គិតឲ្យហួសពីការបោះឆ្នោត
គិតឲ្យហួសពីការបោះឆ្នោត
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨
| www.kumnitkhmer.com
បើយើងចេះចុចឲ្យចំចំណុចត្រូវនិងឲ្យចំពេលវេលាវា អ្វីដែលហាក់ដូចជានៅនឹងថ្កល់ហើយមិនអាចកែប្រែបាន វាបែរជាអាចកែប្រែបានទៅវិញ ។ www.kumnitkhmer.com
|
នៅក្នុងសង្គ្រាមរវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្តាច់ការគ្មានទីកន្លែងសម្រាប់អព្យាក្រិតភាពទេ ។ និយាយឲ្យខ្លី នៅក្នុងលទ្ធិប្រជាធិបតេយ្យពលរដ្ឋមានជម្រើសគឺអាចរើសយកអ្វីដែលល្អបំផុត សម្រាប់គេ រីឯរបបផ្តាច់ការវិញគេតម្រូវឲ្យពលរដ្ឋធ្វើតាមបង្គាប់គេ ។ បើលទ្ធិប្រជាធិបតេយ្យ ឈ្នះក្នុងការប្រកួតប្រជែង ពលរដ្ឋនឹងមានអុក្ស៊ីហ្សែនដើម្បីរស់និងធ្វើការជ្រើសរើស ក៏ប៉ុន្តែបើ របបផ្តាច់ការឈ្នះវិញ វានឹងបញ្ជាពលរដ្ឋឲ្យរស់នៅក្នុងទ្រុងទាសភាពរបស់គេ។
ខ្ញុំតែងបានរំលឹកនូវពាក្យពេចន៍ដ៏មានខ្លឹមសារមួយឃ្លាខ្លីរបស់ទស្សនៈវិទូជាតិអៀរ៍ឡង់ម្នាក់ឈ្មោះលោក អេឌម៉ុងដ៍ ប៊ឿរ៍គ Edmund Burke កើតក្នុងឆ្នាំ១៧២៩និងស្លាប់ក្នុងឆ្នាំ ១៧៩៧ដែលមនុស្ស លោកបានយកមកបន្ទរជាបន្តរហូតដល់បច្ចុប្បន្នថា “អ្វីចាំបាច់តែមួយគត់ដែលធ្វើឲ្យអំពើអាក្រក់
មានជោគជ័យបានគឺមកពីមនុស្សល្អនៅស្ងាត់ស្ងៀម”។ នៅឱកាសបោះឆ្នោតឆ្នាំ២០១៨ កន្លងមក
នេះ ខ្ញុំនឹកអាណិតដល់ពលរដ្ឋខ្មែរស្លូតត្រង់នៅស្រុកខ្មែរដែលត្រូវបានទទួលរងការគាបសង្កត់ ពីសំណាក់ក្រុមអ្នកនយោបាយខ្មែរដែលមានម្ខាងព្រមានថា នរណាមិនទៅបោះឆ្នោតនៅថ្ងៃ ទី២៩កក្កដាទេ នោះគឺជាមនុស្សក្បត់ជាតិនិងម្ខាងទៀតអំពាវនាវដល់ពលរដ្ឋឲ្យធ្វើពហិការ
ការបោះឆ្នោតដោយនាំគ្នា “នៅផ្ទះឈ្នះឆ្នោត”ព្រោះការចូលរួមបោះឆ្នោតជាការធ្វើធម្មានុរូបកម្ម របបផ្តាច់ការឲ្យមានភាពត្រឹមត្រូវតាមច្បាប់ ។ នេះគឺប្រៀបបានទៅនឹងស្ថានភាពមួយដែលខ្មែរ យើងនិយមថ្លែងថា “ចុះទឹកក្រពើ ឡើងលើខ្លា”ដែលបង្កើតជាសំនួរថា ចុះហេតុម្តេចក៏ពលរដ្ឋខ្មែរ សុខចិត្តចុះទៅក្នុងទឹកនៅតែកន្លែងមានក្រពើឬឡើងទៅលើនៅតែកន្លែងមានខ្លា?ការប្រើរបៀប គិតច្នៃប្រឌិតនិងត្រិះរិះពិចារណាអាចជួយរំដោះយើងពីទ្វេគ្រោះនេះបាន ។
