ឆក់យកឱកាសល្អនិងផ្តើមវិធីប្រយុទ្ធជនផ្តាច់ការ

«ឆក់យកឱកាសល្អនិងផ្តើមវិធីប្រយុទ្ធជនផ្តាច់ការ»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងមេ៉ត
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

“យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ”ចិនបុរាណ

នយោបាយខ្មែរសព្វថ្ងៃបានវិវត្តមកដល់ដំណាក់កាលមួយដែលជម្រុញឲ្យខ្ញុំសរសេរវិចារណកថាញឹកញាប់បន្តិច ។ វាជាធម្មជាតិរបស់មនុស្សដែលចូលចិត្តផាត់ចោលគំនិតយោបល់ដែលមិនស្របនឹងខ្លួន ។ ហើយវាក៏ជាទិន្នន័យនៃរបកគំហើញដែរថា មនុស្សភាគច្រើនប្រឹងស្វែងរកព័ត៌មាននិងស្ថិតិមកគាំទ្រនិងពង្រឹងជំហររបស់ខ្លួនជាជាងស្វែងរកចំណេះនិងការយល់ដឹងដែលជាកត្តាដឹកនាំទៅរកវឌ្ឍនភាព ។ ពាក្យសំដីរបស់មេដឹកនាំចលនាសិទ្ធិមនុស្សម្នាក់ឈ្មោះ លោក ម៉ារ៍ទិន លូធឺរ៍ ឃីង Martin Luther King, Jr. ដែលខ្ញុំឧស្សាហ៍ដកស្រង់យកមកសរសេរជារឿយៗ ថ្លែងថា៖ “ជាការកម្រណាស់នឹងរកឃើញមានមនុស្សដែលមានឆន្ទៈធ្វើការគិតជ្រៅជ្រះនិងរឹងមាំ ហាក់ដូចជាមនុស្សស្វែងរកតែចម្លើយដែលងាយៗនិងដំណោះស្រាយដែលឆ្អឹនពាក់កណ្តាល ។ គ្មានអ្វីដែលធ្វើឲ្យមនុស្សខ្លះឈឺចាប់ច្រើនជាងការគិតទេ ។”

ការគិតវាលំបាកពីព្រោះវាតម្រូវឲ្យអ្នកគិតប្រើខួរក្បាលធ្វើសកម្មភាពនានាមាន ៖ ការងឿងឆ្ងល់ ការស្រមើស្រមៃ ការចងចាំ ការកត់សំគាល់ ការសង្កេត ការសាកសួរ ការគណនា ការប្រៀបធៀប ការវាយប៉ាន់ ការវាយតម្លៃ ការបកស្រាយ ការវិនិច្ឆ័យ ការវិភាគ ការតុបតែងសរសេរ ព្រមទាំងការគិតអំពីគំនិតនោះថែមទៀត metacognition  ។ ប្រហែលជាដូច្នេះហើយបានជាមនុស្សភាគច្រើនមិនចូលចិត្តគិតទេ ។

ការវិវត្តន៍នៃនយោបាយខ្មែរសព្វថ្ងៃបានធ្វើឲ្យខ្ញុំមានជំនឿយ៉ាងខ្លាំងថាយុទ្ធសាស្ត្រដែលនឹងផ្តល់ជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជនផ្តាច់ការដើម្បីសិទ្ធិ សេរីភាព សមភាព និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាគឺស្ថិតលើការប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតនិងស៊ីជម្រៅ ។ នៅក្នុងអត្ថបទនានាដែលខ្ញុំបានសរសេរនិងចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ខ្ញុំតែងសរសេរអំពីគំនិតនិងយុទ្ធសាស្ត្ររបស់លោកឧត្តមសេនីយ៍ ស៊ុន ត៍សុឺ Sun Tzu ដែលជាមេទ័ពដ៏ចំណាននិងជាអ្នកយុទ្ធសាស្ត្រដែលមានឈ្មោះល្បីល្បាញម្នាក់នៃប្រទេសចិនបុរាណ ។ ខ្ញុំសូមចាប់ផ្តើមអត្ថបទនៅថ្ងៃនេះដោយរៀបរាប់ឡើងវិញនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលលោកបានចែងជាមេរៀនអំពីជោគជ័យនៅក្នុងការប្រយុទ្ធ ៖ “អ្នកនឹងទទួលបានជោគជ័យប្រសិនបើអ្នកដឹងថាតើពេលណាដែលអ្នកត្រូវចូលប្រយុទ្ធនិងពេលណាដែលអ្នកមិនត្រូវចូលប្រយុទ្ធ” ។ លោកឧត្តមសេនីយ៍ ស៊ុន ត៍សុឺ គឺជាអ្នកយុទ្ធសាស្ត្រដែលប្រើគំនិតស៊ីជម្រៅនិងច្នៃប្រឌិតល្អិតល្អន់ ។ លោកបានបង្រៀនថា ៖ “ការឆក់យកឱកាសមួយមកធ្វើសកម្មភាពនឹងបើកទ្វារឲ្យឱកាសជាច្រើនទៀតលេចឡើងដែលបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការសម្រេចគោលដៅឯទៀត” ។

