«ដប់ប្រាំបួន-ប៉ែតសិបបួន»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨

                           លោក មហាត្មះ គន្ធី
មេដឹកនាំនយោបាយឥណ្ឌា ១៨៦៩-១៩៤៨

«អ្នកអាចដាក់ច្រវាក់ខ្ញុំ អ្នកអាចធ្វើទារុណកម្មខ្ញុំ
អ្នកអាចទាំងបំផ្លាញរូបកាយខ្ញុំទៀត
ក៏ប៉ុន្តែអ្នកនៅតែមិនអាចដាក់គុកខួរក្បាលខ្ញុំបានឡើយ» ។

សៀវភៅជាភាសាខ្មែរក្រោមចំណងជើងថា «ស្ថានការណ៍នយោបាយនៅកម្ពុជា “ការពង្រឹងនីតិរដ្ឋនិងដំណើរការលិទ្ធិប្រជាធិបតេយ្យ” » និងឯកសារជាភាសាអង់គ្លេស «CAMBODIA Stability and Development First» ដែលរបបគ្រប់គ្រងភ្នំពេញបានចេញ ផ្សាយនៅក្នុងខែកុម្ភៈនេះ បានទាញអារម្មណ៍របស់ខ្ញុំឆ្ពោះទៅប្រលោមលោក Nineteen Eighty-Four ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលបាននិពន្ធឡើងដោយអ្នករិះគន់ជាតិ អង់គ្លេសម្នាក់ឈ្មោះលោក ហ្ចរ៍ច អ័រវែល George Orwell (១៩០៣-១៩៥០) ដែលមាន ឈ្មោះដើមជា អេរិក អាធ័រ ប្លែរ Eric Arthur Blair ។ លោកកើតនៅរដ្ឋបឹងហ្គាល់ ប្រទេស ឥណ្ឌានៅក្នុងសម័យចក្រភពអង់គ្លេសជាអាណានិគមក្នុងគ្រាដែលឪពុករបស់លោកនៅធ្វើជាមន្ត្រីថ្នាក់ទាបម្នាក់នៃសេវាកម្មស៊ីវិលអង់គ្លេស ។  ឪពុកម្តាយរបស់កុមារ អេរិក ជាអ្នកមិន សូវមានទ្រព្យសម្បត្តិទេ តែ អេរិក មានសំណាងបានទៅរៀននៅសាកលវិទ្យាល័យ អ៊ីតុន Eton នៅប្រទេសអង់គ្លេស ។ ពោលគឺនៅស្ថាប័នសិក្សានោះហើយដែល អេរិក អាធ័រ ប្លែរ បានក្រេបជញ្ជក់ឧត្តមគតិនិងគោលការណ៍សេរីនិយមនិងសង្គមនិយមដែលបានបង្កើត ជាទស្សនៈនយោបាយរបស់ហ្ចរ៍ច អ័រវែល ។

នៅឆ្នាំ ១៩២២ ហ្ចរ៍ច អ័រវែល បានធ្វើការជានគរបាលអធិរាជឥណ្ឌានៅប្រទេសភូមា តែបានលាលែងឈប់ពីតំណែងប្រាំឆ្នាំក្រោយមកព្រោះលោកមិនចូលចិត្តនឹងចក្រពត្តិ និយមអង់គ្លេស ។ នៅឆ្នាំ១៩៣៦ លោកបានទៅប្រទេសអេស្ប៉ាញ ហើយលោកមើលឃើញ ថាជាប្រទេសសង្គមនិយមពិតប្រាកដមែន ។ លោកក៏ចូលរួមក្នុងការតស៊ូប្រឆាំងនឹង គណៈបក្សហ្វាស៊ីស តែនៅមិនបានយូរ លោកក៏រត់ចេញដោយសារមានការចោទប្រកាន់ថា ពួកអ្នកតស៊ូគឺជាពួកបំរើហ្វាស៊ីសទៅវិញ ។ ក្នុងឆ្នាំ ១៩៤១ លោកបានចូលធ្វើការនៅសាជីវ កម្មផ្សាយរបស់អង់គ្លេសមួយឈ្មោះ British Broadcasting Company តែដោយមិនសប្បាយ ចិត្តនឹងកិច្ចការដែលគេតម្រូវឱ្យលោកធ្វើការផ្សព្វផ្សាយឃោសនាទៅកាន់អាណានិគម អង់គ្លេស លោកក៏លាឈប់ពីតំណែងពីរឆ្នាំក្រោយមក ។ នៅក្នុងសង្គ្រាមលោកលោកទី២ (១៩៣៩-១៩៤៥ ) អ័រវែល បានគាំទ្រលោក វិនស្តុន ឆឺជឈៀល នៅក្នុងសង្គ្រាមប្រឆាំង ហ៊ីតត្លែរ ហើយបានសុំចូលបំរើក្នុងជួរកងទ័ព តែគេមិនទទួលគាត់ដោយសារសុខភាព របស់គាត់មិនគ្រប់គ្រាន់ ។

