គំនិត​មួយ​ចំនួន​សម្រាប់​ឆ្នាំ​២០១៥​

ដោយ៖​ បណ្ឌិត ហ្គា​ហ្វារ ពាង​ម៉េត​ | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 02:30 PM, (1)

ខ្ញុំ​សូម​ចាប់ផ្តើម​ឆ្នាំ​ថ្មី​២០១៥​នេះ​ដោយ​រំលឹក​ជា​ថ្មី​ថា​៖ គឺ​របៀប​ដែល​យើង​គិត​ជាជាង​អ្វីដែល​យើង​ដឹង ដែល​សម្រេច​កំណត់​គុណភាព​នៃ​ជីវិត និង​អនាគត​របស់​យើង​បាន​។ យើង​ត្រូវតែ​ស្រមៃ​គិត ស្វែងរក និង​ប្រឈមមុខ​ទល់​នឹង​អ្វីៗ​ដែល​យើង​ជឿ​ថា​យើង​បានដឹង​។ នោះ​ហើយ​ជា​របៀប​ដែល​យើង​កែ​លម្អ​ខ្លួន​យើង និង កាលៈទេសៈ​របស់​យើង​។​
•​    
​ការពិត​និង​ពុទ្ធសាសនិក​-​ពុទ្ធ​សាសនិកា​
ជា​អ្នកកាសែត និង​ជា​អ្នកនិពន្ធ លោកស្រី Elizabeth  Becker បាន​ឆ្លុះបញ្ចាំង​ជំនឿ​ខ្មែរ​ទូទៅ​មួយ នៅពេល​នាង​សរសេរថា​៖“​ដើម្បី​ជា​បុគ្គល​ខ្មែរ គេ​ត្រូវតែ​ជា​ពុទ្ធសាសនិក​-​ពុទ្ធ​សាសនិកា​“​។  ខ្មែរ​យើង​ច្រើន​យល់ស្រប​ថា​អីចឹង​មែន​។ ព្រះ​គោតមពុទ្ធ​(៥៦៣​មុន​គស​–៤៨៣​មុន​គស​) បាន​ប្រៀនប្រដៅ​ឲ្យធ្វើ​តែ​អំពើ​ល្អ​ទាំងអស់ ហើយ​ឲ្យ​ជៀសវាង​អំពើអាក្រក់​គ្រប់យ៉ាង  និង​ឲ្យ​ជម្រះចិត្ត​ឲ្យ​ស្អាត​(​តាមរយៈ​ធ្វើ​សមាធិ​)​។  ព្រះពុទ្ធ បាន​ទុក សេចក្ដី​ពិត ដ៏​ថ្លៃថ្នូ​ទាំង​បួន និង​ផ្លូវ​៨​ឲ្យ​មនុស្សលោក​អនុវត្តតាម​។​

ក៏​ប៉ុន្តែ​សូម​មើល​នៅ​ជុំវិញ​ខ្លួន​យើង​។ មើល​ចុះ​ក្នុង​ចំណោម​មិត្តភក្តិ​បងប្អូន​បង្កើត និង​រួម​ញាតិ ដែល​មាន​ប្រាជ្ញា​ឆ្លាត​វៃ​, មើល​នៅ​ក្នុង​ការិយាល័យ​, រវាង​អ្នក​រស់នៅ​ជិតខាង​, រវាង​មនុស្ស​ក្នុង​សហគមន៍ និង​ប្រជាជាតិ​នានា​, យើង​មើលឃើញ​មាន​ពិភព​រង្គៀស​ប៉ះទង្គិច  មាន​ភាព​មិន​ចុះសម្រុង​គ្នា  ភាពច្របូកច្របល់ និង​ការ​អាក់អន់ចិត្ត​រវាង​គ្នា​។ មនុស្ស​យើង​ច្រើន​ចូលចិត្ត និយាយ​ពាក្យ​ពិ​សុទ្ធិ — គេ​ទៅ​វត្ត​អា​រ៉ា​ម គេ​ទន្ទេញ​ចាំ​ស្ទាត់​នូវ​ធម៌អាថ៌ — តែ​អ្វីៗ​ដែល​គេ​និយាយ មិនសូវ​ចុះសម្រុង​នឹង​អ្វី​ដែល​គេ​ធ្វើ​ឡើយ​។​
​ព្រះពុទ្ធ​បាន​ឲ្យ​ឱវាទ​ថា​“​បើ​ទោះបីជា​អ្នក​បាន​សូត្រ និង​បាន​អាន​ពាក្យពេចន៍​ដ៏​ពិសុទ្ធិ​ច្រើន​យ៉ាងណាក្តី តើ​វា​អាច​បាន​ផល​ប្រយោជន៍​អ្វី​ទេ បើ​អ្នក​មិន​អនុវត្ត​ពាក្យ​ពិសុទ្ធិ​ទាំងអស់នោះ​?”​។    

