«ខ្មែរប្រជាធិបតេយ្យត្រូវការការគាំទ្រពីបរទេស
តែត្រូវបញ្ឈប់របបផ្តាច់ការដោយខ្លួនឯង»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨

www.kumnitkhmer.com/

នៅក្នុងអត្ថបទខ្ញុំពីរច្បាប់មុន «នៅពេលមនុស្សល្អនៅស្ងាត់ស្ងៀម»ភាគទី១ ខ្ញុំបានពណ៌នា អំពីលទ្ធិប្រជាធិបតេយ្យមែនពិត និងភាគទី២ អំពីរបបជិះជាន់ឃោរឃៅប្រើអំណាច ផ្តាច់ការដែលនៅទីបំផុតខ្ទប់ប្រជាពលរដ្ឋឱ្យនៅជាប់ក្នុងទ្រុងទាសភាព ។ ចំណងជើងអត្ថបទបានត្រូវដកពីពាក្យពេជន៍ដ៏មានខ្លឹមសាររបស់អ្នកគិតពិចារណា នយោបាយអភិរក្សជាតិ អៀរ៏ឡង់ គឺលោក អេឌម៉ុនដ៍ ប៊ឿរ៍គ Edmund Burke ដែលបាន ចែងថា «រឿងចាំបាច់តែមួយគត់ដែលធ្វើឱ្យអំពើអាក្រក់មានជ័យជំនះគឺមកពីបុគ្គលមនុស្សល្អនៅស្ងាត់ស្ងៀម»។

យើងបានដឹងនិងបានយល់គ្រប់គ្រាន់នឹងសម្រេចរវាងលទ្ធិ ប្រជាធិបតេយ្យនិងរបបផ្តាច់ការ តើយើងចង់បានរបបគ្រប់គ្រងបែបមួយណា ?។ ជាង ២៥០០ ឆ្នាំមកហើយដែលព្រះពុទ្ធបានប្រៀនប្រដៅមនុស្សលោកថា គឺយើងនេះហើយ ដែលត្រូវទទួលខុសត្រូវលើអនាគតរបស់យើងពោលគឺជាមនុស្សមានសេរីភាពឬជាមនុស្សធ្វើជាបាវព្រាវបម្រើផលប្រយោជន៍ជនផ្តាច់ការ ។

ខ្ញុំមិនមែនជាពុទ្ធសាសនិកទេ តែដំណើរជីវិតរបស់ខ្ញុំតាមរយៈសង្គមូបនីយកម្មតាំងពី កំណើតខ្ញុំនៅលើទឹកដីខ្មែរដែលជាទឹកដីតែមួយខ្ញុំស្គាល់ បានណែនាំខ្ញុំឱ្យបានរៀនសូត្រការ ប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលទស្សនវិទូនិងអ្នកប្រាជ្ញក្នុងលោកបានបំពងបន្ទរថា៖ បុគ្គលមនុស្សយើងបានក្លាយទៅជាដូចសព្វថ្ងៃនេះគឺដោយសារតែលទ្ធផលនៃការគិត ពោលគឺយើងបានយកគំនិតយើងទៅបង្កើតពិភពមួយសម្រាប់រស់នៅ ។ និយាយយ៉ាងខ្លី

ដើម្បីងាយចាំ គឺព្រះពុទ្ធបានបង្ហាត់បង្រៀនថា «គិត-ធ្វើ-ក្លាយជា»ឬ Think-Act-Become ។ ទស្សនៈគ្រឹះនេះបានបញ្ចេញនូវទស្សនៈសំខាន់មួយចំនួនទៀត ពោលគឺ យើងជាអ្នកទទួល

ខុសត្រូវលើភព្វវាសនារបស់យើងដោយសារទង្វើ ឬភាពអកម្មរបស់យើង – យើងមិនត្រូវ

ខ្វល់ខ្វាយនឹងអ្វីៗដែលអ្នកដទៃបាន ឬមិនបានធ្វើឡើយ គឺគិតតែពីទង្វើ ដែលខ្លួនយើងបាន ឬមិនបានធ្វើ វាគ្រប់គ្រាន់ហើយ ។ ព្រះពុទ្ធបានប្រដៅទៀតថា ៖ «ចូរអ្នករៀបចំសង្គ្រោះខ្លួន

