«ខ្លាំងជាងតោ»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩

បុព្វកថានៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សធ្វើនៅទីក្រុងប៉ារីសនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដែលត្រូវបានទុក “ជាស្តង់ដាររួមនៃសមិទ្ធិផលសម្រាប់ប្រជាពលរដ្ឋនិងប្រជាជាតិទាំងអស់” បានព្រមានថា ៖ “វាជាការចាំបាច់ណាស់ថាបើមនុស្សមិនត្រូវបានបង្ខំឲ្យប្រើមធ្យោបាយចុងក្រោយដើម្បីបះបោរប្រឆាំងនឹងការជិះជាន់និងការគាបសង្កត់ទេ សិទ្ធិមនុស្សត្រូវតែមានការការពារដោយនីតិរដ្ឋ” ។

អ្នកអាននិងអ្នកស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំតាមវិទ្យុខ្មែរពិភពលោកដែលមានចុះក្នុងគេហទំព័រ “គំនិតខ្មែរ”យល់ដឹងនូវទស្សនៈខ្ញុំនៅក្នុងការតស៊ូប្រឆាំងនឹងរបបគ្រប់គ្រងដែលបំបិទសិទ្ធិ(ដែលចាំបាច់សម្រាប់ខ្ញុំមាន ៣ កត្តា គឺមានសិទ្ធិស្មើគ្នា equal right, មានឱកាសស្មើគ្នា equal opportunity, មានការទទួលស្គាល់ជួយគាំពារស្មើគ្នាequal treatment)និងសេរីភាព (គឺមានសេរីភាពក្នុងការបញ្ចេញយោបល់និងក្នុងជំនឿសាសនាfreedom of expressions and belief ហើយនិងមានសេរីភាពរស់ដោយគ្មានការស្រេកឃ្លាននិងភ័យខ្លាចfreedom from want and from fear)។

អត្ថបទខ្ញុំនៅថ្ងៃនេះ ស្តីអំពីមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។ លោកគឺជាសកម្មជននយោបាយ ជាអ្នកសេដ្ឋកិច្ច និងជាអ្នកនយោបាយកម្ពុជាដែលអ្នកសង្កេតការណ៍ទទួលស្គាល់ថាជា “មេដឹកនាំបក្សប្រឆាំងដ៏សំខាន់បំផុតម្នាក់នៅកម្ពុជា” “Cambodia’s most important opposition leader”។ បច្ចុប្បន្នលោកជាមេដឹកនាំចលនាសង្គ្រោះជាតិកម្ពុជាCambodian National Rescue Movement ដែលបានបង្កើតឡើងនៅខែមករាឆ្នាំ២០១៨ ។ លោកបាននិរទេសខ្លួនទៅរស់នៅឯប្រទេសបារាំងជាងបីឆ្នាំហើយ ។

ដើម្បីបង្ហាញទិដ្ឋភាពនៃមាតុភូមិនិវត្តន៍នេះខ្ញុំសូមជូនកាលបរិច្ឆេទនៃប្រវត្តិនយោបាយសង្ខេបនៃកម្ពុជា ។ លោក សម រង្ស៊ី បាននិរទេសខ្លួនទៅរស់នៅប្រទេសបារំាងលើកទីមួយនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០០៥ បន្ទាប់ពីរដ្ឋសភាបានសម្រេចដកអភ័យឯកសិទ្ធិសភារបស់លោកនិងសហការីពីរនាក់ទៀត ។ បន្ថែមលើនេះ លោកបានប្រឈមនឹងការចោទប្រកាន់អំពីបទបរិហារកេរ្តិ៍ព្រហ្មទណ្ឌមួយចំនួនទៀត ដោយលោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជានិងហ៊្វុនស៊ិនប៉ិចអំពីបទពុករលួយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីបទពាក់ព័ន្ធនឹងការសម្លាប់លោក ជា វិជ្ជា ដែលជាមេដឹកនាំសហជីពជាប់ទាក់ទងនឹង គណបក្សសមរង្ស៊ី កាលពីឆ្នាំ ២០០៤ ។

មួយឆ្នាំក្រោយមក នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០០៦ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោក សម រង្ស៊ី ស្របតាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

