ការព្រួយបារម្ភអំពីវត្តមានយោធាចិននៅកម្ពុជា
«ការព្រួយបារម្ភអំពីវត្តមានយោធាចិននៅកម្ពុជា»
ពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

លោក មហាត្មះ គន្ធី
(មេដឹកនាំនយោបាយប្រទេសឥណ្ឌា (កើតឆ្នាំ ១៨៦៩ ស្លាប់ឆ្នាំ ១៩៤៨ ដោយគេធ្វើឃាត)
« អ្នកអាចដាក់ច្រវាក់ខ្ញុំ អ្នកអាចធ្វើទារុណកម្មខ្ញុំ អ្នកអាចទាំងបំផ្លាញរូបកាយខ្ញុំទៀតផង
ក៏ប៉ុន្តែអ្នកនៅតែមិនអាចដាក់គុកខួរក្បាលខ្ញុំបានឡើយ ។ »

លោក ម៉ារ៍ទិន លូធើរ៍ ឃីង
(មេដឹកនាំចលនាតស៊ូសិទ្ធិមនុស្សជាតិអាមរិកាំង (កើតឆ្នាំ ១៩២៩ ស្លាប់ឆ្នាំ ១៩៦៨ ដោយគេធ្វើឃាត)
«គ្មានជនណាម្នាក់អាចមកជិះលើខ្នងយើងបានទេ លុះណាតែខ្នងយើងវាពត់កោង ។
ដូច្នេះចូរយើងពង្រឹងឆ្អឹងខ្នងយើងឲ្យបានត្រង់ឡើង ហើយធ្វើសកម្មភាពដើម្បីសេរីភាពរបស់យើង ។»
កាលពីដប់មួយឆ្នាំកន្លងទៅនេះ នៅខែមេសាឆ្នាំ២០០៨ អតីតឧបនាយករដ្ឋមន្ត្រីចិនប៉េកាំង លោក Zhang Gaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយប្រទេសចិន Politburo បានធ្វើជាអធិបតីកិច្ចព្រមព្រៀងលើដីសម្បទានរយៈពេល ៩៩ ឆ្នំាទំហំ ៤៥ ពាន់ហិកតានិង២០%នៃឆ្នេរសមុទ្រកម្ពុជានៅខេត្តកោះកុង រវាងប្រទេសកម្ពុជានិងក្រុមហ៊ុនចិនឈ្មោះ Union Development Group Co., LTD, សរសេរកាត់ខ្លីថា UDG យូឌីហ្ជី ដើម្បីស្ថាបនាគម្រោងទេសចរណ៍យ៉ាងធំមួយហៅថា “រមណីយដ្ឋានតារាសាគរ” ដែលគេថាប្រហែលជាធំបំផុតនៃប្រភេទរបស់វានៅក្នុងពិភពលោក ។ ការងារកាប់ឆ្ការរំលំព្រៃឈើនិងឈូសឆាយដីបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ មកម្ល៉េះ គឺបន្ទាប់ពីកម្ពុជាបានផ្តល់ដីសម្បទាននៅឧទ្យានជាតិបទុមសាគរ Botum Sakor National Park ដែលជាឧទ្យានជាតិធំជាងឧទ្យានឯទៀតនៅកម្ពុជា ទៅឲ្យក្រុមហ៊ុនចិន យូឌីហ្ជី ។ ខ្ញុំសូមជូនរូបភាពពីធីបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា២០១៨ និងរូបភាពផ្សេងៗនៃ “រមណីយដ្ឋានតារាសាគរ” តាមគម្រោងដែលត្រូវផ្តើមការសាងសង់នៅក្នុងឆ្នាំ២០១៩នេះ ។
តាមគម្រោង យូឌីហ្ជី នឹងអភិវឌ្ឍដីចំនួន៣៦ពាន់ហិកតាឬ៣៦០គីឡូម៉ែត្រក្រឡាដែលស្ថិតនៅក្នុងស្រុក គិរីសាគរ និង ស្រុក បទុមសាគរ ខេត្តកោះកុង ដោយចំណាយលុយចន្លោះពី ៣,៨ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារ ។ គេថា “រមណីយដ្ឋានតារាសាគរ” ជាប្រជុំទីក្រុងធំៗរបស់ចិនចំនួន៧ដែលមានរូបរាងជាក្បាលនាគក្នុងទេវកថាដែលត្រូវលាតសន្ធឹងលើដីទំហំ៣៦ពាន់ហិកតានោះ មានកំពង់ផែសម្រាប់កប៉ាល់ទេសចរណ៍ ព្រលានយន្តហោះ ទីលានវាយកូនហ្គោលហ្វ Golf Course អគារផ្ទះល្វែង សណ្ឋាគារ ផ្សារទំនើប ។ល។