“ការគិត”ដែលមានធាតុដូចដែលខ្ញុំបានសង្ខេបនៅខាងលើ ប្រហែលជាបានបញ្ចុះបញ្ចូលមេដឹកនាំបក្សជំទាស់ខ្មែរ គឺលោក សម រង្សុី ឲ្យសម្រេច “ឆក់យកឱកាសមួយ” ដែលលោក ស៊ុន ត៍សឺុ បានបង្រៀន។ (នៅក្នុង “យុទ្ធសាស្ត្រសាមសិប-ប្រាំមួយ” របស់ចិនបុរាណក៏មានបង្រៀនអំពីសកម្មភាពឆក់យកឱកាសដែរ ដូចជាវិធីសាស្ត្រ“ឆ្លៀតឱកាសលួចពពែមួយ (順手牽羊/顺手牵羊, Shùn shǒu qiān yáng)” រួចត្រៀមចាំទទួលផលលាភទោះតិចតួចក្តី ) មកធ្វើសកម្មភាពនយោបាយ និងសម្រេចប្រើយុទ្ធសាស្ត្រវិលត្រឡប់ពីនិរទេសទៅកាន់ប្រទេសកម្ពុជាវិញក្នុងគោលដៅបង្កើតការកែប្រែផ្លាស់ប្តូរប្រជាធិបតេយ្យcreate democratic change ដែលលោកបានសរសេរនៅក្នុងអត្ថបទចុះផ្សាយនៅក្នុងទស្សនាវដ្តី The Geopolitics (https://thegeopolitics.com/cambodia’s-exiled-opposition-vows-return-to-create-democratic-change/) ចុះថ្ងៃទី១១ខែកុម្ភៈនេះ ។

វាហាក់ដូចជាលោក សម រង្សុី បានផ្តើមសកម្មភាពដែលដុះចេញពីគំនិតបញ្ឈប់របាំរាំវង់នយោបាយខ្មែរដែលវិលវល់វក់វីរនៅ “ស្តឹក” ក្នុងវង់ឡាំថូន វិវត្តមួយជុំហើយមួយជុំទៀត ចប់នៅតែកន្លែងដដែលៗ ។ “ឱកាសមួយ” នៅក្នុងយុទ្ធសាស្ត្រលោក ស៊ុន ត៍សឺុ ដែលលោក សម រង្សុី បាន “ឆក់យក” គឺនៅពេលសហភាពអឺរ៉ុបបានចេញប្រកាសនៅថ្ងៃទី១១ខែកុម្ភៈ ក្នុងការអនុវត្ត “ដំណើរការផ្អាក” ឯកសិទ្ធពាណិជ្ជកម្មកម្ពុជានៅក្នុងការដឹកនាំទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបដោយប្រព័ន្ធអនុគ្រោះពន្ធនៅក្រោមកម្មវិធី Everything But Arms (EBA) ឬ “អ្វីៗគ្រប់យ៉ាងក្រៅពីអាវុធ” ។

បុព្វហេតុនៃ “ដំណើរការផ្អាក” គឺមកពីសហភាពអឺរ៉ុបបានកត់សំគាល់ឃើញថានៅអម្លុងពេល១៨ខែមកនេះ “ស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅប្រទេសកម្ពុជាបានធ្លាក់ចុះកាន់តែយ៉ាប់យឺុនទៅ” ជាពិសេស “សិទ្ធិចូលរួមនយោបាយក៏ដូចជាសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការចូលរួមជាសមាគម” ។ ទង្វើជាវិជ្ជមានខ្លះៗដែលអាជ្ញាធរកម្ពុជាបានស្តារឡើងវិញនៅមិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបនឹង “កង្វះដ៏ធ្ងន់ធ្ងរ” ផ្នែក “សិទ្ធិមនុស្សនិងសិទ្ធិការងារ” ដែលឃើញមានជាប្រព័ន្ធ ។ ទាំងអស់នេះ កម្ពុជាត្រូវតែដោះស្រាយបើកម្ពុជាចង់រក្សាទុកនូវឯកសិទ្ធពាណិជ្ជកម្មដែលមានការអនុគ្រោះបង់ពន្ធ EBAរបស់ខ្លួន ។

