កុំឲ្យប្រវត្ដិសាស្ដ្រផ្ដន្ទាទោសយើងជាថ្មី
«កុំឲ្យប្រវត្ដិសាស្ដ្រផ្ដន្ទាទោសយើងជាថ្មី»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
ខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី៤ខែមករាថា“គេថាគ្មានប្រវត្តិសាស្ត្រទេ មានតែមនុស្សធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ និងមានតែមនុស្សកត់ត្រានិងបកស្រាយស្នាដៃរបស់សកម្មជនទាំងនោះ ”។
ខ្ញុំជាសិស្សប្រចាំជីវិត ។ ខ្ញុំមិនអាចឈប់ក្រេបជញ្ជក់មេរៀនចាស់និងថ្មីបានទេដរាបណាសុខភាពខ្ញុំនៅបរិបូរណ៍ហើយវិញ្ញាណទាំងប្រាំរបស់ខ្ញុំនៅប្រើការបាន ។ នៅក្នុងសំណេរខ្ញុំ ខ្ញុំតែងរំលឹកថាមនុស្សយើងមិនអាចកែប្រែអតីតកាលដែលកន្លងផុតទៅឲ្យបានជាថ្មីម្តងទៀតទេ ។ ក៏ប៉ុន្តែការយល់ច្បាស់អំពីអតីតកាលជាចំណេះដឹងសំខាន់ណាស់សម្រាប់យើងនៅថ្ងៃនេះដើម្បីជួយបញ្ចៀសផ្លូវខុសដែលបុព្វបុរសយើងបានឆ្លងកាត់រួចមកហើយ ។ អតីតកាលវាបំភ្លឺផ្លូវឲ្យយើងដើរត្រូវនៅថ្ងៃនេះ ។ បច្ចុប្បន្នកាលវាជាមាគ៌ាចង្អុលទិសដៅឲ្យយើងដើរទៅរកភាពចម្រើននិងប្រសើរនៅថ្ងៃអនាគត ។ បើថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ហើយថ្ងៃស្អែកជាអនាគតនៃថ្ងៃនេះ ចំណេះដឹងនិងគំនិតស៊ីជម្រៅជួយយើងឲ្យសម្រេចបាននូវការរីកចម្រើននិងប្រសើរនៅថ្ងៃនេះជាងថ្ងៃម្សិល និងតម្រង់ផ្លូវឲ្យយើងរឹតតែបានរីកចម្រើននិងប្រសើរឡើងថែមទៀតនៅថ្ងៃស្អែក ។

អ្នកដែលមានបទពិសោធន៍ធំធេងក្នុងដំណើរជីវិតបានព្រមានថាបើយើងមិនព្រមរៀនពីប្រវត្តិសាស្ត្រទេ ប្រវតិ្តសាស្ត្រនឹងដាក់ទណ្ឌកម្មឬផ្តន្ទាទោសឲ្យយើងរស់នៅក្នុងជីវភាពដូចដែលធ្លាប់បានស្គាល់អញ្ចឹង ។
ពាក្យពេចន៍របស់អតីតព្រឹទ្ធសមាជិកសភាអាមេរិកាំងម្នាក់ លោក រ៉ប៊ើត កេណ្ណឺឌី Robert F. Kennedy ដែលយើងទាំងអស់គ្នាគួរចងចាំ បានថ្លែងថា“ប្រវត្តិសាស្ត្ររបស់មនុស្ស”human history ផុសចេញជារូបរាងឡើងដោយសារសកម្មភាពដែលស្តែងចេញពី “ភាពក្លាហាននិងជំនឿផ្សេងៗជាច្រើនជំពូកដែលរាប់មិនអស់” របស់បុគ្គលនានា ។ សកម្មភាពទាំងនោះ “បំផុលឲ្យកើតមានជាទឹករលកតូចមួយនៃសេចក្តីសង្ឃឹម” ។ នៅពេលទឹករលកតូចមួយដែលហូរផុសចេញពីមជ្ឈមណ្ឌលឋាមពលមួយរត់ត្របាញ់ចូលគ្នាជាមួយទឹករលកតូចៗឯទៀតដែលលេចចេញពី“មជ្ឈមណ្ឌលឋាមពលរាប់លានកន្លែង”វា “បង្កើតជាចរន្ត ”ដែលមានកម្លាំងខ្លាំងក្លា“អាចរំលើងចោលបាននូវរបបគាបសង្កត់ដ៏រឹងមាំមួយ”។
គំនិត
www.kumnitkhmer.com
បេីយេីងចេះចុចឲ្យចំចំណុចត្រូវនិងឲ្យចំពេលវេលាវា
