ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃវាហ៊ាន
«ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃវាហ៊ាន»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩
នៅក្នុងអត្ថបទខ្ញុំលើកមុន ខ្ញុំបានសរសេរអំពីសភាពការណ៍ធ្ងន់ធ្ងរដែលគំរាមកំហែងអាយុជីវិតប្រទេសកម្ពុជា ហើយខ្ញុំក៏បានអំពាវនាវសូមឲ្យពលរដ្ឋខ្មែរចៀសវាងរោគនិងជម្ងឺរំពឹងលើសកម្មភាពអ្នកដទៃជាជាងធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង ។ ខ្ញុំបានសរសេររលឹកជាថ្មីថាមានតែការប្រើបញ្ញានិងគំនិតត្រិះរិះពិចារណាស៊ីជម្រៅទេដែលអាចនាំយើងឲ្យទៅរកជោគជ័យក្នុងការដោះស្រាយបញ្ហាតូចធំបាន ។
នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា “ខ្មែរអស់ផ្ទះ អស់ដី តើអស់វប្បធម៌ថែមទៀតឬ?”ចុះថ្ងៃទី២៩ ខែឧសភា (សូមអាននៅក្នុងគេហទំព័រ “គំនិតខ្មែរ”)ខ្ញុំបានសរសេរអំពីខ្មែរជេរយួនថាលេបទឹកដីខ្មែរ ក៏ប៉ុន្តែនៅក្នុងស្រុកខ្មែរគឺចិនឯនោះទេដែលបានក្លាយជាម្ចាស់ដីខ្មែរតាមរយៈការទិញឬជួលដីពីខ្មែរនៅស្ទើរគ្រប់ទីកន្លែង ។
ខ្ញុំបានភ្ជាប់នឹងអត្ថបទនូវរូបភាពផ្សេងៗដែលបង្ហាញអំពីព្រឹត្តិការណ៍នៅកម្ពុជាដែលនៅតែមានជាបន្តបន្ទាប់ដែលខ្មែរយើងគប្បីពិនិត្យនិងគិតអំពីផលវិបាកប្រសិនបើអ្វីៗនៅតែបន្តដំណើរទៅមុខដោយឥតប្រែប្រួល ។ ខ្ញុំបានផ្តើមពីរូបភាពបង្ហាញអាជ្ញាធរខ្មែរពាក់ឯកសណ្ឋានកាន់ដំបងវាយសំពងម្ចាស់ទីលំនៅខ្មែរដួលននៀលនៅលើដីនិងដុតផ្ទះស្លឹករបស់ពួកគេឆេះទ្រលោម,ប្រើប៊ុលដូហ្សើរ៍បុកកំទេចផ្ទះអ្នកស្រុក,រឹបអូសយកដីអ្នកស្រុកទៅលក់ឬជួលឲ្យចិនសង់អគារថ្មនិងសាងសង់ទីក្រុងភ្នំពេញ បនកាស៊ីណូចិន និងទេសចរចិនអ៊ូអរនៅតាមឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ។ រូបភាពមួយចំនួនដែលមិត្តភ័ក្តិផ្ញើមកឲ្យខ្ញុំធ្វើឲ្យខ្ញុំចាប់អារម្មណ៍ក្រៃលែងរហូតសន្មតថា “ដំណើរការចិនូបនីយកម្ម” នៃប្រទេសកម្ពុជាបានចាប់ផ្តើមរួចហើយ ។ ខ្ញុំព្រួយបារម្ភព្រោះរូបភាពទាំងឡាយដែលខ្ញុំចុះផ្សាយ បានបញ្ជាក់ឲ្យឃើញថាពលរដ្ឋស្លូតត្រង់មិនត្រឹមតែបានបាត់បង់ដីធ្លីនិងផ្ទះសម្បែងប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់បង់វប្បធម៌ជាតិទៀត ។ រូបភាពទាំងនោះមិនមែនជាការសើចលេងទេ ។ ខ្ញុំចង់អង្រួនសតិអារម្មណ៍ខ្មែរដែលស្រឡាញ់ប្រទេសជាតិអំពីគ្រោះកាចដែលស្ថិតនៅចំពោះមុខ ។ សូមរំលឹកថារដ្ឋាភិបាលភ្នំពេញរំពឹងថានៅឆ្នាំ ២០២០ ខាងមុខនេះនឹងមានទេសចរចិនយ៉ាងតិចចំនួន ៣ លាននាក់មកធ្វើទស្សនកិច្ចនៅកម្ពុជា ។
នៅក្នុងអត្ថបទថ្ងៃនេះខ្ញុំសូមផ្តើមនិយាយអំពីចិនូបនីយកម្មនៃសង្គមខ្មែរ ដែលផ្តើមកើតឡើងហាក់ដូចជាងាយស្រួលពេក ៖ ពលរដ្ឋខ្មែរក្រីក្រត្រូវការលុយក៏លក់ដីធ្លីឲ្យចិនទៅ ស្របនឹងពេលរបបផ្តាច់ការគាបសង្កត់ចាប់ចងរឹបអូសយកដីធ្លីរបស់អ្នកដែលខ្សត់ខ្សោយ ។ពាក្យស្លោកខ្មែរមួយពោលថា “ទាល់តែខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃវាហ៊ាន” ពោលគឺ “ចិនូបនីយកម្មនៃប្រទេសខ្មែរ” កើតមានងាយស្រួលដោយសារតែខ្មោចស្រុកវាបើកដៃឲ្យខ្មោចព្រៃចូលមកក្នុងភូមិ។
នៅក្នុងអត្ថបទខ្ញុំលើកមុន (“កុំឲ្យឱកាសល្អរបូតផុតទៅ” ចុះថ្ងៃទី២៥ខែឧសភា)ខ្ញុំបានសរសេរអំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់ទុកអំណាចសម្រាប់ខ្លួនលោកនិងសន្តតិវង្សរបស់លោក ខណៈចិនប៉េកាំងគេសន្យាថាបើសហភាពអឺរ៉ុបដកហូតឯកសិទ្ធពាណិជ្ជកម្មកម្ពុជាEBA មហាមិត្តចិននឹងជួយប៉ះប៉ូវនូវអ្វីៗដែលកម្ពុជាបាត់បង់ ។ ដោយហេតុថារបបផ្តាច់ការលោក ហ៊ុន សែនត្រូវការចិនដើម្បីរស់(បើ៣ ភាគ ៤ នៃទំនិញកម្ពុជាដឹកទៅលក់នៅទីផ្សារសហភាពអឺរ៉ុបជាទំនិញមកពីវិស័យវាយនភ័ណ្ឌ តើកម្មករចន្លោះពី ៧ សែន ៥ ម៉ឺន ទៅ ៨ សែននាក់ដែលសព្វថ្ងៃធ្វើការនៅក្នុងរោងចក្រសម្លៀកបំពាក់កម្ពុជានឹងទៅជាយ៉ាងណានៅពេលដែលសហភាពអឺរ៉ុបគេដកហូតសិទ្ធពាណិជ្ជកម្មEBA?)កម្ពុជាប្រាកដជាចៀសមិនផុតពីប្រជាជនចិនមកបើកបនល្បែងនិងបនអបាយមុខនៅលើទឹកដីខ្មែរ ហើយឃោសនាហៅខ្មែរឲ្យភ្លក្ស “អាហារចិនដ៏អន្ទះអន្ទែង” ឬ ម្ហូប “ញែកស៊ុត” តម្លៃ៤ ដុល្លារ ។ តាមរយៈរូបភាពដែលបានចុះផ្សាយខ្ញុំមើលឃើញថាព្រះពុទ្ធសាសនានិងវប្បធម៌ខ្មែរកំពុងតែចុះអាប់ឱនគួរឲ្យព្រួយបារម្ភ ។
