ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨

ជាធម្មតានៅឱកាសចូលឆ្នាំថ្មីមនុស្សម្នាទម្លាប់ខ្លួនធ្វើសេចក្តីសម្រេចចិត្តមួយថា នៅក្នុង អំឡុងពេលឆ្នាំថ្មីដែលមាន៣៦៥ថ្ងៃខាងមុខ គេនឹងប៉ងចាប់យកឱ្យបាននូវអ្វីមួយដែលរបូត ចេញផុតពីដៃរបស់គេនៅក្នុងអំឡុងឆ្នាំដែលទើបកន្លងផុតទៅ ។ វាជាទំនៀមទម្លាប់របស់មនុស្សសម្រេចសន្យាចិត្តនៅរាល់ពេលដាច់ឆ្នាំចាស់និងចូលឆ្នាំថ្មី — ទំរាំដល់ឆ្នាំថ្មីមួយទៀតទើបគេសន្យាចិត្តជាថ្មីម្ដងទៀត ។ ខ្ញុំធ្លាប់រំឮកសំណេរចែងដោយទស្សនវិទូម្នាក់ថា«ថ្ងៃនេះគឺជាអនាគតនៃថ្ងៃម្សិលមិញ»។

ថ្ងៃម្សិលមិញបានវិលផុតទៅហើយ អ្វីៗទាំងល្អទាំងអាក្រក់ដែលបានកើតមានឡើងក៏វាបាន លិចចុះផុតដូចព្រះអាទិត្យដែលលិចចុះបញ្ចប់ថ្ងៃម្សិលដែរ ។ ថ្ងៃនេះជាថ្ងៃថ្មីដែលយើងត្រូវ បានទទួលផលល្អឬអាក្រក់ពីថ្ងៃម្សិល ។ ថ្ងៃស្អែកជាអនាគតដែលមិនទាន់បានកើតមាននៅ ឡើយទេ ។ ព្រះគោតមពុទ្ធ (៥៦៣មុនគ.ស.-៤៨៣មុនគ.ស.)បានប្រដៅមនុស្សលោកជាង

២៥០០ ឆ្នាំមកហើយថា «អ្វីដែលយើងធ្វើនៅថ្ងៃនេះវាសំខាន់បំផុតសំរាប់អនាគតថ្ងៃស្អែក របស់យើង»។ ព្រះអង្គបានបង្រៀនមនុស្ស «កុំរស់នៅក្នុងអតីតកាល — ដែលចប់សព្វគ្រប់ ទៅហើយមិនអាចកែវិញបានទេ — កុំសុបិនពេលអនាគត — ដែលមិនទាន់បានមកដល់នៅ ឡើយ — ត្រូវផ្តោតលើគ្រាបច្ចុប្បន្នវិញ»ព្រោះថាអ្វីៗដែលត្រូវធ្វើឬមិនធ្វើនៅថ្ងៃនេះឯងដែល

កំណត់អនាគតរបស់យើងនៅថ្ងៃស្អែកហើយនឹង«គ្មាននរណាម្នាក់អាចនឹងជួយសង្គ្រោះខ្លួន យើងបានក្រៅពីខ្លួនយើងជួយខ្លួនយើងនោះទេ»។

នៅឱកាសចូលឆ្នាំថ្មី ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នេះ ខ្ញុំសូមជូនពរឆ្នាំថ្មីបវរ សួស្តីជ័យមង្គលជូនដល់បងប្អូនខ្មែរនៅជិតឆ្ងាយសូមទេវតាឆ្នាំថ្មីជួយឱ្យបានជួបតែជោគជ័យ សេចក្តីសុខនិងសន្តិភាពកុំបីខានឡើយ ។

យើងទាំងអស់គ្នានៅសព្វថ្ងៃនេះជាលទ្ធផលនៃភាពសកម្ម ឬ អសកម្មរបស់យើងក្នុង

អតីតកាល ។ ពោលគឺការរិះគិតពិចារណានិងការនឹកគិតស្រមើស្រមៃច្នៃប្រឌិតដែលមាន សារៈសំខាន់ជាងការចេះយល់ដឹងដែលកំណត់អនាគតភ្លឺស្វាងឬអាប់អួររបស់យើង ។ ខ្ញុំបានសរសេរនិងអំពាវនាវដល់ខ្មែរយើងទាំងអស់សូមចាប់ផ្តើម«គិតគំនិតថ្មី»ដោយមាន ការគិតទាំង «ក្រៅប្រអប់»  — គឺគិតអំពីអ្វីៗដែលមិនដែលធ្លាប់បានគិតពីមុនមក — និងទាំង «ឥតប្រអប់» ទៅទៀត — គឺរៀនឱ្យចេះស្រមើស្រមៃ ឱ្យចេះច្នៃប្រឌិតបង្កើតឱ្យមានអ្វីដែល មិនធ្លាប់មានឬធ្លាប់ឃើញ បោះបង់ចោលនូវគំនិតនិងសកម្មភាពដែលផ្តោតទៅលើតែ ការបន្តពូជ ឬការគិតនិងធ្វើដដែលៗដែលផ្តល់លទ្ធផលមិនខុសពីដើម ។ ការគិតនិងធ្វើ បន្តពូជ វានាំឱ្យមានការរាំងស្ទះគាំងការរីកចំរើន ហើយវាសម្លាប់ការច្នៃប្រឌិតដែលវាចាំ បាច់សម្រាប់ការរីកចំរើន ។

