កុំឲ្យឱកាសល្អរបូតផុតទៅ»
«កុំឲ្យឱកាសល្អរបូតផុតទៅ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩
រោគរំពឹងផ្អែកទៅលើអ្នកដទៃដើម្បីដោះស្រាយបញ្ហា ជម្ងឺរុំារ៉ៃធ្វើប្រតិកម្មតែទៅតាមអារម្មណ៍និងចិត្តរំជួល ជម្ងឺបដិសេធទទួលខុសត្រូវនិងបន្ទោសអ្នកដទៃ ជម្ងឺឱបក្រសោបទម្លាប់ជាហ្វូងគោទាំងផ្នត់គំនិតទាំងទង្វើ ជារោគនិងជាជម្ងឺធម្មជាតិរបស់មនុស្ស ។ វាមិនមែនជាកម្មសិទ្ធរបស់ខ្មែរទេ ។ក៏ប៉ុន្តែនៅក្នុងកាលៈទេសៈសព្វថ្ងៃនេះ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់ជាពិសេស ប្រយ័ត្នរោគនិងជម្ងឺទាំងនេះមកញំាញីខ្លួន ព្រោះវាមានលទ្ធភាពជម្រុញថ្ងៃអង្សាឲ្យមកលួចឃ្លាំមើលយើងនៅមាត់ទ្វារចាំឆក់យកជីវិតយើងទៅកាន់មរណា ប្រសិនបើយើងមិនប្រើបញ្ញាមិនប្រើគំនិតត្រិះរិះពិចារណាស៊ីជម្រៅដែលជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ ។ សភាពការណ៍បច្ចុប្បន្ននៅកម្ពុជាធ្ងន់ធ្ងរណាស់ ។ ថ្ងៃអង្សាជាវេលាស្លាប់រស់នៅក្នុងអនាគតរបស់យើង ។
“របបផ្តាច់ការ” នៅក្នុងពិភពលោកមិនមែនកើតមានឡើងក្នុងមួយពេលតែម្តងដូចជាផ្ទាំងវាំងននបើកឆាកសំដែងរឿងល្ខោនឬទម្លាក់ចុះបញ្ចប់រឿងទេ ។ “របបផ្តាច់ការ” កើតមានឡើងដោយមនុស្សភាគច្រើនមិនចាប់អារម្មណ៍ ។ ចង្កូមវាត្របាក់ឯណេះបន្តិចឯណោះបន្តិច ។ វាស៊ីសាច់ ហុតឈាម អង្កៀមឆ្អឹង ។ វាលបបំផ្លាញសិទ្ធិសេរីភាពនិងយុត្តិធម៌ក្នុងសង្គម បន្តិចម្តងៗ ដូចដែលលោកស្រី ម៉ាដឺឡែន អល់ប្រែក Madeleine Albright អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកំាងសរសេរនៅក្នុងសៀវភៅ “ហ្វាស់ស៊ីសនិយម៖ការព្រមានមួយ” Fascism: A Warning ចេញផ្សាយនៅឆ្នាំ២០១៨។ លោកស្រីបានស្រង់ពាក្យសំដីរបស់មេហ្វាស់ស៊ីសនិយមអ៊ីតាលី លោក បេនីតូ ម៉ូសូលីនី Benito Mussolini ស្តីអំពីរបៀបបង្កើតរដ្ឋាភិបាលហ្វាស់ស៊ីសថា៖ “បើគេដកស្លាបសត្វមាន់ម្តងមួយៗ គ្មាននរណាចាប់អារម្មណ៍ទេ” “If you pluck a chicken one feather at a time, No one notices”។ ដូច្នេះ ទម្រាំតែដល់ពេលមានការចាប់អារម្មណ៍ សត្វមាន់នោះវាបាត់បង់រោមនិងស្លាបអស់ពីខ្លួនទៅហើយ ។