ថ្មីៗនេះ សំណង់អគាររបស់ចិនមួយមានកម្ពស់៧ជាន់បានបាក់រលំនៅទីក្រុងព្រះសីហនុធ្វើឲ្យកម្មករខ្មែរចំនួន ២៨នាក់ស្លាប់នៅក្រោមគំនរឥដ្ឋ និង២៦នាក់ទៀតរងរបួស ។ លោក ហ៊ុន សែន បានបន្ទោសឧប្បត្តិហេតុកម្មការស្លាប់និងរបួសទៅលើ “ការត្រួតពិនិត្យមិនប្រុងប្រយ័ត្ន” ហើយបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់ពីតំណែងនិងតម្រូវឲ្យមន្ត្រីម្នាក់ទៀតលាលែងពីតំណែង ។ អាជ្ញាធរកម្ពុជាចោទប្រកាន់មនុស្ស៧នាក់ ខ្មែរ២នាក់ ចិន៥នាក់ ពីបទមនុស្សឃាតឬពីបទសមគំនិតពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ។ ដូច្នោះឯងដែលធ្វើឲ្យខ្ញុំសរសេរអំពី “ជម្ងឺបដិសេធទទួលខុសត្រូវនិងបន្ទោសអ្នកដទៃ” ។ បញ្ហាស្នូលគឺរបបដឹកនាំដោយជនផ្តាច់ការខ្វះស្តង់ដារនិងបទបញ្ជាសុវត្ថិភាពហើយកម្មករសំណង់ប្រមាណជាពីរសែននាក់ឥតមានច្បាប់គ្រប់គ្រងនិងការពារសុវត្ថិភាពគ្រប់គ្រាន់(សូមអាន “ឥដ្ឋលោហិត” ចុះថ្ងៃទី១ខែមេសា២០១៩នៅក្នុងគេហទំព័រ “គំនិតខ្មែរ”)។ កំណើនការវិនិយោគចិននៅក្នុងការសាងសង់អគារវាច្រើននិងលឿនហួសពីសមត្ថភាពក្នុងការគ្រប់គ្រង ។ បន្ទាប់ពីអគារចិន៧ជាន់ដួលរលំមក គេរកឃើញថានៅមានសំណង់ចិនជាច្រើនទៀតដែលកំពុងសាងសង់នៅក្រុងកំពង់សោមដោយឥតមានអាជ្ញាប័ណ្ណអនុញ្ញាត ។
នៅក្នុងចិនូបនីយកម្មប្រទេសកម្ពុជាតាមផ្នែកនយោបាយក្តៅ ខ្ញុំសូមបង្ហាញទស្សនៈដែលខ្ញុំធ្លាប់សរសេរជាញឹកញាប់ស្តីអំពីសុភាសិតនយោបាយដែលចែងថា ៖ “នៅក្នុងរឿងនយោបាយឥតមានមិត្តឬសត្រូវប្រចាំជីវិតទេ មានតែផលប្រយោជន៍” ។ លោកឧត្តមសេនីយ៍ ឆារ៍ល ដឺហ្គោល Charles de Gaulle កើតនៅឆ្នាំ១៨៩០ និងស្លាប់នៅឆ្នាំ១៩៧០ ដែលជាអតីតមេដឹកនាំប្រទេសបារំាងសេរីក្នុងឆ្នាំ១៩៤០ដល់ឆ្នាំ១៩៤៤ និងជាស្ថាបនិកសាធារណរដ្ឋបារាំងទី៥នៅឆ្នាំ១៩៥៨ព្រមទាំងជាប្រធានាធិបតីពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៦៩ បានថ្លែងថា ៖ “គ្មានប្រទេសណាមានមិត្តទេ មានតែដៃគូដែលស្វែងរកផលប្រយោជន៍” ។
តើចិនប៉េកាំងមាន “ផលប្រយោជន៍” អ្វីដែលជម្រុញឲ្យគេសុខចិត្តទទួលរ៉ាប់រងប៉ះប៉ូវកង្វះខាតរបស់កម្ពុជានាពេលសហភាពអឺរ៉ុបដកហូតឯកសិទ្ធពាណិជ្ជកម្មនិងសហរដ្ឋអាមេរិកដកហូតប្រព័ន្ធGSP ដែលអនុគ្រោះពន្ធនិងកូតាទំនិញពីកម្ពុជា — ការដកហូតដែលនឹងធ្វើឲ្យពលរដ្ឋខ្មែរពី ៣ ទៅ ៤ លាននាក់ទទួលរងគ្រោះវេទនា ?