នៅខែកញ្ញា ឆ្នាំ ២០១០ លោកសមរង្ស៊ីត្រូវបានកាត់ទោសកំបាំងមុខនិងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទចោទប្រកាន់ដែលអ្នកសង្កេតការណ៍កម្ពុជាជឿថាជាហេតុផលនយោបាយ ។នៅឆ្នាំ ២០១២ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោក កឹម សុខា បានចូលរួមគ្នាតែមួយជាគណបក្សសង្គ្រោះជាតិមានលោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុប្រធាន ។

នៅខែកក្កដា ឆ្នាំ ២០១៣ ព្រះមហាក្សត្របានលើកលែងទោសដល់លោក សម រង្ស៊ី តាមសំណើរបស់លោក ហ៊ុន សែន ដើម្បីឲ្យលោកបានវិលមកកម្ពុជាវិញនៅមុនពេលបោះឆ្នោតទូទៅនៅថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ ។ លោក សម រង្ស៊ី បានមកដល់កម្ពុជាវិញនៅថ្ងៃទី ១៩ កក្កដា ក៏ប៉ុន្តែមិនបានទទួលសិទ្ធិជាបេក្ខជនក្នុងការបោះឆ្នោតទេ ខណៈដែលគណបក្ស សង្គ្រោះជាតិបានទទួលសិទ្ធិចូលប្រកួតប្រជែងក្នុការបោះឆ្នោត ។

ទោះបីការបោះឆ្នោតឆ្នាំ ២០១៣ មានភាពមិនត្រឹមត្រូវនិងមានការគៃបន្លំសន្លឹកឆ្នោតក្តីក៏គណបក្សប្រជាជនដែលកំពុងកាន់អំណាចនៅតែមិនបានជោគជ័យដូចប្រាថ្នា ។ គណបក្សប្រជាជនបានបាត់បង់ ២២ អាសនៈ គឺធ្លាក់ចុះពី ៩០ អាសនៈនៅក្នុងឆ្នាំ ២០០៨ មក ៦៨ អាសនៈនៅក្នុងឆ្នាំ ២០១៣ ។ រីឯគណបក្សសង្គ្រោះជាតិបានទទួល ៥៥ អាសនៈ ។ បុព្វហេតុទាំងនេះបានជម្រុញលោក ហ៊ុន សែន ឲ្យសន្និដ្ឋានថាលោកនិងគណបក្សលោកមិនអាចបន្តអំណាចរដ្ឋបានឡើយបើមានការបោះឆ្នោតសេរីនិងដោយត្រឹមត្រូវ ។ ដូច្នេះយុទ្ធនាការរបស់លោក ហ៊ុន សែន និង គណបក្សប្រជាជនគឺរកមធ្យោបយបន្ទុចបង្អាក់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ព្រះរាជក្រឹត្យចុះខែកក្កដា ឆ្នាំ ២០១៣ ដែលលើកលែងទាសលោក សម រង្ស៊ី បានត្រូវរដ្ឋាភិបាលហ៊ុនសែនដកហូតវិញ ។ បីថ្ងៃក្រោយមកអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី ក៏បានត្រូវគណបក្សប្រជាជនដកចេញជាឯកច្ឆន្ធ ។ ព្រមគ្នាដែរ លោកត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើន មានបទចោទប្រកាន់បរិហារកេរ្តិ៍ ញុះញង់ថារដ្ឋាភិបាល ហ៊ុន សែន បានរៀបចំឃាតកម្មលើសកម្មជននយោបាយ លោក កែម ឡី ។ល។ ស្ថិតនៅក្រោមស្ថានភាពនេះ នៅដើមឆ្នាំ ២០១៦ លោក សម រង្ស៊ី ក៏បាននិរទេសខ្លួនលោកចេញពីកម្ពុជាជាថ្មីម្តងទៀត ។ លោកត្រូវបានតុលាការហ៊ុនសែនកាត់ទោសឲ្យជាប់ពន្ធនាគារអំពីបទប្រមាថព្រះចេស្តា បទញុះញង់យោធាមិនឲ្យស្តាប់បទបញ្ជា បទបរិហារកេរ្តិ៍លោកហ៊ុនសែន ។ នៅខែតុលា ឆ្នាំ ២០១៦ សំណើលោក សម រង្ស៊ី សុំព្រះមហាក្សត្រលើកលែងទោសបានត្រូវនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ ។