អ្វីដែលហាក់ដូចជានៅនឹងថ្កល់ហេីយមិនអាចកែប្រែបាន
វាបែរជាអាចកែប្រែបានទៅវិញ ។
ព្រឹត្តិការណ៍ សកម្មភាព និង កាលៈទេសៈ
ដែលកេីតមានឡេីងជាហូរហែរនិងជាបន្តបន្ទាប់គ្នា
អាចហូរត្របាញ់ចូលគ្នារួមបង្កេីតជាសន្ទុះមួយរុញច្រាន
រហូតបានទៅដល់ចំណុចកំពូលមួយ ។
គឺចេញពីចំណុចកំពូលនោះហេីយ
ដែលឋាមពលមួយធ្លាយចេញមកដែលពិបាកនឹងទប់បាន។
ព្រះពុទ្ធបានបង្រៀនមនុស្សលោកថា យើងរាល់គ្នាទទួលខុសត្រូវចំពោះជោគវាសនារបស់យើង គ្មាននរណាអាចជួយយើងបានទេ យើងត្រូវជួយខ្លួនយើង ។ អ្វីៗដែលយើងបានគិតនៅក្នុងខួរក្បាលយើង វាបណ្តាលឲ្យយើងធ្វើឬមិនធ្វើសកម្មភាពបង្កើតឬមិនបង្កើតពិភពមួយសម្រាប់ខ្លួនយើងរស់នៅ ។ ជាង២៥០០ឆ្នាំមកហើយដែលព្រះអង្គបានទូន្មានមនុស្សលោកថា វត្តមាននៃព្រះអាទិត្យ ព្រះចន្ទ និងសច្ចៈ មិនអាចបិទបាំងជិតបានទេ ។
មានបុគ្គលខ្លះបកស្រាយព្រឹត្តិការណ៍ដោយយោងទៅតាមចំណូលចិត្ត គំនិតនយោបាយនិងមនោគមន៍វិជ្ជារបស់ខ្លួន ។ ខ្លះយករឿងនៅក្នុងគំនិតរបស់ខ្លួនទៅបង្កើតជាព្រឹត្តិការណ៍ដើម្បីឲ្យមានការចាប់អារម្មណ៍ ។ ឯបុគ្គលខ្លះទៀតបំភ័ន្តការពិតនិងបំភ្លៃទ្រង់ទ្រាយប្រវត្តិសាស្ត្រដើម្បីបម្រើគោលដៅណាមួយរបស់គេ ។ ក៏ប៉ុន្តែទោះបុគ្គលទាំងនោះខំបំភ័ន្តនិងបំភ្លៃដូចជារបបផ្តាច់ការនៅក្នុងប្រលោមលោក “ដប់ប្រាំបួន-ប៉ែតសិបបួន”ឬ Nineteen Eighty-Four របស់លោកហ្ចរ៍ច អ័រវែល George Orwell បានខំធ្វើយ៉ាងដូចម្តេចក្តី ក៏សត្យៈពីរបូកនឹងពីរ ២ +២វានៅតែផ្តល់លទ្ធផល ៤ ជានិច្ច ។ ដរាបណាសត្វជ្រូកមិនអាចហោះហើរបាន មនុស្សមិនគួរជឿលើប្រវត្តិសាស្ត្រដែលត្រូវបានគេបំភ្លៃនោះទេ ។
អត្ថបទរបស់ខ្ញុំ“ទណ្ឌកម្មដល់អ្នកដែលមិនព្រមរៀនពីប្រវត្តិសាស្ត្រ”បានធ្វើឲ្យខ្មែរអ្នករាជានិយមខ្លះយល់ឃើញថាដោយសារខ្ញុំជាខ្មែរសាធារណរដ្ឋបានជាខ្ញុំរិះគន់សម្តេចសីហនុហើយជាអ្នកបកប្រែប្រវត្តិសាស្ត្រកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ ១៩៦០-១៩៧០ដោយលំអៀង ជាពិសេសអំពីរឿងដកហូតអំណាចសម្តេចពីមុខតំណែងប្រមុខរដ្ឋ ។ អ្នកអានខ្មែរម្នាក់បានសរសេរអុីម៉ែលទៅខ្ញុំថា“ដូចជាពិបាកអ្វីម៉្លេះទេ? បើយើងស្តាប់ការពណ៌នា នានា . . . ទើបយើងដឹងខ្លះថា ខ្មែរទាំងនេះចេះប្រវត្តិសាស្រ្តជ្រៅៗណាស់ រហូតដល់អ្វីៗដែលពុំដែលមានក្នុងប្រវត្តិសាស្រ្តផង ។ ចំពោះពួកខ្មែរដែលជាពួក «ប៉ុលពតចាប់ជាតិ» វិញ គេរិតតែចេះដឹងអំពីប្រវត្តិសាស្តដែលពុំដែលមាននេះច្រើនណាស់ ។ ”