សហភាពអឺរ៉ុបជាសហភាពនយោបាយនិងសេដ្ឋកិច្ចដែលមានប្រទេសចំនួន២៨ជាសមាជិក និងមានប្រជាជនរួមប្រមាណជា ៥១៣ លាននាក់ ។ សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ។ ទំនិញ (វាយនភ័ណ្ឌ ស្បែកជើង ផលិតផលបន្លែ អង្ករ កង់ ) ដែលកម្ពុជានាំទៅទីលក់នៅទីផ្សារសហភាពអឺរ៉ុប មានតម្លៃ ៤ពាន់៩រយលានអឺរ៉ូ ឬប្រមាណជា៥ពាន់លានដុល្លារអាមេរិកាំង ។ រោងចក្រសម្លៀកបំពាក់នៅកម្ពុជាប្រើកម្មករចន្លោះពី ៧ សែន ៥ មឺុន ទៅ ៨ សែននាក់ ។ សម្លៀកបំពាក់គឺជាចំណែកដ៏ធំមួយនៃផលិតនៅកម្ពុជាសម្រាប់ទីផ្សារសហភាពអឺរ៉ុប ។ ការ “បញ្ចប់”ឯកសិទ្ធពាណិជ្ជកម្មនឹងបណ្តាលឲ្យកម្ពុជាធ្លាក់ទៅក្នុងមហន្តរាយយ៉ាងធំមួយ ។

នីតិវិធីនៃ “ដំណើរការផ្អាក” នេះនៅក្នុយរយៈពេល ៦ ខែទៅមុខ សហភាពអឺរ៉ុបនឹងតាមដានដោយ “ធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់”ហើយនៅក្នុងរយៈពេល ៣ ខែម្តងនឹងបញ្ចេញរបាយការណ៍វាយតម្លៃជាក់ស្តែងអំពីស្ថានភាពដំណើរការវិវត្តនៅប្រទេសកម្ពុជា ។ សហភាពអឺរ៉ុបនឹងតាមដានវាយតម្លៃស្ថានភាពជាក់ស្តែងរយៈពេល ១២ ខែមុននឹងសម្រេចជាផ្លូវការថាតើត្រូវឬមិនត្រូវ“បញ្ចប់”ឯកសិទ្ធពាណិជ្ជកម្មឬប្រព័ន្ធអនុគ្រោះពន្ធ EBA ។ លុះប្រាំមួយខែបន្ទាប់មកទៀតទើបការដកឯកសិទ្ធនឹងចូលជាធរមាន ពោលគឺនៅក្នុងពេល១៨ខែខាងមុខនេះ ។

កាលពីថ្ងៃទី១៤មករាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថាបើសហភាពអឺរ៉ុបចង់កំទេចគណបក្សសង្គ្រោះជាតិសូមសហភាពអឺរ៉ុបដកហូតឯកសិទ្ធពាណិជ្ជកម្មកម្ពុជាចុះ ។ បន្ទាប់មក លោកបានប្រុងប្រយ័ត្នពាក្យសំដីបន្តិចក្នុងជម្លោះលោកនឹងសហភាពអឺរ៉ុប ។

នៅថ្ងៃព្រហស្បតិ៍ទី១៤កុម្ភៈនេះ ដើម្បីរំងាប់ការព្រួយបារម្ភរបស់ពលរដ្ឋខ្មែរអំពីមហន្តរាយធំដែលបណ្តាលមកពីការបាត់បង់ឯកសិទ្ធពាណិជ្ជកម្មនៅទីផ្សារសហភាពអឺរ៉ុប លោកហ៊ុនសែនថ្លែងថា “កម្ពុជានឹងមិនស្លាប់ទេទោះបីគ្មានEBAក៏ដោយ. . . EBA នឹងត្រូវបានលុបចោល វាគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ ។ នៅក្នុងពាណិជ្ជកម្ម យើងត្រូវតែបង់ពន្ធឲ្យគេ ហើយគេត្រូវតែបង់ពន្ធឲ្យយើង – នេះជារឿងគេចមិនផុតទេ ។”