ទោះជាយ៉ាងនេះក៏ដោយក៏នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានៅឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិបានទទួលលទ្ធផលល្អប្រសើរដោយបានទទួលសម្លេងគាំទ្រជិត ៤៤ ភាគរយ ។ ប្រការនេះបានធ្វើឲ្យរបបគ្រប់គ្រងភ្នំពេញមើលឃើញគ្រោះថ្នាក់ហាក់ចូលមកស្ថិតនៅមាត់ទ្វារ ។ នៅខែកញ្ញាឆ្នាំ២០១៧ ប៉ូលីសហ៊ុនសែនបានចាប់លោក កឹម សុខា ទៅឃុំឃាំង ដោយចោទលោកអំពីបទ “ក្បត់ជាតិ” ថាបានផ្សំគំនិតជាមួយបរទេសដើម្បីរំលំរដ្ឋាភិបាល ។ នៅខែវិឆ្ឆិកា តុលាការកំពូលរបស់លោក ហ៊ុន សែន បានរំលាយចោលគណបក្សសង្គ្រោះជាតិ ។ របបហ៊ុនសែនដកហូតមុខតំណែងមេឃុំសង្គ្រោះជាតិចំនួន ៤៨៩ រូប មុខតំណែងសមាជិកសភាទាំង ៥៥ រូប រិបអូសអាសនៈទាំង៥៥ ទៅបែងចែកឲ្យគណបក្សផ្សេងទៀត ព្រមទាំងហាមប្រាមមន្ត្រីសង្គ្រោះជាតិចំនួន ១១៨ នាក់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ។

ជាខ្លី របបអត្តាធិបតេយ្យហ៊ុនសែនបានបំបិទការជំទាស់ និងតម្លើងការគាបសង្កត់ដោយហេតុភ័យព្រួយខ្លាចបាត់អំណាច ។ គ្មានអ្វីត្រូវឆ្ងល់នោះទេអំពីគណបក្សប្រជាជនដែលបានបាត់បង់អាសនៈពី ៩០ អាសនៈនៅឆ្នាំ ២០០៨ មក ៦៨ អាសនៈនៅឆ្នាំ ២០១៣ ហើយបែរជាឈ្នះទាំង ១២៥ អាសនៈនៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ ២០១៨ នេះ ។

នៅថ្ងៃចន្ទទី ១៩ ខែសីហា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានថ្លែងប្រកាសនៅក្នុងការប្រមូលផ្តុំសកម្មជននយោបាយនៅប្រទេសអូស្ត្រាលីថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជានៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដែលត្រូវជាថ្ងៃខែព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងកាលពី ៦៦ ឆ្នាំមុន ។

លោក សម រង្ស៊ី បានថ្លែងនៅក្នុងពិធីជួបជុំនោះថា ៖ “ចូរយើងរាល់គ្នាវិលត្រឡប់ទៅយកផ្ទះ ដីធ្លី និងប្រទេសយើងពីហ៊ុនសែនវិញ ។ យើងមិនត្រូវឲ្យពួកគាត់ប្លន់ទ្រព្បសម្បត្តិពីយើងទេ” ។ លោកថាលោកនឹងដឹកនាំខ្មែរចំណាកស្រុក ២ លាននាក់ដែលសព្វថ្ងៃនៅធ្វើការឯប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងក្បូង ជប៉ុន និងប្រទេសដទៃទៀត ដើម្បីទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានក្លាយទៅជាប្រទេសឯកបក្សមួយ ។

តាមវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាន “អំពាវនាវដល់ទាហាននៅក្នុងជួរកងទ័ពទាំងអស់គ្នា សូមបងប្អូនប្រុសស្រី កូនៗ និងក្មួយៗកុំស្តាប់ជនផ្តាច់ការ កុំទទួលបញ្ជាពីជនផ្តាច់ការទៅបាញ់សម្លាប់ពលរដ្ឋរបស់យើង ។ ផ្ទុយទៅវិញ ចូរអ្នកឈរជាមួយប្រជាពលរដ្ឋនិងការពារប្រជាពលរដ្ឋរបស់យើង” ។