កាលពីក្មេង ខ្ញុំធ្លាប់ស្តាប់អ្នកដឹកនាំចិនអធិប្បាយអំពី “សាមគ្គីចិន-ខ្មែរ” ដែលគេប្រៀបទៅនឹងធ្មេញដុះជាប់នឹងមាត់ដែលមិនអាចបំបែកបាន ។ នៅក្នុងទសវត្សរ៍ ១៩៥០ ដល់ ១៩៦០ ចិនប៉េកាំងបានអះអាងថ្វាយសម្តេច សីហនុ អំពី “សាមគ្គីចិន-ខ្មែរ” បំបែកមិនបាននេះ ហើយសម្តេចក៏លោកបានប្រដូច “មិត្តភាពចិន-ខ្មែរ” ទៅនឹងខ្យល់អុក្ស៊ីហ៊្សែន oxygèneដែលចាំបាច់សម្រាប់អាយុជីវិតប្រទេសខ្មែរ ។ តែតាមផ្លូវស្ងាត់កំបាំង ចិនប៉េកាំងលួចដឹកសម្ភារៈសឹកសង្គ្រាមទៅឲ្យខ្មែរក្រហមដែលប្រឆាំងនឹងសម្តេច ។ នៅក្នុងឆ្នាំ១៩៦៥ កិច្ចព្រមព្រៀងចិន-ខ្មែរស៊ីញ៉េនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៥ ខែវិច្ឆិកាបានធ្វើឲ្យអព្យាក្រឹតភាពកម្ពុជាដែលទទួលស្គាល់ដោយសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ រលាយបាត់ ( សូមអាន “រៀនអំពីប្រវត្តិសាស្ត្រតាមរូបភាព” ចុះថ្ងៃទី១៧ខែមេសា២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ”)។
បច្ចុប្បន្ន យើងអាចមើលឃើញនូវកត្តានានានៅក្នុងចំណោម “ផលប្រយោជន៍” សំខាន់ៗរបស់ចិនប៉េកាំងដូចជាការលើកទឹកចិត្តឬជម្រុញកម្ពុជាឲ្យជួយការពារផលប្រយោជន៍ចិននៅក្នុងជម្លោះលើសមុទ្រចិនខាងត្បូង ជាពិសេសនៅលើឆាកអន្តរជាតិ នៅក្នុងការចិនដឹកជញ្ជូនថាមពល energy តាមច្រកម៉ាឡាកា និងនៅក្នុងបញ្ហាអធិបតេយ្យនៃកោះតៃវ៉ាន់ ។ល។
ដើម្បីទាញប្រទេសកម្ពុជាឲ្យបម្រើ “ផលប្រយោជន៍” របស់ខ្លួន ចិនបានចំណាយលុយរាប់ពាន់លានដុល្លារលើប្រាក់កម្ចី ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ។ នៅឆ្នាំ ២០១៦ ប្រទេសចិនផ្តល់ ៣៦% នៃជំនួយសេដ្ឋកិច្ចសរុបដល់កម្ពុជានិង ៣០% នៃទុនវិនិយោគ ។ នៅក្នុងឆ្នាំ២០១៩ ប្រទេសចិនសន្យាផ្តល់ជំនួយបន្ថែមចំនួន ៥៥៨ លានដុល្លារអាមេរិកំាងនិងសន្យាទិញអង្ករ ៤ សែនតោនពីកម្ពុជា ។ ជាការតបស្នងវិញ រដ្ឋាភិបាលលោក ហ៊ុន សែន បានទុកប្រទេសចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏រឹងមាំបំផុត ។ នៅក្នុងជម្លោះលើសមុទ្រចិនខាងត្បូង កម្ពុជាបានសាបព្រួសភាពមិនប្រក្រតីក្នុងចំណោមប្រទេសអាស៊ានទាំង១០ ហើយបានគាំទ្រជំហរចិនប៉េកាំងនៅក្នុងជម្លោះនេះ ។
