ខ្មែរអស់ផ្ទះអស់ដី
«ខ្មែរអស់ផ្ទះ អស់ដី តើអស់វប្បធម៌ថែមទៀតឬ?»
រៀបរៀងដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
ខ្ញុំមិនបានត្រៀមរៀបរៀងផ្សាយអត្ថបទតាមប្រធានបទដូចចែងនៅថ្ងៃនេះទេ។ ខ្ញុំមានអត្ថបទមួយផ្សេងទៀត។ នៅក្នុងអត្ថបទខ្ញុំលើកមុន ខ្ញុំបានសរសេរថាខណៈដែលខ្មែរជេរយួនថាលេបទឹកដីខ្មែរ ចិនបានក្លាយជាម្ចាស់ដីខ្មែរតាមរយៈការទិញឬជួលដីពីខ្មែរនៅស្ទើរគ្រប់ទីកន្លែង។ លុយចិនធ្លាក់ដល់ដៃខ្មែរស្រួលណាស់។
ខ្ញុំមានឱកាសបានជជែកលេងជាមួយខ្មែរម្នាក់ដែលទើបត្រឡប់មកពីទស្សនកិច្ចនៅកម្ពុជា។ ខណៈ គាត់ថាគាត់មិនអាចសន្និដ្ឋានបានថាតើជនណាជាខ្មែរឬជនណាជាយួន គាត់បានអះអាងម៉ឺងម៉ាត់ថានៅប្រទេសខ្មែរមានចិនច្រើនណាស់ ៖ នៅប្រាសាទអង្គរវត្ត នៅរមណីយដ្ឋានឆ្នេរសមុទ្រ នៅតាមខេត្តនានាផង។ គាត់និយាយដោយសញ្ជប់សញ្ជឹងថាគាត់សង្កេតឃើញអាកប្បកិរិយារបស់ទេសចរចិនដូចជាក្រអឺតក្រទមក្រៃណា។ ហើយគាត់ប្រាប់ខ្ញុំអំពីការចាប់អារម្មណ៍របស់គាត់ទៅលើរូបភាពមួយសន្លឹកនៅក្នុងវីដេអូភ្ជាប់នឹងអត្ថបទខ្ញុំនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ថាជារូបភាពដែលមានន័យរយលាន (សូមអញ្ជើញមើលរូបខាងក្រោមនេះ )។

ជួនគ្នាជាមួយនឹងពេលដែលគំនិតអារម្មណ៍ខ្ញុំផ្តុំផ្តោតទៅកាន់រូបថតមួយចំនួន មានអាណិកជនខ្មែរម្នាក់បានផ្ញើមកឲ្យខ្ញុំតាមរយៈអ៊ីម៉ែលក្រោមចំណងជើងថា “យីហោ” នូវរូបថតមួយចំនួនដែលគាត់បានដកស្រង់ពីបណ្តាញសង្គម Facebook ។
កត្តាទាំងពីរនេះបានជម្រុញខ្ញុំឲ្យរៀបរៀងអត្ថបទសម្រាប់ថ្ងៃនេះឡើង ។ ខ្ញុំសូមប្រិយមិត្តជាអ្នកអាននិងអ្នកស្តាប់ការផ្សាយអត្ថបទខ្ញុំតាមវិទ្យុខ្មែរពិភពលោក អញ្ជើញមើលរូបភាពអមជាមួយនឹងអត្ថបទខ្ញុំនេះ ដើម្បីបង្ហាញឲ្យឃើញនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តសាស្ត្រខ្មែរសម័យបច្ចុប្បន្នដែលកូនខ្មែរគ្រប់ៗរូបគួរស្វែងយល់ថាតើវាអាចផ្តល់ផលអាក្រក់ដល់សង្គមខ្មែរនៅថ្ងៃអនាគតដែរឬទេ ។
រូបភាពភ្លើងឆេះផ្ទះ ប៊ុលដូហ្សឺរ៍កាយបំបាក់ផ្ទះ បំណែកឥដ្ឋ និងអគារបេតុងទើបនឹងសង់ថ្មី គឺជាសក្ខីកម្មវិធីនានាដែលរបបផ្តាច់ការលោក ហ៊ុន សែន បានកំទេចចោលផ្ទះសម្បែងអ្នកស្រុកនិងរឹបអូសយកដីធ្លីដើម្បីសាងសង់ទីក្រុង ។

រដ្ឋអំណាចដុតផ្ទះនិងដេញអ្នកស្រុកពីដីធ្លីរបស់ខ្លួន

រដ្ឋអំណាចប្រើប៊ុលដូហ្សឺរ៍កំទេចផ្ទះអ្នកស្រុក

អ្នកស្រុករងគ្រោះដោយរដ្ឋអំណាចកំទេចផ្ទះសម្បែង

គំនរឆ្អឹងផ្ទះអ្នកស្រុកនិងអគារថ្មដែលដុះឡើងដូចផ្សិត

បឹងកក់ដែលមានទឹកនឹងលំនៅដ្ឋាន

បឹងកក់ដែលក្លាយជាវាលខ្សាច់
ខាងក្រោមនេះជារូបភាពរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ៖