លោក ហ្ចរ៍ច អ័រវែល ត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រឆាំងនឹងរបបផ្តាច់ការ អ្នកគាំទ្រ យ៉ាងម៉ឺងម៉ាត់នូវលទ្ធិសង្គមនិយមប្រជាធិបតេយ្យ អ្នកយល់ដឹងច្បាស់អំពីភាពអយុត្តិធម៌ក្នុង សង្គម និងជាអ្នកសរសេរអក្សរសាស្ត្ររិះគន់បែបកំណាព្យ រឿងប្រឌិត និងសង្គ្រាមប៉ាកកា ។

លោកត្រូវបានគេទទួលស្គាល់យ៉ាងល្បីល្បាញក្នុងលោកដោយសារលោកបាននិពន្ធរូបាទិដ្ឋាន ឬសេចក្ដីអធិប្បាយដោយប្រៀបធៀប allegory ប្រលោមលោកមួយក្រោមចំណងជើង ថា «កសិដ្ឋានសត្វលោក» Animal Farm ដែលជារឿងប្រលោមលោកឆ្នៃប្រឌិតឆ្លុះបញ្ចាំង អំពីព្រឹត្តិការណ៍ដែលនាំទៅដល់មានការបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ហើយដែលកែប្រែសហ ភាពសូវៀតពីសង្គមកសិករទៅជាអំណាចឧស្សាហកម្មនិងយោធានៅក្រោមការដឹកនាំលោកស្តាលីន មេដឹកនាំផ្តាច់ការដែលប្រើភេរវកម្មក្នុងការគ្រប់គ្រងអំណាចដែលបណ្តាលឱ្យ ពលរដ្ឋរាប់លាននាក់ស្លាប់ ។ លោក អ័រវែល បានជឿជាក់ថា សហភាពភាពសូវៀតបាន ក្លាយទៅជារបបផ្តាច់ការដ៏សាហាវឃោរឃៅក៏មកពីការកសាងការគោរពបុគ្គលភាព cult of personality និងអំពើភេរវកម្មនានាក្នុងការគ្រប់គ្រង ។ លោកបានសារភាពថា ប្រលោម លោក «កសិដ្ឋានសត្វលោក» ជារឿងទិទានដៀលត្មះដល់មេផ្តាច់ការ ស្តាលីន ដែលលោក ប្រឆាំង — អាកប្បកិរិយាបែបនេះបានដុះចេញពីបទពិសោធន៍របស់លោកក្នុងអំឡុង សង្គ្រាមស៊ីវិលនៅប្រទេសអេស្ប៉ាញ ។ គេបានបោះពុម្ពផ្សាយ «កសិដ្ឋានសត្វលោក» ក្នុងឆ្នាំ១៩៤៥ ហើយប្រលោមលោកដដែលនេះត្រូវបានសរសេរចងក្រងឡើងនៅចន្លោះ ឆ្នាំ១៩៤៣និង១៩៤៤ នៅពេលចក្រភពអង់គ្លេសស្ថិតនៅក្នុងសម្ព័ន្ធភាពសម័យសង្គ្រាម ជាមួយសហភាពសូវៀត ហើយប្រជារាស្ត្រនិងបញ្ញវន្តអង់គ្លេសទទួលស្គាល់លោកស្តាលីន ក្នុងភាពថ្លៃថ្នូរដែលលោកអ័រវែលស្អប់ខ្ពើមជាទីបំផុត ។