នៅប្រទេសកម្ពុជា ជនផ្តាច់ការបានលបបំផ្លាញកម្លាំងខ្មែរប្រជាធិបតេយ្យនិយម សកម្មជនសិទ្ធិមនុស្ស ម្តងម្នាក់ម្តងពីរនាក់ និងបំផ្លាញនីតិរដ្ឋនៅក្នុងសង្គមម្តងបន្តិចៗ ខណៈដែលពលរដ្ឋខ្មែរទូទៅដែលកំពុងរស់នៅក្រោមរបបផ្តាច់ការមានអារម្មណ៍ថា គ្មានអ្វីធំដុំកើតឡើងឡើយ ។ នេះមិនខុសពីរឿងកង្កែបដែលគេចាប់ដាក់ក្នុងឆ្នាំងទឹកហើយគេលួចបង្កាត់ភ្លើងដុតកំដៅទឹកនៅក្នុងឆ្នាំង ។ បន្ទាប់មក គេបោះចំណីឲ្យកង្កែបនៅក្នុងឆ្នាំងស៊ីបន្តិចបន្តួច ដើម្បីបញ្ឆោតកុំឲ្យវាចាប់អារម្មណ៍នឹងគ្រោះមហន្តរាយដែលកំពុងតែរំកិលមកយាយីជីវិតវា ។ ទម្រាំដល់ពេលដែលកង្កែបចាប់អារម្មណ៍ថាភាពត្រជាក់នៃទឹកក្នុងឆ្នាំងហាក់ដូចជាចាប់ផ្តើមក្តៅ វាយឺតពេលទៅហើយ ព្រោះទឹកដែលចាប់ផ្តើមពុះមិនអនុញ្ញាតឲ្យកង្កែបលោតចេញពីឆ្នាំងរួចឡើយ ។


កាលពីខែមករា២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកដាក់សហភាពអឺរ៉ុបថាបើចង់កំទេចគណបក្សសង្គ្រោះជាតិចោល សូមដកហូតឯកសិទ្ធពាណិជ្ជកម្មកម្ពុជាចុះ ។ នៅខែកុម្ភៈ សហភាពអឺរ៉ុបប្រកាសថាដោយហេតុនៅក្នុងអម្លុងពេល ១៨ ខែកន្លងមកនេះ “ស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅប្រទេសកម្ពុជាបានធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនទៅ” សហភាពអឺរ៉ុបនឹងអនុវត្ត “ដំណើរការផ្អាក” ឯកសិទ្ធកម្ពុជាក្នុងការដឹកនាំទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបតាមប្រព័ន្ធអនុគ្រោះពន្ធនៅក្រោមកម្មវិធីEBA (Everything But Arms ឬ “អ្វីៗគ្រប់យ៉ាងក្រៅពីអាវុធ”)។ នៅខែកុម្ភៈដដែលនោះ លោក ហ៊ុន សែន បានថ្លែងកម្លាថា “កម្ពុជានឹងមិនស្លាប់ទេទោះបីគ្មានEBAក៏ដោយ . . . EBAនឹងត្រូវបានលុបចោល វាគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ” ។ នៅក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជាបានដឹកទំនិញវាយនភ័ណ្ឌ ស្បែកជើង ផលិតផលបន្លែ អង្ករ កង់ទៅលក់នៅទីផ្សារសហភាពអឺរ៉ុបសរុបជាប្រាក់ចំនួន ៥ ពាន់ ៣ រយលានអឺរ៉ូ ឬប្រមាណជា ៦ ពាន់លានដុល្លារអាមេរិកាំង ។ ជាង ៩៥ ភាគរយនៃទំនិញបានទទួលការអនុគ្រោះពន្ធនៅក្រោមEBA ហើយ ៣ ភាគ ៤ នៃទំនិញដឹកទៅលក់នៅផ្សារសហភាពអឺរ៉ុបជាទំនិញមកពីវិស័យវាយនភ័ណ្ឌ ។ រោងចក្រសម្លៀកបំពាក់នៅកម្ពុជាប្រើកម្មករចន្លោះពី ៧ សែន ៥ ម៉ឺន ទៅ៨ សែននាក់ ។ លោក ហ៊ុន សែន ថាទោះគ្មាន EBA ក៏កម្ពុជារស់បានដែរ ។