នៅថ្ងៃទី១៤ដដែលនោះ សារព័ត៌មានបានចុះផ្សាយអំពីប្រសាសន៍តាមទូរស័ព្ទរបស់លោក ហ៊ុន សែន ទៅមន្ត្រីរដ្ឋាភិបាលដែលបានធ្លាយរបូតដល់ដៃប្រព័ន្ធផ្សព្វផ្សាយសង្គមថានៅក្នុងរយៈពេល១៨ខែទៅមុខនេះនៅមុនការដកហូតឯកសិទ្ធពាណិជ្ជកម្មឬប្រព័ន្ធអនុគ្រោះពន្ធEBAបានចូលជាធរមាន គណបក្សប្រឆាំងនៅថ្នាក់មូលដ្ឋានត្រូវតែបំផ្លាញចោលដើម្បីកាត់ឫសកាត់គល់គណបក្យសង្គ្រោះជាតិកុំឲ្យនៅមានវត្តមានអាចគំរាមកំហែងជនផ្តាច់ការបាន ។

ដូចបានពោលខាងលើ ទស្សនាវដ្តី The Geopolitics បានចុះ ផ្សាយអត្ថបទនិពន្ធដោយលោក សម រង្សុី ក្រោមចំណងជើងថា “ថ្នាក់ដឹកនាំបក្យជំទាស់កម្ពុជាដែលនៅនិរទេសប្តេជ្ញាវិលត្រឡប់ទៅកម្ពុជាវិញដើម្បីបង្កើតការកែប្រែផ្លាស់ប្តូរប្រជាធិបតេយ្យ” ។ លោក សម រង្សុី បានសរសេរថា “ល្បែងចុងបញ្ចប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ត្រូវបានមកដល់ហើយ ។ ពលរដ្ឋខ្មែរដឹងថាការសម្រេចវាសនារបស់ខ្លួនដោយខ្លួនឯងជាសិទ្ធិដែលមិនអាចដកហូតពីពលរដ្ឋបានឡើយ ។” លោកចោទថា “របបផ្តាច់ការហ៊ុនសែនរំលោភទាំងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជានិងទាំងសន្ធិសញ្ញាសន្តិភាពទីក្រុងបា៉រីសឆ្នាំ១៩៩១” ។ លោកអះអាងថា “មេដឹកនាំសង្គ្រោះជាតិដែលនៅនិរទេសខ្លួនរួមទាំង (រូបលោក ) ផ្ទាល់បានប្រកាសថាយើងនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩ ។ ការវិលត្រឡប់ដែលអាចនឹងធ្វើឡើងនៅវេលាណាមួយគឺអាចផ្តល់នូវហានិភ័យដល់យើងគ្រប់ៗគ្នា ។ កត្តានេះនឹងបង្កើនភារៈកិច្ចដល់សហគមន៍អន្តរជាតិដាក់ការទទួលខុសត្រូវមកលើលោកហ៊ុនសែន” ។

លោក សម រង្សុី រៀបរាប់ថា “ការទាមទាររបស់យើងគឺសាមញ្ញទេ មានភាពប្រាកដនិយម អាចសម្រេចបាន ហើយមិនតិចជាងអ្វីដែលពលរដ្ឋខ្មែរសមនឹងទទួលបានដែរ ៖ គណបក្សសង្គ្រោះជាតិត្រូវតែស្តារឡើងវិញ លោក កឹមសុខា ត្រូវតែដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះ ។ ការចោទប្រកាន់ក្លែងក្លាយថា ក្បត់ជាតិ ត្រូវតែទម្លាក់ចោល ។ ការហាមឃាត់សកម្មភាពនយោបាយរបស់សមាជិកគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ក៏ត្រូវតែបញ្ចប់ដែរ ។ ត្រូវបោះពុម្ភផ្សាយកាលវិភាគសម្រាប់ការបោះឆ្នោតជាតិភ្លាមៗនិងត្រឹមត្រូវ ។”

លោក សម រង្សុី បញ្ចប់អត្ថបទលោកដោយអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យនៅប្រកាន់ជំហររឹងមាំក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយសុំឲ្យគេជួយការពារអ្នកដឹកនាំគណបក្្សសង្គ្រោះជាតិផងនៅពេលបានវិលមកដល់ប្រទេសកម្ពុជាវិញ ។

ខ្ញុំបានសង្កេតឃើញលោកថ្លឹងសំដីសមរម្យនៅក្នុងអត្ថបទលោក ។ ខ្ញុំមិនដែលបានជួបលោក សម រង្ស៊ី ទេ តែខ្ញុំតែងចាប់អារម្មណ៍ជាធម្មតាខ្លាចវោហារសាស្ត្ររបស់អ្នកដឹកនាំនយោបាយបែកក្លាយទៅជាប្រជាភិថុតិនៅចំពោះមុខអ្នកសា្តប់ ។ ចាស់ទុំខ្មែរបានប្រៀនប្រដៅខ្ញុំឲ្យរលាស់អណ្តាតប្រាំពីរដងមុននឹងនិយាយ ។