សៀវភៅប្រលោមលោកមួយទៀតឈ្មោះថា «Nineteen Eighty-Four » ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលគេនិយមហៅជាលេខ 1984 ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៤៩ ហើយសព្វថ្ងៃនេះបាននៅជាប់លេខរៀងជាសៀវភៅដែលលក់ដាច់ជាងគេនៅក្នុងពិភព លោក ។

ប្រធានរឿងផងទាំងឡាយដែលលោក អ័រវែល បានលើកមកសរសេរជាង៧០ឆ្នាំមកហើយ (ព្រមទាំងការព្រួយបារម្ភរបស់លោកអំពីអនាគតរបស់ពិភពលោក ) ត្រូវបានគេមើលឃើញ ថាវាបានកើតមានដូចលោកថាមែនហើយវានៅតែមានជាបន្តរហូតដល់បច្ចុប្បន្នកាលនេះ ។

លោក អ័រវែល បានថ្លែងថា នៅក្នុងការសរសេររបស់លោក លោក «ស្វែងរកការពិត» ។ គេបានសង្កេតឃើញថា ចាប់តាំងពី អ័រវែល ចាប់ផ្តើមសរសេរនៅអាយុ ២៤ ឆ្នាំមក លោក តែងតែប្រាថ្នាសរសេរបង្ហាញការពិតនៃការតស៊ូរបស់មនុស្ស ហើយលោកស្វែងរកអត្ថរស ក្នុងចំណោមមនុស្សដែលមានសំណាងតិចតួច ដើម្បីសរសេររឿងរ៉ាវទាំងឡាយរបស់គេ ។ លោក អ័រវែល បានអះអាងថា លោកសរសេរពីព្រោះវាមានការភូតកុហកច្រើនណាស់ដែល លោកត្រូវតែបង្ហាញការពិត ។ គេបានសង្កេតឃើញក្នុងប្រលោមលោក 1984 ពោរពេញ ទៅដោយគោលបំណងនយោបាយ អត្ថន័យ និងការស្តីព្រមាន ។ គេបានសង្កេតឃើញថា សូម្បីតែនៅក្នុងការសរសេរប្រឌិតរបស់លោក ក៏លោកបានបញ្ចេញធាតុពិតនៃពិភពនៅជុំ វិញខ្លួនលោកអំពីសង្គ្រាមនិងការតស៊ូដែលលោកបានឃើញផ្ទាល់ភ្នែក អំពីធម្មជាតិនយោ បាយគួរឱ្យភ័យខ្លាច និងអំពីភាពគួរឱ្យស្ញែងខ្លាចនៃរបបផ្តាច់ការដែលជិះជាន់ញាំញីលើ ស្មារតីរបស់មនុស្សលោក ។

ប្រលោមលោក 1984 ជារឿងប្រឌិតអំពីកន្លែង dystopia (កន្លែងដែលខ្វះសីលធម៌និងពោរ ពេញទៅដោយការប្រើអំណាចផ្តាច់ការកៀបសង្កត់ ) មួយនៅតំបន់ អូសេអានី នៅក្នុងអតីត ចក្រភពអង់គ្លេស ។ នៅកន្លែងនោះ ពលរដ្ឋរស់នៅជាជនរងគ្រោះនៃសង្គ្រាមអចិន្ត្រៃយ៍ នៅក្រោមការឃ្លាំមើលរបស់របបគ្រប់គ្រងនៅគ្រប់ទីកន្លែង និងជាកន្លែងពោរពេញទៅ ដោយការអនុវត្តន៍ឧបាយកលបោកបញ្ឆោតសាធារណៈ ។ នៅតំបន់ អូសេអានី មានតែ «គណៈបក្សក្នុង» ទេដែលមានឯកសិទ្ធិ ហើយមាន «ប៉ូលីសគតិ» ដែលមានភារៈដាក់ទោស មនុស្សពីបទ «បុគ្គលនិយម» និង «គំនិតឯករាជ្យ» មិនចុះសម្រុង ដែលរបបចាត់ទុកថាជា «បទឧក្រិដ្ឋគតិ» ។