កត្តាដែលលោក ហ៊ុន សែន ហ៊ានថ្លែងយ៉ាងខែងរ៉ែងដូច្នេះដោយហេតុថាមហាមិត្តចិនប៉េកាំងបានសន្យានឹងលោកថាបើសហភាពអឺរ៉ុបដកឯកសិទ្ធពាណិជ្ជកម្មកម្ពុជា ប្រទេសចិននឹងជួយបំពេញកង្វះខាតរបស់កម្ពុជា ។ ចិនបានព្រមានដល់បរទេសកុំឲ្យលូកលាន់បញ្ហាផ្ទៃក្នុងរបស់ខ្មែរ ។ ឮយ៉ាងដូច្នេះហើយបានជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់ទុកអំណាចសម្រាប់ខ្លួនលោកនិងសន្តតិវង្សលោក ក៏ចូលសយ្យាសន៍សែនសប្បាយ ។ មហាមិត្តចិនចង់បានអ្វីលោកមិនញញើតនឹងផ្តល់ឲ្យគេដែរ ។ ហេតុម្តេចក៏ដូច្នេះ ? ខ្ញុំនឹងជូនវិភាគនៅក្នុងអត្ថបទលើកក្រោយ ។
នៅថ្ងៃទី១៩ខែមិថុនា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ោណា ស្ម៊ីសត៍ Rhona Smith និងលោក ដេវិឌ ខេយ៍ David Kaye បានចេញសេចក្តីថ្លែងការណ៍ សម្តែងសេចក្តីព្រួយបារម្ភអំពីកំណើននិន្នាការនៃរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបអ្នករិះគន់និងបំបិទមតិនយោបាយដោយចោទថាវាជា “ព័ត៌មានក្លែងក្លាយ” ៖ “យើងមានការព្រួយបារម្ភអំពីការប្រើច្បាប់ព្រហ្មទណ្ឌដើម្បីបង្ក្រាបសេរីភាពបញ្ចេញមតិទាំងនៅក្រៅប្រព័ន្ធបណ្តាញអ៊ិនធឺរ៍ណិត(offline) និងប្រព័ន្ធអនឡាញ (online)” . . . “មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ សិទ្ធិនេះជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យនិងយុត្តិធម៌ ។”
លោកស្រីស្ម៊ីសត៍និងលោកខេយ៍បានថ្លែងថានៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ អាជ្ញាធរកម្ពុជាបានកោះហៅ សាកសួរចម្លើយ ឬឃុំឃាំងសមាជិកអតីតបក្សប្រឆាំងប្រមាណជា ១៤០ នាក់ដែលបានប្រមូលផ្តុំឬសម្តែងការគាំទ្រដល់លោក កឹម សុខា និង លោក សម រង្ស៊ី ថាទំាងនេះគឺសុទ្ធជាការផ្តន្ទាទោសនយោបាយ ។
លោកស្រីស្ម៊ីសត៍និងលោកខេយ៍បានអំពាវនាវដល់រដ្ឋាភិបាលភ្នំពេញឲ្យ “កែប្រែនិន្នាការដាំក្បាលចុះនាពេលបច្ចុប្បន្ន” នៃសិទ្ធិនយោបាយនិងសេរីភាពនៅកម្ពុជា ។
សេចក្តីថ្លែងការណ៍សហភាពអឺរ៉ុបបាននិយាយថាខណៈសហភាពអឺរ៉ុបប្តេជ្ញាធ្វើការជាមួយ រដ្ឋាភិបាលភ្នំពេញដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជា “កម្ពុជាត្រូវតែបង្ហាញអំពីការរីកចម្រើននៃដំណោះស្រាយពិតប្រាកដនិងដែលគួរឲ្យជឿបាននូវបញ្ហានានាដើម្បីចៀសវាងការដកហូតឯកសិទ្ធពាណិជ្ជកម្មEBA” ។ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍នៅពាក់កណ្តាលខែសីហានេះស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតនិងសេចក្តីសម្រេចចិត្តថាតើត្រូវបន្តឬបញ្ចប់ឯកសិទ្ធពាណិជ្ជកម្មកម្ពុជាEBA។