អ្នកទៅ ព្រោះគ្មាននរណាមកជួយអ្នកទេ ចូរអ្នកកុំពឹងផ្អែកលើ អ្នកដទៃ»។

នៅក្នុងកម្លុងពេល ៣៨ ថ្ងៃទៀត គឺនៅថ្ងៃទី ២៩ ខែកក្កដា នឹងមានការបោះឆ្នោតជាតិមួយ ប្រព្រឹត្ដិទៅនៅប្រទេសកម្ពុជា ដើម្បីហុចឱកាសឱ្យប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំ ។ នៅក្រោមការគ្រប់គ្រងដោយរបបផ្តាច់ការ ព្រះមហាក្សត្រខ្មែរបានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនៅថ្ងៃនោះ ។ លោក សមរង្ស៊ី មេចលនាខ្មែរជំទាស់ក៏បាន អំពាវនាវដែរដោយសុំឱ្យប្រជាពលរដ្ឋធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោត ។

រឿងដ៏អកុសលនៃរបាំរាំវង់នយោបាយខ្មែរឆាកថ្មីនេះគឺ ទោះបីខ្មែរទៅឬមិនទៅបោះឆ្នោត នៅថ្ងៃនោះក៏ដោយ ក៏លោកហ៊ុនសែន អតីតមេបញ្ជាការខ្មែរក្រហមប៉ុលពតដែលរត់ចោល ជួរទៅចូលយួនហាណូយពីឆ្នាំ១៩៧៧ ហើយដែលជាមេបនបក្សកាន់អំណាចផ្តាច់ការ សព្វថ្ងៃ នឹងប្រកាសជ័យជំនះរបស់ខ្លួនក្នុងការបោះឆ្នោតដែលគ្មានលក្ខណៈជាសេរីនិង ជាយុត្តិធម៌ឡើយ ។ តែលោកនឹងរកសុខមិនឃើញឡើយ ព្រោះវាជាធម្មជាតិរបស់

មនុស្សលោកដែលនៅស្ងៀមមិនបាន ត្រូវតែតស៊ូស្វែងរកសេរិភាពនិងយុត្តិធ៌ម ។ គេសង្កេតឃើញមានរដ្ឋាភិបាលមួយចំនួននៃប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យបានប្រកាសរួចមកហើយថា គេនិងសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលខ្មែរដែលដុះ ចេញពីការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដានោះឡើយ ប្រសិនណាបើមិនមានគណបក្ស សង្គ្រោះជាតិដែលជាគណបក្សជំទាស់ធំនិងមានប្រជាប្រិយជាងគេបានចូលរួមក្នុងការ ប្រកួតប្រជែងផង ។ ក៏ប៉ុន្តែលោកហ៊ុនសែនឥតដែលបានលាក់បាំងសេចក្តីប្តេជ្ញាចិត្តថា លោកមិនបោះបង់ចោលបល្ល័ង្កអំណាចដើម្បីលោកបន្តរាជទេ ។ ក្តោបអំណាចរដ្ឋទាំង អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការក្នុងដៃ លោកបានរំលាយ ចោលគណបក្សសង្គ្រោះជាតិ បានរឹបអូសយកអាសនៈសភាដែលប្រជាពលរដ្ឋខ្មែរអ្នក បោះឆ្នោតកន្លះនគរបានផ្តល់ទៅអ្នកដឹកនាំសង្គ្រោះជាតិ បានចាប់ចង ចោទ ឃុំឃាំង មេដឹកនាំនិងសកម្មជនជំទាស់ពីបទក្បត់ជាតិ ។ លោកមិនខ្វល់នឹងអ្នកណាចង់ថាអ្វី ឬធ្វើអ្វីឡើយ ព្រោះលោកនិងរបបផ្តាច់ការរបស់លោកបានទទួលការគាំទ្រជាសាធារណៈ ពីប្រទេសចិនប្រជាមានិតុរួចមកហើយ ​ហើយលោកក៏គ្មានបញ្ហាក្នុងការទុកដាក់ប្រទេសកម្ពុជាធ្វើជាកូនក្រកបំរើផលប្រយោជន៍