ខ្ញុំបានសរសេរអំពីជម្លោះលើសមុទ្រចិនខាងត្បូងតាំងពីខ្ញុំនៅបង្រៀននៅលើកោះGuam ។ ជម្លោះលើសមុទ្រចិនខាងត្បូងមិនមែនគ្រាន់តែជាជម្លោះក្នុងសេរីភាពនាវាចរណ៍ទេ វាជាជម្លោះរវាងប្រទេសឆ្នេរសមុទ្រចិនខាងត្បូងនិងប្រទេសចិនដែលបានទាមទារដែនទឹកសមុទ្រដោយរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ United Nations Convention on the Law of the Sea ហៅកាត់ថា អ៊ុនខ្លូស៍ UNCLOSស៊ីញ៉េនៅឆ្នាំ១៩៨២ ហើយដែលចិនប៉េកាំងបានផ្តល់សច្ចាប័ន ratification នៅខែមិថុនា១៩៩៦ ។ (សូមអានអត្ថបទ “China making move in Spratlys”កាសែត “ប៉ាស៊ិហ្វីកដេលីនូស៍”ថ្ងៃ១៥កក្កដា ២០០៩ និង “ជម្លោះលើសមុទ្រចិនខាងត្បូង” ចុះថ្ងៃទី ២០ មេសា ២០១៥ នៅក្នុងគេហទំព័រ “គំនិតខ្មែរ”)។ ខ្ញុំបានកត់ត្រាសំណៅក្នុងអត្ថបទនោះអំពីលោក ហ៊ុន សែន និងគណបក្សប្រជាជន ព្រមទាំងលោក សមរង្ស៊ី លោកកឹមសុខានិងគណបក្សសង្គ្រោះជាតិ បានថ្លែងជាសាធារណៈគាំទ្រជំហរចិនប៉េកាំងនៅក្នុងឆ្នាំ២០១៥នៅក្នុងជម្លោះលើសមុទ្រចិនខាងត្បូង ។ ខ្ញុំសូមសារភាពថាខ្ញុំមិនយល់ថាតើហេតុអ្វីបានជាខ្មែរដែលប្រឆាំងរបបផ្តាច់ការនិងដែលនិយមលិទ្ធិប្រជាធិបតេយ្យស្រែកក្តែងៗសូមឲ្យសហគមន៍អន្តរជាតិជួយឲ្យមានការគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១បែរជាគាំទ្រប្រទេសចិនដែលរំលោភច្បាប់អន្តរជាតិទៅវិញនៅក្នុងជម្លោះលើ សមុទ្រចិនខាងត្បូង ។ មុនបញ្ចប់អត្ថបទនោះខ្ញុំបានសួរថា៖ “ចំពោះខ្មែរយើង តើយើងបណ្តោយឲ្យបញ្ហានយោបាយនិងបញ្ហាច្បាប់វាច្របូកច្របល់ជាមួយគ្នាដល់កម្រិតណាទៅ ? ពេលវេលាបានមកដល់យូរហើយដែលខ្មែរយើងត្រូវប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតគិតឲ្យបានល្អិតល្អន់” ។
វិលមកបច្ចុប្បន្នកាលវិញ ខណៈដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងគិតគូរដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាដោយហេតុរំលោភសិទ្ធិមនុស្ស លោក ហ៊ុន សែន និងគណបក្សប្រជាជនផ្តេកផ្តួលពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើប្រទេសចិន ព្រោះដើម្បីរស់ពួកគេត្រូវបម្រើចំណង់ចំណូលចិត្តចិនប៉េកាំងស្របតាមផលប្រយោជន៍ចិន ។ ចុះលោក សម រង្ស៊ី លោក កឹម សុខា និង គណបក្សសង្គ្រោះជាតិមានគោលជំហរយ៉ាងដូចម្តេចដែរ ?