​ក្របខ័ណ្ឌ​សម្រាប់​ការយល់ដឹង​មួយ​ អ្នក​ប្រាជ​ផ្នែក​វិញ្ញាណ​ឥណ្ឌា ឈ្មោះ Jiddu  Krishnamuri មើលឃើញ​ជីវិត​មនុស្ស​ថា​ជា​“​ការតស៊ូ​ឥត​ចេះ​ចប់ — ជា​សមរភូមិ​ច្បាំង​នៅ​ខាងក្នុង​ខ្លួន​ផង និង​នៅ​ខាងក្រៅ​ខ្លួន​ផង​“​។ ដោយ​ក្តី​លម្អៀង មនុស្ស​តែង​មើលឃើញ​ខ្លួនឯង​សំខាន់​ជាង​អ្វីៗ​ទៀត​ទាំងអស់​។ ការមើលឃើញ​តែ​ខ្លួនឯង​រះ​ចិញ្ចែង​ម្នាក់ឯង កណ្តាល​ពិភពលោក ជា​កត្តា​រារាំង​មិនឲ្យ​ខ្លួនឯង​កសាងបាន​នូវ​ជីវិត​ប្រកបដោយ​សុ​វត្តិភាព សុខ​សប្បាយ​និង​មាន​ប្រាជ្ញា​ឆ្លាត​វៃ​។​
​សូម​នឹក​ចាំ​ដល់​សៀវភៅ​“​ចារិក​ខ្មែរ​” ដែល​បាន​សរសេរ​ដោយ​លោក ប៊ុន ចាន់​ម៉ុល អ្នកទោសនយោបាយ​ខ្មែរ​ជាប់គុក​នៅ​កោះ​ត្រឡាច​ជំនាន់​បារាំង​ត្រួតត្រា​ប្រទេស​ខ្មែរ​។ លោក ចាន់​ម៉ុល បាន​សូម​ឲ្យ​ខ្មែរ​បោះបង់ចោល​ពាក្យ​ថា​“​អាត្មាអញ្ញ​” ដែល​ដាក់​នៅ​លើ​កំពូល​បុគ្គលិកលក្ខណៈ​ខ្មែរ​ដែល​ជា​អត្ត​ចរិក​មួយដ​ក់​ជាប់​ក្នុង​ខ្លួន​មក​ជា​យូរ​ហើយ​។​
​លោក​សា​ស្រា​ចារ្យ Jonathan Haidt ផ្នែក​ចិត្ត​វិទ្យា​សង្គម នៅ​សាកលវិទ្យាល័យ​ញូយ៉ក បាន​និយាយថា នៅ​គ្រប់​វប្បធម៌​ជាតិ​សាសន៍​ទាំងឡាយ​ក្នុង​លោក​ទាំងមូល​មាន​សមាជិក​ដែល​បាន​ធ្វើឲ្យ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​នោះ​“​មាន​និន្នាការ​មើលឃើញ​ខ្លួនឯង​ថា សុចរិត​ល្អ​ហួសហេតុ បណ្តាល​ឲ្យ​ខ្លួនឯង​មើលឃើញ​ពិភព​នៅ​ជុំវិញ​ខ្លួន បែងចែក​ជា​ល្អ​មួយ​ចំហៀង និង​អាក្រក់​មួយ​ចំហៀង​ទៀត​” –​នេះ​គេ​ហៅថា “​ពួកយើង​ល្អ ពួកគេ​ម្ខាង​ទៀត​អាក្រក់​“​។ អ្នក​ទាំងនេះ​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​គេ​បង្កើត​ដោយ​គំនិត​ខ្លួនគេ — “​គឺ​ពិភព​ប្រមាថ ពិភព​ឱកាស ពិភព​និមិត្តសញ្ញា​សក្តិ​យស​សន៍ និង​ពិភព​ផិត​ក្បត់​“​។​