ចិនទេ ជាពិសេសក្នុងជម្លោះលើបញ្ហាសមុទ្រចិនខាងត្បូង ។

ទាំងខ្មែរទាំងបរទេស ទាំងលោកហ៊ុនសែនខ្លួនឯង និងទាំងរដ្ឋាភិបាលចិនមិនមែនមិនដឹង ទេថា នៅក្នុងការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ស្របតាមបដិញ្ញានៅក្នុង សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងស្របតាមរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនឹងមិនបោះឆ្នោតទុកលោកហ៊ុនសែនឱ្យនៅអង្គុយលើបល្ល័ង្កអំណាចតទៅ

ទៀតឡើយ ។ ដោយហេតុថាលោកស្រេកឃ្លានអំណាចនិងដោយមានចិនដឹកដៃផង លោកហ៊ុនសែនមិនអាចអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិចូលប្រកួតប្រជែង ក្នុងការបោះ

ឆ្នោតបានទេ បើលោកអនុញ្ញាតទៅលោកនឹងនៅសល់តែក្តិតខោទទេជាមិនខានឡើយ ។ មូលហេតុដែលលោកហ៊ុនសែនខិតខំបំភ័យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ថា បើលោក

និងគណបក្សលោកមិនឈ្នះសន្លឹកឆ្នោតនៅថ្ងៃទី ២៩ កក្កដាទេនឹងមានសង្គ្រាមក្នុងស្រុក

ហើយ តើលោកគម្រាមធ្វើសង្គ្រាមព្រោះដឹងថាប្រជាពលរដ្ឋខ្មែរជិនឆ្អន់នឹងខ្លួនលោកណាស់ ហើយថ្ងៃអង្សានៅរង់ចាំលោកនៅច្រកមាត់ទ្វារឬ ?

 

នៅក្នុងអត្ថបទខ្ញុំ «ដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា»ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភះ កន្លងមក នេះ ខ្ញុំបានសន្និដ្ឋានថា ឆ្នាំ២០១៨ ឬ ឆ្នាំចសំរិទ្ធិស័ក ព.ស. ២៥៦២ យើងនេះ ជា «ឆ្នាំដែលផ្តើមដំណើរឆ្ពោះទៅកាន់ថ្ងៃអង្សា»របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនផង និងជា «ឆ្នាំអាចចាប់ផ្តើមកំណត់អនាគត»របស់ខ្មែរប្រជាធិបតេយ្យផង ។ ថ្ងៃកំណត់ការផ្តើម ដំណើរនោះគឺថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះឯង ។ លោកហ៊ុនសែនគ្មានយុទ្ធកោសល្យឯណាទេ សកម្មភាពកៀបសង្កត់ផងទាំងឡាយគឺជា ស្នៀតរំដោះកុនខ្លួនមួយរយៈពេលតែប៉ុណ្ណោះ ។ ចំពោះភាគីខ្មែរប្រជាធិបតេយ្យវិញ ខ្ញុំមិនឃើញថា ការអំពាវនាវធ្វើពហិការការបោះឆ្នោតជាយុទ្ធកោសល្យដែរ ។ សំនួរដែលខ្ញុំ បានលើកមកសួរគឺថា តើនរណានឹងបានទៅដល់ទីដៅ «ថ្ងៃអង្សា»មុន ?។ ចម្លើយរបស់ខ្ញុំ គឺថា វាស្រេចលើបដិបក្ខមួយណាដែលមានគំនិតឆ្លាតវៃចេះធ្វើការច្នៃប្រឌិតល្អ ។ ខ្ញុំសូមនិយាយដដែលឡើងវិញថា គឺគំនិតនិងរបៀបគិតដែលជា

