ចារកម្មចិននិងការបោះឆ្នោតខ្មែរថ្ងៃទី២៩

ចារកម្មចិននិងការបោះឆ្នោតខ្មែរថ្ងៃទី២៩
និពន្ធដោយលោកបណ្ឌិត​​ ហ្គាហ្វារ​ ពាងម៉េត
ថ្ងៃទី២0​ខែកក្កដាឆ្នាំ២០១៨
www.kumnitkhmer.com

នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨​ ខ្ញុំបានទទួលសារអេឡិចត្រូណិច​​(អ៊ីម៉ែល)មួយពីអ្នកវិភាគ ផ្នែកការគំរាមកំហែងព័ត៌មានសម្ងាត់ Threat Intelligence Analyst នៃក្រុមហ៊ុនអ៊ិនធឺណិត ឈានមុខគេរបស់អាមេរិកាំងមួយឈ្មោះ FireEye (ភ្នែក​​​ភ្លើង) ដែលមានចំណង​ជើងថា​​ “ការ​ជូនដំណឹងដល់អ្នករងគ្រោះខ្មែរដោយចារកម្មតាមរយះអ៊ិនធឺណិត”​ ឬ​ Cambodian cyber espionage victim notification ។ អ៊ីម៉ែលនោះបានបញ្ជាក់ថា កុមព្យូទ័រដែលមានឈ្មោះខ្ញុំជា​ម្ចាស់​ប្រើបានត្រូវធ្លាក់ទៅក្នុងរណ្តៅចារកម្មតាមរយះអ៊ិនធឺណិតហើយ​ ហើយ​គេប្រាប់ថាខ្ញុំ អាចទាក់ទងជាមួយគេដោយសេរី​ គេនឹងផ្សាយរបាយការណ៍មួយនៅថ្ងៃទី១១កក្កដា​ ​ហើយ គេបានភ្ជាប់ឲ្យខ្ញុំនូវតំណនៃរបាយការណ៍នោះដែរ​ ​ https://www.fireeye.com/blog/threat-research/2018/07/chinese-espionage-group-targets-cambodia-ahead-of-elections.html ។​ តំណរបាយការណ៍នោះមានចំណងជើងថា​ Chinese Espionage Group TEMP.Periscope Targets Cambodia Ahead of July 2018 Elections and Reveals Broad Operations Globally (ក្រុមចារកម្មចិន TEMP.Periscope ផ្តោតលើប្រទេសកម្ពុជាមុនការបោះឆ្នោត ខែកក្កដាឆ្នាំ២០១៨​ បង្ហាញនូវប្រតិបត្តិការធំទូលាយពាសពេញពិភពលោក)​ ។

ខ្ញុំបានដឹងដែរថា ប្រទេសចិនចាប់អារម្មណ៍ច្រើនណាស់ទៅលើការបោះឆ្នោតនៅកម្ពុជា ដែលជាប្រទេសមួយចិនត្រូវការឲ្យធ្វើជាកូនក្រកបម្រើផលប្រយោជន៍គេនៅក្នុងនយោបាយត្រួតត្រាសមុទ្រចិនខាងត្បូង​ ។​ តែខ្ញុំសូមសារភាពថា ខ្ញុំមិនដែលនឹកដល់ការចាប់អារម្មណ៍ របស់មហាអំណាចនេះមកលើសកម្មភាពតស៊ូមតិបែបប្រជាធិបតេយ្យ​និងសិទ្ធិមនុស្សរបស់ រូបបុគ្គលខ្ញុំម្នាក់រហូតទៅដល់មហាអំណាចមួយនេះបានតម្រង់ក្រុមចារកម្មឲ្យចូលលូកលាន់លួចប្លន់ទិន្នន័យក្នុងប្រព័ន្ធកុមព្យូទ័ររបស់ខ្ញុំ ពីព្រោះគេបានសម្រេចថា សកម្មភាពរបស់ ខ្ញុំបានគំរាមកំហែងដល់ផលប្រយោជន៍ធំរបស់គេ​ ។