នៅខែមេសាឆ្នាំ ២០១៨ មជ្ឈមណ្ឌលសិក្សាវិស័យការពារទំនើបCenter for Advanced Defense Studiesបានផ្តើមផ្សាយជាលើកដំបូងដោយផ្សារភ្ជាប់ក្រុមហ៊ុនចិនធំមួយឈ្មោះUnion Development Group(UDG យូឌីហ្ជី) ដែលជាក្រុមហ៊ុនវិនិយោគចិននៅរមណីយដ្ឋានមាត់សមុទ្រក្នុងខេត្តកោះកុងថាក្រុមហ៊ុននេះមានពាក់ព័ន្ធជាមួយកងទ័ពចិនPeople’s Liberation Army។
នៅក្នុងឆ្នាំ២០១៨ ពាក្យចចាមអារ៉ាមបានលេចឮថាមានការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិនមួយនៅឆ្នេរសមុទ្រក្នុងខេត្ត កោះកុង ដែលអាចសម្រួលដំណើរចិនចេញចូលសមុទ្រចិនខាងត្បូង ។ សហរដ្ឋអាមេរិកដែលបារម្ភអំពីសារៈសំខាន់នៃយុទ្ធសាស្រ្តនិងពាណិជ្ជកម្មនៃសមុទ្រចិនខាងត្បូង មានការចាប់អារម្មណ៍ក្រៃលែងអំពីពាក្យចចាមអារ៉ាមទាំងនោះ ។ ទីក្រុងវ៉ាស៊ិនតោនបានទទូចថាសមុទ្រចិនខាងត្បូងត្រូវតែនៅជាដែនទឹកអន្តរជាតិ ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ែក ផិនស៍ Mike Pence បានសរសេរសំបុត្រទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីអំពីសំណង់មូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជានោះ ។ នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជាមួយ លោក ហ៊ុន សែន បានបដិសេធសំណង់មូលដ្ឋាននោះថាជាព័ត៌មានមិនពិត ៖ “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាមិនអនុញ្ញាតវត្តមានកងទ័ពឬមូលដ្ឋានសឹកបរទេសនៅលើទឹកដីកម្ពុជាទេ . . . ទាំងមូលដ្ឋានកងទ័ពជើងទឹក ជើងគោក ឬកងទ័ពអាកាស” ។ លោក ហ៊ុន សែន ចេះនឹកដល់រដ្ឋធម្មនុញ្ញកម្ពុជាផង ? អណ្តាតអត់ឆ្អឹងចេះតែគ្រលាស់ទៅ ។ មាត់លោក ហ៊ុន សែន ក៏ចេះតែថាទៅ ។ តែព្រះពុទ្ធបានបង្រៀនជាង២៥០០ឆ្នាំមកហើយថា គេមិនអាចបិទបាំងព្រះអាទិត្យ ព្រះច័ន្ទ និងការពិតបានទេ ។ នៅក្នុងអត្ថបទ “តើគម្រោងកោះកុងជាគម្រោងសម្រាប់ទេសចរចិនឬសម្រាប់យោធាចិន ?” ចុះថ្ងៃទី៥ខែមីនា២០១៩ នៅក្នុងទស្សនាវដ្តី Geopolitics លោក អិនឌ្រូយ៍ ណាចិមសុន Andrew Nachemson បានសរសេរថាប្រទេសកម្ពុជាបានផ្តល់ដីសម្បទានចំនួន៤៥ពាន់ហិកតានៅកោះកុងនិង២០%នៃឆ្នេរសមុទ្រកម្ពុជាទៅឲ្យក្រុមហ៊ុនឯកជនចិន UDG យូឌីហ្ជី ដើម្បីស្ថាបនាគម្រោងទេសចរណ៍ចិនយ៉ាងធំមួយនៅកោះកុង តែគេមានការសង្ស័យជាយូរយារមកហើយថា ក្រុមហ៊ុនឯកជន យូឌីហ្ជី នេះមានពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលចិនប៉េកាំង ។ លោកអតីតឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli បានដឹកនាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន យូឌីហ្ជី និងប្រទេសកម្ពុជា ហើយមានឥស្សរជនជាន់ខ្ពស់មួយចំនួននៃគណបក្សកុម្មុយនិស្តចិនបានមកធ្វើទស្សនកិច្ចគម្រោងកោះកុងនេះ ។ លោក ណាចិមសុន បានសរសេរថា លោក ប៉ូល ឆឹមប៊ឺរ៍ស Paul Chambers អ្នកវិភាគនៃសកលវិទ្យាល័យ ណារេសួន Naresuon បានប្រាប់កាសែត South China Morning Post ថាមានមន្ត្រីជាន់ខ្ពស់កម្ពុជាថ្លែងដោយស្ងាត់ៗថាលោក ហ៊ុន សែន កំពុងពិចារណាអនុម័តយល់ព្រមឲ្យចិនបង្កើតមូលដ្ឋានកងទ័ពជើងទឹកចិននៅកោះកុង ។ លោក ឆឹមប៊ឺរ៍ស បានប្រៀបធៀបស្ថានការណ៍គម្រោងកោះកុងទៅនឹងគម្រោងចិននៅប្រទេសស្រីលង្កាថា ប្រទេសស្រីលង្កាបានឲ្យចិនជួលដីចំនួន៩៩ឆ្នាំ តែដោយប្រទេសស្រីលង្កាគ្មានលទ្ធភាពសងលុយដែលជំពាក់ចិនក៏ប្រគល់កំពង់ផែឈ្មោះ ហាំបាន់តូតា Hambantota ទៅឲ្យចិនទៅ ។ លោក ឆឹមប៊ឺរ៍ស និយាយថាស្ថានការណ៍នេះវាកើតងាយណាស់នៅកម្ពុជា ។ អ្នកជំនាញការនានាបានព្យាករណ៍ថាទោះបីដីដែលកម្ពុជាបានជួលឲ្យក្រុមហ៊ុនចិន យូឌីហ្ជី ត្រូវប្រគល់ឲ្យកម្ពុជាវិញនៅក្នុងឆ្នាំ២១០៨ គឺ៨៩ឆ្នាំខាងមុខនេះ ចិនប៉េកាំងដែលត្រូវការកំពង់ផែទឹកជ្រៅនៅកោះកុងនៅក្នុងជម្លោះលើសមុទ្រចិនខាងត្បូងនឹងប្រើមធ្យោបាយកែប្រែដីខ្មែរជួលឲ្យចិនឲ្យទៅជាដីចិន ។ ដូចលោកឧត្តមសេនីយ៍ ឆារ៍ល ដឺហ្គោល Charles de Gaulle បានពោលរួចមកហើយថា៖ “គ្មានប្រទេសណាមានមិត្តទេ គឺមានតែដៃគូដែលស្វែងរកផលប្រយោជន៍” ប៉ុណ្ណោះ ។
នៅក្នុងអត្ថបទរបស់លោក ណាចិមសុន មានចុះផ្សាយរូបភាពផ្កាយរណបsatellite image មួយរបស់ភ្នាក់ងារអវកាសអឺរ៉ុបEuropean Space Agency បង្ហាញផ្លូវរត់ព្រលានយន្តហោះមួយនៅកន្លែងដាច់ស្រយាលនៅក្នុងខេត្តកោះកុង ។ លោក ណាចិមសុន បានកត់សំគាល់ថាតាមអនុសាសន៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ Federal Aviation Administration (FAA) ផ្លូវរត់ព្រលានយន្តហោះសម្រាប់យន្តហោះធុនបូអ៊ីងBoeing 787-900 មានប្រវែងតែ ពីរពាន់ប្រាំបីរយម៉ែត្រប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក Gregory Poling នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិCenter for Strategic and International Studies បានថ្លែងថាផ្លូវរត់ព្រលានយន្តហោះនៅកោះកុងដែលគេបានសាងសង់ប្រញ៉ាប់ប្រញ៉ាល់រួចសព្វគ្រប់ក្នុងពេលតែពីរខែមានប្រវែងដល់ទៅ “បីពាន់បួនរយម៉ែត្រគឺវែងជាងផ្លូវរត់ព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានីភ្នំពេញទៅទៀត ហើយយន្តហោះគ្រប់ប្រភេទនៃកងទ័ពអាកាសចិនអាចចុះនិងឡើងបាននៅព្រលានយន្តហោះកោះកុង” ។