សូមកត់សំគាល់ថា តំាងតែពីឆ្នាំ២០១៧មក ចិនប៉េកាំងបានប្រឹងបញ្ចុះបញ្ចូលកម្ពុជាឲ្យបើកឱកាសឲ្យចិនសាងសង់កំពង់ផែទឹកជ្រៅមួយនៅកោះកុងនៅក្នុងឈូងសមុទ្រថៃ ។ នៅខែឧសភាឆ្នំា២០១៧ ធនាគារអភិវឌ្ឍន៍ចិន China Development Bank (CDB ស៊ីឌីប៊ី ) បានថ្លែងប្រាប់កាសែត People’s Daily ថាធនាគារចិន ស៊ីឌីប៊ី បានចេញមូលបណ្ណ bond តម្លៃ ១០០ លាន yuan ឬ ១៥ លានដុល្លារឲ្យក្រុមហ៊ុន យូឌីហ្ជី សាងសង់រមណីយដ្ឋានមួយនៅឆ្នេរសមុទ្រកម្ពុជាដែលគេមិនបានបញ្ចេញឈ្មោះថាជាតារាសាគរទេ ។ ស៊ីឌីប៊ី បានថ្លែងទៀតថា តាំងតែពីលោកប្រធានាធិបតី Xi Jinping ទៅធ្វើទស្សនៈកិច្ចនៅកម្ពុជាក្នុងខែតុលាឆ្នាំ២០១៦ម៉្លេះដែលរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលភ្នំពេញបានព្រមព្រៀងគ្នាសហការអភិវឌ្ឍគម្រោងនៅកោះកុងនេះ ។ គួរកត់សំគាល់ដែរថា ដើមឡើយក្រុមហ៊ុនចិន យូឌីហ្ជី បានត្រូវបង្កើតក្នុងនាមជាក្រុមហ៊ុនសាជីវកម្មដែលជាកម្មសិទ្ធិរបស់ប្រទេសចិន ។ តែក្រុមហ៊ុននេះបានប្តូរទៅជាសហគ្រាសកម្ពុជាវិញដើម្បីអាចជួលដីរយៈពេល ៩៩ ឆ្នាំបាន ។ យោងតាមកំណត់ត្រាចុះបញ្ជី ក្រុមហ៊ុន យូឌីហ្ជី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tianjin Wanlong Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។
សកម្មភាពមមាញឹករបស់ចិនប៉េកាំងពង្រឹងពង្រីកគម្រោងសាងសង់រមណីយដ្ឋាននៅឆ្នេរ សមុទ្រកម្ពុជានៅខេត្តកោះកុងមានដំណើរស្របគ្នានឹងកំណើនកម្រិតជម្លោះលើសមុទ្រចិនខាងត្បូងរវាងចិននិងបណ្តាប្រទេសនៅតាមឆ្នេរសមុទ្រផង និងកំណើននៃការគាបសង្កត់លើសិទ្ធិសេរីភាពយុត្តិធម៌ដោយរបបផ្តាច់ការភ្នំពេញផង ។ នៅក្នុងគម្រោងធំរបស់របបលោក ហ៊ុន សែន ដើម្បីឈ្នះការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨ របបផ្តាច់ការបានចាប់ឃុំឃាំងលោក កឹម សុខា នៅខែកញ្ញា២០១៧ ពីបទថារួមគំនិតជាមួយបរទេសដើម្បីរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ហើយនៅខែវិច្ឆិកា តុលាការកំពូលលោក ហ៊ុន សែន ក៏រំលាយចោលគណបក្សសង្គ្រោះជាតិនិងហាមសមាជិក១១៨នាក់ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ។ របបផ្តាច់ការក្រុងភ្នំពេញកែប្រែច្បាប់ហើយដកហូតអាសនៈទាំង៥៥នៅក្នុងរដ្ឋសភានិងមុខតំណែងមេឃុំចំនួន៤៨៩កន្លែងរបស់គណបក្សសង្គ្រោះជាតិយកទៅចែកចាយឲ្យក្រុមបក្សនយោបាយដទៃទៀតដែលបម្រើផលប្រយោជន៍ឲ្យជនផ្តាច់ការ ហ៊ុន សែន ដែលបានក្តោបយកអាសនៈទាំង១២៥នៅក្នុងរដ្ឋសភានៅពេលបោះឆ្នោតឆ្នាំ ២០១៨ និងត្រួតត្រាកម្ពុជារហូតមក ។