នៅក្នុងការស្រាវជ្រាវនិងការសិក្សារបស់ខ្ញុំនូវសំណេរនិងសេចក្តីថ្លែងការណ៍របស់សម្តេចខ្ញុំបានយល់ដឹងថាវិចារណកិច្ចនិងបទពិសោធន៍នយោបាយរបស់សម្តេចនៅលើឆាកនយោបាយអន្តរជាតិបានបញ្ចុះបញ្ចូលព្រះអង្គឲ្យសម្រេចថាដោយហេតុតែ“ខ្យល់នយោបាយ”the political wind នៅជំនាន់សង្គ្រាមត្រជាក់វាអនុគ្រោះទៅលើលោកកុម្មុយនិស្តច្រើនជាងលោកសេរី សម្តេចបានថ្លែងនិងបានសរសេរជាញឹកញាប់ថា “ផលប្រយោជន៍”របស់ប្រទេសកម្ពុជាតម្រូវឲ្យសម្រួលចលនានាវាកម្ពុជាឲ្យបានត្រូវនឹងខ្យល់នយោបាយដែលបក់ពីទិសលោកខាងកើត — បើនៅទីបញ្ចប់ពួកកុម្មុយនិស្តអាស៊ីគេនឹងឈ្នេះហើយនឹងត្រួតត្រាតំបន់អាស៊ីអគ្នេហ៍តើហេតុដូចម្តេចក៏មិនសម្របសម្រួលអាកប្បកិរិយានយោបាយកម្ពុជាឲ្យបានត្រូវនឹងខ្យល់បក់ឲ្យបានហើយមុនទៅ ? រឿងវាអញ្ជឹង ទោះបីមានការបដិសេធថាវាមិនអញ្ជឹងក៏វានៅតែអញ្ជឹងដដែល ដូចជាព្រះអាទិត្យនិងព្រះចន្ទរះនៅលើមេឃ ។
កាលខ្ញុំនៅរៀនថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យមុីហ្សុីហ្គិន University of Michigan ខ្ញុំធ្វើការស្រាវជ្រាវនៅបណ្ណាល័យសកលវិទ្យាល័យនៅទីក្រុង អាន អារ៍ប័រ៍ Ann Arbor ដើម្បីសរសេរនិក្ខេបបទទទួលបរិញ្ញាបត្របណ្ឌិត ។ ខ្ញុំបានរកឃើញឯកសារពីរច្បាប់ជាភាសាអង់គ្លេស មួយចុះឆ្នាំ ១៩៦៩ ផ្សាយចេញពីប្រទេសចិនប្រជាមានិតនិងមួយទៀតចុះឆ្នាំ ១៩៧២ ផ្សាយចេញពីប្រទេសកូរ៉េខាងជើង ។ ខ្ញុំបានបញ្ចូលឯកសារកុម្មុយនិស្តទាំងពីរទៅក្នុងនិក្ខេបបទរបស់ខ្ញុំ ។ ឯកសារចិនក្រហមចុះផ្សាយនៅក្នុងអត្ថបទនិពន្ធដោយលោក Chang Hu ក្រោមចំណងជើងជាភាសាចិនថា “Kung Fei Shen-tou Chien-Pu-Chai Shu Yao” (“Essential Account of the Chinese Communists’ Penetration in Cambodia”) បកប្រែជាខ្មែរថា “របាយការណ៍សំខាន់នៃការជ្រៀតចូលនៃពួកកុម្មុយនីស្តចិននៅប្រទេសកម្ពុជា” ចុះផ្សាយក្នុងព្រឹត្តិប័ត្រ Fei-ching youeh-pao (“Communist Questions Monthly”) ឬ “ព្រឹត្តិប័ត្រសំនួរកុម្មុយនិស្តប្រចាំខែ” ចេញផ្សាយនៅឆ្នាំ១៩៦៩ ។ លោក Chang Hu បានចុះផ្សាយសេចក្តីសង្ខេបសរុបនៃ “ពិធីការ” protocol នៃកិច្ចព្រមព្រៀងខ្មែរ-ចិនផ្តល់ជំនួយយោធាចិនកុម្មុុយនិស្តដល់ប្រទេសកម្ពុជា ដែលមានហត្ថលេខាចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ១៩៦៥ ដោយលោកឧត្តមសេនីយ លន់នល់ ដែលជាអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ Forces armées royales cambodgiennes តាំងពីឆ្នាំ១៩៦០ និងជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា និង លោកឧត្តមសេនីយ Lo Jui-Ching នៃកងទ័ពរំដោះប្រជាជនចិន People’s Liberation Army ។ “ពិធីការ” protocol នៃកិច្ចព្រមព្រៀងនោះមានពីរមាត្រា ៖ “១. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យយុទ្ធជនតស៊ូយួន (ទាហានយួន) ដើរឆ្លងកាត់និងជ្រកកោននៅក្នុងតំបន់ព្រំប្រទល់ ផ្តល់នូវការការពារចំពោះពួកគេប្រសិនបើមានការចាំបាច់ ព្រមទាំងអនុញ្ញាតឲ្យពួកគេសាងសង់ទីបញ្ជាការផង (“Cambodia will permit the passage and refuge of the Vietnamese combatants in the frontier region, provide them with protection if necessary, and permit them to establish command posts”) ។ ២. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យដឹកជញ្ជូនសម្ភារៈនានាមកពីប្រទេសចិនឆ្លងកាត់ទឹកដីរបស់ខ្លួនឆ្ពោះទៅឲ្យទាហានយួន ” (Cambodia will permit the passage of materiel coming from China and destined for the Vietnamese combatants”) ។ ពាក្យពេចន៍ជាលាយលក្ខណ៏អក្សរនៅក្នុងពិធីការនៃកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ ដូចចុះជូនខាងលើ ឥតមានលាក់បាំងនូវន័យអ្វីណាមួយដែលគួរយកមកបកស្រាយថែមទៀតទេ ។ លុះដល់ឆ្នាំ ២០១៦ ទើបខ្ញុំបានទទួលរូបថតប្រវត្តិសាស្ត្រមួយដែលមានរូបឧត្តមសេនីយខ្មែរ លោក លន់នល់ ( នៅឆ្វេងដៃ ) និង ឧត្តមសេនីយចិន លោក Lo Jui-ching (នៅស្តាំដៃ ) អង្គុយស៊ីញ៉េកិច្ចព្រមព្រៀង ដោយមានសមាជិកគណប្រតិភូខ្មែរនិងចិននៅឈរមើលពីខាងក្រោយដូចឃើញខាងក្រោមនេះ ។

ពីរដ្ឋធានី ព្យុងយាំង ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារព៌តមានមជ្ឈឹមបក្សរបស់រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង បានចេញផ្សាយសេចក្តីប្រកាសព៌តមានចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧២ ដែលគេបានដកសម្រង់រាជបន្ទូលរបស់សម្តេចសីហនុថាព្រះអង្គ “បានសម្រេចព្រះហឫទ័យដោយចេតនា”ផ្តល់ជំនួយ “បីប្រការដែលសំខាន់ជាងគេបំផុត”ទៅឲ្យពួកកុម្មុយនិស្តយួនតាំងតែពី “ឆ្នាំ១៩៦៣”មកម្ល៉េះ ពោលគឺ “១. ផ្គត់ផ្គង់អង្ករ ត្រីងៀត និងថ្នាំសង្កូវ ។ល។ ទៅឲ្យយុទ្ធជនរណសិរ្សរំដោះជាតិ NLF. . . ២. ផ្តល់ការអនុញ្ញាត្តិសម្ងាត់ឲ្យសាងសង់មូលដ្ឋានតូចៗនៅលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនសម្រាប់យុទ្ធជនNLFសម្រាកកាយនិងថែទាំមើលរបួស ៣. អនុញ្ញាតិការឲ្យកុប៉ាល់នានាមកពីប្រទេសសង្គមនិយម (ជាពិសេសពីប្រទេសចិន)ចេញចូលដោយសេរីតាមកំពង់ផែព្រះសីហនុដឹកជញ្ជូនសព្វាវុធនិងគ្រឿងសម្ភារៈយោធាទៅឲ្យNLF ព្រមទាំងការដឹកជញ្ជូនតាមឡានកាម្ញុ៉ងរបស់កងខេមរភូមិន្ទពីទីក្រុងព្រះសីហនុទៅកាន់ព្រំប្រទល់ខ្មែរ-វៀតណាមខាងត្បូង”។