អកុសលកម្មរបស់ខ្មែរដែលខ្ញុំបានសរសេររួចមកហើយគឺថា ទោះបីខ្មែរទៅឬមិនទៅបោះឆ្នោត របបផ្តាច់ការបានរៀបចំយ៉ាងប្រណិតរួចជាស្រេចថា គេមិនអាចចាញ់ឆ្នោតបានទេព្រោះគេចង់បន្ត ការត្រួតត្រាកម្ពុជាចំនួន៥ឆ្នាំទៀតរហូតដល់ឆ្នាំ២០២៣ ។ របបប្រជាធិបតេយ្យគ្រប់គ្រងប្រទេសតាមរយៈនីតិរដ្ឋ របបផ្តាច់ការត្រួតត្រាប្រទេសដោយបង្កើត ច្បាប់ដើម្បីបំបិទសិទ្ធិសេរីភាពការពារអំណាចកុំឲ្យរបូតពីកណ្តាប់ដៃគេ ៖ គេគំរាមកំហែងក្រុមអ្នក តស៊ូមតិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គេអនុវត្តយុទ្ធសាស្ត្រចាប់ចងចោទអ្នកដែលមានមតិមិន ដូចគេ គេបានរំលាយចោលគណបក្សធំនិងប្រកបដោយប្រជាប្រិយភាពតែមួយគត់ គឺគណបក្ស សង្គ្រោះជាតិដែលមានលទ្ធភាពយកជ័យជំនះលើគេបាន គេបង្កើតអសន្តិសុខនិងចោទប្រកាន់ អ្នកមុខអ្នកការនៃគណបក្សជំទាស់ថាបានប្រព្រឹត្តអំពើក្បត់ជាតិ គេសម្រួលឲ្យគណបក្សតូចៗជា ច្រើនចូលទៅ “ប្រកួត” នៅក្នុងការបោះឆ្នោតក្នុងគោលឆ្ពឹនភ្នែកពិភពលោកថា របបគេអនុវត្តលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៩៣និងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ។ល។ និង ។ល។ ដោយសំអាងទៅលើការគាំទ្រពីប្រទេសមហា អំណាចចិន គេមិនខ្វល់នឹងការរិះគន់ថ្កោលទោសពីសំណាក់ប្រទេសណាមួយទេ ។ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាកន្លងមកនេះទេ ។ព័ត៌មាន បណ្តោះអាសន្នបានឲ្យដឹងថា មានពលរដ្ឋខ្មែរជាង ៦.៩ លាននាក់ឬជាង៨២ ភាគរយនៃ បណ្តារាស្ត្រខ្មែរទាំងអស់ជាង ៨.៣ លាននាក់ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ បានទៅបោះឆ្នោតនៅថ្ងៃទី២៩នោះ ហើយនៅក្នុងចំនួនសន្លឹកឆ្នោតជាង ៦.៩លានសន្លឹកនៅក្នុង ប្រអប់ឆ្នោត គណបក្សប្រជាជនបានទទួលសន្លឹកឆ្នោតជាង ៦.៣លានសន្លឹកឬច្រើនជាង៧០ ភាគរយ – គណបក្សរាជានិយមហ្វុនស៊ិនប៉ិចជាង៥ភាគរយ – គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាង៤ភាគរយ ។ គេថាគណបក្សប្រជាជនបានទទួលអាសនៈសភាចំនួន១១៤ក្នុងចំនួនអាសនៈ សភាទាំងអស់១២៥ – គណបក្សរាជានិយម៦ – គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ៥ ។ រីឯគណបក្ស តូចៗចំនួន១៧ទៀតដែលបណ្តាជនខ្មែរបានឲ្យឈ្មោះថាជា “គណបក្សអំពិលអំពែករម៉ីករម៉ក់ ” ដែលបញ្ចេញពន្លឺតែក្នុងពេលបោះឆ្នោតរួចហើយរលត់បាត់ទៅវិញទៅ មិនបានទទួលអាសនៈ សភាសូម្បីតែមួយក៏គ្មានដែរ ។ ខ្ញុំនឹកគិតថាយ៉ាងណាម៉ិញក៏របបផ្តាច់ការនៅភ្នំពេញបានទុកមុខ ទុកមាត់ឲ្យគណបក្សតូច២ដែរមិនហ្សេរ៉ូទាំងអស់ទេ។
តែពីរថ្ងៃក្រោយមក គឺនៅថ្ងៃចន្ទទី៣១ខែកក្កដា គណបក្សប្រជាជនបានប្រកាសថា នៅក្នុងការ បោះឆ្នោតថ្ងៃទី២៩កក្កដា ពលរដ្ឋខ្មែរអ្នកបោះឆ្នោតបានប្រគល់អាសនៈសភាទាំងអស់១២៥ទៅ
ឲ្យគណបក្សប្រជាជនហើយ ។គំនិត “ពហុនិយម”ត្រូវបានសម្រេចនិងបញ្ចប់សព្វគ្រប់ហើយ!