​ព្រះពុទ្ធ​បរមគ្រូ និង​លោកគ្រូ​ចិន ខុង​ជី  (Confucius ៥៥១ មុន​គស​–៤៧៩​មុន​គស​) បាន​ប្រៀនប្រដៅ​ថា​:  “​ភាព​រាបសារ គឺជា​គ្រឹះ​យ៉ាង​មាំ​នៃ​គុណធម៌​ទាំងអស់​“​។ ភាព​រាបសារ  គឺ​ការចាត់ទុក​ដាក់​ខ្លួនឯង​មិន​អោយ​ខ្ពស់​, គឺ​ការចេះ​បន្ទាបខ្លួន​, ការបំបាត់​អំនួត  និង​បំបាត់​ភាព​ក្រអឺតក្រទម​។  ភាព​រាបសារ​ឈរ​បញ្ច្រាស់​នឹង​ពាក្យ ខ្ញុំ​(​ប្រធាន​),​ខ្ញុំ​(​កម្ម​បទ​), របស់ខ្ញុំ​, និង​អាត្មាអញ្ញ​។​

  • ​    ​បង្កើត​មន្ទិលសង្ស័យ​
    ជំនឿ និង​ការទុកចិត្ត​ជា​គ្រឹះ​នៃ​ទំនាក់ទំនង​របស់​មនុស្ស​លោក ។ នៅពេល​ណា​ភាព​ការសង្ស័យ​ចូលដល់​ការទុកចិត្ត​រវាង​គ្នា និង​គ្នា​ចាប់ផ្តើម​ធ្លាក់​ទាប​។ នៅពេល​ការទុកចិត្ត​ធ្លាក់​ទាប ការគោរព​នឹង​ចុះ​អន់ថយ​។ លោកគ្រូ​ចិន ខុង​ជី បាន​សួរថា​: “​បើ​គ្មាន​អារម្មណ៍​គោរព​គ្នា​ទៅវិញទៅមក​ទេ តើ​មាន​អ្វី​នឹង​ធ្វើឲ្យ​មនុស្ស​លោក​ខុស​ពី​សត្វ​សាហាវ​ទៅ​? ” ។​ព្រះពុទ្ធ​ក៏បាន​ព្រមាន​រួចហើយ​ថា​: “​ការសង្ស័យ​បំបែក​មនុស្សលោក . . .
    ​បំបែក​មិត្តភាព  បំបែក​ទំនាក់ទំនង​រីករាយ . . . ការសង្ស័យ​ជា​បន្លា​មួយ​ចាក់អោយ​ក្តៅក្រហាយ និង​ឈឺ  ជា​ដាវ​ដែល​សម្លាប់​មនុស្ស​។ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ជាង​ទម្លាប់​នៃ​ការសង្ស័យ​នោះឡើយ​។ “​មាន​បុគ្គល​ខ្លះ ខំ​បង្កើត​ទំលាប់​ធ្វើ​បទ​បរិហាកេរ្តិ៍  និង បង្កើត​ព័ត៌មាន​មិន​ពិត​។ ពួកគេ​ខំ​ជីក​កកាយ​ស្វែងរក​អំពើ​កខ្វក់ ហើយ​វាយប្រហារ​ធ្វើឃាត​តួអង្គ​និមួយៗ ក្នុង​បំណង​បន្សាប​ជំនឿ​ទុកចិត្ត​ក្នុងសង្គម​។ នេះ​ជា​ប្រធានបទ​មួយ​ដែល​លោក ប៊ុន ចាន់​ម៉ុល បានកត់សម្គាល់​រៀបរាប់​ក្នុង​“​គំនិត​សងសឹក​ស៊ូ​ពូជ​” “​គំនិត​ផ្ចាញ់ផ្ចាល់​” ។ ក្នុងចំណោម​បុគ្គល​ដែល​ប្រព្រឹត្ត​សិល្ប​:​ងងឹត​យ៉ាងនោះ​មាន​ខ្លះ គិត​ថា​ប្រហែល​នឹង​បាន​ទទួល​កម្រៃ​អ្វី​មួយ​ពី​របប​សង្គម​ដែល​ពួកគេ​គ្រប់គ្រង​។​