ការកំណត់អនាគត ។

ដំណើរជីវិតរបស់ខ្ញុំតាមរយៈសង្គមូបនីយកម្ម បានបណ្តុះចិត្តគំនិតខ្ញុំឱ្យមានចំណង់ចំណូល

ចិត្តនយោបាយតាមបែបខ្ញុំដែរ ខ្ញុំមិនមែនជា ខ្មែរសាធារណរដ្ឋ ឬជាខ្មែរប្រជាធិបតេយ្យ

ទាំងល្ងើពកថ្ងាសពេកទេ ។ ខ្ញុំបានដកខ្លួនចេញពី ជួររណសិរ្សខ្មែរតស៊ូអ្នកជាតិនិយម

នៅព្រំដែនខ្មែរ-ថៃ មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ ១៩៩១ ត្រូវបានស៊ីញ៉េឡើង ។  ខ្ញុំមិនមែនជាអ្នកនយោបាយទេ ។ ក្រោយពីដកខ្លួនចេញពីជាយដែន ខ្ញុំបានជ្រើសរើស

អាជីពជាគ្រូបង្រៀននៅសកលវិទ្យាល័យ ។ ខ្ញុំគ្មានជំនឿថា ពួកខ្មែរក្រហមឬពួកខ្មែរ

កុម្មុយនិស្តយៀកមិញដែលធ្វើ យុត្តិកម្មឱ្យយួនហាណូយលុកលុយប្រទេសខ្មែរក្នុងខែធ្នូ

ឆ្នាំ១៩៧៨ និងកាន់កាប់ប្រទេសកម្ពុជាដោយកម្លាំងទ័ពរហូតឆ្នាំ១៩៨៩ មានសមត្ថភាព «ផ្សះផ្សាជាតិ»ឡើយ ។ ទៅសង្ឃឹមថាសត្វខ្លាផ្លាស់ប្ដូរឆ្នូត ឬខ្មែរកុម្មុយនិស្តមុនឬក្រោយ

វាសុខចិត្តឯណាទទួលការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ គឺជាការរវើរវាយគួរឱ្យស្តាយ ។

វាមានអត្ថបទមួយនិពន្ធដោយអតីតមន្ដ្រីក្រសួងការបរទេសអាមេរិកាំងម្នាក់ស្តីអំពី«អាការៈនៃរោគរំពឹងផ្អែក»dependency syndrome របស់ខ្មែរ ។ មន្រ្ដីរូបនោះបានលើកយក សកម្មភាពខ្មែរតស៊ូមតិប្រជាធិបតេយ្យដែលចំនួនជាង ៣០ ឆ្នាំមកហើយនៅតែប្រឹងប្រកូក

អង្វរសុំសហគមន៍អន្តរជាតិឱ្យជួយពង្រស់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ថាជាលក្ខណៈ «អាការៈនៃរោគរំពឹងផ្អែក»របស់ខ្មែរហើយលោកបានកត់សំគាល់ថា ជាលក្ខណៈខ្មែរដែលបង្វៀងនិងបញ្ចៀសកំហុសរបស់ខ្លួនឯង ឬ denial និងដែលស្តីបន្ទោស ឬ blame អ្នកដទៃអំពីបុព្វហេតុដែលបានធ្វើឱ្យខ្មែរខ្លោចផ្សា ។ ខ្ញុំមិនយល់ស្របទេថា «អាការៈនៃរោគរំពឹងផ្អែក»ជាកម្មសិទ្ធ «រោគ»របស់ខ្មែរ តែខ្ញុំយល់ស្របថាខ្មែរយើងច្រើនមានទំនោរ

ទៅលើ «រោគរំពឹងផ្អែក»លើអ្នកដទៃ ។ ឯការបង្វៀងបញ្ចៀសកំហុសនិងការស្តីបន្ទោស

អ្នកដទៃក៏មិនមែនជាកម្មសិទ្ធរបស់ខ្មែរដែរ តែវាជាលក្ខណៈរបស់មនុស្សដែលមាននៅក្នុង

គ្រប់វប្បធម៌ក្នុងលោកនេះ ។ ខ្ញុំសូមចាត់ទុកអត្ថបទនោះជាឯកសារមានតម្លៃ ។ ខ្ញុំបានមើលឃើញមានភាពស្របគំនិតរវាងអតីតមន្ត្រីរូបនេះនិងការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។