នៅថ្ងៃទី១១កក្កដា ទស្សនាវដ្តី​ Time បានយករបាយការណ៍របស់​ FireEye មកចងក្រងជា អត្ថបទនិពន្ធដោយអ្នកស្រី​ Abby Seiff ក្រោមចំណង​ជើង​ Chinese State-Linked Hackers in Large Scale Operation to Monitor Cambodia’s Upcoming Elections, Report Says​ (របាយការណ៍រាយការណ៍ថា​ពួក​ Hacker​s មានទំនាក់ទំនងជាមួយរដ្ឋចិនធ្វើប្រតិបត្តិការ ទ្រង់ទ្រាយធំទូលាយដើម្បីឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខនៅប្រទេសកម្ពុជា)​ ។​ ខ្ញុំសូម​អញ្ជើញខ្មែរប្រជាធិបតេយ្យ​ ជាពិសេសសកម្មជននិងអ្នកតស៊ូមតិប្រជាធិបតេយ្យ​ អានឯកសារទាំងពីរនេះដើម្បីឲ្យបានយល់និងចៀសវាងការលូកលាន់លួចប្លន់ពីសំណាក់ចារកម្មតាមរយៈអ៊ិនធឺណិត​ ។
ព្រឹត្តិការណ៍ទាំងនេះបានរំខានខ្ញុំមួយរយៈពេលដែលខ្ញុំរវល់ជាប់ដៃរៀបចំអត្ថបទ “កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ២០១៨​ ”​ ជាមួយមិត្តរួមជាតិខ្មែរម្នាក់គឺ​ លោក​ ឆៃ​ ចន្តា (Khemara_kakvey@yahoo.com) អតីតអ្នកជំរំណងចាន់និងសាយធូ ក្នុងជំនាន់កងទ័ព ជាតិរំដោះប្រជាពលរដ្ឋខ្មែរ​ ដើម្បីចែកផ្សាយនៅថ្ងៃទី១២ខែកក្កដាឲ្យស្របនឹងពេលដែល វិទ្យុខ្មែរពិភពលោកផ្សាយសម្លេងផងដែរ​ ។

តាំងតែពីឆ្នាំ២០១៣មក​ FireEye បាន​សិក្សាសកម្មភាពរបស់ក្រុមហ៊ុនចិនដែលគេហៅថា TEMP.Periscope ។ ក្រុមហ៊ុនចារកម្មចិននេះមាន​អាសយដ្ឋាន​ IP (Internet protocol)​ នៅ​ខេត្តហៃណាន់ប្រទេសចិនប្រជាមានិត​ ។​ គេប្រើកម្មវិធីបញ្ជូនមេរោគ​ malware ឲ្យចូលទៅ រុករានបំផ្លាញគ្រឿងកុមព្យូទ័ររបស់អ្នកដែលត្រូវគេបានផ្តោតនិងលួចទិន្នន័យនៅក្នុង ប្រព័ន្ធកុមព្យូទ័រនោះ​ ។​ របាយការណ៍របស់​ FireEye បានបញ្ជាក់ថា​​ TEMP.Periscope បានធ្វើចារកម្មវាយប្រហារតាមរយៈអ៊ិនធឺណិតទៅលើឥស្សរជនខ្មែរនៃគណបក្សជំទាស់​ អ្នកតស៊ូមតិសិទ្ធិមនុស្ស​ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន​ ព្រមទាំងគណៈកម្មាធិការ បោះឆ្នោតជាតិ​ហើយនិងក្រសួងមហាផ្ទៃ​ ក្រសួងការបរទេស​​ និងរដ្ឋសភាខ្មែរ ។ ​ “ភស្តុតាងដែល​យើងប្រមូលបានបញ្ជាក់ឲ្យ​ឃើញច្បាស់ណាស់ថា​ប្រទេសចិនចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើការបោះឆ្នោតនា​​ (ថ្ងៃទី​២៩ )​ ខាងមុខនេះ​ . . . ភាពចលាចលនៅក្នុងប្រទេសកម្ពុជានឹងបង្កើតជាបញ្ហាសម្រាប់ប្រទេសចិនដែលបាន ចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធ​ ជំនួយយោធា​ និងជំនួយ ផ្សេងៗដទៃទៀត​​នៃប្រទេសកម្ពុជា ”​ ។