Is Cambodia’s Koh Kong project for Chinese tourists – or China’s …
https://www.scmp.com › This Week in Asia › Geopolitics
តាមរបាយការណ៍យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វីកIndo-Pacific Strategy Report របស់ក្រសួងការពារជាតិអាមេរិកំាងនាខែមិថុនា២០១៩ ទីក្រុងវ៉ាស៊ិនតោន “ព្រួយបារម្ភចំពោះព័ត៌មានថាប្រទេសចិនក្រហមកំពុងបង្កើតមូលដ្ឋានឬវត្តមានយោធាចិននៅលើឆ្នេរសមុទ្រកម្ពុជា” ។
កាលពីកិច្ចប្រជុំហៅថា “ការសន្ទនាហ្សាំងហ្គ្រីឡាទី១៨” 18thShangri-La Dialogueនៅប្រទេសសិង្ហបុរីពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិនប៉េកាំងបានថ្លែងថា “សំណង់” ចិននៅលើកោះនិងនៅលើជួរថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូងជាសិទ្ធិស្របច្បាប់និងជាធម្មជាតិការពារសុទ្ធសាធរបស់ចិន ។ លោកប្រកាសនៅថ្ងៃអាទិត្យទី២ ថារដ្ឋាភិបាលប៉េកាំង “ប្តេជ្ញាចិត្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍របស់ចិន” ។ លោកវរសេនីយ៍ឯកជាន់ខ្ពស់នៃកងទ័ពចិនPLAលោក ហ្ស៊ូ បូ Zhou Boក៏បានប្រកាសដែរថា “ប្រទេសចិនចាំបាច់ការពារកោះនិងកោះថ្មដែលជាទឹកដីប្រទេសចិន” ។ លោកបានបដិសេធពាក្យចោទប្រកាន់ថាចិនបានសាងសង់កោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូងពីព្រោះកោះនិងកោះថ្មទាំងនោះមានឈ្មោះជាចិនរាប់រយឆ្នាំមកហើយ ។ ពោលគឺតាំងតែពីរាជវង្ស Xiaនៅក្នុងឆ្នាំ២១០០មគសរហូតដល់ឆ្នាំ១៦០០មគស ។ សមុទ្រចិនខាងត្បូងដែលរដ្ឋាភិបាលប៉េកាំងទាមទារជាដែនដីចិនហៅថា “អណ្តាតគោ” ឬ “បន្ទាត់ចំណុចប្រាំបួន” ពង្រីកដែនទឹកចិនពីកោះហៃណាន់Hainanឆ្ពោះទៅត្បូងដល់ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី ។ នៅឆ្នាំ១៩៩២ សមាជចិនប៉េកាំងបានកំណត់ ៨០ ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូងចំនួន ១.៣ លានម៉ែលក្រឡាថាជាទ្រព្យសម្បត្តិជាតិនៃប្រទេសចិន ។ នៅបច្ចុប្បន្ននេះ សមាជិកសភាអាមេរិកាំងបានរៀបគម្រោងច្បាប់ដាក់ទណ្ឌកម្មបុគ្គលនិងក្រុមហ៊ុនដែលជួយចិនសាងសង់កោះ និងដាក់កម្រិតលើជំនួយអាមេរិកាំងដល់បណ្តាប្រទេសដែលទទួលស្គាល់អធិបតេយ្យចិនលើសមុទ្រចិនខាងត្បូងនិងខាងកើត ។
ចំពោះខ្ញុំ រឿងខ្មែរមិនមែនជារឿងដណ្តើមអំណាចគ្នាទេ គឺជារឿងស្លាប់រស់របស់ប្រទេសជាតិ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam (ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com