ភាពប្រសប់ឆ្លាតវៃរបស់លោកហ៊ុនសែនបានបញ្ចេញរូបរាងច្បាស់នៅពេលលោកចាប់លេងល្បែងដែលសហគមន៍អន្តរជាតិចូលចិត្តក្រៃលែងគឺល្បែង“លទ្ធិប្រជាធិបតេយ្យនីតិវិធី”ឬ procedural democracyដែលយកការបោះឆ្នោតជាកត្តាសំខាន់។ លោកបានធ្លាប់ពិសោធរួចមកហើយតាំងពី ជំនាន់“អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា”ឬUnited Nations Transitional Authority in Cambodia(UNTAC) មកម្ល៉េះ ។ លោកបានធ្វើជាមិនដឹងមិនឮអំពីសម្រែកសហគមន៍អន្តរជាតិ ថ្លែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ឲ្យបណ្តុះបង្កើតនៅលើដីកម្ពុជានូវធាតុ សំខាន់ៗនៃ“លទ្ធិប្រជាធិបតេយ្យសារជាតិ”ឬ substantive democracy ដែលមានសេរីភាព សិទ្ធិមនុស្ស នីតិរដ្ឋ ការបែងចែកអំណាចរដ្ឋ ។ល។ និង ។ល។ “អ៊ុនតាក់”បានទទួលបរាជ័យក្នុង ការបណ្តុះបង្កើតនូវធាតុចាំបាច់ទាំងឡាយនេះជូនពលរដ្ឋខ្មែរព្រោះប្រទេសសំខាន់ៗនៅក្នុង សហគមន៍អន្តរជាតិបានឮស្នូរជួងផ្តល់សញ្ញាថា ដល់ម៉ោងត្រូវវិចបង្វិចត្រឡប់ទៅផ្ទះគេវិញ
ហើយ។ គេក៏ចំណាយពេលខ្វល់ខ្វាយតែអំពីការបោះឆ្នោតឆ្នាំ១៩៩៣ គេប្រកាសថាដល់ពេល ពលរដ្ឋខ្មែរបោះឆ្នោតរើសមេដឹកនាំហើយទោះបីលោកហ៊ុនសែននិងគណបក្សប្រជាជននៅកាន់
អំណាចបានធ្វើព្រងើយកន្តើយដល់បដិញ្ញានៃកិច្ចព្រមព្រៀងក្តី ។ លោកហ៊ុនសែនបានបោះឆ្នោត
ចាញ់គេក្នុងឆ្នាំ១៩៩៣ ក៏ផ្តើមធ្វើការសំឡុតគំរាមកំហែងធ្វើសង្គ្រាមឡើងវិញ បើគេមិនចែក អំណាចឲ្យខ្លួនធ្វើជានាយករដ្ឋមន្ត្រីស្មើនឹងអ្នកឈ្នះឆ្នោតទេ។ សម្ងំដល់ឆ្នាំ១៩៩៧ក៏បង្កើតរដ្ឋ ប្រហារមួយដេញអ្នកឈ្នះឆ្នោតឲ្យរត់ចោលស្រុករួចក៏ឡើងធ្វើជាមេកន្ទ្រាញម្នាក់ឯងទៅ ។
