែលគេបានស្គាល់វាប្រសើរជាង ជាមួយបិសាចដែលគេមិនស្គាល់ ។

មេចលនាតស៊ូសិទ្ធិមនុស្សជាតិអាមេរិកាំងស្បែកខ្មៅឈ្មោះ លោក ម៉ារ៍ទិន លូធើរ៍ ឃិង (Martin Luther King, Jr. ១៩២៩-១៩៦៨ ) បាននិយាយថា «យើងកម្ររកឃើញមាន មនុស្សដែលមានចិត្តស្មោះស្ម័គ្រគិតគូរអំពីបញ្ហាដ៏ពិបាកនិងមានជម្រៅ ។ វាហាក់ដូចជានៅ ពាសពេញពិភពលោកមានតែមនុស្សដែលឆ្វាត់ឆ្វែងស្វែងរកចម្លើយដែលងាយស្រួល និងរកដំណោះស្រាយដែលឆ្អឹនពាក់កណ្តាល ។ គ្មានអ្វីធ្វើឱ្យមនុស្សខ្លះមានការលំបាក ច្រើនជាងតម្រូវឱ្យធ្វើការគិតគូរឡើយ » ។ លោកបានបន្ថែមទៀតថា  «មុខងារនៃការអប់រំ គឺបង្រៀនមនុស្សឱ្យចេះគិតយ៉ាងស៊ីជម្រៅនិងយ៉ាងពិចារណា ។ គោលដៅពិតនៃការអប់រំ គឺបណ្តុះឱ្យមនុស្សមានបញ្ញាវៃឆ្លាតរួមនឹងចរិតចរិយាល្អប្រសើរ» ។

ដោយហេតុថា «ការគិតយ៉ាងស៊ីជម្រៅនិងយ៉ាងពិចារណា» វាតម្រូវឱ្យប្រើខួរក្បាលធ្វើ សកម្មភាពប្រើគំនិតជាច្រើនផ្នែក ដំណោះស្រាយងាយស្រួលបំផុតសំរាប់ខ្មែរ យើងគឺបន្ត ទម្លាប់ប្រើ «គំនិតបន្តពូជ» reproductive thinking បដិសេធជាស្វ័យប្រវត្តនូវការទទួលខុស ត្រូវហើយចង្អុលដាក់និងបន្ទោសអ្នកដទៃថាជាបុព្វហេតុនៃបញ្ហាផងទាំងឡាយនោះ ។ ប៉ុន្តែព្រះពុទ្ធបានប្រដៅរួចមកហើយថា គឺបុគ្គលយើងនេះឯងដែលជាអ្នកទទួលខុសត្រូវ លើអ្វីៗទាំងអស់ដែលកើតមានឡើង ហើយគ្មាននរណាមកជួយយើងក្រៅពីយើងត្រូវជួយ ខ្លួនយើងទេ ។ អ្វីដែលយើងត្រូវការគឺបណ្តុះបណ្តាល «គំនិតបង្កើតផលិត» productive thinking ស្រមើលស្រម៉ៃរចនាឆ្នៃប្រឌិត ។

លោក ហ្ចរ៍ច បឿរ៍ណាដ ហ្សយ៍ (George Bernard Shaw)
អ្នកនិពន្ធនិងជាអ្នករិះគន់ជាតិអៀរឡង់ (១៨៥៦-១៩៥០)
«លទ្ធភាពមានច្រើនណាស់នៅពេលយើងសំរេចចិត្តធ្វើសកម្មភាពជាជាងធ្វើប្រតិកម្ម» ។

 

ពាក្យសំដីរបស់បិតាស្ថាបនិកសហភាពអឺរ៉ុបម្នាក់ដែលមានសញ្ជាតិបារាំងឈ្មោះហ្សង់ម៉ុណ្ណេ (Jean Monnet ១៨៨៨-១៩៧៩ ) ដែលខ្ញុំបានលើកមករំឮកមិនឈប់បានអះអាងថា មនុស្សលោកអាចបង្កើតអ្វីឱ្យមានបាន បើចង់ឱ្យនៅមានបានគង់វង្សយូរអង្វែងត្រូវតែមាន «ស្ថាប័ន»ដែលមានអាយុជីវិតយូរអង្វែងជាច្រើនតំណមនុស្សលោក ។ «ស្ថាប័ន» ត្រូវមានបុគ្គលមនុស្សធ្វើការរួមគ្នា នៅក្រោមច្បាប់ទម្លាប់ដែលបុគ្គលមនុស្សបានបង្កើត ដើម្បីឈោងចាប់គោលដៅរួមរបស់គេឱ្យបាន ។ ទស្សនៈរបស់លោក ហ្សង់ម៉ុណ្ណេ គ្មានអ្វីផ្លែកពីការប្រៀនប្រដៅរបស់ព្រះពុទ្ធឡើយ ។

ឆ្នាំ២០១៨ជាឆ្នាំដែលផ្តល់ផលវិបាកធ្ងន់ធ្ងរមួយដល់ប្រទេសខ្មែរ ជាពិសេសដល់ខ្មែរប្រជា ធិបតេយ្យ ។ តែ២០១៨ក៏ជាឆ្នាំដែលផ្តើមដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សារបស់លោកហ៊ុនសែន ដែរ ។ សកម្មជនតស៊ូមតិប្រជាធិបតេយ្យត្រូវបង្កើតជំនឿយ៉ាងមាំដូចថ្មដាថា ១. ខ្លួនអ្នកជា ភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលចង់ឃើញ ២. របបផ្តាច់ការអាចត្រូវគាស់រំលំបាន ។

 អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋ អាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារ អេឡិចត្រូណិច (e-mail) peangmeth@gmail.com