ការកៀបសង្កត់នេះត្រូវបានគ្រប់គ្រងឡើងដោយអ្នកដឹកនាំដ៏អាថ៌កំបាំងនិងដ៏ខ្លាំងក្លាម្នាក់ ដែលគេហៅថា «បងធំ» Big Brother ។ នៅអូសេអានី គណៈបក្សចាប់អារម្មណ៍តែទៅ លើអំណាចរបស់បក្ស និង «ស្វែងរកអំណាចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុង» ។

តួឯកនៃប្រលោមលោក 1984  គឺលោក វីនស្តុន ស្ម៊ីសត៍ Winston Smith ដែលនៅក្រៅសៃ វៀនគណៈបក្ស តែជាបុគ្គលម្នាក់ធ្វើការឱ្យ «ក្រសួងសច្ចៈ» Ministry of Truth (Minitrue) នៃរបបគ្រប់គ្រង ទទួលខុសត្រូវក្នុងការឃោសនានិងការកែប្រែប្រវត្តិសាស្ត្រជាថ្មីឡើងវិញ ។ មុខងាររបស់ ស្ម៊ីសត៍ គឺសរសេរឡើងជាថ្មីវិញនូវអត្ថបទចាស់ៗដែលមានបានផ្សាយនៅក្នុង កាសែត ដើម្បីកែប្រែកំណត់ត្រាប្រវត្តិសាស្ត្រឱ្យគាំទ្ររបៀបវារៈនិងនយោបាយរបស់ គណៈបក្សក្នុងជាដរាប ។ របបគ្រប់គ្រងបានប្រាប់បុគ្គលិកធ្វើការទាំងអស់ថា ខ្លួនកំពុង បំពេញភារៈកិច្ចសំខាន់ណាស់ កែតម្រូវកំណត់ដែលបានចុះផ្សាយឥតត្រឹមត្រូវ តែតាម ការពិតបុគ្គលិកទាំងនោះកំពុងតែសរសេរព័ត៌មានក្លែងក្លាយជំនួសករណីពិត ហើយក្រសួង Minitrue បានបំផ្លាញចោលនូវការងារកែសម្រួលពីមុនផងទៀតដើម្បីបំបាត់ភស្តុតាងនៃ ការជ្រៀតជ្រែករបស់រដ្ឋាភិបាល ។

លោក វីនស្តុន ស្ម៊ីសត៍ ជាមនុស្សឧស្សាហ៍ហើយធ្វើការងារពូកែទៀត ។ ស្ម៊ីសត៍ ដែលបាន ឃើញអំពើកខ្វក់របស់បក្សក៏ចាប់ផ្តើមលួចស្អប់បក្ស ព្រមទាំងលួចស្រមៃគិតគូររកផ្លូវធ្វើការ ប្រឆាំងនឹង «បងធំ» ។ ស្ម៊ីសត៍ បានមើលឃើញភារៈកិច្ច «ក្រសួងសច្ចៈ» គឺ «ត្រួតពិនិត្យ ការពិត» reality control ។ ស្ម៊ីសត៍ លេបមិនចូលសោះនូវបញ្ជាពីបក្សឱ្យពលរដ្ឋបដិសេធ ទោះបើជាបានមើលឃើញនឹងភ្នែកឬស្តាប់ឮនឹងត្រចៀកនូវភាពមិនល្អរបស់បក្សក៏ដោយ ពីព្រោះ «បងធំ» មានវត្តមាននៅគ្រប់ទីកន្លែង ហើយគណៈបក្សមិនចេះភាន់ច្រឡំទេ ។ ស្ម៊ីសត៍ប្រកាន់ជំនឿថា មាន «ការពិត» នៅក្នុងលោកនេះ គឺថា ដុំថ្មវារឹង ភ្លៀងវាទទឹក ហើយ សេរីភាពមានន័យថា លោកអាចនិយាយបានដោយសេរីថា ២+២=៤ ទោះបីបក្សតម្រូវឱ្យថា ២+២=៥ ក៏ដោយ ។

ស្ម៊ីសត៍ ក៏ចាប់ផ្តើមធ្វើសកម្មភាពលួចប្រឆាំង ចាប់ពីរក្សាទំនាក់ទំនងផ្លូវភេទ សិចស៊ុយអែល ជាមួយនាង ជូលីយ៉ា ដែលធ្វើការនៅនាយកដ្ឋានប្រឌិតរឿងរបស់ក្រសួងសច្ចៈ ។ អ្នកទាំងពីរ នាក់ជួលបន្ទប់សំណាក់មួយពីលោក ឆារិនតុន ជាម្ចាស់ហាង ។