នៅក្នុងកិច្ចសម្ភាសន៍តាមរយៈស្កែប Skype ជាមួយវិទ្យុអាសុីសេរី លោក សម រង្សុី បានថ្លែងប្តេជ្ញាជាថ្មីនៅថ្ងៃសុក្រទី១៥ខែកុម្ភៈថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញជាមួយសមាជិកគណបក្សប្រឆាំង កម្មករខ្មែរនៅប្រទេសថៃនិងកូរ៉េ ហើយអះអាងថាមិនអនុញ្ញាតឲ្យលោក ហ៊ុនសែន ចាប់ខ្លួនលោកទេ ។ លោកប្រាប់វិទ្យុអាស៊ីសេរីថា ពួកលោកនៅចាំដល់ពេលសហគមន៍អន្តរជាតិផ្តន្ទាទោសលោកហ៊ុនសែនសិន “រួចយើងនឹងទៅកម្ពុជាដើម្បីយកគាត់ទៅរកយុត្តិធម៌” “យើងមិនអាចបន្តដាក់ក្បាលយើងឱនតទៀតបានទេ” ។

វិទ្យុអាស៊ីសេរីដកស្រង់ពាក្យពេចន៍លោក សម រង្សុី និយាយថា (“Millions of people will capture Hun Sen, and he will then be prosecuted on charges of brutality against his own people, of murder, and of treason”) ឬ “មនុស្សរាប់លាននាក់នឹងចាប់ហ៊ុនសែនហើយគាត់នឹងត្រូវកាត់ទោសពីបទឃោរឃៅឧក្រិដ្ឋប្រឆាំងនឹងប្រជាពលរដ្ឋរបស់គាត់ ពីឃាតកម្ម និង ពីការក្បត់ជាតិ” ។

តាមរយៈសកម្មជនខ្លះនៃបក្សសង្គ្រោះជាតិ ការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញជាការ “ប្រយុទ្ធចុងក្រោយ” របស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ។ នៅក្នុងជីវិតតស៊ូរបស់ខ្ញុំ ខ្ញុំមិនដែលគាំទ្រទស្សនៈ “ប្រយុទ្ធចុងក្រោយ” សោះឡើយ ។ កាលខ្ញុំនៅបម្រើក្នុងជួរចលនាតស៊ូរំដោះជាតិនៅឆ្នាំ ១៩៨០ ដល់ ១៩៨៩ ខ្ញុំតែងណែនាំយុទ្ធជនបម្រើក្នុងជួរជាមួយខ្ញុំថា ប្រសិនបើយើងចាញ់ចម្បាំងយើងត្រូវរកមធ្យោបាយការពារខ្លួនយើងឲ្យបាននៅរស់ដើម្បីយើងធ្វើការតស៊ូប្រយុទ្ធនៅថ្ងៃស្អែកទៀត ។  ដូច្នេះ ខ្ញុំហាក់ដូចជាមិនស្ងប់ចិត្តនឹងឮពាក្យថា “ប្រយុទ្ធចុងក្រោយ” ទេ ។

ម្យា៉ងវិញទៀត បើសហភាពអឺរ៉ុបនឹងសម្រេចដកហូតឯកសិទ្ធពាណិជ្ជកម្មកម្ពុជានៅពេល១២ខែខាងមុខនេះ ហើយបើរដ្ឋាភិបាលហ៊ុនសែននៅតែមិនព្រមដោះស្រាយបញ្ហាដែលជាបុព្វហេតុនៃការដកហូតនោះ ដូចជាការស្តារគណបក្សសង្គ្រោះជាតិនិងការបោះឆ្នោតដោយសេរីនិងយុត្តិធ៌មជាដើម តើសហភាពអឺរ៉ុបនឹងមានលទ្ធភាពដាក់សម្ពាធយ៉ាងណាទៀតដល់ជនផ្តាច់ការដែលនៅកាន់អំណាច ។ ហើយតើនៅក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងជនផ្តាច់ការ លោក សម រង្ស៊ី និងសកម្មជនសង្គ្រោះជាតិមានបានរៀបចំកលយុទ្ធគ្រប់គ្រាន់ឬទេ ; ឬមួយសម្រេចដាក់ផុកនឹងសហភាពអឺរ៉ុបជា “ចុងក្រោយ” ហើយ ?