ខណៈដែលសកម្មភាពគាបសង្កត់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្វើឲ្យទំនាក់ទំនងកម្ពុជាជាមួយលោកខាងលិចជួបនឹងភាពច្របូកច្របល់ ចិនប៉េកាំងបានផ្តល់លុយកម្ចីនិងផ្តល់ជំនួយនិងមូលនិធិឥតលក្ខខណ្ឌដល់របបផ្តាច់ការកម្ពុជា ហើយវិនិយោគចិនបានហូរហៀរចូលទៅក្នុងផ្នែកអចនលទ្រព្យ កសិកម្ម និងទេសចរណ៍ ជាពិសេសនៅតាមឆ្នេរសមុទ្រ — ពលរដ្ឋខ្មែរជាទូទៅបានសម្តែងការតឹងទ្រូងអំពីអាជីវកម្មចិននិងឥរិយាបថចិនដែលខ្មែរបាននិយាយថាគ្មានសណ្តាប់ធ្នាប់ និងព្រួយបារម្ភថាកម្ពុជាកំពុងធ្លាក់ខ្លួនយ៉ាងជ្រៅទៅតាមឆន្ទៈនៃទីក្រុងប៉េកាំង ។ ស្របជាមួយព្រឹត្តិការណ៍ទាំងនេះ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានបង្កើនសកម្មភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលលោក ហ៊ុន សែន ។
សូមរំលឹកថា “មជ្ឈមណ្ឌលសិក្សាជាន់ខ្ពស់វិស័យការពារ” Center for Advanced Defense Studies នៅសហរដ្ឋអាមេរិកបានសរសេរផ្សាយជាលើកដំបូងនៅខែមេសាឆ្នាំ២០១៨ ថាក្រុមហ៊ុនចិន យូឌីហ្ជី មានពាក់ព័ន្ធជាមួយកងទ័ពចិន People’s Liberation Army និងរដ្ឋាភិបាលចិនប៉េកាំង ។ មជ្ឈមណ្ឌលសិក្សាជាន់ខ្ពស់នេះបានសរសេរផ្សាយអំពី “កំពង់ផែថ្មីនៅកោះកុង” ដោយអះអាងថាកំពង់ផែជាផ្នែកមួយរបស់ក្រុមហ៊ុនចិន យូឌីហ្ជី ហើយដីសម្បទានដែលថាយកមកស្ថាបនាគម្រោងទេសចរណ៍ក្រោមឈ្មោះ “រមណីយដ្ឋានតារាសាគរ”ជាដីសម្បទានមិនត្រឹមត្រូវតាមច្បាប់ ហើយ យូឌីហ្ជី គ្មានបង់ថ្លៃដីឡើយតាំងពីដើមទសវត្សរ៍ឆ្នំា២០០០ ( ឆ្នាំ២០០៨ ) មកម្ល៉េះក្រោយពីបានចរចាជួលដីជាសម្ងាត់មក ។ នៅខាងក្រោមនេះខ្ញុំសូមជូនសំណេររបស់មជ្ឈមណ្ឌលសិក្សាជាភាសាអង់គ្លេសក្រោមចំណងជើង KOH KONG NEW PORT ហើយខ្ញុំសូមជូនការបកប្រែជាភាសាខ្មែរនៅខាងស្តំា ។

ជាបន្តបន្ទាប់មកទៀត ក្រុមអ្នកវិភាគបានសិក្សានិងបកស្រាយអំពីផែនការសាងសង់កំពង់ផែថ្មីនៅកោះកុងថាជាកំពង់ផែទឹកជ្រៅមានទំហំធំល្មមអាចផ្ទុកនាវាចម្បាំងចិនធុន frigates និង destroyers ព្រមទាំងនាវាផ្សេងៗរបស់កងទ័ពជើងទឹកចិនបាន ។ អ្នកអានដែលមានម៉ាស៊ីន កុំព្យូទ័រអាចមើលរូបភាពផ្កាយរណបដែលបង្ហាញការសាងសង់ផ្លូវរត់ runway ព្រលានយន្តហោះនៅតំបន់កោះកុងបង្ហោះលើអ៊ិនធឺណិត ។ នៅឆ្នាំ២០១៨ មានការចោទប្រកាន់ថា “រមណីយដ្ឋានតារាសាគរ” ជាផែនការលាក់បាំងកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ និង លទ្ធភាពនៃវត្តមានយោធាចិននៅកម្ពុជា ដែលជាកត្តាមួយនឹងជម្រុញឲ្យមានការផ្លាស់ប្តូរមាគ៌ានយោបាយក្នុងចំណោមប្រទេសជិតខាង និងប៉ះពាល់ដល់បញ្ហាសន្តិសុខនៅក្នុងតំបន់និងក្នុងពិភពលោក ។ ប្រការនេះបានធ្វើឲ្យអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ែក ផិនស៍ Mike Pence សរសេរលិខិតទៅសួរលោក ហ៊ុន សែន អំពីព័ត៌មានស្តីអំពីវត្តមានយោធាចិននៅកម្ពុជា ។
នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយ ThePrint នៃប្រទេសឥណ្ឌាបានបង្ហោះអត្ថបទមួយក្រោមចំណងជើងថា “រមណីយដ្ឋានចិននៅកម្ពុជាដែលអាចប្រែក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹកចិនបានក្នុងរយៈពេលតែមួយយប់ប៉ុណ្នោះ” The Chinese resort in Cambodia that can overnight be turned into a naval base ដោយមានភ្ជាប់រូបភាពផ្កាយរណបមួយចំនួនដែលកម្ររកបាន ។ អត្ថបទនិងរូបភាពផ្កាយរណបក៏ត្រូវបានកាសែត Cambodia Daily យកមកចុះផ្សាយបន្តដែរ ។
ThePrint បានចុះផ្សាយរូបភាពផ្កាយរណបក្រោមចំណងជើង “កំពង់ផែទឹកជ្រៅ” Deep sea port ដែលគេថាជាកំពង់ផែនៅ “ទីក្រុងកំពត” សាងសង់ដោយក្រុមហ៊ុន Guangxi Beibu Gulf International Port Group ។ នៅក្នុងរូបភាពនេះបង្ហាញឲ្យឃើញមាននូវស្ថានីយ កុងតឺណ័រ៍ container terminal ដែលមានបណ្តោយប្រវែងជិតទៅ៥គីឡូម៉ែត្រ ព្រមទាំងស្ថានីយប្រេងនិងស្ថានីយសំចតកប៉ាល់នៅសង្ខាង ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ThePrint បានចុះផ្សាយរូបភាពផ្កាយរណបក្រោមចំណងជើងថា “កំពង់ផែអត់អត្តសញ្ញាណ” ឬ Unknown port មានចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រនៅខាងជើងរមណីយដ្ឋានតារាសាគរ ។ កំពង់ផែនេះតូចទេ មានផែប្រវែង ៥០០ ម៉ែត្រ និងមានទំនប់សម្រាប់បាំងទឹករលកប្រវែងជិត ៩០០ ម៉ែត្រ ហើយគេបានរៀបចំទីកន្លែងជាប់នឹងផែសម្រាប់សាងសង់អគារឧបត្ថម្ភទៀតផង ។ ThePrint បានសរសេរថា កំពង់ផែនេះអាចទទួលកប៉ាល់គ្រប់បែបយ៉ាងរាប់បញ្ចូលទាំងនាវាចម្បំាងផង ។ ThePrint បានចុះផ្សាយរូបភាពផ្កាយរណបបង្ហាញផ្លូវរត់ព្រលានយន្តហោះដែលខ្ញុំបានសរសេរនៅក្នុងអត្ថបទលើកមុនរួចហើយ ។

លោក ហ៊ុន សែន បានបដិសេធព័ត៌មានថាមិនពិតទេ ។ ក្រុងភ្នំពេញ និង ក្រុងប៉េកាំងដែលគាំទ្រជនផ្តាច់ការ ហ៊ុន សែន បានប្រកែកដាច់អហង្ការអំពីលទ្ធភាពនៃយោធាចិននៅកម្ពុជា ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ហ្ចូសេហ្វ ហ្វិលតឺរ៍ Joseph Felter សរសេរលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរ លោក ទៀ បាញ់ សាកសួរអំពីលទ្ធភាពនៃវត្តមានយោធាចិននៅមូលដ្ឋានកងទ័ពជើងទឹកនៅរាម ខេត្តព្រះសីហនុ ។ លោក ហ្វិលតឺរ៍ បានរំលឹកថាកាលលោកធ្វើទស្សនៈកិច្ចនៅមូលដ្ឋានសឹកនៅរាមពីខែមករា២០១៩ បញ្ជាការដ្ឋានយុទ្ធសាស្ត្រសន្តិសុខសមុទ្របានសុំឲ្យអាមេរិកាំងជួយជួសជុលទីហ្វឹកហ្វឺននិងឃ្លាំងថែរក្សាកប៉ាល់ដែលសហរដ្ឋអាមេរិកបានសាងសង់ឲ្យនៅឆ្នាំ២០១៧ ។ លោក ហ្វិលតឺរ៍ បាននិយាយថាថវិកាអាមេរិកាំងសម្រាប់កិច្ចការទាំងនេះត្រូវបានអនុម័តនៅខែមេសា តែពីរខែក្រោយមក លោក ទៀ បាញ់ បានប្រាប់ទៅក្រសួងការពារជាតិអាមេរិកថាតម្រូវការជំនួយជួសជុលនោះ “មិនចាំបាច់ទៀតឡើយ” ។ ករណីយនេះបានធ្វើឲ្យទីក្រុងវ៉ាស៊ិនតោនព្រួយបារម្ភក្រែងកម្ពុជាមានផែនការដាក់វត្តមានយោធាចិននៅមូលដ្ឋានរាមព្រោះនៅពេលប៉ុន្មានឆ្នាំនេះលំហូរវិនិយោគទុនរបស់ចិនច្រើនណាស់ទៅកាន់កោះកុង ។
លោក ទៀបាញ់ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាកម្ពុជា “មិនដែលបដិសេធ” ជំនួយអាមេរិកាំងដើម្បីជួសជុលឡើយ ក៏ប៉ុន្តែទីកន្លែងដែលត្រូវជួសជុលនោះ “ត្រូវប្តូរ” ទៅកន្លែងថ្មីដោយសារមានការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងតំបន់ ហើយព័ត៌មានអំពីដី ៤៥ពាន់ហិកតានោះជា “ព័ត៌មានក្លែងក្លាយ” fake news ។
នៅថ្ងៃទី២ខែកក្កដា ស្ថានទូតអាមេរិកនៅភ្នំពេញបានតបវិញថាការអភិវឌ្ឍថ្មីៗបានបណ្តាលឲ្យមានពាក្យចចាមអារ៉ាមអំពីផែនការឲ្យមានវត្តមានយោធាចិននៅកម្ពុជា ។ “ដោយគិតអំពីកម្រិតខ្ពស់នៃឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសចិននៅកម្ពុជា [ពាក្យចចាមអារ៉ាម ] ទាំងនេះជាកង្វល់ពិតប្រាកដ” របស់សហរដ្ឋអាមេរិក ។ ស្ថានទូតបានបន្ថែមទៀតថា “ដំណើរការណាដែលធ្វើឲ្យឯករាជ្យកម្ពុជាចុះខ្សោយឬបើកទ្វារឲ្យមានវត្តមានយោធាបរទេសនៅកម្ពុជា ជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សហរដ្ឋអាមេរិក និងអាចជាការគំរាមកំហែងដល់ភាពជឿជាក់និងភាពសំខាន់នៃអាស៊ាន Asean ។ យើងសូមមេដឹកនាំកម្ពុជាប្រកាន់ខ្ជាប់នូវសេចក្តីប្តេជ្ញាចិត្តនៅក្នុងរដ្ឋធម្មនុញ្ញក្នុងគោលនយោបាយបរទេសឯករាជ្យនិងការពារយ៉ាងហ្មត់ចត់នូវឯករាជ្យភាពសម្រាប់ខ្មែរជំនាន់ក្រោយៗទៀត” ។
លោក ប្រ៊ាយយ៉ាន់ ហារឌីង Brian Harding នៃមណ្ឌលការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ Center for Strategic and International Studies (CSIS) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា “ដរាបណាគេមើលឃើញថាប្រទេសកម្ពុជាហាក់ដូចជាផ្តេកផ្តួលបម្រើផលប្រយោជន៍ចិន វានឹងជាការលំបាកណាស់សម្រាប់កម្ពុជាក្នុងការបញ្ចុះបញ្ចូលមនុស្សដែលមានការសង្ស័យ និងក្នុងការកាត់បន្ថយពាក្យចចាមអារ៉ាមទាំងឡាយ” ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam (ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Websiteរបស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail)peangmeth@gmail.com