ផលវិបាកនៃសកម្មភាពរាំវង់នយោបាយរបស់រាជរដ្ឋាភិបាលខ្មែរគឺនៅក្នុងឆ្នាំ១៩៦៩ លោកឧត្តមសេនីយ លន់ នល់ ដែលជានាយករដ្ឋមន្ត្រីរបស់សម្តេចព្រះប្រមុខរដ្ឋ និងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្មែរ-ចិននៅទីក្រុងប៉េកាំងនៅខែវិច្ឆិកាឆ្នាំ១៩៦៥ដើម្បីទទួលជំនួយយោធាចិនកុម្មុយនិស្ត បានត្រូវគេបាញ់មកលើនៅឱកាសលោកធ្វើដំណើរត្រួតពិនិត្យនៅតបន់ទិសឦសាននៃប្រទេសកម្ពុជា រីឯកងឯកភាពយោធាខ្មែរនៅតាមព្រំប្រទល់ក៏បានរាយការណ៍ថាពួកគេក៏បានទទួលការពួនស្ទាក់វាយបាញ់រះមកលើដែរ ។
ឡាំថូនចុះឡាំថូនឡើង ចូលដើមខែមីនាឆ្នាំ១៩៧០ស្រាប់តែរបាយការណ៍ប្រាប់ថា មួយភាគឬពេញទាំងអស់លើផ្ទៃដីចំនួនប្រមាណជា បី ពាន់ ប្រាំរយ គីឡូម៉ែត្រក្រឡានៃទឹកដីកម្ពុជាដែលលាតសន្ធឹងពីខេត្ត រតនគិរី នៅទិសឦសានទៅដល់ខេត្ត មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពតនៅទិសខាងត្បូងធ្លាយរហូតដល់ឈូងសមុទ្របានស្ថិតនៅក្រោមការកាន់កាប់របស់យួនយៀកកុងនិងយៀកណាមខាងជើង ។
ចាប់ពីពេលនោះមក សភាពការណ៍នៅប្រទេសកម្ពុជាក៏បានជួបប្រទះនឹងការវិលក្រឡាប់ផ្កាប់ផ្ងារដែលគ្មានអ្វីអាចទប់បាន ។
យើងអាចឈឺចិត្ត យើងអាចក្តៅក្រហាយ យើងអាចសោកស្តាយ តែយើងមិនអាចកែប្រែរឿងរ៉ាវទាំងឡាយដែលបានកើតឡើងរួចមកហើយនោះឲ្យវិលត្រឡប់ទៅរកស្ថានភាពផ្សេងវិញបានទេ ។ ក៏ប៉ុន្តែមានរឿងមួយដែលយើងអាចធ្វើបានសម្រាប់អនាគត ៖ ស្វែងរកយល់ឲ្យបានជាក់លាក់អំពីប្រវត្តិសាស្ត្ររបស់យើង ចៀសវាងកំហុសដែលបានធ្វើរួចមកហើយ ។ ប្រើចិត្ត គំនិត ការត្រិះរិះពិចារណា ស្រមើស្រមៃច្នៃប្រឌិត បង្កើតពិភពល្អមួយដែលយើងចង់បាននៅក្រោមឥទ្ធិពលអដ្ឋង្គិគមគ្គទាំងប្រាំបីនិងទសបារមីទាំងដប់ ។ បិតាស្ថាបនិកម្នាក់នៃអរិយធម៌លោកខាងលិច លោក ប្លេ តូ Plato ដែលខ្មែរយើងហៅថា ប្លាតុង (កើតនៅឆ្នាំ ៤២៨ មគស-ស្លាប់នៅឆ្នាំ ៣៤៨ មគស)បានព្រមានមនុស្សលោកថា “ទណ្ឌកម្មមួយនៅក្នុងការបដិសេធចូលរួមក្នុងកិច្ចការនយោបាយគឺថាអ្នកដែលមិនព្រមចូលរួមនឹងត្រូវបានគ្រប់គ្រងដោយមនុស្សអន់ជាងអ្នក”។ ចាស់ទុំខ្មែរយើងបានប្រដៅដែរថា “ទាលដប់ ទាល់ម្ភៃ តែកុំទាល់គំនិត”។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com