នៅថ្ងៃទី១ ខែមេសា ខ្ញុំបានសរសេរផ្សាយអត្ថបទ “ឥដ្ឋលោហិត” ដូចមានចុះក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ អត្ថបទនោះខ្ញុំសរសេរផ្អែកទៅលើការស្រាវជ្រាវចុះផ្សាយនៅប្រទេសអង់គ្លេសនៅឆ្នាំ២០១៨ ដែលបានទទួលស្គាល់ថាកម្ពុជាជាប្រទេសដែលមាន “ការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនលឿនក្រៃលែងនៅក្នុងពិភពលោក” ។ ក៏ប៉ុន្តែការស្រាវជ្រាវនោះក៏បង្ហាញឲ្យឃើញដែរអំពីភាពសោកសៅនៅក្នុង “ទាសភាពសម័យបច្ចុប្បន្ន” modern slavery ដែលជាបច្ច័យនៃការអភិវឌ្ឍន៍នៅក្នុងយុគសម័យនគរូបនីយកម្មរបស់ខ្មែរយើង ។



“ឥដ្ឋលោហិត” បង្កើតឲ្យមានសំនួរថា “តើគេបង្កើតទីក្រុងសម្រាប់អ្នកណា ហើយតើនរណាដែលត្រូវគេបូជានៅក្រោមស្រមោលអគារធំខ្ពស់ស្គឹមស្គៃដែលលូតចេញពីដីទៅកាន់ផ្ទៃមេឃនោះ ?”
នៅឆ្នាំ២០១៨ ក្នុងចំនួនភ្ញៀវទេសចរបរទេសសរុប ៦,២ លាននាក់ដែលបានមកទស្សនាប្រទេសកម្ពុជា មានភ្ញៀវទេសចរចិន ១.៩ លាននាក់ ។ រដ្ឋាភិបាលភ្នំពេញរំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៣ លាននាក់មកទស្សនាកម្ពុជានៅឆ្នាំ ២០២០ ។ ខ្ញុំបានសរសេរនៅខាងលើអំពីខ្មែរម្នាក់ដែលទើបត្រឡប់ពីកម្ពុជា ។ គាត់បាននិទានប្រាប់ខ្ញុំអំពីភ្ញៀវទេសចរចិនដែលគាត់បានជួបប្រទះ ។
នេះជាសម្រង់នៃអត្ថបទមួយនៅបរទេស ៖ “ប្រទេសចិនឥឡូវនេះកំពុងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចកម្ពុជាហើយមានពលរដ្ឋខ្មែរកាន់តែច្រើនឡើងកំពុងចាប់ផ្តើមមើលឃើញនូវរូបភាពពិតនៃឧក្រិដ្ឋកម្ម អំពើពុករលួយនិងអ្វីដែលអាក្រក់ជាងនេះទៅទៀត គឺមហិច្ឆតាអាណានិគម ។ សព្វថ្ងៃមានជនជាតិចិនចំនួន ២ សែននាក់រស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ ។ ជនមិនស្របច្បាប់ក៏មានចំនួនច្រើនដែរ ។ ជនជាតិចិនកំពុងតែចូលទៅរស់នៅនិងក្តោបក្តាប់ការងារនៅក្នុងតំបន់ពីខេត្តសៀមរាបរហូតដល់ក្រុងព្រះសីហនុនិងទៅកាន់ទីក្រុងឆ្នេរសមុទ្រតូចៗ ។ តម្លៃដីធ្លីមានការកើនឡើងដោយសារតែវិនិយោគិនចិន ក៏ប៉ុន្តែមានការអភិវឌ្ឍន៍សំខាន់ៗមួយចំនួនដែលមិនទាន់បានបញ្ចប់នៅឡើយ” ។
មិនមែនជាអាថ៌កំបាំងអ្វីទេថា ភ្ញៀវទេសចរចិនមានវត្តមាននៅពាសពេញកម្ពុជា ។ នៅតាមរមណីយដ្ឋានឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ មានបនកាស៊ីណូចិនជាង១០០ទៅហើយ ហើយវិនិយោគិនចិនបានសាងសង់មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទូទាំងប្រទេសខ្មែរ ។ នេះគឺជាការអភិវឌ្ឍន៍នៃរបបគ្របគ្រងរបស់លោក ហ៊ុន សែន ។ លោកនិយមយកកំណើនសេដ្ឋកិច្ចទៅអួតអាងអំពីស្ថានភាពកម្ពុជារីកចម្រើន ។ រូបភាពខាងក្រោមនេះបង្ហាញអំពីស្ថានភាពប្រទេសសកម្ពុជានាពេលបច្ចុប្បន្នដែលឈរលើមូលដ្ឋានទាសភាពសម័យថ្មី ។


