ការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា
ការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨

ការបោះឆ្នោតគឺជាមូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលតំណាងប្រជាធិបតេយ្យដែលលើក “ប្រជា” ជា “អធិបតី” ឬជា “ចៅហ្វាយ” ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ សិទ្ធិអំណាចរបស់រដ្ឋាភិបាលត្រូវបានទទួលការយល់ព្រមពីប្រជាពលរដ្ឋដែលជាចៅហ្វាយរបស់រដ្ឋាភិបាល ។ យន្តការសំខាន់សម្រាប់បកប្រែការយល់ព្រមរបស់ប្រជាពលរដ្ឋឲ្យទៅជាសមត្ថកិច្ចរបស់ អាជ្ញាធរក្នុងការគ្រប់គ្រងប្រទេសគឺការរៀបចំការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ ។ បងប្អូនរួមជាតិខ្មែរទាំងអស់គ្នាគួរយល់សព្វគ្រប់ហើយថា អ្វីទៅដែលជាអត្ថន័យនៃការ បោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌នោះ ។
ការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ណាស់នៅក្នុងការដឹកនាំរដ្ឋាភិបាលពីព្រោះថាវាអនុញ្ញាតឲ្យពលរដ្ឋចូលរួមសកម្មនៅក្នុងការគ្រប់គ្រងប្រទេសតាមរយៈការ ដាក់បេក្ខជនដែលទទួលសន្លឹកឆ្នោតពីប្រជាពលរដ្ឋឲ្យទទួលការខុសត្រូវចំពោះសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ហើយនឹងរារាំងអ្នកដែលមានសម្លេងភាគច្រើន ធ្វើការកំណត់គោលនយោបាយដោយឥតគិតដល់អ្នកដែលមានសម្លងភាគតិច ពោលគឺអ្នកមានសម្លេងភាគច្រើនមានសិទ្ធិគ្រប់គ្រងប្រទេសក៏ប៉ុន្តែសិទ្ធិរបស់អ្នកមានសម្លេងភាគតិចត្រូវតែការពារ (majority rules but minority rights protected) ។ ពលរដ្ឋទាំងឡាយណាដែលមិនប្រើសិទ្ធិបោះឆ្នោតដែលខ្លួនមាន វាមានន័យថាបានអនុញ្ញាតឲ្យអ្នកបោះឆ្នោតផ្សេង ទៀតធ្វើការសម្រេចចិត្តនិងបញ្ចេញសម្លេងជំនួសពលរដ្ឋដែលមិនព្រមទៅបោះឆ្នោត ។លោកអ្នកដែលបានអាននិងបានស្តាប់វិទ្យុផ្សាយអត្ថបទរបស់ខ្ញុំក៏សមល្មមជ្រាបហើយអំពីអ្វីខ្លះដែលជាលក្ខណៈនៃរបបប្រជាធិបតេយ្យនិងជាលក្ខណៈនៃរបបកាន់អំណាច ផ្តាច់ការ ។ នៅប្រទេសកម្ពុជាទាំងរបបដែលនៅកាន់កាប់អំណាចរដ្ឋនាពេលបច្ចុប្បន្ននេះ និងទាំងក្រុមខ្មែរដែលតាំងខ្លួនថាជាខ្មែរប្រជាធិបតេយ្យនោះសុទ្ធសឹងតែប្រកាសអុងអាត់ថា ខ្លួនជាអ្នកស្នេហាលិទ្ធិប្រជាធិបតេយ្យដែលលើកប្រជាពលរដ្ឋជា “អធិបតី” ជាពិតប្រាកដ ។ នៅតែពីរថ្ងៃទៀត ពោលគឺនៅថ្ងៃអាទិត្យទី២៩ នេះនឹងមានការបោះឆ្នោតប្រារឰឡើង នៅប្រទេសកម្ពុជា ។ ការដែលគួរឲ្យសោកស្តាយគឺដូចបាននិយាយនៅក្នុងអត្ថបទយើងខ្ញុំ លោកបណ្ឌិតហ្គាហ្វារពាងម៉េតនិងលោកឆៃចន្តា (Khemara_kakvey@yahoo.com) កាលពី ថ្ងៃទី១២កន្លងទៅនេះថា ប្រជាពលរដ្ឋខ្មែរដែលជាប្រភពនៃអំណាចរដ្ឋបែរជាត្រូវបាន ទទួលការគាបសង្កត់ពីសំណាក់ក្រុមអ្នកនយោបាយខ្មែរដែលមានម្ខាងរុញច្រានពលរដ្ឋកុំឲ្យទៅចូលរួមការបោះឆ្នោតព្រោះការចូលរួមបោះឆ្នោតនេះ វាជាសកម្មភាពធ្វើធម្មានុរូបកម្ម របបផ្តាច់ការរបស់លោកហ៊ុនសែនឲ្យទៅជាមានភាពត្រឹមត្រូវតាមច្បាប់ទៅវិញ និងម្ខាង ទៀតនិយាយថា ត្រូវតែទៅបោះឆ្នោត ប្រសិនណាបើមិនទៅចូលរួមបោះឆ្នោតទេ វាមានតែ អ្នកទាំងនោះជាក្រុមអ្នកគាំទ្រពួកឧទ្ធាមក្បត់ជាតិ ។