​លោក​សាស្ត្រាចារ្យ​Haidt​បានសរសេរថា​:”​នៅពេល​បក្សប្រឆាំង​ចោទប្រកាន់​គ្នា​អាក្រក់​ដូច​បិសាច​ជាជាង​ពិភាក្សា​ដេញដោល​គ្នា​នោះ  សីលធម៌ និង​សុជីវធម៌​ក្នុង​ការសម្របសម្រួល និង​ការសហការ​នឹង​ក្លាយជា​កង្វះ ហើយ​ក៏​ធ្វើឲ្យ​មនុស្ស​ផ្តើម​ជឿ​ថា​គោលដៅ​របស់​គេ​ដែល​គេ​យល់​ថា​មាន​គុណធម៌​ត្រូវ នឹង​អនុញ្ញាតឲ្យ​គេ​ប្រើ​មធ្យោបាយ​គ្រប់យ៉ាង ដើម្បី​ឈោង​ចាប់​គោលដៅ​ទាំងនោះ​ដោយ​គ្មាន​សីលធម៌ ឬ​សុជីវធម៌​“​។​

  • ​    ​វប្បធម៌​នៃ​ការសន្ទនា​គ្នា​
    អ្នកនយោបាយ​ខ្មែរ​បាន​ចាប់ផ្តើម​និយាយ​ច្រើន​អំពី​“​វប្បធម៌​នៃ​ការសន្ទនា​គ្នា​“​។ វិទ្យាស្ថាន​មិន​រក​កម្រៃ Co-Intelligence បាន​ថ្លែងថា​:”​ទំនាក់ទំនង​ទាំងអស់​មិនមែន​សុទ្ធ​ជា​ការសន្ទនា​ទេ “​។ ការសន្ទនា​គឺ​“​ការ​ស្វែង​រួម​គ្នា​រក​ការយល់ដឹង រក​តំណ​ភ្ជាប់ ឬ រក​លទ្ធភាព​ណាមួយ​ដែល​អាចឲ្យ​គេ​ធ្វើ​អ្វី​មួយ​បាន​“​។ នៅក្នុង​ការសន្ទនា ភាគី​ទាំងអស់​ធ្វើការ​ឆ្ពោះទៅរក​ចំណុចរួម និង​ការយល់ដឹង ដោយ​ភាគី​និមួយៗ​មិន​ភ្លេច​កង្វល់​ភាគី​ផ្សេងទៀត — គេ​ស្ដាប់​គេ​គិត គេ​សហការ ដើម្បី​ឈោង​ចាប់​ផល​ទាំងមូល — ផល​ដែល​ជំពាក់ជំពិន​ទាំងអស់គ្នា — និង​រក​ដំណោះស្រាយ​មួយ​ដែល​អាចអនុវត្ត​បាន​។

ការសន្ទនា​មិនមែន​ជា​ការប្រឈមមុខ​តតាំង​គា្ន​ទេ​។  ភាគី​មួយៗ​មិន​ស្វែងរក​សិទ្ធិ​សម្រាប់តែ​ខ្លួនឯង​ហើយ​ធ្វើឲ្យ​សិទ្ធិភាគី​ដទៃ​បាត់បង់​នោះឡើយ​។ សន្ទនា​ការ​ជា​ការពិភាក្សា​បើកចំហរ​។​

  • ​    ​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​
    អ្នកអាន​មួយ​ចំនួន — រួម​នឹង​មិត្តភក្តិ​និង​អ្នក​ស្គាល់​ខ្លះ — មិន​សប្បាយចិត្ត​ដោយ​ខ្ញុំ​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូល​រួម​អង្គុយ​ក្នុង​រដ្ន​សភាជាតិ ទោះបី​មាន​ការបរាជ័យ​ក្នុង​ការទទូច​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី និង​ការ​ចោទ​លួច​បន្លំ​សន្លឹកឆ្នោត​ដែល​បាន​ផ្តល់​កៅអី​ចំនួន​៦៨​កន្លែង​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ផ្ដល់​កៅអី​តែ​៥៥​កន្លែង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​។​