មានបនកាស៊ីណូចិនជាង១០០តាមឆ្នេរសមុទ្រខ្មែរ



មានចិន២សែននាក់រស់នៅកម្ពុជាដោយស្របច្បាប់ និង មួយចំនួនធំរស់នៅមិនស្របច្បាប់
ខាងក្រោមនេះគឺរូបភាពផ្សេងៗមួយចំនួនដែលអ្នកអានបានដកស្រង់ពី Facebook ផ្ញើមកឲ្យខ្ញុំ ។ រូបភាពទាំងនេះបង្កើតឲ្យមានសំនួរបន្ទាន់មួយសម្រាប់កូនខ្មែរពូជអង្គរដែលភ័យព្រួយខ្លាចកម្ពុជាក្លាយទៅជា “ចម្ប៉ាទី២” ៖ បើខ្មែរបាត់បង់ដីធ្លីដោយសារអាជ្ញាធររឹបអូសហើយផ្ទះសម្បែងត្រូវបានគេដុតនិងកំទេចចោលដើម្បីសាងសង់ទីក្រុងដែលមានអគារធំខ្ពស់ស្កឹមស្កៃលូតចេញពីដីទៅកាន់ផ្ទៃមេឃ ផ្គួបជាមួយនឹងរូបភាពដែលបង្ហាញជាសាធារណៈនូវវប្បធម៌និងអក្សរសាស្ត្រខ្មែរដែលកំពុងជួបមហន្តរាយ តើបងប្អូនខ្មែរពូជអង្គរត្រូវធ្វើយ៉ាងណាដែរដើម្បីកុំឲ្យកម្ពុជាក្លាយទៅជា “ចម្ប៉ាទី២” នោះ ?

“ចំណាប់អារម្មណ៍របស់ចិន”

“ក្មេងស្រីជនជាតិចិន”

បើលក់ដូរ “នាយកដ្ឋាន” បាន គ្មានអ្វីទៀតត្រូវពិបាកទេ

ដូចជា “រោងចក្រផ្សាយពាណិជ្ជកម្មអំណាច”

លក់ដូរអ្វីៗដែលខ្មែរចង់ទិញ

សាងសង់អគាររាប់ជាន់ដែលមិនដឹងជាអ្វី ?

ឃើញអីចង់បានចូរអញ្ជើញទិញ!

ប្រហែលជាខេត្តថ្មីដែលគេទើបបានបង្កើត!

“អាហាររបស់អធិរាជ”

“សាច់មាន់លោក”

អញ្ជើញភ្លក្ស “អាហារចិនដ៍អន្ទះអន្ទែង”

“ទីនេះមានលក់ “សាច់កម្ពុជា”

ទីនេះមាន “ចៀនខ្សែអក្សរ”

“ឆ្អឹងទូ អាហារសម្រន់” ឆ្ងាញ់ៗ

“ញែកស៊ុត” ថ្លៃតែ ៤ ដុល្លារ

“កង្កែបលោតហៀរ” ១២ ដុល្លារ

“ជីកដីឡើង ភ្នែកចាប់”

“ស៊ុបចង្កាក់ឆ្ងុយឆ្ងាញ់”

ចូរអ្នកកុំព្រួយ មានរថយន្ត “សង្គ្រោះបន្ទាន់” នៅចាំដឹកជានិច្ច!
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនបានអះអាងថា ប្រជាពលរដ្ឋខ្មែរនៅកំពុងសប្បាយនឹងជីវិតនៅក្រោមការគ្របគ្រោងរបស់លោក ។ លោកសុំឲ្យមើលពលរដ្ឋរត់មកឱបថើបលោក ។ លោក ហ៊ុន សែន និយាយនេះហាក់ដូចជាពលករ ពលការីខ្មែរទាំងនោះភ្លីភ្លើពកថ្ងាស់ ។ បើគេឲ្យអង់វឺឡូបមានលុយនៅខាងក្នុង រឿងអីមិនយក ។ លុយ ២ ឬ ៣ ដុល្លារវាប្រសើរជាងអត់ ត្បិតអីបើតេជោស៊ីជោរតម្រូវឲ្យទៅចូលរួមបដិសណ្ឋារកិច្ចនិងឈរថត សែលហ្វីជាមួយ ទោះចង់ឬមិនចង់ក៏ត្រូវទៅដែរ ។



របបផ្តាច់ការមានអ្នកការពារផ្កាប់មុខមិនឲ្យលោកផ្កាយប្រាំព្រួយបារម្ភឡើយ ។ វាយ៉ាប់ត្រង់ថា ទាំងនៅក្នុងជួរស៊ីវិលនិងនៅក្នុងជួរយោធា មានខ្មែរជាច្រើនប្រតិបត្តិតាមទំនៀមទម្លាប់ខ្មែររយពាន់ឆ្នាំមែន តែធាតុពិតនៅក្នុងចិត្តពួកគេគឺមិនមែនសុទ្ធតែជាអ្នកស្ម័គ្រចិត្តធ្វើជាឃាតករឬជាពេជ្ឃឃាតសម្លាប់ជាតិឯងដើម្បីរបបផ្តាច់ការឡើយ ។

ចុះយើងទៅណាដែរ ?
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam (ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com