ប្រទេសជាតិខ្មែរបានធ្វើដំណើរមកដល់ទីលានប្រយុទ្ធមួយដែលយើងត្រូវតែធ្វើសង្គ្រាម«គំនិត»ប្រឆាំងនឹងរបបផ្តាច់ការភ្នំពេញតាមបែប ហ្ចរ៍ច អ័រវែល George Orwell ដូចមាន ក្នុងប្រលោមលោក Ninety Eighty-Four ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន»ដែលចុះផ្សាយក្នុង អត្ថបទខ្ញុំចុះថ្ងៃទី២៦ខែកុម្ភៈកន្លងទៅ ។ តាមការគិតនិងសិក្សាគន្លងផ្លូវនយោបាយនៅកម្ពុជា ខ្ញុំបានសន្និដ្ឋានថា ឆ្នាំ ២០១៨ នេះអាច ជាឆ្នាំដែលចាប់ផ្តើមកំណត់ការស្លាប់រស់របស់ខ្មែរប្រជាធិបតេយ្យនិងចាប់ផ្តើមដំណើរឆ្ពោះទៅថ្ងៃអង្សារបស់សម្តេចតេជោនិងបនអំណាចផ្តាច់ការភ្នំពេញ គ្រាន់តែថា តើនរណានឹង បានទៅដល់ទីដៅតែមួយមុនគេ ។ នៅក្នុងការបោះឆ្នោតនៅខែកក្កដានេះ សម្តេចតេជោនិង គណបក្សៈប្រជាជននឹងប្រកាសឈ្នេះសន្លឹកឆ្នោតម្តងទៀតហើយ ទោះបីពលរដ្ឋអ្នកបោះ ឆ្នោតគេមិនបោះឆ្នោតឱ្យក៏ដោយ ក៏សម្តេចនឹងបក្សប្រជាជននៅតែប្រកាសថាឈ្នះដែរ ។ ឆ្នាំថ្មីនេះគឺឆ្នាំច ឆ្នាំឆ្កែ ។ ធម្មជាតិឆ្កែមានជើងបួន តែ «បងធំ»ខំឃោសនាថា វាមានជើងតែ ពីរទេហើយចេះហោះទៀត ។ ខ្ញុំធ្លាប់បានឮពាក្យនិយាយថា «ប៉ាយ៉ាត់សាគែខាំនៅសារ៉ុក អាន់អែមសាមែរ»។ កាលពីខែមុននេះខ្ញុំបានឃើញរូបថតទីក្រុងចិននិងពលរដ្ឋចិនដុះដូច

ផ្សឹតនៅរមណីយដ្ឋានកំពតប្រទេសកម្ពុជា ។ បើតែយ៉ាងនេះ តើអនាគតប្រទេសខ្មែរនឹងទៅ ជាយ៉ាងណាទៅ ?

នៅលើទីលានមួយដែលសម្តេចតេជោតម្លើងសាច់ដុំគ្រវីដាវប៉ះអីកាប់ហ្នឹងភ្លេចឱ្យឈឹងថា អ្នកដែលរស់នឹងដាវក៏ស្លាប់នឹងដាវ យើងកុំភ្លេចពាក្យពេជន៍លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ (៥៤៤ មុនគ.ស.-៤៩៦ មុនគ.ស. ) នៃប្រទេសចិនបុរាណ ដែលបានបង្រៀនថា «កំពូលនៃ សិល្បៈសង្គ្រាមគឺបង្ក្រាបសត្រូវដោយមិនបាច់ប្រយុទ្ធគ្នា»ដែលបង្ហាញឱ្យឃើញអំពីសារៈ សំខាន់នៃគំនិត ។ លោកបានបង្រៀនទៀតថា «នៅកណ្តាលភាពវឹកវរក៏នៅមានឱកាស ដែរ»– ធ្វើនេះធ្វើនោះឱ្យទាល់តែសម្តេចដែលភ័យព្រួយណាស់នឹងបដិវត្តពណ៌ វិលក្បុង បាន ។ ដូចព្រះពុទ្ធបានបង្រៀនរួចហើយដែរ គ្មានអ្វីដែលនៅជាអចិន្ត្រៃយ៍បានឡើយ ។