ខ្ញុំ​បាន​សរសេរថា​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ត្រូវតែ​ធ្វើការ​ឲ្យ​ខ្លាំងក្លា​បំរើ​ប្រជា​ពល​រដ្ន​ដែល​បាន​បោះឆ្នោតឲ្យ​ពួកគេ​ចូល​ធ្វើការ បម្រើ​ប្រជា​ពល​រដ្ន​នៅក្នុង​រដ្ន​សភាជាតិ ហើយ​ពួកគេ​ត្រូវតែ​រាយការណ៍​ប្រាប់​ប្រជា​ពល​រដ្ន និង​សហគមន៍​អន្តរជាតិ​ឲ្យដឹង​ជា​បន្តបន្ទាប់ ឲ្យបាន​ច្បាស់​អំពី​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​។ ពលរដ្ឋ​ខ្មែរ​អ្នកបោះឆ្នោត និង​ពិភពលោក​នឹង​ដឹង​ថា​នរណា​ជា​អ្នកប្រព្រឹត្ត​អំពើ​ព្យាបាទ​។​

ខ្ញុំ​បាន​បញ្ចេញ​ការខកចិត្ត​ដល់​វោហា​សាសន៍ និង​ការ​ញុះ​ញាំ​ង​សតិអារម្មណ៍​ខ្មែរ​ឲ្យ​ប្រឆាំង​នឹង​យួន​ដោយ​មេដឹកនាំ​សង្គ្រោះ​ជាតិ​។  ខ្ញុំ​បាន​ដាស់ះតឿន សូម​ឲ្យ​ចេះ​ប្រកាន់​នូវ​ឥរិយាបថ​ជា​រដ្ឋបុរស បង្ហាញ​អោយ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ទុកចិត្ត​ជឿ​បាន​ថា​មេដឹកនាំ​សង្គ្រោះ​ជាតិ​អាច​ជា​ជម្រើស​ផ្លាស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​។​

នៅក្នុង​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៣  ប្រជាពលរដ្ឋ​ចំនួន​៩.៦៧​លាន​នាក់ មាន​សិទ្ធិ​បោះឆ្នោត​; មាន​សន្លឹកឆ្នោត​បោះ​ចំនួន​៦.៦២​លាន​សន្លឹក​;  អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៦៨​ភាគរយ​នាក់​។ តាម​របាយការណ៍​មាន​សន្លឹកឆ្នោត​៣.២​លាន​សន្លឹក​(៤៨.៨​ភាគរយ​) បោះ​ឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ទោះបី​មាន (​ការ​ចោទ​ពី​) ការលួចបន្លំ​សន្លឹកឆ្នោត​ក៏ដោយ​; រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល ២.៩​លាន​សន្លឹកឆ្នោត​(៤៤.៤​ភាគរយ​)​។ លទ្ធផល​នោះ​គឺ​គ្មាន​បាន​ផ្ដល់​ជ័យជម្នះ​ច្រើន​លើសលប់​ឯ​ណា​មួយ​ជូន​លោក ហ៊ុន សែន​–CPP​ទេ​។  លោកនាយក​រដ្ឋមន្ត្រី និង​CPP មានតែ​ស្ថានសួគ៌​ទេ​ដែល​គួរ​ត្រូវ​អរគុណ​ចំពោះ​គណបក្ស​តូចៗ​កន្លះ​ឡូ​ទៀត​ដែល ប្រកួតប្រជែង​ដកហូត​សន្លឹកឆ្នោត​កន្លះ​លាន​សន្លឹក​ដែល​អាច​ឲ្យ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​បាន​។ គេ​អាច​មើលឃើញ​អនាគត​ចារ​ជា​លេខ​អក្ស​រលើ​ជញ្ជាំង​រួចជាស្រេច​ទៅហើយ​។​