នៅថ្ងៃមួយ ស្ម៊ីសត៍ បានទទួលសៀវភៅមួយក្បាលពីសមាជិកម្នាក់នៃគណៈបក្សក្នុង ឈ្មោះ អូប្រាយ័ន ដែលបានបង្កប់ខ្លួននៅក្នុងក្រុមខ្វែងមតិ ។ អូប្រាយ័ន បានបញ្ជាក់ប្រាប់ ស្ម៊ីសត៍ យ៉ាងលំអិតអំពីភាពកខ្វក់របស់គណៈបក្សក្នុង ល្មមឱ្យស្ម៊ីសត៍ទុកចិត្តអូប្រាយ័នទាំងស្រុង រហូតដល់ថ្ងៃដែលអូប្រាយ័នចេញមុខចាប់ខ្លួន ស្ម៊ីសត៍ និង នាង ជូលីយ៉ា យកទៅដាក់គុក ។ ក្រោយមក ស្ម៊ីសត៍ បានដឹងថា អូប្រាយ័ន និង ឆារិនតុន ជាភ្នាក់ងារ «ប៉ូលិសគតិ» ដែលផ្តន្ទា ទោសអ្នកប្រព្រឹត្ត   «បទឧក្រិដ្ឋគតិ » ។

ស្ម៊ីសត៍ ត្រូវបានទទួលទារុណកម្មជាច្រើនប្រភេទ មានការឃុំឃាំងនៅក្នុងបន្ទប់មួយហៅថា បន្ទប់១០១ ដែលបានធ្វើឱ្យគាត់ភ័យរន្ធត់ព្រោះគាត់ភ័យខ្លាចសត្វកណ្តុរនៅក្នុងបន្ទប់នោះ ។ ស្ម៊ីសត៍ ត្រូវបានគេបង្ខំឱ្យសារភាពទទួលកំហុសផងទាំងឡាយ ។ នៅក្នុងពេលឃុំឃាំងនោះ គេបានប្រើវិធីលាងសំអាតខួរក្បាល ស្ម៊ីសត៍ ។

យូរក្រោយមក ស្ម៊ីសត៍ និង នាង ជូលីយ៉ា ត្រូវបានគេដោះលែងពីគុកឃុំឃាំងរបស់ «ក្រសួងស្នេហា» Ministry of Love (Miniluv) ឱ្យត្រឡប់ទៅរស់នៅក្នុងសង្គមវិញ។ នៅពេល អ្នកទាំងពីរបានជួបគ្នាឡើងវិញ នាង ជូលីយ៉ា បានប្រាប់ ស្ម៊ីសត៍ ថា នាងក៏ត្រូវបានទទួល ទារុណកម្មផ្សេងៗដែរ ។

អ្នកនិពន្ធប្រលោមលោក លោក ហ្ចរ៍ច អ័រវែល បានបញ្ចប់រឿងរ៉ាវលោក វិនស្តុន ស្ម៊ីសត៍ ដោយបង្ហាញ ស្ម៊ីសត៍ កំពុងអង្គុយមើលការបង្ហាញអំពី «បច្ចុប្បន្នភាពយោធា» ដែលបាន បញ្ចាំងនៅលើកញ្ចក់អេឡិចត្រូណិច តេលេស្គ្រីន ហើយ ស្ម៊ីសត៍ ហាក់ដូចជាមានអារម្មណ៍ លួចសរសើរ «បងធំ » ដែរ — ដែលអាចជាលទ្ធផលនៃទារុណកម្មនិងការលាងសំអាតខួរ ។

រឿងប្រលោមលោក «Nineteen Eighty-Four» ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន» ស្តី អំពីជីវិត