យើងខ្ញុំដែលជាអ្នកនិពន្ធអត្ថបទ “កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ២០១៨” បាន ផ្តល់ជូនប្រជាពលរដ្ឋខ្មែរជាជម្រើសនូវសកម្មភាព “បាតុកម្មសន្លឹកឆ្នោត” ឬ protest vote សូមខ្មែរអ្នកបោះឆ្នោតអញ្ចើញទៅកាន់ទីកន្លែងបោះឆ្នោតនៅថ្ងៃទី២៩នេះ ហើយអនុវត្តិ ឬ ១. “គូស” ជ្រើសរើសគណបក្សពីរ (២)ឬបី (៣) ឬ ច្រើនជាងនេះ ឬ ២. “គូសឆូត”សន្លឹកឆ្នោត ពីលើដល់ក្រោមហើយសូកសន្លឹកឆ្នោតបញ្ចូលទៅក្នុងប្រអប់សន្លឹកឆ្នោតវិញ ។
ខ្ញុំគ្មានគំនិតភាន់ច្រឡំទេថា អាជ្ញាធរកាន់អំណាចនឹងប្រកាសភ្លាមថា សន្លឹកឆ្នោតទាំងនោះ ជាសន្លឹកមិនបានការ ក៏ប៉ុន្តែក៏ដូចយើងខ្ញុំបាននិយាយរួចមកហើយដែរថា ទិន្នន័យឬចំនួនសន្លឹកឆ្នោតឥតបានការទាំងម៉ឺន ទាំងសែន ទាំងលានសន្លឹក វានឹងឆ្លុះបញ្ចាំងឲ្យពលរដ្ឋក្នុង លោកបានដឹងបានឮថា ប្រជាពលរដ្ឋខ្មែរបានបដិសេធទាត់ចោលប្រព័ន្ធនយោបាយ បច្ចុប្បន្នរបស់របបផ្តាច់ការតាមរយៈ “បាតុកម្មសន្លឹកឆ្នោត” ដោយវិធីអហិង្សាហើយនឹង បង្ហាញឲ្យពិភពលោកបានឃើញយ៉ាងប្រត្យក្សថា ពលរដ្ឋខ្មែរមានឆន្ទះចង់ឲ្យមាន ការកែប្រែផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាយើង ។
សូមបងប្អូនរួមជាតិខ្មែរយល់និងចងចាំឲ្យជាប់ក្នុងខួរក្បាលយើងថា នៅក្នុងលទ្ធិ ប្រជាធិបតេយ្យ សន្លឹកឆ្នោតរបស់យើងគឺជាតំណាងអំណាចរបស់យើងដែលជាម្ចាស់ សិទ្ធិនៃសន្លឹកឆ្នោតនោះ ។ រឿងយើងយក ឬមិនយកសិទ្ធិជាម្ចាស់សន្លឹកឆ្នោតទៅប្រើប្រាស់ នោះវានឹងកំណត់អនាគតរបស់យើងច្បាស់លាស់ណាស់ ។
ទោះបីបើខ្ញុំបានសន្និដ្ឋាននៅក្នុងអត្ថបទមុនៗរបស់ខ្ញុំរួចមកហើយក្ដី អំពីលទ្ធផលនៃ ការបោះឆ្នោតនេះ ក៏ខ្ញុំនៅតែមានជំនឿលើការប្រៀនប្រដៅរបស់ព្រះពុទ្ធដែលអ្នកប្រាជ្ញក្នុង លោកបានបន្ទរថា អ្វីៗដែលកើតមានឡើងគឺត្រូវបានបង្កើតដោយគំនិតរបស់យើងដោយ យកគំនិតយើងទៅរចនាច្នៃប្រឌិត យើងនឹងបង្កើតពិភពលោកមួយសម្រាប់យើងរស់នៅ ឬ “គិត-ធ្វើ -ក្លាយជា” Think-Act-Become ។
ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយរំឮកលោកអ្នកអាននិងលោកអ្នកស្តាប់អំពីអត្ថបទរបស់ខ្ញុំ “វានៅមិនទាន់បានចប់ទេ” ចុះថ្ងៃទី១៨ខែមីនា និងអត្ថបទ “ប្រើគំនិតធ្វើសង្គ្រាមប្រឆាំងនឹង របបអំណាចផ្តាច់ការ ” ចុះថ្ងៃទី១៦ខែឧសភា ៕
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក (ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com