នៅថ្ងៃនេះ ខ្ញុំសូមសរសេរបន្ថែមទៅលើយុទ្ធសាស្ត្ររបស់លោក ស៊ុន ត៍សឺុ ដោយសូមណែនាំឲ្យស្គាល់អំពី “យុទ្ធសាស្ត្រសាមសិប-ប្រាំមួយ” នៃប្រទេសចិនបុរាណ ដែលខ្ញុំនឹងបកប្រែសម្រួលហើយនឹងបញ្ចូលទៅក្នុងគេហទំព័រ “គំនិតខ្មែរ” នៅថ្ងៃក្រោយ ។

“យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ” មានប្រភពចេញពីប្រវត្តិសាស្រ្តសរសេរ និងប្រវត្តិសាស្រ្តនិទានរឿងតំណាលរបស់ចិនបុរាណនៅក្នុងអម្លុង “និទាឃរដូវនិងដូវស្លឹកឈើជ្រុះ” (Spring and Autumn period) ពីសតវត្ស ៧៧១ មគស ដល់ ៤៧៦ មគស និងនៅក្នុងអម្លុងចម្បាំងរវាង “នគរបី” (the Three Kingdoms) ឬ សាមកុក មាន នគរ“វៃ” Wei នគរ “ហ្សុឺ” Shu និង និងនគរ “វូ” Wu ពីឆ្នាំ ២២០ គស ដល់ឆ្នាំ ២៨០ គស ។ នៅឆ្នាំ ១៩៤១ មានរោងពុម្ភមួយនៅខេត្ត ហ្សាណស៊ី Shaanxi រកឃើញកម្រងយុទ្ធសាស្ត្រនោះហើយក៏យកមកបោះពុម្ភ ។ បន្ទាប់មកកាសែតចិនប្រចាំថ្ងៃឈ្មោះ ហ្គួងមុីង Guangming របស់គណបក្សកុម្មុយនិស្តចិនបានផ្សាយការត្រួតពិនិត្យកម្រងយុទ្ធសាស្ត្រនៅក្នុងខែសីហាឆ្នាំ១៩៦១ ។ ចាប់ពីពេលនោះមក

“យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ” ចិនបុរាណបានចេញផ្សាយជាសាធារណៈ ។   “យុទ្ធសាស្ត្រសាមសិបប្រាំមួយ” ចិនបុរាណមានបែងចែកជាប្រាំមួយជំពូក ។ ជំពូកនិមួយៗមានយុទ្ធសាស្ត្រប្រាំមួយ ។ នៅក្នុងយុទ្ធសាស្ត្រនិមួយៗ គេប្រើសុភាសិតបង្ហាញនូវយុទ្ធសាស្ត្រនោះ ហើយគេសរសេរអត្ថាធិប្បាយប្រើរចនាបឋ style មានឃ្លាខ្លីៗនិងច្បាស់លាស់មានមួយឬពីរប្រយោគពន្យល់អំពីការអនុវត្តន៍សុភាសិតនៅក្នុងវិធីប្រយុទ្ធ ។ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយត្រូវបានពន្យល់ដោយឃ្លាខ្លីៗអំពីសេណារីយ៉ូលើសមរភូមិចំនួន៣៦ដែរ ។  ជំពូកបីដំបូងពិពណ៌នាជាទូទៅអំពីយុទ្ធសាស្ត្រប្រើការនៅក្នុងស្ថានភាពដែលអនុគ្រោះ ។

ជំពូកបីចុងក្រោយពិពណ៌នាអំពីយុទ្ធសាស្ត្រប្រើការនៅក្នុងស្ថានភាពមិនអនុគ្រោះ ។ ខ្ញុំសូមដកស្រង់កម្រង “យុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ” មួយចំនួនមកជូនជាឧទាហរណ៍ ៖

(ខ្ញុំសូមថ្លែងអំណរគុណយា៉ងជ្រាលជ្រៅដល់លោក ឆៃ ចិន្តា អតីតអ្នកជំរំ ណងចាន់ និង សាយធូ ដែលបានជួយកែសម្រួលការបកប្រែកម្រងយុទ្ធសាស្ត្រខាងក្រោមនេះ)

ឆ្លងកាត់សមុទ្រដោយមិនឲ្យអធិរាជដឹង(瞞天過海/瞒天过海, Mán tiān guò hǎi)

 បិទបាំងគោលដៅពិតៗរបស់អ្នក ។ ប្រើល្បិចបង្ហាញគោលដៅមិនពិតរហូតដល់ពេលដែលគោលដៅពិតត្រូវបានសម្រេច ។ (បញ្ឆោតឆ្វេង វាយស្តាំ ។)

ឡោមព័ទ្ធWèiដើម្បីជួយសង្គ្រោះ Zhao (圍魏救趙/围魏救赵, Wéi Wèi jiù Zhào)