អីចឹង លោកនាយក​រដ្ឋមន្ត្រី​មិនមែន​ជា​បុគ្គល​ខ្វាក់​មើល​មិនឃើញ​នោះទេ​។​៣០​ឆ្នាំ​ក្រោយ​ពី​កាន់​អំណាច​មក លោក​ហ៊ុន សែន​មិន​ល្ងង់​ប្រថុយ​ការ​បង្ហូរឈាម​ឡើយ​។ ពលរដ្ឋ​ខ្មែរ​ទូទៅ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​អ្នកដឹកនាំ​កម្ពុជា​។ អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​HRW​បាន​ចោទប្រកាន់​ថា​“​លោក​ហ៊ុន​សែន​ត្រូវបាន​ជុំពាក់ជំពិន​ក្នុង​រង្វង់​ធំ​ទូលំទូលាយ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ផ្សេងៗ ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​; ទារុណកម្ម​; ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​; ការកាត់ទោស​រហ័ស​បន្ទាន់​; ការត្រួតពិនិត្យ​សង្កត់សង្កិន​; ការហាមឃាត់​ជួបប្រជុំគ្នា និង​ចូលរួម​ជា​សមាគម​; ការបង្កើត​បណ្តាញចារកម្ម និង​បណ្តាញ​ស៊ើបការណ៍​ថ្នាក់ជាតិ​ក្នុង​គោលបំណង​បំភ័យ និង​កំហែង​សំឡុត​ឲ្យ​សាធា​រ​ជន​អោយ​បាក់​ស្បាត​“​។​

​គ្មាន​រដ្ឋាភិបាល​ឯណា​អាច​នៅ​កាន់​អំណាច​បាន​ទេ បើ​គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ លោក​Eric Blair (១៩០៣–១៩៥០) អ្នកនិពន្ធ និង​ជា​អ្នក​រិះគន់​ជាតិ​អង់គ្លេស​ដែល​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ជា​George Orwell បានសរសេរថា​“​ប្រសិនបើ​មាន​មនុស្ស​ចំនួន​ច្រើន​ចង់ឲ្យ​មាន​សេរីភាព​ក្នុងការ​បញ្ចេញយោបល់  សេរីភាព​ក្នុងការ​បញ្ចេញ​យោបល់​នឹង​កើតឡើង​បាន ទោះបីជា​មាន​ច្បាប់​ហាមឃាត់​ក៏ដោយ​។  ផ្ទុយទៅវិញ បើ​យោបល់​សាធារណ​ជន​មាន​ភាព​ខ្សោយ​ស្តូកស្តឹង ជនភាគតិច​ដែល​មាន​មតិ​ជំទាស់​ទោះជា​មាន​ច្បាប់​ការពារ​ពួកគេ​ក៏​ដោយ​ពួក​គេ​ប្រាកដជា​រង​ការ​ធ្វើបាប​ដែរ​“​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​វីរជន​កម្ពុជា​ឆ្លាត​វៃ​មាន​ក​ល្បិច កំពុងតែ​ត្រូវ​ឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​ត្រូវបាន​ប្តឹង​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទីក្រុង​The Hague ចោទប្រកាន់​“​វីរជន​ដឹកនាំ​“​កម្ពុជា​។ នៅពេល​ការបោះឆ្នោត​ឆ្នាំ​២០១៨ ចេះ​តែ​រំកិល​ចូល​ជិត​ហើយ​, បុរស​ខ្លាំង​ហ៊ុន​សែន ដែល​ច្រើន​ជឿ​ខ្លួនឯង​ជា​ខ្មែរ​Machiavelli ពូកែ​យុទ្ធសាស្ត្រ​សាម​កុក​ត្រូវ​នៅ​ឈមមុខ​ទល់នឹង​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​បរមគ្រូ​ថា​“​គ្មាន​អ្វី​នឹងនរ​នៅក្នុង​ជីវិត​នោះទេ​“​។  ទោះជា​ទាំងមុខ​ក្រ​ញ៉ូវ ក៏​លោក​ហ៊ុន​សែន​ធ្វើ​ជា​ខំ​ធ្វើ​ការកែទម្រង់​ខ្លះៗ​ដែរ ព្រោះ​មិនមែន​មិន​ចង់ទុក​កេរ្តិ៍តំណែល​ឲ្យបាន​គួរសម​បន្តិចឯ​ណា​។​