ស្របជាមួយនឹង “ទណ្ឌកម្មសេដ្ឋកិច្ច” ចេញអំពីសហភាពអឺរ៉ុបដកហូត EBAនិងសហរដ្ឋអាមេរិកដកហូតប្រព័ន្ធ Generalized System of Preference (GSP) ដែលអនុគ្រោះពន្ធនិងកូតាទំនិញពីកម្ពុជាដែលអាចប៉ះពាល់ដល់ពលរដ្ឋខ្មែរប្រមាណពីបីទៅបួនលាននាក់ សមាជិក គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ បានប្រជុំគ្នានៅថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងម៉ីណេ្ណអាប់ប៉ូលីស Minneapolisរដ្ឋម៉ីណេសូតាMinnesotaហើយបានចេញសេចក្តីថ្លែងការណ៍ប្រាប់ថា លោក សម រង្ស៊ី អមដោយឥស្សរជននៃគណបក្សដែលបានទទួលសន្លឹកឆ្នោតពីពលរដ្ឋខ្មែរហើយដែលនៅនិរទេសឯបរទេស ព្រមទាំងពលករខ្មែរធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន នឹងវិលត្រឡប់ទៅកាន់កម្ពុជាវិញនៅខែកញ្ញាឆ្នាំ២០១៩ ។ សេចក្តីថ្លែងការណ៍អំពាវនាវដល់ខ្មែរនៅក្រៅប្រទេសឲ្យចូលរួមក្នុងមាតុភូមិនិវត្តន៍នេះដើម្បីចូលរួមក្នុងយុទ្ធនាការអហិង្សាមួយ ។
សូមមេត្តាអានសេចក្តីសង្ខេបអំពី EBA និងការទាមទាររបស់លោក សម រង្ស៊ី (ស្តារគណបក្សសង្គ្រោះជាតិ,ដោះលែងលោក កឹម សុខា,ទាត់ចោលការចោទប្រកាន់ថា ”ក្បត់ជាតិ”,បញ្ចប់ការហាមឈាត់ធ្វើនយោបាយនិងការចោទប្រកាន់សមាជិកគណបក្សចំនួន១១៨នាក់, បោះពុម្ភផ្សាយកាលវិភាគសម្រាប់ការបោះឆ្នោតជាតិឲ្យបានត្រិមត្រូវ) នៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី១៩កុម្ភៈ២០១៩ ក្រោមចំណងជើងថា “ឆក់យកឱកាសល្អនិងផ្តើមវិធីប្រយុទ្ធជនផ្តាច់ការ” នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។
នៅឯក្រុងភ្នំពេញឯនោះវិញ របបភ្នំពេញឆ្លើយតបដោយប្រើភាសាពីរបែប ។ នៅថ្ងៃទី១៧មិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវដល់អាជ្ញាធរឲ្យចៀសវាងអំពើហិង្សានិងជួយអប់រំប្រជាជនឲ្យយល់អំពីផលវិបាកនៃការធ្វើបាតុកម្ម ។ ខណៈដែលលោកបានថ្លែងថាគ្មាននរណាហាមឃាត់លោក សម រង្ស៊ីនិងសហការីធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញទេ លោកបន្ថែមថា៖ “អ្នកទាំងនោះសុទ្ធតែប្រឈមមុខនឹងដីកាចាប់ខ្លួន ហើយប៉ូលីសត្រូវមានការប្រុងប្រយ័ត្ននិងត្រូវចាត់វិធានការតាមច្បាប់” ។ ឧត្តមសេនីយ៍ គឹម ឃើន នៃក្រុមនគរបាលជាតិបានថ្លែងថា៖ “យើងមានដីកាចាប់ខ្លួនគ្រប់សព្វហើយ យើងត្រៀមប្រឈមបញ្ហានេះ” ។ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានអះអាងថា ៖ “យើងមានដីកាចាប់ខ្លួនលោក សម រង្ស៊ី ។ នៅមិនទាន់មានការលើកលែងទោសអ្វីពីព្រះមហាក្សត្រទេ ។”