សេចក្តីប្រកាសរបស់លោក សម រង្ស៊ី ត្រូវបានទទួលការអបអរសាទរផង និងការមន្ទិលសង្ស័យផង ។ តាំងពីលោកបាននិរទេសខ្លួនលោកទៅប្រទេសបារំាងនាឆ្នាំ ២០១៦ លោកបានសន្យានឹងអ្នកគាំទ្រលោកម្តងហើយម្តងទៀតថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅស្តារលទ្ធិប្រជាធិបតេយ្យនិងទៅបញ្ចប់អំណាចរបស់លោកហ៊ុនសែន ។ ប៉ុន្តែលោកមិនបានរក្សាពាក្យសន្យានោះឡើយ ។ នៅពេលនេះសំនួរដែលគេបានសួរស្ទើរគ្រប់ច្រកល្ហកគឺថាតើគេអាចយកពាក្យសំដីរបស់លោក សម រង្ស៊ី ទុកជាបានការឬទេនៅលើកនេះ ?បណ្តាញ ព័ត៌មាន ucanews.com ចុះថ្ងៃទី ២២ សីហា ក្រោមចំណងជើងថា “តើលោក សម រង្ស៊ី ប្រាកដជាទៅមែនឬទេ ?” Is Sam Rainsy serious this time?បានសរសេរអំពីចម្លើយចម្រុះដែលគេបានអាននៅលើទំព័រហ្វេសប៊ុកដោយមានអ្នកគាំទ្រថ្លែងនូវ “ជំនឿទាំងស្រុង” លើលោក សម រង្ស៊ី ដែលពួកគេចាត់ទុកជា “វីរបុរស” ខណៈដែលអ្នកខ្លះទៀតថ្លែងនូវការសង្ស័យជាចំហថា “តើលោក សម រង្ស៊ី រក្សាការសន្យាឬទេនៅលើកនេះ” ។ ucanews.comបានដកស្រង់ពាក្យសំដីរបស់លោក ណាន់ សេរីបុត្រ នៃក្រុមពិភាក្សានយោបាយហៅ “ប៉ូលីទីកូហ្វី” Politikoffeeថ្លែងថា “ខ្ញុំមិនអាចជឿទុកចិត្តលើអ្វីដែលលោក(សម រង្ស៊ី )បានសន្យាឬបាននិយាយទេ . . . លោកមានលេសច្រើនពេកនៅពេលលោកនិយាយកុហក ។ សម្រាប់អ្នកនយោបាយដូចលោក អ្វីៗក៏ចេះតែធ្វើទៅកើតដែរ” ។ ក៏ប៉ុន្តែ ucanews.comក៏បានដកស្រង់ពាក្យលោក ណាន់ សេរីបុត្រ ដដែលនិយាយថា “ទោះបីមានអ្នកគាំទ្ររូបខ្លះបានបាត់បង់ការទុកចិត្តលើលោក (សម រង្ស៊ី)ក៏ដោយក៏យើងមើលមិនឃើញមាននរណាម្នាក់ទៀតដែលអាចជំនួសលោកបាន” ។

លោកស្រី មូរ សុខហួ តំណាងរាស្ត្រខេត្តបាត់ដំបង ឆ្នាំ ២០១៣-២០១៧និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ១១៨ នាក់ដែលរបបផ្តាច់ការហ៊ុនសែនហាមឃាត់មិនឲ្យធ្វើសម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ។ លោកស្រីបានថ្លែងពីទីក្រុងតូក្យូប្រាប់ ucanews.comថាខ្មែគ្មានជម្រើសអ្វីផ្សេងទៀតទេ ៖ “យើងមានការព្រួយបារម្ភ ប៉ុន្តែយើងមិនអាចចេះតែបន្តនិយាយថាយើងមិនគួរធ្វើមាតុភូមិនិវត្តន៍ឡើយហើយទុកប្រទេសកម្ពុជាឲ្យទៅចិន ។ យើងនឹងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញហើយនឹងជួយ សង្គ្រោះប្រទេសកម្ពុជាទុកជូនពលរដ្ឋខ្មែរ ” ។

វិទ្យុអាស៊ីសេរីបានផ្សាយថាយោងតាមអង្គការក្រៅរដ្ឋាភិបាលNGOsមានពលករចំណាកស្រុកកម្ពុជាជាងមួយលាននាក់ជ្រកកោននៅប្រទេសថៃ ។អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសថៃនិងប្រទេសជប៉ុនបាននិយាយថាពួកគេនិងសមាជិកគណបក្សត្រៀមខ្លួននឹងធ្វើមាតុភូមិនិវត្តន៍ជាមួយលោក សម រង្ស៊ី ។លោក លី រតនៈ រស្មី អ្នកតំណាងគណបក្ស សង្គ្រោះជាតិនៅប្រទេសថៃ បានថ្លែងថាពួកគេបានត្រៀមខ្លួននឹងវិលចូលកម្ពុជាវិញជាមួយលោក សម រង្ស៊ី ។លោក ហៃ វណ្ណា មេដឹកនាំយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេស ជប៉ុនបាននិយាយថា “យុវជននិងពលករចំណាកស្រុកនៅប្រទេសជប៉ុនបានត្រៀមខ្លួនចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងការពារសេដ្ឋកិច្ចសម្រាប់ពលរដ្ឋយើង” ។