​ប៉ុ​នែ្ត​មាន​អ្នកគាំទ្រ​ដាច់​ណាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​រាល់​ទំនាក់ទំនង​ណាមួយ​ជាមួយ​បក្ស​ប្រជាជន​ថា​ប្រាកដ​ជា​ទទួលបាន​នូវ​ការបោកប្រាស់​។ ខ្លះ​ចោទប្រកាន់​មេដឹកនាំ​សង្គ្រោះ​ជាតិ​ថា​បាន​ក្បត់​នឹង​គោលការណ៍​ទៀតផង​។​

​នៅពេល​ដែល​ប្រឈមមុខ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ដែល​ពូកែ​ខាង បំបែកបំបាក់​ដើម្បី​ត្រួតត្រា ទិញ គំរាមកំហែង ចាប់​ដាក់គុក បង្កើន​ការសង្ស័យ មាន​សមាជិក​នៅក្នុង​ជួរ​សង្គ្រោះ​ជាតិ បែរជា​ធ្វើឲ្យ​ខ្លួន​ឯង​ខូចខាត ដោយ​បង្កើត​របួស​ដល់​បក្ស​ខ្លួនឯង​ទៅ​វិញ ។ ការខ្វែងគំនិត​ក្នុង​ជួរ​ដឹកនាំ​កាន់តែ​រីក​ឡើង​។​

  • ​    ​គិត​ដល់​ឆ្នាំ​២០១៨
    ​មាន​ខ្លះ​បាន​និយាយថា លោក ហ៊ុន សែន ចង់ឲ្យ​មាន​ការប្រកួត​ប្រជែង​ត្រីកោណ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ខ្លួន​លោក​បាន​នៅ​កាន់​អំណាច​តទៅទៀត​។ ខ្ញុំ​មើល​ឃើញ​ថា លោក​ស្វាគមន៍ កំណើត​គណបក្ស​នយោបាយ​ថ្មីៗ​ឲ្យបាន​ច្រើន ព្រោះ​ចង់បង្ហាញ​ពី​ការរីក​ព្រោងព្រាត​នៃ​ការ​ប្រណាំងប្រជែង​នៅ​ក្រោម​របប​គ្រប់គ្រង​របស់​លោក​។ តែ​វា​ក៏​នឹង​ទាញ​សន្លឹកឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បាន​កើតមាន​ក្នុង​អតីតកាល​ដែរ​។ យ៉ាង​ដូច្នេះ​ហើយ​ទើប​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបាន​គេ​ស្វាគមន៍​ដំឡើង​ទឹកចិត្ត​ឲ្យ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​;  ចលនា​ខ្មែរ​សម្រាប់​ខ្មែរ​របស់​លោក កែម ឡី​; ចលនា​សំបុក​ឃ្មុំ​របស់លោក ម៉ម សូណង់ដូ​;  ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក​សួន សេរី​រដ្ឋា​;  បន្ថែម​ទៅលើ​គណបក្ស​តូចៗ​ដែល​មាន​រួចមកហើយ​អាច នឹង​បំបែក​សន្លឹកឆ្នោត​រាប់សែន​សន្លឹក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រវីរវល់​អនុ​វត្ត​យុទ្ធសាស្ត្រ​សាម​កុក​។ ចុះ​ខ្មែរ​ប្រជាធិបតេយ្យ​និយម​កំពុង​ធ្វើ​អី្វ​ដែរ​?

​អត្ថបទ​ដើម “CAMBODIA Some Thoughts for2015″ ចុះ​ផ្សាយ​ថ្ងៃ​ទី ១៥ មករា ២០១៥ នៅ​គេហទំព័រ​Asian Human Right Commission

​អំពី​អ្នកនិពន្ធ​:- បណ្ឌិត ហ្គា​ហ្វារ ពាង​ម៉េត បាន​ចូលនិវត្តន៍ ពី​សាកលវិទ្យាល័យ​កោះ​Guam​។ លោក​បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន​១៣​ឆ្នាំ​។ ទាក់ទង​លោក​តាមរយៈ​peangmeth@gmail.