ឥឡូវនេះទៀត នៅពេលរដ្ឋាភិបាលនានាក្នុងលោក ជាពិសេសរដ្ឋាភិបាលលោកខាងលិចនិយាយ មិនឈប់ឈរអំពីការបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាគេបានបោសសំរាមលាក់ក្រោមព្រំ- សំរាមដូចជាភាពមិនសេរី មិនយុត្តិធម៌ ភាពជិះជាន់ជាដើម – ដោយនិយាយថា គ្មានប្រព័ន្ធ នយោបាយណាល្អឥតខ្ចោះទេ ប្រជាពលរដ្ឋនឹងសម្រេចរើសមេដឹកនាំ ។ លោកហ៊ុនសែនយល់ការ ក៏ចូលប្រឡូកលេងល្បែង procedural democracy ឬ “លទ្ធិប្រជាធិបតេយ្យនីតិវិធី“រហូតបានជ័យ ជំនះក្នុងការបោះឆ្នោតដែលឥតសេរីនិងឥតយុត្តិធម៌ ។ ពលរដ្ឋខ្មែរដែលមិនបានក្រេបជញ្ជក់ធាតុ សំខាន់ៗនៅក្នុង substantive democracy ឬ “លទ្ធិប្រជាធិបតេយ្យសារជាតិ”ដែលរដ្ឋធម្មនុញ្ញ ខ្មែរនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានសន្យាផ្តល់ជូនគេក្នុងឆ្នាំ១៩៩៣ ក៏នៅតែមិនបាន
ក្រេបជញ្ជក់ដដែលនៅក្នុងឆ្នាំ២០១៨នេះ ។
សេចក្តីប្រកាសថា ការបោះឆ្នោតបានអនុញ្ញាតឲ្យគណបក្សប្រជាជនធ្វើជាម្ចាស់អាសនៈសភា ទាំង១២៥ បានបង្ហាញឲ្យពិភពលោកឃើញច្បាស់ថា ប្រទសកម្ពុជានៅក្រោមការត្រួតត្រារបស់ គណបក្សនេះបានក្លាយទៅជាកម្ពុជារដ្ឋឯកបក្សពិតប្រាកដហើយ ហើយគេក៏មិនខ្វល់នឹង
សហគមន៍អន្តរជាតិចង់ធ្វើអ្វីគេទេ ។ ល្បែងនេះអាចជាល្បែងមិនខុសច្បាប់ ឬ not illegal ក៏ប៉ុន្តែ
វាជាល្បែងដែលខ្វះលក្ខណៈត្រឹមត្រូវស្របតាមធាតុសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
ឬ not legitimate ។ យើងត្រូវគិតឲ្យហួសពីការបោះឆ្នោតដែលមាន៥ឆ្នាំម្តង ហើយដែលវាគ្រាន់តែ ជាវិធីលាបម្សៅកែសម្រស់មួយរយៈ ហើយបែរទៅរកការកសាងអនាគតមួយដែលអាចនៅជាប់
លាប់បានយូរអង្វែង ។
ព្រឹត្តិការណ៍ដែលត្រូវតែគួរសំគាល់នៅឱកាសបោះឆ្នោតលើកនេះគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោត NEC ឬគជប បានទទួលស្គាល់ថាក្នុងចំនួនសន្លឹកឆ្នោត៦.៩លាន សន្លឹកនៅក្នុងប្រអប់ ឆ្នោត គេបានឃើញមាន “សន្លឹកឆ្នោតមិនបានការ ”ចំនួនច្រើនជាងកន្លះលានសន្លឹកឬ៩.១ភាគរយ ដែលជាចំនួនលើសពីសន្លឹកឆ្នោតដែលគណបក្សតូចៗនានាបានទទួលទៅទៀត ។