ខាងលើនេះមានការចំអកពីរជាន់ ៖ ទីមួយ ព្រះពុទ្ធបានណែនាំឱ្យយើងរៀបចំសង្គ្រោះខ្លួន យើងនិងកុំឱ្យពឹងផ្អែកលើអ្នកដទៃ តែខ្មែរស្ទើរតែទូទៅនៅតែឱបក្រសោបជាស្វ័យប្រវត្តិនូវ គំនិតនិងទង្វើបន្តពូជ គិតនិងធ្វើដដែលៗ ពោលគឺទំនោរមិន «រៀបចំសង្គ្រោះខ្លួនឯង»តែបែររត់ទៅរកអ្នកដទៃ ឱ្យជួយទាំងរឿងផ្ទាល់ខ្លួននិងទាំងរឿងជាតិ ។ ទីពីរ ព្រះពុទ្ធបាន

ទូន្មានយើងឱ្យទទួលខុសត្រូវលើសកម្មភាពឬភាពអសកម្មរបស់យើង តែខ្មែរយើងច្រើនធ្លាក់

ខ្លួនចូលក្នុងចំណោម អ្នកបង្វៀងនិងបញ្ចៀសកំហុសនិងស្តីបន្ទោសអ្នកដទៃdenial and blame ។ ខ្ញុំបានសរសេរជាយូរណាស់មកហើយថា ខ្មែរតស៊ូមតិប្រជាធិបតេយ្យត្រូវការ

ការគាំទ្រដល់បុព្វហេតុរបស់ខ្លួនពីអន្តរជាតិមែនពិត តែនៅទីបំផុតគឺខ្មែរយើងត្រូវនៅ

ម្នាក់ឯងនិងត្រូវទីពឹងលើខ្លួនឯងនៅក្នុងកិច្ចប្រឹងប្រែងរកវិធីមានប្រសិទ្ធភាពគឺការប្រើគំនិតត្រិះរិះពិចារណាធ្វើការច្នៃប្រឌិតដើម្បីកែប្រែផ្លាស់ប្តូរនៅប្រទេសកម្ពុជា ។

ខ្ញុំជានិស្សិតនៃសាលាភាពប្រាកដនិយម អំណាច និងផលប្រយោជន៍ជាតិ ។ ខ្ញុំមិនទាន់ ឃើញមានរដ្ឋាភិបាលណាមួយផ្ដួចផ្តើមសកម្មភាពពង្រស់សន្ធិសញ្ញាសន្តិភាពទេ ។ ខ្ញុំដឹងដែរថាមានខ្មែរដែលមិនយល់ដូចខ្ញុំទេថា រដ្ឋាភិបាលនានាដែលបានជម្រុញបដិបក្ខ ខ្មែរឱ្យស៊ីញ៉េកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ព្រោះដល់ម៉ោងគេមូរកន្ទេលត្រឡប់ទៅផ្ទះសម្បែង គេវិញ ។ រដ្ឋាភិបាលបរទេសដែលស្តីបន្ទោសរបបភ្នំពេញនៅតែបន្តបើកស្ថានទូតជាធម្មតា ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលហ៊ុនសែនបានចំអកនិងទាត់ចោលទណ្ឌកម្មរបស់សហរដ្ឋ

អាមេរិកបង្កកទ្រព្យសម្បត្តិនិងហាមក្រុមហ៊ុនអាមេរិកាំងទំនាក់ទំនងជាមួយលោក ហ៊ីងប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកហ៊ុនសែន ។ អត្ថបទខ្ញុំ «សន្ធិសញ្ញាសន្តិភាពទី ក្រុងប៉ារីស»បានបញ្ជាក់អំពីកំសោយនៃច្បាប់អន្តរជាតិ ។ ប្រព័ន្ធនយោបាយសកលគ្មាន អាជ្ញាធរសកលមានសមត្ថកិច្ចអនុវត្តច្បាប់អន្តរជាតិទេ ។ ប្រទេសចិនប្រជាមានិតបានចេញ តួដើរដោយពេញមុខជា«ឪខ្លាត្រី»ការពាររបបកាន់អំណាចផ្តាច់ការរបស់ ហ៊ុនសែន ។