នៅពេលដែលសត្រូវមានកម្លាំងខ្លាំងរឹងមាំ ជៀសវាងការប្រយុទ្ធចំពីមុខ ។ វាយឲ្យចំចំណុចខ្សោយរបស់សត្រូវ ឬក៏វាយប្រហារអ្វីមួយដែលជាទីស្រឡាញ់របស់គេ ។ ខ្មាំងមិនអាចមានកម្លាំងខ្លាំងក្លានៅក្នុងគ្រប់កិច្ចការនិងគ្រប់ទីកន្លែងទេ ។ សំណាញ់ការពាររមែងមានចន្លោះប្រហោងត្រង់ណាមួយដែលជាចំណុចខ្សោយ ។

រង់ចាំនិងសម្រាកយកកម្លាំងខណៈដែលសត្រូវបង្ហូរញើសរៀបចំឆាកប្រយុទ្ធ (以逸待勞/以逸待劳, Yǐ yì dài láo)

ជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់ប្រយុទ្ធ ។ គប្បីដឹងថានៅពេលណានិងនៅទីណាដែលអ្នកត្រូវប្រយុទ្ធខណៈសត្រូវរបស់អ្នកមិនដឹង ។ លើកទឹកចិត្តសត្រូវឲ្យចំណាយឋាមពលទៅលើកិច្ចការអ្វីមួយដែលគ្មានប្រយោជន៍ខណៈអ្នកសន្សំទុកកម្លាំងរបស់អ្នក ។ គោលគំនិតគឺត្រៀមលក្ខណៈទ័ពរបស់អ្នកដើម្បីប្រយុទ្ធខណៈសត្រូវកំពុងស្វែងរកវិធីប្រយុទ្ធ ។ ល្បិចនេះនឹងផ្តល់ប្រៀបយ៉ាងសម្បើមដល់ទ័ពរបស់អ្នកនៅក្នុងការប្រយុទ្ធមួយនៅខាងមុខដែលអ្នកជាអ្នករើសពេលវេលានិងទីកន្លែងប្រយុទ្ធ ។

បង្កើតព្រឹត្តិការណ៍ដើម្បីបំភ្លៃស្ថានការណ៍(無中的有/ 无中的有, Wú zhōng sheng yǒu)

 រកមធ្យោបាយកុហកខ្មាំង ។ ធ្វើឲ្យគេជឿថាមានអ្វីមួយកើតឡើងខណៈដែលឥតមានអ្វីសោះ ។ វិធីសាស្រ្តមួយគឺបង្កើតការបំភាន់អំពីអត្ថិភាពអ្វីមួយដែលឥតមានសោះ ។ វិធីសាស្រ្តមួយទៀតគឺបង្កើតការបំភាន់ថាគ្មានអត្ថិភាពអ្វីទេខណៈដែលមាន ។

បូជាដើមបេងដើម្បីថែរក្សានាងនួន (李代桃僵, Lǐ dài táo jiāng)

មានកាលៈទេសៈដែលតម្រូវឲ្យអ្នកលះបង់គោលបំណងរយៈពេលខ្លីដើម្បីសម្រេចគោលដៅរយៈពេលវែង ។ នេះជាវិធីប្រយុទ្ធដែលមនុស្សម្នាក់ទទួលរងផលវិបាកដើម្បីកុំឲ្យមនុស្សដទៃទៀតទទួលរងផលវិបាកនោះ ។

 ឆ្លៀតឱកាសលួចពពែមួយ (順手牽羊/顺手牵羊, Shùn shǒu qiān yáng)

នៅពេលអ្នកអនុវត្តផែនការណ៍ណាមួយ ចូរប្រកាន់ឥរិយាបឋទន់ភ្លន់បត់បែនតាមកាលៈទេសៈដើម្បីធ្វើសកម្មភាពឆក់យកសារប្រយោជន៍ ។ ឆ្លៀតឱកាសស្វែងរកកម្រៃទោះតិចក្តីច្រើនក្តី ។

 ជញ្ជត់ព្រលឹង (借屍還魂/借尸还魂, Jiè shī huán hún)

ស្តារស្ថាប័នមួយ បច្ចេកវិទ្យាមួយ វិធីសាស្រ្តមួយ ឬមនោគមវិជ្ជាមួយដែលត្រូវបានបោះបង់ចោលយូរហើយ មកបម្រើគោលបំណងរបស់អ្នកវិញ ។ ស្តារអ្វីមួយពីអតីតកាលដោយផ្តល់នូវគោលបំណងថ្មី ឬពង្រស់ឡើងវិញនូវគំនិតបុរាណ ប្រពៃណី ឬទំនៀមទម្លាប់ហើយបកស្រាយជាថ្មីដោយផ្តល់ន័យថ្មីឲ្យសមស្របនឹងគោលបំណងរបស់អ្នក។