ស្ថិតនៅក្រោមអំណាចផ្តាច់ការត្រូវបានសាកលវិទ្យាល័យអាមេរិកាំងនានាតម្រូវឱ្យនិសិ្សត ថ្នាក់ទីមួយអានក្នុងកម្មវិធីសិក្សា ។ ទាំងនៅក្នុងនិងទាំងនៅក្រៅថ្នាក់រៀន យើងអាចសង្កេត ឃើញមានការប្រើគុណនាម Orwellian នៅពេលនិយាយអំពីឥរិយាបថនិងគោល នយោបាយដែលគ្រប់គ្រងដោយការប្រើភាសាថ្មី ការឃោសនា ការលួចឃ្លាំមើល ការផ្តល់ព័ត៌មានបោកបញ្ឆាត ការបដិសេធការពិត ការកែប្រែប្រវត្តិសាស្ត្រ ការគ្រប់គ្រង គំនិតនិងបញ្ចុះបញ្ចូលគំនិតថ្មី ការអនុវត្តន៍អំណាចផ្តាច់ការ ។ ពាក្យគន្លឹះនិងគំនិតជាច្រើន ចេញពីប្រលោមលោក 1984 ត្រូវបានគេយកមកប្រើនៅសព្វថ្ងៃនេះ ដូចជាពាក្យ «បងធំ» (Big Brother)  «គំនិតទ្វេរដង» (doublethink — ស្អប់ខ្ពើមរបបនៅក្នុងគំនិត តែគោរពកោត ខ្លាចជាសាធារណៈ) «បទឧក្រិដ្ឋគតិ» (thoughtcrime) «ប៉ូលីសគតិ» (thought police) ។ល។ និង ។ល។

ប្រធានរឿងផងទាំងឡាយដែលលោក អ័រវែល បានសរសេរជាង៧០ឆ្នាំមកហើយ (ព្រមទាំងការព្រួយបារម្ភរបស់លោកចំពោះអនាគតពិភពលោកដែលលោកបានគិតថានឹងមិនអាចគេចផុតពីឆ្នាំ១៩៨៤កន្លងទៅនេះ ) ត្រូវបានគេសង្កតឃើញថា វាបានកើតមាន ដូចលោកបានទស្សន៍ទាយមែន តែវានៅបន្តមានរហូតបច្ចុប្បន្នកាល ហើយមិនមែនត្រឹមតែ នៅក្នុងតំបន់ អូសេអានី ក្នុងរឿងលោក អ័រវែល បានប្រឌិតនោះទេ តែនៅជុំវិញពិភពលោក យើងសព្វថ្ងៃនេះ ។ អ្នកតស៊ូមតិនៅស្ទើរគ្រប់ប្រទេសបានយកប្រលោមលោក 1984 មកអាន ដោយមានការស្ញប់ស្ញែងនឹងសមត្ថភាពមើលឃើញវែងឆ្ងាយរបស់ លោក អ័រវែល ។

គួរកត់សំគាល់ដែរថា បន្ទាប់ពីលោក ដូណាល់ ត្រមព៍ (កើតនៅឆ្នាំ១៩៤៦ នៅទីក្រុង ញ៉ូយ៉រ៍ក ) បានជាប់ឆ្នោតផ្នែក electoral college ឡើងជាប្រធានាធិបតីអាមេរិកាំងទី ៤៥ នៅឆ្នាំ ២០១៧ មក ប្រលោមលោក 1984 ត្រូវបានលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ។

ក្រុមខ្មែរអ្នកតស៊ូមតិខាងវិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគួរគប្បីយកប្រលោម លោក «Nineteen Eighty-Four » ឬ 1984 មកអាននិងធ្វើការសញ្ជឹងគិតផងដែរ ។

លោក ម៉ារ៍ទិន លូធើរ៍ ឃីង Martin Luther King, Jr.
មេដឹកនាំចលនាតស៊ូសិទ្ធិមនុស្សជាតិអាមេរិកាំង (១៩២៩-១៩៦៨)
«ការកែប្រែផ្លាស់ប្តូរមិនមែនចៀសមិនផុតហើយរមៀលចូលដូចតាមកង់រទេះនោះទេ

គឺវាកើតចេញមកពីការតស៊ូដែលឥតឈប់ឈរ ។
ដូច្នេះចូរយើងពង្រឹងឆ្អឹងខ្នងយើងឱ្យបានត្រង់ឡើង

ហើយធ្វើសកម្មភាពដើម្បីសេរីភាពរបស់យើង ។

គ្មានជនណាម្នាក់អាចជិះលើខ្នងយើងបានទេលុះត្រាណាតែខ្នងយើងវាពត់កោង » ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំនៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com