សូមរំលឹកជូនថា នៅពេលដែលក្រុមអ្នកនយោបាយខ្មែរប្រទាញប្រទង់ពលរដ្ឋខ្មែរម្ខាងឲ្យទៅ បោះឆ្នោតនិងម្ខាងទៀតឲ្យធ្វើពហិការការបោះឆ្នោត លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត និងលោក ឆៃ ចន្តា ដែលទាំងពីរនាក់ធ្លាប់រស់នៅជាយដែនខ្មែរ-ថៃក្នុងទសវត្សរ៍ ១៩៨០ បានសរសេរអត្ថបទ រួមគ្នាមួយចុះថ្ងៃទី១២ខែកក្កដា ក្រោមចំណងជើងថា “កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោត ឆ្នាំ២០១៨” ដើម្បីរំលឹកអំពីសិទ្ធិរបស់ពលរដ្ឋខ្មែរក្នុងការប្រើឬមិនប្រើសន្លឹកឆ្នោត ដើម្បីលើកទឹក ចិត្តពលរដ្ឋខ្មែរកុំឲ្យឱកាសដ៏ល្អមួយរបូតផុតទៅដោយមិនបានបញ្ចេញសម្លេង និងដើម្បីអំពាវ នាវដល់ពលរដ្ឋឲ្យធ្វើសកម្មភាព “បាតុកម្មសន្លឹកឆ្នោត” protest vote តាមរយៈ “សន្លឹកឆ្នោតមិនបាន ការ ” បង្ហាញនូវការមិនពេញចិត្តចំពោះប្រព័ន្ធនយោបាយបច្ចុប្បន្នផង នូវឆន្ទះអ្នកបោះឆ្នោត ចង់បានការកែប្រែផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាផងនិងនូវការព្រមានដល់ក្រុមអ្នកនយោបាយខ្មែរ និងបរទេសទាំងអស់ថា យើងជាខ្មែរមិនអាចទទួលការបន្ត “អាជីវកម្មដូចធម្មតា ” business as usual រហូតគ្មានពេលចប់បានឡើយ ។ ខ្ញុំមិនអាចដឹងបានថា តើ “សន្លឹកឆ្នោតមិនបានការ ” ដែល គជប ថាមានចំនួន ៩.១ ភាគរយ ជាចំនួនពិតប្រាកដឬទេ តែមានអ្នកសារព័ត៌មាននិងអ្នកនយោបាយបរទេស គេបានបញ្ចេញ នូវការចាប់អារម្មណ៍របស់គេ ព្រោះចំនួន “សន្លឹកឆ្នោតមិនបានការ ” សម្តែងឲ្យឃើញថា លោក ហ៊ុនសែននិងគណបក្សប្រជាជនមិនមែនបានទទួលការគាំទ្រលើសលប់ពីប្រជាពលរដ្ឋខ្មែរ ដូចរបបផ្តាច់ការបានអួតអាងនោះឡើយ ។ ចុះប្រសិនណាបើចំនួននោះវាលើសពី៩.១ភាគរយ ទៅទៀត តើវានឹងមិនធ្វើឲ្យសហគមន៍អន្តរជាតិសើរើនយោបាយរបស់ខ្លួនវិញយ៉ាងប្រញាប់ទេឬ ?