FireEye បញ្ជាក់ថា​ “ប្រទេសចិនយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅណាស់ចំពោះការងារផ្ទៃ ក្នុងទាំងផ្នែកមិត្តភក្តិនិងទាំងផ្នែកសត្រូវ​ ”​​ — ដែលជាការបញ្ជាក់ម្តងទៀតនូវគោលការណ៍ នយោបាយដែលខ្ញុំបានសរសេរជារឿយៗមកហើយថា​ នៅក្នុងរឿងនយោបាយគឺ​ “គ្មានមិត្តភក្តិឬសត្រូវប្រចាំជីវិតទេ មានតែផលប្រយោជន៍តែប៉ុណ្ណាះ​ ”​ ពោលគឺគេគ្មានបញ្ហា ក្នុងការលូកលាន់លួចប្លន់ពីមិត្តភក្តិក៏ដូចជាពីសត្រូវដែរឲ្យតែផលប្រយោជន៍ជាតិតម្រូវ​ ។​ ដូច្នេះខ្មែរនៅក្នុងជួរគណបក្សប្រជាជនរបស់លោកហ៊ុនសែនដែលយល់ថាមានការគាំទ្រពីប្រទេសចិននោះ​ កុំផុងខ្លួនដេកជឿទាំងស្រុងឲ្យសោះព្រោះមេរៀនបានចង្អុលឲ្យ
ឃើញរួចមកហើយថា បរទេសគេទម្លាក់អ្នកចោលនៅពេលគេមិនឃើញថាអ្នកនៅមាន
ប្រយោជន៍ដល់ គេទៀត​ ។​ រឿងនយោបាយគឺវាតែងតែអញ្ចឹងឯង​​​ ។

តាមអត្ថបទ​ក្នុងទស្សនាវដ្តី Time នៅក្នុងកម្លុងពេលប៉ុន្មានខែនេះ​មានអង្គការសិទ្ធិ​ អ្នកយក ព័ត៌មាន​ និង​អ្នកសង្កេតការណ៍ប្រទេសកម្ពុជាបានរាយការណ៍ថាគេបានសង្កេតឃើញ មានការកើនច្រើនឡើងនៃអ៊ីម៉ែលល្បង​បញ្ឆោត phishing និងអ៊ីម៉ែលប៉ុនប៉ងលូកលាន់លួច ប្លន់​ hacking​ តាមរយៈអ៊ិនធឺណិត​ ដូចមានការវាយប្រហារតាមរយៈអ៊ិនធឺណិតទៅលើ​កុមព្យូទ័ររបស់​នាង​ កឹមមនោវិទ្យា​​ ដោយចារកម្មចិនដែលបានបន្លំប្រើឈ្មោះនិង អាសយដ្ឋានរបស់អង្គការ​លីកាដូ ។

ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទុកគ្រាន់ជាការសញ្ជឹងគិត​ ។ នៅក្នុងខែ មិថុនា​ ខ្ញុំបានទទួលសារអេឡេត្រូណិចពីអ្នកកាសែតម្នាក់ដែលមានឈ្មោះត្រឹមត្រូវ​ ។ លោកបានផ្ញើឯកសារភ្ជាប់​ attachment​ មួយផង​ ។ យើងក៏បានឆ្លងឆ្លើយគ្នាអស់មួយកម្លុងពេលទំរាំខ្ញុំអាចបើកឯកសារភ្ជាប់ចុងក្រោយបាន​ ។​ គឺនៅក្នុងពេលឆ្លងឆ្លើយគ្នានោះឯងដែលចារកម្មចិនឆ្លៀតឱកាសប្រើកម្មវិធីបញ្ចូលមេរោគ​ malware ទៅក្នុងកុមព្យូទ័រខ្ញុំដោយសណ្តោងតាមឯកសារភ្ជាប់របស់អ្នកកាសែតដែល លោកឥតបានដឹងខ្លួនសោះ​ ។​ កម្មវិធីរុករានបំផ្លាញនិងកម្មវិធី​លួចប្លន់ទិន្នន័យនៅក្នុង ប្រព័ន្ធកុមព្យូទ័ររបស់ខ្ញុំបានបង្កើតកង្វល់ដល់ខ្ញុំក្នុងការផ្លាស់ប្តូរគ្រឿងកុមព្យូទ័រថ្មីតែវាមិន បានរំលត់ស្មារតីនិងឆន្ទះតស៊ូរបស់ខ្ញុំដើម្បីលិទ្ធិប្រជាធិបតេយ្យ​និងនីតិរដ្ឋបានទេ​ ។​ ខ្ញុំនៅចាំពាក្យពេជន៍របស់លោកមហាត្មះគន្ធីដែលលោកបានថ្លែងថា​ “អ្នកអាចដាក់ច្រវាក់ខ្ញុំ​ អ្នកអាចធ្វើទារុណកម្មខ្ញុំ​ អ្នកអាចទាំងបំផ្លាញរូបកាយខ្ញុំទៀត​ ក៏ប៉ុន្តែអ្នកនៅតែមិនអាច ដាក់គុកខួរក្បាលខ្ញុំបានទេ​ ”​ ។​