ែលងឈ្លូសឲ្យចូលព្រៃ(欲擒故縱/欲擒故纵, Yù qín gū zòng)

សត្វព្រៃដែលជាប់ក្នុងការឡោមព័ទ្ធនឹងធ្វើការវាយតបដ៏អស់សង្ឃឹមចុងក្រោយមួយ ។ ដើម្បីបងា្កហេតុភេទនេះ អ្នកត្រូវឲ្យខ្មាំងជឿថាគេនៅមានឱកាសដើម្បីរស់ ។ ឆន្ទៈខ្មាំងក្នុងការប្រយុទ្ធប្រឆាំងត្រូវបានកាត់បន្ថយព្រោះតែគេមានបំណងរត់ចេញពីទីនោះ ។ នៅពេលខ្មាំងមើលឃើញថាគេមិនអាចមានសេរីភាពទេ ទឹកចិត្តគេត្រូវបរាជ័យហើយគេនឹងចុះចាញ់ដោយគ្មានការប្រយុទ្ធ ។

 កញ្ជ្រោកទឹកបំពុលត្រី(渾水摸魚/浑水摸鱼or 混水摸鱼, Hún shuǐ mō yú)

 បង្កភាពច្របូកច្របល់ហើយប្រើភាពច្របូកច្របល់នេះដើម្បីសម្រេចគោលដៅរបស់អ្នក ។

យកផ្កាទៅចងលើឈើងាប់(樹上開花/树上开花, Shù shàng kāi huā)

 យកផ្កាសិប្បនិម្មិតទៅចងនៅលើដើមឈើងាប់មួយដើម្បីបំភាន់ថាដើមឈើនោះមានសុខភាពល្អ ។ តាមរយៈការប្រើប្រាស់សិប្បកោសល្យនិងក្លែងបន្លំ អ្វីមួយដែលគ្មានតម្លៃក៏លេចឡើងជាមានតម្លៃ ។ អ្វីដែលមិនមានគ្រោះថ្នាក់សោះ បែរជាមើលទៅហាក់ដូចជាមានគ្រោះថ្នាក់សម្បើមណាស់ ។ និងអ្វីដែលគ្មានប្រយោជន៍បែរជាមានប្រយោជន៍ទៅវិញ ។

យុទ្ធសាស្ត្ររត់បណ្តាក់គ្នា  (連環計/连环计, Lián huán jì) 

អ្នកគប្បីអនុវត្តវិធីសាស្ត្ររត់បណ្តាក់គ្នាជាខ្សែសង្វាក់ ។ អ្នកត្រូវរក្សាដំណើរប្រតិបត្តិគម្រោងផ្សេងៗឲ្យទៅតាមគម្រោងផែនការធំតែមួយ ។ ក្នុងករណីដែលវីធីសាស្ត្រណាមួយបរាជ័យ អ្នកអនុវត្តយុទ្ធសាស្ត្របន្ទាប់ទៀតភ្លាម យ៉ាងនេះគម្រោងផែនការធំនៅតែបន្តដំណើរការឥតឈប់ទេ ។

ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ, រត់យករួចខ្លូនសិន(走为上计/ 走为处计,  zǒuwéi shang jì)

ប្រសិនបើស្ថានភាពបង្ហាញជាក់លាក់ថាសកម្មភាពរបស់អ្នកកំពុងធ្លាក់ចូលភាពបរាជ័យ អ្នកគប្បីដកថយហើយប្រមូលផ្ដុំជាថ្មី ។ នៅពេលដែលអ្នកប្រឈមនឹងបរាជ័យ អ្នកមានជម្រើសបី គឺ៖ ចុះចាញ់ សម្រុះសម្រួល ឬរត់គេចខ្លួន ។ ចុះចាញ់គឺជាបរាជ័យពេញលេញ ។ សម្រុះសម្រួលគឺបរាជ័យពាក់កណ្តាល ។ ក៏ប៉ុន្តែ រត់គេចខ្លួនមិនមែនជាបរាជ័យទេ ។ ដរាបណាអ្នកនៅមិនទាន់បានចាញ់នៅឡើយ អ្នកនៅតែមានឱកាសទៀត ។ នេះគឺជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតដែលមានលក្ខណៈអមតៈក្នុងទម្រង់ពាក្យស្លោកចិនពោលគឺ“នៅក្នុងចំណោមយុទ្ធសាស្ត្រទាំងសាមសិប-ប្រាំមួយរត់គេចខ្លួនគឺជាជម្រើសដ៏ល្អបំផុត” (三十六計, 走為上計/ 二十計, 走為上計, Sānshíliùjì, zǒuwéi shang jì) ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com