|
ព្រឹត្តិការណ៍ សកម្មភាព និង កាលៈទេសៈ អាចហូរត្របាញ់ចូលគ្នារួមបង្កើតជាសន្ទុះមួយ រុញច្រានរហូតបានទៅដល់ចំណុចកំពូលមួយ ។ គឺចេញពីចំណុចកំពូលនោះហើយ ដែលឋាមពលមួយវាហៀរធ្លាយចេញមកដែលពិបាកនឹងទប់បាន ។
|
តាមរយៈអ៊ីម៉ែលដែលខ្ញុំបានទទួលពីអ្នកអាននៅខេត្តនានានិងពីទីក្រុងភ្នំពេញ ខ្ញុំបានសង្កេត ឃើញនូវប្រធានបទរួមមួយគឺថា នៅថ្ងៃបោះឆ្នោតលើកនេះមានមនុស្សតិចណាស់ដែលទៅបោះ ឆ្នោតនិង “គ្មានតំរៀបជួរដូចពេលមុនៗនោះទេ ” ។ លោកអតីតនាយកសាលារៀននៅខេត្តម្នាក់ បានថ្លែងថា នៅការិយាល័យបោះឆ្នោតរបស់លោកដែលមានមនុស្សច្រើនរយនាក់មានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត ដល់ម៉ោង១០ហើយក៏ស្ទើរតែគ្មានមនុស្សទៅបោះឆ្នោត ។ លោកបានអះ អាងថា “មានសន្លឹកឆ្នោតមិនបានការជាង១០០សន្លឹក ដល់ពេលប្រកាសថាមានតែ៥៧សន្លឹកទេ ” ។ អ៊ីម៉ែលមួយទៀតសរសេរថា “អ្នកនៅក្នុងស្រុកនៅស្ងាត់ស្ងៀមមិនហ៊ានបញ្ចេញយោបល់ឬមតិអ្វីទេ គ្រាន់តែខ្សិបៗថា មិនបានទៅបោះឆ្នោតទេព្រោះអត់មានគូប្រគួត ហើយខ្លះទៀតនិយាយថា បោះឬមិនបោះក៏គេឈ្នះដែរ ” ។ អ៊ីម៉ែលមួយទៀតប្រាប់ខ្ញុំថា “ក្រុមអ្នកដឹកនាំកម្ពុជាមានមោទនភាព និងសប្បាយខ្លាំងណាស់ចំពោះជ័យជំនះដ៏ធំធេងរបស់គេ ហើយគេមិនខ្វល់ពីការគៀបសង្កត់ឬ កាត់ជំនួយពីប្រទេសណាក៏ដោយ គេបានសង្ឃឹមមាំណាស់ពីចិនម៉ៅ ” ។ អ្នកអានម្នាក់ដែលជាមិត្ត ភក្តិចាស់របស់ខ្ញុំបានសរសេរថា “រដ្ឋាភិបាលថ្មីមួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដែលមាន លោក ហ៊ុនសែន ជានាយករដ្ឋមន្ត្រីដដែល បើតាមខ្ញុំគិតនឹងមិនមានការប្រែប្រួលអីទេ . . . រីឯខ្ញុំវិញ ក៏នៅតែមិនមានសទ្ធិសេរីភាពនឹងនិយាយអ្វីៗដដែល ដោយខ្លាចម្ចាស់ស្រុកគេចោទប្រកាន់ឬ លាបពណ៌ ខ្ញុំសុខចិត្តថែរក្សាដើមគដូចក្នុងរបបប៉ុលពតខ្មែរក្រហមបន្តទៅទៀត ”។ បញ្ញាវន្តខ្មែរ វ័យក្មេងម្នាក់ដែលបានណែនាំខ្ញុំឲ្យបង្កើតគេហទំព័រ “គំនិតខ្មែរ” ធ្វើជាជង្រុកព័ត៌មាននិងឯកសារ សំរាប់ក្មេងខ្មែរជំនាន់ក្រោយ បានឆ្លើយតបនឹងសំនួរខ្ញុំអំពីប្រតិកម្មការបោះឆ្នោតថា “ខ្ញុំបានជិះ រថយន្តទៅកាន់ខេត្តរបស់ខ្ញុំដើម្បីបោះសន្លឹកឆ្នោតមិនបានការមួយសន្លឹក អ្វីដែលខ្ញុំចង់ដឹងចង់ឮ ឥឡូវនេះគឺតើរដ្ឋាភិបាលបរទេសដែលបានប្រកាសថាស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិ មនុស្សនឹងធ្វើអ្វីទៀត ”។ ខ្ញុំក៏ចង់ដឹងដែរថាតើរដ្ឋាភិបាលបរទេសទាំងនោះ “នឹងធ្វើអ្វីទៀត ” តែខ្ញុំនៅតែយល់ដដែលថាគេ “នឹងធ្វើអ្វីទៀត” ពឹងផ្អែកនឹងថាតើយើងជាខ្មែរប្រជាធិបតេយ្យ “នឹងធ្វើអ្វីទៀត” ដែរដែលខ្ញុំនឹងលើកមកពិភាក្សានៅថ្ងៃក្រោយទៀត ៚
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀន វិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក (ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com