នៅក្នុងជីវិតខ្ញុំនេះខ្ញុំនឹងមិនភ្លេចគុណដល់អ្នកបច្ចេកទេសបរទេសខ្លះដែលមានសប្បុរសធ៌មមកជួយ ការពារគេហទំព័រ​ “គំនិតខ្មែរ”​ ដែលត្រូវបានទទួលការវាយប្រហារយ៉ាងសាហាវ
ពីក្រុមចារកម្មចិនដែលបានលេចចេញជា​ ២០-៣០​ ក្រុមពីគ្រប់ច្រកល្ហកនានា​ ហើយនៅសប្តាហ៍នេះមានក្រុមចារកម្មរុស្ស៊ី​ ប្រឹងវាយបំបែកគេហទំព័រ​ “គំនិតខ្មែរ”​ ជាងប្រាំពាន់ដងក្នុងកម្លុងពេលមួយម៉ោង​ ។​ អ្នកបច្ចេកទេសទាំងនោះបានប្រាប់ខ្ញុំថា​ “លិទ្ធិប្រជាធិបតេយ្យត្រូវតែមានកន្លែងបញ្ចេញសម្លេងមួយ!​ ”​ — ពាក្យសំដីដែលធ្វើ
ឲ្យខ្ញុំស្រក់ទឹកភ្នែក ។

មានខ្មែរអ្នកអានអត្ថបទ​ “កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ២០១៨”​ ម្នាក់បាន ផ្ញើសារអេឡិចត្រូណិចដោយបន្ទាន់​ សុំឲ្យខ្ញុំចុះផ្សាយថា​ពលរដ្ឋខ្មែរដែលទៅបោះឆ្នោតនៅ ថ្ងៃទី២៩នេះ​​ គួរគូសឆូតសន្លឹកឆ្នោតពីលើដល់ក្រោមមុននឹងបញ្ចូលសន្លឹកឆ្នោតទៅក្នុង ប្រអប់សន្លឹកឆ្នោតវិញដើម្បីកុំឲ្យរបបផ្តាច់ការលួចគូសលើឈ្មោះគណបក្សខ្លួន​ ។
​

អំពីអ្នកនិពន្ធ៖​ លោកបណ្ឌិត​ ហ្គាហ្វារ​ ពាងម៉េត​ អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ​ (ឆ្នាំ​ ១៩៨០-១៩៨៩)​ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ​ នៅសកលវិទ្យាល័យកោះ​ Guam ឆ្នាំ​ (១៩៩១​-២០០៤) ។​ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤​ ហើយ​បច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។​ លោកអ្នកអាចមើលគេហទំព័រ​ Website “គំនិតខ្មែរ”​ របស់លោក​ ដែលចារកម្មចិននិងរុស្ស៊ីបានប៉ុនប៉ងលុបបំបាត់មិនឲ្យមើលឃើញ​ តាមអាសយដ្ឋាន​ www.kumnitkhmer.com ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច​ (e-mail) peangmeth@gmail.com