ខ្ញុំបានសរសេរច្រើនណាស់មកហើយថា វប្បធម៌ខ្មែររយឆ្នាំបានធ្វើឱ្យការកែប្រែផ្លាស់ប្តូរក្នុង សង្គមខ្មែរមានការលំបាក ។ តែគ្មានអ្វីដែលបុគ្គលមនុស្សយើងធ្វើមិនបាននោះទេ ។ ការកែប្រែផ្លាស់ប្តូរត្រូវចាប់ផ្តើមនិងដឹកនាំដោយខ្មែរដែលរស់នៅលើដីកម្ពុជា ។ សមត្ថភាព ដឹកនាំអាចត្រូវបង្រៀននិងរៀនសូត្របាន ។ ការរៀនសូត្រអាចតម្រូវឱ្យយើងរៀនជាថ្មីនូវអ្វី ដែលយើងបានរៀនរួចមកហើយ និងឱ្យយើងបំភ្លេចចោលនូវអ្វីខ្លះដែលបានរៀនរួចមក ហើយនោះដែរ ។ យើងត្រូវបោះបង់គំនិតនិងទង្វើបន្តពូជហើយអនុវត្តគំនិតនិងទង្វើ បង្កើតផលិតវិញ ហើយបង្កើតគោលការណ៍ណែនាំ guiding principles ក្នុងការទំនាក់ទំនង រវាងគ្នានិងគ្នានិងក្នុងកម្មវិធីកែប្រែផ្លាស់ប្តូរ ។

ពេលវេលាសម្រាប់ការផ្សះផ្សាជាមួយរបបផ្តាច់ការវាបានកន្លងផុតទៅហើយ ។ របបហ៊ុន សែន ជារបបបែប ហ្ចរ៍ច អ័រវែល George Orwell ដែលដាច់ខាតតម្រូវប្រជាពលរដ្ឋខ្មែរ ឱ្យគោរពកោតខ្លាច ឱនលំទោន ចុះញ៉មទាំងកាយទាំងគំនិត ដូចជាម៉ាស៊ីនស្វ័យគុម រ៉ូបូ robotដែលធ្វើតាមបញ្ជារបស់ «បងធំ»ដូចមានសរសេរក្នុង រឿងប្រលោមលោក «Nineteen Eighty-Four»អញ្ចឹង។ វាមិនសហការជាមួយខ្មែរប្រជាធិបតេយ្យទេ វានៅបន្តអំណាចបាន

តែតាមរយៈវិធានការកៀបសង្កត់ ។

 

ខ្មែរតស៊ូមតិនិងសកម្មជនប្រជាធិបតេយ្យនិងក្រុមសិទ្ធិមនុស្សត្រូវចំណាយពេលវេលា ប្រមូលថាមពល ប្រាក់កាស និងទេពកោសល្យ ប្រើគំនិតច្នៃប្រឌិត ធ្វើសង្គ្រាមដំកំទេចជើង ដីឥដ្ឋរបស់វា អនុវត្តយុទ្ធសាស្រ្តអហិង្សានិងរូបមន្ដខ្លួនទីពឹងខ្លួនដើម្បីផ្តាច់ដង្ហើមរបប

ផ្តាច់ការ ។ ខ្ញុំបានជូនជាគំនិតនៅក្នុងអត្ថបទនានារបស់ខ្ញុំច្រើនណាស់មកហើយ ។

ព្រះពុទ្ធបានបង្រៀនមនុស្សជាតិថា «កុំយកចិត្តទុកដាក់ចំពោះកំហុសរបស់អ្នកដទៃ និងចំពោះអ្វីៗដែលអ្នកដទៃបាន ឬមិនបានធ្វើ ចូរអ្នកគិតតែពីទង្វើដែលខ្លួនឯងផ្ទាល់បាន ឬមិនបានធ្វើតែប៉ុណ្ណោះបានហើយ»​៕

 

 

អំពីអ្នកនិពន្ធ៖លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website «គំនិតខ្មែរ»របស់លោកតាមអាសយដ្ឋាន  https://kumnitkhmer.com/ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡិចត្រូណិច (e-mail)peangmeth@gmail.com។