ខ្ញុំបានសរសេររួចមកហើយថា យើងត្រូវចេះចុចឱ្យចំគន្លឹះវា និងឱ្យចំពេលវេលាវា ទើបអ្វី ដែលហាក់ដូចជានៅហ្នឹងថ្កល់ផ្លាស់ប្តូរមិនបាន វាបែរជាអាចផ្លាស់ប្តូរបានទៅវិញ ។ វាមិន មែនជាគន្លឹះចុចដែលត្រូវទេនៅពេលសម្តេចតេជោដេកមិនលក់ភ័យខ្លាចបាត់អំណាចប្រើ មធ្យោបាយគ្រប់បែបគ្រប់យ៉ាងដើម្បីនៅកាន់អំណាចតទៅទៀត ខ្មែរប្រជាធិបតេយ្យបែរ ជាដើរប្រកូកអង្វរបរទេសឱ្យជួយឱ្យមានការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ ហាក់ដូចសង្ឃឹមថ្ងៃរះនៅទិសខាងលិច ចុះវាអាជៃមីរ៉ូតអ្វីក៏អាជៃមីរ៉ូតម្ល៉េះទៅរំពឹងថា ជនផ្តាច់ការដែលហៀរទឹកមាត់កក្លាក់ចង់បានអំណាចសុខចិត្តជួញដូរនឹងខ្លួនឱ្យដកគាត់ ចេញពីបល្ល័ង្កអំណាចនោះ?ចំណែកឯរឿងពេលវេលាវិញ ពេលណាក៏ប្រសើរដែរ តែយើងត្រូវដឹងថាយើងចង់បានអ្វី — នេះជារឿងគំនិត ។ ខ្មែរតស៊ូមតិមាន «ឱកាស»ច្រើនណាស់ ។ ខួរក្បាលខ្មែរមួយគីឡូក្រាមអាចចង្អុលទៅព្រឹត្តិការណ៍ផ្សេងៗដែលមាន

ឬ អាចនឹងកើតមានដែលអាចទទួលឥទ្ធិពលអ្វីម្យ៉ាងដែលជះទៅលើវា អាចចង្អុលទៅ

កាលៈទេសៈ ឬស្ថានភាពការដែលអាចផ្តល់អំណោយផលនិងដែលគេអាចបង្កើនឬបន្ថយ ល្បឿនដំណើរឱ្យបានស្របទៅតាមសេចក្តីប្រាថ្នា អាចចង្អុលឱ្យចេះស្រមើស្រមៃច្នៃប្រឌិត

គិត «ក្រៅប្រអប់»និងគិតបែប «ឥតប្រអប់»ធ្វើសកម្មភាពនានា រួចហើយបន្តភ្ជាប់ ព្រឹត្តិការណ៍ ស្ថានភាព និងសកម្មភាពបង្កើតជាចរន្តរត់ចូលរួមគ្នាឆ្ពោះទៅកាន់ចំណុច កំពូលមួយឱ្យវាហូរធ្លាយចុះវេញជាឋាមពលដែលពិបាកនឹងរកកម្លាំងណាមកទប់បាន ។

ទាំងនេះជាការគិតនិងការស្រមើស្រមៃច្នៃប្រឌិតដែលកើតចេញបានពីការអាននិងសិក្សា គំនិតអ្នកមានបច្ចេកទេសផ្នែកតស៊ូប្រឆាំងនឹងរបបផ្តាច់ការ ។ អ្នកជំនាញការម្នាក់ឈ្មោះ

លោក ហ្ចីន ហ្សារ៍ប Gene Sharp បានសរសេរសៀវភៅបង្ហាញវិធីសាស្រ្តពីររយជំពូក ប្រឆាំងរបបផ្តាច់ការ ដែលសកម្មជនតស៊ូមតិប្រជាធិបតេយ្យក្នុងលោកបានយកទៅអនុវត្ត ដោយមានប្រសិទ្ធភាព ។ ចលនាឈ្មោះ Otpor! បកប្រែថា «ការតស៊ូ!»របស់ជនជាតិ ស៊ើរ៍ប Serbដែលចាប់កំណើតជាក្រុមតវ៉ាតូចមួយបានប្រើ វិធីសាស្ត្របាតុកម្ម បញ្ចុះបញ្ចូល អសហការ និងអហិង្សា រហូតដល់ខែតុលាឆ្នាំ២០០០ បានរំលំលោកប្រធានាធិបតី ស្លូបូដាន់ មីឡូសេវីក Slobodan Milosevic ចេញពីតំណែង ។ គេឃើញមានមេរៀនច្រើនណាស់ វាមិនបាច់រត់រកបរទេសណាមកជួយទេ ។ លោក ប៉ូប៉ូវីក Popovic មេដឹកនាំជាតិ ស៊ើរ៍ប បានទូន្មានថា នៅក្នុងការតស៊ូរំដោះពីរបបផ្តាច់ការ មានការចាំបាច់ពីរដែលត្រូវអនុវត្ត

គឺ៖ ប្រើអហិង្សានិងកុំឱ្យបរទេសចូលលាយឡំ ។ តើខ្មែរតស៊ូមតិប្រជាធិបតេយ្យចង់ឱ្យ

ឆ្នាំចសំរិទ្ធិស័កផ្តល់អនាគតរបៀបណា គឺខ្មែរអាចសម្រេចបានដោយខ្លួនឯងនិងដោយថ្លៃថ្នូរ

ផង ៕

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail)peangmeth@gmail.com