អ្នកនាំពាក្យរបស់គណបក្សប្រជាជន លោក សុខ ឥសាន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាលោកគ្មានជំនឿថាលោក សម រង្ស៊ី នឹងវិលបកមកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកាពីព្រោះលោក សម រង្ស៊ី គឺជា “មនុស្សកំសាកមាន់” ។ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីប្រាប់វិទ្យុអាស៊ីសេរីថាលោកបានបញ្ជាដល់ពលទាហាននៅទូទាំងប្រទេសឲ្យចាប់លោក សម រង្ស៊ី ដាក់ខ្នោះនៅពេលលោកមកជាន់ដីកម្ពុជា “យើងនឹងចាប់គាត់ដាក់គុក ។ យើងនឹងមិនឲ្យគាត់មកបំផ្លាញស្រុកទេ” ។ នេះគឺរបៀបរបបកម្ពុជាសម័យថ្មីបញ្ជាទាហានទាំងនគរឲ្យអនុវត្តដីការតុលាការខណៈនគរបាលដែលមានតួនាទីអនុវត្តប្រព័ន្ធយុត្តិធម៌គេបញ្ជូនឲ្យទៅដេញអ្នកស្រុកចេញពីដីធ្លីដើម្បីយកដីធ្លីទៅលក់ឬជួលឲ្យចិន ។

លោកស្រី មូរ សុខហួ បានបញ្ជាក់ប្រាប់ ucanews.com ថា “គ្មាននរណាម្នាក់ចង់ឲ្យគេចាប់ខ្លួនឬឲ្យគេសម្លាប់នោះទេ . . . ក៏ប៉ុន្តែយើងមានកាតព្វកិច្ចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជានិងក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ ។ មធ្យោបាយតែមួយដើម្បីធ្វើដូច្នេះបានគឺយើងត្រូវតែមានវត្តមាននៅក្នុងប្រទេស” ។ លោកស្រីបានអំពាវនាវកុំឲ្យចំណាយពេលឥតប្រយោជន៍អំពីពាក្យសន្យាចាស់របស់លោក សម រង្ស៊ី តែគួរចងចាំទៅវិញថាតើលោកបានល្បងនឹងការស្លាប់ប៉ុន្មានដងដែរក្នុងការដឹកនាំបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការ ។ លោកស្រីរំលឹកថាពេលឥឡូវនេះមិនដូចជាពេលមុនទេ “បើយើងនឹងត្រូវបានគេចាប់ឬសម្លាប់នោះ នឹងច្បាស់ជាមានការងើបបះបោរ ហើយនឹងមានការបង្ហូរឈាមនិងភាពវឹកវរដូចជានៅជំនាន់ដើម” ដែលលោក ហ៊ុន សែន មិនត្រូវភ្លេច ពីព្រោះបច្ចុប្បន្នរដ្ឋឯកបក្សមិនអាចនៅគង់វង្សយូរបានឡើយព្រោះវាជាធម្មជាតិមនុស្សស្រេកឃ្លានសិទ្ធិសេរីភាពហើយនៅទីបញ្ចប់ពួកគេនឹងក្រោកឡើងគ្មាននរណាទប់ជាប់ឡើយ ។