ខ្មែរមួយចំនួនដែលប្រឆំាងនឹងរបបផ្តាច់ការលោក ហ៊ុន សែន មានជំនឿថាមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ីនិងពលករខ្មែររាប់ម៉ឺននាក់ពីបរទេសនឹងបង្កើតជាថាមពលដ៏ខ្លាំងក្លាមួយរុញច្រានពលរដ្ឋខ្មែរនៅក្នុងស្រុកដែលធុញទ្រាន់នឹងរបបផ្តាច់ការរបស់លោក ហ៊ុន សែន ឲ្យងើបឈរឡើងប្រឆំាងនឹងរបបនេះ ។ ទស្សនវិទូម្នាក់និយាយថា៖ គ្មានអ្វីអាចកើតឡើងទេបើគ្មានមនុស្ស ។ នេះបានសេចក្តីទៀតថា គ្មានអ្វីដែលមនុស្សធ្វើមិនកើតឡើយ ។ តែយើងត្រូវមានឆន្ទៈប្រើគំនិតត្រិះរិះពិចារណាស៊ីជម្រៅនិងច្នៃប្រឌិតដូចខ្ញុំបានសរសេរនៅដើមអត្ថបទនេះអញ្ចឹង ហើយត្រូវចៀសវាងរោគនិងជម្ងឺដែលរៀបរាប់នោះ ។ ខ្មែរយើងត្រូវឈប់នៅជាមនុស្សប្រចាំគ្នា ។ ម្នាក់ៗត្រូវបង្កើតឆន្ទៈផ្តួចផ្តើមinitiate អ្វីមួយឡើង ។ ចេះហើយនិងដឹងហើយមិនទាន់គ្រប់គ្រាន់ទេ ។ ត្រូវអនុវត្តទើបរកជោគជ័យឃើញ ។ ការតស៊ូកំចាត់របបផ្តាច់ការនៅក្នុងស្រុកខ្មែរត្រូវការសកម្មជនដែលចេះស្រមើស្រមៃimagineនិងចេះច្នៃប្រឌិតbe creative ។ នេះមិនមែនជាគំនិតថ្មីទេ ។ ព្រះពុទ្ធបានបង្រៀនជាង ២៥០០ ឆ្នាំមកហើយថា ពិភពដែលយើងរស់នៅវាកើតចេញពីការគិតរបស់យើងដែលយើងយកទៅអនុវត្តគឺថាគំនិតបូកនឹងសកម្មភាពស្មើនឹងលទ្ធផល ។ យ៉ាងដូច្នេះគប្បីយើងកុំប្រចាំលោក សម រង្ស៊ី និងសហការីមួយតំបរស្វានោះ និងកុំចាំតែបន្ទោសលោកនិងក្រុមលោក ។ យើងម្នាក់ៗគប្បីឆ្លុះកញ្ចក់ហើយកត់សំគាល់រូបដែលសម្លឹងចេញពីក្នុងកញ្ចក់នោះ ។ គឺរូបនោះហើយដែលជាអ្នកត្រូវផ្តួចផ្តើមសកម្មភាព ។ សូមមេត្តាអានឬស្តាប់ឡើងវិញនូវអត្ថបទខ្ញុំចុះថ្ងៃទី២៦ខែមករាក្រោមចំណងជើងថា “ទឹករលកតូចមួយ . . . ពីរ . . . បី . . . ហូរចូលគ្នា” នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។ មិត្តម្នាក់ឈ្មោះ ដួង ឫទ្ធិ បានរំលឹកខ្ញុំហើយរំលឹកទៀតថា “ព្រឹត្តិការណ៍ សកម្មភាព និងកាលៈទេសៈដែលកើតមានឡើងជាហូរហែនិងជាបន្តបន្ទាប់គ្នាអាចហូរត្របាញ់ចូលគ្នារួមបង្កើតជាសន្ទុះមួយរុញច្រានរហូតសន្ទុះនោះបានទៅដល់ចំណុចកំពូលមួយ បង្កើតជាថាមពលធ្លាយចេញមកដែលពិបាកនឹងទប់បាន” ។ បើមានទឹករលកតូចមួយហូរត្របាញ់ចូលគ្នាជាមួយទឹករលកតូចៗឯទៀតដែលលេចចេញពី “មជ្ឈដ្ឋានថាមពលរាប់លានកន្លែង” វានឹងបង្កើតជាចរន្តដែលអាចរំលើងរបបគាបសង្កត់ដ៏ព្រៃផ្សៃមួយបាន ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam (ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com