លោកស្រីបានអះអាងប្រាប់បណ្តាញព័ត៌មានucanews.comថា លោកស្រីនិងមន្ត្រីគណបក្សសង្គ្រោះជាតិនឹងចូលរួមដំណើរមាតុភូមិនិវត្តន៍ជាមួយលោក សម រង្ស៊ី ដោយមានសមាជិកសភានៃសហភាពអឺរ៉ុបចំនួនដប់ប្រាំមួយនាក់អមផង ។ លោក ដេវិឌ ហឺតុ David Hutt សរសេរនៅក្នុងទស្សនាវដ្តីព័ត៌មានអន្តរជាតិអនឡាញThe Diplomat ចុះថ្ងៃទី ៣ កក្កដា អំពីព័ត៌មានក្រៅផ្លូវការមួយនិយាយថាតំណាងរាស្ត្រគណបក្សសាធារណរដ្ឋអាមេរិកំាង លោក ថេត យោហូ Ted Yoho ដែលបានណែនាំច្បាប់ដាក់ទណ្ឌកម្មនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន នឹងចូលរួមដំណើរលោក សម រង្ស៊ី ដែរ ។ លោក ហឺតុ បានដកស្រង់សំដីលោកស្រី មូរ សុខហួ និយាយថា “យើងក៏បានទទួលពាក្យសន្យាដែរពីមន្ត្រីនយោបាយមួយចំនួនពីប្រទេស អូស្ត្រាលី នូវ៉ែលហ្សេឡង់ សហរដ្ឋអាមេរិក និងប្រទេស អាស៊ាន” ។

លោក ហឺតុ Huttសរសេរទៀតថាលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ មិនមែនមិនដឹងទេថាពួកគេបានត្រូវរដ្ឋាភិបាលហ៊ុនសែនចោទប្រកាន់ជាឧក្រិដ្ឋជនក្បត់ជាតិ ។

ខណៈដែលពួកគេត្រៀមខ្លួនថាអាជ្ញាធរហ៊ុនសែននឹងចាប់ចង ពួកគេក៏ជឿដែរថាអំពើនេះនឹងជួយជម្រុញសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកឲ្យអនុវត្តច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យបានរិតតែលឿនឡើងថែមទៀត ។ លោក ហឺតុ កត់សម្គាល់ថា លោកស្រី មូរ សុខហួ សរសេរលើបណ្តាញសង្គម ធ្វិតធឺរ៍ Twitterនៅថ្ងៃទី៣០ ខែមិថុនា ថា ៖ “គ្រួសាររបស់ខ្ញុំបានត្រៀមឃើញខ្ញុំត្រូវគេចាប់ខ្លួន ។ ខ្ញុំក៏បានត្រៀមខ្លួនខ្ញុំដែរ ។ អ្នកគ្រប់រូបត្រូវតែត្រៀមខ្លួន ។ យើងនាំគ្នាវិលទៅផ្ទះយើងវិញ ។ ពីព្រោះថានេះគឺជាកាតព្វកិច្ចរបស់យើង” ។

តាមគំនិតលោក ហឺតុ “មាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិនឹងសាកល្បងមើលការអត់ធ្មត់របស់រដ្ឋាភិបាលកម្ពុជាផង និងសាកល្បងភាពប្រាកដប្រជារបស់សហគមន៍អន្តរជាតិនៅក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផង ។” លោក ហឺតុ យល់ឃើញថាមាតុភូមិនិវត្តន៍នេះជាការលោតចូលទៅក្នុងឋានមួយដែលជាឋានគ្មាននរណាស្គាល់ថាជាយ៉ាងដូចម្តេច “ក៏ប៉ុន្តែវាជាករណីមួយដែលគណបក្សសង្គ្រោះជាតិមិនអាចពន្យារពេលធ្វើតទៅទៀតបានទេ” ។

នៅថ្ងៃប្រកាសមាតុភូមិនិវត្តន៍ដោយលោក សម រង្ស៊ី នៅអូស្ត្រាលី ខ្មែរអ្នកអានម្នាក់ផ្ញើ អ៊ីម៉ែលមកប្រាប់ខ្ញុំថាលោកមិនជឿថាលោក សម រង្ស៊ី នឹងវិលត្រឡប់ទៅកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកាទេ ហើយសួរខ្ញុំថាខ្ញុំយល់យ៉ាងណាដែរ ។ ខ្ញុំឆ្លើយថាលោក សម រង្ស៊ី គ្មានជម្រើសអ្វីផ្សេងទៀតទេ ហើយមាតុភូមិនិវត្តន៍នេះនឹងកំណត់ជោគវាសនារបស់ប្រទេសជាតិខ្មែរ ។

ខ្ញុំសូមបញ្ចប់អត្ថបទនេះដោយសូមជូនពរដល់លោក សម រង្ស៊ី និងខ្មែរទាំងអស់ដែលនឹងអមលោកក្នុងមាតុភូមិនិវត្តន៍នៅជាងពីរខែទៀតនេះឲ្យជួបនឹងសេចក្តីសុខនិងជោគជ័យសម្រាប់ប្រទេសជាតិ ។

 

អំពីអ្នកនិពន្ធ៖លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com។